Friday, November 12, 2021

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ 

ខាងក្រោមនេះជាអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល៖

សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ


(ភ្នំពេញ)៖ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយការទទួលបានលទ្ធផលល្អប្រសើរជាច្រើនគួរឱ្យកត់សម្គាល់លើការងារដឹកជញ្ជូន។


កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីនេះផងដែរ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។

កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ និងដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងសេចក្តីប្រកាសរួម រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានសម្រេចដាក់ចេញនូវការប្តេជ្ញាចិត្តមួយចំនួនមានដូចជា៖ ការខិតខំស្តារឡើងលើវិស័យដឹកជញ្ជូនក្រោយវិបត្តិជំងឺកូវីដ១៩, ពង្រឹងទីផ្សារអាកាសចរណ៍តែមួយរបស់អាស៊ាន, លើកកម្ពស់បណ្តាញដឹកជញ្ជូនផ្លូវគោក និងការសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនអាស៊ាន, ការរួមបញ្ចូលផែនការដឹកជញ្ជូនប្រកបដោយចីរភាព និងការប្រើប្រាស់ដីធ្លី, ឆ្ពោះទៅការតភ្ជាប់ និងការធ្វើសមាហរណកម្មដឹកជញ្ជូនតាមសមុទ្រមានវិសាលភាពកាន់តែធំ, កិច្ចសហប្រតិបត្តិការដឹកជញ្ជូនជាមួយដៃគូសន្ទនាជាដើម។

ខាងក្រោមនេះ គឺជាសេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ជុំវិញកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ៖

















វិភាគអន្តរជាតិ៖ គោលនយោបាយរបស់ជប៉ុនចំពោះចិន នៅក្រោមរដ្ឋបាលលោក Fumio Kishida

 (តូក្យូ)៖ លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida) នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកានេះត្រូវបានសភាតែងតាំងជានាយករដ្ឋមន្រ្តីជប៉ុនទី១០០ បន្ទាប់ពីគណបក្សកាន់អំណាចរបស់ លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីចុងខែតុលាកន្លងទៅនេះ។ លោក គីស៉ីដា ត្រូវសភាជប៉ុនតែងតាំងជានាយករដ្ឋមន្រ្តីម្តងរួចមកហើយកាលពីដើម ខែតុលា ដើម្បីបន្តវេនពីលោក យ៉ូស៉ីហ៉ីដេ ស៊ូហ្កាដែលលាលែងពីតំណែង។ ប៉ុន្តែក្រោយមក លោក គីស៉ីដាបានស្នើឲ្យរៀបចំការបោះឆ្នោតសកលមុនអាណត្តិដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី៣១ ខែតុលាដដែល ហើយគណបក្សកាន់អំណាចរបស់លោក គឺគណបក្សប្រជាធិបតេយ្យសេរី (LDP) ឈ្នះបានអាសនៈចំនួន២៦១ ក្នុងចំណោមអាសនៈ សរុបទាំង៤៦៥ នៅក្នុងរដ្ឋសភាជប៉ុន។

ជ័យជម្នះរបស់លោក គីស៉ីដា បានបង្កឱ្យមានសំណួរសំខាន់ពីរ នោះគឺថាតើលោកអាចនឹងកាន់អំណាចជានាយករដ្ឋមន្ត្រីបានយូរល្មម ហើយនឹងនៅតែជាដៃគូប្រកបដោយ ស្ថិរភាព និងអាចទុកចិត្តបាននៅលើឆាកអន្តរជាតិដែរ ឬក៏យ៉ាងណា? ហើយកាន់តែសំខាន់ថាតើលោកនឹងដោះស្រាយបែបណាជាមួយចិន? ទីក្រុងតូក្យូនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការប្រជែងឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិក និងចិន, ភាពតានតឹងរវាងចិន និងតៃវ៉ាន់ព្រមទាំងការកើនឡើង នៃឥទ្ធិពល និងសកម្មភាពយោធាចិននៅក្នុងតំបន់។ បន្ថែមពីលើនេះ ការដាក់ពាក្យស្នើសុំរបស់ចិន និងតៃវ៉ាន់ព្រមគ្នាដើម្បីចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP វាកាន់តែជារឿងបន្ទាន់សម្រាប់ជប៉ុន ក្នុងការកំណត់គោលជំហររបស់ខ្លួន ក៏ដូចជាកំណត់គោលនយោបាយពាណិជ្ជកម្ម និងការពារជាតិពាក់ព័ន្ធនឹងចិន។

លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្កា បានប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗទៅលើចិន ជាពិសេសក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែមេសា ឆ្នាំ២០២១ នេះជាពេលដែលលោក ស៊ូហ្កា បានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេបំផុតដែលបានលើកឡើងជាសាធារណៈពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ច្រក សមុទ្រតៃវ៉ាន់។ ការទទួលស្គាល់បែបនេះត្រូវបានគេមើលឃើញថាជាការផ្លាស់ប្ដូរគោលនយោបាយយ៉ាងធំរបស់ជប៉ុន ដោយហាក់ដូចជាចង់ប្រឈមមុខជាជាងធ្វើកិច្ចសហការ ជាមួយទីក្រុងប៉េកាំង។ នៅក្នុងបរិបទដែលឥទ្ធិពលចិនកាន់តែរីកធំឡើងនៅក្នុងតំបន់ បូករួមទាំងជម្លោះដែនទឹកជាមួយប៉េកាំង ក្នុងតំបន់សមុទ្រចិនខាងកើតផងនោះ ការដោះស្រាយជាមួយចិននឹងនៅតែជាអាទិភាពកំពូលរបស់រដ្ឋាភិបាលលោក គីស៉ីដា។

កាលនៅកាន់តំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន, លោក គីស៉ីដាបានប្រកាន់យកជំហរនយោបាយការទូតទន់ភ្លន់ជាមួយចិន។ ប៉ុន្តែ នៅកំឡុងធ្វើយុទ្ធនាការឃោសនា បោះឆ្នោតយកតំណែងជាមេដឹកនាំគណបក្ស LDP, លោក គីស៉ីដាផ្ទាល់ស្រាប់តែផ្លាស់ប្ដូរជំហរនេះដោយលោកបានចាត់ទុកចិនជាបញ្ហាប្រឈមមួយដែលបង្ខំឱ្យជប៉ុន គិតឡើងវិញជាថ្មីពីសមត្ថភាពយោធារបស់ខ្លួន។

បើតាមក្រុមអ្នកជំនាញ, លោក គីស៉ីដា នឹងនៅតែប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗទៅលើចិន ដូចជាលោក ស៊ូហ្កាដែរ។ ពោលគឺដូចគ្នាទៅនឹងលោក ស៊ូហ្កា លោក គីស៉ីដា នឹងផ្ដោត លើយុទ្ធសាស្ត្រពហុភាគីជាមួយសម្ព័ន្ធមិត្ត ព្រមទាំងបន្តលើកកម្ពស់ផងដែរនូវទស្សនៈ «សេរីភាព និងការបើកចំហតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដើម្បីប្រជែងតុល្យភាពអំណាច ជាមួយចិន ដោយនយោបាយរបស់លោក គីស៉ីដា ចំពោះចិន នឹងមិនខុសគ្នាប៉ុន្មានពីលោក ស៊ូហ្កា ឬលោក អាបេ ស៊ីនហ្សូនោះទេ។

សម្រាប់លោក គីស៉ីដា, ដរាបណាតម្លៃជាមូលដ្ឋាននៃសេរីភាព, ប្រជាធិបតេយ្យ, នីតិរដ្ឋ និងសិទ្ធិមនុស្សរងការគំរាមកំហែង នោះជប៉ុននឹងធ្វើការយ៉ាងជិតស្និទជាមួយអាមេរិក, សហភាពអឺរ៉ុប, ឥណ្ឌា, និងអូស្ត្រាលី ដើម្បីការពារខ្លួនឯងប្រឆាំងនឹងអំណាចផ្ដាច់ការ។ ដើម្បីការពារតម្លៃទាំងនេះ, លោក គីស៉ីដាមានផែនការតែងតាំងទីប្រឹក្សាពិសេសម្នាក់ របស់នាយករដ្ឋមន្ត្រី ទទួលបន្ទុកសិទ្ធិមនុស្សដែលនេះបង្ហាញយ៉ាងច្បាស់ថា ចិននឹងនៅតែស្ថិតជាអាទិភាពកំពូលនៃរបៀបវារៈនយោបាយរបស់លោក ខណៈការតស៊ូមតិនៅក្នុង ប្រទេសជប៉ុនត្រូវបានកំណត់ដោយការយល់ដឹងយ៉ាងស្រួចស្រាវថាជប៉ុនកំពុងស្ថិតនៅលើសមរភូមជួរមុខនៃជម្លោះជាមួយចិន។

តួយ៉ាង, កាលពីពេលថ្មីៗនេះ លោក គីស៉ីដាខ្លួនឯងបានប្រកាសជំហរយ៉ាងតឹងរ៉ឹងដោយលើកឡើងចំៗថាជប៉ុនចាំបាច់ត្រូវតែពង្រឹងសមត្ថភាពវាយប្រហារលើមូលដ្ឋានមីស៊ីល របស់សត្រូវ សំដៅបង្ការការវាយប្រហារភ្លាមៗណាមួយពីសត្រូវ។ លោក គីស៉ីដា ថែមទាំងបានលើកឡើងទៀតផងថានៅក្នុងករណីស្ថានការណ៍ នៅជុំវិញកោះតៃវ៉ាន់កាន់តែ យ៉ាប់យ៉ឺន, នោះលោកនឹងធ្វើការឆ្លើយតបនៅក្រោមក្របខណ្ឌនៃច្បាប់សន្តិសុខជប៉ុន, សម្ព័ន្ធភាពអាមេរិក-ជប៉ុន, សម្ព័ភាពចតុភាគីក្វាដ (Quad) រួមទាំងសហការជាមួយ អូស្ត្រាលី, ឥណ្ឌា និងសហរដ្ឋអាមេរិកដែលសុទ្ធសឹងជាប្រទេសកំពុងប្រឹងប្រែងខ្ទប់ការកើនឡើងឥទ្ធិពលចិន។

ដោយឡែក, ជុំវិញបញ្ហាជម្លោះដែនទឹករវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងលើទីប្រជុំកោះស៉ិនកាគូ ឬ ដាយយូ ជាភាសាចិន (Senkaku/Diaoyu) នៅឯសមុទ្រចិនខាងកើត លោក គីស៉ីដា បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការរក្សាសន្តិសុខដែនសមុទ្រ ហើយលោកនឹងពិនិត្យឡើងវិញពីច្បាប់គ្រប់គ្រងអន្តរប្រតិបត្តិការនៃកងកម្លាំងស្វ័យការពារជប៉ុន និងកងឆ្មាំសមុទ្រជប៉ុន ដើម្បីពង្រឹងសមត្ថភាពឆ្មាំសមុទ្រជប៉ុន។ ទិដ្ឋភាពផ្សេងទៀតនៃគោលនយោបាយចំពោះចិនរបស់លោក គីស៉ីដា នោះគឺការពង្រឹងទំនាក់ទំនងជាមួយ បណ្ដាប្រទេសដទៃនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈការបញ្ចុះបញ្ចូលឱ្យក្វាដ និងអឺរ៉ុបបង្វែរការយកចិត្តទុកដាក់របស់ពួកគេមកកាន់តំបន់មួយនេះនៅក្រោមទម្រង់នៃកិច្ចប្រជុំ G7, G20 និងអាស៊ី-អឺរ៉ុប។

លោក គីស៉ីដា បានបង្ហាញការគាំទ្រឱ្យតៃវ៉ាន់ចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP ប៉ុន្តែលោកបាននិយាយប្រទេសជាហត្ថលេខីទាំងអស់ត្រូវតែពិនិត្យយ៉ាងយកចិត្តទុកដាក់ ថាតើទាំងចិន និងតៃវ៉ាន់អាចបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះបានដែរឬទេ? តែទោះជាបែបនេះក្ដី, លោក គីស៊ីដា នឹងមិនបោះបង់ចោលជំហរទន់ភ្លន់របស់លោកចំពោះចិនទាំងស្រុងនោះឡើយ។ នៅកំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត, លោកក៏បានបញ្ជាក់ច្បាស់ដែរថាជប៉ុនមិនគួរការពារផលប្រយោជន៍ តាមរយៈការប្រឈមមុខ នឹងចិនតែម្ខាងនោះទេ តែក៏គួរតែរក្សារឱ្យបានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយចិនផងដែរ ដូច្នេះហើយទើបលោកសម្រេចចិត្តតែងតាំងលោក យ៉ូស៊ីម៉ាសា ហាយ៉ាស៉ិ ជារដ្ឋមន្ត្រីការបរទេសជប៉ុនថ្មី ដែលជាមនុស្សម្នាក់ត្រូវបានគេមើលឃើញថាមានជំហរទន់ភ្លន់ចំពោះចិន។ នេះអាចនិយាយបានថាលោកចង់ព្យាយាមរក្សាឱ្យបាននូវតុល្យភាព នៃទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មល្អជាមួយចិនផង ស្របពេលប្រឈមមុខនឹងចិនខាងបញ្ហាសន្តិសុខ។

គួរបញ្ជាក់ថា នៅចំពោះមុខការកើនឡើងកាន់តែខ្លាំងនៃឥទ្ធិពលចិន, ប្រជាជនជប៉ុន និងថ្នាក់ដឹកនាំទីក្រុងតូក្យូកាន់តែច្រើនឡើងចាប់ផ្ដើមមើលឃើញថាចិនជាការគំរាមកំហែង ដល់សន្តិសុខជាតិរបស់ពួកគេ។ ម្លោះហើយ នយោបាយចិនរបស់លោក គីស៉ីដានឹងមិនមានអ្វីផ្លាស់ប្ដូរច្រើន ឬខុសប្លែងខ្លាំងពីរដ្ឋបាលលោក ស៊ូហ្កា ឬលោក អាបេឡើយ។ តែវា នៅតែមានសំណួរដ៏សំខាន់នោះគឺថាតើលោក គីស៉ីដា មានគំនិតច្នៃប្រឌិត, ភាពក្លាហាន និងសកម្មប៉ុនណាក្នុងការអនុវត្តគោលនយោបាយរបស់ជប៉ុនចំពោះចិន?

លោក គីស៉ីដា នឹងមានសមត្ថភាពកែតម្រូវគោលនយោបាយនានា លុះត្រាតែលោកអាចរក្សាតំណែងជានាយករដ្ឋមន្ត្រីឱ្យរឹងមាំ និងមានស្ថិរភាពគ្រប់គ្រាន់ដើម្បីទទួលបាន ការគាំទ្រពីថ្នាក់ដឹកនាំនៅក្នុងគណបក្ស LDP, ការជឿទុកចិត្តនៅក្នុងស្រុក និងនៅលើអន្តរជាតិជាមុនសិន៕

ប្រភព៖ ECFR (ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១)

ដោយ៖ Fresh News







សារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងវិធានការបើកទូលាយ នូវការរៀបចំពិធីមង្គលការ និងពិធីសាសនាផ្សេងៗ

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញការណែនាំថ្មី ដោយអនុញ្ញាតឱ្យការរៀបអាពាហ៍ពិពាហ៍ អាចអញ្ជើញភ្ញៀវចូលរួមរហូតដល់ខ្ទង់ពាន់នាក់ តែត្រូវផ្អែកលើទីតាំង ជាពិសេសគោលការរកម្សាគម្លាតសុវត្ថិភាព។

ក្នុងសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងយកស្តង់ដា នៃការអនុវត្តតាមវិធានសុខាភិបាល ឧទាហរណ៍គម្លាតដែលត្រូវដាក់មួយតុចំនួន៧នាក់ ប្រសិនបើមានទីតាំងធំ អ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន។ អាចអញ្ជើញ ៥០០នាក់ ៧០០នាក់ ឬដល់ ១ពាន់នាក់ ប៉ុន្តែត្រូវធានាចាំបាច់នូវការរក្សាគម្លាតទៅតាមតុ ដែលត្រូវបានរៀបចំ»។


ជាមួយនឹងការបើកទូលាយឱ្យមានការអញ្ជើញភ្ញៀវចូលរួមច្រើននេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ម្ចាស់ដើមការត្រូវអញ្ជើញភ្ញៀវដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនពីរដូសរួចរាល់ ហើយអ្នកមិនបានចាក់វ៉ាក់សាំង ព្រោះហេតុផលសុខភាពដែលគ្រូពេទ្យមិនអនុញ្ញាតនោះ ក៏អាចអញ្ជើញចូលរួមបានផងដែរ។ ដោយឡែកអ្នកមិនបានចាក់វ៉ាក់សាំង ព្រោះការគេចវេសសម្តេចតេជោ មិនលើកទឹកចិត្តឱ្យអញ្ជើញចូលរួមកម្មវិធីនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការបើកទូលាយនៃការរៀបចំពិធីមង្គលការ គឺជាអំណរសាទរសម្រាប់ម្ចាស់គូស្នេហ៍ទាំងឡាយ ហើយក៏ជាអំណរសាទរសម្រាប់អ្នកផ្តល់សេវាសម្រាប់ពិធីអាពាហ៍ពិពាហ៍ ដូចជាអ្នកភ្លេង អាចារ្យការ និងអ្នកចម្រៀងជាដើម។

ក្រៅតែពិធីរៀបអាពាហ៍ពិពាហ៍ការប្រារព្ធពិធីសាសនាផ្សេងៗ ក៏ត្រូវបានបើកទូលាយសម្រាប់ការចូលរួមផងដែរ ដោយមិនមានការកំណត់ចំនួនអ្នកចូលរួមនោះឡើយ។ ប៉ុន្តែត្រូវពិនិត្យជាក់ស្តែងទៅលើទីតាំងប្រារព្ធពិធីទាំងនោះ។

បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តដល់អ្នកចូលរួមក្នុងពិធីទាំងពីរខាងលើនេះ ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលក្នុងការការពាររីករាលដាលជំងឺកូវីដ១៩ ដោយមានម៉ាស់ និងអាល់កុលជាប់តាមខ្លួនជាប្រចាំ៕

អភិបាលខេត្តកំពត ជំរុញដល់មន្ត្រីជំនាញពន្លឿនក្នុងស្ថាបនាជួសជុលផ្លូវប៉ូតាស៊ុយ ឱ្យបានឆាប់រហ័សទៅតាមស្តង់ដាគុណភាព

កំពត៖ នៅព្រឹកទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញបើកការដ្ឋានជួសជុលផ្លូវ (ផ្លូវប៉ូតាស៊ុយ )ក្នុងស្រុកបន្ទាយមាស ប្រវែង ១៣គីឡូម៉ែត្រេ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក និងមន្ត្រីរាជការចំណុះសាលាស្រុកបន្ទាយមាស សមាជិកក្រុមប្រឹក្សាឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


សូមជម្រាបជូនថា ផ្លូវទូកមាសពោធិ៍-តាស៊ុយប្រវែង១៣គីឡូម៉ែត្របែកចេញពីផ្លូវជាតិលេខ៣១ក្បែរចំណុចមុខសាលាស្រុកបន្ទាយមាសឆ្ពោះទៅកាន់ព្រំប្រទល់ខេត្តតាកែវ បានធ្លាក់ក្នុងស្ថានភាពខូចខាតជាយូរឆ្នាំមកហើយ។ ប្រជាពលរដ្ឋដែលបាន និងកំពុងប្រើប្រាស់ផ្លូវមួយខ្សែនេះមានក្តីលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ ដោយផ្តោតលើសំណូមពររបស់ប្រជាពលរដ្ឋដែលសូមឱ្យមានកិច្ចអន្តរាគមន៍ លោកម៉ៅ ធនិន បានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទពន្លឿនក្នុងការបើកការដ្ឋានស្ថាបនាឱ្យបានឆាប់រហ័ស។ ផ្លូវនេះត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទចុះកិច្ចសន្យាសាសង់ជាមួយក្រុមហ៊ុនកូរ៉េ ILSUNG Costruction Co, LTD កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទីបី ក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េ៕













សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM-Rtreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ានអូស្រា្តលី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់  លោកឧត្តមសេនីយទោ (ចូលនិវត្តន៍) ប៉េហ៊ីន ដាតុ មហាម៉ាត់ យូសូហ្វ (Pahin Datu Lailarajn Major General (Retired) Dato Paduka Seri Haji Awing Habi Bin Haji MD Yustof) រដ្ឋមន្ត្រីការពារជាតិ ប្រ៊ុយណេដារ៉ូសាឡាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM - Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធរយៈអនឡាញ Online។

        

នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន សម្ដេចពិជ័យសេនា ទៀ បាញ់ បានចូលរួមចែករំលែកទស្សនៈ ស្ដីពីអនាគតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។ តាមរយៈកិច្ចប្រជុំនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ លើកឡើងអំពីជំងឺរាតត្បាតសកលកូវីដ-១៩ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានក្លាយជាសមរភូមិរួមគ្នារបស់យើង។ ជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ យើងបានឃើញនូវតួនាទីដ៏លេចធ្លោរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។ នៅប្រទេសកម្ពុជា កងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមហាសាលជូនប្រជាជនកម្ពុជា។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ នៅក្នុងប្រទេសកម្ពុជាមកទល់ពេលនេះ មនុស្សពេញវ័យច្រើនជាង ១០លាននាក់ ត្រូវបានចាក់វ៉ាក់សាំង យ៉ាងហោចណាស់ចំនួន ២ដូសរួចហើយ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់ក្មេងជំទង់ និងកុមារផងដែរ។ លើសពីនេះទៅទៀត កងយោធពលខេមរភូមិន្ទ ក៏បានដើរតួនាទីនាំមុខក្នុងការគ្រប់គ្រងចលនាប្រជាពលរដ្ឋនៅទូទាំងប្រទេស និងអនុវត្តវិធានការប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ជាពិសេសនៅតាមតំបន់ព្រំដែន។ ទាក់ទងទៅនឹង គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ខណៈពេលដែលគ្រោះមហន្តរាយធម្មជាតិ ទំនងជាកើនឡើងនាពេលអនាគត កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងចំណោមយោធាអាស៊ាន គឺត្រូវតែពង្រឹងបន្ថែម ជាពិសេសតាមរយៈការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃកម្មវិធីការងាររយៈពេលបីឆ្នាំ របស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

       

តាមរយៈកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុក ការរក្សាសន្តិភាព គឺជាមូលដ្ឋាននៃការងាររក្សាសន្តិសុខ និងសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយស្ត្រីគឺជាគន្លឹះដែលនាំឱ្យការងារនេះ ឆ្ពោះទៅរកភាពជោគជ័យ។ បច្ចុប្បន្នស្ត្រី គឺបានបំរើការនៅក្នុងកងរក្សាសន្តិភាពច្រើនជាងពេលមុនៗ ដោយស្ត្រីទាំងនោះបានបំរើការជាមន្ត្រីយោធា មន្ត្រីនគរបាល និងជាមន្ត្រីស៊ីវិល។ កម្ពុជាគឺទទួលបានចំណាត់ថ្នាក់ទី១៣ ក្នុងចំណោមប្រទេសចំនួន ១២២ និងចំណាត់ថ្នាក់ទី២ នៅក្នុងតំបន់អាស៊ាន ក្នុងការបញ្ជូនកងរក្សាសន្តិភាពជាស្ត្រី ទៅកាន់ប្រទេស និងតំបន់ផ្សេងៗទូទាំងពិភពលោក។ ការទទួលបានស្នាដៃនេះ គឺមិនមែនជារឿងចៃដន្យនោះទេ នេះគឺដោយសារតែរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ និងបានដាក់ទិសដៅការងារត្រឹមត្រូវ ក្នុងការលើកកម្ពស់ស្ត្រី នៅក្នុងសង្គមកម្ពុជា និងឆាកអន្តរជាតិ។ បើទោះជាអាស៊ានមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្តីពីប្រតិបត្តិការរក្សាសន្តិភាពរួចហើយក្តី ក៏កិច្ចសហប្រតិបត្តិការនេះ គឺត្រូវតែបន្តពង្រីកបន្ថែមដោយផ្តោតទៅលើការជំរុញឱ្យមានការចូលរួមបន្ថែមពីស្ត្រី និងការពង្រឹងការត្រៀមខ្លួនពួកគាត់ សម្រាប់ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ គំនិតផ្តួចផ្តើមនេះ នឹងពង្រឹងកិច្ចខិតខំ និងការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈរបស់អង្គការសហប្រជាជាតិ ស្តីពី “ស្ត្រី សន្តិភាព និងសន្តិសុខ”។ សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ក្នុងការពង្រឹងវិបុលភាព និងចីរភាព តំបន់អាស៊ីអាគ្នេយ៍។

 ចំណែកនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការយកឈ្នះ លើការគំរាមកំហែងផ្នែកសន្តិសុខ ដែលមិនមែនប្រពៃណីដូចជា សន្តិសុខលសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ។ ក្នុងបទអន្តរាគមន៍កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិ អាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកកិច្ចប្រជុំនេះថា៖ គឺជាឱកាសមួយដ៏ប្រពៃក្នុងការរឹតចំណងទាក់ទងរវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅក្នុងវិស័យការពារជាតិ ដើម្បីកសាងសហគមន៍ដែលមានជោគវាសនារួមគ្នា ដោយផ្តោតលើភាពរីកចម្រើនរុងរឿងរួម។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ត្រូវបានវិវត្ត ចេញពីដៃគូកិច្ចសន្ទនាតាមវិស័យ ចាប់តាំងពីឆ្នាំ១៩៨៩ រហូតបានក្លាយជាដៃគូកិច្ចសន្ទនាពេញលេញ ក្នុងឆ្នាំ១៩៩១ ហើយបានក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០១០។ នៅក្នុងទំនាក់ទំនងជាមួយអាស៊ានកន្លងមកនេះ សាធារណរដ្ឋកូរ៉េបានដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ភាពរុងរឿង និងនិរន្តរភាពតំបន់។ បន្ថែមពីលើនេះទៀត សាធារណរដ្ឋកូរ៉េ បានរួមចំណែកក្នុងការគាំទ្រការអភិវឌ្ឍសមត្ថភាព នៃរដ្ឋសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហាសន្តិសុខមិនមែនប្រពៃណី តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន មានជាអាទិ៍ដូចជា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក។ លទ្ធផលកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ បានបង្ហាញឱ្យឃើញអំពីការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ភាពរុងរឿង ក្នុងតំបន់ តាមរយៈការស្តារឡើងវិញ នៃប្រព័ន្ធទំនាក់ទំនងអន្តរកូរ៉េ។ ប្រព័ន្ធទំនាក់ទំនងទាំងនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងកូរ៉េទាំងពីរកាន់តែប្រសើរឡើង។


សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា៖ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយអាស៊ាន សាធារណរដ្ឋកូរ៉េ បានដើរតួនាទីយ៉ាងសកម្ម ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងការកសាងសមត្ថភាព នៃប្រទេសសមាជិកអាស៊ាន ឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ ជាពិសេសបញ្ហាសន្តិសុខមិនមែនប្រពៃណី។ សាធារណរដ្ឋកូរ៉េ ក៏បានចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងគ្រប់វិស័យទាំងអស់ របស់ក្រុមការងារជំនាញកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក។ 


ដោយឡែកនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឱ្យប្រទេសអូស្ត្រាលី ជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទេស និងជំនាញការ នៅក្នុងវិស័យស្រាវជ្រាវ អភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្ត្រនានា ដល់កងទ័ពបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺឆ្លង ដែលអាចកើតឡើងនៅថ្ងៃអនាគត។


ការជំរុញបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី ដោយមានការចូលរួមពី លោក Peter Dutton សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។


សម្តេចពិជ័យសេនា ទៀ បាញ់ បានរំឮកថា៖ អូស្ត្រាលី គឺជាប្រទេសជាដៃគូសន្ទនារបស់អាស៊ាន ចាប់តាំងពីឆ្នាំ១៩៧៤មក ហើយទទួលស្គាល់ថាទំនាក់ទំនងនេះបានវិវត្តមកគ្របដណ្តប់កិច្ចសហប្រតិបត្តិការ ទៅលើសសរស្តម្ភទាំងបី របស់សហគមន៍អាស៊ាន។ កម្ពុជា បានវាយតម្លៃយ៉ាងខ្ពស់ ទៅលើសារៈសំខាន់ខាងផ្នែកយុទ្ធសាស្ត្រ នៃអូស្ត្រាលីចំពោះអាស៊ាន និងគាំទ្រដល់ការលើកកម្ពស់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អូស្ត្រាលី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលប្រកបដោយអត្ថន័យ មានសារៈសំខាន់ និងបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញការជឿជាក់ថា ប្រទេសអូស្ត្រាលីនឹងបន្តផ្តល់ការគាំទ្រដល់តួនាទីជាស្នូលរបស់អាស៊ាន និងនិម្មាបនកម្មសន្តិសុខអាស៊ាន។ ម្យ៉ាងទៀតសង្ឃឹមផងដែរថា អូស្ត្រាលីនឹងបន្តគាំទ្រភាពជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជា នៅឆ្នាំក្រោយនេះ ដោយការ គាំទ្រនេះនឹងជួយយើងក្នុងការកសាងភាពធន់របស់តំបន់ ដើម្បីដោះស្រាយបញ្ហារួមដ៏ស្មុគស្មាញ និងជួយដល់ដំណើការស្តារឡើងវិញរបស់យើងទាំងអស់គ្នា បន្ទាប់ពីជំងឺកូវីដ១៩ ផុតរលត់ទៅ៕







អាជ្ញាធរជាតិអប្សរា បន្តកែលម្អផ្លូវក្នុងរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានសោភ័ណភាពជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

នៅចុងឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាកំពុងបន្តជួសជុលកែលម្អផ្លូវថ្នល់មួយចំនួនក្នុងរមណីយដ្ឋានអង្គរ ជាពិសេស ផ្លូវក្នុងវង់តូចចាប់ពីមុខព្រះលានជល់ដំរីរហូតដល់ស្រះស្រង់ និងបរិវេណប្រាសាទអង្គរវត្ត។


លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការងារកែលម្អផ្លូវថ្នល់ខាងលើនេះ រួមមានការអ៊ុតបេតុងកៅស៊ូផ្លូវ (AC) និងការចាក់បេតុងសងខាងការពារផ្លូវថ្នល់ប្រវែងសរុបជិត ៩គីឡូម៉ែត្រ។ លោកបន្ថែមថា គម្រោងស្តារហេដ្ឋារចនាសម្ពន្ធផ្លូវឡើងវិញនេះ មិនត្រឹមតែគិតទៅលើគុណភាពខ្ពស់ប្រើប្រាស់បានយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងផ្តោតខ្លាំងទៅលើសោភ័ណភាពតាមដងផ្លូវផងដែរ។ 

 

លោកអគ្គនាយករង បញ្ជាក់ថា ការរៀបចំកែលម្អនេះ ក៏ដើម្បីត្រៀមទទួលភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរឆាប់ៗនាដើមឆ្នាំ២០២២ខាងមុខ ស្របតាមការរៀបចំរបស់រាជរដ្ឋាភិបាល ហើយក៏ជាផ្នែកមួយដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យទទួលបានអារម្មណ៍ស្រស់ស្រាយ សុវត្ថិភាព  និងផាសុកភាពលើសពីមុន ព្រមទាំងបង្ហាញអំពីភាពរីកចម្រើនដែលអាជ្ញាធរជាតិអប្សរាកំពុងធ្វើក្នុងតំបន់រមណីយដ្ឋានអង្គ៕