Friday, April 07, 2017

ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ អំពាវនាវដល់សាសនិកឥស្លាមទាំងអស់ចូលរួមជាមួយអាជ្ញាធរដើម្បីថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានអំពាវនាវដល់សា​សនិកឥស្លាមទាំងអស់ចូលរួមជាមួយអាជ្ញាធរដើម្បីថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយចលនាសាសនិកឥស្លាមកម្ពុជា។
លោក សាយ ឈុំ ក៏បានអំពាវនាវឱ្យសាសនិកឥស្លាមទាំងអស់ ចូលរួមជាមួយអាជ្ញាធរ ភូមិ សង្កាត់ ដើម្បីថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិឱ្យគ.ជ.ប រៀបចំការបោះឆ្នោត នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ប្រព្រឹត្តទៅក្នុងបរិ​យាកាសសន្តិភាព គ្មានអំពើហឹង្សា មានលក្ខណៈសេរី និងយុត្តិធម៌ ដែលទាំងអស់គ្នាអាចទទួលយកបាន។
លោក សាយ ឈុំ បានថ្លែងកោតសរសើរចំពោះសាសនិកឥស្លាមកម្ពុជាទាំងអស់ ដែលបានគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវធម៌វិន័យរបស់ព្រះអាឡាហ៍ រួមចំណែកដល់ការកសាងសុខ​ដុមនីយកម្មជាមួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជំនឿសាសនាផ្សេងៗទៀត ដែលមានវត្តមាននៅកម្ពុជាដោយគ្មានការរើសអើង និងគ្មានជម្លោះសាសនា។ លោក ក៏បាន​ថ្លែងការកោតសរសើរចំពោះសាសនិកឥស្លាមទាំងអស់ ដែលបានចូលរួមអនុវត្តនូវកម្មវិធីន​យោ​​បាយរបស់រាជរដ្ឋាភិបាលដែលមានយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ជាឧបក​រណ៍ទ្រទ្រង់នូវការអនុវត្តន៍កម្មវិធីនយោបាយនោះ សម្រេចបានលទ្ធផលល្អគួរជាទីមោទនៈធ្វើឱ្យកម្ពុជាយើងបានប្រែមុខប្រែមាត់ថ្មីពី១ឆ្នាំ ទៅ១ឆ្នាំ។
នៅក្នុងឱកាសនោះ លោក សាយ ឈុំ ក៏បានអំពាវនាវឱ្យសាសនិកឥស្លាមទាំងអស់ដែល​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំសង្កាត់អាណត្តិថ្មី ដែលមានសមត្ថភាព គុណភាព បទពិសោធន៍ការងារ ត្រូវបានប្រជាជនស្រឡាញ់រាប់អាន ជឿទុកចិត្ត និងគាំទ្រ៕



No comments:

Post a Comment