Friday, April 07, 2017

លោក Tillerson នឹង​ធ្វើជាប្រធាន​កិច្ចប្រជុំរបស់​អង្គការសហ​ប្រជាជាតិ ស្តីពី​កម្មវិធីនុ​យក្លេ​អ៊ែររបស់កូរ៉េខាងជើង

ឯកអគ្គរដ្ឋទូតរបស់អាមេរិកលោក Nikki Haley បាននិយាយនៅថ្ងៃចន្ទថា រដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកលោក Rex Tillerson នឹងធ្វើជាប្រធាននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសកូរ៉េខាងជើង នៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះ ដើម្បីពិភាក្សាថាតើអង្គការមួយនេះអាចប្រឆាំងទៅនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរដែលគេហាមឃាត់របស់ទីក្រុងព្យុងយ៉ាង ឬទេ។

ប្រទេសកូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ក្នុងគោលបំណងរារាំងការអភិវឌ្ឍន៍នៃកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០៦។  ក្រុមប្រឹក្សាដែលមានសមាជិកចំនួន ១៥ ប្រទេស បានពង្រឹងការដាក់ទណ្ឌកម្ម បន្ទាប់ពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរទាំង ៥ លើករបស់កូរ៉េខាងជើង។

លោក Haley បានប្រាប់ទៅសន្និសីទសារព័ត៌មានថា «យើងពិតជាចាំបាច់ត្រូវពិភាក្សាអំពីបញ្ហានេះ នៅក្នុងលក្ខខណ្ឌអ្វីដែលយើងជាក្រុមប្រឹក្សាមួយនឹងធ្វើការដោះស្រាយជាមួយកូរ៉េខាងជើង និងរបៀបដែលយើងនឹងជំរុញឆ្ពោះទៅមុខនោះ។ ដូច្នេះយើងសង្ឃឹមថា យើងនឹងទទួលបានរដ្ឋមន្រ្តីការបរទេសជាច្រើននឹងមកចូលរួមតាមដែលអាចធ្វើទៅបាន។

ប្រធានាធិបតីចិនលោក Xi Jinping គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រមណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីលោក Donald Trump នៅក្នុងរដ្ឋ Florida នៅសប្តាហ៍នេះ។

លោក Haley បាននិយាយថា សហរដ្ឋអាមេរិកបានមើលឃើញប្រទេសចិនអស់រយៈពេល ជាង ២៥ ឆ្នាំមកហើយ ដោយនិយាយថា ពួកគេមានការព្រួយបារម្ភអំពីកូរ៉េខាងជើង ប៉ុន្តែយើងមិនបានឃើញពួកគេមានសកម្មភាពដូចដែលពួកគេមានការព្រួយបារម្ភអំពីកូរ៉េខាងជើងនោះទេ។ រដ្ឋបាលនេះចង់ឃើញពួកគេមានសកម្មភាព»។

កាលពីខែមុន រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បាននិយាយបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉េកាំង ជាមួយលោក Tillerson ថា បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េគឺរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង។ លោក Wang បាននិយាយថា មានការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់មធ្យោបាយការទូតដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងដោយសន្តិវិធី។

ស្ថាប័នផ្តល់យោបល់របស់អាមេរិកបានធ្វើសេចក្តីរាយការណ៍កាលពីខែមុនថា រូបភាពពីផ្កាយ រណបនៃតំបន់ការសាកល្បងនុយក្លេអ៊ែរដ៏សំខាន់របស់ប្រទេសកូរ៉េខាងជើង បានបង្ហាញថា ទីក្រុង ព្យុងយ៉ាងអាចស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការត្រៀមលក្ខណៈ សម្រាប់ការបាញ់សាកល្បងនុយក្លេអ៊ែរលើកទី ៦ នេះ។

កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថា ប្រទេសនេះបានធ្វើការសាកល្បងក្បាលម៉ាស៊ីនកំលាំងខ្លាំង ដែលនឹងជួយសម្រេចបាននូវសមត្ថភាពបាញ់ផ្កាយរណប លំដាប់ពិភពលោក ដែលបង្ហាញពីការសាកល្បងនេះ គឺជាប្រភេទថ្មីនៃម៉ាស៊ីនរ៉ុក្កែតសម្រាប់មីស៊ីល រយៈចម្ងាយឆ្ងាយ។

មន្ត្រីជាន់ខ្ពស់របស់អាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ជំនួយការសន្តិសុខជាតិកំពូលរបស់លោក Trump បានបញ្ចប់ការពិនិត្យឡើងវិញដ៏ទូលំទូលាយនៃជម្រើសរបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងប្រឆាំងទៅនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

មន្ត្រីបាននិយាយថា ការពិនិត្យឡើងវិញនេះ រួមមានទាំងវិធានការសេដ្ឋកិច្ច និងយោធា ប៉ុន្តែ លំអៀងទៅរកទណ្ឌកម្មថ្មី និងបង្កើនសម្ពាធលើរដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់សម្ព័ន្ធមិត្ត និងប្រទេសជិតខាងរបស់ខ្លួន៕

ប្រភព : Reuters ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧



No comments:

Post a Comment