Friday, July 12, 2019

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃ១២ កក្កដា ២០១៩











លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ EBA បានក្លាយជាស្រមោលទៅហើយ, កិច្ចសហការពាណិជ្ជកម្មជាមួយសមាជិក EU ជាទិសដៅរបស់កម្ពុជា

នៅចុងបញ្ចាប់នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហាញដល់មន្ត្រីជា ក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលពីទិដ្ឋភាពទូទៅ នៃដំណើរបំពេញបេសកកម្មការងាររបស់លោកទៅកាន់ប្រទេសស្វីសកាលពីដើមខែកក្កដានេះ។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកបង្ហាញ ពីលទ្ធផលមួយចំនួននៃជំនួបជាមួយថ្នាក់ដឹកនាំប្រទេសជាសមាជិកសហគមន៍អឺរ៉ុប (EU)។ ជាពិសេសជំហររបស់ថ្នាក់ដឹកនាំ ប្រទេសជាសមាជិកសហគមន៍អឺរ៉ុប គឺបានផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការណ៍ពាណិជ្ជកម្ម ដោយមិនបានចាប់អារម្មណ៍លើបញ្ហាផ្សេងនោះឡើយ។
ក្នុងន័យនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់មន្ត្រីជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាថា បញ្ហាអនុគ្រោះពន្ធ EBA វាហាក់បានក្លាយទៅជាស្រមោលទៅហើយ។ អ្វីដែលជាទិសដៅសម្រាប់ពាណិជ្ជកម្មរបស់កម្ពុជា គឺកិច្ចសហការពាណិជ្ជកម្មទ្វេភាគីជាមួយ ប្រជាជាតិដែលជាសមាជិកសហគមន៍អឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន។



គណៈរដ្ឋមន្ត្រីសម្រេចឱ្យសាងសង់ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ៤កន្លែងបន្ថែមទៀត

គណៈរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចឱ្យសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ៤កន្លែងបន្ថែមទៀតមានអនុភាពសរុបប្រមាណ ១៤០មេហ្គាវ៉ាត់ ដើម្បីទាញយកថាមពលមកបំពេញសេចក្តីត្រូវការដែលកំពុងមានការកើនឡើង។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ទាំង៤នេះ ស្ថិតនៅខេត្តពោធិ៍សាត់ផ្តល់អានុភាព ៣០មេហ្កាវ៉ាត់, នៅខេត្តបាត់ដំបង ផ្តល់អានុភាព ៦០មេហ្កាវ៉ាត់, នៅខេត្តបន្ទាយមានជ័យ ផ្តល់អានុភាព ៣០មេហ្កាវ៉ាត់ និងនៅក្រុងបាវិត ខេត្តស្វាយរៀង ផ្តាល់អានុភាព ២០មេហ្កាវ៉ាត់។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការអភិវឌ្ឍប្រភពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែមនេះ មានសារៈសំខាន់ និងមានប្រយោជន៍ ដោយជួយផ្តល់បន្ថែម ប្រភពអគ្គិសនីដើម្បីដោះស្រាយបង្គ្រប់កង្វះខាតសេចក្តីត្រូវការអគ្គិសនីផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។
បើតាមលោក ផៃ ស៊ីផាន ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទាំង៤នេះ នឹងរួមចំណែកផ្តល់ប្រយោជន៍ជាច្រើនមានដូចជា៖ ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់, ផ្តល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គ្រប់កង្វះខាតផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង, នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងពេលសាងសង់ និងដំណើរការ និងរាជរដ្ឋាភិបាលទទួលបានចំណូលពន្ធប្រមាណ ១,៨៦៩,៦៦៧ដុល្លារអាមេរិកក្នុង១ឆ្នាំជាមធ្យមក្នុងរយៈពេល ២១ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដ៏ទៃទៀតត្រូវបង់នៅឡើយ៕





គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ លើសេចក្ដីព្រាងច្បាប់ស្ដីពី «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច»

សេចក្តីព្រាងច្បាប់ស្តីពី «ពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិច» ដែលជាច្បាប់ថ្មីមួយទៀតផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ក្នុងការគ្រប់គ្រងលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច នោះ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តរួចរាល់ហើយ នៅក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយគ្មានការកែប្រែនោះឡើយ។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា ច្បាប់ស្ដីពី «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» នឹងផ្ដល់វិធានជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ក្នុង និងក្រៅប្រទេសប្រកបដោយទំនុកចិត្ត តាមរយៈការទទួលស្គាល់សុពលភាព អនុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងមានការទទួលស្គាល់យថាភូតភាពនៃកំណត់ត្រាអេឡិចត្រូនិក និងហត្ថលេខាអេឡិចត្រូនិក ដែលកំណត់ដោយបច្ចេកវិទ្យា និងគ្រប់គ្រងដោយស្ថាប័នរដ្ឋរបស់យើង។
ច្បាប់នេះ ក៏នឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយហេតុថាក្របខណ្ឌច្បាប់ និងបទដ្ឋាន គតិយុត្តនានា ដែលគាំទ្រដល់សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធ អេឡិចត្រូនិក និងឌីជីថល ចាំបាច់ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលរឹងមាំមួយ ព្រមទាំងត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។
ជាងនេះទៅទៀត ច្បាប់នេះនឹងផ្ដល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាអាចភ្ជាប់ខ្លួនទៅនឹងខ្សែសង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាជំរុញឱ្យ មានច្នៃប្រឌិត និងការបង្កើតទំនិញ និងសេវាថ្មីៗបន្ថែមទៀតផងដែរ។
បើតាមលោក ផៃ ស៊ីផាន ច្បាប់ស្ដីពី «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច» នេះផ្តល់សារៈប្រយោជន៍សំខាន់ៗចំនួន៥រួមមាន៖
១៖ សម្រួល និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងក្នុងប្រទេស និងអន្តរជាតិតាមរយៈការបង្កើតភាពប្រាកដប្រជា ផ្នែកគតិយុត្ត និងការទទួលស្គាល់យថាភូតភាព សុក្រឹតភាព និងភាពអាចជឿទុកចិត្តបាន នៃទម្រង់អេឡិចត្រូនិក និងទំនាក់ទំនងអេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មកម្ពុជា និងជាមួយអន្តរជាតិ, ការលុបបំបាត់របាំង និងលក្ខខណ្ឌតម្រូវមិនចាំបាច់ទាំងឡាយ ដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការបង្កើនទំនុកចិត្តដល់អន្តរការី បុគ្គលផ្ដល់សេវា ពាណិជ្ជករ និងអ្នកប្រើប្រាស់ ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយសុវត្ថិភាព និងអាចជឿទុកចិត្តបាន។
២៖ បង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពីសំណាក់ក្រសួង-ស្ថាប័នរដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការចុះបញ្ជី ការបង្កើត ឬការរក្សាទុកក្នុងទម្រង់អេឡិចត្រូនិកជាមួយក្រសួង ស្ថាប័នរដ្ឋ តាមរយៈការទទួលស្គាល់សកម្មភាព និងប្រអេឡិចត្រូនិក។
៣៖ លើកកំពស់ទំនុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិកក្នុងសកម្មភាព និងប្រតិបត្តិការនានា តាមរយៈការទទួលស្គាល់សុពលភាព អានុភាពគតិយុត្ត និងភាពអាចអនុវត្តបាននៃទម្រង់អេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក ភស្តុតាងអេឡិចត្រូនិក ហត្ថលេខាអេឡិចត្រូនិក និងធានាដល់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកបានឆាប់រហ័ស និងមានសុវត្ថិភាព។
៤៖ លើកកំពស់កិច្ចការពារអ្នកប្រើប្រាស់នៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការការពារព័ត៌មានឯកជនដល់អ្នកប្រើប្រាស់ និងការទទួលបានព័ត៌មានច្បាស់លាស់ និងគ្រប់គ្រាន់អំពីទំនិញ ឬសេវាដាក់លក់តាមប្រព័ន្ធអេឡិចត្រូនិក។
៥៖ រារាំងការប្រព្រឹត្តអំពើទាំងឡាយ ដែលបង្កឱ្យមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។
ច្បាប់នេះត្រូវអនុវត្តលើសកម្មភាព ឯកសារ និងប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណីទាំងអស់ដែលធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក លើកលែងតែសកម្មភាព ឯកសារ និងប្រតិបត្តិការទាក់ទងនឹង៖ ១. កាបង្កើត ឬការអនុវត្តលិខិតប្រគល់សិទ្ធ, ២. ការបង្កើត ឬការចុះហត្ថលេខាលើមតកសាសន៍ ឬបញ្ហាផ្សេងៗទៀត ទាក់ទិននឹងសន្តតិកម្ម, ៣. រាល់កិច្ចសន្យាសម្រាប់ការលក់ ការផ្ទេរ ឬការបោះបង់សិទ្ធលើអចលនទ្រព្យ ឬផលប្រយោជន៍ផ្សេងៗទៀតនៅក្នុងទ្រព្យនោះ, ៤. ការផ្ទេរអចលនវត្ថុ ឬផលប្រយោជន៍ណាមួយដែលពាក់ព័ន្ធនឹងអចលនវត្ថុនោះ និង៥. ករណីលើកលែងផ្សេងទៀតដែលត្រូវកំណត់ដោយអនុក្រឹត្យ ៕


បទយកការណ៍ ស្តីពី ឱកាសទទួលបានការងារសមរម្យ និងកម្មសិក្សាការងារ នៅក្នុងវេទិកាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ (៣៣៤)



បទយកការណ៍ ស្តីពី ឱកាសទទួលបានការងារសមរម្យ និងកម្មសិក្សាការងារ នៅក្នុងវេទិកាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ (៣៣៤)

នាទី ទីផ្សារការងារ និងមុខរបរ Vol 334
ដើម្បីទទួលបានព័ត៌មានស្តីពីឱកាសការងារ និងកម្មសិក្សាការងារ សូមទំនាក់ទំនង ☎️ 077 232 378 / 016 786655

រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យសម្រាប់ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យសម្រាប់ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
សេចក្តីជូនដំណឹងបានឱ្យដឹងថា ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីរៀបចំ ឯកសារនៃការ កាន់កាប់ដី និងបោះបង្គោលព្រំដីរបស់បងប្អូនទុកជូនមន្ត្រីជំនាញរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបដើម្បីធ្វើការវាស់វែងចុះបញ្ជីមានលក្ខណៈជា ប្រព័ន្ធចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ចប់ សិ្ថតក្នុងបរិវេណវត្តចន្លោង វេលាម៉ោង៨:៣០នាទីព្រឹក។
ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖


លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងថា បច្ចុប្បន្នស្ដ្រី និងយុវជន មានឱកាស និងជម្រើសច្រើនជាងមុន

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទទិវាប្រជាជនពិភពលោកលើកទី៣០ និងខួបទី២៥ឆ្នាំ នៃសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍនៅមជ្ឈមណ្ឌល CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលនិងនិសិត្សជាច្រើនផងដែរ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានគូសបញ្ជាក់ថា រយៈពេល២៥ឆ្នាំចាប់តាំងពីការអនុម័តកម្មវិធីសកម្មភាព នៃសន្និសីទអន្ដរជាតិ ស្ដីពីប្រជាជន និងការអភិវឌ្ឍនៅទីក្រុងគែរប្រទេសអេហ្ស៊ីប ឆ្នាំ១៩៩៤ ដោយទទួលស្គាល់ថា សិទ្ធិនិងសុខភាពបន្ដពូជ និងការផ្ដល់ភាពអង់អាចល់ស្ដ្រី និងយុវជន គឺជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព និងប្រកបដោយបរិយាប័ន្ន ដែលមានដំណើរការវិវត្តជាច្រើនគួរឲ្យកត់សម្គាល់។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបន្តថា បច្ចុប្បន្នស្ដ្រី និងយុវជន មានឱកាសនិងជម្រើសច្រើនជាងមុន ហើយស្ដ្រីបានទទួលការអប់រំប្រសើរជាងមុន និងបានចូលរួមក្នុងការងារសង្គម សេដ្ឋកិច្ចច្រើនជាងមុនដូចគ្នា។ សំខាន់ជាងនេះ ស្ដ្រីអាចកំណត់អំពីចំនួនកូន និងគួរមានកូននៅពេលណា ដោយសារស្ដ្រីអាចទទួលបានព័ត៌មាន និងសេវាពន្យាកំណើតរួមទាំងការថែទាំសុខភាពក្នុងពេលមានផ្ទៃពោះ និងការសម្រាលកូនជាមួយឆ្មបមានជំនាញកន្លែងដែលមានសុវត្ថិភាព។ លោកបានរំលឹកថា នៅឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ថា កម្មវិធីសុខភាពបន្ដពូជ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាល ក៏នៅតែបន្ដទទួលស្គាល់ថា ការដែលស្ដ្រី និងក្មេងស្រីបានទទួលសិទ្ធិពេញលេញនេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាពបាននៅកម្ពុជា។
លោក ស ខេង ក៏បានផ្ដល់នូវការណែនាំមួយចំនួនផងដែរ ដោយឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ដពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អជាមួយដៃគូអភិវឌ្ឍន៍នានា អង្គការសង្គមស៊ីវិលក្នុងការជំរុញការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្ដរជាតិស្ដីពីការប្រជាជន និងការអភិវឌ្ឍសំដៅសម្រេចបានជោគជ័យ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដោយ «គ្មាននរណាម្នាក់ ត្រូវបានទុកចោល»។ លោកក៏បានណែនាំឲ្យក្រសួងផែនការ តាមរយៈអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ ត្រូវបន្ដកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេស UNFPA រៀបចំទិវាប្រជាជនពិភពលោកនេះឲ្យបានទៀងទាត់ ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រជាជន និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាពិសេសសុខភាពបន្ដពូជរបស់ស្ដ្រី និងក្មេងស្រី៕






ចំនួនជនពិការចូលបម្រើការងារទាំងក្នុងក្រសួងស្ថាប័នរដ្ឋ និងឯកជនមានការកើនឡើងគួរឱ្យកត់សម្គាល់

ស្វាយរៀង៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីចុះបញ្ជិកា និងនីតិវិធីអធិការកិច្ចវិស័យពិការភាព ដល់វិស័យឯកជនស្ថិតក្នុងខេត្តស្វាយរៀង។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដល់វិស័យឯកជន ឱ្យអនុវត្តកាតព្វកិច្ចដូចដែលបានប្បញ្ញត្តិក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសមកចុះបញ្ជិកាជាមួយក្រសួង/មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគម្រោង A2J និងតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ថ្លែងនៅក្នុងឱកាសនោះ លោក សែម សុខា ក៏បានលើកឡើងដោយផ្តល់អនុសាសន៍មួយចំនួន ក្នុងនោះក៏មានទាក់ទងនឹងរដ្ឋបាលសិទ្ធិជនពិការផងដែរ។ លោកបានបញ្ជាក់ថា រដ្ឋបាលសិទ្ធិជនពិការត្រូវបន្តសហការជាមួយមូលនិធិជនពិការ ដើម្បីបន្តចុះជំរុញការអនុវត្តច្បាប់ ហើយរដ្ឋបាលសិទ្ធិជនពិការបន្តស្រង់ស្ថិតិជនពិការចូលបម្រើការងារតាមក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជនឱ្យមុនថ្ងៃទី៣ធ្នូ ទិវាសិទ្ធិជនពិការ ដើម្បីធ្វើជារបាយការណ៍ជូនរាជរដ្ឋាភិបាលផងដែរ។ លោក សែម សុខា បានបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាជូនជនពិការប្រកបដោយប្រសិទ្ធភាពជំរុញឲ្យសង្គមមួយដែលគ្មានឧបសគ្គសម្រាប់ជនពិការហើយជនពិការអាចរស់នៅប្រកបដោយស្មើភាពគ្មានការរើសអើងដូចជាប្រជាពលរដ្ឋទូទៅដែរ។
លោក សែម សុខា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដាក់ឲ្យអនុវត្តនូវច្បាប់ស្តីពីការកំណត់អត្រាជនពិការឲ្យចូលបម្រើការងារ និងលើកទឹកចិត្តទាំងវិស័យរដ្ឋ និងឯកជនឲ្យជ្រើសរើសជនពិការចូលបម្រើការងារ ជាលទ្ធផលយើងមើលឃើញថា ចំនួនជនពិការចូលបម្រើការងារមានការកើនឡើង។ជាក់ស្តែងក្នុងឆ្នាំ២០១៨ ជនពិការចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៤០ មានជនពិការចំនួន ២៨៣៩នាក់ក្នុងនោះស្រ្តីពិការចំនួន ៧៥៦នាក់ និងជនពិការកម្រិតធ្ងន់ ចំនួន១៤៧៨នាក់ ស្មើនឹង៤៤៧១នាក់ បើគិតជាភាគរយ ១,៩៣%។
ដោយឡែក វិស័យឯកជន ស្ថិតិក្រសួងបានសាកល្បងលើរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ៧៧អង្គភាព គឺមានជនពិការចូលបម្រើការងារ ចំនួន៣០៥៥នាក់ក្នុងមានស្រ្តី១៩៤៧នាក់កម្រិតធ្ងន់ចំនួន៤២០នាក់សរុបគឺស្មើ ៣៤៧៥នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេសទាំងមូល មានចំនួនជនពិការ ៥៨៦៨នាក់។
លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ការងារពិការភាពនៅទូទាំងខេត្ត គឺជាអម្រែកមួយដ៍ធ្ងប់ធ្ងរដែលត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ពីព្រោះថា ការងារពិការភាពគឺជាកិច្ចការពហុវិស័យដែលទាមទារឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព។ ជនមានពិការភាព គឺជាប្រភពធនធានមួយដ៏សំខាន់ក្នុងការចូលរួមគ្រប់សកម្មភាពសង្គមដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ លោកស្រី បានបន្តថា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពគួបផ្សំលិខិតបទដ្ឋានជាតិ អន្តរជាតិពាក់ព័ន្ធវិស័យពិការភាព គឺរដ្ឋបាលខេត្តស្វាយរៀងបានដាក់បញ្ចូលការងារពិការភាពជាអាទិភាពទៅក្នុងផែនការសកម្មភាពខេត្ត ហើយត្រូវបានបង្កលក្ខណៈដល់មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តរដ្ឋបាល ស្រុក ឃុំ សង្កាត់ អង្គការដៃគូពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដោយផ្តោតលើកិច្ចការសំខាន់ៗ ដើម្បីចូលរួមចំណែកអនុវត្តសកម្មភាពនានារួចចំណែកផ្តល់សេវា ក៏ដូចជាបង្កើនមុខរបរក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការបានសមស្របសំដៅកាត់បន្ថយភាពក្រីក្ររបស់ជនពិការនៅខេត្ត។
លោក សែម សុខា បានបញ្ជាក់ថាក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបន្តជំរុញ និងអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទជ្រើសរើសជនពិការឲ្យចូលបម្រើការងារទាំងក្នុងក្រសួងស្ថាប័នរបស់រដ្ឋ និងក្នុងវិស័យឯកជនដែលមានកាតព្វកិច្ចជ្រើសរើសជនពិការតាមរយៈរដ្ឋបាលសិទ្ធិជនពិការជាយន្តការអធិការកិច្ច៕




អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់តង់ និងសេរ៉ូម ដល់មន្ទីរបង្អែកខេត្ត ដើម្បីសម្រួលដល់ការកើនឡើងនៃកុមារកើតជំងឺគ្រុនឈាមក្នុងខេត្ត

កំពង់ឆ្នាំង៖ ក្រោយពីមានការផ្ទុះនូវកំណើន ជំងឺគ្រុនឈាម លើកុមារកាន់តែខ្លាំង នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយមានការខ្វះខាតសេរ៉ូម និងកន្លែងស្នាក់នៅ ដោយសារស្ថានភាពអ្នកជំងឺច្រើន នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា, ប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមខេត្តដើម្បីនាំយកតង់ស្នាក់នៅចំនួន ៥០ ដែលអាចដាក់អ្នកជំងឺបានចំនួន ១០០នាក់ សេរ៉ូម ១០០០ប្លោក ថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា នេះជាជំហ៊ានដំបូង និងមានបោះតង់ស្នាក់នៅព្យាបាលបន្តទៀត បើក្នុងករណីអ្នកជំងឺមានការកើនឡើង ចំណែកក្រសួងសុខាភិបាល បានជួយគ្រែដេកចំនួន ១៥ផងដែរ។ លោកក៏បានធ្វើការអំពាវនាវ ដល់មាតាបិតាគ្រប់រូបដើម្បីចូលរួមទប់ស្កាត់ជំងឺគ្រុនឈាម ត្រូវទាមទារថែរក្សាការពារកូនចៅ ត្រូវពាក់អាវដៃវែង និងដេកនៅក្នុងមុងជានិច្ច កុំអោយមូសខ្លាខាំ ដែលអ្នកជាអ្នកចម្លងជំងឺគ្រុនឈាម ត្រូវធ្វើអនាម័យតាមលំនៅដ្ឋានកុំអោយមានទឹកដក់ ដែលជាជំរកនៃសត្វមូស។
ប្រធានមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លោក វេជ្ជបណ្ឌិត សូរិន្ទ ទីរ៉ាវុទ្ឍី បានអោយដឹងថា នៅដើមខែ៦ មកដល់ពេលនេះ មានចំនួន ៤៥៩នាក់ ដែលបានចូលមកទទួលសេវាព្យាបាល៕



អភិបាលខេត្តបន្ទាយមានជ័យរម្លឹកប្រជាពលរដ្ឋឱ្យចូលរួមថែទាំផ្លូវ

បន្ទាយមានជ័យ៖ ក្នុងឱកាសចុះពិនិត្យការជួសជុលផ្លូវលំ១ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ ភ្ជាប់ពីសង្កាត់ព្រះពន្លាទៅសង្កាត់ភ្នៀត ក្នុងក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោកអភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា ដើម្បីថែទាំផ្លួវដែលបានស្ថាបនាហើយ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។
ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវកំពុងធ្វើការជួសជុល ដោយក្រាលគ្រួសក្រហមនៅភូមិកន្ទួតសង្កាត់ភ្នៀតនេះ លោក អ៊ុ រាត្រី ត្រូវបានទទួលការស្វាគមន៍សាទរពីប្រជាពលរដ្ឋ ដែលបានជួយដោះស្រាយឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពួកគាត់ ដែលចង់បានផ្លូវល្អ ស្រួលក្នុងការធ្វើចរាចរណ៍ ទៅមកដឹកកសិផលមកកាន់ទីផ្សារ បានលឿននោះ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ជូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជាយើងជានិច្ចកាល ដែលមានលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ បានប្រឹងប្រែងផ្ដោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះផ្លូវថ្នល់ជាវិស័យអាទិភាពនោះមិនថា ផ្លូវជាតិផ្លូវលំនៅគ្រប់ទីកន្លែងនោះទេ ត្រូវបានស្ថាបនាពីតំបន់ដែលគ្មានផ្លូវ ទៅជាមានផ្លូវ ក្រាលគ្រួសក្រហមប្រែក្លាយទៅជាផ្លូវបេតុង ឬកៅស៊ូផ្សារភ្ជាប់ពីទីជនបទមកទីប្រជុំជនខេត្តស្រុកក្រុងដែលឆ្លើយតបទៅនឹងអនុសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានលើកឡើងថាមានផ្លូវមានក្តីសង្ឃឹម។
លោក អ៊ុ រាត្រី បានបន្តទៀតថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បាននិងកំពុងប្រឹងប្រែងបន្តធ្វើការជួសជុលស្ថាបនាផ្លូវថ្នល់ ដែលបានរងការខូចខាតនៅគ្រប់ទីកន្លែងតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលឱ្យមានភាពល្អប្រសើរឡើងវិញដើម្បីឆ្លើយតបទៅនិងសំណូមពរសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ទៅមកបានលឿននោះ៕




រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្មសហការពង្រឹងតម្លាភាពការងារអនុវត្តគម្រោង AIMS

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សហការពង្រឹងការងារអនុវត្ត គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ប្រកបដោយតម្លាភាព និងគណនេយ្យភាពដើម្បីទាក់ទាញទំនុកចិត្តពីដៃគូអភិវឌ្ឍន៍ និងបង្កើនប្រាក់ចំណូលជូនប្រជាកសិករក្រីក្រ នៅក្នុងប្រទេសកម្ពុជា។
នាឱកាសអញ្ជើញជាអធិបតីភាព កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាពនគម្រោង AIMS នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ បានរម្លឹកឡើងវិញអំពីសាវតា និងវត្ថុបំណងរបស់គម្រោង ដែលផ្តោតសំខាន់លើការអភិវឌ្ឍច្រវាក់តម្លៃផលិតផល (ស្រូវ, ដំឡូងមី, មាន់ស្រែ, បន្លែ និងសូត្រឆៅ) ដោយតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារទាំងអស់ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
លោករដ្ឋមន្ត្រី បានស្នើមន្ទីរពាណិជ្ជកម្មទាំងអស់ បញ្ជ្រាបការងារគម្រោង AIMS ទៅក្នុងការងារស្នូលប្រចាំថ្ងៃ សម្រាប់មន្ត្រីធ្វើការរៀនសូត្រនិងដកស្រង់បទពិសោធន៍ថ្មីៗដើម្បីចូលរួមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មជាតិ ជាមួយរាជរដ្ឋាភិបាល ហើយត្រូវបង្កើនកិច្ចសហការជាដៃគូយុទ្ធសាស្ត្រជាមួយគម្រោងផ្សេងទៀត ដែលគាំទ្រដោយអង្គការ IFAD មានដូចជាគម្រោង ASPIRE, គម្រោង SAAMBAT និងគម្រោងទៀតរបស់រាជរដ្ឋាភិបាល ដែលអាចផ្តល់គុណប្រយោជន៍ និងសក្តានុពលបំពេញឱ្យគ្នាទៅវិញទៅមក។
សូមជម្រាបថា AIMS គឺជាគម្រោងដ៏ធំមួយរបស់ក្រសួងពាណិជ្ជកម្មក្រោមហិរញ្ញប្បទានកម្ចីរបស់អង្គការ IFAD ប្រមាណ ៣៦,៣ លានដុល្លារអាមេរិក រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ គម្រោងនេះមានវិសាលភាពគ្របដណ្ដប់លើខេត្តសក្តានុពលចំនួន ១៨ទូទាំងប្រទេស ដែលមានប្រជាកសិករប្រមាណ ៦ម៉ឺនគ្រួសារ ហើយត្រូវបានអនុវត្តចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។ គោលបំណងសំខាន់នៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពគម្រោង ដោយផ្តោតទៅលើការវាយតម្លៃគ្រប់ជ្រុងជ្រោយការកំណត់នូវបញ្ហាប្រឈម ប្រតិបត្តិការបច្ចេកទេស និងហានិភ័យដែលអាចជះឥទ្ធិពលដល់គោលដៅអភិវឌ្ឍន៍គម្រោងទាំងមូល៕



អាស៊ានដាក់ចុះផែនការសកម្មភាពរួមដើម្បីអភិវឌ្ឍន៍តំបន់អាស៊ានជាគោលដៅទេសចរណ៍តែមួយ

នាអំឡុងកិច្ចប្រជុំស្ថាប័នទេសចរណ៍អាស៊ានលើកទី៥០ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៨-១២ ខែកក្កដា ឆ្នាំ ២០១៩ ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍អាស៊ានទាំង១០ និងលេខាធិការដ្ឋានអាស៊ាន បានជួបប្រជុំជាមួយគ្នានិងបានដាក់ចុះនូវផែនការសកម្មភាពឆ្នាំ២០២០-២០២១ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍អាស៊ានឆ្នាំ២០១៦-២០២៥។
ការដាក់ចុះនូវផែនការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនាថ្ងៃទី១០ ខែកក្កដា ក្នុងនោះរួមមាន៖
– ពង្រឹងការផ្សព្វផ្សាយទេសចរណ៍អាស៊ានតាមប្រព័ន្ធឌីជីថល អនឡាញ និងប្រព័ន្ធបណ្តាញសង្គមផ្សេងៗទៀត។
– ជំរុញការបង្កើតផលិតផលថ្មីៗ ដោយផ្តោតសំខាន់លើទេសចរណ៍ម្ហូបអាហារតាមរយៈការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ចំណីអាហារអាស៊ាន ការបង្កើតបណ្តាញអ្នកជំនាញអាស៊ាន ផ្នែកចំណីអាហារ ការជំរុញទេសចរណ៍បើកបរដោយខ្លួនឯង ក៏ត្រូវបានជំរុញបន្ថែមតាមរយៈការបង្កើតខ្សែទស្សនកិច្ចរវាងប្រទេសជាប់ព្រំដេនគ្នា។ ទន្ទឹមនឹងនោះ ទេសចរណ៍សាសនា ពិធីបុណ្យ ក៏ត្រូវបានជំរុញជាអាទិភាពផងដែរ។
– ការអភិវឌ្ឍធនធានមនុស្សដោយបន្តពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (MRA) រួមមាន៖ ការធ្វើបច្ចុប្បន្នភាពលើស្តង់ដាកម្មវិធីសិក្សា ការបន្ថែមជំនាញផ្សេងៗទៀត នៅពេលខាងមុខ មានដូចជាជំនាញរៀបចំព្រឹត្តិការណ៍ (MICE) ជំនាញស្ប៉ាទៅក្នុងកិច្ចព្រមព្រៀង MRA ដោយបច្ចុប្បន្នមានជំនាញចំនួន ៣២ ផ្នែកសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។
– ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ាន តាមរយៈការធ្វើការផ្សព្វផ្សាយនៅក្រៅប្រទេសរួមគ្នា ការជំរុញការហោះហើរផ្ទៃក្នុងនិងការសម្រួលការធ្វើដំណើរ។
លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍កម្ពុជា ដែលជាអនុប្រធានអង្គប្រជុំបានអញ្ជើញប្រទេសសមាជិកអាស៊ានទាំងអស់ចូលរួមការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា (CTM) ឆ្នាំ២០១៩ និងវេទិកាវិនិយោគទេសចរណ៍លើកទី២ ដោយព្រឹត្តិការណ៍ទាំងពីរនឹងរៀបចំនាពេលជាមួយគ្នានៅទីក្រុងភ្នំពេញនាខែតុលាខាងមុខនេះ៕






រថយន្ដដឹកឈើ២គ្រឿងទៀត ត្រូវសមត្ថកិច្ចបង្ក្រាប និងដុតបំផ្លាញចោល នៅស្រុកអូរយ៉ាងដាវ ខេត្តរតនគិរី

(រតនគិរី)៖ គណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន បានបើកប្រតិបត្តិការបង្ក្រាបរថយន្ដដឹកឈើចំនួន២គ្រឿងជាបន្ដបន្ទាប់ នៅក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ដរតនគីរី។
ភ្នាក់ងារព័ត៌មាន Fresh News ក៏បានរាយការណ៍មកថា ប្រតិបត្តិការនេះ ធ្វើឡើងតាំងវេលាម៉ោងជាង៩ព្រឹក រហូតដល់ម៉ោងជាង១១ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយសមត្ថកិច្ចបង្ក្រាប បានរថយន្ដឡង់គ្រីស័រកែច្នៃ ចំនួន២គ្រឿង ដោយផ្ទុកឈើសរុបចំនួន៣៥ដុំ ស្មើនឹងជិត៦,០០០ម៉ែត្រគូប។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រោយបញ្ចប់ប្រតិបត្តិការទាំងពីរករណី រថយន្ដឡង់គ្រីស័រកែច្នៃទាំង២គ្រឿងនោះ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។ ដោយឡែក វត្ថុតាងឈើពពូល និងឈើសុក្រំ ដែលដកហូតបានសមត្ថកិច្ច បានប្រគល់ជូនរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីចាត់ការបន្ដតាមនីតិវិធី។
មេបញ្ជាការអាវុធហត្ថខេត្តរតនគិរីឧត្តមមសេនីយ៍ត្រី ថាវ យ៉េន បានប្រាប់ឲ្យដឹងដែរថា តាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះ ក្រុមការងារដឹកនាំដោយរូបលោក និងលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរនគិរី បានបញ្ជាកម្លាំងយករថយន្តឡង់គ្រីស័រច្នៃទាំង២គ្រឿងនេះ ដុតបំផ្លាញចោលនៅព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការសាទរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកអូរយ៉ាដាវផងដែរ៕