Tuesday, December 16, 2014

កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញការពិភាក្សាតម្លើងកំរិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះទៅជា ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ




សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ដល់ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដោយ​សុវត្តិភាព​វិញ​ហើយ​ នៅព្រឹកថ្ងៃ​ទី១៥​ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ដោយ​នាំ​មក​នូវ​ការ​សន្យា​របស់​លោក​ជំទាវ ប៉ាក់ គឿនហេ ថា នឹង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន​ដូច​ប្រទេស​កូរ៉េ ជាពិសេស​ការ​ខិត​ខំ​តម្លើង​ទំនាក់​ទំនងរវាង​ប្រទេស​ទាំង​ពីរ ទៅ​ជា​ទំនាក់​ទំនង​ដៃគូ​យុទ្ធ​សាស្ត្រ ក៏ដូច​ជា ការ​ទទួល​ស្គាល់​តួនាទី​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​អ្នក​សម្រប​សម្រួលសម្រាប់​ទំនាក់​ទំនង​កិច្ច​សន្ទនា​រវាង​អាស៊ាន និង​សាធារណ​រដ្ឋ​កូរ៉េ។

តាម​ការ​អញ្ជើញ​របស់​លោក​ជំទាវ ប៉ាក គឿនហេ (Park Geun-hey) ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​កូរ៉េ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានអ​ញ្ជើញ​ទៅ​ចូលរួម កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួបអនុស្សាវ​រីយ៍​លើក​ទី២៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​ដៃ​គូ​អាស៊ាន-សាធា​រណ​រដ្ឋកូរ៉េ ចាប់​ពីថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ទីក្រុង​ប៊ូសាន និង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ទីក្រុង​សេអ៊ូល​នៃសាធារណរដ្ឋ​កូរ៉េ ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៤។
នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ       ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូអមនាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ដោយ​រំលឹកឡើងវិញ​ពីទំនាក់​ទំនង​ដែល​កាល​ពីឆ្នាំ១៩៨៩​រវាង​អាស៊ាន និង​កូរ៉េ បាន​ចាប់​ផ្តើម​ទំនាក់​ទំនង​ជាផ្លូវការ​ក្នុង​ក្របខណ្ឌ​កិច្ចសន្ទនា​ជាមួយ​គ្នា ហើយ​នៅ​ឆ្នាំ​២០១០ សាធារណរដ្ឋកូរ៉េ ក៏​បាន​ធ្វើ​ជា​ដៃគូជាយុទ្ធសាស្ត្រ​ជា​មួយអាស៊ាន។ ឯកឧត្តម កៅ គឹមហួន ក៏បាន​បង្ហាញ​ឱ្យឃើញ​ផង​ដែរ អំពីការ​រីក​ចម្រើននៃ​ទំហំ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាងអា​ស៊ាន និង​កូរ៉េ ដែល​កាល​ពីឆ្នាំ១៩៨៩ នៅ​ពេល​ដែល​ចាប់​ផ្តើម​នោះ ទំហំ​ពាណិជ្ជកម្ម​រវាង​កូរ៉េ និង​អាស៊ាន គឺ​មាន​ត្រឹម​តែ ៨.២​ពាន់​លាន​ដុល្លារ ហើយ​រហូត​មក​ដល់​ឆ្នាំ​២០១៣​នេះ គឺ​បាន​កើន​ឡើង​រហូត​ដល់​១៣៥ ពាន់​លាន​ដុល្លារ និង​នៅ​ឆ្នាំ​២០១៥ រំពឹង​ថា នឹង​កើន​ឡើង​រហូត​ដល់ ១៥០​ពាន់​លាន​ដុល្លារ។ ឯកឧត្តម កៅ គឹមហួន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន និង​កូរ៉េ បាន​ប្តេជ្ញាចិត្ត​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នេះ មាន​ការ​កើន​ឡើង​ដល់​២០០ ពាន់​លាន​ដុល្លារ។ រីឯ​ការ​វិនិយោគ​វិញ​គឺ​នៅ​ឆ្នាំ​២០១២ គឺ​មាន​ត្រឹម​តែ ១.៧​ពាន់​លាន​ដុល្លារ​ទេ ហើយ​ឆ្នាំ​២០១៣​នេះ គឺ​មាន​ការ​ឡើង​ដល់ ៣.៨​ពាន់​លាន​ដុល្លារ និង​មាន​អ្នក​ទេសចរណ៍​ឡើង​ដល់​ ៥លាន​នាក់​ក្នុង​១​ឆ្នាំ។
សម្រាប់​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួបអនុស្សាវ​រីយ៍​លើក​ទី២៥​ឆ្នាំ​ នៃ​ទំនាក់​ទំនង​ដៃគូ​អាស៊ាន-សាធា​រណ​រដ្ឋកូរ៉េ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា ប្រមុខ​រដ្ឋាភិ​បាល​អាស៊ាន និង​កូរ៉េ បាន​អនុម័ត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​កំពូល​ខាង​លើ​នេះ រួមមាន​៦​ចំណុច​សំខាន់​ៗ ក្នុង​នោះ ជា​អាទិ៍ មាន​ការ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ និង​សន្តិសុខ ដើម្បី​រក្សា​សន្តិភាព ស្ថេរភាព​នៅ​ក្នុង​តំបន់ ដោយ​កូរ៉េ​បាន​សន្យា​បន្ត​គាំទ្រ​តួនាទី​ស្នូល​របស់​អាស៊ាន នៅ​ក្នុង​រាល់​វេទិកា​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​អាស៊ាន​សម្រាប់​តំបន់​នេះ។ ជា​មួយ​នេះ កូរ៉េ និង​អាស៊ាន បាន​ឯកភាព​គ្នា​ធ្វើ​យ៉ាង​ណា​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញ​ដូរ​មនុស្ស និង​ការជួញ​ដូរ​គ្រឿង​ញៀន​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​លំហ​សមុទ្រ គាំទ្រ​ដល់​សមាជិក​អាស៊ាន​ក្នុង​ការ​ចូលរូម ក្នុងកិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជា​ជាតិ។ ពាក់ព័ន្ធ​នឹង​វិស័យ​សង្គម​វប្បធម៌​អាស៊ាន និង​កូរ៉េ បាន​ឯកភាព​គាំទ្រ​ជំរុញ​កិច្ចសហ​ប្រតិបតិ្តការ​ឱ្យ​មាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ប្រជាជន និង​ប្រជាជន រវាង​យុវជន និង​យុវជន និស្សិត និង​និស្សិត​តែម្តង។
តាមរយៈ​កិច្ច​ប្រជុំ​កំពូល​នេះ​ដែរ ឯកឧត្តម កៅ គឹមហួន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វី​ដែល​ជា​ប្រការ​សំខាន់​សម្រាប់​កម្ពុជា​នោះ គឺ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចាប់​ពីខែ​កក្កដា ឆ្នាំ​២០១៥ ទៅ​ដល់​ឆ្នាំ​២០១៨ កម្ពុជា​នឹង​ទទួល​ធ្វើ​ជាអ្នក​សម្រប​សម្រួល​សម្រាប់​ទំនាក់​ទំនង​កិច្ចសន្ទនា​រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ។
ជាមួយ​នឹង​ខ្លឹមសារ​នៃកិច្ច​ប្រជុំកំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​២៥​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃ​គូ​អា​ស៊ាន​-សាធារណរដ្ឋ​កូរ៉េ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​ក៏បាន​ឱ្យ​ដឹង​អំពី​លទ្ធ​ផល​នៃ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត នៅ​ទីក្រុង​សេ​អ៊ូល ដែល​នៅ​ក្នុង​ជំនួប​ចចារ​ទ្វេភាគី រវាង​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ សម្តេច​តេជោ​បាន​ស្នើ​ឱ្យ​មាន​ការ​តម្លើង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ (កម្ពុជា-សាធារណរដ្ឋកូរ៉េ) ទៅ​ជា​ទំនាក់​ទំនង​ដៃគូ​ជាយុទ្ធ​សាស្ត្រ។ ចំពោះ​ចំណុចនេះ លោក​ជំទាវ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ស្វាគមន៍ និង​មាន​ប្រសាសន៍​ថា​ទុកកិច្ចការ​នេះជា​កិច្ចការ​ដ៏​សំខាន់ ដោយ​ឱ្យរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំងពីរ​(កម្ពុជា-សាធារណរដ្ឋកូរ៉េ) បន្ត​ធ្វើ​ការងារ​ជាមួយ​គ្នា​ជា​បន្តទៀត។ លោក​ជំទាវ ប៉ាក គឿនហេ ក៏​បាន​ស្នើ​ឱ្យមាន​អនុព័ន្ធ​យោធា រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ធ្វើ​ការ​ជាមួយ​គ្នា​លើ​វិស័យ​ការពារ​ជាតិ​ផង​ដែរ។ ជាមួយនេះ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​មាន​កិច្ចសហ​ប្រតិបត្តិការ​រវាង​ខេត្ត និង​ខេត្ត និង​បាន​ស្នើ​សុំ​ឱ្យ​ភាគី​កូរ៉េ បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ និង​បាន​ស្នើ​ឱ្យ​ភាគី​កូរ៉េ ទទួល​ការ​នាំ​ចូល​អង្ករ​ក៏ដូចជា​កសិផល​ដទៃ​ទៀត ពី​កម្ពុជា​ចូល​ទៅ​សាធា​រណ​រដ្ឋកូរ៉េ និង​ជំរុញ​បង្កើន​ឱ្យ​មាន​អ្នក​វិនិយោគ​ពីសាធារណរដ្ឋ​កូរ៉េ​មក​កម្ពុជា​ផងដែរ។
សូម​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​កូរ៉េនេះដែរ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោកជំទាវ ប៉ាក គឿន​ហេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ បា​ន​ជួប​ពិភាក្សា​ទ្វេភាគី និង​ធ្វើ​ជាអធិបតី​ក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ចំនួន​៥ ដែល​រួម​មាន​៖
-១.អនុស្សារណៈ​យោគ​យល់​គ្នា​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​សាធារណរដ្ឋកូរ៉េ ស្តីពី«កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ»
-២.អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​អប់រំ​យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ​ពាណិជ្ជកម្ម​នៃសាធារណរដ្ឋ​កូរ៉េ ស្តីពី      «កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​លើក​ទឹក​ចិត្ត​ធុរជន​វ័យក្មេង​កម្ពុជា-កូរ៉េ ក្នុង​ការ​ចាប់​ផ្តើម​ធុរកិច្ច»
-៣.អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​សុខាភិ​បាល នៃព្រះ​រាជាណាចក្រ​កម្ពុជា និង​ក្រសួង​សុខាភិបាល និង​សុខុមាល​ភាព នៃ​សាធារណរដ្ឋ​កូរ៉េ ស្តីពី«កិច្ច​សហប្រតិបត្តិការ លើការ​ថែទាំ​សុខ​ភាព និង​វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ»
-៤.អនុស្សារណៈ​យោគយល់​គ្នារវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​អង្គភាព​កម្មសិទ្ធិ​បញ្ញា​នៃសា​ធា​រណរដ្ឋ​កូរ៉េ ស្តីពី«កិច្ច​សហប្រតិបត្តិការ​កម្ម​សិទ្ធិបញ្ញា»
-៥.អនុស្សារណៈ​យោគយល់​គ្នារវាង​ធនាគារ​ជាតិ​កម្ពុជា និង​ធនាគារ​កណ្តាល​កូរ៉េ ស្តីពី«ការ​រៀបចំ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​តម្លៃ​រាយ​ក្នុង​ប្រទេស​កម្ពុជា»
ក្រៅ​ពីនេះ សម្តេចតេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​ជួប​ជាមួយ​អ្នក​វិនិ​យោគ​កូរ៉េ​ដទៃ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ចលនាភូមិ​ថ្មី ជួប​ជាមួយ​ពលករ​ខ្មែរ និង​និស្សិត​ខ្មែរ ដែល​បម្រើ​ការងារ និង​កំពុង​សិក្សា​នៅ​សាធារណរដ្ឋកូរ៉េ​ផងដែរ៕


No comments:

Post a Comment