Wednesday, January 18, 2017

ទស្សនៈមិត្តអ្នកអាន ៖ បក្សសង្គ្រោះជាតិលេងល្បែងថ្ពិនភ្នែកបែបចាស់គំរិលលើបណ្ដាញសង្គមហ្វេសប៊ុក

ថ្មីៗនេះយើងបានមើលឃើញនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រុមប្រឆាំង បានប្រើរូបភាពឲ្យសកម្មជនខ្លួនពាក់អាវរបស់គណបក្សប្រជាជនកម្ពុជា លើកដៃជាសញ្ញាបង្ហាញការគាំទ្រដល់គណបក្សប្រឆាំង រួមនឹងការសរសេរសារខ្លីៗនិយាយពីរឿងចែកអំណោយជាដើម។ រូបភាពបែបនេះ មិនមែនជារឿងថ្មីទេ ក៏ប៉ុន្តែវាគឺជារឿងចាស់គំរិលដែលគណបក្សចាញ់ឆ្នោត ៤អាណត្តិជាប់ៗគ្នា តែងយកមកប្រើដើម្បីធ្វើប្រជាភិថុតកេងចំណេញនយោបាយ ហើយដែលមហាជនបានដឹងច្បាស់ពីទង្វើបោកប្រាស់ដដែលៗនេះ។
មហាជនបានលើកជាចម្ងល់ថា បើសិនជារឿងពិត ហេតុអ្វីគណបក្សប្រឆាំងមិនធ្វើសកម្មភាពជាចំហរបង្ហាញពីការគាំទ្រ និងចុះចូលឲ្យដូចដែលសកម្មជនបក្សប្រឆាំងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាតែម្តងទៅ។
វិធីស្មោគគ្រោកដែលក្រុមប្រឆាំងព្យាយាមផ្សព្វផ្សាយព័ត៌មានទុច្ចរិតបែបនេះ គឺក្នុងគោលបំណងដើម្បីបំពុល បំភ័ន្ត មតិមហាជន ដែលជាអ្នកបោះឆ្នោតភាគច្រើនលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជា។ ការពិតការចែកអំណោយ ការជួយព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ជួយអភិវឌ្ឍន៍ផ្លូវថ្នល់ សាងសង់សាលារៀន មន្ទីរពេទ្យជាដើម វាមិនមែនជាការទិញទឹកចិត្តរបស់គណបក្សប្រជាជនកម្ពុជាទេ តែជាការចែករំលែកជួយដោះស្រាយជីវភាព សុខមាលភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ដែលជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជាតាំងពីយូរលង់ណាស់មកហើយ និងជាគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីផ្សាភ្ជាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅ ដែលគ្មានអ្វីផ្ទុយនឹងច្បាប់ហាមឃាត់នោះឡើយ។
នៅក្នុងរបបប្រជាធិបតេយ្យការបោះឆ្នោតរបស់ប្រជាពលរដ្ឋគឺធ្វើឡើងដោយសំងាត់ មិនមែនការសម្រេចចិត្តបោះឆ្នោតផ្អែកទៅលើអំណោយនោះទេ តែអ្វីដែលជាបញ្ហាសំខាន់ គឺពួកគាត់ផ្តោតទៅលើសមត្ថភាព បទពិសោធន៍ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ច និងការដឹកនាំប្រទេសឲ្យស្មើមុខស្មើមាត់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដូចអ្វីដែលគណបក្សប្រជាជនកម្ពុជាបាន និងកំពុងធ្វើ។ ដូច្នេះទង្វើ និងសកម្មភាពរបស់គណបក្សប្រឆាំងបាន និងកំពុងធ្វើ គឺជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕

ប្រភពពីGNN


កម្ពុជា​ផ្អាក​ធ្វើ​សមយុ​ទ្ធយោធា​ជាមួយ​សហរដ្ឋអាមេ​រិកដោយ​សារជាប់ដៃររៀប​ចំការ​បោះ​ឆ្នោត​

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ការផ្អាកធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកសម្រាប់សមយុទ្ធប្រចាំឆ្នាំ ដោយសារបច្ចុប្បន្នមានប្រព្រឹត្តិការណ៍ ជាតិធំៗ២ គឺ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតសភាក្នុងឆ្នាំ ២០១៨ ដែលត្រូវរក្សាភាពស្ងៀមស្ងាត់។
លោក ឈុំ សុជាតិ បានបញ្ជាក់ថា កម្ពុជាកំពុងធ្វើយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសរយៈពេល៦ខែដែលត្រូវការកំលាំងសន្តិសុខទាំងអស់។
លោកបានបន្តថា ការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកបានផ្តល់អត្តប្រយោជន៍មួយដែរ គឺ បង្កើនចំណងមិត្តភាពរវាងប្រទេសទាំង២ និងជួយដល់ផ្នែកសុខភាពដល់ប្ររជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ការឈប់សុំចតរបស់កងទ័ពអាមេរិក។

សូមជម្រាបផងដែរថា កម្ពុជាធ្វើសមយុទ្ធយោធាជាមួយអាមេរិក ប្រទេសចិនក៏បើកធ្វើសមយុទ្ធយោធាជាមួយកម្ពុជាផងដែរ។ កាលពីចុងឆ្នាំ ២០១៦ នាវាចម្បាំងប្រទេសចិនមួយគ្រឿងដឹកនាំទ័ព ១០០០នាក់ បានមកចុះចតនៅផែខេត្តព្រះសីហនុដោយបានធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកកម្ពុជា។ កម្ពុជាធ្លាប់បានធ្វើសមយុទ្ធយោធាជាមួយអាមេរិកបាន ១០លើកមកហើយ  ៕


ប្រទេស​មហាអំណាចត្រូវបាន​គេប្រាប់ថា កុំ​ជ្រៀត​​​​​​ជ្រែក​​ក្នុង​កិច្ចការ​អាស៊ាន​

កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Rodrigo Duterte បានជំរុញឱ្យអាមេរិក  ចិន  រុស្ស៊ី និងដៃគូសន្ទនាផ្សេងទៀតរបស់អាស៊ានមិនឱ្យជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្លួន ខណៈដែលប្រទេសហ្វីលីពីនជាប្រធានអាស៊ាន។
លោក Duterte ត្រូវបានគេពិពណ៌នាថា គាត់និយាយដោយមិនគោរពកោតខ្លាចនៅពេលគាត់ថ្លែងសុន្ទរកថារយៈពេល ១២ នាទី។ វាគឺប្រាសចាកពីការនិយាយដោយឥតព្រាងទុក។
គាត់បាននិយាយថា «ខ្ញុំសូមអំពាវនាវឱ្យដៃគូសន្ទនាអាស៊ានបន្តការលះបង់របស់ពួកគេចំពោះគោលបំណង និងគោលការណ៍ដ៏មានតម្លៃ ដែលមានចែងក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ រួមទាំងការមិនជ្រៀតជ្រែក ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់តាមរយៈការគោរពតាមនីតិរដ្ឋ»។
គាត់បានសង្កត់ធ្ងន់លើពាក្យថា «កុំជ្រៀតជ្រែក»។
លោក Duterte បាននិយាយថា «វាគឺជាពេលវេលាមួយសម្រាប់ការផ្លាស់ប្តូរពិតប្រាកដតាមរយៈការចូលរួមស្ថាបនា។ យើងស្ថិតក្នុងដំណើរ នេះជាមួយគ្នា»។
គាត់បានបន្តថា «ខ្ញុំនិយាយទៅកាន់អ្នកនៅថ្ងៃនេះក្នុងលក្ខណៈដាក់ខ្លួនពេញទី        ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាននឹងនៅតែរឹងមាំក្នុងការលើកកំពស់ឧត្តមគតិ និងតម្លៃ ដែលយើងបានប្រកាន់ភ្ជាប់នៅក្នុងការងារ ដើម្បីឱ្យមានការយោគយល់ពីទស្សនៈរួមរបស់យើង ។ យើងប្តេជ្ញាកសាងសហគមន៍អាស៊ានមួយដែលរឹងមាំ និងអាចទ្រាំទ្របាន»។
គ្រាន់តែនៅក្នងរយៈពេលប្រាំពីរខែនៃអណត្តិរបស់គាត់ ប្រធានាធិបតីរូបនេះបានធ្វើឱ្យមានការប៉ះពាល់ក្នុងឆាកអន្តរជាតិ ដោយសារតែពាក្យសម្តីរបស់គាត់ប្រឆាំងនឹងអាមេរិក អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបដែលបានរិះគន់ចំពោះការបង្រ្កាបរបស់គាត់ទៅលើគ្រឿងញៀន។
គាត់បានលើកឡើងផងដែរ ចំពោះការមិនយល់ព្រមមួយចំនួននៅពេលដែលគាត់បានប្រកាសក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ទៅទីក្រុងប៉េកាំង ជាប្រទេសដែលមានការ «ញែកដាច់ពី» ពីសហរដ្ឋអាមេរិក និងការសម្រេចចិត្តរបស់គាត់ចេញពីប្រទេសចិន និងប្រទេសរុស្ស៊ី។
គាត់បាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ាន ដែលជាខួបលើកទី ៥០ របស់ខ្លួនថា ជា «ឱកាសមាស» សម្រាប់រដ្ឋជាសមាជិកទាំង ១០ ដើម្បីរួមគ្នាធ្វើការសម្រាប់ស្ថាប័នក្នុងតំបន់មួយ «ដែលមានតួនាទីយ៉ាងសំខាន់របស់ខ្លួនដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមានសម្រាប់ពិភពលោកយើងនេះ។»
លោក Duterte បាននិយាយថា កិច្ចប្រជុំនោះនឹងផ្តោតលើសារៈសំខាន់ស្តីពីការយកប្រជាជនរបស់យើងជាធំ ដើម្បីជំរុញសន្តិភាពក្នុងតំបន់ ធានាសន្តិសុខ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ៕

ប្រភព: Philippine Daily Inquirer ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧


អ្នក​ជំនាញ​និយា​យថា មិន​ឱ្យជ្រៀត​ជ្រែក​ក្នុង​កិច្ចអា​ស៊ានគឺ​មិន​អាច​ទៅរួច​នោះទេ ​ ​

អ្នកជំនាញបាននិយាយកាលពីថ្ងៃចន្ទថា ការអំពាវនាវរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដើម្បីលើកកម្ពស់គោលនយោបាយរបស់អាស៊ានប្រឆាំងនឹង «ការជ្រៀតជ្រែកពីខាងក្រៅ» គឺមិនអាចទៅរួចនោះទេ ។
កាលពីថ្ងៃអាទិត្យ លោក Duterte បានទទូចអំពីសារៈសំខាន់នៃការរក្សាឯករាជ្យភាពតំបន់នេះ ដោយធានាឱ្យមានស្ថិរភាព និងសន្តិសុខចេញពីស្ថានភាពយ៉ាងច្បាស់ណាមួយនៃការជ្រៀតជ្រែកពីខាងក្រៅ។
លោក Duterte និយាយក្នុងអំឡុងហ្វីលីពីនជាប្រធានកិច្ចប្រជុំអាស៊ានឆ្នាំ ២០១៧ នៅទីក្រុង Davao ថា «ខ្ញុំសូមអំពាវនាវដល់ដៃគូសន្ទនាអាស៊ានបន្តការលះបង់របស់ខ្លួនចំពោះគោលបំណង និងគោលការណ៍ ដែលមានចែងក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ រួមទាំងការមិនជ្រៀតជ្រែក ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់តាមរយៈការគោរពតាមនីតិរដ្ឋ»។
អតីតទីប្រឹក្សាសន្តិសុខជាតិលោក Roilo Golez បាននិយាយថា ហ្វីលីពីននឹងមិនអាចការពារកុំឱ្យប្រទេសមហាអំណាចជ្រៀតជ្រែកក្នុងកិច្ចការអាស៊ានបានទេ ដោយសារតែអាស៊ានខ្លួនឯងបានអញ្ជើញពួកគេឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន។
វេទិកាមួយចំនួន ដែលបណ្តាប្រទេសមិនមែនអាស៊ានអាចចូលរួមជាមួយរដ្ឋជាសមាជិកទាំង ១០ គឺវេទិកាក្នុងតំបន់អាស៊ាន អាស៊ានបូកបី អាស៊ានបូកប្រាំមួយ និងកិច្ចប្រជុំអាស៊ីខាងកើត។
លោក Golez បាននិយាយថា ប្រទេសមហាអំណាចធំៗនឹងព្យាយាមជំរុញរបៀបវារៈរបស់ខ្លួន និង «ដើរតួនាទីជាមហាអំណាច»។
គាត់បាននិយាយក្នុងអំឡុងវេទិកា «Tapatan SA Aristocrat» ក្នុងទីក្រុងម៉ានីលថា មហាអំណាចធំៗនឹងចូលរួមនៅក្នុងវេទិកាទាំងអស់នេះ។ វាជាការសម្រេចចិត្តរបស់អាស៊ាន ដែលអញ្ជើញពួកគេ។ «អ្នកបានអញ្ជើញពួកគេហើយ ហើយប្រាប់ពួកគេកុំឱ្យជ្រៀតជ្រែក?»
លោក Antonio Santos អតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិបាននិយាយថា បណ្តាប្រទេសអាស៊ានមានការមិនចុះសម្រុងនឹងគ្នា និងគិតដល់ផលប្រយោជន៍ជាតិរបស់ពួកគេផ្ទាល់ ដែលធ្វើឱ្យប្លុកនេះងាយរងគ្រោះទៅនឹងការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅ។
លោក Santos បាននិយាយថា «អាស៊ានមិនមានសំឡេងផ្ទាល់របស់ខ្លួន»។
គាត់បាននិយាយថា ជាឧទាហរណ៍ បណ្តាប្រទេសមួយចំនួនដែលបានទទួលប្រយោជន៍ពីជំនួយរបស់ប្រទេសចិន ជាញឹកញាប់គាំទ្រផលប្រយោជន៍របស់ក្រុងប៉េកាំង ជាពិសេសនៅក្នុងសេចក្តីថ្លែងការណ៍រួម។
គាត់បានបន្ថែមថា «អាស៊ានជាស្ថាប័នមួយវ័យក្មេង។ អាស៊ានត្រូវការពេលវេលាដើម្បីផ្លាស់ប្តូរទស្សនៈ និងកែទម្រង់លើបញ្ហាផ្សេងៗទៀត»។
ខណៈដែលមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស (DFA) បានបញ្ជាក់យ៉ាងច្បាស់ថា     សេចក្តីសម្រេចរបស់តុលាការអន្តរជាតិកាលពីខែកក្កដា ឆ្នាំ ២០១៦ ដែលគាំទ្រហ្វីលីពីនស្តីពីជម្លោះសមុទ្រចិនខាងត្បូងនឹងមិនត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំអាស៊ាននោះ លោក Golez បាននិយាយថា បញ្ហានេះនៅតែត្រូវបានដោះស្រាយនៅពេលដែលប្រទេសផ្សេងទៀតលើកឡើងពីបញ្ហានេះ។
លោក Golez បាននិយាយថា «តើមានរឿងអ្វី ប្រសិនបើប្រទេសផ្សេងទៀតនឹងស្នើថា បញ្ហានេះនឹងត្រូវបានលើកយកមកពិភាក្សា? តើប្រធានអាស៊ានអាចទប់ស្កាត់ពួកគេបានដែរឬទេ? វាគឺជារឿងលំបាក។
កាលពីព្រឹកថ្ងៃចន្ទ ក្រុមសកម្មជនបានធ្វើដំណើរទៅការិយាល័យ DFA នៅក្នុងទីក្រុង Pasay ដើម្បីលើកឡើងពីបញ្ហាដែលពួកគេចង់ដោះស្រាយនៅក្នុងកិច្ចប្រជុំអាស៊ាន។
សហអ្នកតំណាងវេទិការបស់ប្រជាជនអាស៊ាន និងសន្និសីទសង្គមស៊ីវិលអាស៊ាន លោក Ed Tadem បាននិយាយថា ការិយាល័យកិច្ចការអាស៊ានមានកិច្ចពិភាក្សាមួយម៉ោងជាមួយក្រុមរបស់គាត់ និងបានទទួលយកសំណើរបស់ពួកគេដើម្បីពិចារណា៕

ប្រភព: The Manila Times ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧

EU សំឡឹង​មើលទំនាក់​ទំនង​ដ៏រ៉ឹងមាំ​ជាមួយអា​ស៊ាន ដោយ​ហ្វីលីពីន​ជាប្រធាន​

ទោះបីជាមានការអំពាវនាវរបស់ប្រធានាធិបតីលោក Rodrigo Duterte ថា «មិនមានការជ្រៀត ជ្រែក» នៅក្នុងកិច្ចការផ្ទៃក្នុងនៅតំបន់អាស៊ីអាគ្នេយ៍ទេ សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួនបាននិងកំពុងសំឡឹងមើលដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន ជាពិសេសដោយមានហ្វីលីពីន ជាប្រធាននៃកិច្ចប្រជុំកំពូលក្នុងតំបន់នៅឆ្នាំនេះ។
ដោយថ្លែងអំឡុងពេលចាប់ផ្តើមនៃសៀវភៅរំឭករបស់ EU ដែលមានចំណងជើងថា “Ties That Bind” នៅក្នុងទីក្រុង Makati ដែលឯកអគ្គរដ្ឋទូត EU ប្រចាំនៅហ្វីលីពីន លោក Franz Jessen បាននិយាយថា គណៈប្រតិភូ EU ដែលបានប្រារព្ធខួបលើកទី២៥ ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសនេះកំពុងតែសម្លឹងមើលដើម្បី «ជំរុញថែមទៀតនូវទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន រួមមានទាំង ហ្វីលីពីន ដូចដែលខ្លួនបានព្យាយាមដើម្បីរក្សាតំណែងក្នុងតំបន់ និងសកលរបស់ខ្លួនផងដែរ»។
លោក Jessen បានប្រាប់អ្នកសារព័ត៌មាននៅសណ្ឋាគារ Dusit Thani ថា «ទំនាក់ទំនងរបស់យើងជាមួយហ្វីលីពីនកំពុងដោះស្រាយឡើងវិញជុំវិញទំនាក់ទំនងពីរ គឺទំនាក់ទំនងទ្វេភាគីរបស់យើង និងមួយផ្សេងទៀតនោះ ដែលសំខាន់ខ្លាំងណាស់ គឺទំនាក់ទំនងរវាង EU-អាស៊ាន។ យើងធ្វើការជាមួយនឹងហ្វីលីពីននៅក្នុងតំបន់ទាំងពីឱ្យកាន់តែជិតស្និទ្ធ»។
គាត់បាននិយាយថា «ខ្ញុំមើលឃើញថា EU អាចដើរតួនាទីកាន់តែសំខាន់ថែមទៀត ដោយ សារតែហ្វីលីពីនមានតួនាទីជាប្រធាន ហើយយើងក្រឡេកមើលអាស៊ាន ជាស្ថាប័នសម្ព័ន្ធមិត្តរបស់ យើង។ ដូច្នេះយើងមានការសប្បាយចិត្តខ្លាំងណាស់ ដើម្បីធ្វើការរួមគ្នាជាមួយហ្វីលីពីនក្នុងការជំរុញរបៀបវារៈក្នុងក្របខណ្ឌអាស៊ាន»។
កាលពីថ្ងៃអាទិត្យ ហ្វីលីពីនបានចាប់ផ្តើមដំណើរការជាផ្លូវការជាប្រធានអាស៊ានឆ្នាំ២០១៧ ដោយលោកប្រធានាធិបតី Duterte បានសង្កត់ធ្ងន់ថា «មិនមានការជ្រៀតជ្រែក» ដូចដែលគាត់បានជំរុញឱ្យមហាអំណាចធំៗ កុំឱ្យជ្រៀតជ្រែកកិច្ចការក្នុងតំបន់។ រួមមានអាមេរិក និងអង្គការសហប្រជាជាតិ ដែល EU បានទទួលរងពីការប្រើពាក្យប្រមាថតិះដៀលខ្លាំងរបស់លោក Duterte បន្ទាប់ពីការអំពាវនាវឱ្យបញ្ឈប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការនៅក្នុងប្រទេសនេះ ចំពេលដែលសង្រ្គាមរបស់រដ្ឋាភិបាលលើថ្នាំញឿន។
លោក Jessen បាននិយាយថា គណៈប្រតិភូ EU នឹងផ្តោតការគាំទ្រ និងធនធានរបស់ខ្លួនលើផែនការអភិវឌ្ឍរបស់ហ្វីលីពីន ការគាំទ្រសម្រាប់ដំណើរការសន្តិភាពនៅក្នុងទីក្រុង Mindanao ការអនុវត្តន៍កម្មវិធីក្នុងវិស័យតុលាការ ថាមពល និងសុខភាព និងការបញ្ចូលកម្មវិធីថ្មីនៅក្នុងពាណិជ្ជកម្ម ជីវចម្រុះ សង្គមស៊ីវិល និងសិទ្ធិមនុស្ស។
ឯកអគ្គរដ្ឋទូតបានបន្ថែមថា «ពាណិជ្ជកម្មគឺជាវិស័យជាក់ស្តែងមួយដែលឆ្លុះបញ្ចាំងពីការកើន ឡើងរបស់យើង និងទំនាក់ទំនងធ្វើឱ្យកាន់តែស៊ីជម្រៅ។ ពាណិជ្ជកម្មទ្វេភាគីដែលមានតម្លៃ ២,៥ ពាន់លានអឺរ៉ូនៅឆ្នាំ១៩៩០ បានកើនឡើងជិតដល់ ១៣ ពាន់លានអឺរ៉ូនៅឆ្នាំ២០១៥។ EU ក៏បានកើនឡើងនូវការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន និងជាវិនិយោគិនបរទេសធំជាងគេបំផុតនៅក្នុងប្រទេសនេះផងដែរ»៕

ប្រភព : Inquirer ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧


លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញ​ជាអធិបតី​នៅក្នុង​កិច្ចប្រ​ជុំរវាង​ក្រសួង​ពាណិជ្ជកម្ម​​កម្ពុជានិង​សភាពាណិជ្ជ​កម្មស្វីស

នៅព្រឹកថ្ងៃទី ១៨មករា នេះ ក្រោយពីបានអញ្ជើញតាមរថយន្តពីទីក្រុង Zurich មកដល់ទីក្រុង Davos ហើយ  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំរវាងសភាពាណិជ្ជកម្មស្វីស និងក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពីវិនិយោគទុនធំៗជាច្រើនរបស់ប្រទេសស្វីស សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងវិនិយោគទុនមួយចំនួននៃទ្វីបអាស៊ីដែលសរុបប្រមាណ១០០នាក់។ លោកនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញថ្លែងសុន្ទរកថាអំពីសក្តានុពលវិនិយោគ ដែលបានផ្សាយ (LIVE) ផ្ទាល់កាលពីព្រឹកមិញនេះផងដែរ។
លោក Urs Lustenberger ប្រធានសភាពាណិជ្ជកម្មស្វីស អាស៊ី និង លោក Pierre Tami សហគ្រិនផ្នែកសង្គមពីប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអញ្ជើញចូលរួមផ្តល់ព័ត៌មាន និងផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគាំទ្រនិងលើកទឹកចិត្តដល់វិនិយោគទុនទាំងអស់មកវិនិយោគនៅប្រទេសកម្ពុជា។ វិនិយោគិនគឺអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យសេដ្ឋកិច្ចដែលជាសក្តានុពលដ៏សំខាន់របស់កម្ពុជា។

នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ ក៏មានការបើកអោយមានសំណួរចម្លើយដែលមាន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និង រដ្ឋមន្រ្តីប្រតិភូអម លោកសុខ ចិន្តាសោភា បានពន្យល់ និងឆ្លើយសំណួរជាច្រើនរបស់អ្នកវិនិយោគគិនផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញក្រុមអ្នកវិនិយោគគិនទាំងអស់ទៅចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ៕



លោក សុខ ឥសាន៖ គណបក្សប្រឆាំង មានស្នាដៃខ្យល់ក្នុងអារម្មណ៍ ដូច្នេះ នឹងទទួលបានជ័យជម្នះខ្យល់

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានមានប្រសាសន៍ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ថា ប្រទេសកម្ពុជា ប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ។ បច្ចុប្បន្ន មានគណបក្សចំនួន៦៨ គណបក្ស ។ ដេីម្បីិដណ្តេីយកជ័យជំនះក្នុងការបោះឆ្នោត គណបក្សនីមួយៗ ត្រូវខិតខំកសាងស្នាដៃរបស់ខ្លួនតាមរយៈកសាងគុណសម្បត្តិរួមមានខិតខំបំរេីប្រជាជន ដោះស្រាយបញ្ហាជាសំណូមពររបស់ប្រជាជន ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយកង្វល់របស់ប្រជាជន ។

លោក បានមានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ឋជា ក្នុងនាមជាគណបក្សកាន់អំណាច បានកសាងបាននូវសមិទ្ធផលនានា សំរាប់តម្រូវការរបស់ប្រជាជន លេីគ្រប់វិស័យ ដែលអ្នកណា ជនបរទេសណាក៏ បានមេីលឃេីញជាក់ស្តែងនឹងភ្នែក ថាបណ្តាសមិទ្ធផកទាំងទ្បាយកេីតទ្បេីងរីកដូចផ្សិតនេះគឺជាស្នាដៃរបស់គណប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ មិនមែនក្លែងក្លាយ ជាសមិទ្ធិផលខ្យល់ មានតែនៅក្នុងអារម្មណ៏រវេីរវាយដូចគណបក្សប្រឆាំងនោះទ្បេីយ។ ផ្អែកលេីសមទ្ធិផលក្នុងអារម្មណ៏យ៉ាងធំធេង របស់ខ្លួន គណបក្សប្រឆាំង ក៏មានអារម្មណ៏សង្ឃឹមថាបានជ័យជំនះយ៉ាងធំធេងដែរ ។ ឥទ្បូវនេះ នៅប្រមាណ ៥ ៦ ខែទៀតទេ នឹងដល់ពេលបោះឆ្នោតហេីយ មេដឹកនាំបក្សប្រឆាំងកំពុងក្អេងក្អាងថាបក្សខ្លួននឹងឈ្នះឆ្នោតជាមិនខាន ។ យេីងជឿជាក់ថា បេីមានតែស្នាដៃក្នុងអារម្មណ៏ មានគុណសម្បត្តិក្នុងអារម្មណ៏នោះ បក្សប្រឆាំងក៏នឹងទទួលបានជ័យជំនះក្នុងអារម្មណ៏ដែរ បានសេចក្តីថាជាជ័យជំនះខ្យល់យ៉ាងពិប្រាកដ ។ បេីបានជ័យជំនះខ្យល់ ក៏បានកាន់អំណាចខ្យល់ដែរ មិនពិបាកយល់ទេ ។ ដូច្នេះ វាស្របតាមការស្រមេីស្រមៃរបស់ សម រង្សី ដែលចង់ធ្វេីជា នាយករដ្ឋមន្ត្រីខ្យល់នោះ គឺបានសំរេចផលពីឥទ្បូវនេះហេីយ ។ ជយោ នាយករដ្ឋមន្ត្រីខ្យល់ សម រង្សី តាំងពីឆ្នាំ ១៩៩៥មក ៕


នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត១លានដុល្លារសហអាមេរិក ពីបទបរិហាកេរ្តិ៍ជាសាធារណៈ « ប្រភពពី Freshnews »

(ភ្នំពេញ)៖ លោក គី តិច មេធាវីការពារក្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានបញ្ជាក់ថានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះថា ករណីលោក សម រង្ស៊ី ចោទប្រកាន់ «សម្តេចតេជោ ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា» នៅពេលនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈលោកជាមេធាវីបានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្តទឹកប្រាក់ ចំនួន១លានដុល្លារសហរដ្ឋអាមេរិក ចំពោះការចោទប្រកាន់ខុសការពិត។
លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន បានប្រគល់សិទ្ធិឲ្យខ្ញុំតាំងពីមុនថ្ងៃសម្តេចអញ្ជើញទៅប្រទេសស្វីសម្ល៉េះ, ឲ្យខ្ញុំសិក្សាលើករណីលោក សម រង្ស៊ី ចោទប្រកាន់សម្តេចនាយករដ្ឋមន្រ្តីសូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា, បន្ទាប់ពីខ្ញុំសិក្សារួចបានរកឃើញថា មានបទល្មើសបរិហាកេរ្តិ៍ជាសាធារណៈ និងមានភស្តុតាងគ្រប់គ្រាន់ ដូច្នេះតាមរយៈខ្ញុំជាមេធាវីមានសិទ្ធពេញលេញនឹងដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយទាមទារសងជំងឺចិត្តចំនួន១លានដុល្លារសហរដ្ឋអាមេរិក»
លោកមេធាវី បានបន្តឲ្យដឹងយ៉ាងដូច្នេះទៀតថា «ពាក្យបណ្តឹងបានរៀបចំរួចរាល់ហើយ នឹងដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែក»។
សូមជំរាបថា ការសម្រេចដាក់ពាក្យប្តឹងលោក សម រង្ស៊ី នៅពេលនេះធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានសូកប៉ាន់លុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី នៅក្នុងឱកាសជំនួបសំណេះសំណាល ជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស បាននិយាយយ៉ាងដូច្នេះថា «ចុះ…ហ៊ុន សែន សូក ធី សុវណ្ណថា មួយលានដុល្លារ ម៉េចអាណាមិនធើអី ហ៊ុន សែន ផង?…មួយលានដុល្លារ… និយាយ…លុយនោះលុយពុករលួយ ទៅសូកឲ្យមនុស្សធ្វើអាក្រក់ ថាឲ្យវាយប្រហារ…ឲ្យរករឿងគណបក្សសង្រ្គោះជាតិឲ្យធ្វើបាតុកម្ម ឬជួល នេះ ជួលនោះ…ប្រើមួយលានដុល្លារ…»។

សូមជំរាបថា ករណីលោក សម រង្ស៊ី ចោទប្រកាន់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សូកលុយ១លានដុល្លារ ដល់កញ្ញា ធី សុវណ្ណថា នេះក៏ត្រូវបានកញ្ញា ធី សុវណ្ណថា ប្តឹងពីបទបរិហាកេរ្តិ៍ ទាមទារសំណងជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារអាមេរិក ហើយកញ្ញាបានដាក់ពាក្យបណ្តឹងនេះរួចហើយនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ៕