Tuesday, December 16, 2014

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានចាត់ទុកព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិ បាននាំមកនូវបទពិសោធន៍ថ្មីៗសម្រាប់កម្ពុជា




ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៤​នេះ ​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ ​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បាន​អញ្ជើញ​ជា​អធិប​តីភាព​ក្នុងពិធីប្រគល់​ប្រាក់រង្វាន់ដល់​ជ័យ​លាភីនៃការប្រកួត​កីឡាអន្តរជាតិនាពេលកន្លងមក

ថ្លែង​ក្នុង​ឱកាស​នោះ ​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ​បាន​មាន​ប្រសាសន៍​ថា ​ការជួបជុំគ្នាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់នូវការលើកទឹកចិត្ត និងការគាំទ្រ​យ៉ាងពេញ​ទំហឹង​ពី​រាជ​រដ្ឋាភិបាល​​​ដល់​វិស័យកីឡា ជាពិសេសដល់កីឡាករ កីឡាការិនីទាំងអស់ ដែល​បាន​​ចូលរួមប្រកួត​កីឡាអន្តរជាតិនានា។ ការយកចិត្តទុកដាក់​និងការគាំទ្រទាំងនេះ ស្តែង​​ចេញ​តាមរយៈ​ការគាំទ្រថវិការដ្ឋ​​សម្រាប់​វិស័យនេះ ក៏ដូចជា​អនុសាសន៍​​​ណែ​នាំ​​​និងការផ្តល់​ថវិកាផ្ទាល់​របស់ សម្តេចតេជោ ជូនដល់គ្រប់កីឡាករ កីឡាការិនី មុនពេល​អញ្ជើញចេញទៅប្រកួតកន្លងមក។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ​បាន​បន្តថា​ក្នុងនាម​ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន​ សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តម​ផ្ទាល់ ​សូមសម្តែងនូវការ​កោត​សរសើរដោយ​ស្មោះ និងអបអរសាទរដល់ជ័យ​លាភី​​ទាំងអស់ ចំពោះកិច្ចខិតខំប្រឹង​ប្រែង និងស្មារតីប្តេជ្ញាចិត្តខ្ពស់រហូត​ទទួលបានជោគ​ជ័យ​ដ៏​ធំធេង​ជូនជាតិមាតុភូមិ។

ឯកឧត្តម បាន​ចាប់​អារម្មណ៍​ឃើញថា​ ព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរ​ជាតិ​ បាននាំមកនូវបទពិសោធន៍​​ថ្មីៗ និងកិច្ចសហប្រតិបត្តិការជិត​ស្និទ្ធជាមួយបណ្តាប្រទេសជាមិត្តបន្ថែម​ទៀត​ ហើយ​បទ​ពិសោធន៍​​ទាំងនេះនឹង​ជួយឲ្យ​កីឡាករ ​កីឡាការិនី ត្រៀមខ្លួនឱ្យកាន់​តែ​ប្រសើរ​ថែម​ទៀត ​សម្រាប់​ការ​ប្រកួជាអន្តរ​ជាតិ​នាពេល​អនាគត​ ជាពិសេស​ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាយើង​នឹងធ្វើជាម្ចាស់ផ្ទះ។​ ឯកឧត្តម​ ក៏បាន​លើក​ទឹក​ចិត្ត​ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង និងពង្រីកកិច្ចសហ​ប្រតិបត្តិការ ​ព្រមទាំង​ជួយ​ឧបត្ថម្ភ​គាំទ្រគ្រប់​បែបយ៉ាង ដើម្បីអភិវឌ្ឍវិស័យកីឡា​នៅកម្ពុជា ​ឱ្យទទួល​បាន​ជោគជ័យ​បន្ថែមទៀត​ក្រៅពី​នេះ​ដើម្បី​ឲ្យ​កីឡាករ ​កីឡា​ការិនី​កម្ពុជា​យើង​ មាន​សមត្ថ​ភាព​កាន់​តែ​ប្រសើរ​ឡើង​នោះ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​សុខ​ អាន ​បាន​លើក​ជា​អនុសាសន៍​ថា​ គួរបង្កើត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង ​ឲ្យ​បាន​ញឹក​ញាប់ ​ទាំង​នៅ​តាម​ បណ្តា​ខេត្ត ​ក្រុងនានា ​ក៏ដូចជា​ការ​ប្រកួត​ថ្នាក់ជាតិ​ ដើម្បី​ជំរុញឲ្យ​កីឡាករ​យើង​ខិត​ខំហ្វឹក​ហាត់ ឲ្យ​បាន​កាន់​តែ​ច្រើន​។

តាម​រយៈ​សន្ទរ​កថា ​និង​របាយ​ការណ៍​របស់​ ឯក​ឧត្តម​ ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​ប្រគល់​ប្រាក់​រង្វាន់​ ដល់​កីឡាករ​ជ័យ​លាភី​នៅ​ពេល​នេះ​ គឺ​មាន​កីឡា​ចំនួន៣​ប្រភេទ​ ដែល​ក្នុង​នោះ​រួម​មាន​៖ ទី១​ ការ​ប្រកួតកីឡា​តៃក្វាន់ដូ ​WTF​ ជើងឯក អាស៊ី​លើកទី២១​ ​ដែលប្រព្រឹត្ត​ទៅកាល​ ពីថ្ងៃទី២៣-​២៩​ ខែឧសភា​ឆ្នាំ២០១៤​ នៅប្រទេស​អ៊ូបេ​គីស្ថាន កម្ពុជា​ទទួល​បាន​មេដាយ​ សំរិទ្ធ១,​ ទី២ ​ការ​ប្រកួត​កីឡា​វ៉ូវីណាម ​ជើង​ឯក​អាស៊ី​អាគ្នេយ៍​លើក​ទី៣ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល ​ពី​ថ្ងៃ​ទី២០​-២៥​ ខែតុលា ​ឆ្នាំ២០១៤​ នៅ​ប្រទេស​មីយ៉ាន់ម៉ា ​កម្ពុជា​ទទួល​ បាន​មេដាយ​១៤​ ក្នុង​នោះ ​មេដាយ​មាស៣​ ប្រាក់៣​ និង​សំរិទ្ធ៨ ​ និង​ទី៣ ​ការប្រកួត​កីឡា​ចំបាប់​ ជើង​ឯក​អាស៊ី​អាគ្នេយ៍​បូក​អូស្ត្រាលី ​ដែល​បាន​ប្រព្រឹត្ត​ទៅ ​កាលពី​ថ្ងៃទី ​២៣​-២៧​ ខែតុលា ​ឆ្នាំ២០១៤​ នៅ​ប្រទេស​សឹង្ហបុរី​ កម្ពុជា​ទទួល​បានមេ​ដាយ៤​ ក្នុងនោះ​ មេដាយ​មាស១​ ប្រាក់១​ និង​សំរិទ្ធ២​ ដែល​មាន​កីឡាករ​កីឡាករិនី​ជា​ជ័យ​លាភី​ សរុប​ចំនួន​៣៣នាក់ ​ក្នុង​នោះ​ជ័យ​លាភី​មេដាយ​មាស​ ៥នាក់​ ជ័យ​លាភី​មេដាយ​ប្រាក់​៤នាក់​ ជ័យ​លាភី​មេដាយ​ សំរិទ្ធ​១៨​នាក់​ និង​ប្រាក់​រង្វាន់​ជូន​គ្រួ​បង្វឹក​ ចំនួន​៦​នាក់​ ដែល​ត្រូវ​ទទួល​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ ពី​រាជ​រដ្ឋា​ភិបាល​ ។

ថ្លែង​ទៅ​កាន់​អង្គពិធី​ទាំងមូល ​ឯកឧត្តម ​ហង់​ ជួន​ ណារ៉ុន ​ក៏បាន​មាន​ប្រសាន៍​លើក​ឡើង ​ផង​ដែរថា​ ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ឆ្ពោះ​ទៅ​ឆ្នាំ២០២៣​ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ ​ក្នុង​ការ​រៀប​ចំ​ ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២​។ ​ឯកឧត្តម​បាន​បន្ត​ថា​បច្ចុប្បន្ន​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា ​បាន​នឹង​កំពុង​រៀបចំ​នូវ​គោល​នយោបាយ​ជាតិ ​ស្តីពី​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំកាយ ​និងកីឡា​ ដែលជា​ យុទ្ធ​សាស្ត្រ​សម្រាប់​រយៈ​ពេល​វែង​ក្នុង​វិស័យ​នេះ។​ ឈរ​លើ​មូលដ្ឋាន​នៃ​យុទ្ធ​សាស្ត្រ​ចតុ​កោណ ​និង​គោរព​នយោ​បាយ​ជាតិ​ ​ស្តីពី ​ការ​អភិវឌ្ឍន៍​វិស័យ​អប់​រំកាយ​ និង​កីឡា​នេះ ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា ​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​គន្លឹះជា​សារវន្ត​មួយ​ចំនួន​ដើម្បី​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់​រំ​កាល​ និង​កីឡា ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​រួមមាន​៧​ចំណុច​ធំៗ៖
១- ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស
២- ​ជួស​ជុល​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ បំពាក់​ឧបករណ៍ ​និង​សម្ភារៈ​កីឡា
៣-​ពង្រឹង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​កីឡា​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ
៤- ​ការ​រៀប​ចំ​លិខិត​បទ​ដ្ឋាន​គតិយុត្តិ​ ស្តីពីការ​គ្រប់គ្រង​វិស័យអប់​រំកាយ ​និងកីឡា ​(រៀបចំ គោល​នយោបាយកី​ឡាជាតិ ​អនុក្រឹត្យស្តី​ពីការ​គ្រប់គ្រ​ងវិស័​យកី​ឡា និ​ងលិខិ​តបទដ្ឋាន គតិ​យុត្តិនា​នា)
៥- ការកែ​សម្រួលរចនា​សម្ព័​ន្ធនៃកា​រប្រកួត ​(ការប្រកួ​តជើងឯក​ថ្នាក់​ជាតិ ​និងការ​ប្រកួត ល្បែង​កីឡាជាតិ​ National ​Games)​
៦- ពង្រីក និ​ងពង្រឹងកា​រសហ​ការជា​មួយគណៈ​កម្មាធិ​ការជា​តិអូឡាំពិ​កកម្ពុជា និងសហព័ន្ធ​ កីឡា​ជាតិ
៧- ការត្រៀ​ម​រៀបចំ​កីឡាស៊ី​ហ្គេ​ម (បង្កើតគ​ណៈកម្មកា​រអ​ន្តរក្រសួង និង​បង្កើតក្រុមការងារ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ ស្តីពី ​ការរៀប​ចំនៃព្រឹ​ត្តិកា​រណ៍​កីឡា​ស៊ីហ្គេ​ម។)

ដោយៈ ច័ន្ទ ទេវី



បទអត្ថាធិប្បាយៈ ហ៊ុន សែន ៖ ស្ថាបនិកទំនាក់ទំនងប្រវត្តិសាស្ត្ររវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ


  ទំនាក់​ទំនងការ​ទូត​នៃប្រទេស​កម្ពុជា-សាធារណ​រដ្ឋកូរ៉េ បាន​វិវវឌ្ឍន៍​រីក​ចម្រើនឥត​ឈប់ឈរក្នុងរយៈ​ពេលជាង​១៧ឆ្នាំកន្លង​មក​បន្ទាប់ពី​ប្រទេស​ទាំង​ពីរបាន​ភ្ជាប់ទំ​នាក់ទំនង​ការទូត​ជា​ប្រវត្តិសាស្រ្តមិន​ធ្លាប់​មាន​ដែល​មានលោក​ហ៊ុន សែន​ជាស្ថាបនិក។​ការ​សម្រេច​ចិត្តប្រកប​ដោយ​ថាមពលក្នុង​នាម​ជាមេដឹក​នាំពោ​ពេញ​ដោយ​ទស្សនៈ​វិសយ័​វែង​ឆ្ងាយ​បាន​ជំរុញ​ធ្វើឱ្យ​ទំនាក់​ទំនង​នៃប្រទេស​ទាំង​ពីរ​បានឈានដល់កម្រិតមួយដ៏សំខាន់។ ទាំងនេះ បានបង្ហាញទ្បើងយ៉ាងច្បាស់ តាម​រយៈ​ដំណើរបំពេញទស្សនកិច្ច​ផ្លូវការ​ជាថ្មី​របស់​លោក​នៅ​ទីក្រុង​សេអ៊ូល​កន្លងទៅនេះ។​តើដំណើរ​បំពេញ​ទស្សន​កិច្ចផ្លូវ​ការរបស់លោក​ហ៊ុន សែន បាន​នាំមក​នូវអត្ថ​ប្រយោជន៍​អ្វីខ្លះ​សម្រាប់កម្ពុជា?

គេបាន​ដឹងយ៉ាង​ច្បាស់ថា​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ​ទៅកាន់​សាធារណរដ្ឋកូរ៉េ​នឹងបន្ត​ពង្រឹងនូវ​ភាពជោគ​ជ័យ​ដែលភាគី​ទាំង​ពីរ​សម្រេច​បាន​កាល​ពីពេល​កន្លងទៅ​ក្នុងនោះ លោក ហ៊ុន សែននិងអ្នកស្រី ប៉ាក់គឿនហេ ​​យល់ស្របគ្នាបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យឈាន​ដល់កម្រិតជាដៃគូយុទ្ធសាស្ត្រនិងបាន​ព្រមព្រៀង​សហប្រតិ​បត្តិការ​ជាមួយ​គ្នា​បន្ថែម​លើ​កិច្ច​ព្រមព្រៀងសហ​ប្រតិបត្តិការ​ដែល​មាន​ស្រាប់​ចំនួន៥។
           
កិច្ចព្រមព្រៀងទាំង​ ​នោះរួមមាន -អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីលើកទឹកចិត្តធុរជនវ័យក្មេងកម្ពុជា​-សាធារណរដ្ឋកូរ៉េ-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច​សហ​ប្រតិ​បត្តិ​​ការលើការថែទាំសុខភាពនិងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ-អនុស្សរណៈនៃការយោគ​យល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញានិង-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរៀបចំប្រព័ន្ធទូទាត់សងប្រាក់តម្លៃរាយក្នុងប្រទេសកម្ពុជា។នាយករដ្ឋមន្ត្រីខ្មែរនិងប្រធានាធិបតីកូរ៉េបានធ្វើជាសក្ខីភាពរួមគ្នាក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ ជំនួបកំពូលរបស់លោកហ៊ុន សែននិងអ្នកស្រី ប៉ាក់គឿនហេនៅរដ្ឋធានីសេអ៊ូលទីដែលគណៈប្រតិភូកម្ពុជាកំពុងបំពេញទស្សនកិច្ចផ្លូវការផ្តោតលើបញ្ហាមួយចំនួនទៀត។ក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេរភាគីនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានាធិបតីកូរ៉េបានយល់ស្របគ្នាបង្កើនចំណងការទូតរវាងប្រទេសទាំងពីរដែលផ្តួចផ្តើមឡើងដោយលោក ហ៊ុន សែន នៅឆ្នាំ១៩៩៧ ឱ្យដល់កម្រិតទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រតែម្តង។ ទន្ទឹមនឹងនេះដែរប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នាបង្កើតអនុព័ន្ធយោធានៅប្រទេសនីមួយៗនិងចងសម្ព័ន្ធមេត្រីភាពរវាង​​ខេត្តនិងខេត្តក្រុងនិងក្រុង នៃប្រទេសទាំងពីរផងដែរ។ ភាគីទាំងពីរបានជម្រុញឱ្យពាណិជ្ជកម្មកម្ពុជាកូរ៉េឈានដល់ចំណុចកំពូលថ្មី ត្បិតទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានតម្លៃត្រឹមតែ ៧៥០លានដុល្លារប៉ុណ្ណោះនៅឆ្នាំ២០១៣។

ការបន្ត​ពង្រឹង​នូវភាព​ជោគជ័យ​របស់លោក ហ៊ុន សែន ​តាមរយៈ​ដំណើ​ទស្សនៈ​កិច្ចនេះ ​អាចសមល្មម​នឹង​បង្ហាញឲ្យ​ពិភពលោក​មើល​ឃើញថា ​លោក ​ជា​អ្នកការ​ទូតដ៏​ប៉ិន​ប្រសព្វ ​ចេះបត់​បែន​តាមសភាពការណ៍​នយោបាយ ​ទន់ភ្លន់ ​ដើម្បី​ប្រយោជន៍​ជាតិ​ខ្មែរ។​ ការផ្តើម​ចេញ​ពីទំនាក់​ទំនង​ល្អនេះ​ ពលករ​កម្ពុជារាប់ម៉ឺននាក់ ​កំពុងតែ​មាន​ការងារ​ធ្វើនៅ​កូរ៉េ ​ដែលជា​ទីផ្សា​ការងារពោ​ពេញ​ដោយ​បទពិសោធន៍ ​ចំណេះ​ដឹង ជំនាញ ​បច្ចេកទេស ​ហើយទទួល​បានថវិការ​ខ្ពស់​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ។

សរុបមក​ដំណើរ​ទស្សន​កិច្ច​របស់​លោក ហ៊ុន សែន ត្រូវ​បានលោក​ស្រី ប៉ាក់ គឿនហេ វាយតម្លៃខ្ពស់​ និង​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង ទៅលើ​ទំនាក់ទំនង​កម្ពុជា-សាធារណ​រដ្ឋកូរ៉េ ជាង​ ១៧ឆ្នាំ​ កន្លង​ទៅ​នេះ។ ដោយ​លោកស្រី​ បានហៅ​ការសម្រេច​ចិត្តភ្ជាប់​ទំនាក់​ទំនង​របស់​លោក​ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី ​នៃព្រះរា ជា​ណា​ចក្រ​កម្ពុជា ​កាលពី​ឆ្នាំ១៩៩៧ ​ជាការ​សម្រេច​ចិត្ត​មួយដ៏​ត្រឹមត្រូវ​ ដែល​នាំឲ្យ​មានការ​បើក​ច្រកពាណិ​ជ្ជកម្ម និងជា​ការបើក​ឱកាស​សម្រាប់​ពលករ​កម្ពុជា ​បានទៅ​បម្រើ​ការងារ​នៅប្រទេស​កូរ៉េផងដែរ​។ ដូច​នេះ ដោយ​ស្ថិត​នៅ​លើ​សកម្មភាព ​ព្រឹត្តិ​ការណ៍​ជាក់​ស្តែង ​និង​លទ្ធផល​ជាក់ស្តែង​ ដែល​អាច​បញ្ជាក់​នូវការពិត​បានថា លោក ហ៊ុន សែន ជាស្ថាបនិក​ទំនាក់​ទំនង​ប្រវត្តិ​សាស្ត្រ​ក្នុង​រយៈពេល​ជាង ១៧​ឆ្នាំ កម្ពុជា-សាធារណរដ្ឋ​កូរ៉េ

អត្ថបទដោយ   ឧត្តម សក្តិ