Friday, April 07, 2017

ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាប្រារព្ធពិធីសូត្រមន្ត អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ពិធីចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ នឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧វេលាម៉ោង ៣៖១២នាទីទៀបភ្លី ខាងមុខនេះ។ ដើម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មីនេះ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានរៀបចំប្រារព្ធពិធីនិមន្តព្រះសង្ឃចំនួន១០អង្គចម្រើនព្រះបរិត្ត និងថ្វាយទេយ្យទាន តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។ ក្នុងនេះដែរ ក៏មានកម្មវិធីគោរពវិញ្ញាណក្ខន្ធ ដាក់បាត្រ បង្សុកូលឧទ្ទិសបុណ្យកុសលដល់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលទើបតែទទួលមរណភាពកន្លងទៅថ្មីៗនេះ។

ក្រៅពីស្តាប់ព្រះសង្ឃសូត្រមន្ត រាប់បាត្រ និងពិធីបង្សុកូលហើយ ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាក៏បានជូនទេយ្យទាន និងថវិកាមួយចំនួនចំពោះដូនជីតាជីចំនួន១០រូបផងដែរ៕






No comments:

Post a Comment