Wednesday, January 06, 2021

លិខិតមិត្តអ្នកអាន៖ «មរតកតេជោ» ចាប់ផ្តើមពីជ័យជម្នះ ៧ មករា

 ស្មារតី ៧មករា បានស្ថិតនៅក្នុងដួងចិត្ត និងការចងចាំជាប្រវត្តិសាស្រ្តនៃរបបប្រល័យពូជសា​សន៍ និងចាប់ផ្តើមរស់ឡើងវិញនៃជាតិសាសន៍ខ្មែរ គឺរស់ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរជាមនុស្ស និងកេរ្តិ៍ឈ្មោះរបស់ខ្មែរបានល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងកិត្យានុភាពជាតិ ប្រជាជនកម្ពុជាទាំ​ងមូលមានមោទនភាពបំផុត និងមានជោគ វាសនាបានរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោ​បា​យ និងការអភិវឌ្ឍ ការរីកចម្រើនស្ទើរគ្រប់វិស័យ ជីវភាពប្រជាជនខ្មែរម្នាក់ៗបានកាន់តែល្អប្រ​សើរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមា​នលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ អស់រយៈពេល៤២ឆ្នាំមកហើយ បន្ទាប់ពីប្រជាជ​នកម្ពុជា និងជាតិមាតុភូមិទាំងមូល ត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។

មាតុភូមិអង្គរជាទីស្នេហានៃយើងបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្នុងស្មារតីមហាសា​មគ្គីជាកម្លាំងរបស់ប្រជាជន និងការជឿទុកចិត្ត បន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ស្មារតី ៧ មករា ពិតជាបានធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសប្រជាជនវ័យក្មេង កាន់តែយល់ជ្រួតជ្រាបច្បាស់អំពីប្រវត្តិ និងអត្ថន័យជាប្រវត្តិសាស្ត្រនៃទិវាជ័យជម្នះ ៧ មករា ព្រមទាំងសមិទ្ធផលធំៗ ដែលប្រជាជនកម្ពុជា សម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤២ ឆ្នាំ មកនេះ។

ស្មារតី ៧មករា បានធ្វើឲ្យប្រជាជនយល់ដឹងពីតម្លៃដែលពុំអាចកាត់ថ្លៃបាននៃសុខសន្តិភាព ដែ​លបានមកពីការបូជាសាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំ យុ​ទ្ធ​ជន យុទ្ធនារី និងប្រជាជ​នយើងច្រើនឥតគណនា ប្រកបដោយវីរភាពក្នុងការតស៊ូសង្គ្រោះជា​តិពីរបបប្រល័យពូជសា​សន៍ និងថែរក្សាការពារការរស់ឡើងវិញរបស់ប្រជាជាតិ។ ស្មារតី ៧ មករា បានធ្វើឱ្យអង្គកា​រចា​ត់តាំងនយោបាយ និងយោធាខ្មែរក្រហមត្រូវបានរំលាយទាំងស្រុង ហើយបានប្រែក្លាយប្រ​ទេសកម្ពុជាទាំងមូលមានសុខសន្តិភាព ឯកភាពទឹកដីទាំងស្រុង ដែលពុំធ្លាប់កើតមានក្នុងប្រ​វត្តិសាស្រ្តខ្មែររយៈពេលជាងប្រាំរយឆ្នាំ។

ប្រជាជនកម្ពុជាយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏ច្រើនឥតគណ​នា ដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លាញខ្ទេចខ្ទីអស់នៅសល់តែគំនរផេះផង់ឲ្យក្លាយទៅជាទឹកដីដែ​លមានការរីកចម្រើនរស់រវើក ស្រស់បំព្រងដូចសព្វថ្ងៃ និងកំពុងបោះជំហានទៅមុខយ៉ាងស្វា​ហាប់ ឆ្ពោះទៅកាន់អនា​គតដ៏រុងរឿង។ សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលត្រូវបានគេប្រសិទ្ធនាមថាជា «មរតកតេជោ» ទាំងនោះរួមមានដូចជា៖

ទី១- ការរំដោះអាយុជីវិតប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងការទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញ ហើយដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព កិត្តិ​យ​ស សេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបាត់បង់ទាំ​ង​ស្រុងក្នុងរបបប្រល័យពូជសាសន៍។

ទី២- ការទទួលបានមកវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិមានជីវិតរស់នៅ និងបានក្លាយជាអ្នកធ្វើជាម្ចាស់លើជោគវាសនារបស់ជាតិខ្លួនពិតប្រាកដ ហើយបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងការស្តារ និងកសាងជាតិលើគ្រប់វិស័យ ដោយចាប់ផ្តើមកសាងជាតិឡើងវិញចេញពីបាតដៃទទេ។

ទី៣- សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់គ្រោះមហន្តរាយដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍។ តាំងពីក្រោយថ្ងៃរំដោះ ៧ មករា មក រដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានពុះពារជំរុញការអនុវត្តមាគ៌ាមហាសាមគ្គីជាតិដើម្បីផ្សះផ្សារជម្លោះផ្ទៃក្នុងបង្រួបបង្រួមខ្មែរពីគ្រប់និន្នា​ការនយោបាយរួមគ្នាបង្កើតសន្តិភាពឡើងវិញតាមរយៈគោលនយោបាយប្រកបដោយមនុស្សធម៌ ហើយបានដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិនៅឆ្នាំ១៩៨៧ ជាមួយនឹងសម្តេចព្រះនរោតត្តម សីហនុ នៅ Fère-en-Tardenois ប្រទេសបារាំង។ ឈរលើមូលដ្ឋាននៃជំនួបចរចាដើម្បីស្វែងរកសន្តិភាព រវាងសម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន បានចាប់ផ្តើមនៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៨៧ ហើយបានបន្តនូវដំណើរការចរចាច្រើនលើកច្រើនសារឆ្លងកាត់ការលំបាកស្មុគស្មាញយ៉ាងច្រើន រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។

ទី៤- ការបោះឆ្នោតជាតិលើកទី១ តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមការចាត់​ចែ​ង និងត្រួតពិនិត្យរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលបង្កើតបាននូវសភាធម្មនុញ្ញ ហើ​យ​សភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលបានកំណត់ថា ប្រទេសកម្ពុជាប្រកាន់របបរាជានិ​យមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។ ក្រោយពេ​ល​សភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មីហើយ សភាធម្មនុញ្ញបានប្រែក្លាយជាស្វ័យប្រវត្តិទៅជារដ្ឋសភានីតិកាលទី១។ បន្ទាប់ពីរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី១ ត្រូវបានបង្កើ​តឡើង កម្ពុជាបានឈានចូលដំណាក់ថ្មីមួយទៀត គឺសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទី៥- នយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភា​ពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨ តាមរយៈជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់លោ​ក ហ៊ុន សែន ដែលមានខ្លឹមសារស្នួល ៣៖ គឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានា​សុវត្ថិភា​ពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព និងមុខរបរ និងធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិ ដែលបានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំង​ស្រុ​ងចាប់ពីចុងឆ្នាំ១៩៩៨មក។ សន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសដ៏មានតម្លៃបំ​ផុតដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។

ទី៦- ហេដ្ឋារចនាសម្ព័ន្ធសង្គម និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលបម្រើដល់ផលប្រយោជន៍រួមរប ស់ជាតិនិងប្រជាជនកកម្ពុជារូមមានដូចជា ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ វារីអគ្គីសនី សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ។ល។ បានរីកដេរ​ដាសពាសពេញទឹកដីអង្គរនៃយើង។

សរុបមកវិញ ដូចចំណុចដែលបានរៀបរាប់សង្ខេបត្រួសៗទាំងនេះហើយ ដែលអាចគូសបញ្ជា​ក់ពីការដឹកនាំត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាប្រមុខ បានពុះពារជម្នះរាល់ឧបសគ្គទាំ​ងពួង​ទម្រាំ ទទួលបាននូវអ្វីៗដូចសព្វថ្ងៃនេះ។ ដូចនេះ ខ្មែរគ្រប់រូប ទាំងយុវជន យុវនារីកម្ពុជាជំ​នាន់ក្រោយត្រូវចេះសាមគ្គីគ្នាស្រឡាញ់សន្តិភាព និងការអភិវឌ្ឍដែលកំពុងកើតមាននៅលើទឹកដីរបស់ខ្លួន និងចូលរួមថែរក្សាការពារមរតកទាំងអស់នេះសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត៕


លិខិតមិត្តអ្នកអាន ៖ ក្នុងរយៈពេល៤២ ឆ្នាំ ជាតិនិងប្រជាជនកម្ពុជាបាននិងកំពុងស្ថិតនៅលើវិថីនៃសន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

ស្មារតី ៧ មករា បាននិងកំពុងធ្វើឱ្យនាវាកម្ពុជាហែលឆ្លងអស់រយៈពេល៤២ឆ្នាំ រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ ក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូល បានរស់ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សុខសន្តិភាព វិបុលភាព ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងសេដ្ឋកិច្ចសង្គម។ ប្រជាជនកម្ពុជាទាំងមូលបានទទួលស្គាល់សច្ចៈភាពប្រវត្តិសាស្រ្តនេះ តាំងពីថ្ងៃរំដោះដែលខ្មែរបានរួចផុតពីការកាប់សម្លាប់របស់របបប្រល័យពូជន៍សាសន៍ខ្មែរក្រហម។ 


សច្ចភាពប្រវត្តិសាស្រ្តនៃថ្ងៃជ័យជម្នះ ៧ មករា បានផ្តល់មេរៀននៃជីវិតពិតប្រកដបដោយអត្ថន័យយ៉ាងធំធេង និងជ្រាលជ្រៅបំផុតសម្រាប់ការស្ថិតស្ថេរ គង់វង្ស និងរីកចម្រើនរបស់ប្រជាជនកម្ពុជា និងជាតិមាតុភូមិ រហូតមកដល់បច្ចុប្បន្ន ក៏ដូចតទៅអនាគតយូរអង្វែងទៅមុខ។ ស្មារតី ៧ មករា គឺសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ស្មារតី ៧ មករា ស្ថិតស្ថេរជានិច្ចក្នុងដួងវិញ្ញាណរបស់ប្រជាជាតិយើងម្នាក់ៗដែលបានប្រែក្លាយជាកម្លាំងពិតដ៏ខ្លាំងក្លាក្នុងការរំដោះជាតិ ការស្តារ ការកសាង និងការពារមាតុភូមិកម្ពុជាឲ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ដូចពេលនេះ និងតទៅអនាគត។


ផ្តើមពីការដណ្តើមបានមកវិញនូវសេរីភាព សេចក្តីថ្លៃថ្នូរ ការរស់ក្នុងភាពមនុស្សពីថ្ងៃទី៧ មករា ១៩៧៩ ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាដោយឈរលើភាពឯករាជ្យម្ចាស់ការលើវាសនាជាតិរបស់ខ្លួន បានផ្តួមផ្តើមឱ្យមានការបញ្ចប់សង្រ្គាមផ្ទៃក្នុងតាមរយៈការស្វះស្វែងរកការចរចាជាមួយជាមួយសម្តេចព្រះ នរោត្តម សីហនុ ហើយទីបំផុតការចរចាលើកដំបូង បានធ្វើឡើងនៅប្រ ទេសបារាំងក្នុងឆ្នាំ១៩៨៧ និងជំនួបបន្តបន្ទាប់រហូតសម្រេចបាននូវកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១។ លទ្ធផលនៃការបញ្ចប់សង្រ្គាមផ្ទៃក្នុងនៅកម្ពុជាបាននាំមកនូវការរស់ឡើងវិញនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលជ្រកក្រោមដំបូលនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។


ក្រោយពីការចាកចេញពីកម្ពុជាក្នុងឆ្នាំ១៩៩៣ អ៊ុនតាក់ មិនបានបញ្ចប់សង្រ្គាមផ្ទៃក្នុង និងនាំមកនូវសន្តិភាពទាំងស្រុងជូនកម្ពុជានោះទេ។ ទីបំផុត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេ ញនូវនយោបាយឈ្នះឈ្នះចុងក្រោយ ហើយក៏ជាវគ្គផ្តាច់ព្រ័ត្រក្នុងផ្នែកមួយនៃយុទ្ធសាស្រ្ត ឌីហ្វីដ (DIFID)  របស់លោកដើម្បីរំលាយចោលនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ដែលជាក្បាលម៉ាស៊ីនបន្តសង្រ្គាមនៅកម្ពុជា។ ទីបំផុតថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ គឺអាចនិ យាយបានថា សន្តិភាព ការឯកភាពជាតិ និងការឯកភាពទឹកដី គឺបានក្លាយជាពរជ័យជាប្រ វត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជាទាំងមូលដែល មិនធ្លាប់ទទួលបាន ជាច្រើនទសវត្សចុងក្រោយដោយមិនទាន់គិតការបែកបាក់ជាតិក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំរបស់ខ្លួន។


ជាភ័ព្វសំណាង និងមោទនភាពជាតិខ្មែរ ដែលសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់លើគ្រប់វិស័យដែលប្រ ជាជនកម្ពុជាសម្រេចបានរយៈពេល៤២ឆ្នាំនេះគឺជាសក្ខីភាពជាក់ស្តែងរួមជាមួយនឹងការដឹកនាំរប ស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខតាមទិសដៅដ៏ត្រឹមត្រូវហើយកាន់តែពង្រីកបាននូវអំណោយផលឱ្យប្រជាជនយើងបន្តឈានទៅសម្រេចជោគជ័យកាន់តែធំធេងថែមទៀតក្នុងការកសាងនិងការពារមាតុភូមិ។ ប្រការនេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ និងគ្រប់ជំនឿសាសនា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ឤវុធ ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិក៏ដូចជាឆ្លុះបញ្ចាំងឱ្យឃើញនូវការចូលរួមជួយឧបត្ថម្ភគាំទ្រដ៏ស្មោះពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយនិងសហគមន៍អន្តរជាតិចំពោះបុព្វហេតុដ៏យុត្តិធម៌របស់កម្ពុជា។ 


ព្រមជាមួយនេះ យើងក៏គួរគប្បីចងចាំថា រាល់សមិទ្ធផលដែលយើងសម្រេចបានគឺបានមកដោយផ្តើមពីការយកឤយុជីវិតធ្វើជាដើមទុន និងពីពលិកម្មដ៏ធំធេងមិនឤចកាត់ថ្លៃបានរបស់ថ្នាក់ដឹក នាំ យុទ្ធជន យុទ្ធនារី និងជនរួមជាតិយើងរាប់លាននាក់ដែលបានលះបង់អាយុជីវិតរបស់ខ្លួនប្តូរជាមួយសុខសន្តិភាពសម្រាប់យើងគ្រប់គ្នានៅពេលនេះ។ ឤស្រ័យហេតុនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាថែរក្សារាល់សមិទ្ធផលដ៏ថ្លៃថ្លានេះឱ្យគង់វង្សជារៀងដរាបដោយមិនអនុញ្ញាតឱ្យមជ្ឈ ដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក៏ដោយ។ 


សរុបមកវិញ យើងត្រូវរួមគ្នាការពារឱ្យបានដាច់ខាតនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ ហើយប្តេជ្ញាបន្តកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆ្ពោះទៅកាន់ចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាមអំពើប្រល័យពូជសាសន៍និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត មិនត្រូវឱ្យដានប្រវត្តិសាស្រ្តអាក្រក់នៃការកាប់សម្លាប់ប្រល័យពូជសាសន៍កើតឡើងជាថ្មីនៅលើទឹកដីកម្ពុជាអង្គរនៃយើងនោះឡើយ៕

 

ដោយ៖ តាំង ករុណា



រដ្ឋបាលខេត្តជូនដំណឹងដល់ប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវស៊ីវុត្ថារុះរើសំណង់ សម្ភារៈ និងទ្រព្យសម្បត្តិផ្សេងៗទៀតដែលនៅលើដីចំណីផ្លូវ

 សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូន ដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ទីតាំងអាជីវកម្ម លំនៅដ្ឋាន នៅអមសងខាងផ្លូវស៊ីវុត្ថាចាប់ពីផ្លូវជាតិលេខ៦ ចំណុចស្តុបសណ្ឋាគារសុខាអង្គរដល់រង្វង់មូលនាគបាញ់ទឹក និងផ្លូវលេខ២៦៧ ចាប់ពីចំណុចផ្លូវវាងក្រុង ដល់ស្ថានីយ៍បូមវត្តចក សូមចូលរួមសហការរុះរើសំណង់ សម្ភារៈ និងទ្រព្យសម្បត្តិផ្សេងៗទៀតដែលនៅលើដីចំណីផ្លូវដោយខ្លួនឯងក្នុងរយៈពេល១៥ថ្ងៃ ជាកំហិតគិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះដើម្បីរដ្ឋបាលខេត្តធ្វើការជួសជុលនិងកែលម្អផ្លូវស៊ីវត្ថា។

ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖



អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យមើលជាប់ជានិច្ចក្រុមការងារប្រចាំការសម្របសម្រួល និងបងប្អូនពលករធ្វើចត្តាឡីស័កដើម្បីវិធានការគ្រប់គ្រងឲ្យបានហ្មត់ចត់

 បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃអង្គារទី៥ ខែមករា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះទៅពិនិត្យមើលមណ្ឌលធ្វើចត្តាឡីស័កបងប្អូនខ្មែរយើងដែលត្រឡប់មកពីប្រទេសថៃ នៅវិទ្យាល័យនិមិត្តក្រុងប៉ោយប៉ែត វិទ្យាល័យកូប ស្រុកអូរជ្រៅ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមណ្ឌលអង្គការសនៅកងវ៉ា ក្រុងសិរីសោភ័ណ ដែលបាននិងកំពុងធ្វើចត្តាឡីស័ក ដោយមានការគ្រប់គ្រងយ៉ាងហ្មតចត់ ពីក្រុមការងារកងកម្លាំងចម្រុះ មានពេទ្យ នគរបាល កងរាជអាវុធហត្ថ យោធា មន្ត្រីរាជការយើងទាំងអស។ មកទល់ថ្ងៃនេះបងប្អូនបាននឹងកំពុងធ្វើចត្តាឡីស័កមានប្រមាណជាង២០០០នាក់ មួយចំនួនត្រូវបានចាកចេញពីមណ្ឌលត្រឡប់ទៅផ្ទះសម្បែងវិញក្រោយពិនិត្យយកសំណាកឃើញលទ្ធផលអវិជ្ជមានក្នុងរយៈពេល១៤ថ្ងៃ ។

ក្នុងនាមរដ្ឋបាលខេត្ត លោកអភិបាលខេត្ត បានអំនាវនាវដល់បងប្អូនទាំងអស់បន្តគោរពតាមការណែនាំនិងអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ចូលរួមធ្វើចត្តាឡីស័កឲ្យបានគ្រប់គ្នា ជាមួយក្រុមការងារប្រចាំ ដោយហ្មត់ចត់ច្បាស់លាស់ បើត្រឡប់មកពីប្រទេសថៃ ដើម្បីចូលរួមទាំងអស់គ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍យើង។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានស្នើឲ្យក្រុមគ្រូពេទ្យ ក្រុមការងារប្រចាំការសម្របសម្រួល និងគ្រប់គ្រងបងប្អូនគ្រប់ទីតាំងសូមបន្តយកចិត្តទុកដាក់បំពេញបេសកកម្មការងារឲ្យដោយជោគជ័យ ច្បាស់លាស់ហ្មត់ចត់ ទាំងចំនួនបងប្អូនចូលចេញ ការហូបចុក ការពិនិត្យសុខភាពយកសំណាងជាដើម។ល៕





កម្ពុជា នឹងមានអាកាសធាតុចុះត្រជាក់ខ្លាំងរហូតដល់១២អង្សាសេ នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន

 ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ គ្រាដែលអាកាសធាតុនឹងចុះត្រជាក់ខ្លាំង រហូតដល់១៣អង្សាសេ នៅតំបន់មួយចំនួនចាប់ថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជក់ថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានកាន់តែបង្កើនឥទ្ធិពលខ្លាំង។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅក្នុងប្រទេសកម្ពុជា នាដើមឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានស្ថានភាពដូចខាងក្រោម៖
*ទី១៖ នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី១៤°C ទៅ១៧°C។ ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តរតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង) សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅ ក្នុងរង្វង់ពី១២°C ទៅ១៥°C លាយឡំជាមួយខ្យល់ខ្លាំង។
*ទី២៖ នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៦°C ទៅ១៩°C។ ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៥°C ទៅ១៨°C លាយឡំជាមួយខ្យល់មធ្យម។
*ទី៣៖ នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨°C ទៅ២១°C។ នៅថ្ងៃទី១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ។ ដោយឡែក ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕



ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញពលករខ្មែរម្នាក់ទៀត ដែលត្រឡប់មកពីប្រទេសថៃ បានឆ្លងជំងឺកូវីដ១៩

 នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ១៩។ នៅថ្ងៃនេះ ក្រសួងក៏ប្រកាសថា មិនមានករណីជាសះស្បើយពីជំងឺកូវីដ១៩ នោះដែរ។

ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដែលឆ្លងកូវីដ១៩ គឺជាបុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មកដល់កម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩សុរបចំនួន ៣៨៣ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២ នាក់ និងអ្នកជំងឺកំពុងព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១នាក់ ៕