Friday, July 12, 2019

អភិបាលខេត្តបន្ទាយមានជ័យរម្លឹកប្រជាពលរដ្ឋឱ្យចូលរួមថែទាំផ្លូវ

បន្ទាយមានជ័យ៖ ក្នុងឱកាសចុះពិនិត្យការជួសជុលផ្លូវលំ១ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ ភ្ជាប់ពីសង្កាត់ព្រះពន្លាទៅសង្កាត់ភ្នៀត ក្នុងក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោកអភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា ដើម្បីថែទាំផ្លួវដែលបានស្ថាបនាហើយ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។
ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវកំពុងធ្វើការជួសជុល ដោយក្រាលគ្រួសក្រហមនៅភូមិកន្ទួតសង្កាត់ភ្នៀតនេះ លោក អ៊ុ រាត្រី ត្រូវបានទទួលការស្វាគមន៍សាទរពីប្រជាពលរដ្ឋ ដែលបានជួយដោះស្រាយឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពួកគាត់ ដែលចង់បានផ្លូវល្អ ស្រួលក្នុងការធ្វើចរាចរណ៍ ទៅមកដឹកកសិផលមកកាន់ទីផ្សារ បានលឿននោះ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ជូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជាយើងជានិច្ចកាល ដែលមានលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ បានប្រឹងប្រែងផ្ដោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះផ្លូវថ្នល់ជាវិស័យអាទិភាពនោះមិនថា ផ្លូវជាតិផ្លូវលំនៅគ្រប់ទីកន្លែងនោះទេ ត្រូវបានស្ថាបនាពីតំបន់ដែលគ្មានផ្លូវ ទៅជាមានផ្លូវ ក្រាលគ្រួសក្រហមប្រែក្លាយទៅជាផ្លូវបេតុង ឬកៅស៊ូផ្សារភ្ជាប់ពីទីជនបទមកទីប្រជុំជនខេត្តស្រុកក្រុងដែលឆ្លើយតបទៅនឹងអនុសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានលើកឡើងថាមានផ្លូវមានក្តីសង្ឃឹម។
លោក អ៊ុ រាត្រី បានបន្តទៀតថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បាននិងកំពុងប្រឹងប្រែងបន្តធ្វើការជួសជុលស្ថាបនាផ្លូវថ្នល់ ដែលបានរងការខូចខាតនៅគ្រប់ទីកន្លែងតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលឱ្យមានភាពល្អប្រសើរឡើងវិញដើម្បីឆ្លើយតបទៅនិងសំណូមពរសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ទៅមកបានលឿននោះ៕




No comments:

Post a Comment