Friday, April 07, 2017

ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្ត ចំរើនព្រះបរិត្ត និងរាប់បាត្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៧ នេះ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្ត ចំរើនព្រះបរិត្ត និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៧អង្គ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ដោយមានការអញ្ជើញចូលរួមពី លោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាល ព្រមទាំងសប្បុរសជនជាច្រើននាក់។
ស្ថិតក្នុងឱកាសឆ្នាំថ្មីនេះ សូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរជូន លោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




លោក អ៊ិត សំហេង៖ កម្រិតជំនាញវិជ្ជាជីវៈនៅកម្ពុជា បើធៀបនឹងប្រទេសក្នុងតំបន់ គឺប្រហាក់ប្រហែលគ្នា

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ បានអះ​អាងថា កម្រិតជំនាញវិជ្ជាជីវៈរបស់កម្ពុជាបើប្រៀបធៀបនឹងប្រទេសនៅក្នុងតំបន់គឺមានប្រហាក់ប្រហែលគ្នា។ លោករដ្ឋមន្រ្តី បានថ្លែងដូចនេះ នៅក្នុងសិក្ខាសាលាត្រីភាគី ស្តីពីការពិនិត្យឡើងវិញប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៦-២០១៨ នៅសណ្ឋាគារភ្នំពេញ។

ក្រោយពិធីបើកសិក្ខាសាលាត្រីភាគី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា គិតមកដល់ ពេលនេះ បើនិយាយអំពីការដោះស្រាយការងារនៅកម្ពុជា ស្ថិតក្នុងស្ថានភាពល្អប្រសើរណាស់ ខណៈដែលកំណើនសេដ្ឋកិច្ចរបស់យើងក្នុងអត្រា ៧% ហើយការងារក្នុងប្រទេសមាន ចំនួន ៩៩.៣% គឺមានន័យអត្រាការងារធ្វើ គឺខ្ពស់ណាស់។

លោក អ៊ិត សំហេង លើកឡើងថា គោលដៅសម្រាប់ឆ្នាំ២០១៧និងការកំណត់បញ្ហាប្រឈមសំខាន់ៗ គឺជំរុញ ការអនុវត្តសម្រេចឱ្យបានជោគជ័យលើកម្មវិធីការងារសមរម្យសម្រាប់កម្ពុជាឆ្នាំ២០១៦–២០១៨ បន្តទៀត៕


លោក ប៉ាន សូរស័ក្តិ៖ កម្ពុជាបានអនុវត្តន៍កាតព្វកិច្ចជាង៤០%នៃកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មអង្គការពាណិជ្ជកម្មពិភពលោក

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានថ្លែងបញ្ជាក់ថា កម្ពុជាបានអនុវត្តន៍ជាង ៤០% សម្រាប់បញ្ញត្តិផ្នែក A នៃកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម (TFA) របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ខណៈដែលបញ្ញត្តិផ្នែក B និង C ផ្តោតលើការងារកំណែទម្រង់អាទិភាពនឹងត្រូវជូនដំណឹងទៅកាន់អង្គការ WTO ដើម្បីកៀរគរជំនួយបច្ចេកទេសនាពេលខាងមុខ។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក លោករដ្ឋមន្រ្តី បញ្ជាក់ថា ការអនុវត្តន៍ TFA នឹងកាត់បន្ថយចំណាយលើពាណិជ្ជកម្មសាកល ជាមធ្យមប្រហែល ១៤,៣% ក្នុងនោះ ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួចនឹងទទួលបានផលប្រយោជន៍ច្រើនពីការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងនេះដោយសារប្រទេសទាំងនោះ បានចំណាយខ្ពស់លើការធ្វើពាណិជ្ជកម្ម។ TFA ត្រូវបានចូលជាធរមាននៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៧ ក្រោមការផ្តល់សច្ចាប័នចំនួន ១១២ ដែលស្មើនឹង ២/៣ ក្នុងចំណោមសមាជិក១៦៤ប្រទេសនៃអង្គការ WTO។ «TFA គឺជានីតិវិធីថ្មីទាក់ទងនឹងព្រំដែន, វិធីសាស្ត្រ និងកាតព្វកិច្ចដែលតម្រូវឲ្យរដ្ឋាភិបាលអនុវត្តន៍»។
កិច្ចព្រមព្រៀងនេះ ផ្តល់នូវតម្លាភាពផ្នែកច្បាប់វិធាននិងនីតិវិធីព្រមទាំងសមភាពក្នុងការសម្រេចចិត្តរបស់ភ្នាក់ងារតាមព្រំដែនសម្រួលការបំពេញបែបបទគយនិងកាត់បន្ថយឧបសគ្គរដ្ឋបាលសម្រាប់ការដឹកទំនិញឆ្លងកាត់។ ប្រទេសកម្ពុជាបានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចទី៨ និងជាសមាជិកទី៦៩ របស់អង្គការ WTO ដែលបានផ្តល់សច្ចាប័នលើពិធីសារនៃវិសោធនកម្ម TFA កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។
ការផ្តល់សច្ចាប័ននេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មទាំងនៅថ្នាក់តំបន់និងសកលលោក តាមរយៈការស្វែងរកវិធីពន្លឿនការដឹកទំនិញការបញ្ចេញទំនិញនិងការសម្រួលបែបបទគយព្រមទាំងការដឹកទំនិញឆ្លងកាត់ព្រំដែន៕

ក្រុមហ៊ុនវិនិយោគទេសចរណ៍ធម្មជាតិអន្តរជាតិ CaHeng របស់ចិនចាប់អារម្មណ៍ខ្លាំងនឹងការបណ្តុះបណ្តាលសិល្បៈរបស់កុមារនៅភូមិធម្មជាតិរុនតាឯក

ក្នុងឱកាសនាំយកសម្ភារៈសិក្សា និងសម្ភារៈកីឡា ទៅឧបត្ថម្ភសិស្សានុសិស្សនៅសាលាបឋមសិក្សាជាលាធំ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនវិនិយោគទេសចរណ៍ធម្មជាតិអន្តរជាតិ CaHeng (CaHeng International Cultural Tourism Investment Co., Ltd.) បានចាប់អារម្មណ៍យ៉ាងខ្លាំងលើការសម្តែងសិល្បៈរបស់ក្រុមកុមារ ដែលត្រូវបានបណ្តុះបណ្តាលនៅក្នុងភូមិធម្មជាតិរុនតាឯកផ្ទាល់។
លោក Gan Chengmao ប្រធានគម្រោងអាណាចក្រអង្គរ នៃក្រុមហ៊ុនវិនិយោគទេសចរណ៍ធម្មជាតិអន្តរជាតិ CaHeng បញ្ជាក់ថា លោកពិតជារីករាយដែលបានរួមចំណែកក្នុងការជួយឧបត្ថម្ភក្មេងៗលើការសិក្សារបស់ពួកគេ។ ជាពិសេស លោកពិតជាពេញចិត្តលើការសម្តែងសិល្បៈប្រពៃណីរបស់កុមារ។ លោកមានគម្រោងនឹងបន្តជួយលើការបណ្តុះបណ្តាលវិស័យសិល្បៈនៅភូមិធម្មជាតិរុនតាឯកជាបន្តទៀត ដែលនឹងជំរុញឲ្យពួកគេក្លាយជាសិល្បករអាជីពនាពេលអនាគត ហើយអាចចេញទៅសម្តែងនៅក្រៅប្រទេសបានទៀតផង។
លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ និងជាអនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក មិនផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ អាជ្ញាធរជាតិអប្សរាបានគិតគូរផងដែរលើវិស័យអប់រំ។ បច្ចុប្បន្ន នៅភូមិនេះមានសាលាបឋមសិក្សាមួយខ្នង៦បន្ទប់ និងមានសិស្សានុសិស្សសរុប៧៦នាក់។ បន្ថែមលើការបណ្តុះបណ្តាលរបស់ក្រសួងអប់រំ ក្រុមការងារក៏បានរៀបចំបង្កើតការបង្ហាត់ផ្នែកសិល្បៈបុរាណ ដែលមកទល់នឹងសព្វថ្ងៃមានសិស្សចំនួន២០រូប និងអ្នកគ្រូស្ម័គ្រចិត្តចំនួន៣រូប។ របាំសិល្បៈដែលបានហាត់អាចសម្តែងបានមាន៣មុខគឺ របាំថ្វាយផ្កា របាំច្រូតស្រូវ និងរបាំត្រុដិ។ លោកបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ពិតជាស្វាគមន៍រាល់ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីចូលរួមការបណ្តុះបណ្តាលនៅទីនេះ ក្នុងន័យធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅទីនេះមានជីវភាពរស់នៅធូរធារសម្បូរសប្បាយ៕




ចិនទទូចឱ្យបើកការស៊ើបអង្កេតដោយយកចិត្តទុកលើការវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរី

បែលហ្សិក៖ កាលពីថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៧ អ្នកតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការស៊ើបអង្កេតដ៏ទូលំទូលាយចំគោលដៅ និងត្រឹមត្រូវមួយចំពោះការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសស៊ីរី។

លោក លាវ ជីយី ប្រេសិតពិសេសរបស់ចិនបានធ្វើសេចក្ដីអធិប្បាយបែបនេះ នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក ស្ដីពីការវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃអង្គារកន្លងទៅ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា មនុស្សយ៉ាងហោច ៧០នាក់ត្រូវបានសម្លាប់ និង ២០០នាក់ផ្សេងទៀតរងរបួស អំឡុងការវាយប្រហារដោយឧស្ម័នពុលក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ស្ថិតនៅខេត្តភាគពាយព្យអ៊ីដលីបប្រទេសស៊ីរី។

លោក លាវ បាននិយាយថា ចិនមានការរន្ធត់យ៉ាងខ្លាំងចំពោះការប្រើប្រាស់នូវអាវុធគីមី ដែលធ្វើឱ្យគ្រោះថ្នាក់យ៉ាងច្រើនមហិមាមកលើជនស៊ីវិល។ លោកបន្តថា មាននូវករណីប្រើប្រាស់គីមីជាវុធច្រើនណាស់នៅក្នុងប្រទេសស៊ីរី ហើយចិនគាំទ្រឱ្យអង្គការហាមប្រាមការសាយភាយអាវុធគីមី និងទីភ្នាក់ងារពាក់ព័ន្ធដទៃទៀតរបស់អង្គការសហប្រជាជាតិ បើកការស៊ើបប្រកប​ដោយតម្លាភាព ភាពត្រឹមត្រូវ និងទូលំទូលាយលើករណីមួយនេះ។ ប្រេសិតពិសេសរបស់ចិនរូបនេះបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងសូមធ្វើការជំទាស់ដាច់អហង្ការ ចំពោះការប្រើប្រាស់នូវអាវុធគីមីដោយប្រទេសណាមួយ ឬអង្គការណាមួយទោះក្រោមកាលៈទេសៈបែបណាក៏ដោយ៕




រដ្ឋាភិបាលអនុម័តគោលនយោបាយចលនាជំរុញភូមិមួយផលិតផលមួយ

លោក ជា សំណាងអគ្គលេខាធិការគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយបានថ្លែងថារដ្ឋាភិបាល​អនុម័ត​គោលនយោបាយ​ចលនា​ជំរុញ​ភូមិ​មួយ​ផលិតផល​មួយ។ លោក បានថ្លែងដូចនេះ នៅក្នុងឱកាសការប្រកាសដាក់ឱ្យដំណើរការនូវគោលនយោបាយនាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។
លោក បានថ្លែងថា គោលនយោបាយនេះមានគោលដៅជំរុញការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម ឬសេវានៅតាមភូមិឋានឬសហគមន៍ ទាំងការផលិត ទាំងការកែច្នៃ ព្រមទាំងការវេចខ្ចប់ និងការអភិវឌ្ឍផលិតផលមួយ ឬច្រើនដើម្បីបង្កើនតម្លៃបន្ថែម និងស្វែងរកទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗឱ្យឡើងខ្ពស់ កាត់បន្ថយភាពក្រីក្រ ប្រជាជនឱ្យបានឆាប់រហ័សដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោក ហាស វង់ដារ៉ា អគ្គលេខារងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ បានថ្លែងថា គោលនយោបាយជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ សមស្របនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ជាអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ថា វាមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
គោលនយោបាយនេះ បានផ្ដោតសំខាន់លើចំណុចសំខាន់ៗចំនួនបី ដូចជា១- គិតជាសាកលដល់មូលដ្ឋាន ២- ការពឹងផ្អែកលើខ្លួនឯង ៣- ការច្នៃប្រឌិតឱ្យរស់រវើកធ្វើយ៉ាងណាឱ្យភូមិមួយ មានផលិតផលមួយយ៉ាងតិច និងផលិតឲ្យបានច្រើន ព្រោះការផលិតបានច្រើននឹងធ្វើឱ្យថ្លៃដើមនៃការផលិតមានតំលៃទាប និងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើយុវជនជាអ្នកបន្តវេន។ លោកបន្តថា រហូតមកទល់ពេលនេះកម្ពុជា មិនទាន់មានចលនាភូមិមួយផលិតផលមួយនៅឡើយទេ ដែលការងារនេះថ្នាក់ខេត្ត រាជធានីជាអ្នកត្រូវរៀបចំនិងលើកសំណើរមកកាន់គណកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយពិនិត្យនិងសម្រេច។

លើសពីនេះ គណកម្មាធិការនេះ ក៏នឹងផ្តោតលើការងារសំខាន់ជាច្រើនទៀតដូចជា ការលើកកម្ពស់ការយល់ដឹងដល់សិប្បករ ឧស្សាហករ ការពង្រឹងស្ថាប័ន ការអភិវឌ្ឍន៍ធនធានមនុស្ស ការស្រាវជ្រាវនិងអភិវឌ្ឍន៍ទីផ្សារ ប្រភពទុនជាដើម។ លោកបន្តថា គោលនយោបាយជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក៏នឹងដាក់ចេញនូវយុទ្ឋសាស្ត្រចំនួន១៥បន្ថែមទៀត តាមរយៈយន្តការផលិតផលដំបូង កែច្នៃ និងការរកទីផ្សារ៕


លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ដោយសារសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើនទើបអាចទាក់ទាញអ្នកវិនិយោគអន្តរជាតិជាច្រើនចូលមកវិនិយោគនៅកម្ពុជា

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តានិងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា បានថ្លែងថាដោយសារសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើនទើបអាចទាក់ទាញអ្នកវិនិយោគអន្តរជាតិជាច្រើនចូលមកវិនិ យោគនៅកម្ពុជា។ លោក បានថ្លែងដូចនេះក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីការជំរុញចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០១៦-២០២៦ ដែលបានប្រារព្វធ្វើឡើងនៅអគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី ៦ ខែ មេសាឆ្នាំ២០១៧

លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាមានភាពរីកចម្រើន សេដ្ឋកិច្ចកម្ពុជាមានការលូតលាស់ ដែលបានទាក់ទាញអ្នកវិនិយោគអន្តរជាតិជាច្រើនចូលមកវិនិយោគនៅកម្ពុជា ហើយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនត្រឹមតែនាំមកនូវសុខសន្តិភាព អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនោះទេ ប៉ុន្តែ បានធ្វើឱ្យកម្ពុជាមានកិត្យានុភាពលើឆាកអន្តរជាតិ

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា គោលនយោបាយនេះ ត្រូវដឹកនាំដោយអភិបាលខេត្ត រាជធានីនីមួយៗដែលនឹងដើរតួនាទីជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ដើម្បីរួមចំណែកជំរុញការប្រើប្រាស់ផលិតផលខ្មែរ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយចិរភាព




សាលាឧទ្ធរណ៍ លើកពេលបើកសវនាការ រឿងប្តឹងជំទាស់របស់ លោក ហុង សុខហួរ ដោយសារអវត្តមានមេធាវី

នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍ ត្រូវបើកសវនាការ ជំនុំជម្រះសំណុំរឿងប្តឹងជំទាស់របស់ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី ចំពោះសាលក្រមសាលាដំបូង ដែលកាត់ទោសលោក ឲ្យជាប់គុក៧ឆ្នាំ។ ប៉ុន្តែសវនាការនេះ ត្រូវលើកពេលឡើងវិញ ដោយសារតែអវត្តមានមេធាវី លោក ជួង ជូងី។ នេះបើតាមការអះអាងរបស់មន្រ្តីតុលាការ។
សូមរំលឹកផងដែរថា លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស រួមមានបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី។
តុលាការសម្រេចផ្តន្ទាទោសលោក ហុង សុខហួរ ដាក់ពន្ធនាគារ៧ឆ្នាំ មិនពិន័យជាប្រាក់ទេ។ លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះនូវឯកសារ មួយស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រ Facebook របស់លោក សម រង្ស៉ី ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាជាឯកសារក្លែងក្លាយ៕




អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) លោក Li Yong ស្នើសុំឱ្យកម្ពុជាគួរសិក្សានិងមានយុទ្ធសាស្ត្រធ្វើយ៉ាងណាកុំឱ្យតម្លៃពលកម្មខ្ពស់ពេក

លោក Li Yong អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) បានស្នើសុំឱ្យកម្ពុជាគួរសិក្សានិងមានយុទ្ធសាស្ត្រធ្វើយ៉ាងណាកុំឱ្យតម្លៃពលកម្មខ្ពស់ពេក។ លោក បាន​ថ្លែងដូចនេះ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ក្នុងឱកាសចូលជួបសម្តែងការគួរសម និង​ពិភា​ក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននៅវិមានសន្តិភាព
លោក Li Yong បានកោតសរសើរចំពោះការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ UNIDO បានគៀងគរអ្នកវិនិយោគវិស័យឧស្សាហកម្មជាច្រើនមកបណ្តាក់ទុននៅកម្ពុជា ហើយការវិនិយោគទាំងនោះ គឺមិនមែននាំមកនូវតែហិរញ្ញវត្ថុទេ តែក៏បាននាំមកជាមួយនូវបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញដល់ធនធានមនុស្សនៅកម្ពុជាផងដែរ។ លោក Li Yong ក៏បានស្នើសុំឱ្យកម្ពុជាគួរសិក្សានិងមានយុទ្ធសាស្ត្រ ធ្វើយ៉ាងណាកុំឱ្យតម្លៃពលកម្មខ្ពស់ពេក ជាក់ស្តែងដូចជានៅក្នុងប្រទេសចិន ដោយសារតម្លៃពលកម្មមានតម្លៃខ្ពស់ បានធ្វើឱ្យអ្នកវិនិយោគផ្លាស់ប្តូរការវិនិយោគ និងធ្វើឱ្យប្រជាពលរដ្ឋជាង២០០លាននាក់បាត់បង់ការងារធ្វើ។
នៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានឆ្លងកាត់ដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ច ចាប់តាំងពីយុទ្ធសាស្រ្តសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី និងមានកំណើនសេដ្ឋកិច្ចរង្វង់៧.៧%ប្រចាំឆ្នាំដូចពេលនេះ។ កម្ពុជា មានធនធានដើមជាច្រើន ដូចជាអង្ករ ដំឡូង និងកៅស៊ូជាដើម ដែលជាកត្តាធ្វើឱ្យមានតម្លៃបន្ថែមសម្រាប់វិស័យឧស្សាហកម្ម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យអង្គការ UNIDO ជួយជំរុញអ្នកវិនិយោគវិស័យឧស្សាហកម្មមកកម្ពុជាបន្ថែមទៀត និងជួយជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់កម្ពុជា ស្របទៅនឹងទស្សន:វិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។ ទោះជាយ៉ាងណា ប្រទេសកម្ពុជានៅតែ ដាក់ចេញនូវយុទ្ធសាស្រ្តនិងគោលនយោបាយជាច្រើន ដូចជាគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ តែម្តង ដែលនឹងអាចបង្កើតការងារថ្មីជាច្រើនដល់ប្រជាពលរដ្ឋដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ៕




ឧប​នាយករដ្ឋម​ន្ត្រី ម៉ែន សំអន អនុញ្ញាត​ឲ្យគណៈ​កម្មាធិការ​មជ្ឈឹម​បក្សកុម្មុយ​​នីស្ត​ចិន ​ចូល​ជួប ពិភាក្សា​ការងារ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអនុញ្ញាតឲ្យ លោកជំទាវ ស៊ុន ចាន់ឡាន សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងកិច្ចការរណសិរ្ស គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅ សណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ។
លោក ម៉ែន សំអន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនៈកិច្ចរបស់គណប្រតិភូ ហើយបានវាយតម្លៃខ្ពស់ចំពោះទស្សនៈកិច្ចរបស់គណៈប្រតិនេះ ថានឹងបានរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្សរដ្ឋាភិបាលរវាងប្រជាជននៃប្រទេសទាំងពីរ។
លោកជំទាវក៏បានផ្តាំផ្ញើរនូវការពាំនាំនូវការសួរ សុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាជូនថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិនផងដែរ។ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្រទាំងឡាយរបស់ប្រទេសចិន មកលើប្រទេសកម្ពុជា ជាពិសេស ការវនិយោគរបស់ប្រទេសចិនលើគ្រប់វិស័យមកលើប្រទេសកម្ពុជា ដែលជំរុញឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងច្រើន អំពីការវិនិយោគរបស់ប្រទេសចិនមកលើកម្ពុជា។
លោកជំទាវក៏បានជូនពរឲ្យលោកជំទាវ និងក្រុមការងារទទួលបានជោគជ័យក្នុងអំឡុងពេលបំពេញទស្សនៈកិច្ចនៅកម្ពុជា៕






បក្សីចាំក្រុង៖ រាំអញ្ចេកនយោបាយ!

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកបក្សីចាំក្រុង​ បានបង្ហោះផ្សាយនូវអត្ថបទ មួយដែលមានចំណងជើងថា «រាំអញ្ចេកនយោបាយ!» ដែលមានខ្លឹមសារដូចខាងក្រោម៖
កាលពីថ្ងៃទី០៥ មេសា ២០១៧ រាជការបានឆ្លើយតបទៅបក្សព្រះអាទិត្យដោយបញ្ជាក់ថា ទទួលស្គាល់ កឹម សុខា ជាប្រធានបក្សព្រះអាទិត្យ ប៉ុន្តែមិនទទួលស្គាល់អនុប្រធានទាំង ៣ រូបដែលជ្រើសតាំងដោយគណៈនាយករបស់បក្សព្រះអាទិត្យទេ។ តើហេតុអីទៅ? អ្នកវិភាគខ្លះនិយាយទាំងបិទភ្នែកថា ជារឿងនយោបាយ ចោទថាជាការយាយីធ្វើបាបដល់បក្សព្រះអាទិត្យ ហើយអាចមានចេតនាបំបែកបំបាក់ក្បាលម៉ាស៊ីនបក្សព្រះអាទិត្យទៀត។ ម្យ៉ាងផស់គេ ព្រោះគេហៅថា សុទ្ធតែបណ្ឌិត ឬអ្នកវិភាគនយោបាយទៅហើយ ហើយក៏មិនជឿថាបណ្ឌិតនិងអ្នកវិភាគទាំងនោះមិនចេះអក្សរ ឬមិនចេះអានប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈបក្សព្រះអាទិត្យដែរ។ ប៉ុន្តែ នៅពេលអានប្រការ ៤៧ ថ្មី ទើបដឹង ទើបយល់ថា បក្សព្រះអាទិត្យបែបបែកស្លុយទេមើល​ទៅព្រោះសរសេរក្នុងលក្ខន្តិកៈផ្សេងដល់អនុវត្តផ្សឹង ទៅឯណាឯណីនោះវិញ! អាចលក្ខន្តិកៈ ពួកអ្នកប្រាជ្ញច្រមុះស្រួចសរសេរឱ្យដល់ពេលអនុវត្ត គឺអ្នកមិនប្រាជ្ញ ហើយច្រមុះមិនស្រួច ទើបបានជាបែកស្លុយយ៉ាងនេះ!
បក្សព្រះអាទិត្យសរសេរក្នុងប្រការ ៤៧ ថ្មីនៃលក្ខន្តិកៈថា នៅពេលប្រធានបក្សលាលែង គឺអនុប្រធានបក្សឡើងធ្វើប្រធានបក្សជាស្វ័យប្រវត្តិ។ ដូចនេះ កឹម សុខា ដែលពីមុនជាអនុប្រធានបក្ស ក្រោយលោក សម រង្ស៊ីលាលែងពីប្រធានបក្សត្រូវឡើងធ្វើប្រធានបក្សជំនួសលោក សម រង្ស៊ី រហូតដល់ចប់អាណត្តិ។ តើត្រូវ ឬមិនត្រូវ បើប្រការ ៤៧ ថ្មី របស់បក្សនេះ សរសេរមកយ៉ាង​នេះ!
បក្សព្រះអាទិត្យសរសេរក្នុងប្រការ ៤៧ ថ្មីនៃលក្ខន្តិកៈទៀតថា បើគ្មានអនុប្រធានគណបក្ស គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីយ៉ាងតិចមួយរូប ក្នុងរយៈពេល ៣០ ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០%+១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្សរហូតដល់​ចប់អាណត្តិ។ លោក សម រង្ស៊ី លាលែងពីប្រធានបក្សព្រះអាទិត្យថ្ងៃទី១១ កុម្ភៈ ២០១៧ ហើយគណៈនាយករបស់បក្សព្រះអាទិត្យជ្រើសរើសលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ថ្ងៃទី ០២ មេសា មានន័យថា ការជ្រើសរើសនេះ ធ្វើឡើង ៥០ ថ្ងៃ ក្រោយលោក សម រង្ស៊ី លាលែងពីប្រធានបក្ស (មានន័យថាលើសរយៈពេល៣០ថ្ងៃហើយ)។ ចុះបើបក្សព្រះអាទិត្យសរសេរក្នុងប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈយ៉ាងដូច្នេះ ចុះហេតុអ្វីបានជាធ្វើផ្សេងទៅវិញ! សរសេរផ្សេង ធ្វើផ្សឹង! ខ្លួនឯងជាអ្នកបង្កើតច្បាប់សម្រាប់ខ្លួនឯង ហើយខ្លួនឯងជាអ្នកអនុវត្តច្បាប់របស់ខ្លួនឯងខុសដោយខ្លួនឯង តើឱ្យទៅបន្ទោសអ្នកណា?
រាជការ មានតួនាទីក្នុងការត្រួតពិនិត្យមើលថា តើការជ្រើសរើសប្រធាន និងអនុប្រធានបក្ស ស្របទៅនឹងលក្ខន្តិកៈដែលបក្សនោះបានសរសេរ និងបានយកតម្កល់ទុកនៅរាជការដែរ ឬទេ? នេះ ជាច្បាប់រាជការ! ថ្ងៃមុន អ្នកកាសែតដ៏មហិមារបស់អាស៊ីសេរី ដែលល្បីថាបានរៀនចប់សាលាវិទ្យាសាស្រ្តនយោបាយស្អីគេនោះ បែរធ្វើជាបែកស្លុយ ធ្វើជាមិនដឹងខ្យល់សួរបែបបំភ្លៃ បែបបំភ័ន្តរឿងលក្ខន្តិកៈគណបក្សនេះ ដោយប្រៀបធៀបរឿងតម្កល់លក្ខន្តិកៈតាមច្បាប់រាជការនេះ ទៅជារឿងកិច្ចសន្យាប្តីប្រពន្ធឯណាឯណោះឆ្កុយទៅវិញ។ លក្ខន្តិកៈបក្សនយោ​បាយ គឺច្បាប់រាជការតាំងពីដូនតាមក តម្រូវឱ្យតម្កល់នៅរាជការដើម្បីផ្ទៀងផ្ទាត់ត្រួតពិនិត្យក្រែងមានបក្សទំនើងបែកស្លុយខុសក្បួនតម្រា។ ឯរឿងប្តីប្រពន្ធអត់មានច្បាប់រាជការណាតម្រូវឱ្យយកទៅតម្កល់ដូចករណីរបៀបនេះទេ តែបើកុំចង់ឱ្យបែកស្លុយ ម៉ិចមិនប្រៀបធៀបជាមួយរឿងក្រុមហ៊ុនដែលរាជការតម្រូវឱ្យតម្កល់លក្ខន្តិកៈនៅរាជការដែរ!
អ្នកវិភាគបែកស្លុយខ្លះថា រាជការលូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បក្សព្រះអាទិត្យ។ អាចដែរ! តែខំប្រឹងរកមើលដែរ ថាតើលូកលាន់ដូចម្តេច? ជ្រៀតជ្រែកយ៉ាងម៉េច? ដល់យកប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈបក្សព្រះអាទិត្យមកមើល ឃើញតែរឿងបក្សនេះបែកស្លុយដោយខ្លួនឯងទាំងអស់ សរសេរច្បាប់ដោយខ្លួនឯង អនុវត្តច្បាប់ខ្លួនឯងខុសដោយខ្លួនឯង! ដល់ពេលខុសទៅ មិនហ៊ានសារភាពថាខ្លួនឯងខុសទេ ខ្លាចខ្មាសគេ ខ្មាសមហាជន ព្រោះខុសម្តងហើយម្តងទៀត ហើយសុំឱ្យរាជការបង្ហាញផ្លូវថា ធ្វើម៉េចកុំឱ្យខុសទៅនឹងច្បាប់ដែលបក្សព្រះអាទិត្យជាអ្នកសរសេរដោយខ្លួនឯងទៅវិញ។ ធ្វើដូចកូនក្មេងដែលទើបរៀនថ្នាក់ទី១ ដែលមិនយល់អ្វីដែលខ្លួនឯងសរសេរ! ដល់ខុសម្តងហើយម្តងទៀត ខុសជាន់លើខុស វ៉ល់ពេញក្នុងបន្ទាយ វ៉ល់ពេញពិភពនយោបាយ! ដល់ចឹងទៅ ទាំងអ្នកនយោបាយបក្សព្រះអាទិត្យ ទាំងអ្នកវិភាគមិនគ្រប់គ្រឿង នាំគ្នានិយាយបែបបែកស្លុយគ្រប់គ្នា!
បក្សីចាំក្រុងមានយោបល់តូចមួយ៖ «បើមិនសូវចេះ កុំធ្វើខ្លួនជាអ្នកចេះ។ បើមិនសូវយល់ កុំសរសេរឱ្យហួសសមត្ថភាព សរសេរឱ្យសាមញ្ញ ត្រឹមកម្រិតសមត្ថភាពដែលខ្លួនអាចយល់ដោយស្រួលស្រួល។» បើមិនចេះរាំទេ សូមប្រាប់ថា គេរាំអញ្ចេះ តាមលំនាំបទ «រាំអញ្ចេក» របស់តារាចម្រៀង ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា ដែលកំពុងពេញនិយមនារដូវសង្រ្កាន្តឆ្នាំថ្មីនេះ។
ដោយ៖ បក្សីចាំក្រុង  ស្រុកមេមត់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧

ហ្វេសប៊ុកចៅចាក់ស្មុក៖ តវ៉ាមិនត្រូវ គឺមានតែត្រូវព្រនង់

នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវ អត្ថបទមួយដែលមានចំណងជើងថា «តវ៉ាមិនត្រូវ គឺមានតែត្រូវព្រនង់» ដែលមានខ្លឹមសារដូច ខាងក្រោម៖
បន្ទាយភ្លើងទៀន និងបន្ទាយព្រះច័ន្ទ ហាក់ដូចជាកំពុងបំពានច្បាប់ ដែលមានជាធរមាន ខណៈព្យាយាមតវ៉ាទៅរាជការក្រសួងមហាផ្ទៃអំពីការកាត់ប្រាក់ខែ មេឃុំក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សទាំងពីរ ពេលដែលពួកគាត់មកឈរឈ្មោះឱ្យបន្ទាយព្រះអាទិត្យដែលមេដឹកនាំបន្ទាយទាំងពីររកស៊ីចូលហ៊ុនដាក់បក្សរួមគ្នា។
យោងតាមច្បាប់ ពលរដ្ឋកម្ពុជាអាចមានសិទ្ធិគាំទ្រគណបក្សនយោបាយមិនលើសពីមួយ ឡើយ។ បើច្បាប់ចែងដូច្នេះ មេឃុំ ចៅសង្កាត់ ឬក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀន និងព្រះច័ន្ទដែលមកឈរឈ្មោះជាបេក្ខជនសម្រាប់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនឹងអស់សុពលភាព ពេល គ.ជ.ប ទទួលស្គាល់ ព្រោះបានលះបង់បក្សដែលខ្លួនបានឈរឈ្មោះជាប់ តំណែង មកបម្រើបក្សផ្សេង។ តំណែងក៏អស់ ប្រាក់ខែក៏អស់ដែរ! ចុះហេតុអ្វីបានជាដឹងដូច្នេះ ហើយមេដឹកនាំបក្សនេះនៅតែសរសេរ លិខិតតវ៉ាទាំងមិនដឹងទិសតំបន់ទៀត?
នេះក៏ទំនងមកពីមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះអត់ប្រាក់ដើម្បី បង់ឱ្យបក្សសង្គ្រោះជាតិដែលតម្រូវឱ្យបេក្ខជនទាំងអស់បង់ប្រាក់តាមលេខរៀងដែលខ្លួនទទួលគឺ លេខរៀងល្អ ត្រូវបង់ប្រាក់ច្រើនឱ្យបក្ស ជាថ្នូរនឹងការបានប៉ុស្តិ៍នេះ។ ចរន្តនៃការតវ៉ានេះ គឺកើតឡើងក្រោយពី យឹម សុវណ្ណ មន្ត្រីជាន់ខ្ពស់បន្ទាយព្រះអាទិត្យ បានព្រមានសមាជិកបក្សខ្លួនថា «ត្រូវបង់វិភាគទានជូនបក្សឱ្យបានទៀងទាត់ រកភ្នាក់ងារបក្ស ស្មោះត្រង់នឹងបក្ស» ហើយបើមិនធ្វើតាមការកំណត់បក្សទេ សុំសិទ្ធិពិនិត្យឡើងវិញ។ នេះមានន័យថា បើសមាជិកណាមិនបង់លុយឱ្យបក្សតាមការកំណត់ទេ នឹងប្រឈមមុខនឹងការដកចេញពីតួនាទី។ រាជការក្រសួងមហាផ្ទៃក៏បានបង្ហើប នាពេលថ្មីៗនេះថា បក្សភ្លើងទៀន និងបក្សព្រះច័ន្ទ ដែលជាធាតុដើមនៃបន្ទាយព្រះអាទិត្យ បានស្នើឱ្យដកមេឃុំចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនជាច្រើន នៅពេលអ្នកទាំងនោះត្រូវបានសង្ស័យថាមិនស្មោះត្រង់ ឬមិនបម្រើបក្សរបស់ខ្លួន។ ដូច្នេះ ដើម្បីបានលុយយកមកបង់បក្ស ត្រូវតែតវ៉ា ទោះខុសនីតិវិធីច្បាប់ក៏បានដែរ។
លិខិតរបស់រាជការក្រសួងមហាផ្ទៃទៅប្រធានស្តីទីបក្សភ្លើងទៀននៅពេលនេះ គឺជាការសំពងចេស្តាមេដឹកនាំបក្សភ្លើងទៀនថាត្រូវយល់ច្បាប់ឱ្យបានច្បាស់ កុំបន្លំ ហើយមិនមែន តែផលប្រយោជន៍បក្សខ្លួន នាំរាជការមករំលោភច្បាប់ទេ។ បើនៅស្រឡាញ់តួនាទី និងប្រាក់ខែ គួរបន្តស្មោះនឹងបក្សខ្លួនដែលធ្លាប់ផ្តល់កំណើត តែបើស្រឡាញ់ទ្រនុំថ្មី កុំស្តាយ តំណែង និងប្រាក់ខែ។ ធ្វើម៉េចបើមេដឹកនាំខ្លួន ត្រូវការប្រាក់ដើម្បី….ចេះតែទ្រាំៗទៅ
ដោយ៖ ចៅចាក់ស្មុក



ក្រសួងមហាផ្ទៃ បដិសេធសំណើរបស់គណបក្ស សម រង្ស៊ី អំពីការស្នើសុំបន្តអាណត្តិរបស់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់

នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយ ជូនទៅ​លោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្សសម រង្ស៊ី អំពីការស្នើសុំ​ឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសម រង្ស៊ី អាចបន្តអាណត្តិរបស់ខ្លួនជាធម្មតា។
ពាក់ព័ន្ធនឹងសំណើនេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឆ្លើយ​តបទៅវិញថា ដោយអនុលោមតាមមាត្រា១៥ និងមាត្រា១៦នៃច្បាប់ស្តី​ពីគណបក្សន​យោ​បាយ​បានចែងថា ប្រជាពលរដ្ឋខ្មែរម្នាក់មិនអាចជាសមាជិកគណបក្សនយោបាយលើសពី​មួយ​ក្នុ​ងពេលតែមួយបានទេ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅក្នុងលិខិតថា ក្រសួង មិនអាចទទួលយកតាមសំណើរបស់ គណបក្សសម រង្ស៊ី បានឡើយព្រោះថាករណីនេះ ជាការអនុវត្តផ្ទុយទៅនឹងច្បាប់​ស្តីពី​គណ​បក្សនយោបាយ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៕




(វីដេអូ) ការណែនាំអាជីព ការងារ និងវិជ្ជាជីវៈសម្រាប់ និស្សិតនៃវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា (២២៩)

ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ អំពាវនាវដល់សាសនិកឥស្លាមទាំងអស់ចូលរួមជាមួយអាជ្ញាធរដើម្បីថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានអំពាវនាវដល់សា​សនិកឥស្លាមទាំងអស់ចូលរួមជាមួយអាជ្ញាធរដើម្បីថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយចលនាសាសនិកឥស្លាមកម្ពុជា។
លោក សាយ ឈុំ ក៏បានអំពាវនាវឱ្យសាសនិកឥស្លាមទាំងអស់ ចូលរួមជាមួយអាជ្ញាធរ ភូមិ សង្កាត់ ដើម្បីថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិឱ្យគ.ជ.ប រៀបចំការបោះឆ្នោត នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ប្រព្រឹត្តទៅក្នុងបរិ​យាកាសសន្តិភាព គ្មានអំពើហឹង្សា មានលក្ខណៈសេរី និងយុត្តិធម៌ ដែលទាំងអស់គ្នាអាចទទួលយកបាន។
លោក សាយ ឈុំ បានថ្លែងកោតសរសើរចំពោះសាសនិកឥស្លាមកម្ពុជាទាំងអស់ ដែលបានគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវធម៌វិន័យរបស់ព្រះអាឡាហ៍ រួមចំណែកដល់ការកសាងសុខ​ដុមនីយកម្មជាមួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជំនឿសាសនាផ្សេងៗទៀត ដែលមានវត្តមាននៅកម្ពុជាដោយគ្មានការរើសអើង និងគ្មានជម្លោះសាសនា។ លោក ក៏បាន​ថ្លែងការកោតសរសើរចំពោះសាសនិកឥស្លាមទាំងអស់ ដែលបានចូលរួមអនុវត្តនូវកម្មវិធីន​យោ​​បាយរបស់រាជរដ្ឋាភិបាលដែលមានយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ជាឧបក​រណ៍ទ្រទ្រង់នូវការអនុវត្តន៍កម្មវិធីនយោបាយនោះ សម្រេចបានលទ្ធផលល្អគួរជាទីមោទនៈធ្វើឱ្យកម្ពុជាយើងបានប្រែមុខប្រែមាត់ថ្មីពី១ឆ្នាំ ទៅ១ឆ្នាំ។
នៅក្នុងឱកាសនោះ លោក សាយ ឈុំ ក៏បានអំពាវនាវឱ្យសាសនិកឥស្លាមទាំងអស់ដែល​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំសង្កាត់អាណត្តិថ្មី ដែលមានសមត្ថភាព គុណភាព បទពិសោធន៍ការងារ ត្រូវបានប្រជាជនស្រឡាញ់រាប់អាន ជឿទុកចិត្ត និងគាំទ្រ៕



លោក ប៉ុល សារឿន រួមជាមួយនាយការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងទំនាក់ទំនង និងបន្តជួយគ្នាទៅមក

កំពង់ស្ពឺ៖ លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រួមជាមួយ លោក ង្វៀន អាញ់យុង នាយការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ក្នុងឱកាសសម្ពោធអគារ២ខ្នង ក្នុងសាលាកងពលដឹកជញ្ជូនលេខ៩០ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ បានប្ដេជ្ញាថានឹងខិតខំពង្រឹងទំនាក់ទំនង និងបន្តជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។
អគារទាំង២ខ្នង ក្នុងសាលាកងពលដឹកជញ្ជូនលេខ៩០នោះ រួមមាន អគារសិក្សា១ខ្នង មានបណ្តោយ៣២ម៉ែត្រ ទទឹង៧ម៉ែត្រ និងអគារទីចាត់ការ១ខ្នង មានបណ្តោយ២០ម៉ែត្រ ទទឹង៧ម៉ែត្រ ធ្វើអំពីបេតុង ដំបូលប្រក់ក្បឿង ដោយចំណាយថវិកាអស់ចំនួន ៩០៩៤៣.២៨ដុល្លារ ស្ថិតនៅនៅឃុំសំបូរណ៍ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក ប៉ុល សារឿន ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាល បានផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។
លោក ង្វៀន អាញ់យុង បានឱ្យដឹងថា ប្រទេសកម្ពុជា-វៀតណាម មានប្រវត្តិទំនាក់ទំនងគ្នាទៅវិញ ទៅមកជាយូរលង់ណាស់ មកហើយក្នុងដំណាក់កាលកម្ពុជាតស៊ូរំដោះជាតិ ឱ្យរួចផុតពីរបប ប៉ុល ពត កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម បានចូលរួមជួយវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដោយបានរំដោះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
លោក អាញ់យុង បានថ្លែងយ៉ាងដូច្នេះថា «មកដល់បច្ចុប្បន្ននេះ កងទ័ពប្រជាជនវៀតណាម នៅតែបន្តជួយឧបត្ថម្ភដល់ការកសាងកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋារចសម្ព័ន្ធនានា ទៅតាមលទ្ធភាព ដែលប្រទេសវៀតណាមអាចជួយទៅបាន ទាំងនេះនឹងធ្វើឱ្យចំណងសាមគ្គីភាព ភាពតរភាពរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធបន្ថែមទៀត»។
លោក ប៉ុល សារឿន ក៏បានផ្តាំផ្ញើដល់នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សារាល់សមិទ្ធផលទាំងអស់នេះ ឱ្យបានល្អជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រើប្រាស់ឱ្យចំគោលដៅ នៃការបង្កើនគុណភាពបណ្តុះបណ្តាលជំនាញបើកបរ ឱ្យបានច្បាស់លាស់ និងគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ និងត្រូវសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ដើម្បីចងក្រងឯកសារបង្រៀន ឱ្យមានការរីកចម្រើន ស្របតាមចរន្ត សាកលភាវូបនីយកម្មនៃបច្ចេកវិទ្យាទំនើប៕




លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញចូលរួមជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្វាយរៀង

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្វាយរៀងដែលមានការចូលរួមពីមន្ត្រីរាជការ ស្រុក ក្រុង ទាំងប្រាំបី រួមជាមួយមន្ត្រីរាជការមន្ទីរនានាជុំវិញខេត្ត ហើយក៏មានការអញ្ជើញចូលរួម​ពីភ្ញៀវៀតណាមដែលមានខេត្តជាប់ព្រំដែនខេត្តស្វាយរៀង គឺខេត្តទ្បុងអាននិងខេត្តតៃនីញ នៅសាលប្រជុំសណ្ឋាគាទន្លេវ៉ៃគោ ខេត្តស្វាយរៀង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ក៏បានមានប្រសាសន៍ថា ការរៀបចំពីធីនេះគឺដើម្បីពង្រឹងនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរដែលមានព្រំដែននៅជាប់គ្នា។ លោកស្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលវៀតណាម ដែលបានរក្សានូវប្រពៃណី សាសនា ស្នាដៃដែលជាសមិទ្ធិផលនានា ជាពិសេសបានជួយឧបត្ថម្ភគាំទ្រលើការងារមនុស្សធម៌សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង។

លោកស្រី ក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស ត្រូវបន្តពង្រឹងអនុវត្តន៍ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានាដែលកើតឡើងជាយថាហេតុ




សេណារីយ៉ូសុបិន្តអាក្រក់ផ្នែកយោធាកំពុងកើតមានឡើងនៅសមុទ្រចិនខាងកើត

ខណៈដែលពិភពលោក កំពុងសំឡឹងមើលការកើនឡើងនៃភាពតានតឹងផ្នែកយោធានៅសមុទ្រចិនខាងត្បូង ស្ថានភាពតានតឹងមួយផ្សេងទៀតក៏កំពុងកើតឡើងនៅសមុទ្រចិនខាងកើត ដែលជាបញ្ហាដ៏ធំមួយរវាងមហាអំណាចទាំងពីរ។ បេះដូងនៃភាពតានតឹងនេះ គឺពាក់ព័ន្ធទៅនឹងកោះគ្មានមនុស្សរស់នៅចំនួន ៨ ដែលជប៉ុនគ្រប់គ្រង ហើយនៅជិតផ្លូវទឹកដ៏សំខាន់ ដែលពោរពេញទៅដោយធនធានធម្មជាតិ ដូចជាឧស្ម័ន ប្រេង និងត្រី។ ចិនបានប្រឆាំងទៅនឹងការទាមទាររបស់ជប៉ុន ហើយចិនក៏កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្នុងដែនអាកាសជប៉ុនផងដែរ។ ជាការឆ្លើយតប ជប៉ុនបានបង្កើនការស្ទាក់ចាប់ដោយយន្តហោះចម្បាំង F-15 របស់ខ្លួន។
ស្ថានភាពនេះនឹងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយប្រការណាមួយ ហើយវានឹងអាចទាញយកប្រទេសផ្សេងទៀត ដូចជា សហរដ្ឋអាមេរិកចូលក្នុងជម្លោះនេះផងដែរ។ ប្រធានបទនេះ គឺជាចំណុចមួយដែលលោក Trump នឹងលើកយកទៅពិភាក្សាជាមួយសមភាគីលោក Xi នៅឯរមណីយដ្ឋាន Mar-a-lago របស់គាត់នៅសប្តាហ៍នេះ។
នៅឯប្រលានយន្តហោះអន្តរជាតិ Naha របស់ជប៉ុន អ្នកធ្វើដំណើរអាចមើលឃើញយ៉ាងងាយនូវអ្វីដែលបានកើតឡើង។​ យន្តហោះ F-15 របស់ជប៉ុនបានចុះចត និងហោះឡើងជាញឹកញាប់ ដោយសារតែកងកម្លាំងស្វ័យការពារដែនអាកាសរបស់ជប៉ុន (JASDF) បានចែករំលែកប្រលានយន្តហោះ Naha នេះដើម្បីហោះហើរ។
ការចាប់ស្ទាក់ផ្លូវអាកាសដូច្នោះ គឺកំពុងកើតមានឡើងនៅសមុទ្រចិនខាងកើត ដែលបច្ចុប្បន្ន ជប៉ុនបានចេញស្ទាក់យន្តហោះចិនពីរដងក្នុងមួយថ្ងៃ ចាប់តាំងពីខែមេសា ឆ្នាំមុនមក។ ជាការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ចិន JASDF បានបង្កើនចំនួនយន្តហោះចម្បាំងរបស់ខ្លួននៅមូលដ្ឋានទ័ពអាកាស Naha ដោយមានបន្ថែមកងនាវា និងយន្តហោះ​ F-15Js មួយកងទៀត។
លោក Eisuke Tanabe អ្នកសម្របសម្រួលគោលនយោបាយជាន់ខ្ពស់របស់ក្រសួងការពារជាតិជប៉ុន បានកត់សម្គាល់ថា ការឈ្លានពាននៃនាវាចម្បាំង និងយន្តហោះចម្បាំងរបស់ចិនចូលក្នុងដែនទឹក ដែលអះអាងដោយជប៉ុន កំពុងកើនឡើង។ យើងក៏បានបញ្ចូនយន្តហោះចម្បាំងរបស់យើងដើម្បីទប់ទល់ ហើយស្ថានភាពនេះ វានឹងអាចបង្កការគ្រោះថ្នាក់យ៉ាងខ្លាំង នៅពេលដែលយន្តហោះចម្បាំងរបស់ប្រទេសទាំងពីរហោះកាន់តែជិតគ្នា។
បច្ចុប្បន្ន ភាពតានតឹងនៅក្នុងតំបន់កំពុងកើនឡើងយ៉ាងខ្លាំងដោយសារកាតាលីករថ្មី គឺភាពត្រួតស៊ីគ្នានៃការទាមទារនៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ការគំរាមកំហែងនៃសកម្មភាពយោធានៅឧបទ្វីប Korean និងការកើនឡើងនៃសមត្ថភាពយោធារបស់ចិន។ កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន ត្រូវបានជំរុញឱ្យមានការយកចិត្តទុកដាក់ចំពោះការសាកល្បង និងការបង្កើនសមត្ថភាពយោធារបស់ចិននៅមហាសមុទ្រប៉ាស៊ីហ្វិក និងនៅតំបន់សមុទ្រចិនខាងកើត និងខាងត្បូង។
កោះ Senkaku ដែលទាមទារដោយចិន និងជប៉ុន កំពុងក្លាយជាបញ្ហាមួយ ដែលបង្កើតស្ថានភាពអសន្តិសុខ ខណៈដែលប្រទេសទាំងពីរកំពុងព្យាយាមធ្វើការគ្រប់គ្រង។ ចំណុចគន្លឹះនៃជម្លោះតំបន់កោះនេះ គឺធនធានធម្មជាតិជុំវិញសមុទ្រចិនខាងត្បូង។
ថ្មីៗនេះ កោះ Senkakus បានក្លាយទៅជាចំណុចក្តៅនៃនយោបាយសម្រាប់ប្រទេសទាំងពីរ ដោយបានបង្កឱ្យមានជាតិនិយមនៅក្នុងប្រទេសទាំងពីរ។
អ្នកវិភាគបានលើកឡើងថា ចិនបាននិយាយដោយចំហថា ខ្លួនមានគោលបំណងធានានូវការចូលទៅកាន់តំបន់ប៉ាស៊ីហ្វិកភាគខាងលិច គឺលើសពីអ្វីដែលគេដឹងថា ជា “ប្រជុំកោះ” ដែលលាតសន្ធឹងពីប្រជុំកោះជប៉ុន ទៅតៃវ៉ាន់ ទៅហ្វីលីពីន និងសមុទ្រចិនខាងត្បូង នឹងឆ្ពោះទៅកាន់ឧបទ្វីប Malay។ ជាចុងក្រោយ ចិនមានគោលបំណងពង្រីកវត្តមានយោធារបស់ខ្លួនទៅដល់សមុទ្រចិនខាងត្បូង និងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច។
ក៏ប៉ុន្តែ ការពង្រីកសកម្មភាពយោធារបស់ចិននៅក្នុងសមុទ្រចិនខាងកើត អាចបង្ហាញថា គឺជាអ្វីដែលមានគោលបំណងច្រើនជាងនេះទៅទៀត។
លោកស្រី Yurie Mitsui អ្នកវិភាគផ្នែកយុទ្ធសាស្រ្តនៅក្រសួងការពារជាតិជប៉ុនបាននិយាយថា “ការសង្កេតរបស់យើងឃើញថា ចិនកំពុងព្យាយាមអភិវឌ្ឍន៍សមត្ថភាពយន្តហោះចម្បាំងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។
លោកស្រីបានឯកភាពថា គំនិតដែលថា ចិនកំពុងស្វែងរកការពង្រីកសមត្ថភាពយោធារបស់ខ្លួននេះ គឺជាបញ្ហាគ្រឹះច្រើនជាងនេះទៅទៀត ដែលចិនកំពុងលេង។ “នៅពេលដែលយើងវិភាគអំពីសកម្មភាពរបស់ចិននៅមហាសមុទ្រប៉ាស៊ីហ្វីភាគខាងលិច យើងតែងតែគិតអំពីតៃវ៉ាន់”។
ចិនគិតថា តៃវ៉ាន់ គឺជាខែត្រដាច់ឆ្លាយពីតំបន់ដីគោករបស់ខ្លួន ហើយបានសន្យាថា នឹងនាំយកខែត្រនេះឱ្យស្ថិតក្រោយការដឹកនាំរបស់ដីគោកវិញ។ គោលបំណងនេះ មិនមែនជាបញ្ហាទាក់ទងនឹងយុទ្ធសាស្រ្តភូមិសាស្រ្តនយោបាយ ឬក៏សេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែ ជាមោទនភាពជាតិមួយសម្រាប់ប្រជាជនចិន និងគណបក្សកុម្មុយនីស្តចិន។
ខណៈដែលមានព័ត៌មានថា រដ្ឋបាលលោក Trump គាំទ្រផ្នែកយោធាដល់តៃវ៉ាន់ ដើម្បីជួយកោះមួយនេះងើបចេញពីការគ្រប់គ្រងរបស់ចិននោះ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានលើកឡើងថា “វាគឺជារឿងគ្មានប្រយោជន៍ក្នុងការប្រើប្រាស់អាវុធដើម្បីបង្កើតឱ្យមានឯកភាពវូប្បនីយកម្មទេ ហើយត្រូវបានគេយល់ឃើញថា ជាជម្រើសដែលគ្មានផ្លូវដោះស្រាយ។
ប្រធានាធិបតី Trump នឹងទទួលលោក Xi នៅឯរមណីយដ្ឋាន Mar-a-Lago នៅថ្ងៃទីថ្ងៃទី ៦-៧ ខែមេសានេះ ដើម្បីពិភាក្សាលើបញ្ហាកូរ៉េខាងជើង សមុទ្រចិនខាងត្បូង។
ចិនតែងតែតាមសំឡឹងមើលសកម្មភាពដែលអាមេរិកធ្វើ។ ដូច្នោះ ពេលដែលអាមេរិកធ្វើមិនបានល្អ ពួកគេគិតថា ពួកគេកំពុងតែធ្វើបានល្អ”៕

ចិនស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសអាស៊ាន

អ្នកវិនិយោគចិនចំនួន ៩៥ នាក់ នឹងចូលរួមនៅក្នុងសិក្ខាសាលាវិនិយោគិនរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី១២ ASEAN FINANCE Ministers’ Investors Seminar (AFMIS) នៅទីក្រុង Cebu នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកឱកាសធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសហ្វីលីពីន។
ធនាគារចិន  Bank of China (BOC) ដែលជាធនាគារធំជាងគេបំផុតទី៤ របស់ពិភពលោកបាននាំយកអ្នកវិនិយោគចំនួន ៩៥ នាក់នៅក្នុងប្រទេស ជាមួយនឹងគណៈប្រតិភូប្រមាណ ១៤០ នាក់ ដើម្បីចូលរួមសិក្ខាសាលា AFMIS នេះ។
នេះគឺជាលើកដំបូងសម្រាប់ BOC ក្នុងការចូលរួមសិក្ខាសាលាវិនិយោគអាស៊ាន។
គណៈប្រតិភូ BOC រួមទាំងប្រធាន BOC Group លោក Tian Gouli និងអនុប្រធានប្រតិបត្តិលោក Gao Yingxin ព្រមទាំងអនុប្រធានក្រុមហ៊ុន BOC Hong Kong និងនាយកប្រតិបត្តិលោក Yue Yi ។
លោក Deng Jun នាយកប្រចាំប្រទេសរបស់ BOC បាននិយាយដោយសង្ខេបនៅទីនេះកាលពីថ្ងៃអង្គារថា «យើងកំពុងធ្វើអាជីវកម្មរបស់យើងនៅក្នុងប្រទេសអាស៊ាន។ ដូច្នេះ ការចូលរួមរបស់យើងនៅក្នុងសិក្ខាសាលានេះ គឺដើម្បីបង្ហាញពីទំនុកចិត្តរបស់យើងក្នុងការអភិវឌ្ឍផ្នែកពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ហើយក៏គាំទ្រដល់សេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ»។
លោក Deng បាននិយាយថា វិនិយោគិននោះ បានស្ថិតនៅក្នុងវិស័យហិរញ្ញវត្ថុពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
គាត់បានបន្ថែមទៀតថា វាក៏ជាឱកាសល្អសម្រាប់អ្នកវិនិយោគចិន ដើម្បីចូលរួមក្នុងសិក្ខាសាលា AFMIS នេះ ដោយសារតែប្រទេសនេះបានធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសាលាអាស៊ានដែលបានគ្រោងទុកនោះ។
លោក Deng បាននិយាយថា «ជាក់ស្តែង នេះគឺជាពេលវេលាល្អសម្រាប់អ្នកវិនិយោគចិន ដែលក្រុមហ៊ុនជាច្រើននឹងស្គាល់ប្រទេសហ្វីលីពីន»។
គាត់បាននិយាយថា ក្នុងចំណោមបញ្ហាប្រឈមរបស់វិនិយោគិនចិនក្នុងការបង្កើតអាជីវកម្ម របស់ពួកគេនៅក្នុងប្រទេសហ្វីលីពីន រួមទាំងការខ្វះចំណេះដឹងនៅក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស និងការស្វែងរកដៃគូក្នុងស្រុកឱ្យបានត្រឹមត្រូវ។
គាត់លើកឡើងថា ភាគច្រើននៃអ្នកវិនិយោគចិនដែលបានចូលរួមសិក្ខាសិលា AFMIS នេះ មិនទាន់មានវត្តមាននៅក្នុងប្រទេសហ្វីលីពីននៅឡើយទេ ប៉ុន្តែបានប្រតិបត្ដិការរួចទៅហើយនៅក្នុងប្រទេសអាស៊ានផ្សេងទៀត។
លោក Deng បានលើកឡើងថា «ជាក់ស្តែង ពួកគេចង់វិនិយោគនៅក្នុងប្រទេសហ្វីលីពីន»។
គាត់បាននិយាយថា ប្រសិនបើអ្នកឃើញអត្រាផលិតផលក្នុងស្រុកសរុបនៃប្រទេសនេះជិត ៧,០ ភាគរយ ប្រហែលជាខ្ពស់ជាងនេះនៅឆ្នាំក្រោយ។ ដូច្នេះហើយ នេះគឺជាឱកាសដ៏អស្ចារ្យ មួយសម្រាប់អ្នកវិនិយោគចិនក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសហ្វីលីពីន»។
ក្រៅពីការជំរុញកំណើនសេដ្ឋកិច្ចនោះ លោក Deng បាននិយាយថា ក្រុមហ៊ុនរបស់ចិនកំពុងតែស្វែងរកឱកាសវិនិយោគនៅក្នុងតម្រូវការហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស ក៏ដូចជាការរីកចំរើនផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។
ទិន្នន័យពីនាយកដ្ឋានស្ថិតិអាស៊ានបានបង្ហាញថា លំហូរចូលការវិនិយោគរបស់ចិនទៅកាន់អាស៊ាននៅក្នុងឆ្នាំ២០១៥ បានកើនឡើងដល់ ៨,២ ពាន់លានដុល្លារ ដោយកើនឡើងពី ៦,៤ ពាន់លានដុល្លារនៅឆ្នាំ២០១៣ និង ៧,០ ពាន់លានដុល្លារក្នុងឆ្នាំ២០១៤៕

ប្រភព : Philippine News Agency ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧


ក្រុមប្រតិបត្តិអាជ្ញាធរជាតិអប្សរាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបើកកិច្ចប្រជុំផ្ទៃក្នុងអំពីវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៃអាជ្ញាធរជាតិអប្សរា បានបើកអង្គប្រជុំផ្ទៃក្នុងមួយស្តីពីការរីកចម្រើននៃសកម្មភាពការងារ និងការត្រៀមសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខ។
អង្គប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាអនុប្រធានក្រុមប្រតិបត្តិអាជ្ញាធរជាតិអប្សរា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីបុគ្គលិកពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការផ្ទៀងផ្ទាត់លទ្ធផលការងារ ដែលអនុវត្តបានរួចរាល់ហើយ និងដោះស្រាយគម្រោងចាំបាច់នានា ដែលបម្រើការឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យ។

កិច្ចប្រជុំនេះដែរ ក៏បានពិភាក្សាលម្អិតទៅលើគម្រោងនៃពិធីដង្ហែចាប៉ីដងវែងយក្ស និងសំបុកមាន់យក្ស ដែលនឹងត្រូវដង្ហែមកតម្កល់ទុកនៅក្នុងបរិវេណព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ តាមលទ្ធផលនៃកិច្ចពិភាក្សានេះ ពិធីដង្ហែអាចនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកតា គង់ ណៃ និងសិស្ស៣ជំនាន់របស់លោកតាផងដែរ៕



ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាប្រារព្ធពិធីសូត្រមន្ត អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ពិធីចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ នឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧វេលាម៉ោង ៣៖១២នាទីទៀបភ្លី ខាងមុខនេះ។ ដើម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មីនេះ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានរៀបចំប្រារព្ធពិធីនិមន្តព្រះសង្ឃចំនួន១០អង្គចម្រើនព្រះបរិត្ត និងថ្វាយទេយ្យទាន តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។ ក្នុងនេះដែរ ក៏មានកម្មវិធីគោរពវិញ្ញាណក្ខន្ធ ដាក់បាត្រ បង្សុកូលឧទ្ទិសបុណ្យកុសលដល់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលទើបតែទទួលមរណភាពកន្លងទៅថ្មីៗនេះ។

ក្រៅពីស្តាប់ព្រះសង្ឃសូត្រមន្ត រាប់បាត្រ និងពិធីបង្សុកូលហើយ ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាក៏បានជូនទេយ្យទាន និងថវិកាមួយចំនួនចំពោះដូនជីតាជីចំនួន១០រូបផងដែរ៕






នៅខែក្រោយនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមសន្និសីទកំពូលខ្សែក្រវ៉ាត់មួយ វិថីមួយនៅប្រទេសចិន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នឹងអញ្ជើញទៅចូលរួមសន្និសីទកំពូលខ្សែក្រវ៉ាត់មួយ វិថីមួយ ដែលរៀបចំឡើងនៅប្រទេសចិននៅខែឧសភាខាងមុខនេះ។ លោក បាន​ថ្លែងដូចនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំនឹងទៅចូលរួម ហើយផ្តល់សារសំខាន់ជា​មួយនឹងការចូលរួម នូវសន្និសីទកំពូល ទាក់ទងនឹងខ្សែក្រវ៉ាត់មួយ វិថីមួយ នៅប្រទេសចិន ក្នុងខែឧសភាខាងមុខ ហើយពេលនោះ នឹងមានទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សង្ឃឹមថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនអំពីសន្និសីទកំពូលនេះ។ លោក បញ្ជាក់ថា មូលនិធីផ្លូវសូត្រ ដែលមិត្តចិនបានបញ្ចេញ មានចំនួន៤០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ហើយបានបន្ថែមទុនជាបន្តបន្ទាប់សម្រាប់ក្របខណ្ឌចិន-អាស៊ាន ៕