Wednesday, January 18, 2023

ទស្សនៈអ្នកអានៈ «ច្បាប់នៅលើលោកនេះគ្មានការអត់ឱនចំពោះអ្នកដែលចេញសែកស្អុយដើម្បីសងលុយ ជំពាក់គេទេ»!

លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយ ប៉ុន្តែរឿងរ៉ាវដែលកើតឡើងចំពោះគាត់ពេលនេះគឺជារឿងផ្ទាល់ខ្លួន មិនមែនជារឿងនយោបាយនោះឡើយ។ អ្នកចូលចិត្តលេងល្បែងហើយជំពាក់លុយគេ មិនមែនជារឿងចម្លែក ចំណែកអ្នកចេញសែកស្អុយ (សែកគ្មានលុយ) ដើម្បីសងថ្លៃជំពាក់គេហើយត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការក៏មិនមែនជារឿងថ្មីថ្មោងនោះដែរ។  មិនថាតែនៅកម្ពុជាទេ សូម្បីតែប្រទេសផ្សេងណាក៏ដោយ ក៏គេត្រូវចាត់វិធានការបែបនេះដោយមិនលើកលែងឡើយចំពោះជនបោកប្រាស់ដែលចេញសែកស្អុយដើម្បីសងលុយជំពាក់​ ពីព្រោះនេះជាអំពើបោកប្រាស់។ 

នៅកម្ពុជា មានករណីបែបនេះធ្លាប់បានកើតឡើងជាច្រើនលើកច្រើនសារមកហើយចំពោះបុគ្គលជាច្រើនដែលជាអ្នករកស៊ី រឺមន្ត្រីគ្រាក់ៗពាក់ផ្កាយ ។ល។ ​រឿងបែបនេះរឹតតែមិនមែនជារឿងនយោបាយទាល់តែសោះ។ ដូច្នេះ សូមអ្នកនយោបាយមួយចំនួននិងតំណាងអង្គការសង្គមស៊ីវិលមួយក្តាប់តូច ក៏ដូចជាអ្នកដែលតាំងខ្លួនថាជាអ្នកវិភាគឯករាជទាំងឡាយ «មើលឲ្យជាក់ សឹមញាក់ចិញ្ចឹម»នេះប្រសិនបើចង់ឲ្យសម្តីរបស់ខ្លួនមានតម្លៃ

ដែលគេអាចស្តាប់បាន។  ការនិយាយទាំងទទឹងទិសដោយមិនបានដឹងសាច់រឿង និងមិនបានស៊ើបអង្កេតសូម្បីតែបន្តិច គឺជាពាក្យសម្តីមុសារដែលនិយាយដើម្បីស៊ីអារម្មណ៍និងបម្រើឲ្យរបៀបវារៈនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។

នៅកម្ពុជា ពិតជាសម្បូរណាស់អ្នកនយោបាយ សង្គមស៊ីវិល និងអ្នកវិភាគឯករាជដែលផ្អៀងផ្កាប់មុខ ហើយចូលចិត្តនិយាយតាមការយល់ឃើញរបស់ខ្លួន ដោយមិនបានផ្អែកលើការស្រាវជ្រាវដើម្បីរកព័ត៌មានពិត យកមកធ្វើជាមូលដ្ឋានសោះឡើយ។ ក្រុមអ្នកនយោបាយ សង្គមស៊ីវិល និងអ្នកវិភាគផ្កាប់មុខ ទាំងអស់នោះ គឺជាប្រភពបំពុលសង្គមដ៏គួរឲ្យខ្លាច។ ពួកគេមិនបាននាំព័ត៌មានពិតដើម្បីឲ្យប្រជាពលរដ្ឋយល់សាច់រឿង 

នោះទេ ប៉ុន្តែពួកគេចូលចិត្តនិយាយឲ្យមនុស្សយល់ច្រឡំ ច្របូកច្របល់ ដោយគ្មានមូលដ្ឋានសំអាងច្បាស់លាស់។   

ឲ្យតែមានរឿងអ្វីកើតឡើងចំពោះអ្នកនយោបាយប្រឆាំង ពួកគេក៏ផ្តើមសន្និដ្ឋានភ្លាមថា ជារឿងនយោបាយ មិនថារឿង នោះជារឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី រឿងផឹកស៊ីវ៉ៃតប់គ្នា ឬសូម្បីតែគ្រោះថ្នាក់ចរាចរណ៍

ក៏ពួកគេអាចអូសចូលក្នុងរឿង នយោបាយដែរ។ 

តើនៅក្នុងប្រទេសណាមួយដែលអ្នកនយោបាយមានអភ័យឯកសិទ្ធិអាចរួចផុតពីសំណាញ់ច្បាប់? តើនៅប្រទេសណាដែលអ្នកចេញសែកស្អុយដើម្បីសងលុយជំពាក់គេត្រូវរួចខ្លួន រាប់ទាំងអ្នកនយោបាយផង? គឺប្រាកដជាគ្មានឡើយនៅលើលោកីយ៍យើង នេះ។ ប៉ុន្តែចម្លែកអីតែនៅកម្ពុជា ក្រុមអង្គការសង្គមស៊ីវិលដែល

ជ្រកក្រោមស្លាកការពារសិទ្ធិមនុស្សមួយចំនួនបែរជាការពារអ្នកនយោបាយប្រព្រឹត្តល្មើសច្បាប់ទៅវិញ ដោយខិតខំទាញរឿងរ៉ាវគ្រប់បែបយ៉ាងឲ្យចូលក្នុងរឿងនយោបាយដើម្បីទម្លាក់កំហុសទៅលើរដ្ឋាភិបាលគណបក្សកាន់អំណាច។ 

មហាជនទូទៅតែងតែកត់សំគាល់ឃើញាក្រុមនេះតែងអនុវត្តនូវស្តង់ដាពីរក្នុងគ្រប់បញ្ហា៖ « នៅម្ខាង គេអំពាវនាវឲ្យមាននីតិរដ្ឋនិងចង់ឲ្យគ្រប់គ្នាស្មើភាពចំពោះមុខច្បាប់ ប៉ុន្តែនៅម្ខាងទៀត ពួកគេចេញមុខកាងអ្នកនយោបាយនិងសកម្មជនប្រព្រឹត្តខុសច្បាប់ ព្រោះតែអ្នកនោះជាគូកនរបស់ខ្លួន»។ «នៅម្ខាង ពួកគេអំពាវនាវ

ឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះជនល្មើស ប៉ុន្តែនៅម្ខាងទៀត ពួកគេចង់ឲ្យបន្ធូរបន្ថយ ឬលើកលែងទោសចំពោះបក្សពួក និងគូកនរបស់ខ្លួនដែលប្រព្រឹត្តខុសច្បាប់»។ «នៅម្ខាង ពួកគេអំពាវនាវឲ្យមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថិតនៅអព្យាក្រឹត្យ ប៉ុន្តែពួកគេខ្លួនឯង ដែលជាសង្គមស៊ីវល ឬជាអ្នកវិភាគឯករាជ បែរជាផ្អៀងក្រឡាប់មេឃ»។ «នៅម្ខាង ពួកគេតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្សនិងចង់ឲ្យគេគោរព សិទ្ធិរបស់ខ្លួនគ្រប់បែបយ៉ាង ប៉ុន្តែនៅម្ខាងទៀត ពួកគេចេញមុខការពារអ្នកបញ្ចេញមតិបំពានឬប្រមាថដល់អ្នកដទៃយ៉ាងកំរោល ឬពួកគេខ្លួនឯងនិយាយសន្និដ្ឋានទម្លាក់កំហុសលើគេដោយគ្មានភស្តុតាង»។

ដោយហេតុតែបេសកកម្មរបស់ពួកគេគឺដើម្បីតែទម្លាក់កំហុសមកលើអាជ្ញាធររដ្ឋាភិបាល ពួកគេពិតជាបានបង្ហាញនូវភាពទុច្ចរិតយ៉ាងចំហនិងឥតអៀនខ្មាសបែបនេះហើយទើបបានជាសម្តីរបស់ពួកគេចេះតែបន្តសាបដូចទឹកទន្លេដោយមនុស្សកាន់តែតិចទៅៗឲ្យតម្លៃនិងយកត្រចៀកស្តាប់។ 

ងាកមកនិយាយពីករណី ថាច់ សេដ្ឋា វិញ ! នរណាក៏ដឹងដែរថា គាត់ជាអ្នកញៀនល្បែងមិនចាញ់អេង ឆៃអ៊ាង ឡើយ។ ​ គេអាចស្រមៃឃើញថា មនុស្សដែលញៀនល្បែង យកកាស៊ីណូជាផ្ទះសម្បែង តើជាមនុស្សប្រភេទណា? នៅពេលដែលចាញ់ល្បែងអស់ពីខ្លួន មធ្យោបាយមានតែមួយគឺខ្ចីប្រាក់ពីប្រភពណាក៏ដោយឲ្យតែអាចខ្ចីបាន។ ​អេង ឆៃអ៊ាង និង ថាច់ សេដ្ឋា អាចមានសំណាងជាងអ្នកញៀនល្បែងដទៃដោយសារតែខ្លួនជ្រកក្រោមស្លាកបក្សប្រឆាំង ដែលអាចប្រមូលលុយបានពីអ្នកគាំទ្រក្រោមបុព្វហេតុនយោនបាយ។  ប៉ុន្តែតាមការពិត លុយដែលប្រមូលបានភាគច្រើនគឺយកទៅលេងល្បែង។ ទោះជាយ៉ាងណា លុយដែលបានមកពីការបោកប្រាស់អ្នកគាំទ្រនៅតែមិនគ្រប់គ្រាន់សម្រាប់ចាយទៅលើកាស៊ីណូឡើយ។ ហេតុដូច្នេះហើយបានជា ថាច់ សេដ្ឋ លង់ខ្លួននឹងបំណុលវ័ណ្ឌករហូតដល់ចេញសែកស្អុយឲ្យម្ចាស់បំណុល។

នៅពេលតុលាការកោះហៅម្តងជាពីរដងតាមពាក្យបណ្តឹងរបស់ម្ចាស់បំណុល តែមិនព្រមចូលខ្លួនទៅបំភ្លឺ ជម្រើសខាងផ្លូវច្បាប់នៅសល់តែមួយគត់ គឺដីកានាំខ្លួនហើយនេះគឺជានីតិវិធីស្របច្បាប់របស់តុលាការ។

នៅពេលដែលជាប់ផុងក្នុងសំណាញ់ច្បាប់ ថាច់ សេដ្ឋា ក៏ដូចជាបក្សប្រឆាំងនិងគូកនក៍ខំប្រឹងកាឡៃថាជារឿង នយោបាយដើម្បីបង្វែរចំណាប់អារម្មណ៍មហាជនអោយមានការយល់ច្រឡំថា «បក្សប្រឆាំងមិនមែនជាជំរកសុវត្តិភាពរបស់ជនល្មើសច្បាប់ រឺ ជនញៀនល្បែងស៊ីសង។ល។ ចំណែកឯគូកនរបស់គេដែលជ្រកក្រោមស្លាកសង្គមស៊ីវិល អ្នកវិភាគឯករាជ រួមទាំងសារព័ត៌មានក្បត់វិជ្ជាជីវៈមួយចំនួនក៏នាំគ្នាបំពងសំឡេងបន្ថែម ដើម្បីកាឡៃទៅជារឿងនយោបាយ ក្នុងគោលបំណងទាក់ទាញក្តីអាណិតអាសូរពីអ្នកដែលមិនដឹងសាច់រឿងពិត។  ប៉ុន្តែល្បិចកលដដែលៗនេះពិតជាគ្មានប្រសិទ្ធភាពទៀតឡើយ ពីព្រោះសម័យនេះ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ដោយម្នាក់ៗចេះពិចារណា ចេះស្រាវជ្រាវ និងចេះផ្ទៀងផ្ទាត់ព័ត៌មានច្រើនជាងមុន។

សូមចងចាំថា បច្ចុប្បន្នប្រជាពលរដ្ឋយល់ច្បាស់ណាស់ថា អ្វីដែលកើតឡើងចំពោះអ្នកនយោបាយ មិនមែនសុទ្ធតែជារឿងនយោបាយឡើយ។ ម្យ៉ាងទៀត អ្នកនយោបាយដែលប្រព្រឹត្តខុសក៏មិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ ជាពិសេស ជនណាក៏ដោយ ទោះនៅក្នុងប្រទេសណាក៏ដោយ ឲ្យតែប្រព្រឹត្តអំពើបោកប្រាស់ តាមរយៈការចេញសែកស្អុយដើម្បីសងលុយជំពាក់គេ គឺត្រូវតែទទួលទោសដោយចៀសមិនផុតឡើយ។ នេះគឺជាក្រឹតក្រមដែលគេបាននិងកំពុងអនុវត្តនៅជុំវិញពិភពលោករាប់ទាំងក្នុងបណ្តាប្រទេសប្រជាធិបតេយ្យធំៗផងដែរ។ 

ដូច្នេះ ថាច់ សេដ្ឋា ដែលចាញ់ល្បែងអស់ពីខ្លួន ហើយជំពាក់លុយគេ គ្មានអ្វីសង រហូតដល់ចេញសែកស្អុយ ប្រាកដណាស់ថា ត្រូវតែទទួលការកាត់ទោសជាកំហិត ហើយបើមិនដូច្នោះទេ វាជាគំរូដ៍អាក្រក់ ដល់អ្នកដទៃ៕ 

ដោយ: អ្នកនយោបាយតុកាហ្វេ



អាវុធហត្ថរាជធានីភ្នំពេញ គាំទ្រចក្ខុវិស័យ សាលាដូង លើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ!

ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាចុងសប្តាហ៍ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ អាវុធហត្ថ នាំយកអំណោយ រួមនឹងថវិកា ទៅឧបត្ថម្ភដល់ ប្អូនៗកុមារសិស្សសាលាដូង ដែលមានទីតាំងស្ថិតនៅកំពូលភ្នំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អំណោយដែលក្រុមការងារ ផ្ដល់ជូនទៅដល់ សាលាដូង រួមមាន៖ ទឹកដោះគោចំនួន២៦កេស, នំកញ្ចប់ ចំនួន០៧កេស, ចង្ក្រានហ្គាសចំនួន០៥, ឆ្នាំងដាំបាយអគ្គីសនីចំនួន០២ រួមនឹងថវិកាចំនួន ១លានរៀល ផងដែរ។

សាលារៀននេះត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយលោក អ៊ុក វ៉ាន់ដេ ដែលមនុស្សទូទៅបានស្គាល់លោកថាជា អ្នកចម្បាំងសំរាម ដែលមានន័យថា “ការយកសំរាមមកកែច្នៃឱ្យក្លាយទៅរបស់មានតម្លៃ និងមានប្រយោជន៍” ដូចជា៖ ដបប្លាស្ទិក ដបស្រាបៀរ បំពង់បឺតគម្របដបទឹកសុទ្ធ កង់ឡាន ធុងហ្គាសឡាន និងសំណល់ផ្សេងៗទៀត ត្រូវបានយកមកកែច្នៃបង្កើតជាបន្ទប់សិក្សា រូបលម្អ និមិត្តសញ្ញា និងវត្ថុអនុស្សាវរីយ៍ជាច្រើន។

ប្អូនៗកុមារសិស្សសាលាដូងនេះមានពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ កំពុងទទួលបានការអប់រំ និងបញ្ជ្រាបការយល់ដឹងទាក់ទងនឹងសំរាម ដែលអាចប្រើប្រាស់ឡើងវិញបាន ក្នុងគោលបំណងកាត់បន្ថយប្លាស្ទិកនៅថ្ងៃអនាគត។
រីឯដំណើរនាំយកអំណោយរបស់អាវុធហត្ថរាជធានីភ្នំពេញ ទៅកាន់សាលាដូង លើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺនាពេលនេះ គឺដើម្បី គាំទ្រនូវទស្សនៈវិស័យរបស់សាលាដូង និងបង្ហាញពីក្តីស្រឡាញ់ ចំពោះវិស័យអប់រំ ដែលជាដង្ហើមនៃការចេះដឹងរបស់កុមារ រស់នៅលើភ្នំគីរីរម្យនេះផងដែរ៕







លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ ស្តីពីខ្លឹមសារ ខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

 នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ ស្តីពីខ្លឹមសារ ខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ និងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអនុក្រុមការងារខ្លឹមសារ ព័ត៌មាន និងផ្សព្វផ្សាយ នៃក្រុមការងារទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ និងក្នុងគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ សរុបចំនួន ៣៩នាក់។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖
- ពិភាក្សាលើខ្លឹមសារ និងជំហានត្រូវអនុវត្តក្នុងការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០២៣
- ពិភាក្សាលើខ្លឹមសារ និងផែនការត្រូវអនុវត្តក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍
- បញ្ហាផ្សេងៗ៕







វិភាគអន្តរជាតិ៖ ការវិលត្រឡប់នៃ «គ្រួសារស៉ីនណាវ៉ាត់» ក្នុងនយោបាយថៃ?


(បាងកក)៖ កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) បានប្រកាសថាអ្នកនាងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បី ឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣នេះ ខណៈគណបក្សប្រឆាំងដ៏ធំរបស់ថៃមួយនេះកំពុងព្យាយាមដណ្ដើម អំណាចមកវិញ ក្រោយត្រូវបានយោធាធ្វើរដ្ឋប្រហារកាលពីជាង៨ឆ្នាំមុន។

ការបញ្ជាក់របស់អ្នកនាង ផែថងថាន ស៊ីនណាវ៉ាត់ (Paetongtarn Shinawatra) ធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ ទី១៥ ខែមករានេះ នៅឯ តំបន់ភាគឦសាននៃប្រទេសថៃ ជាមូលដ្ឋានជនបទដ៏រឹងមាំមួយដែលតែងតែផ្ដល់នូវជ័យជម្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតចំនួន ៥លើក ពោលគឺចាប់តាំងពី ឆ្នាំ២០០១មក សម្រាប់គ្រួសារត្រកូលស៊ីនណាវ៉ាត់ ។ អ្នកនាង ផែថនថាន បានគូសបញ្ជាក់ដោយផ្ទាល់នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរពីការឈរ ឈ្មោះជា បេក្ខភាពនាយករដ្ឋមន្ត្រី យ៉ាងដូច្នេះថា «ពិតមែនហើយ ខ្ញុំបានត្រៀនខ្លួនរួចរាល់ហើយ...យើងចង់ឱ្យគណបក្សទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ដើម្បីអាចបំពេញតាម ពាក្យសន្យាដែលយើងបានសន្យាទៅកាន់ប្រជាជន»។

មែនទែនទៅ ចេតនាចង់ឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់អ្នកនាង ផែថងថាន ត្រូវបានគេលើកយកជជែកដេញ នៅបន្ទាប់ពីអ្នកនាងបានបង្ហាញខ្លួនជារឿយៗ នៅតាមវេទិកាជួបជុំរបស់គណបក្សភឿថៃ កាលពីឆ្នាំ២០២២ រហូតដល់មានការចោទសួរផងដែរឡើងពីលទ្ធភាពដែលគ្រួសារស៊ីនណាវ៉ាត់ ត្រឡប់មកកាន់អំណាចវិញ សាជាថ្មីនៅក្នុងនយោបាយថៃ? គណបក្សភឿថៃ មិនទាន់ប្រកាសតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួនជាផ្លូវការនៅឡើយទេ តែអ្នកនាង ផែថងថាន​ត្រូវបានគេមើកឃើញ ថាមានលទ្ធភាពខ្ពស់ជាងគេនៅក្នុងបក្ស។

* តើអ្នកនាង ផែថងថាន ជានរណា?

កើតនៅឆ្នាំ១៩៨៦ អ្នកនាង ផែថងថាន ស៊ីនណាវ៉ាត់ (Paetongtarn Shinawatra) គឺជាកូនស្រីពៅ នៅក្នុងចំណោមកូន ៣នាក់របស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ និងដែលត្រូវបានបណ្ដេញចេញពីអំណាចដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦។ អ្នកនាងបានបញ្ចប់ការសិក្សា ផ្នែកសង្គមវិទ្យា (sociology) នៅឯសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) មុននឹងបន្ត ហើយបញ្ចប់ការសិក្សាផ្នែកអនុបណ្ឌិតផ្នែកគ្រប់គ្រង សណ្ឋារគារអន្តរជាតិ មកពីសាកលវិទ្យាល័យ Surrey (Surrey University) មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ អ្នកនាង ផែថងថាន ត្រូវបានគេចាត់ទុកជា សហគ្រិនស្ត្រីដ៏ជោគជ័យម្នាក់ និងជានាយកប្រតិបត្តិ CEO ក្រុមហ៊ុន Rende Development។

* ឧបសគ្គដ៏ធំរបស់គណបក្សភឿថៃ និងអ្នកនាង ផែថងថាន

ការស្ទង់មតិមួយធ្វើឡើងដោយវិទ្យាស្ថានថៃ National Institute of development Administration ចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅបានបង្ហាញថាអ្នកនាង ផែថងថាន គឺជាជម្រើសទី១ នៃអ្នកបោះឆ្នោតដែលពួកគេចង់ឱ្យក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃនៅក្នុងអាណត្តិនេះ ដោយ ទទួលបានសំឡេងគាំទ្រ ៣៤.០០ភាគរយ ខណៈនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា ទទួលបានសំឡេងគាំទ្រ ១៤.៥ភាគរយ។ ការស្ទង់មតិដដែលដែល បានធ្វើឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក៏បានឱ្យដឹងដែរថានៅពេលសាកសួរពីគណបក្សវិញ អ្នកដែលត្រូវបានសម្ភាសន៍ ៤២.៩៥ភាគរយបាននិយាយថា ពួកគេនឹងបោះឆ្នោតឱ្យគណបក្សភឿថៃទៀតផង។

ក្រុមយោធានៅក្នុងប្រទេសថៃ បានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីកម្ចាត់ឥទ្ធិពល និងប្រជាប្រិយភាពនៃគ្រួសារស៉ីនណាវ៉ាត់។ ជាការពិតណាស់ យោធាថៃមិនអាចបន្សាប ប្រជាប្រិយភាពរបស់គ្រួសារស៊ីនណាវ៉ាត់ នៅក្នុងចំណោមប្រជាជនថៃ ជាពិសេសប្រជាជនរស់នៅតាមទីជនបទបានឡើយ ប៉ុន្តែយ៉ាងហោចណាស់ ពួកគេបានប្រើប្រាស់ ច្បាប់ដើម្បីរារាំងការវិលត្រឡប់មកកាន់អំណាចសាជាថ្មីរបស់គ្រួសារស៊ីនណាវ៉ាត់ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

ក្រុមអ្នកវិភាគជាច្រើនយល់ស្របដូចគ្នាថាជ័យជម្នះរបស់គណបក្សភឿថៃ និងអ្នកនាង ផែថងថាន អាចនឹងក្លាយជាការត្រួសត្រាយផ្លូវឱ្យលោក ថាក់ស៊ីន ត្រឡប់ចូលមកក្នុង ប្រទេសថៃវិញ ហើយលោក ថាក់ស៊ីនខ្លួនឯង កំពុងរស់នៅនិរទេសខ្លួននៅឯបរទេស ជាមួយប្អូនស្រីបង្កើតគឺ លោកស្រី យ៉ីងឡាក់ ក៏ធ្លាប់បានសន្យាកាលពីឆ្នាំ២០២១ដែរថាលោកនឹងត្រឡប់ចូលស្រុកតាមផ្លូវមុខ។ ក៏ប៉ុន្តែ ទោះជាមានប្រ៊េនប្រជាប្រិយភាព នៃគ្រួសារស៊ីនណាវ៉ាត់ ក៏ពិតមែន ក៏គណបក្សភឿថៃ និងអ្នកនាង ផែថងថាន នឹងត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំមួយ នោះគឺរដ្ឋធម្មនុញ្ញរបស់យោធាថៃ​។ ដើម្បីអាចជាប់ ឆ្នោតជានាយករដ្ឋមន្ត្រី បេក្ខជននីមួយៗ ចាំបាច់ត្រួវតែប្រមូលឱ្យបាននូវការគាំទ្រសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបដែលមានអាសនៈចំនួន ៥០០ និងក្នុងព្រឹទ្ធសភា ដែលមានអាសនៈចំនួន ២៥០។

តែនៅក្រោមរដ្ឋធម្មនុញ្ញដែលត្រូវបានព្រាង និងធ្វើវិសោធនកម្មដោយយោធាថៃកាលពីឆ្នាំ២០១៧ ព្រឹទ្ធសភាថៃសព្វថ្ងៃ គឺស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងពីសមាជិក ព្រឹទ្ធសភាមានភក្ដីភាពនឹងយោធាថៃ។ នៅត្រង់ចំណុចនេះ​ វាមានលទ្ធភាពខ្ពស់ដែលសេណារីយ៉ូ ដូចគ្នាទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៩ អាចនឹងកើតឡើងជាថ្មី ម្ដងទៀតក្នុងឆ្នាំ២០២៣នេះ។ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩ គណបក្សភឿថៃទទួលបានសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប ប៉ុន្តែព្រឹទ្ធសភាគ្រប់គ្រងដោយយោធា ទៅវិញទេដែលមានសិទ្ធិអំណាចអនុញ្ញាតឱ្យលោក ប្រាយុទ្ធ បង្កើតរដ្ឋាភិបាលចម្រុះដឹកនាំប្រទេស។ ដូច្នេះមិនថានៅក្នុងការបោះឆ្នោតណានោះទេ ក្រុមគណបក្សគាំទ្រ យោធាថៃ នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាអំណាច ហើយព្យាយាមបកស្រាយផ្លូវច្បាប់ថាគណបក្សភឿថៃ មិនគួរត្រូវបានអនុញ្ញាតឱ្យបង្កើតរដ្ឋភិបាលចម្រុះទេ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានផ្ដាច់ខ្លួនចេញពីគណបក្ស Palang Pracharath គាំទ្រដោយយោធា និងបានចូលរួមក្នុង ជីវភាពនយោបាយថ្មីនៅក្នុងគណបក្ស Ruam Thai Sang Chart ឬ United Thai Nation Party ដែលបានបើកសមាជបក្សដំបូងកាលពីខែសីហា ឆ្នាំ២០២២។ ក្រោយ ការចាកចេញរបស់លោក ប្រាយុទ្ធ បក្ស Palang Pracharath (PPRP) បានប្រកាសថាលោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) គឺជាបេក្ខាភាពនាយករដ្ឋមន្ត្រីរបស់បក្សសម្រាប់ការបោះឆ្នោតសកលដែលអាចនឹងធ្វើឡើងនៅមុនខែឧសភា។

បើតាមក្រុមអ្នកវិភាគ លោក ប្រាយុទ្ធ ចាន់អូចា លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ និងអ្នកនាង ផែថងថាន គឺជាបេក្ខជនសំខាន់ៗត្រូវប្រជែងគ្នាយកកៅអីនាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំនេះ។ តាមរយៈការចូលរួមជាមួយគណបក្ស United Thai Nation Party លោក ប្រាយុទ្ធ អាចនឹងសហការជាមួយលោក ប្រាវីត និងគណបក្សដទៃដែលស្និទ្ធនឹងយោធាថៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។

នៅក្នុងករណីនេះ ប្រសិនបើមានសំឡេងគ្រប់គ្រាន់នៅក្នុងសភាជាន់ទាប នោះលោក ប្រាយុទ្ធ និងលោក ប្រាវីត អាចនឹងចាប់ដៃសហការគ្នាដោយមានជំនួយពីព្រឹទ្ធសភា។ ប៉ុន្តែ បើដូច្នេះមែន តើរវាងលោក ប្រាយុទ្ធ និងលោក បា្រវីត នរណានឹងក្លាយជានាយករដ្ឋមន្ត្រី? ក្រុមអ្នកវិភាគជឿថាបើគណបក្ស United Thai Nation Party មានអាសនៈ ច្រើនជាងគណបក្ស Palang Pracharath នោះលោក ប្រាយុទ្ធនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រី និងច្រាសមកវិញ ខណៈទំនាក់ទំនងមិត្តភាពរវាងអ្នកទាំង២ មានការរង្គោះរង្គើរតិចតួចកាលពីពេលថ្មីៗនេះក៏ដោយ ក៏វានៅតែមានភាពរឹងមាំគ្រប់គ្រាន់អាចឱ្យសេណារីយ៉ូ ទៅរួច។

តែក៏អាចមានសេណារីយ៉ូមួយផ្សេងទៀត ដែលគេសឹងតែមិនហ៊ាននឹកស្មានដល់ នោះគឺលោក ប្រាវីត លួចចាក់លោក ប្រាយុទ្ធពីក្រោយខ្នង បើគណបក្សភឿថៃនិយាយថា «មកចូលរួមជាមួយនឹងពួកយើង បើអ្នកចង់ក្លាយជានាយករដ្ឋមន្ត្រី»។ នៅក្នុងសេណារីយ៉ូនេះ គឺគណបក្ស Palang Pracharath មានអាសនៈតិចជាងគណបក្ស United Thai Nation Party តែគណបក្សភឿថៃ យល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះដោយឱ្យលោក ប្រាវីត ធ្វើជានាយករដ្ឋមន្ត្រីំ រីឯអ្នកនាង ផែថងថាន ត្រូវបានរៀបចំសម្រាប់កាន់តំណែងជា នាយករដ្ឋមន្ត្រីនៅពេលអនាគត។ ក្នុងន័យនេះ គោលដៅរយៈពេលខ្លីរបស់គណបក្សភឿថៃ នោះគឺត្រឡប់មកចូលរួមក្នុងរដ្ឋាភិបាលវិញសិន ហើយគោលដៅរយៈពេលវែង នោះគឺមាននាយករដ្ឋមន្ត្រីម្នាក់ដឹកនាំរដ្ឋាភិបាល។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរថាតើគណបក្សរបស់លោកនឹងធ្វើកិច្ចព្រមព្រៀងនៅមុនការបោះឆ្នោតជាមួយគណបក្សណាមួយដែរឬទេ? មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បាននិយាយថា ជាការពិតណាស់ កិច្ចព្រមព្រៀងមុនការបោះឆ្នោតរបៀបនេះប្រហែលជានឹងមិនអាចកើតឡើង។ ប៉ុន្តែក្នុងន័យនេះ លោក Srikaew និយាយត្រឹមពាក្យប្រហែល តែមិនមែនដាច់ខាតនោះទេ៕ (Fresh News)

ក្រសួងការងារ ជូនដំណឹងពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយបញ្ជាក់ថា​ ក្រសួងបន្តសម្របសម្រួលវិវាទការងាររួម នៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទី ដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាង ភាគីកម្មករនិយោជិតដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ជាលើកទី២៣ ដោយមានលោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ជាអ្នកសម្របសម្រួល និងជាប្រធានអង្គប្រជុំ, តំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី រី សុវណ្ណឌី, លោកស្រី ហៃ សុភាព និងលោកស្រី សុន ស្រីពេជ្រ និងតំណាងភាគីនិយោជក រួមមានលោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង។

ឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយ ដែលភាគីទាំងពីរអាចទទួលយកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯភាគីតំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។ ដូច្នេះ ភាគីទាំងពីរឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤៖៣០នាទី ដើម្បីមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមក ដែលអាចឈានទៅបញ្ចប់វិវាទនេះ។

ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។ យោងតាមនីតិវិធី ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕

មតិរបស់អ្នកតាមដានសង្គម៖ កុំសន្និដ្ឋានថាជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិនថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?


(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី១៦ មករា ២០២៣ ម្សិលមិញ បានធ្វើឱ្យ មជ្ឈដ្ឋានអ្នកតាមដាននយោបាយ និង សង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលមានព័ត៌មាន ថា សមត្ថកិច្ចបានចុះនាំខ្លួនលោក ថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៨ «ឈ១» ព្រ.ទ ចុះថ្ងៃទី១៦ មករា ២០២៣ របស់ចៅក្រមស៊ើបសួរ។

អ្នកខ្លះគ្រាន់តែឮ និងឃើញព័ត៌មាននេះភ្លាម បានធ្វើបុរេវិនិច្ឆ័យភ្លាមមួយរំពេចថាជារឿងនយោបាយ ពីព្រោះគាត់ជាអ្នកនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត វាជាពេលវេលាក្តៅ រដូវក្តៅ នៅមុនពេលការបោះឆ្នោតជាតិខិតជិតចូលមកដល់។

មុននឹងវិនិច្ឆ័យរបៀបនេះ អ្នកទាំង នោះគួរពិនិត្យនិងសួររកហេតុផលឱ្យបានច្បាស់លាស់ជាមុនសិន ថាតើ លោក ថាច់ សេដ្ឋា បានប្រព្រឹត្តអ្វីខ្លះពាក់ព័ន្ធបុគ្គលឯកជន ដទៃទៀតដែលធ្វើឱ្យខាត ប្រយោជន៍របស់គេ។ អស់លោកអស់អ្នកទាំងនោះ មានបានសួរទេថាតើ លោក ថាច់ សេដ្ឋា បានចេញសែក ដែលភាសាច្បាប់ហៅ ថា «ឧបករណ៍អាចជួញដូរបាន» នៅក្នុងអំឡុងឆ្នាំ២០១៩ ទេ? តើបានបំពេញកាតព្វកិច្ចតាមការ សន្យារបស់គាត់ហើយឬនៅ? នេះគឺជាទំនាក់ទំនងទំនាស់ដែលក្លាយជាបទល្មើសព្រហ្មទណ្ឌ រវាងបុគ្គលនិងបុគ្គល វាមិនមែនជារឿងនយោបាយឡើយ ផ្ទុយទៅវិញ វាជារឿងរបស់អ្នកនយោបាយដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

បើអាងខ្លួនជាអ្នកនយោបាយ ហើយប្រព្រឹត្តផ្ទុយនឹងច្បាប់ ប៉ះពាល់នឹងផលប្រយោជន៍ របស់អ្នកដទៃ តើសង្គមមួយនេះវានឹងក្លាយទៅជាយ៉ាងណា? តើអ្នកវិនិយោគជាតិនិងបរទេស គេជឿទុកចិត្តប្រព័ន្ធច្បាប់យើងទេ? ជាក់ស្តែងណាស់ តាមសាវតាដែលដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា លោក ថាច់ សេដ្ឋា ក្រៅពីអ្នកនយោបាយលោកក៏ជាមន្ត្រីពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ជាគ្រូបង្រៀន ជាចាងហ្វាងកាសែតថែមទៀត។

អាចដីកានេះរៀបរាប់មិនអស់ផង លោក ថាច់ សេដ្ឋា ជាអ្នកញៀនល្បែងស៊ីសងថែមទៀត ពីព្រោះគេឧស្សាហ៍ឃើញលោក លេងល្បែងនៅកាស៊ីណូជា ច្រើនលើកច្រើនសារណាស់។ បើអញ្ចឹង គ្មានអ្វីចម្លែកទេសម្រាប់លោក ថាច់ សេដ្ឋា ហើយក៏មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះដែរ។ អ្នកនយោបាយគ្មានអភ័យឯកសិទ្ធិទេ ហើយរិតតែមិនមានទៀត នៅពេលអ្នកនយោបាយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលប៉ះពាល់អ្នកដទៃនិងផលប្រយោជន៍របស់អ្នកដទៃ ពីព្រោះប្រទេស ជាតិ ត្រូវការពង្រឹង និងគោរពគោលការណ៍នីតិរដ្ឋនិងយុត្តិធម៌សង្គមទាំងអស់គ្នា។

លោក ថាច់ សេដ្ឋា ក៏ធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា ដែរ ស្គាល់ច្បាស់ពីទ្រឹស្តីបុណ្យបាប កម្មផល បើបានប្រព្រឹត្តហើយ ទទួលខុសត្រូវទៅពីព្រោះនេះជាផលដែលកើតចេញពីកម្មរបស់ខ្លួនទេ មិន អាចឱ្យអ្នកដទៃទទួលជំនួស ឬបង្វែរទៅជារឿង នយោបាយឡើយ។ ជាងនេះទៅទៀត គួរខិតខំរកមេធាវីដែលមានសមត្ថភាព មានបទពិសោធន៍ការពារក្តី របស់ខ្លួនទៅ ជាជាងចំណាយពេលឥតប្រយោជន៍ប្រែក្លាយឱ្យទៅជារឿងនយោបាយ និងធ្វើឱ្យ សាធារណៈជនដែលមិនបាន តាមដាន ដឹងរឿងពិតមានការភាន់ច្រឡំ។

ការប្រែក្លាយបទល្មើសព្រហ្មទណ្ឌធម្មតា ឱ្យទៅជារឿងនយោបាយតាមរយៈការលាបពណ៌ បង្ខូច បង្កាច់ កាឡៃការពិត ប្រឌិតបន្ថែមមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលនឹង អាចនាំឱ្យមានចំណាត់ការតាមផ្លូវច្បាប់ថែមទៀតទៅលើអ្នកប្រព្រឹត្តល្មើស។ ហើយការធ្វើរបៀបនេះ នឹងនាំឱ្យមានស្ថានទម្ងន់ទោសលើលោក ថាច់ សេដ្ឋា ថែមទៀតក៏អាចថាបាន៕

ដោយ៖ ម្ចាស់ស្រុក


សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យកសាងផ្លូវ២ខ្សែនៅភ្នំពេញ ដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី


(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។

ជាមួយនិងគុណបំណាច់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែជូនថ្នាក់ដឹកនាំនៃប្រទេសនេះផងដែរ។

ការថ្លែងអំណរគុណនេះ ខណៈដែលលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ លោក ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅសាលារាជធានីភ្នំពេញ។

ក្រោយពីជំនួបសម្តែងការគួរសម និងជម្រាបលាហើយ លោក ឃួង ស្រេង និងលោក ស៊ូឌីម៉ាន ហាសេង ក៏បានចុះទៅពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះ វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ នៅរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តថា ក្រោយពីមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន, រដ្ឋបាលរាជធានីភ្នំពេញ បានកសាងផ្លូវ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីរំដោះចរាចរ ពិសេសរំដោះចរាចរ ខណៈដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ផ្លូវ២ខ្សែនេះនឹងត្រូវដាក់ឈ្មោះជា វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ។

លោក ស៊ូឌីម៉ាន ហាសេង ក្នុងឱកាសនោះ បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញចំនួន២ខ្សែ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺវិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas)។

បន្ថែមពីនេះ លោក ស៊ូឌីម៉ាន ហាសេង ក៏បានលើកឡើងពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញផងដែរ។ លោកបញ្ជាក់ថា រាជធានីភ្នំពេញ មុនលោកមកកាន់តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕


ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤​ ខែមករា, អាកាសធាតុចុះត្រជាក់ពីកម្រិតខ្សោយទៅបង្គួរ សូមថែរក្សាសុខភាព !


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C

* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

* អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។

២៖តំបន់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ °C

* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

* អាកាសធាតុអាចចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសផ្ដុំភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទិ៍៖ ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

* អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕