Friday, November 26, 2021

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ, សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងបិទកិច្ចប្រជុំ


(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំនោះ បានបិទបញ្ចប់ហើយព្រលប់ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាមួយលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនភាព។


កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប រយៈពេលពីរថ្ងៃដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលប្រទេសនៅអាស៊ី និងអឹរ៉ុប ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ ៥១រូប និងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន បានជជែកនិងផ្លាស់ប្តូរយោបល់ និងទស្សនៈគ្នាយ៉ាងផុលផុស។



កិច្ចប្រជុំនេះ បានពិភាក្សាទៅលើប្រធានសំខាន់ៗចំនួនដូចជា៖ កិច្ចពិភាក្សាស្តីតួនាទីរបស់អាស៊ី-អឺរ៉ុប ក្នុងការលើកកម្ពស់ពហុភាគីនិយម, បញ្ហាជំងឺកូវីដ១៩ ការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបញ្ហាតំបន់អាស៊ី-អឺរ៉ុប ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ និងការកសាងអនាគតប្រកបដោយភាពធន់។


ក្នុងសុន្ទរកថាបិទកិច្ចប្រជុំកំពូលលើកទី១៣នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា កម្ពុជាពិតជាមានមោទនភាពដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈម ក្នុងតំបន់ និងសកល ជាច្រើនផ្សេងទៀត។


សម្តេចតេជោ បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូល ASEM លើកទី ១៣ បានផ្តល់ឱកាសដ៏ពិសេស និងទាន់ពេលសម្រាប់ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូ ASEM បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខ ព្រមទាំងផ្តល់នូវដំណោះស្រាយជាក់ស្តែង ទៅលើបញ្ហាប្រឈមតំបន់ និងសកល នាបច្ចុប្បន្ន ដូចជា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញសុវត្ថិភាព និងសុខភាពសាធារណៈ ភាពមានការងារធ្វើរបស់យុវជន ការប្រែប្រួលអាកាសធាតុការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក អំពើភេរវកម្ម និងបញ្ហាសន្តិសុខតំបន់ និងសកល ក្នុងចំណោមបញ្ហាផ្សេងៗជាច្រើនទៀត។


កិច្ចប្រជុំកំពូលនេះ ក៏បានអនុម័តជាផ្លូវការនូវឯកសារលទ្ធផលសំខាន់ៗ ចំនួន ៣រួមមាន៖ (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំកំពូល ASEM លើកទី១៣, (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគត ស្តីពីការតភ្ជាប់ ASEM។


សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ឯកសារទាំង ៣នេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តសាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូASEM ទាំងអស់ ក្នុងការចូលរួមពង្រឹងពហុភាគីនិយម ដើម្បីអនាគតនៃភាពជាដៃគូអាស៊ី-អឺរ៉ុប កាន់តែប្រសើរឡើង កាន់តែរឹងមាំ ប្រកបដោយបរិយាប័ន្ន និងមានភាពធន់។


ខាងក្រោមនេះ ជាសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន បិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប៖












មនុស្សជំនិត លោក កឹម សុខា រិះគន់ លោក សម រង្ស៉ី និងបក្ខពួក ដែលផ្តល់តម្លៃឱ្យទីស្នាក់ការគណបក្សជាង «គណបក្ស និងប្រធានបក្ស»

លោក មុត ចន្ថា មនុស្សជំនិតរបស់ លោក កឹម សុខា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរិះគន់លោក សម រង្ស៉ី និងបក្ខពួក ដែលកំពុងផ្តល់សារៈសំខាន់ និងផ្ដល់តម្លៃលើស្នាក់ការគណបក្សជាង «គណបក្ស និង ប្រធានគណបក្ស»។

លោក មុត ចន្ថា បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសបុកយ៉ាងដូច្នេះថា៖ 

«ទី១៖ នៅតែ ១ថ្ងៃ ក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួន, លោក សម រង្ស៉ី បានប្រកាសឱ្យថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទើបជាប់ថ្មីទាំង ៥,០០៧ អាសនៈ, ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ និងរាជធានី-ខេត្ត ឱ្យចាកចេញពីប្រទេស ដែលនេះជាសក្ខីកម្មយ៉ាងច្បាស់ថា លោក សម រង្ស៉ី មិនបានផ្តល់សារសំខាន់ និងតម្លៃដល់លោក កឹម សុខា និងគ្មានចេតនាជំរុញឱ្យមានការតស៊ូដោយអហិង្សាអ្វីទាំងអស់នៅក្នុងប្រទេសឡើយ។

ទី២៖ មុនការរំលាយគណបក្សសង្រ្គោះជាតិ លោក សម រង្ស៉ី នៅតែប្រកាសឱ្យថ្នាក់ដឹកនាំបក្ស និងមន្រ្តីជាប់ឆ្នោតទាំងអស់ រត់ចេញក្រៅប្រទេស ក្រោមលេសគេចចេញពីការគំរាមកំហែង និងការទិញទឹកចិត្តឱ្យចុះចូលជាមួយគណបក្សកាន់អំណាច និងបានបញ្ជាមកក្រុមមេធាវីគណបក្ស មិនឱ្យចូលខ្លួនទៅ     តតាំងក្តីក្នុងពេលសវនការរបស់តុលាការកំពូលនោះទេ។ ទង្វើនេះបានបង្ហាញ និងបញ្ជាក់យ៉ាងច្បាស់ថា លោក សម រង្ស៉ី មានចេតនាចង់ឱ្យតុលាការរំលាយគណបក្ស នៅក្រោមទ្រឹស្តី «នំអញមិនបានស៊ី អញជាន់ចោល!»។ សហគមន៍អន្តរជាតិបានចោទសួរអំពីមូលហេតុដែលគណបក្សមិនព្រមចាត់តាំងក្រុមមេធាវីទៅការពារនៅក្នុងសវនការ ប៉ុន្តែចម្លើយពីលោក សម រង្ស៉ី និង អេង ឆៃអ៊ាង គឺ «មិនចង់ផ្តល់ភាពស្របច្បាប់ដល់ការរំលាយរបស់តុលាការកំពូល ហើយថាប្រសិនជាចាត់ក្រុមមេធាវីទៅការពារក៏គង់តែត្រូវគេរំលាយដដែល»។ ចម្លើយនេះត្រូវបានចំអកឱ្យថា គណបក្សគ្មានយុទ្ធសាស្រ្តច្បាប់។

ទី៣៖ នៅមុនការរំលាយគណបក្ស លោក សម រង្ស៉ី បានប្រកាសឌឺដងពីក្រៅប្រទេសដាក់សម្តេច ហ៊ុន សែន ថា លោកមិនហ៊ានរំលាយនោះទេ ព្រោះសហគមន៍អន្តរជាតិមិនអនុញ្ញាតឱ្យធ្វើបែបនេះជាដាច់ខាត។ លោក សម រង្ស៉ី ក៏បាននិយាយផ្គើនម្តងហើយម្តងទៀតថា «សម្តេច ហ៊ុន សែន មិនហ៊ានរំលាយ ហើយបើសិនជាក្លាហានមែន សូមរំលាយសាកមើលទៅដឹងហើយ!»។

ទី៤៖ តាមការសង្កេតជាក់ស្តែង គេមិនបានឃើញអ្នកនយោបាយ និងសកម្មជនមូលដ្ឋានរបស់លោក សម រង្ស៉ី ចេញមកតវ៉ា ឬដាក់ញត្តិប្រឆាំងតវ៉ាជាសាធារណៈចំពោះការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្រ្គោះជាតិឡើយ។ ផ្ទុយទៅវិញ លោក សម រង្ស៉ី បានប្រាប់មកតំណាងរាស្រ្តដែលជាកូនចៅរបស់គាត់ ឱ្យបញ្ឈប់ការតវ៉ានៅមុខពន្ធនាគារ និងបញ្ជាឱ្យពួកគេចាកចេញពីប្រទេស ដែលយ៉ាងហោចណាស់មានតំណាងរាស្រ្ត ២០រូបបានចាកចេញ ឬរត់ចេញក្រៅប្រទេស ក្នុងគោលបំណង ៖

៤.១- លោក សម រង្ស៉ី បានប្រកាសបង្ហាញពីចេតនា និងគោលបំណងបង្កើត «រដ្ឋាភិបាលនិរទេស នៃគណបក្សសង្រ្គោះជាតិ»  ផែនការនេះត្រូវបានបរាជ័យ ដោយសារមិនមានកុងសង់ស៊ីសពីក្រុមលោក កឹម សុខា និងជាអំពើផ្ទុយនឹងច្បាប់ធម្មនុញ្ញ ។

៤.២- ការធ្វើបក្សប្រហារ តាមរយៈ «សន្និសីទពិភពលោករបស់អ្នកគាំទ្រនៃគណបក្សសង្រ្គោះជាតិ» នៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ដោយបានលើកបន្តុបខ្លួនគាត់ជា «ប្រធានស្តីទីបក្ស»។

៤.៣- អ្នកនយោបាយនិងសកម្មជនមូលដ្ឋានរបស់លោក សម រង្ស៉ី បានប្រើប្រាស់បណ្តាញសង្គមបង្ហោះព័ត៌មានចោទមួលបង្កាច់លោក កឹម សុខា ថាជា «អ្នកស៊ីឈ្នួលជាប់គុក» ដើម្បីបន្ទាប និងបញ្ចុះតម្លៃនៃការលះបង់របស់គាត់ ។

៤.៤- នៅមុនពេលធ្វើបក្សប្រហារនៅខែធ្នូ ឆ្នាំ២០១៨ លោក សម រង្ស៉ី បានបង្កើត «សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ប៉ុន្តែ លោក រង្ស៉ី មិនបានធ្វើសកម្មភាពអ្វីសោះក្នុងក្របខណ្ឌសមាគមនេះ ទើបលោកងាកទៅបង្កើត «ចលនាសង្រ្គោះជាតិ» វិញនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅលើទឹកដីសហរដ្ឋអាមេរិក ដែលបានប្រកាសឱ្យប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាល។ អ្នកចេញពីគណបក្សសិទ្ធិមនុស្ស មិនបានគាំទ្រចំពោះការបង្កើតនូវចលនានេះទេ ព្រោះវាធ្វើឱ្យ មនុស្សជាច្រើន «ត្រូវបានចាប់ខ្លួន, ប្រឈមដីកាស្វែងរកការចាប់ខ្លួន, ការជាប់ពន្ធនាគារ និងការរត់គេចខ្លួនចោលក្រុមគ្រួសារ»។

៤.៥- នៅខែឧសភា ឆ្នាំ២០១៩ លោក សម រង្ស៉ី បានប្រកាសឱ្យអ្នកគាំទ្រ និងសកម្មជនប្រមូលផ្តុំបរិភោគនំបញ្ចុក ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងផែនការមាតុភូមិនិវត្តន៍ ៩វិច្ឆិកា២០១៩ ធ្វើឱ្យមនុស្សជាច្រើនត្រូវកោះឱ្យចូលខ្លួនទៅកាន់តុលាការ, ត្រូវបានចាប់ខ្លួន និង រត់គេចខ្លួនទៅក្រៅប្រទេស។

៤.៦- លោក សម រង្ស៉ី គ្មានភាពក្លាហានវិលត្រឡប់ ឬធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសវិញនោះទេ ប៉ុន្តែចេតនាពិតរបស់គាត់ គឺធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាប់អារម្មណ៍ចំពោះគាត់ និងចង់ប្រើការគំរាមបង្រ្កាបរបស់អាជ្ញាធរមកលើប្រជាពលរដ្ឋ ដើម្បីបង្ខំឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាល សំដៅបើកផ្លូវឱ្យមានការចរចាសម្រាប់គាត់។

៤.៧- នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ លោក សម រង្ស៉ី បានប្រកាសអំពីផែនការមាតុភូមិនិវត្តន៍ទី២ ដោយលោកស្រី មូរ សុខហួរ បានធ្វើពុតជាចេញមកអនុវត្តផែនការទី២នេះ ប៉ុន្តែផែនការនេះត្រូវបានបរាជ័យទៅវិញ ឯអ្នកដែលចំណេញ គឺលោក សម រង្ស៉ី ដដែល ព្រោះគាត់បានប្រមូលប្រាក់រាប់ម៉ឺនដុល្លារចូលហោរប៉ៅ។

៤.៨- នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក សម រង្ស៊ី បានបង្ហោះសារថា សហគមន៍អន្តរជាតិ និងកងទ័ពកម្ពុជា នឹងគាំទ្រដល់រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលបង្កើតដោយពលរដ្ឋ និងដឹកនាំដោយអ្នកប្រជាធិបតេយ្យ ដូចករណី នៅប្រទេសភូមាដែរ។ រីឯលោក កឹម សុខា តាមរយៈមេធាវីរបស់លោក បានប្រកាសមិនគាំទ្រ និងជាប់ពាក់ព័ន្ធក្នុងផែនការរបស់លោក សម រង្ស៉ី នេះទេ ព្រោះវាជាអំពើផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា។

៤.៩- ផែនការសកម្មភាពរបស់ លោក សម រង្ស៉ី រហូតមកទល់ពេលនេះ គឺហាក់ចង់បង្ហាញទៅមជ្ឈដ្ឋានជាតិ និងអន្តរជាតិថា មានតែគាត់ម្នាក់ប៉ុណ្ណោះ គឺជាតួអង្គនយោបាយសំខាន់ ហើយនៅពេលអាជ្ញាធរធ្វើការបង្រ្កាប ចាប់ខ្លួនសកម្មជនដាក់ពន្ធនាគារ លោក សម រង្ស៊ី បានដាក់កំហុសលើរដ្ឋាភិបាល ប៉ុន្តែគាត់ភ្លេចគិតថាគាត់ជាអ្នកបង្កើតហេតុ និងរឿងទាំងអស់នេះ។

៤.១០- ធ្វើជាអ្នកដឹកនាំនយោបាយត្រូវហ៊ានទទួលស្គាល់ការពិតចំពោះមុខ គឺថាសកម្មជននិងថ្នាក់ដឹកនាំមូលដ្ឋានដែលត្រូវបានរងនូវការចាប់ខ្លួន និងរត់គេចខ្លួនចោលស្រុក គឺដោយសារតែពួកគេបានចូលរួមនិងគាំទ្រផែនការនិងសកម្មភាពរបស់លោក សម រង្ស៉ី ទាំងអស់។

ទី៥៖ គេចាប់មេបក្សស្ងាត់ឈឹង, គេរំលាយគណបក្សក៏ស្ងាត់ឈឹង! ប៉ុន្តែនៅពេលតុលាការសម្រេចរឹបអូសយកស្នាក់ការគណបក្ស ដើម្បីដាក់លក់ទើបឃើញមានសកម្មជនមកពីកូតាលោក សម រង្ស៊ី បានចេញ និងកំពុងចេញញត្តិតវ៉ា។ គេចោទជាសំណួរថាៈ តើទីស្នាក់ការបក្សមានសារសំខាន់ និងតម្លៃជាងគណបក្សទាំងមូល និងប្រធានបក្ស មែនទេ? 

ទី៦៖ គណបក្សសង្រ្គោះជាតិពុំដែលមានទីស្នាក់ការដែលជាអចលនទ្រព្យរបស់ខ្លួនទេ ព្រោះអាគារដែលត្រូវបានប្រើប្រាស់ជាទីស្នាក់នេះ គឺជាទ្រព្យសម្បត្តិរបស់លោក សម រង្ស៉ី។ 

ទី៧៖ ដីដែលបានសាងសង់ទីស្នាក់ការគណបក្សសមរង្ស៉ី នៅពីមុខ និងផ្ទះរបស់លោក សម រង្ស៉ី នៅខាងក្រោយជាប់ទន្លេ ត្រូវបានអតីតតំណាងរាស្រ្តម្នាក់ទិញធ្វើជាអំណោយសម្រាប់សាងសង់ជាទីស្នាក់ការ និងផ្ទះរបស់គាត់ ។ លោក សម រង្ស៉ី បានអះអាងកាលពីពេលថ្មីៗនេះថាលោកមិនខ្វល់រឿងទ្រព្យសម្បត្តិក្រៅខ្លួននេះទេ ប៉ុន្តែក៏មានអ្នកឆ្ងល់ថារឿងអីគាត់ទៅខ្វល់នោះ ព្រោះដីគាត់បានមកដោយទទេរ ឬជាអំណោយគេឱ្យគាត់ រីឯការសាងសង់អាគារនិងផ្ទះ គឺជាលុយរបស់គណបក្សសមរង្ស៉ី។ ដូច្នេះលោក សម រង្ស៉ី ពុំមានចំណែកវិនិយោគជាលុយមួយកាក់មួយសេនដុល្លារនៅក្នុងនេះទេ។ ហេតុអីគាត់អាចក្លាយជាកម្មសិទ្ធិករលើអចលនទ្រព្យទាំងអស់? តើនេះអាចជាអំពើទុច្ចរិតហិរញ្ញវត្ថុ ដែរទេ?

ទី៨៖ មនុស្សរបស់លោក សម រង្ស៉ី ចេញមកការពារ និងប្រឆាំងចំពោះការរឹបអូសទីស្នាក់ការនិងផ្ទះរបស់លោក សម រង្ស៉ីព្រោះអាគារនេះធ្លាប់ជាទីស្នាក់ការគណបក្សសមរង្ស៉ី នៅមុនការរួបរួមនិងច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដូច្នេះពួកគេរំពឹងយ៉ាងមុតមាំថានឹងអាចយកអាគារនេះជាជម្រកឱ្យគណបក្សភ្លើងទៀនដែលកើតចេញពីគណបក្សសមរង្ស៉ីវិញ។ 

ទី៩៖ ប្រសិនជាគណបក្សភ្លើងទៀនបានប្រកាសដំណើរការឡើងវិញ និងចូលរួមបោះឆ្នោតខាងមុខ គឺមានន័យថាសម្ព័ន្ធភាពរវាង សម រង្ស៉ី និង កឹម សុខា ត្រូវបានបញ្ចប់ជាស្ថាពរ។ ដូច្នេះលោក សម រង្ស៉ី មិនអាចបន្តអះអាងខ្លួនជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយតទៅទៀតទេ។

ទី១០៖ គណបក្សសង្គ្រោះជាតិប្រមូលលុយគម្រោងទូរទស្សន៍ព្រះអាទិត្យបានជាង ៧០ម៉ឺនដុល្លារ ដោយយក ១០ម៉ឺនដុល្លារ ទៅទិញដីមួយកន្លែងនៅក្រុងតាខ្មៅដោយដាក់ឈ្មោះ លោក ឃឹម ឡាគី ជាកម្មសិទ្ធិករ ហើយជាង ៦០ម៉ឺនដុល្លារទៀត ត្រូវបានយកតម្កល់ផ្ញើនៅធនាគារ ប៉ុន្តែត្រូវបានដកចេញពីគណនីធនាគារដោយ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា នៅក្រោយការចាប់ខ្លួនលោក កឹម សុខា ភ្លាមៗ ហើយរហូតមកដល់ពេលនេះ លុយប្រមាណជាជិត ១លានដុល្លារ (ទាំងប្រាក់ដើម ទាំងប្រាក់ការ)ត្រូវបាត់ស្ងាត់ឈឹង ។ 

ចំណែកដីមួយកន្លែងសម្រាប់សាងសង់ស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យនៅក្រុងតាខ្មៅ ដែលមានឈ្មោះ ឃឹម ឡាគី ជាកម្មសិទ្ធិករ ក៏មិនទាន់មានការបញ្ជាក់ថាដីនេះនៅដដែល ឬត្រូវបានគេដោះដូរ ឬលក់ នៅឡើយនោះដែរ៕ 

លោក មុត ចន្ថា បានបញ្ជាក់បន្ថែមទៀតថា៖ «កុំធ្វើខ្លួនជាអ្នកឆ្លាតពេក ក្រដាសខ្ចប់ភ្លើងមិនជិតទេ! យើងមើលឃើញយ៉ាងច្បាស់នូវល្បិចបង្កើតមនុស្សចម្បើងរបស់ ជូ កឺលៀង ដើម្បីប្រមូលផ្លែជ្រួញពីកងទ័ពរបស់ ស្តេចក្រាញ់ ឆាវឆាវ ដែលលោក សម រង្ស៉ី កំពុងអនុវត្តនាពេលនេះ»៕


ចំណេះដឹងទូទៅ៖ ដើមកំណើតនៃពិធីបុណ្យ Thanksgiving នៅសហរដ្ឋអាមេរិក

 (ពិភពលោក)៖ ពិធីបុណ្យ ស៊ែងហ្គីវវីង (Thanksgiving) គឺជាទិវាជាតិមួយរបស់សហរដ្ឋអាមេរិក ខណៈក្នុងឆ្នាំនេះ វាត្រូវប្រារព្ធឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា។ ពិធីបុណ្យនេះត្រូវគេសន្មត់ថា មានដើមកំណើតដំបូងកាលពីឆ្នាំ១៦២១ ក្នុងទម្រង់ជាពិធីជប់លៀង ក្នុងឱកាសប្រមូលផលដំណាំរួចរាល់ នារដូវស្លឹកឈើជ្រុះ ដែលរៀបចំឡើងនៅឯក្រុងផ្លៃម៉ោស (Plymouth) ដោយក្រុមអ្នកតាំងអាណានិគមអង់គ្លេស និងក្រុមកុលសម្ព័ន្ធជនជាតិដើមអាមេរិក វ៉ាមផាណូអាក (Wampanoag)។

អស់រយៈពេលជាងពីរសតវត្សរ៍ ពិធីបុណ្យ Thanksgiving ត្រូវបានគេរប្រារព្ធឡើងរៀងៗខ្លួន តាមតំបន់អាណានិគមនិងរដ្ឋនីមួយៗ។ ទាល់តែមកដល់ឆ្នាំ១៨៦៣ អំលុងសង្គ្រាមស៊ីវិលអាមេរិក ទើបលោកប្រធានាធិបតី អាប្រាហាំ លីនខុន (Abraham Lincoln) បានចេញសេចក្ដីប្រកាស កំណត់យកថ្ងៃ Thankgiving រួមមួយ ដែលត្រូវប្រារព្ធឡើងក្នុងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។


* ប្រវត្តិពិធី Thanksgiving នៅក្រុង Plymouth

កាលពីខែកញ្ញា ឆ្នាំ១៦២០ កូនសំពៅមួយដែលមានឈ្មោះថា ម៉េហ្វ្លូវើ (Mayflower) រួមជាមួយនិងអ្នកដំណើរចំនួន ១០២នាក់ បានចាកចេញពីទីក្រុង Plymouth របស់អង់គ្លេស ដើម្បីមកស្វែងរកទីជម្រកថ្មី នៅទ្វីបអាមេរិក ដែលសម័យនោះ ត្រូវពួកអឺរ៉ុបចាត់ទុកជា ដែនដីដ៏ថ្មីសន្លាងមួយ។

ក្នុងការធ្វើដំណើរឆ្លងសមុទ្រដ៏លំបាកអស់រយៈពេលជាច្រើនសប្តាហ៍ ពួកគេបានមកដល់ដែនដីថ្មី ហើយចាប់ផ្តើមកសាងទីលំនៅថ្មីរបស់ខ្លួន ហៅថាក្រុង Plymouth គឺដូចឈ្មោះទីក្រុង ដែលពួកគេបានចាកចេញពីអង់គ្លេសយ៉ាងដូច្នោះ។ យោងតាមកំណត់ត្រាប្រវត្តិសាស្រ្តអាមេរិក នៅពេលមកដល់ ជនជាតិអង់គ្លេសទាំងនោះ ត្រូវបានទទួលការស្វាគមន៍ ដោយក្រុមជនជាតិដើមអាមេរិក។

ចំពោះមុខដែនដីដ៏ថ្មីសន្លាងដែលពួកគេមិនធ្លាប់ស្គាល់ អ្នកតាំងអាណានិគមអង់គ្លេស ទទួលបានការបង្ហាត់បង្រៀនឲ្យដាំដុះ និងប្រមូលផលផ្លែពោត, ចាប់ត្រីក្នុងទន្លេ, និងចៀសវាងរុក្ខជាតិពុលជាដើម។ មិនតែប៉ុណ្ណោះ ពួកគេក៏បានផ្សាភ្ជាប់ទំនាក់ទំនងរឹងមាំ ជាមួយកុលសម្ព័ន្ធឈ្មោះថា Wampanoag ផងដែរ។

នៅឆ្នាំ១៦២១ បន្ទាប់ពីជោគជ័យ នៃការប្រមូលភោគផលដំណាំពោតលើកដំបូង នៅដែនដីថ្មី លោកអភិបាល វីលាម ប្រេដហ្វដ (William Bradford) បានរៀបចំកម្មវិធីហូបអាហាររមួយ ដើម្បីអបអរ ហើយបានអញ្ជើញបណ្តាកុលសម្ព័ន្ធជនជាតិដើមអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់ក្រុងអាណានិគមទើបបង្កើតថ្មីនេះ ក្នុងនោះរួមមានទាំងមេកុលសម្ព័ន្ធ Wampanoag ផងដែរ។

ព្រឹត្តិការណ៍ខាងលើ ត្រូវមនុស្សភាគច្រើនចាត់ទុកជាថ្ងៃបុណ្យ Thanksgiving ដំបូងបង្អស់របស់សហរដ្ឋអាមេរិក ប៉ុន្តែពាក្យ Thanksgiving នេះ ប្រហែលជាមិនទាន់ត្រូវបានប្រើប្រាស់ ជាផ្លូវការនាពេលនោះទេ ហើយវាប្រព្រឹត្តទៅរយៈពេលពេលបីថ្ងៃ និងថាតើមានមុខម្ហូបអ្វីខ្លះ ក៏មិនត្រូវបានគេដឹងច្បាស់ដែរ។

* ពិធីបុណ្យ Thanksgiving ក្លាយជាទិវាជាតិមួយរបស់អាមេរិក

អំលុងនិងក្រោយសម័យបដិវត្តន៍អាមេរិក ថ្ងៃ Thanksgiving បានចាប់ផ្តើមមានការទទួលស្គាល់បន្តបន្ទាប់ ពីរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក។ នៅឆ្នាំ១៨១៧ ញូយ៉កបានស្ថិតក្នុងចំណោមរដ្ឋដំបូងៗ ដែលបានអនុម័តឲ្យមានថ្ងៃឈប់សម្រាក Thanksgiving ប្រចាំឆ្នាំ ប៉ុន្តែវាប្រារព្ធឡើង នៅថ្ងៃខុសៗគ្នា ហើយទំនៀមទម្លាប់ Thanksgiving នេះ មិនទាន់ត្រូវបានស្គាល់ទូលំទូលាយ នៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក នៅឡើយទេ។

មកដល់ឆ្នាំ១៨៦៣ ស្របពេលដែលសង្រ្គាមស៉ីវិល ស្ថិតក្នុងដំណាក់កាលក្តៅគគុកបំផុត លោក Abraham Lincoln បានកំណត់យក «ថ្ងៃព្រហស្បតិ៍នៃសប្ដាហ៍ចុងក្រោយបំផុត ក្នុងខែវិច្ឆិកា» សម្រាប់ប្រារព្ធពិធីបុណ្យ Thanksgiving ហើយវាត្រូវបានអនុវត្តតៗមកជារៀងរាល់ឆ្នាំ រហូតមកទល់ឆ្នាំ១៩៣៩ នៅពេលលោក ហ្រ្វេងឃ្លីន ឌី រូសស៊្វែល (Franklin D. Roosevelt) រំកិលថ្ងៃបុណ្យនេះ មកខាងមុខមួយសប្តាហ៍។

លោក Roosevelt បានធ្វើយ៉ាងដូច្នោះក្នុងគោលបំណង ចង់ជំរុញឲ្យមានសន្ទុះនៃការទិញទំនិញ អំលុងវិបត្តិសេដ្ឋកិច្ចសកល ហ្គ្រេត ឌីប្រេសសិន (Great Depression)។ ប៉ុន្តែគម្រោងរបស់លោក Roosevelt ទទួលបានការជំទាស់យ៉ាងខ្លាំងខ្លា។ លុះក្រោយមក នៅក្នុងឆ្នាំ១៩៤១ លោក Roosevelt បានបង្ខំចិត្តចុះហត្ថលេខាលើច្បាប់ ដែលកំណត់យកថ្ងៃព្រហស្បតិ៍នៃសប្តាហ៍ចុងក្រោយ ក្នុងខែវិច្ឆិកា ធ្វើជាថ្ងៃនៃការប្រារព្ធពិធីបុណ្យ Thanksgiving សាជាថ្មីឡើងវិញ។

* ប្រពៃណីនិងទំនៀមទម្លាប់នៃការរៀបចំបុណ្យ Thanksgiving

បច្ចុប្បន្ន គេសង្កេតឃើញថាពិធីបុណ្យ Thanksgiving ផ្តោតជាសំខាន់ទៅលើ ការជួបជុំពិសាអាហារជាមួយក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ ពោលគឺអត្តសញ្ញាណដំបូងរបស់វា ហាក់ត្រូវបានបាត់បង់ភាគច្រើនទៅហើយ។ ពាក់ព័ន្ធនឹងមុខម្ហូបវិញ គឺសត្វមាន់តួកគី (Turkey) ជាគ្រឿងសម្គាល់លេចធ្លោបំផុត ប្រចាំពិធីបុណ្យនេះ។ ប្រជាជនអាមេរិកខ្ទង់៩០ភាគរយ តែងនាំគ្នាបរិភោគសត្វមាន់នេះ នៅថ្ងៃ Thanksgiving អមជាមួយម្ហូបអាហារប្រពៃណីមួយចំនួនទៀត។ រីឯការដង្ហែក្បួនព្យុហយាត្រា ក៏បានក្លាយជាផ្នែកដ៏សំខាន់មួយនៃពិធីបុណ្យនេះផងដែរ នៅតាមទីក្រុងនិងទីប្រជុំជន ទូទាំងសហរដ្ឋអាមេរិក។

ដោយសារសម័យឥឡូវ សមាជិកគ្រួសារភាគច្រើនរស់នៅឆ្ងាយៗពីគ្នា បុណ្យ Thanksgiving បានក្លាយជាឱកាសដ៏សំខាន់ប្រចាំឆ្នាំសម្រាប់ ឲ្យពួកគេមានពេលវេលាជួបជុំគ្នាយ៉ាងហោចមួយឆ្នាំម្តង។ មួយវិញទៀត ពិធីបុណ្យនេះឥឡូវ ក៏បានបើកទូលាយឲ្យជនអន្តោប្រវេសន៍ មិនថាសាវតារមកពីណាឡើយ គឺមានឱកាសចូលរួមប្រារព្ធបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា នៅឯប្រទេសកាណាដាឯណោះវិញ ក៏មានថ្ងៃ Thanksgiving ដូចគ្នាដែរ ដែលមានប្រភពចេញមកតាំងពី សម័យអាណានិគម ប៉ុន្តែវាប្រារព្ធពេលខុសគ្នា គឺបុណ្យ Thanksgiving នៅកាណាដា ធ្វើឡើងជារៀងរាល់ថ្ងៃចន្ទ នៃសប្តាហ៍ទីពីរ ក្នុងខែតុលា៕

ដោយ៖ Fresh News




 

ស្វែងយល់បឋម៖ តើមេរោគបំប្លែងខ្លួនថ្មី «B.1.1.529» នៅអាហ្វ្រិកខាងត្បូង គ្រោះថ្នាក់ដល់កម្រិតណា?


(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងដំណាក់កាលដំបូង ព្រមជាមួយការស្រាវជ្រាវ បន្ថែមទៀត ដើម្បីយល់ពីឥទ្ធិពល និងការវិវឌ្ឍនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ «B.1.1.529» ស្របពេល WHO អាចនឹងដាក់ឈ្មោះឱ្យ វីរុសបំប្លែងថ្មីនេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ។

ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ កឺខូវ (Maria Van Kerkhove) ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO។ លោកស្រីវេជ្ជបណ្ឌិត Maria Van Kerkhove បានបន្ថែមថា មកទល់នឹងពេលនេះគេមិនទាន់អាចសន្និដ្ឋានបានថា តើវីរុសបំប្លែងខ្លួនថ្មីនេះមានគ្រោះថ្នាក់កម្រិតណានៅឡើយទេ ខណៈលោកស្រីនៅតែបន្តណែនាំអំពីសារៈសំខាន់ នៃការធានាឲ្យបានការចាក់វ៉ាក់សាំងពេញលេញ។

ហ្សែននៃវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានអាប់ឡូតនៅលើទិន្នន័យសកល ជីសេដ (GISAID) កាលពីថ្ងៃទី២២ ខែវិច្ឆិកា ប៉ុន្តែហ្សែនវីរុសនេះដែលត្រូវបានគេជឿជាក់ថា មានប្រភពដើមនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង មិនទាន់ត្រូវបានកំណត់ពីកាលបរិច្ឆេទជាក់លាក់ទេ។

* តើយើងដឹងអ្វីខ្លះហើយពីវីរុសបំប្លែងថ្មីនេះ?

លោកស្រីវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ កឺខូវ (Maria Van Kerkhove) ជាប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO បានបញ្ជាក់ថា មកទល់នឹងពេលនេះ គេមិនទាន់អាចសន្និដ្ឋានបានថា តើវីរុសបំប្លែងខ្លួនថ្មីនេះមានគ្រោះថ្នាក់កម្រិតណានៅឡើយទេ។ ប៉ុន្តែ អ្វីដែលគួរឱ្យព្រួយបារម្ភ នោះគឺនៅក្នុងការធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរសុខាភិបាលអាហ្វ្រិកខាងត្បូងបាននិយាយថា វីរុសបំប្លែងថ្មី B.1.1.529 នេះ បានបំប្លែងខ្លួនក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន រហូតដល់ទៅច្រើនជាង «៣០ដង» នៅក្នុងប្រូតេអ៉ីនម្យ៉ាងរបស់វីរុស ដែលគេស្គាល់ថា «spike protein» ដែលត្រូវបានវីរុសប្រើប្រាស់ដើម្បីថ្ពក់ ឬភ្ជាប់ខ្លួនវាទៅនឹងកោសិការបស់មនុស្ស។

ជុំវិញការរកឃើញវីរុសបំប្លែងថ្មីនេះដែរ លោកសាស្ត្រចារ្យ ទុយលីយ៉ូ ឌឺ អូលីវេរ៉ា (Tulio de Oliveira) ដែលជានាយកមជ្ឈមណ្ឌលសម្រាប់ការឆ្លើយតបជំងឺឆ្លង និងការច្នៃប្រឌិតមានមូលដ្ឋានក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានបញ្ជាក់ដូច្នេះថា «វីរុសបំប្លែងថ្មីនេះបានបំប្លែងខ្លួនច្រើនជាងយើងរំពឹងទុក... ហើយវាអាចចម្លងជំងឺយ៉ាងលឿនរហ័ស ដោយយើងអាចនឹងបានឃើញ សម្ពាធបន្ថែមលើប្រព័ន្ធសុខាភិបាល នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខនេះ»។ លោក Tulio បន្ថែមថា មន្ត្រីសុខាភិបាលសាធារណៈទាំងអស់ គួរតែបញ្ចៀសរាល់ព្រឹត្តិការណ៍ ឬការប្រមូលផ្ដុំទាំងឡាយដែលងាយចម្លងជំងឺ។

ដូចគ្នាទៅនឹងលោក Tulio de Oliveira អ្នកជំនាញសុខាភិបាលជាច្រើន ក៏បានបង្ហាញពីក្ដីកង្វល់ផងដែរ ចំពោះវីរុសបំប្លែងថ្មី B.1.1.529 ពោលគឺការបំប្លែងខ្លួនក្នុងចំនួនដ៏ច្រើនរបស់វា អាចធ្វើឱ្យវាមានសមត្ថភាព ប្រឆាំងនឹងវ៉ាក់សាំងដែលមានស្រាប់នាពេលបច្ចុប្បន្ន ក៏ដូចជាចម្លងជំងឺកាន់តែលឿនរហ័សផងដែរ។ តែទោះជាបែបនេះក្ដី គេមិនទាន់អាចដឹងថា តើការបំប្លែងខ្លួនមួយណា ឬប្រភេទណានៃវីរុសនេះ ដែលអាចនឹងបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងនោះទេ ខណៈការសិក្សាកំពុងធ្វើឡើងនៅឡើយ ជាពិសេសពីសំណាក់ WHO៕ (FN)




សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមបន្តដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២ដែលជាថ្ងៃបញ្ចប់


(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នោះ បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនេះបន្តទៀត នៅវិមានសន្តិភាព


របៀវារៈកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃទី២នេះ ពិភាក្សាទៅលើបញ្ហាជំងឺកូវីដ១៩ ការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, កិច្ចប្រជុំចង្អៀតពាក់ព័ន្ធនឹងតំបន់អាស៊ី-អឺរ៉ុប ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់, ការអនុម័តឯកសារស្តីពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣, កម្មវិធីបិទកិច្ចប្រជុំ និងសន្និសីទព័ត៌មានរួម។

កម្មវិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងសន្និសីទព័ត៌មានរួម នឹងមានការផ្សាយផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ ដោយមានការអញ្ជើញចូលពីពីថ្នាក់ដឹកនាំប្រទេសអាស៊ី-អឺរ៉ុប មានប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមេដឹកនាំជាន់ខ្ពស់ប្រមាណ ៥១រូប បូករួមទាំងថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។

កិច្ចប្រជុំនៅថ្ងៃម្សិលមិញនេះ មានការថ្លែងចំណាប់អារម្មណ៍បើកកម្មវិធីពីសម្តេចតេជោ ហ៊ុន សែន, ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប, ប្រធានគណៈកម្មការអឺរ៉ុប និងតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប, នាយករដ្ឋមន្ត្រីប្រទេសរុស្ស៉ី តំណាងឱ្យប្រទេសសម្របសម្រួលតំបន់អាស៊ីឦសាន និងអាស៊ីខាងត្បូង, នាយករដ្ឋមន្ត្រីស្លូវេនី ប្រធានប្តូរវេនក្រុមប្រឹក្សាសហភាពអឺរ៉ុប និងតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប និងនាយករដ្ឋមន្ត្រីថៃផងដែរ។

កិច្ចប្រជុំម្សិលមិញនេះ ក៏មានការឡើងធ្វើសេចក្តីថ្លែងការណ៍ពីតំណាងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ចប្រជុំអមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ បន្ទាប់មកកិច្ចប្រជុំ ក៏បើកកិច្ចពិភាក្សាស្តីតួនាទីរបស់អាស៊ី-អឺរ៉ុប ក្នុងការលើកកម្ពស់ពហុភាគីនិយម ដែលជាមូលបទរួម ដោយថ្នាក់ដឹកនាំប្រទេសអាស៊ី-អឺរ៉ុប បានថ្លែងបទអន្តរាគមន៍តាមលំដាប់តួអក្សរជាបន្តបន្ទាប់ប្រមាណជា ៣០នាក់។

សម្រាប់កិច្ចប្រជុំថ្ងៃទី១ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានដឹកនាំកិច្ចប្រជុំ បានបង្ហាញនូវសិដ្ឋិនិយមថា លទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺពិតជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណ សម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM។

សម្តេចតេជោ ក៏បានគូសរំលេចដែរថា អង្គប្រជុំ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយម ដែលជាគ្រឹះនៃសន្តិភាពស្ថិរភាព និងវិបុលសុខសកល។ សម្តេចតេជោបន្ថែមថា ពិតណាស់ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមកនិងការជឿទុកចិត្តគ្នា គឺជាគោលការណ៍នៅផ្លូវសម្រាប់ពហុភាគីនិយម។

បើតាមសម្តេចតេជោ ហ៊ុន សែន អង្គប្រជុំបានប្តេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលតំបន់ទាំងពីរកាន់តែត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

សម្តេចតេជោ ក៏បានគូសរំលេចផងដែរ ពីការលើកឡើងរបស់អង្គប្រជុំពីបញ្ហាប្រឈមនៃជំងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច-សង្គមមិនធ្លាប់មានពីមុនមក។

សម្តេចតេជោ បានគូសបញ្ជាក់ទៅកាន់មេដឹកនាំកំពូលអាស៊ី-អឺរ៉ុបថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ អង្គប្រជុំបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋ គួរតែជាអាទិភាពរបស់យើង។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបន្តសង្កត់ធ្ងន់ថា ការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួមរបស់អាស៊ី និងអឺរ៉ុប។ ក្នុងន័យនេះ អង្គប្រជុំបានសម្តែងការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ និងប្តេជ្ញាការពារខ្សែច្រវាក់ផ្គត់ផ្គង់ ដោយរលូន និងគ្មានការរាំងស្ទះ ក៏ដូចជាជំរុញនូវឌីជីថលូបនីយកម្ម និងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។

បើយោងទៅតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុ ន សែន អង្គប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃទី១ម្សិលមិញនេះ មេដឹកនាំអាស៊ី-អឺរ៉ុប ភាគច្រើនក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើងកម្តៅផែនដីមិនឱ្យលើសពី ១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។

ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ បានទាញចំណាប់អារម្មណ៍អង្គប្រជុំថា ការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍ ត្រូវតែជាអាទិភាពមួយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា អង្គប្រជុំ ក៏បានឯកភាពគ្នាថា រយៈពេល ២៥ឆ្នាំកន្លងទៅនេះ បានផ្តល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងការបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុនមានបរិយាប័ន្នជាងមុន និងធន់ជាងមុន៕




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM-13)


កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១៣ បានប្រារព្វពិធីបើកជាផ្លូវការតាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី២៥វិច្ឆិកា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ី អឺរ៉ុប ទាំង៥២ប្រទេស បានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន ក្រោមកិច្ចដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំ កំពូលអាស៊ី អឺរ៉ុប លើកទី១៣។ 


កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១៣ បានប្រារព្វធ្វើឡើងក្រោមមូលបទៈ ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម។ តាមរយៈមូលបទដែលបានកភាព គ្នានោះ មេដឹកនឫនៃប្រទេសអាស៊ីអឺរ៉ុប បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើរបៀបវារៈ ដែលបានគ្រោងទុក ពិសេសការពិភាក្សាទៅលើបញ្ហាប្រឈមសកល ដូចជាការកើតរីករាលដាល នៃជំងឺកូវីដ១៩ និងបម្រែបម្រួលអាកាស និងការគាំពារនិយម។ បន្ទាប់ពីពិធីបើកកិច្ចប្រជុំកំពូលលើកទី១៣ របស់ខ្លួនរួចមក មេដឹកនាំនៃប្រទេសអាស៊ី អឺរ៉ុប   បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៃកិច្ចប្រជុំពេញអង្គលើកទី១ : តួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម តាមប្រព័ន្ធវីដេអូ។ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា បានថ្លែងបទអន្តរាគមន៍ដូចទៅកាន់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូ ASEM ថា កម្ពុជា ទទួលស្គាល់នូវតួនាទីស្នូលរបស់ពហុភាគីនិយម ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកល ដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នា។ 

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា យើងបានសង្កេតឃើញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពហុភាគីនិយម បាននិងកំពុងរងសម្ពាធយ៉ាងខ្លាំង ដោយសារតែការកើនឡើង នូវឯកតោភាគីនិយម ការគាំ ពារនិយម និងនយោបាយបែបប្រជានិយម។ យើងក៏បានជួបប្រទះផងដែរនូវការធ្លាក់ចុះនៃការប្តេជ្ញាចិត្តរបស់ប្រទេសមួយចំនួនទៅលើយន្តការពហុភាគីនិយម ខណៈប្រទេសមួយចំនួនផ្សេងទៀត ក៏បានងាកចេញពីដំណោះស្រាយតាមបែបពហុភាគី ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដូចអ្វីដែលឯកឧត្តម អង់តូនីញ៉ូ ហ្គោទរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២១ កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺពិតជាមានសារៈសំខាន់ នៅក្នុងការកសាងសេដ្ឋកិច្ចសកល ដែលមានការគោរពច្បាប់អន្តរជាតិជាសកល និងពិភពលោកពហុប៉ូលមួយ ដែលមានស្ថាប័នពហុភាគីជាច្រើន ប្រកបដោយភាពរឹងមាំ ។ 

សម្ដេចបន្តថា នៅក្នុងពិភពលោកពហុប៉ូលនេះ តើយើងធ្វើដូចម្តេចដើម្បីធានាបានថា ពហុភាគីនិយម នៅតែរឹងមាំ និងមានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីធានា និងរក្សាបាននូវសន្តិភាព និងស្ថិរភាពសកល ដោះស្រាយបញ្ហាប្រឈមសកល ដូចជា ការឆ្លងរាលដាលនៃជំងឺកូរ៉ដ-១៩ ការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព វិសមភាព និងទេសន្តរប្រវេសន៍ អំពើភេរវកម្ម និងលទ្ធិជ្រុល និយមហិង្សាជាដើម។ សម្ដេចតេជោបានបន្តថា នៅក្នុងប្រព័ន្ធពហុប៉ូល ដែលកំពុងតែវិវត្តប្រែប្រួលយ៉ាងលឿន ការពឹងអាស្រ័យគ្នាទៅវិញទៅមក ការភ្ជាប់ទំនាក់ទំនង និងអន្តរសកម្មភាព រវាងរដ្ឋ និងរដ្ឋក៏កាន់តែមានភាពស្មុគស្មាញ ។ អាស្រ័យហេតុនេះ អាស៊ី និងអឺរ៉ុប ត្រូវតែមានជំហររួមជាយុទ្ធសាស្ត្រ ក្នុងការការពារ ការធ្វើឱ្យប្រសើរ ឡើងវិញ និងការកែសម្រួលពហុភាគីនិយម ដើម្បីធានាឱ្យគោលការណ៍ស្នូលរបស់ ASEM រួមមាន ជាអាទិ៍: ភាពមិនផ្លូវការ ភាពបត់បែនបាន កុងសង់ស៊ីស និងភាពជាដៃគូស្មើភាព នៅតែអាចរក្សាបាន និងមានតួនាទីជាប្រទីបនាំផ្លូវនូវគ្រប់សកម្មភាពរបស់យើង ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ពហុភាគីនិយម គឺជាការរួមគ្នាដោះស្រាយកិច្ចការអន្តរជាតិ តាមរយៈការពិគ្រោះយោបល់ ការកសាងទំនុកចិត្ត និងកិច្ចសន្ទនា ព្រោះគ្មានប្រទេសណាមួយនៅលើពិភពលោក ដែលកំពុងប្រែប្រួល យ៉ាងឆាប់រហ័សដូចពេលនេះ អាចដោះស្រាយបញ្ហាប្រឈមរួមតែម្នាក់ឯងបានឡើយ ។ ដូច្នេះ អភិក្រមដ៏មានប្រសិទ្ធភាព ដែលយើងគួរបង្កើតឱ្យមាននោះ គឺការធ្វើសកម្មភាពឆ្ពោះទៅចក្ខុវិស័យនៃសេដ្ឋកិច្ច សកលបើកចំហ តាមរយៈការប្រកាន់ខ្ជាប់នូវរបបពាណិជ្ជកម្មសេរីពហុភាគី ផ្អែកលើវិធានច្បាប់ជាស្នូល និងការលុបបំបាត់ឧបសគ្គនានា ដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរ បច្ចេកវិទ្យា ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបម្តទៀតថា សកម្មភាពពហុភាគីផ្សេងទៀត ឆ្ពោះទៅជំរុញសង្គមឌីជីថល ប្រកបដោយបរិយាប័ន្ន ក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ។ សេដ្ឋកិច្ចឌីជីថល នឹងត្រូវបានអនុវត្តកាន់តែទូលំទូលាយ ហើយបច្ចេកវិទ្យាឌីជីថល បាននិងកំពុងផ្លាស់ប្តូរពិភពធុរកិច្ច ក្នុងល្បឿនមិនអាចវាស់ស្ទង់បាន ។ ដូច្នេះ ការផ្ដល់អំណាចដល់ស្ត្រី និងយុវជន តាមរយៈការតភ្ជាប់ឌីជីថល គួរតែជាអាទិភាពសំខាន់មួយ ក្នុងចំណោមអាទិភាពសំខាន់ៗ នៅក្នុងរបៀបវារៈរបស់ ASEM ។ យុវជនជំនាន់ក្រោយរបស់យើង នឹងទទួលរងឥទ្ធិពលដ៏ខ្លាំងក្លាពីបដិវត្តន៍ឧស្សាហកម្ម ៤,០ ដែលប្រការនេះ តម្រូវឱ្យ ASEM ប្រកាន់ ខ្ជាប់នូវភាពទន់ភ្លន់រស់រវើក ក្នុងការឆ្លើយតបទៅនឹងបច្ចេកវិទ្យា ដែលកំពុងប្រែប្រួល និងរីកចំរើនយ៉ាង ឆាប់រហ័សនេះ ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់មេដឹកនាំប្រទេស និងស្ថាប័នដៃគូ ASEM - ឱ្យវិនិយោគ ធនធានបន្ថែមទៀត ដើម្បីពង្រឹង ASEMឱ្យក្លាយទៅជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ និងរឹងមាំមួយ ដែល នឹងនាំមក ប្រកបដោយប្រសិទ្ធភាព នូវសន្តិភាព និងវិបុលភាព ដល់អ្នកជំនាន់ក្រោយរបស់យើង។ មេដឹកនាំនៃប្រទេសអាស៊ី អឺរ៉ុប មានសុទិដ្ឋិនិយមថា លទ្ធផលដែលកើតចេញពីកិច្ចប្រជុំនេះ គឺពិតជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណ សម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM របស់យើង។ មេដឹកនឫអាស៊ី អឺរ៉ុប បានរំលេចខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប តាមរយៈសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។ ការប្តេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជម្រុញពហុភាគី និយម និងអភិបាលកិច្ចសកល ដែលយើងកាន់តែត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ 

អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយម ដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ ពិតណាស់ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា គឺជាគោលការណ៍នាំផ្លូវសម្រាប់ពហុភាគីនិយម។ មេដឹកនឫទាំងអស់ ក៏បានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់កើតមានពីមុនមក ដោយបណ្តាលមកពីជំងឺកូវីដ-១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច-សង្គម។ ដើម្បីដោះស្រាយ បញ្ហាប្រឈមទាំងអស់នេះ យើងបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការ ជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោរគន្លឹះ។ ដូច្នេះ ការការពារសុខភាព និងសន្តិសុខរបស់ ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋ គួរតែជាអាទិភាពរបស់យើង។ ការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួមរបស់យើងទាំងអស់គ្នា ក្នុងន័យនេះ មេដឹកនាំទឫងអស់ បានសម្តែងការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ និងប្តេជ្ញាការពារខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ ដោយរលូន និងគ្មានការរាំងស្ទះ ក៏ដូចជាជំរុញនូវឌីជីថលូបនីយកម្ម និងពិនិត្យមើលលទ្ធភាពន ការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។ មេដឹកនាំភាគច្រើនក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើន ឡើងកម្ដៅផែនដីមិនឱ្យលើសពីអង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី ១.៥ អាកាសធាតុ។ ក្នុងន័យនេះ ការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍ ត្រូវតែជា អាទិភាពមួយ។ ជាចុងក្រោយ មេដឹកនាំទឫងអស់ បានឯកភាពគ្នាថា រយៈពេល ២៥ ឆ្នាំកន្លងទៅនេះ បានផ្តល់នូវមូលដ្ឋានរឹងមាំ មួយដល់ភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងការបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុន មានបរិយាប័ន្នជាងមុន និងធន់ជាងមុន។

ក្រោយពីបានបើកកិច្ចប្រជុំកំពូលអាស៉ី-អ៉ឺរ៉ុប លើកទី១៣ រយៈពេលពេញ១ថ្ងៃទី២៥វិច្ឆិកា រួចមកសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញថ្លែងសុន្ទរកថា សរុបលទ្ធផលសង្ខេប ដើម្បីបិទកិច្ចប្រជុំពេញអង្គលើកទី១ ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ASEM ដែលបានថ្លែងបទអន្តរាគមន៍ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ នៅក្នុងកិច្ចប្រជុំពេញអង្គទី១ របស់យើងនាថ្ងៃនេះ។ 







សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាសង្ខេបក្នុងពិធីបិទកិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣(ASEAM-13)

 នៅក្នុងពិធីបិទកិច្ចប្រជុំពេញអង្គទី១ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣(ASEM-13) សម្ដេចតេជោ បានបង្ហាញនូវសុទិដ្ឋិនិយមថា លទ្ធផលដែលកើតចេញពីកិច្ចប្រជុំនេះ គឺជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM របស់យើង។


សម្ដេចតេជោបានរំលេចនូវសារសំខាន់ៗដូចខាងក្រោម:
១- យើងសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនិងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។ យើងក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM
ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកលដែលយើងកាន់តែត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។
២- អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។
៣- យើងបានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់កើតមានឡើងពីមុនមកដោយបណ្ដាលមកពីជម្ងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ចសង្គម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ យើងបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយមគឺជាកូនសោរគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជនក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋគួរតែជាអាទិភាពរបស់យើង។
៤- ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ១៩ គឺជាអាទិភាពរួមរបស់យើងទាំងអស់គ្នា ក្នុងន័យនេះយើងបានសំដែងនូវការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ផ្អែកលើវិធានច្បាប់ និងប្ដេជ្ញាការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដោយរលូន និងគ្មានការរាំងស្ទះ ដូចជាការជំរុញនូវឌីជីថលូបយនីកម្ម និងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។
៥- យើងភាគច្រើនបានប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍បៃតង និងកម្រិតកាបូនទាបដើម្បីរក្សាកម្រិតការកើនឡើងកម្ដៅផែនដីមិនឲ្យលើសពី១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ក្នុងន័យនេះ ការផ្ដល់ជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវជាអាទិភាពមួយ។
៦- (ជាចុងក្រោយ ) យើងបានឯកភាពគ្នាថារយៈពេល២៥ ឆ្នាំកន្លងមកនេះ បានផ្ដល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី- អឺរ៉ុបក្នុងការបោះជំហានទៅមុខឆ្ពោះទៅរកអនាគតមួយដែលភ្លឺថ្លាជាងមុន មានបរិយាបន្នជាមុន និងធន់ជាងមុន៕




 

វិភាគអន្តរជាតិ៖ ទំនាក់ទំនងស្អិតល្មួតរវាងចិន និងរុស្ស៊ី អាចនឹងក្លាយជាបក្សសម្ព័ន្ធដ៏ធំមួយ


(តែលអាវីល)៖ ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) បានរាយការណ៍ថាចិន និងរុស្ស៊ីនៅថ្ងៃអង្គារសប្ដាហ៍នេះបានចុះហត្ថលេខាលើ «ផែនការមួយ» ដើម្បី បង្កើនទំនាក់ទំនងយោធាឱ្យកាន់តែស្អិតល្មួត ចំពេលយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក តែងតែហោះហើរមកក្បែរតំបន់ព្រំដែននៃប្រទេសទាំង២។


បើតាម Associated Press នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូនោះដែរ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ែរហ្គៃ ស័យហ្គូ (Sergei Shoigu) និងសមភាគីចិន 

គឺលោក វើយ ហ្វឹងហេ (Wei Fenghe) បានគូសបញ្ជាក់ពីផលប្រយោជន៍រួមគ្នាក្នុងការបង្កើនការធ្វើសមយុទ្ធយោធា និងការចូលរួមក្នុងប្រតិបត្តិការល្បាតរវាងចិន និងរុស្ស៊ី។ លោក Sergei Shoigu បានសង្កត់ធ្ងន់ដូច្នេះថា «ចិន និងរុស្ស៊ីបានក្លាយជាដៃគូយុទ្ធសាស្ត្រអស់រយៈពេលច្រើនឆ្នាំមកនេះ ហើយដោយសារតែសព្វថ្ងៃ លក្ខខណ្ឌភូមិសាស្ត្រនយោបាយកាន់តែមានភាពស្មុគស្មាញ គួបផ្សំនឹងការកើនឡើងលទ្ធភាពនៃការផ្ទុះជម្លោះនៅជុំវិញពិភពលោក ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេស ទាំង២ ពិតជាមានសារៈសំខាន់ជាទីបំផុត»។


លោក Sergei Shoigu បន្ថែមថារុស្ស៊ីបានបង្ហាញពីការព្រួយបារម្ភជាច្រើន ពាក់ព័ន្ធនឹងសកម្មភាពយន្ដហោះចម្បាំងអាមេរិកចូលមកក្បែរដែនអាកាសរុស្ស៊ី ដោយគ្រាន់តែ កាលពីខែតុលាកន្លងទៅ យន្ដហោះចម្បាំងអាមេរិកហោះមកក្បែរដែនអាកាសរុស្ស៊ីចំនួន ៣០លើក។ លើសពីនេះទៅទៀត នៅក្នុងការធ្វើសមយុទ្ធយោធា US Global Thunder នៅក្នុងខែវិច្ឆិកានេះ យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដល់ទៅ ១០គ្រឿង បានធ្វើសមយុទ្ធហាត់សមវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងរុស្ស៊ី។


ប៉ុន្តែហេតុអ្វីបានជាទាំងនេះគឺជាបញ្ហាចោទសម្រាប់រុស្ស៊ី? ពិតមែនទៅ, ចាប់តាំងពីអតីតសហភាពសូវៀតដួលរលំក្រោយសង្រ្គាមត្រជាក់មក អំណាច និងចំនួនប្រជាជន របស់រុស្ស៊ីបានថយចុះយ៉ាងខ្លាំង។ តែទោះជាបែបនេះក្ដី, នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំណាចយោធារុស្ស៊ីនៅតែខ្លាំង ហើយទីក្រុងម៉ូស្គូ បាន និងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសស៊ីរី លីប៊ី និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក តាមរយៈការលក់ប្រព័ន្ធខែលការពារមីស៊ីល S-400 ឱ្យតួកគី ឥណ្ឌា, និងចិនជាដើម ហើយដែលទាំងនេះគឺជាសារមួយដែលលោក ពូទីន ចង់ប្រាប់ពិភពលោកថា «រុស្ស៊ីត្រឡប់មកវិញហើយ»។


នៅពេលត្រូវបានសាកសួរនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយ ថាតើហេតុអ្វីបានជាកញ្ចប់ថវិកាយោធាមានសារៈសំខាន់? លោក ពូទីន បានលើកយករឿងឪពុកចំណាស់ម្នាក់ និងកូនប្រុស មកប្រៀបធៀប។ នៅថ្ងៃមួយ កូនប្រុសបានប្រាប់ឪពុកចំណាស់របស់ខ្លួនថារូបគេបានលក់កាំបិត ដើម្បីទិញនាឡិកា។ ឃើញដូចនេះឪពុកបានប្រាប់ទៅកូន វិញថានាឡិកានេះពិតជាស្អាតមែន, ប៉ុន្តែកូនត្រូវចាំថា ប្រសិនបើថ្ងៃស្អែកមានចោរប្លន់ចូលមកក្នុងផ្ទះ រំលោភប្អូនស្រីរបស់ឯង និងសម្លាប់លោកពុក តើកូនត្រូវធ្វើ ដូចម្ដេច? ច្បាស់ណាកូនមានតែអាចប្រើនាឡិកាមើលថាតើម៉ោងប៉ុន្មាន ផ្ទុយទៅវិញបើកូនមានកំាបិត នោះកូនអាចការពារគ្រួសារទាំងមូលបាន។


ទំនាក់ទំនងរវាងចិន និងរុស្ស៊ី ជាពិសេសវិស័យយោធាមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បន្ថែមពីលើនេះ ចិន និងរុស្ស៊ីថែមទាំងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអ៉ីរ៉ង់ផងដែរ នៅក្រោមគ្រប់រូបភាព ដូចជាតាមរយៈអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ និងសន្និសីទស្ដីពីអន្តរកម្ម និងមធ្យោបាយកសាងទំនុកចិត្តនៅក្នុងតំបន់ អាស៊ីជាដើម ហើយដែលត្រូវបានគេមើលឃើញថាទំនាក់ទំនងទាំងនេះនឹងរុញឱ្យចិន និងរុស្ស៊ីបង្កើតសម្ព័ន្ធភាពដ៏ធំមួយនៅពេលអនាគត ដើម្បីទប់ទល់ជាមួយអាមេរិក។


បើតាមក្រុមអ្នកជំនាញនៅឆ្នាំ១៩០៤ អង់គ្លេស និងបារាំងបានចុះហត្ថលេខាលើសម្ព័ន្ធភាពមួយដើម្បីប្រឆាំងនឹងអាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទី១។ ប៉ុន្តែ ប្រសិន បើរុស្ស៊ី និងចិន ពិតជាបង្កើតសម្ព័ន្ធភាពណាមួយបានសម្រេចមែន នោះវានឹងធ្វើឱ្យភូមិសាស្ត្រនយោបាយសកលលោកប្រែប្រួលមិនអាចគណនាបាន។ បច្ចុប្បន្ន អាមេរិក កំពុងព្យាយាមសហការជាមួយអ៊ុយក្រែន រួមទាំងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ី ក្នុងការទប់ទល់ជាមួយរុស្ស៊ីផង និងចិនផងក្នុងពេលតែមួយ តែវាមិនច្បាស់

ឡើយថាតើទីក្រុងវ៉ាស៊ីនតោន អាចប្រជែងជាមួយយក្សធំ២ ដូចជាចិន និងរុស្ស៊ីក្នុងពេលតែមួយបានដែរឬទេ?


គួរបញ្ជាក់ថា ក្នុងពេលបច្ចប្បន្ន សហរដ្ឋអាមេរិកកំពុងជាប់ដៃសឹងតែដកខ្លួនមិនរួច ដោយម្ខាងត្រូវការពារកោះតៃវ៉ាន់ និងប្រជែងជាមួយចិនក្នុងតំបន់អាស៊ី រីឯម្ខាងទៀត ត្រូវរវល់ឃ្លាំមើលសកម្មភាពយោធារុស្ស៊ី នៅក្បែរតំបន់ព្រំដែននៃប្រទេសអ៊ុយក្រែនផង។ ប៉ុន្តែ ប្រឈមមុខនឹងភាពតានតឹងទាំងនេះ អាមេរិកក៏ទទួលបានផលចំណេញ មិនតិចនោះដែរពីសកម្មភាពរបស់ចិន និងរុស្ស៊ី តាមរយៈការបង្កើនការលក់អាវុធឱ្យតៃវ៉ាន់ និងអ៊ុយក្រែន៕


ប្រភព៖ Jerusalem Post (ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១)

ដោយៈ Fresh News