Monday, April 22, 2024

ឯកឧត្តម វ៉ាង យី៖ ចិនត្រៀមខ្លួនធ្វើការជាមួយកម្ពុជា ដើម្បីលើកកម្ពស់សហគមន៍វាសនារួម

 


  

កាលពីថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្នុងការកសាងសហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៦គឺ៖ នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។


រដ្ឋមន្ត្រីការបរទេសចិនរូបនេះ បាននិយាយថា ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញ ប្រទេសចិន និងកម្ពុជាគួរតែពង្រឹងការណែនាំជាយុទ្ធសាស្ត្រកម្រិតខ្ពស់ និងដឹកនាំការកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងទិសដៅត្រឹមត្រូវ។ ឯកឧត្តមបានកត់សម្គាល់ថា ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ បង្កើនការរួបរួម និងកិច្ចសហប្រតិបត្តិការ ជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជនឱ្យបានជិតស្និទ្ធ និងពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពហុភាគី។


ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងមាំមួននូវគោលនយោបាយចិនតែមួយ និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសចិនជានិច្ច។ ឯកឧត្តមបានបន្តថា កម្ពុជាកំពុងទន្ទឹងរង់ចាំគម្រោងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិន និងស្វាគមន៍ក្រុមហ៊ុនចិនកាន់តែច្រើន ឱ្យមកបណ្តាក់ទុននៅកម្ពុជា៕


ប្រភព៖ china.org.cn

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ




(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស​នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។


យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ការអញ្ជើញថ្លែងសុន្ទរកថានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក។


ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី រួមមាន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្ដាប់ និងលោក ជា វ៉ាន់ដេត រដ្ឋមន្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗមួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។


ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» សន្និបាតប្រចាំឆ្នាំនេះនឹងពិភាក្សាអំពីសក្តា​នុ​ពល​នៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការ​ដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព






ប្រមុខការទូតកម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្ដេជ្ញាជំរុញបន្ថែម






នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ។


ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ ភាគីទាំងពីរ ក៏បានយល់ស្របអំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម និងញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបង្ហាញឱ្យឃើញអំពីជំនឿទុកចិត្តផ្នែកនយោបាយខ្ពស់ និងមិត្តភាពរឹងមាំដូចដែកថែបរវាងប្រទេសទាំងពីរ។


ក្រសួងការបរទេស បានបញ្ជាក់ថា ការបន្តជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍរួមគ្នានៃ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ត្រូវបានលើកយកមកពិភាក្សា និងការផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ៕

ការចូលរួមសង្កេតការណ៍បោះឆ្នោតនៅម៉ាល់ឌីវ នឹងជួយឱ្យ គ.ជ.ប កម្ពុជាទទួលបានបទពិសោធន៍ថ្មីៗ




លោក ឌឹម សុវណ្ណារុំ ប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានគូសបញ្ជាក់ថា ការចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅប្រទេសម៉ាល់ឌីវ ដែលធ្វើឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺដើម្បីដកស្រង់យកបទពិសោធន៍ដែលអាចរៀនសូត្របានរវាងគ្នាទៅវិញទៅមកនិយាយជារួម និងនិយាយដោយឡែកគឺដើម្បីទទួលយកនូវអ្វីដែលល្អនិងថ្មីសម្រាប់ក្របខណ្ឌ គ.ជ.ប កម្ពុជា។


ការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយអ្នកសារព័ត៌មាន មុនពេលចេញដំណើរទៅចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅប្រទេសម៉ាល់ឌីវ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។


មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបន្តថា នៅក្នុងសតវត្សនេះគេមិនអាចធ្វើការដោយគ្មានដៃគូបានទេ ពិភពលោកបើកទូលាយ គ្មានជញ្ជាំងនោះទេ ដូច្នេះការរៀនសូត្រពីគ្នាទៅវិញទៅមក គឺដើម្បីស្ថាបនាគ្នា និងគឺជារឿងមួយដ៏ល្អ៕

កន្លែងវិបស្សនាថ្មីនៅលើភ្នំគិរីរម្យ ជាគោលដៅទេសចរណ៍លំហែបៃតងមួយដ៏ទាក់ទាញសម្រាប់អ្នកប្រតិបត្តិសាសនា




ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កន្លែងវិបស្សនាថ្មីនៅលើភ្នំគិរីរម្យនេះ គឺជាគោលដៅទេសចរណ៍លំហែបៃតង ដែលសក្តិសមបំផុតសម្រាប់អ្នកប្រតិបត្តិសាសនា និងជាកន្លែងអ្នកទេសចរណ៍ដែលជួយឱ្យចិត្តស្អាត ពោលគឺស្អាតទាំងគំនិត ស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយនិងធម្មជាតិដ៏ស្រស់ត្រកាលព័ទ្ធជុំវិញ។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងដូចនេះនៅក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គិរីរម្យ» នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់ទៅនឹងជីវិតប្រចាំថ្ងៃដែលប្រកបទៅដោយធម៌សណ្ដោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាម «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨»។

គម្រោងទេសចរណ៍លំហែបៃតង គឺជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន ផ្ដើមចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបានផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺ «ស្អាត បៃតង និងចីរភាព»។ យុទ្ធសាស្រ្តនេះបានយកចិត្តទុកដាក់លើការអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមតំបន់ការពារធម្មជាតិទៀតផង ពីព្រោះថាការសាងសង់នេះគឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់អាចរកប្រាក់ចំណូលបានបន្ថែម ព្រមទាំងអាចរក្សាបាននូវភាពថ្លៃថ្នូរដែលជាទំនៀមទម្លាប់របស់ប្រជាជាតិខ្មែរតាំងពីដូនតាផងដែរ។

សូមបញ្ជាក់ថា កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជានេះ បាផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដោយបានសង់ឡើងជាតង់សម្រាប់សម្រាកតាមស្ថាបត្យកម្មខ្មែរ និងបានគិតគូរយ៉ាងល្អិតល្អន់សម្រាប់កន្លែងសមាធិ និងបរិស្ថានជុំវិញ ដោយមានមុងការពារពីការរំខានពីសត្វល្អិត ជួយឱ្យមានភាពស្ងប់សុខ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យបានស្អាតល្អផូរផង់។ 

បច្ចុប្បន្នគម្រោងនេះបានបញ្ចប់ការសាងសង់កន្លែងសមាធិចំនួន១០កន្លែង ព្រមទាំងកាំជណ្តើរឡើងភ្ជាប់ទៅកាន់ទីតាំងទាំងនោះផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ក្រុមការងារសាងសង់ ឱ្យបន្តយកចិត្តទុកដាក់បង្កើតជាសួនច្បារដែលត្រូវដាំដុះផ្កានិងដើមឈើលម្អបន្ថែមទៀត ដើម្បីបង្កើនសោភ័ណភាព និងបរិយាកាសឱ្យបានល្អថែមមួយកម្រិតទៀត