Friday, November 12, 2021

វិភាគអន្តរជាតិ៖ គោលនយោបាយរបស់ជប៉ុនចំពោះចិន នៅក្រោមរដ្ឋបាលលោក Fumio Kishida

 (តូក្យូ)៖ លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida) នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកានេះត្រូវបានសភាតែងតាំងជានាយករដ្ឋមន្រ្តីជប៉ុនទី១០០ បន្ទាប់ពីគណបក្សកាន់អំណាចរបស់ លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីចុងខែតុលាកន្លងទៅនេះ។ លោក គីស៉ីដា ត្រូវសភាជប៉ុនតែងតាំងជានាយករដ្ឋមន្រ្តីម្តងរួចមកហើយកាលពីដើម ខែតុលា ដើម្បីបន្តវេនពីលោក យ៉ូស៉ីហ៉ីដេ ស៊ូហ្កាដែលលាលែងពីតំណែង។ ប៉ុន្តែក្រោយមក លោក គីស៉ីដាបានស្នើឲ្យរៀបចំការបោះឆ្នោតសកលមុនអាណត្តិដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី៣១ ខែតុលាដដែល ហើយគណបក្សកាន់អំណាចរបស់លោក គឺគណបក្សប្រជាធិបតេយ្យសេរី (LDP) ឈ្នះបានអាសនៈចំនួន២៦១ ក្នុងចំណោមអាសនៈ សរុបទាំង៤៦៥ នៅក្នុងរដ្ឋសភាជប៉ុន។

ជ័យជម្នះរបស់លោក គីស៉ីដា បានបង្កឱ្យមានសំណួរសំខាន់ពីរ នោះគឺថាតើលោកអាចនឹងកាន់អំណាចជានាយករដ្ឋមន្ត្រីបានយូរល្មម ហើយនឹងនៅតែជាដៃគូប្រកបដោយ ស្ថិរភាព និងអាចទុកចិត្តបាននៅលើឆាកអន្តរជាតិដែរ ឬក៏យ៉ាងណា? ហើយកាន់តែសំខាន់ថាតើលោកនឹងដោះស្រាយបែបណាជាមួយចិន? ទីក្រុងតូក្យូនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការប្រជែងឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិក និងចិន, ភាពតានតឹងរវាងចិន និងតៃវ៉ាន់ព្រមទាំងការកើនឡើង នៃឥទ្ធិពល និងសកម្មភាពយោធាចិននៅក្នុងតំបន់។ បន្ថែមពីលើនេះ ការដាក់ពាក្យស្នើសុំរបស់ចិន និងតៃវ៉ាន់ព្រមគ្នាដើម្បីចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP វាកាន់តែជារឿងបន្ទាន់សម្រាប់ជប៉ុន ក្នុងការកំណត់គោលជំហររបស់ខ្លួន ក៏ដូចជាកំណត់គោលនយោបាយពាណិជ្ជកម្ម និងការពារជាតិពាក់ព័ន្ធនឹងចិន។

លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្កា បានប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗទៅលើចិន ជាពិសេសក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែមេសា ឆ្នាំ២០២១ នេះជាពេលដែលលោក ស៊ូហ្កា បានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេបំផុតដែលបានលើកឡើងជាសាធារណៈពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ច្រក សមុទ្រតៃវ៉ាន់។ ការទទួលស្គាល់បែបនេះត្រូវបានគេមើលឃើញថាជាការផ្លាស់ប្ដូរគោលនយោបាយយ៉ាងធំរបស់ជប៉ុន ដោយហាក់ដូចជាចង់ប្រឈមមុខជាជាងធ្វើកិច្ចសហការ ជាមួយទីក្រុងប៉េកាំង។ នៅក្នុងបរិបទដែលឥទ្ធិពលចិនកាន់តែរីកធំឡើងនៅក្នុងតំបន់ បូករួមទាំងជម្លោះដែនទឹកជាមួយប៉េកាំង ក្នុងតំបន់សមុទ្រចិនខាងកើតផងនោះ ការដោះស្រាយជាមួយចិននឹងនៅតែជាអាទិភាពកំពូលរបស់រដ្ឋាភិបាលលោក គីស៉ីដា។

កាលនៅកាន់តំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន, លោក គីស៉ីដាបានប្រកាន់យកជំហរនយោបាយការទូតទន់ភ្លន់ជាមួយចិន។ ប៉ុន្តែ នៅកំឡុងធ្វើយុទ្ធនាការឃោសនា បោះឆ្នោតយកតំណែងជាមេដឹកនាំគណបក្ស LDP, លោក គីស៉ីដាផ្ទាល់ស្រាប់តែផ្លាស់ប្ដូរជំហរនេះដោយលោកបានចាត់ទុកចិនជាបញ្ហាប្រឈមមួយដែលបង្ខំឱ្យជប៉ុន គិតឡើងវិញជាថ្មីពីសមត្ថភាពយោធារបស់ខ្លួន។

បើតាមក្រុមអ្នកជំនាញ, លោក គីស៉ីដា នឹងនៅតែប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗទៅលើចិន ដូចជាលោក ស៊ូហ្កាដែរ។ ពោលគឺដូចគ្នាទៅនឹងលោក ស៊ូហ្កា លោក គីស៉ីដា នឹងផ្ដោត លើយុទ្ធសាស្ត្រពហុភាគីជាមួយសម្ព័ន្ធមិត្ត ព្រមទាំងបន្តលើកកម្ពស់ផងដែរនូវទស្សនៈ «សេរីភាព និងការបើកចំហតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដើម្បីប្រជែងតុល្យភាពអំណាច ជាមួយចិន ដោយនយោបាយរបស់លោក គីស៉ីដា ចំពោះចិន នឹងមិនខុសគ្នាប៉ុន្មានពីលោក ស៊ូហ្កា ឬលោក អាបេ ស៊ីនហ្សូនោះទេ។

សម្រាប់លោក គីស៉ីដា, ដរាបណាតម្លៃជាមូលដ្ឋាននៃសេរីភាព, ប្រជាធិបតេយ្យ, នីតិរដ្ឋ និងសិទ្ធិមនុស្សរងការគំរាមកំហែង នោះជប៉ុននឹងធ្វើការយ៉ាងជិតស្និទជាមួយអាមេរិក, សហភាពអឺរ៉ុប, ឥណ្ឌា, និងអូស្ត្រាលី ដើម្បីការពារខ្លួនឯងប្រឆាំងនឹងអំណាចផ្ដាច់ការ។ ដើម្បីការពារតម្លៃទាំងនេះ, លោក គីស៉ីដាមានផែនការតែងតាំងទីប្រឹក្សាពិសេសម្នាក់ របស់នាយករដ្ឋមន្ត្រី ទទួលបន្ទុកសិទ្ធិមនុស្សដែលនេះបង្ហាញយ៉ាងច្បាស់ថា ចិននឹងនៅតែស្ថិតជាអាទិភាពកំពូលនៃរបៀបវារៈនយោបាយរបស់លោក ខណៈការតស៊ូមតិនៅក្នុង ប្រទេសជប៉ុនត្រូវបានកំណត់ដោយការយល់ដឹងយ៉ាងស្រួចស្រាវថាជប៉ុនកំពុងស្ថិតនៅលើសមរភូមជួរមុខនៃជម្លោះជាមួយចិន។

តួយ៉ាង, កាលពីពេលថ្មីៗនេះ លោក គីស៉ីដាខ្លួនឯងបានប្រកាសជំហរយ៉ាងតឹងរ៉ឹងដោយលើកឡើងចំៗថាជប៉ុនចាំបាច់ត្រូវតែពង្រឹងសមត្ថភាពវាយប្រហារលើមូលដ្ឋានមីស៊ីល របស់សត្រូវ សំដៅបង្ការការវាយប្រហារភ្លាមៗណាមួយពីសត្រូវ។ លោក គីស៉ីដា ថែមទាំងបានលើកឡើងទៀតផងថានៅក្នុងករណីស្ថានការណ៍ នៅជុំវិញកោះតៃវ៉ាន់កាន់តែ យ៉ាប់យ៉ឺន, នោះលោកនឹងធ្វើការឆ្លើយតបនៅក្រោមក្របខណ្ឌនៃច្បាប់សន្តិសុខជប៉ុន, សម្ព័ន្ធភាពអាមេរិក-ជប៉ុន, សម្ព័ភាពចតុភាគីក្វាដ (Quad) រួមទាំងសហការជាមួយ អូស្ត្រាលី, ឥណ្ឌា និងសហរដ្ឋអាមេរិកដែលសុទ្ធសឹងជាប្រទេសកំពុងប្រឹងប្រែងខ្ទប់ការកើនឡើងឥទ្ធិពលចិន។

ដោយឡែក, ជុំវិញបញ្ហាជម្លោះដែនទឹករវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងលើទីប្រជុំកោះស៉ិនកាគូ ឬ ដាយយូ ជាភាសាចិន (Senkaku/Diaoyu) នៅឯសមុទ្រចិនខាងកើត លោក គីស៉ីដា បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការរក្សាសន្តិសុខដែនសមុទ្រ ហើយលោកនឹងពិនិត្យឡើងវិញពីច្បាប់គ្រប់គ្រងអន្តរប្រតិបត្តិការនៃកងកម្លាំងស្វ័យការពារជប៉ុន និងកងឆ្មាំសមុទ្រជប៉ុន ដើម្បីពង្រឹងសមត្ថភាពឆ្មាំសមុទ្រជប៉ុន។ ទិដ្ឋភាពផ្សេងទៀតនៃគោលនយោបាយចំពោះចិនរបស់លោក គីស៉ីដា នោះគឺការពង្រឹងទំនាក់ទំនងជាមួយ បណ្ដាប្រទេសដទៃនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈការបញ្ចុះបញ្ចូលឱ្យក្វាដ និងអឺរ៉ុបបង្វែរការយកចិត្តទុកដាក់របស់ពួកគេមកកាន់តំបន់មួយនេះនៅក្រោមទម្រង់នៃកិច្ចប្រជុំ G7, G20 និងអាស៊ី-អឺរ៉ុប។

លោក គីស៉ីដា បានបង្ហាញការគាំទ្រឱ្យតៃវ៉ាន់ចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP ប៉ុន្តែលោកបាននិយាយប្រទេសជាហត្ថលេខីទាំងអស់ត្រូវតែពិនិត្យយ៉ាងយកចិត្តទុកដាក់ ថាតើទាំងចិន និងតៃវ៉ាន់អាចបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះបានដែរឬទេ? តែទោះជាបែបនេះក្ដី, លោក គីស៊ីដា នឹងមិនបោះបង់ចោលជំហរទន់ភ្លន់របស់លោកចំពោះចិនទាំងស្រុងនោះឡើយ។ នៅកំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត, លោកក៏បានបញ្ជាក់ច្បាស់ដែរថាជប៉ុនមិនគួរការពារផលប្រយោជន៍ តាមរយៈការប្រឈមមុខ នឹងចិនតែម្ខាងនោះទេ តែក៏គួរតែរក្សារឱ្យបានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយចិនផងដែរ ដូច្នេះហើយទើបលោកសម្រេចចិត្តតែងតាំងលោក យ៉ូស៊ីម៉ាសា ហាយ៉ាស៉ិ ជារដ្ឋមន្ត្រីការបរទេសជប៉ុនថ្មី ដែលជាមនុស្សម្នាក់ត្រូវបានគេមើលឃើញថាមានជំហរទន់ភ្លន់ចំពោះចិន។ នេះអាចនិយាយបានថាលោកចង់ព្យាយាមរក្សាឱ្យបាននូវតុល្យភាព នៃទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មល្អជាមួយចិនផង ស្របពេលប្រឈមមុខនឹងចិនខាងបញ្ហាសន្តិសុខ។

គួរបញ្ជាក់ថា នៅចំពោះមុខការកើនឡើងកាន់តែខ្លាំងនៃឥទ្ធិពលចិន, ប្រជាជនជប៉ុន និងថ្នាក់ដឹកនាំទីក្រុងតូក្យូកាន់តែច្រើនឡើងចាប់ផ្ដើមមើលឃើញថាចិនជាការគំរាមកំហែង ដល់សន្តិសុខជាតិរបស់ពួកគេ។ ម្លោះហើយ នយោបាយចិនរបស់លោក គីស៉ីដានឹងមិនមានអ្វីផ្លាស់ប្ដូរច្រើន ឬខុសប្លែងខ្លាំងពីរដ្ឋបាលលោក ស៊ូហ្កា ឬលោក អាបេឡើយ។ តែវា នៅតែមានសំណួរដ៏សំខាន់នោះគឺថាតើលោក គីស៉ីដា មានគំនិតច្នៃប្រឌិត, ភាពក្លាហាន និងសកម្មប៉ុនណាក្នុងការអនុវត្តគោលនយោបាយរបស់ជប៉ុនចំពោះចិន?

លោក គីស៉ីដា នឹងមានសមត្ថភាពកែតម្រូវគោលនយោបាយនានា លុះត្រាតែលោកអាចរក្សាតំណែងជានាយករដ្ឋមន្ត្រីឱ្យរឹងមាំ និងមានស្ថិរភាពគ្រប់គ្រាន់ដើម្បីទទួលបាន ការគាំទ្រពីថ្នាក់ដឹកនាំនៅក្នុងគណបក្ស LDP, ការជឿទុកចិត្តនៅក្នុងស្រុក និងនៅលើអន្តរជាតិជាមុនសិន៕

ប្រភព៖ ECFR (ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១)

ដោយ៖ Fresh News







No comments:

Post a Comment