Wednesday, August 10, 2016

សម្តេចតេជោ ហ៊ុន សែន ចំណាយជិត ១លានដុល្លារ សាងសង់អគារសិក្សាជាង ៦០បន្ទប់ នៅក្នុងខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ក្នុងដំណើរចុះមកសំណេះសំណាល ជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តកំពុងឆ្នាំង នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជួយសាងសង់ អគារសិក្សាតាមសាលានានា ក្នុងខេត្តកំពង់ឆ្នាំងសរុបជាង ៦០បន្ទប់ ដែលមានតម្លៃសរុបជិត ១លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចផ្តើមសំណេះសំណាលជាមួយមន្រ្តីរាជការ នៅសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃដដែលនេះ ។

ការសម្រេចផ្តល់អគារសិក្សានេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចុះជួបសំណេះសំណាល និងស្តាប់ដោយផ្ទាល់នូវតម្រូវការ របស់លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សផងដែរ។ ក្នុងជំនួបចុះដោយផ្ទាល់នេះ គេបានសង្កេតឃើញថា សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ដោយក្តីរីករាយ និងរំភើបបំផុតពីគ្រូៗ និងសិស្សានុសិស្ស។ រីករាយដោយសារពួកគេចាត់ទុកជំនួបនេះ គឺជាជំនួប ដ៏កម្រកើតមានសម្រាប់ពួកគេ ។

សាលាដែលទទួល បានការជួយសាងសង់ អគារសិក្សាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖

សាលាគរុកោសល្យ និងវិក្រិត្យការខេត្តកំពង់ឆ្នាំង ទទួលបានអគារសិក្សាថ្មី ១ខ្នង ចំនួន ២ជាន់ ស្មើ ១២បន្ទប់
វិទ្យាល័យព្រះបាទសុរាម្រិត ទទួលបានអគារសិក្សា ១ខ្នង កំពស់ ៣ជាន់ ស្មើនឹង ១៨បន្ទប់
វិទ្យាល័យ ហ៊ុន សែន រលាប្អៀ ក្នុងស្រុករលាប្អៀ ១ខ្នង កំពស់ ២ជាន់ ស្មើនឹង ១២ បន្ទប់
វិទ្យាល័យបរិបូណ៍ខាងត្បូង ក្នុងស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ទទួលបានអគារសិក្សា ១ខ្នង កំពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ រួមទាំងធ្វើបណ្ណាល័យ ទីចាត់ការ ១ខ្នង ៣បន្ទប់ របងសាលា បង្គន់អនាម័យ និងតារាងបាល់ទាត់ រួមទាំងជីកស្រះទឹកធំមួយ
វិទ្យាល័យបរិបូរណ៍ ក្នុងស្រុកបរិបូរណ៍ ទទួលបានអគារសិក្សាចំនួន ២ខ្នង ដោយ ១ខ្នង មាន ២ជាន់ ស្មើនឹង ១២បន្ទប់ រួមទាំងទីចាត់ការ១ មានបីបន្ទប់ ។ សម្តេចតេជោ ក៏បានឲ្យជីកស្រះ ១ហិកតាកន្លះ ដ៏ធំមួយ សម្រាប់សាលារៀនប្រើប្រាស់ និងសហគមន៍ នៅក្បែរសាលាបានប្រើប្រាស់ផងដែរ ។
តាមការចុះជួប និងសំណេះសំណាលដោយផ្ទាល់នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យអប់រំនៅកម្ពុជា កំពុងបោះជំហានទៅមុខគួរឲ្យកោតសរសើរ ។ សម្តេចតេជោ រំពឹងថា តាមរយៈការផ្តល់អគារសិក្សាថ្មីៗទាំងនេះ នឹងជួយសម្រួលសេចក្តីត្រូវការចាំបាច់របស់សាលារៀន និងបានជួយដល់សិស្សានុសិស្ស បន្តការសិក្សារៀនសូត្រ នៅតាមបណ្តាខេត្តឲ្យកាន់តែងាយស្រួល ។

សូមបញ្ជាក់ថា នៅក្នុងដំណើរចុះមកសំណេះសំណាល ជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តកំពុង ក្រៅពីចុះទៅតាមសាលារៀនហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលសួរសុខទុក្ខសំណេះសំណាល ជាមួយអាជីវករនៅផ្សារលើ ក្នុងទីរួមខេត្តកំពង់ឆ្នាំង ព្រមទាំងអញ្ជើញទៅសួរសុខទុក្ខអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ផងដែរ។ ក្នុងដំណើរចុះសំណេះសំណាលជាមួយអាជីវករ សម្តេចតេជោ បានសម្រេចឲ្យពួកគេបន្តលក់នៅក្នុងផ្សារ រហូតដល់ឆ្នាំ ២០៤០ ទៅតាមសំណើរបស់ពួកគេ ។

រហូតមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នេះ ខេត្តចំនួន ១២ហើយ ដែល សម្តេចតេជោ ហ៊ុន សែន បានចុះទៅដល់ ដើម្បីពិនិត្យសមិទ្ធផលការងារ ដែលសម្រេចបាន និងការងារត្រូវធ្វើបន្ត ក៏ដូចជាជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។ ខេត្តទាំង១២ នេះរួមមាន៖ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ ។

ដំណើរចុះមកតាមខេត្តនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏តែងបានចូលជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស និងក្រុមអាជីវករ ហើយតែងបានផ្តល់អគារសិក្សា និងបានដោះស្រាយ បញ្ហាទុក្ខលំបាកជូនក្រុមអាជីវករផងដែរ ៕



សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ​ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុក​មេរោគអេដស៍ និងកុមារកំព្រា ២៥០នាក់

នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ និងកុមារកំព្រា ២៥០នាក់ គ្រូ បុគ្គលិក និងពេទ្យ ចំនួន ៩១នាក់ នៅបុរីទារក និង កុមារជាតិ ស្ថិតនៅភូមិតំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយចូលរួមក្នុងកម្មវិធីនេះមានកុមារ បុគ្គលិកមកពី អង្គការសាលាទន្សាយ អង្គការហេបភីទ្រី និងអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ដែលមានទីតាំងបណ្តោះអាសន្ននៅអនុវិទ្យាល័យអនុវត្តន៍ក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ផ្តល់ក្តីអាណិត ស្រឡាញ់ មេត្តា ករុណា និងពិនិត្យសកម្មភាពប្រចាំថ្ងៃរបស់កុមារដែលនៅតាមបន្ទប់លេងល្បែងកម្សាន្ត បន្ទប់ស្តារនិតិសម្បទា បន្ទប់រស់នៅរបស់ពួកគេ ដែលជាការលើកទឹកចិត្តយ៉ាងធំធេងដល់កុមារពិការ កុមារកំព្រាទាំងនោះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ ពិសេស អ្នកស្ម័គ្រចិត្តបរទេស ដែលបានបរិច្ចាគកម្លាំងកាយ-ចិត្ត ចូលរួមមើលថែទាំកុមារទាំងនេះ ដោយក្តីអាណិត ស្រឡាញ់ ពិតៗ។ ចំពោះកុមារមកពី អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលរស់នៅតាមផ្ទះជាមួយឪពុកម្តាយ សូមបន្តចូលរួមលើកទឹកចិត្តឱ្យកុមារៗជាកូនរបស់ខ្លួន បានមកទទួលការអប់រំ បណ្តុះបណ្តាល ពីអង្គការឱ្យបានទៀងទាត់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភកុមារចំនួន ២៥០នាក់ ម្នាក់ៗ ទទួលបាន មុង១ ភួយ១ និងថវិកា ២០,០០០រៀល ដែលក្នុងនោះ មកពី បុរីទារក និងកុមារជាតិ ចំនួន ១២៥នាក់ មកពីអង្គការសាលាទន្សាយ ៤៥នាក់ មកពីអង្គការហេបភីទ្រី ១០នាក់ និងមកពីអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ចំនួន ៧០នាក់ និងឧបត្ថម្ភបុគ្គលិក គ្រូ និងពេទ្យ ចំនួន ៩១នាក់ ម្នាក់ៗទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ១០០,០០០រៀល ក្នុងនោះមកពី បុរីទារក និងកុមារជាតិ ចំនួន ៥៦នាក់ មកពី អង្គការសាលាទន្សាយ ១៣នាក់ មកពីអង្គការហេបភីទ្រី ១០នាក់ និងមកពីអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ចំនួន ១២នាក់ ព្រមទាំង ឧបត្ថម្ភអ្នកស្ម័គ្រចិត្តជនជាតិបរទេសនៃបុរីទារក និងកុមារជាតិ ចំនួន ២៥នាក់ ម្នាកៗ ថវិកា ១០០,០០០រៀល។
អង្គការចំនួនពីរ ក្នុងនោះ បុរីទារក និង កុមារជាតិ ទទួលបានការឧបត្ថម្ភជា ថវិកា ១០,០០០,០០០រៀល អង្ករ ២តោន មី ៥០កេស ត្រីខ ២០កេស សៀង(ប្រៃ, ផ្អែម) ១០០គីឡូក្រាម ឆៃប៉ូវ(ប្រៃ, ផ្អែម) ១០០គីឡូក្រាម ទឹកក្រូច ៣០កេស ទឹកបរិសុទ្ធ ៥០កេស នំធុង ២០ធុង ផ្លែប៉ោម ១០កេស ផ្លែទំពាំងបាយជូ ១០កេស ម្សៅសាប៊ូ ៦០គីឡូក្រាម សាប៊ូដុំ ៣៦០ដុំ ថ្នាំបាញ់មូស ៦០ដប ទឹកជូតឥដ្ឋ ២០ធុងតូច ឆ្នាំង ៣២ឆ្នាំង ខ្ទះធំ ២ខ្ទះ ចានដែកធំបោកខោអាវ ២ចានដែក វែកសម្ល ១៥វែក វែកឆាធំ ២វែក ពូក(មានស្រោម) ទំហំ ២ម៉ែត្រ x ២,៥ម៉ែត្រ ចំនួន ២០ពូក និងខ្នើយកើយចំនួន ១២៥ខ្នើយ។
ដោយឡែក អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលមកពីក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលបាន ថវិកា ៥,០០០,០០០រៀល មី ១០កេស ត្រីខ ២កេស ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ១០កេស ផ្លែប៉ោម ២កេស និងផ្លែទំពាំងបាយជូ ២កេស៕







សម្តេចតេជោ ហ៊ុន សែន៖ ចំណងមិត្តភាព និង សហប្រតិបត្តិការកម្ពុជា និងឥណ្ឌូនេស៊ីកាន់តែរឹងមាំ

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ បានឱ្យដឹង
ថាបន្ទាប់ពីបានអញ្ជើញវិលត្រឡប់ការជួបសំណេះ
សំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗសិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់រួចមក នៅរសៀលថ្ងៃទី១០ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក រីយ៉ាមីហ្សាដ រីយ៉ាគូឌូ (Ryamizard Ryacudu) រដ្ឋមន្ត្រីការពារជាតិ ប្រទេសឥណ្ឌូនេស៊ីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

លោក Ryamizard Ryacudu មកកម្ពុជាលើកនេះជាលើកទី៣ហើយ ដែលលើកទី១ គឺនៅសម័យ អ៊ុន
តាក់( UNTAC) ក្នុងពេលរក្សាសន្តិសុខ និងរៀបចំការបោះឆ្នោតកាលពីឆ្នាំ ១៩៩៣។ លោក Ryamizard Ryacudu បានឃើញការរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជា និងបានកោតសរសើរ សម្តេចតេជោ ដែលបានដឹកនាំរំដោះ និងកសាងប្រទេសកម្ពុជារីកលូតលាស់ដល់សព្វថ្ងៃ។
លោក Ryamizard បានបញ្ជាក់ផងដែរអំពីចំណុច សំខាន់៣នៃកិច្ចសហការដែលត្រូវ ១)ពង្រឹងនិងជំរុញការចុះ MOU អោយបានឆាប់ ២)ការទប់ស្កាត់ ISIS និង ៣)ការ ត្រួតពិនិត្យដែនសមុទ្រ។
សម្តេចតេជោ បានបញ្ជាក់ថា សហប្រតិបត្តិការលើវិស័យការពារជាតិរបស់ប្រទេសទាំងពីរគឺមានរយៈពេលជាង ១០ ឆ្នាំមកហើយ។ កន្លងទៅឥណ្ឌូនេស៊ីបានផ្តល់ជំនួយសម្ភារៈ និងបានជួយបណ្តុះបណ្តាលហ្វឹកហ្វឺនដល់នាយទាហាន
ពិសេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់ ប្រទេសឥណ្ឌូនេស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការស្វែងរកសន្តិភាពសំរាប់ប្រទេសកម្ពុជា ក្នុងទស្សវត្សរ៍ ៨០ និងដើម ៩០ ដោយសារពេលនោះ ប្រទេសឥណ្ឌូនេស៊ីគឺជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីស រួមទាំងតួនាទីក្នុងការរក្សាសន្តិភាព អំឡុងសម័យអ៊ុនតាក់។ ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើ
អនុស្សារណៈយោគយល់គ្នាបន្ថែមទៀតដែលបើកអោយ
មានកិច្ចសហប្រតិបត្តិការទូលំទូលាយលើវិស័ការពារជាតិ។
នៅថ្ងៃទី ១៩ ខែសីហា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណប្រតិភូទៅបំពេញទស្សនៈកិច្ចនៅប្រទេស Timor-Leste ដែលចំខួបលើកទី ៤៦ នៃថ្ងៃបង្កើតកងទ័ព នៃប្រទេសនេះ ក្នុងនោះគឺកម្ពុជាគាំទ្រ Timor-Leste ដើម្បីចូលជាសមាជិកអាស៊ានផងដែរ។
កិច្ចពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និង លោក Ryamizard Ryacudu នៅថ្ងៃនេះគឺបានរឹតបន្តឹង នូវចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែ ល្អរឹងមាំរវាងកម្ពុជា និង ឥណ្ឌូនេស៊ី ៕