Sunday, April 26, 2015

សម្តេចតេជោ អញ្ជើញបន្តទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ នៅទី​ក្រុង​កូឡាឡាំពួរ និងទីក្រុងឡាំងកាវី ប្រទេសម៉ាឡេស៊ី

បន្ទាប់ពីបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកកិច្ច នៃប្រជុំកំពូលអាស៊ី‑ អាហ្រ្វិក ឆ្នាំ២០១៥ និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃសន្និសីទទីក្រុងបាន់ឌុង នៅ​ទី​ក្រុងហ្សាកាតា និងទីក្រុងបាន់ឌុង សាធារណរដ្ឋឥណ្ឌូនេស៊ី រយៈពេល៥ថ្ងៃប្រកប​ដោយ​លទ្ធផល ដ៏ត្រចះត្រចង់រួចមក នៅ​រសៀលថ្ងៃទី២៤ ខែមេសា សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ​ជាន់​ខ្ពស់​រាជរដ្ឋា​ភិបាលកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងបាន់ឌុង សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុង​ដំណើរបន្តអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ នៅទីក្រុងកូឡាឡាំពួរ និង​ទីក្រុងឡាំងកាវី ប្រទេសម៉ាឡេស៊ី ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦-២៧ ខែ​មេសា​ឆ្នាំ២០១៥។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវ​បាន​ការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរាក់ទាក់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃ​ប្រទេ​ស​​ម៉ាឡេស៊ី សម្តេចរាជបុត្រី អរុណ រស្មី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេស​ម៉ាឡេស៊ី ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូតនៃប្រទេសទាំងពីរជាច្រើនរូប។


សូបញ្ជាក់ដែរថា នៅក្នុងវត្តមានរបស់សម្តេចតេជោនាយក​​រដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំ​កំពូលអាស៊ានលើកទី២៦ នៅទីក្រុងកូឡាឡាំពួរ និងទីក្រុងឡាំងកាវី ប្រទេសម៉ាឡេស៊ី គឺនៅរសៀលថ្ងៃទី២៥ ខែមេសា សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម សម រង្ស៊ី ប្រធាន​ក្រុមភាគតិចក្នុងសភា រួមគ្នាក្នុងការជួបសំណេះសំណាលជាមួយនឹង បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅបំពេញការងារ និងសិក្សានៅប្រទេសម៉ាឡេស៊ី។ 




មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​​ជម្រុញ​អោយ​​​ថ្នាក់​ដឹក​នាំ អាជ្ញាធរ​​ជាតិ​ព្រះវិហារ ដែល​​ទើប​ត្រូវ​បាន​តែង​តាំង​​ថ្មី ត្រូវមាន​វត្តមាន​​ជា​ប្រចាំ​​នៅ​ប្រាសាទ​ព្រះវិហារ

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ជម្រុញអោយ​​ថ្នាក់​ដឹកនាំ អាជ្ញាធរ​ជាតិ​ព្រះវិហារ ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី ត្រូវមាន​វត្តមាន​ជាប្រចាំ នៅ​ប្រាសាទព្រះវិហារ ដើម្បី​ធ្វើការ​ជា​ដៃគូ​ជាមួយ​ស្ថាប័ន​អន្តរជាតិ ដែលជា​គោលដៅ​ស្រប​នឹង​បេសកកម្ម​របស់អាជ្ញាធរ​ជាតិ​ព្រះវិហារ ជាពិសេស ICC-Preah Vihear ។ ការ​​ជំរុញ​បែបនេះ​ បាន​ធ្វើ​ឡើង​ក្នុងពិធីប្រកាសតែងតំាង​ចូលកាន់​តំណែងថ្មី នៃ​អាជ្ញាធរមួយ​នេះ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។​
បន្ទាប់​ពីអានព្រះរាជក្រឹត្យ ស្តីពីការតែងតំាង ថ្នាក់ដឹកនំាអាជ្ញាធរជាតិព្រះវិហាររួចមក​ ​ឯកឧត្ត  ជុច ភឿន ប្រធានកិត្តិយសអាជ្ញាធរជាតិ ដើម្បីការពារនិងអភិវឌ្ឍរម្មណីយ៏ដ្ឋានវប្បធម៌ធម្ម​ជា​តិ នៃប្រាសាទព្រះវិហារ​  បានបង្ហាញ​ពី​លទ្ធផល ដែល​អាជ្ញាធរ​ជាតិ​ព្រះវិហារ ធ្វើបាន​កន្លងមក ដែល​រួមមាន​ការត្រួតពិនិត្យ វាយតម្លៃ​ការខូចខាត នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ក្រោយ​ការ​បាញ់ប្រហារ របស់​កងទ័ព​សៀម មកលើ​ប្រាសាទព្រះវិហារ កាលពី​ឆ្នាំ ២០០៨ ដល់ ២០១១ ។  បានធ្វើការ​សង្គ្រោះបន្ទាន់ ចំពោះ​ទីតាំង​ដែល​អាច​ដួលរលំ​ប្រាសាទ ធ្វើ​កំណាយ​បុរាណ សង្គ្រោះ នៅតាម​ទីតាំង​សំខាន់ៗមួយចំនួន​របស់​ប្រាសាទ ប្រមូល​វត្ថុ​បុរាណ ពី​ការជីក​លេណ​ដ្ឋាន ពី​ការងារ​សាងសង់​ផ្លូវ និង ពី​ប្រជាពលរដ្ឋនៅក្នុង​តំបន់ រក្សាទុក​នៅក្នុង​សារមន្ទីរធម្មជាតិ​សកល សម្តេច​តេ​ជោ​ហ៊ុនសែន ព្រះវិហារ សំអាត និងថែទាំ​ជាប្រចាំ​បរិវេណ​ប្រាសាទ​ព្រះវិហារ និង បណ្តោយ​ជណ្តើរ​បុរាណ​ខាងកើត អភិរក្ស ការពារ​ភ្លើង ឆេះ​ព្រៃ​នៅក្នុង​តំបន់​អភិរក្ស​ទាំងមូល ។ ក្រៅ​ពី​នេះ​ បាន​សហការ​ជាមួយ ក្រុមការងារ​ពិសេស​ថ្នាក់ជាតិ ចុះ​បោះ​បង្គោល​អភិរក្ស សម្រាប់​តំបន់​ទាំង​បួន នៃ​រមនីយដ្ឋាន​ប្រាសាទព្រះវិហារ ស្តារ​បារាយណ៍​សុរិយ​ត​ដាក និង សិក្ខា​រត​ដាក ក៏ដូចជា សាងសង់​ជណ្តើរ​ឈើ ស្របតាម​ជណ្តើរ​បុរាណ ការរៀបចំ​ផ្សារ​ជើង​ប្រាសាទ ដែល​ត្រូវបាន​បំផ្លាញ ដោយ​ទាហាន​សៀម​។​
​ក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​មានប្រសាសន៍ថា​៖ បញ្ហា​ចម្បង ដែល​អាជ្ញាធរ​ជាតិ​ព្រះវិហារ ត្រូវធ្វើ​មុនដំបូង​បំផុត គឺ​ការកសាង​លំនៅដ្ឋានសម្រាប់​មន្ត្រី នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​ឲ្យ​មន្ត្រី​អាច​ស្នាក់នៅ និង​ធ្វើការ​បាន ព្រោះ​យើង​មិនអាច​បន្ត​ឲ្យ អ្នក​បុរាណ​វិទូ និង​មន្ត្រី​អាជ្ញាធរ​ជាតិ ស្ថិត​នៅតែ​ទីក្រុង​ភ្នំពេញនោះទេ ។ ​ ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី បាន​​សង្កត់​ធ្ងន់ថា​៖ "​ក្នុង​មួយ​សប្តាហ៍ មន្ត្រី​អាជ្ញាធរ​ព្រះវិហារ ស្ថិតនៅ​ភ្នំពេញ ៦ ថ្ងៃ​ទៅហើយ ដូចនេះកិច្ចការ​ស្រាវជ្រាវ កិច្ច​អភិរក្ស ពិតជា​មិន​អាច​ទៅមុខ​បានទេ វា​ទាមទារ​ឲ្យ​មានការ​លះបង់​ខ្ពស់ ខាំ​ស្មៅ ហ៊ាន​ធ្វើ ពលី​កម្ម ដើម្បី​បេតិកភណ្ឌ​ជាតិ ទើប​អាចទៅរួច "​។
​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ​​ អាន បាន​មាន​ប្រសាសន៍​​ថា ICC-Preah Vihear ត្រូវបាន​បង្កើតឡើង ដោយមាន​ប្រទេស​មហាអំណាច​ពីរ ជា​សហ​ប្រធាន​គឺ ចិន និងឥណ្ឌា រួមជាមួយ​ប្រទេស​ចំនួន ៩ ជា​សមាជិក និង​អង្គការ​អន្តរជាតិ​ជិត ២០ បាន​ចូលរួម ហើយ​យើង​សង្ឃឹមថា ICC-Preah Vihear ក៏​និង​ទទួលបាន​នូវ​ថវិកា​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេ​រិ​ក​ផងដែរ ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទព្រះវិហារ ។    
ជាមួយ​គ្នា​នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ត្រូវខិតខំ​បន្តទៀត ដើម្បី​ធ្វើ​ឲ្យ​ទទួលបានជោគជ័យ ដូច​ប្រាសាទអង្គរវត្ត ហើយ​មានលទ្ធភាព​ទាក់​ទាញ​​ភ្ញៀវឲ្យ​ទៅ​ទស្សនា​ប្រាសាទព្រះវិហារឲ្យ​បាន​ច្រើន​ដូចជា ប្រាសាទអង្គរវត្ត​ផងដែរ ហើយក៏​បាន​ឲ្យ​​បន្ត​ជំរុញ​ការងារ សិក្សា​ស្រាវជ្រាវ ចងក្រង​ឯកសារ សម្រាប់​ការអភិរក្ស ពង្រឹង​សក្តា​នុ​ពល តំបន់​រមណីយ​ដ្ឋាន ប្រាសាទព្រះវិហារ សម្រាប់​ទេសចរណ៍ ​និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ ជាមួយ​គ្រប់​ស្ថា​ប័ន​រដ្ឋ និង ឯកជន ជាពិសេស​អង្គភាព​កងទ័ព នគរបាល អាជ្ញាធរ​ដែនដី និង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​​ធានា​កិច្ចការ​អភិរក្ស ទប់ស្កាត់​ការជួញដូរ​វត្ថុ​បុរាណ និង​បន្ត​អភិរក្ស​ព្រៃឈើ និង​ជួស​ជុល​ប្រាសាទព្រះវិហារ ឲ្យ​បាន​ជោគជ័យ ។
​​ឯកឧត្តម គឹម សេ​តារា ដែល​ត្រូវបាន​រាជរដ្ឋាភិបាល ផ្តល់​ទំនុកចិត្ត​ឲ្យ​ធ្វើជាប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ប្តេជ្ញា​ថា​៖ នឹងបន្ត​ដឹកនាំ និង​ពង្រឹង​ការបំពេញ​បេសកកម្ម ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ដែល​រាជរដ្ឋាភិបាលបានប្រគល់​ជូន នៅក្នុង​ស្ថាប័ន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ផ្អែកលើ​គោល​ការណ៍ ការពារ​ផលប្រយោជន៍​ជាតិ​ជាធំ សាមគ្គីភាព​ផ្ទៃក្នុង និងក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​បន្ត​ជម្រុញ​ការអនុវត្ត​ការងារ ឲ្យ​មាន​និរន្តរភាព និង​ប្រសិទ្ធភាព និង ការធ្វើ​ឲ្យ​មាន​សុខដុម​នីយកម្ម នៅ​តំបន់​នោះ ៕