Monday, August 03, 2015

សម្តេចតេជោ ហ៊ុន សែន បកស្រាយ ពីការចោទប្រកាន់ថា សម្តេចជាអាយ៉ងចិន និងវៀតណាម

សម្តេចតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងនៅក្នុងពិធី​សម្ពោធឱ្យប្រើជា​ផ្លូវការនូវស្ពាន​មិត្តភាពកម្ពុជា​-ចិនតាខ្មៅ​ ថ្ងៃទី៣ ខែសីហា​ ឆ្នាំ២០១៥នេះ ​ថា សម្តេចមិនមែន​ជាអាយ៉ងរបស់ ​វៀតណាម ​ឬ ចិន នោះទេ ​តែសម្តេចជា​របស់កម្ពុជា។
សម្តេចតេជោ ​បានលើកឡើងថា​ មានការចោទប្រកាន់​មកលើសម្តេចជាបន្តបន្ទាប់​ ម្តងថា​អាយ៉ងចិន ​និងម្តងថា​អាយ៉ងវៀតណាម ​ហើយចំពោះការចោទថា​សម្តេចជាអាយ៉ងចិន​នោះក៏ព្រោះបញ្ហា​សមុទ្រចិនខាងត្បួង​ ដោយសារតែកម្ពុជា​មិនបានចេញ COC។ ​សម្តេចបានលើកឡើងថា ​កាលដែលវៀតណាម ​និងឥណ្ឌូនេស៊ី​ ជាប្រធានអាស៊ានមុន​កម្ពុជាក៏មិនអាចដោះស្រាយ​បញ្ហានោះចេញដែរ។​ រហូតមកដល់ឥឡូវ​ព្រុយណេ មីយ៉ាន់ម៉ា​ និងម៉ាឡេស៊ី ក៏ដោះអត់ចេញដែរ​។
សម្តេចតេជោ ​ត្អួញត្អែរថា ​ដោយសារប្រទេស​កម្ពុជាក្រ​ ហើយតូចទើបត្រូវ​គេស្តីបន្តោស ​ថា ​លំអៀងទៅរកចិន ​ប៉ុន្តែសម្តេចមិនបាន​លំអៀងទៅរក​អ្នកណាទាំងអស់​ គឺជំហររបស់សម្តេច ​ត្រូវការឲ្យត្រឹម​តែអាស៊ានចិន ​បន្តការចរចារ ​និងអនុវត្តឲ្យបានត្រឹម​ត្រូវតាមសេចក្តីថ្លែង​ការណ៍របស់​ភាគីសមុទ្រ​ចិនខាងត្បួង​ ដែលហៅថា DOC​ គឺអនុវត្តឲ្យបានត្រឹមត្រូវ ​និងដើម្បីឈានឆ្ពោះ​ទៅរក​ COC​ ហើយសម្តេច​លើកទឹកចិត្ត​ឲ្យប្រទេសពាក់ព័ន្ធ​សន្ទនាគ្នា។
សម្តេចបន្តថា​ មិនថាបរទេសទេ​ សូម្បីខ្មែរគ្នាឯងក៏​ចោទសម្តេចដែរ​ ដោយពួកគេថា​ មកពី​សម្តេចស្និត​ជាមួយចិនពេក ​ប៉ុន្តែឥឡូវអ្នកមិនស្និត​ចិនវិញក៏ធ្វើរឿងនេះ​មិនចេញដែរ។ ​បញ្ហាសមុទ្រចិន​ខាងត្បូងនេះ​ មានតាំងពីឆ្នាំ២០១០, ២០១១​ ហើយរហូតដល់​ឆ្នាំ២០១២គឺគេមកទម្លាក់កំហុស​លើសម្តេចទៅវិញ។ ​សូម្បីឥឡូវប្រធានអាស៊ាន​ឆ្នាំ២០១៣, ​២០១៤ និង​២០១៥ក៏ដោះ​មិនទាន់ចេញ ​ហើយសម្តេចថា​ប្រហែលជា ​ឆ្នាំ២០១៨ ទៅ​២០២០ ក៏មិនទាន់ចេញផង។ ​
ចំពោះការចោទ​ប្រកាន់ថាជាអាយ៉ង​វៀតណាមវិញ ​សម្តេចតេជោ​ បានសង្កត់ធ្ងន់ថា​ ហ៊ុន សែន ​រក្សាបានធាតុពិត​របស់ខ្លួន​គឺ ហ៊ុន សែន ​ជារបស់កម្ពុជា។​សម្តេចរំលឹកថា ​កាលពីឆ្នាំ១៩៨២ សម្តេចបានទៅ​ប្រទេសបារាំង ​គ្រាន់តែទៅដល់កាសែត​ចុះព្រោងព្រាត ​គេថារដ្ឋមន្ត្រីការ​បរទេសកុម្មុយនីស្តដ៏ក្មេង ​សំដៅមកលើកម្ពុជា ​ហើយពេលទៅដល់ទីក្រុងមូស្កូ ​គេថា កម្ពុជាយើងជាពួកសេរី ​មិនឲ្យចូលរួមជាមួយ​ពួកសង្គមនិយមទេ​ ដូច្នេះការពិត​យើងជាស្អី ​ដូច្នេះសម្តេចតាំងចិត្តថា ​យើងជារបស់កម្ពុជា​តែមួយគត់។​
សម្តេចតេជោ​ មានប្រសាសន៍ថា​ ឥឡូវវៀតណាម និងចិន ​អត់សូវត្រូវគ្នាទេ​ ត្រង់ចំណុច​រឿងសមុទ្រចិនខាងត្បួង​ ប៉ុន្តែពួកគាត់នៅ​តែដោះដូរទំនិញ ​និងធ្វើការវិនិយោគ​ទៅវិញទៅមក ហើយទំហំ​ពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ​ គឺមានចំនួនដល់​ទៅជាង៤០០លានដុល្លារ ​ដែលស្មើនិងជាង​ពាក់កណ្តាលទំហំ​ពាណិជ្ជកម្មកម្ពុជា​វៀតណាម។
ដោយឡែកចំពោះ​ការចោទប្រកាន់ថា​ជាអាយ៉ងរបស់​វៀតណាមវិញ ​សម្តេចតេជោ អំពាវ​នាវសូមឲ្យបញ្ឈប់​ការលាបព័ណ៌គ្នាទៅ ​សម្តេចលើកឡើងថា ​មានមតិខ្លះចោទប្រកាន់សម្តេចថា ​មិនហ៊ានប្តឹងវៀតណាមទេ​ ព្រោះវៀតណាម​ជាចៅហ្វាយ ​ដូច្នេះដើម្បីបញ្ជាក់​រឿងនេះ ​សម្តេចនឹងប្រមូល​ធាតុចូលទាំងអស់​ដែលលើកឡើងថា ​កម្ពុជាគួរប្តឹវៀតណាមទៅតុលាការឡាអេ​ ដូច្នេះអ្នកដែល​និយាយថាត្រូវប្តឹង​ ត្រូវត្រៀមការពន្យល់​រួមទាំងឯកសារ​ដែលបញ្ជាក់ថា​យើងត្រូវប្តឹង ​ហើយបើប្តឹងទៅ​កម្ពុជាយើងឈ្នះរឺចាញ់?​ ប្តឹងត្រង់ចំណុចណាខ្លះ? ហើយបើអ្នក​និយាយនោះ​ មិនហ៊ានអើត​ក្បាលមកពន្យល់​ រឺបង្ហាញឯកសាររឹងមាំ មាន​ន័យថាអ្នកឯង​និយាយភូត។ ​សម្តេចតេជោ ​សង្កត់ធ្ងន់ថា​ កុំថាវៀតណាម ឪវៀតណាមក៏សម្តេចប្តឹងដែរ​ ឲ្យតែរំលោភចូលដីខ្មែរ ​គឺសម្តេចមិនខ្លាចទេ។ ​សម្តេចនាយករដ្ឋមន្ត្រី​ បន្តថា​ថៃនៅខាងលិចក៏សម្តេច​ធ្លាប់ប្តឹងរួចមកហើយ​ ទៅក្រុមប្រឹក្សាសន្តិសុខ​ រឺទៅតុលាការឡាអេ បើវៀតណាម​បំពាននៅខាងកើត​ ដល់កំរិតមួយ ​គឺសម្តេចនឹងប្តឹងទៅ​ក្រុមប្រឹក្សាសន្តិសុខ ​និងតុលាការ​ឡាអេដូចគ្នា។​ សម្តេចបើកចំហរជានិច្ច ​និង​បានស្នើឲ្យអ្នកដែល​បញ្ចេញ​យោបល់ថាចង់ប្តឹង​វៀតណាមទៅតុលាការ​ឡាអេប្រាប់មកថា​ ត្រូវប្តឹងនៅកន្លែងណា?​ ប្តឹងពីប្រធានបទអី?​ អង្គហេតុអី? ​អង្គច្បាប់អី? ​គឺធ្វើសារណាមក ​សម្តេចនឹងចាំទទួល ​ហើយបើមិនធ្វើមក​ឲ្យសម្តេចទេ​ ធ្វើថ្វាយទៅ​ព្រះមហាក្សត្រតែម្តងទៅ ​ព្រោះព្រះមហាក្សត្រគង់តែបង្វិលរឿងហ្នឹង​មកនាយករដ្ឋមន្ត្រីវិញ៕




ស្ពានមិត្តភាព កម្ពុជា-ចិនតាខ្មៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ​ ត្រូវបានសម្ពោធដាក់​ឲ្យប្រើប្រាស់ផ្លូវការ ​នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ​ដែលជាស្ពានឆ្លងកាត់​ទន្លេបាសាក់ មានប្រវែង ៨៥៥ម៉ែត្រ។​ ជាមួយគ្នានេះដែរ ផ្លូវប្រវែងជិត ​១២គីឡូម៉ែត្រ​ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១​ ក៏ត្រូវសម្ពោធដាក់ឲ្យ​ប្រើប្រាស់នៅថ្ងៃនេះផងដែរ។
ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ ​មានទទឹង១៣,៥ម៉ែត្រ​ មានកម្ពស់​ ៨ម៉ែត្រគិតពីផ្ទៃ​ទឹកទន្លេ​នៅរដូវទឹកឡើងខ្ពស់បំផុត។​ ស្ពាននេះ​ ត្រូវបានសាងសង់ឡើង​ដោយក្រុមហ៊ុន​សាជីវកម្ម​ចិន​ ដែលត្រូវបានបើក​ដំណើការសាងសង់ ​កាលពីថ្ងៃទី០៦​ ខែកក្កដា ២០១១​ ដោយចំណាយថវិកា​សាងសង់ជិត​ ៣៣លានដុល្លារអាម៉េរិក​ បានមកពីកម្ចីឥណទាន​ពីសាធារណ ​រដ្ឋប្រជាមានិតចិន​ និងប្រាក់បដិភាគ​របស់រាជរដ្ឋា​ភិបាលកម្ពុជា។​
ស្ពានមិត្តភាពកម្ពុជា​-ចិន តាខ្មៅ នេះ​ មិនត្រឹមតែជាប្រយោជន៍​សម្រាប់ប្រជាពល​រដ្ឋរស់នៅ​តំបន់តាខ្មៅ​ ឬសង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ ​ដែលពីមុនមានផល​លំបាកយ៉ាងខ្លាំង​ក្នុងការធ្វើដំណើរពីត្រើយ​ម្ខាងទៅត្រើយម្ខាង​ទៀតដែលត្រូវឆ្លងទូកដរ​ ឬធ្វើដំណើរវាងមកឆ្លងកាត់​ស្ពានព្រះមុនីវង្សជាដើម ដែលជាហេតុ​ធ្វើឲ្យខាតបង់​ទាំងពេលវេលា និង ​ថវិកា ប៉ុន្តែស្ពាននេះ ក៏បានចូលរួម​ចំណែកបម្រើ​ប្រយោជន៍ដល់​ប្រជាពលរដ្ឋកម្ពុជា​ទូទាំងប្រទេស ដែល​ត្រូវធ្វើដំណើរ​ឆ្លងកាត់​តំបន់មួយនេះ៕​