Tuesday, February 06, 2018

សិស្សវិទ្យាល័យក្នុងខេត្តព្រះសីហនុជិត១ពាន់នាក់ទទួលបានការបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអាជីពនិងការសិក្សា

ការណែនាំពីជំនាញដល់សិស្សវិទ្យាល័យ ក្នុងការចាប់ជំនាញសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ ដើម្បីឱ្យត្រូវតាមអ្វីដែលពួកគេស្រឡាញ់ សមស្របទៅតាមបុគ្គលិកលក្ខណៈ និងត្រូវជាមួយតម្រូវការក្នុងទីផ្សារការងារ គឺជារឿងសំខាន់សម្រាប់ប្អូនៗដែលកំពុងរៀននៅវិទ្យាល័យ និងត្រៀមបន្តទៅថ្នាក់មហាវិទ្យាល័យ។

ក្នុងរយៈពេលបួនថ្ងៃគឺ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០២កុម្ភៈ ឆ្នាំ២០១៨ សិស្សវិទ្យាល័យប្រមាណជិត១ពាន់នាក់នៅវិទ្យាល័យចំនួន០៦នៃខេត្តព្រះសីហនុ ទទួលបានការបណ្តុះបណ្តាលជំនាញទន់នៅក្នុងសិក្ខាសាលាស្តីអំពី «ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសម្រាប់សិស្សវិទ្យាល័យ» ដែលរៀបចំដោយមជ្ឈមណ្ឌលការងារខេត្តព្រះសីហនុនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី ម៉ុច ចាន់ធឿន ប្រធានមជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ បានលើកឡើងថា ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញដល់សិស្សានុស្សសិស្សដែលកំពុងសិក្សានៅតាមវិទ្យាល័យនានាក្នុងខេត្តព្រះសីហនុ។ នេះគឺជាលើកទី១ហើយក្រោយពីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលការងារសម្រាប់ខេត្តមួយនេះ។ លោកស្រីលើកឡើងទៀតថា ការរៀបចំសិក្ខាសាលានេះ គឺដើម្បីណែនាំដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យឱ្យចេះជ្រើសរើសមុខវិជ្ជាឯកទេស ឱ្យសមស្របសម្រាប់ពួកគាត់ ដែលនឹងបន្តទៅសិក្សានៅថ្នាក់មហាវិទ្យាល័យនាថ្ងៃអនាគតនិងដើម្បីទទួលបានជោគជ័យក្នុងដំណើរការសិក្សារៀនសូត្រ។

លោកស្រី បានបន្ថែមទៀតថា ជាការពិតការសម្រេចចិត្តលើការជ្រើសរើសមុខវិជ្ជាសិក្សានៅថ្នាក់មហាវិទ្យាល័យនេះ មិនមែនជាការងាយស្រួលនោះទេ ពីព្រោះសិស្សានុសិស្សម្នាក់ៗត្រូវធ្វើការស្វែងយល់ឱ្យបានស៊ីជម្រៅអំពីកត្តាពាក់ព័ន្ធនានាមានដូចជា ការយល់ពីកត្តាផ្ទាល់ខ្លួន ដោយត្រូវពិនិត្យលើចំណង់ចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈដែលស័ក្តិសមសម្រាប់ការសិក្សាមុខវិជ្ជាផ្សេងៗ។ បន្ថែមពីលើនេះ ត្រូវពិនិត្យលើកត្តាទីផ្សារការងារដែលពា​ក់ព័ន្ធ និងតម្រូវការឬកង្វៈខាតនៃប្រភេទជំនាញពីភាគីនិយោជក។ ដូចនេះការរៀបចំផែនការអាជីពបានត្រឹមត្រូវនឹងជួយបង្កើនសក្តានុពលឲ្យចូលទីផ្សារការងារកាន់តែមានភាពងាយស្រួល។

ជាមួយគ្នានោះដែរ លោកនាយកសាលាទាំង៦ លើកឡើងដូចៗគ្នាថា វគ្គសិក្សានេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមតម្រង់ទិសដល់សិស្សានុសិស្សក្នុងថ្នាក់វិទ្យាល័យឱ្យមានការសម្រេចចិត្តច្បាស់លាស់មុននឹងចាប់យកជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ។ ពួកគាត់បន្តទៀតថា កន្លងមកការផ្តល់ការណែនាំដល់សិស្សានុសិស្សដែលកំពុងស្ថិតនៅក្នុងថ្នាលអប់រំចំណេះទូទៅកម្រិតមធ្យម ទុតិយភូមិ នឹងធ្វើការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាឯកទេស ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គឺធ្វើតាមទម្លាប់ពោលគឺតាមរយៈការណែនាំពីក្រុមគ្រួសារ បងប្អូន ឬញាតិមិត្តតែប៉ុណ្ណោះ គឺមិនមានក្បួនខ្នាតណាមួយឱ្យច្បាស់លាស់នោះទេ តែមកដល់ពេលនេះ រាជរដ្ឋាភិបាលបានរៀបជាក្បួនខ្នាត និងមានសៀវភៅណែនាំដល់ពួកគាត់ឱ្យបានច្បាស់លាស់ គឺពិតជាបានជួយដល់ពួកគេឱ្យចាប់យកជំនាញអ្វី ដែលពួកគេស្រឡាញ់ និងជោគជ័យក្រោយពួកគេប្រឡងបាក់ឌុបរួច៕




ក្រសួងអប់រំជូនដំណឹងស្តីពីមហោស្រពជាតិលើកទី៤ ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ស្ទែមដើម្បីអនាគតខ្ញុំ ស្ទែមដើម្បីអនាគតកម្ពុជា

មហោស្រពជាតិលើកទី៤ ស្ដីពី វិទ្យាសាស្ត្រ និងវិស្វកម្ម ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ទែមដើម្បីអនាគតខ្ញុំ ស្ទែមដើម្បីអនាគតកម្ពុជា» នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ក្រោមកិច្ចសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ STEM Cambodia ។

នៅក្នុងសេចក្តីជូនដំណឹងនេះដែរ បានបញ្ជាក់ថា សកម្មភាពសំខាន់ៗក្នុងមហោស្រពរយ់ពេល៣ថ្ងៃនេះរួមមាន៖ ១- ពិព័រណ៍ស្ទែម, ២- ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១នៅកម្ពុជា, ៣- ការបង្ហាញគម្រោងស្ទែម ដែលផ្តល់ឱកាសឱ្យធ្វើពិសោធន៍ផ្ទាល់ខ្លួននិងអនុវត្តជាក់ស្តែងដោយខ្លួនឯង, ៤- ការបង្ហាញយុទ្ធនាការផ្សព្វផ្សាយ «ស្ទែមដើម្បីអនាគតខ្ញុំ ស្ទែមដើម្បីកម្ពុជា» ,៥- សិក្ខាសាលា/វេទិកាស្ទែម, ៦- ការប្រកួតជើងឯកស្ទែមដោយប្រើបច្ចេកវិទ្យា,៧-ការប្រកួតគណិតវិទ្យាដោយប្រើបច្ចេកវិទ្យា និង៨- ការប្រគុំតមន្រ្តីខ្នាតធំស្ទែមដើម្បីអនាគតខ្ញុំ៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំខាងក្រោម៖


លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អនុញ្ញាតឱ្យគណៈប្រតិភូនៃប្រទេសឡាវចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យ គណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយលោក ស៊ីណាយ មៀងឡាវ៉ាញ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនៈកិច្ចរបស់លោក ស៊ីណាយមៀងឡាវ៉ាញ និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជានាពេលនេះ។ លោកស្រី ក៏បានធ្វើការរាយការណ៍ជូនគណៈប្រតិភូអំពីសកម្មភាព និងតួនាទីភារកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងបានរាយការណ៍អំពីស្ថានភាពនយោបាយនៅកម្ពុជាផងដែរ។

លោកស្រី ម៉ែន សំអន ក៏បានស្នើឱ្យភាគីឡាវបន្តកិច្ចសហប្រតិបត្តិការវាងអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយនៃប្រទេស កម្ពុជា ដែលបានចុះអនុស្សារណៈជាមួយគ្នា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ដូចជាបន្តកិច្ចសហការបន្ថែមទៀតលើវិស័យអធិការកិច្ច ដើម្បីធ្វើឱ្យវិស័យអធិការកិច្ចនៃប្រទេសកម្ពុជាអនុវត្តកាន់តែមានប្រសិទ្ធិភាព។

លោកស្រី ម៉ែន សំអន ក៏បានជូនពរលោក ស៊ីណាយមៀងឡាវ៉ាញ និងសហការីមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងដំណើបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា៕







ខេត្តស្វាយរៀងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពិសោធន៍របស់សាខា​កាំកុងត្រូលខេត្ត​ និងពិធី​ប្រកាសចូលកាន់​មុខតំណែង​ប្រធានសាខា​កាំកុងត្រូលខេត្ត​

ស្វាយរៀង៖ នៅថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅខេត្តស្វាយរៀង មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពិសោធន៍ខ្នាតតូចទី២ សាខាកាំកុងត្រូលខេត្តស្វាយរៀង និងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាខាកាំកុងត្រូលខេត្ត ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងពិធីនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា មន្ទីរពិសោធន៍ខ្នាតតូចនេះ នឹងជួយពង្រឹងប្រសិទ្ធភាពការងារមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ក្នុងការត្រួតពិនិត្យទំនិញ ជាពិសេសធានាបាននូវភាពអនុលោមតាមកម្មវិធីអភិក្រមគ្រប់គ្រងហានិភ័យ ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់។ លើសពីនេះ មន្ទីរពិសោធន៍នេះ ក៏នឹងឆ្លើយតបទស្សនទានរបស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាត់ទុកបញ្ហាសុវត្ថិភាពចំណីអាហារ គឺជាអតុល្យភាព (ចំណុចអវិជ្ជមាន) ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវធ្វើការដោះស្រាយ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីកាំកុងត្រូលទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចឈានទៅបានលទ្ធផលការងារជាច្រើនដូចជា៖ ការរឹបអូសទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលចរាចរនៅលើទីផ្សារ ការទប់ស្កាត់ និងកម្ទេចទំនិញពុំមានភាពអនុលោមផ្នែកគុណភាព និងសុវត្ថិភាព នៅតាមច្រកនាំចេញ-នាំចូល។

ទន្ទឹមគ្នានោះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្តាំផ្ញើដល់ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងថ្មី ត្រូវបន្តពង្រឹងការត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាថែមទៀត ព្រមទាំងស្វែងយល់អំពីបទពិសោធន៍ថ្មីៗ ពីប្រទេសជិតខាងនៅក្នុងតំបន់ និងពិភពលោក ហើយត្រូវខិតខំកៀគរជំនួយទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់បម្រើដល់សកម្មភាពការងារ ធានាបាននូវអនុលោមភាពរបស់ទំនិញនាំចូល-នាំចេញ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ៕




គណបក្សប្រជាជនកម្ពុជាស្រុករលាប្អៀរផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសដល់សមាជិកសមាជិកា

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ​ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី៤ ខែកុម្ភៈឆ្នាំ ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ មានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកឃុំប្រមាណជាង១០០នាក់។

លោក សោម វឺន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករលាប្អៀរ បានលើកឡើងថា នៅក្នុងអង្គមហាសន្និបាតទូទាំងប្រទេសលើកនេះ ដែលបានដំណើរការពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨កន្លងមកនេះ គឺបានឆ្លងនូវខ្លឹមសារ៤សំខាន់រួមមាន៖

ខ្លឹមសារទី១៖ គឺឆ្លងរបាយការណ៍បូកសរុបការដឹកនាំរបស់គណបក្សសម្រាប់ឆ្នាំ២០១៧ និងទិសដៅសម្រាប់ឆ្នាំ២០១៨
ខ្លឹមសារទី២៖ ឆ្លងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ដឹកនាំក្នុងរយៈពេល៥ឆ្នាំពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣,
ខ្លឹមសារទី៣៖ គឺការណែនាំផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសតំណាងរាស្ត្រនិតិកា​លទី៦ នៃរដ្ឋសភានិង
ខ្លឹមសារទី៤ គឺអង្គមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសដំណើរការបោះឆ្នោតជ្រើសរើសបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលពីចំនួន៥៤៥រូបដល់៨៥៥រូប បានន័យថា បន្ថែម៣៤២រូប។
លោក សោម វឺន ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ត្រូវសាមគ្គីសហការគ្នាដើម្បីសម្រេចឱ្យបាននូវផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃនិងថ្នាក់ខេត្ត ដោយទទួលបានលទ្ធផលមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។ កត្តាសំខាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បម្រើសេវានិងដោះស្រាយសំណូមពរចាំបាច់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឈានទៅទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៤ នៃព្រឹទ្ធសភា និងតំណាងរាស្រ្តនិតិកាលទី៦នៃរដ្ឋសភានាពេលខាងមុខនេះ៕



លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលលទ្ធផលវិជ្ជមានជាច្រើន ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី

តបតាមការអញ្ជើញរបស់លោកស្រី រេដណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទៅបំពេញ​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ទស្សនកិច្ចនេះមានបំណងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបតិ្តការបន្ថែមទៀត រវាងប្រទេសទាំងពីរ។

ក្នុងជំនួបពិភាក្សាការងារជាផ្លូវការ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការវិវត្តនៃ​សភាព​ការណ៍ចុងក្រោយលើផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម របស់ប្រទេសនីមួយៗ និងបានឯកភាពគ្នា​បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត រួមមាន ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ ការតភ្ជាប់ និងរិះរកវិស័យសហប្រតិបត្តិការថ្មីៗ ដែលមានសក្តានុពល ថែមទៀត។

ក្នុងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញសក្តានុពលទេសចរណ៍តាមរយៈ៖
១-ការអនុវត្តរួមគ្នាយ៉ាងសកម្មលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការខេត្ត មានប្រាសាទ​ជាបងប្អូន រវាងខេត្តសៀមរាបនិងខេត្តចាវ៉ាកណ្ដាល ២-ការពិនិត្យលទ្ធភាពបង្កើត​ទីក្រុងសម្ព័ន្ធ​មេត្រីភាព​រវាង​ទីក្រុងភ្នំពេញ និងទីក្រុងបូហ្គរ និង ៣-ការជំរុញឲ្យមានការហោះហើរ​ត្រង់រវាងប្រទេសទាំងពីរ។ ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាពរៀបចំសកម្មភាពរួមគ្នាដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០១៩ ខាងមុខ។

ដោយឡែក រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានឯកភាពបង្កើនកិច្ចសន្ទនា រវាងក្រសួងការបរទេសទាំងពីរ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលបន្ថែមទៀត នៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ភាគីឥណ្ឌូនេស៊ី បានឯកភាពផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ រវាងមជ្ឈមណ្ឌល​សម្រាប់​ការអប់រំ និងការបណ្តុះបណ្តាល (CET) នៃក្រសួងការបរទេសឥណ្ឌូនេស៊ី ជាមួយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែល​ទើប​បង្កើតថ្មី ជាមួយ ។

ក្នុងន័យនេះ តាមសំណើររបស់រដ្ឋមន្ត្រីកម្ពុជា ក្រសួងការបរទេសឥណ្ឌូនេស៊ី មានគម្រោងអញ្ជើញប្រធាន​វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌល​សម្រាប់​ការអប់រំ និងការបណ្តុះបណ្តាល តាមពេលវេលាសមស្រប។ ជាងនេះទៅទៀត ភាគីទាំងពីរ បានឯកភាព​គ្នារៀប​ចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហ-ប្រតិបត្តិការទ្វេភាគីឱ្យបានទៀងទាត់ឡើងវិញ។ តាមការផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីកម្ពុជា ក្រសួងការបរទេសឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំ​គណៈកម្មការចម្រុះលើកទី៤ ក្នុងអំឡុងឆមាសទី២ ឆ្នាំ២០១៨ នេះ ដើម្បីតាមដានត្រួតពិនិត្យការ​អនុវត្ត​លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ និងរិះរកវិធីជំរុញបន្ថែមទៀតនូវកិច្ច​សហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ឲ្យកាន់តែមានប្រសិទ្ធភាព។

លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កសិកម្ម ការដឹកជញ្ជូន សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មាន ការផ្សព្វផ្សាយ បច្ចេកវិទ្យា វិស័យការពារជាតិ ការជួញ​ដូរមនុស្ស និងការអភិវឌ្ឍធនធានមនុស្សជាដើម។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការប្រែប្រួលនៃសភាពការណ៍តំបន់ និងអន្តរជាតិ ដោយផ្តោត​លើការយកចិត្តទុកដាក់រួម ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីនេះ ភាគីឥណ្ឌូនេស៊ី ក៏បានឯកភាពតាមការអញ្ជើញរបស់ភាគីកម្ពុជា បញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតឥណ្ឌូនេស៊ី ដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតសកល នាខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា នាពេលខាងមុខនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបសម្តែងការគួរសមជាមួយលោក មូហាម៉ាត់ ជូសូហ្វ កាឡា អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយបានពំានាំនូវគារវកិច្ចដ៏កក់ក្តៅរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លោកអនុប្រធានាធិបតី និងតាមរយៈលោកអនុប្រធានាធិបតី ជូនលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងថ្លែងអំណរគុណលោកអនុប្រធានាធិបតី ដែលបានអញ្ជើញចូលរួមពិធីគោរពវិញាណក្ខ័ន្ធរបស់លោកឧបនាយករដ្ឋមន្រ្ដី សុខ អាន កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅ។ កម្ពុជាតែងតែចងចាំនូវការគាំទ្រដ៏មានតម្លៃ និងជំនួយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានរាយការណ៍ជូលោកមអនុប្រធានាធិបតីនូវលទ្ធផល​ប្រកបដោយផ្លែផ្កា​នៃជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្រ្តី នឹងលោកស្រីរដ្ឋមន្ត្រី រេដណូ ម៉ារស៊ូឌី ផងដែរ ក្នុងការជំរុញ​បន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែខ្លាំងក្លាថែមទៀត រវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ទំនាក់ទំនងរវាងប្រជាជន និងប្រជាចន វប្បធម៌ ការពារជាតិ និងការអធិវឌ្ឍ​ធនធាន​មនុស្ស។ លោកអនុប្រធានាធិបតី បានសម្ដែងនូវការអបអរសាទរ​ចំពោះភាបល្អប្រសើរទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ និងលើកទឹកចិត្តឱ្យបន្តជំរុញថែមទៀតនូវ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ដើម្បីជា​ប្រយោជន៍រូមរបស់ប្រទេសទាំងពីរ។ លោកអនុប្រធានាធិបតី បានផ្ដាំផ្ញើនូវសេចក្ដីនឹករឭកជូនចំពោះ លោកនាយករដ្ឋមន្រ្ដី ពីសំណាក់លោកផ្ទាល់ផងដែរ។

គ្រប់ការពិភាក្សាបានប្រព្រឹត្តក្នុងការបរិយាកាសប្រកបដោយភាពស្និទ្ធិស្នាល រីករាយ និងយោគយល់គ្នា​ទៅ​វិញទៅមក ដោយឆ្លុះបញ្ចាំងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ៕









(សូមទស្សនាវីដេអូ) រូប​ថតមួយ​សន្លឹក​របស់​លោក សម រង្ស៊ី បង្ហាញ​នូវ​ភាព​ល្ងង់ខ្លៅអស់សាច់​!

ខេត្តកំពង់ឆ្នាំង​ រៀបចំកិច្ចប្រជុំ​អន្តរទីចាត់ការ​របស់សាលាខេត្ត​ ប្រចាំខែកុម្ភៈ ​សម្រាប់ឆ្នាំ២០១៨​

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំអន្តរទីចាត់ការក្រោមអធិបតីភាពលោក ហ៊ី ណាត អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក អ៊ុន សុផល នាយករដ្ឋបាលស្ដីទីសាលាខេត្ត លោក គង់ សុវណ្ណអស្ចារ្យ នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការទាំង៥ និងប្រធាន អនុប្រធានអង្គភាពទាំង២សាលាខេត្ត។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ដើម្បីត្រួតពិនិត្យឡើងនូវ៖

១. អនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្ដីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាអនុក្រឹត្យលេខ២១៧ អនុក្រ.បក ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣ ស្ដីពីរបបស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់គ្រប់ប្រភេទរបស់មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំលេខ០៤០ សណន ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្ដីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ។

២. លើកឡើងពីបញ្ហាប្រឈម សំណើ និងសំណូមពរនានាដើម្បីចាត់វិធានការដោះស្រាយ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក ហ៊ី ណាត ប្រធានអង្គប្រជុំបានមានអនុសាសន៍ផ្ដាំផ្ញើអោយមន្ត្រីរាជការទាំងអស់មានការចូលរួមទាំងអស់គ្នា យោគយល់អធ្យាស្រ័យគ្នា ស្រឡាញ់គ្នា និងខិតខំបំពេញការងារទៅតាមតួនាទីភារកិច្ចនៅក្នុងលក្ខខណ្ឌការងារដែលមានស្រាប់ ឬក៏ដូចជាបច្ចុប្បន្នភាពថ្មី៕


កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំស្តីពីការប្រមូលព័ត៌មានតម្រូវការអាទិភាពរបស់មូលដ្ឋាន សម្រាប់ការកសាងកម្មវិធីនិយោគបីឆ្នាំរំកិល (២០១៩-២០២១)

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ៍ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំស្តីពីការប្រមូលព័ត៌មាន​តម្រូវ​ការអាទិភាពរបស់មូលដ្ឋាន សម្រាប់ការកសាងកម្មវិធីនិយោគបីឆ្នាំរំកិល (២០១៩-២០២១)ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោកស្រី តុង ណារី សមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ផែនការនិងវិនិយោគ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរងក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក និងមានអង្គការ សង្គមស៊ីវិល ចូលរួមជាភ្ញៀវកិត្តិយស ៕



តើកន្លែងណា ជាកន្លែងយកឈ្នះចាញ់នៃការបោះឆ្នោតរបស់ម៉ាឡេស៊ី

នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak បាន​បង្ហាញ​ពី​ផែន​ការ​ថ្មី​ក្នុង​ការ​ជំរុញការវិនិ​យោគនៅតំបន់ម៉ាឡេ​ភាគខាងកើត តំបន់មួយនៃរដ្ឋ Sabah  គឺតំបន់ Sarawak និងដែនដីសហព័ន្ធ Labuan​។ ប្រសិនបើការចំណាយរបស់រដ្ឋា​ភិបាល​​អាច​ទាក់​ទាញ​បេះ​ដូង​របស់អ្នកបោះឆ្នោតបាន នោះ​ផែន​ការ​​នេះ​អាច​ដើរ​តួនាទី​ក្នុង​ការ​សម្រេច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​ម៉ា​ឡេស៊ី​នៅឆ្នាំនេះ។

ផែនការអភិវឌ្ឍន៍មេ ឆ្នាំ ២០៣០ នៅតំបន់ភាគខាងកើតនេះ រួម​មាន​ការ​សាង​សង់​ស្ពាន​ចម្ងាយ ១១ គីឡូម៉ែត្រ តភ្ជាប់ពីដែនដីសហព័ន្ធ Labuan ជាមួយនឹងរដ្ឋ Sabah ដែល​ផែន​ការ​នេះ​ត្រូវ​បាន​​គេ​លើក​ឡើង​ជាច្រើនទស​វត្សរ៍មកហើយ តែមិនដែលបានធ្វើនោះទេ។ ស្ពាននេះ គឺ​ជា​ផ្នែក​មួយ​នៃផែនការសាងសង់ផ្លូវល្បឿន​លឿន​ដែលមានទឹកប្រាក់ ៣,២ ពាន់​លាន​ដុល្លារ​របស់​លោក Najib តភ្ជាប់តំបន់ Sarawak និងរដ្ឋ Sabah។

ការសិក្សាស្រាវជ្រាវបានលើកឡើងថា ការ​គាំ​ទ្រ​នៅ​តំបន់​ម៉ាឡេ​ភាគ​​​ខាង​​កើត​ចំពោះ​សម្ព័ន្ធ​គណបក្ស​កាន់​អំណាច Barisan Nasional (BN) របស់លោក Najib គឺ​មាន​កម្រិត​ទាប​ក្នុង​រយៈ​ពេល​​ជា​ច្រើនឆ្នាំមកនេះ។ ផែន​​ការ​នេះ​អាច​បង្ហាញ​ពី​ចំណុច​ស្លាប់​រស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល ដែលនឹងធ្វើឡើងនៅខែសីហាឆ្នាំនេះ។

លោក Najib បាននិយាយកាលពីថ្ងៃទី១៨ ខែមករាថា “ប្រសិន​បើ​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ត្រូវ យើង​នឹង​ផ្តល់​នូវ​ការ​ផ្លាស់​ប្តូរ​ពិត​ប្រា​កដ។” ដោយ​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ជូន​គណបក្ស BN គឺជា “សេចក្តី​សម្រេច​ចិត្ត​យ៉ាង​​ត្រឹម​ត្រូវ” សម្រាប់​ប្រជា​ជន​ម៉ាឡេ​ស៊ី​​នៅ​ភាគ​ខាង​កើត។

ទោះបីជាយ៉ាងណាក៏ដោយ សក​ម្ម​ភាព​របស់​គណ​បក្ស​ប្រឆាំង​ក៏​មាន​ការ​ងើប​ឡើង​ផង​ដែរ ដោយ​សារ​គណ​បក្ស​ថ្មី Malaysian United Indigenous Party (PPBM) ដែល​បង្កើត​ឡើង​ដោយ​លោក Mahathir នៅឆ្នាំ ២០១៦ វេលា​ដែល​គាត់​បាន​ចាក​ចេញ​ពី​គណ​បក្ស UMNO ដែល​ជា​គណ​បក្ស​ធំ​បំផុត​នៅ​ក្នុង BN។

គណបក្ស PPBM មានក្តីសង្ឃឹមថា ប្រជាជន​នឹង​បោះ​ឆ្នោត​គាំទ្រ​ច្រើន​ជា​ជាង​នៅ​គណ​បក្ស UMNO គណ​បក្ស​ដែល​គាំទ្រ​ជន​ជាតិ​ភាគ​ចិន និង​ឥណ្ឌា។

យោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន Darul Ehsan បាន​​ឱ្យ​ដឹង​ថា បន្ទាប់​ពី​លោក Mahathir ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​កាល​ពី​ខែ​មុន ការ​គាំ​ទ្រ​ចំពោះ​សម្ព័ន្ធ​គណ​បក្ស​ប្រឆាំង​បាន​ងើប​ឡើងជាខ្លាំង ជាពិសេសនៅតំបន់ជន​បទ Malay Muslim។

ក៏ប៉ុន្តែ បើទោះបីជា គណបក្ស PPBM មានការងើបឡើងនៅតំបន់ជ្រោយម៉ាឡេស៊ីក៏ដោយ ក៏អ្នកវិភាគមួយចំនួន​គិតថា ប្រជាជនម៉ា​ឡេ​ស៊ីភាគកើត មិនទំនងជាងចង់ឃើញលោក Mahathir ត្រឡប់ចូល​កាន់តំណែងជានាយករដ្ឋមន្រ្តីទេ ដោយសារមានការលើកឡើងយ៉ាងទូលំទូលាយថា គាត់ធ្លាប់បានគ្រប់គ្រងតំបន់នេះ ដោយ​ភាពអយុត្តិធម៌ និងមិនស្មើភាពអំឡុងពេលគាត់កាន់តំ​ណែង។

អ្វីដែលជាបញ្ហាសម្រាប់សម្ព័ន្ធគណបក្សប្រឆាំងនៅតំបន់ដីកោះ Borneo គឺចំនួនគណបក្សក្នុងស្រុក ដែលភាគច្រើនមិនចង់ចូលរួមជាមួយសម្ព័ន្ធគណបក្សប្រឆាំងទេ។ កាលពីការបោះឆ្នោតលើកមុន បញ្ហានេះ បានបង្កឱ្យមានការខ្វែងគំនិតជាខ្លាំងក្នុងចំណោមគណបក្សសម្ព័ន្ធ ដែលកត្តានេះបានផ្តល់ផលប្រយោជន៍ដល់គណ​បក្សកាន់អំណាច BN។

នាពេលថ្មីៗនេះផងដែរ វិទ្យាស្ថានសិក្សាស្រាវជ្រាវរបស់ម៉ាឡេស៊ី Politweet បានធ្វើការវាយតម្លៃអំពីលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៣ របស់គណបក្សប្រឆាំង Raykat ថា ជាមូលដ្ឋានមួយដែល​អាចបង្កើនការគាំទ្រចំនួន ៥ ភាគរយ ដល់គណបក្សប្រឆាំង។

ការស្ទាបស្ទង់មួយដែលធ្វើឡើងកាលពីឆ្នាំមុន ដោយក្រុមសិក្សាស្រាវជ្រាវ Invoke Malaysia បានព្យា​ករណ៍​ថា គណបក្សរបស់លោក Mahathir នឹងឈ្នះ៨ អាសនៈនៅរដ្ឋ Sabah និងឈ្នះ ៥ អាសនៈនៅតំបន់ Sarawak គឺស្មើនឹង ១៣ អាសនៈ។

ក៏ប៉ុន្តែ ប្រសិនបើលទ្ធផលនៅជ្រោយម៉ាឡេស៊ីគៀកកិតដូចការព្យាករណ៍របស់អ្នកវិភាគពិតមែន នោះ អាសនៈនៅតំបន់ម៉ាឡេ​ភាគខាងកើតនេះ អាចសម្រេចថា តើអ្នកណាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតរបស់ម៉ាឡេស៊ីនៅថ្ងៃខាងមុនេះ៕

ប្រភព៖ Asian Times ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨


ការ​ឆ្លើយ​តបភ្លាមៗ​​គឺ​ជា​ចំណុច​សំខាន់​ចំពោះ​ច្បាប់​ថ្មី​​​ប្រ​ឆាំង​​នឹង​​ព័ត៌​មាន​​ក្លែង​​ក្លាយ​​​របស់​​បារាំង​​

ការ​ឆ្លើយ​តប​ភ្លាមៗ​គឺ​ជា​ចម្លើយ​របស់​រដ្ឋា​ភិបាល​បារាំង​ចំពោះ​ព័ត៌​មាន​ក្លែង​ក្លាយ​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន។

រដ្ឋ​មន្រ្តី​វប្ប​ធម៌​បារាំង លោកស្រី​ Francoise Nyssen បាន​និយាយ​ថា នីតិ​វិ​ធី​តុ​លាការ​នឹង​ត្រូវ​​បង្កើត​ឡើងដើម្បី​បញ្ឈប់​នូវ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្លែង​ក្លាយ​ ខណៈ​ដែល​លោក​ស្រី​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ច្បាប់​​ប្រ​ឆាំង​ព័ត៌​មាន​ក្លែង​ក្លាយ។

លោក​ស្រី Nyssen បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​នឹង​សារ​ព័ត៌​មាន ​Journal du Dimanche កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​ថា «​វិ​ធាន​ការ​មួយ​ចំនួន​ដែល​យើង​​កំពុង​តែ​​ធ្វើ​ចាប់ពី​ពេល​នេះ​រហូត​ដល់​ខែ​មី​នា គឺ​ដើម្បី​បង្កើត​ច្បាប់​ស្តី​ពី​ទំនុក​ចិត្ត​លើ​ព័ត៌​មាន​ដែល​នឹង​អនុ​ញ្ញាតឱ្យ​យើង​ធ្វើសកម្ម​ភាព​ឱ្យ​បានឆាប់​រហ័ស នៅ​ពេល​ដែល​ព័ត៌​មាន​ក្លែង​ក្លាយ​កំពុង​តែសាយ​ភាយ​យ៉ាង​ខ្លាំង ជា​ពិ​សេស​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត»។

លោក​ស្រី​បាន​បន្ត​ថា «​ច្បាប់​ថ្មី​នេះ​នឹង​បង្កើត​នូវ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​វេទិ​កាព័ត៌​មាន​ផ្សេងៗ​គ្នា ដែល​នឹង​ត្រូវ​សហ​ការ​ជា​មួយ​រដ្ឋ​ និង​ធ្វើ​ឱ្យមាន​តម្លាភាព​ទៅ​លើ​មាតិ​កា​ដែល​បាន​និយាយ​នៅ​ក្នុង​អត្ថ​បទ​របស់​ពួក​គេ។ នីតិ​វិធី​តុលាការ​នឹង​ដាក់​ឱ្យ​អនុ​វត្ត​ន៍​ជាក់​ស្តែង ដើម្បី​អនុញ្ញាត​ឱ្យ​បិទ​ភ្លាមៗ​នូវ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្លែង​ក្លាយ នៅ​ពេល​ដែល​មាន​ការ​មើល​​ឃើញ​ជាក់​ស្តែង​ពី​មហា​ជន»។

ប្រ​ធានា​ធិប​តី​បារាំង លោក Emmanuel Macron បាន​ស្នើ​ច្បាប់​លើក​ដំបូង​ដើម្បី​ទប់​ទល់​នឹង​ព័ត៌​មាន​ក្លែង​ក្លាយ​នៅ​ក្នុង​សុន្ទរ​ថាឆ្នាំ​២០១៨ ​របស់គាត់​ទៅ​កាន់​សារ​ព័ត៌​មាន។ សុន្ទរ​កថា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​ការ​និយាយ​ទៅ​ដល់​សារ​ព័ត៌​មាន​ RT និង​សារ​ព័ត៌​មាន​ Sputnik ដែល​គាំទ្រ​ដោយ​ទី​ក្រុង​ម៉ូ​ស្គូ។

ទាំង​សារ​ព័ត៌​មាន​ RT និង​សារ​ព័ត៌​មាន​ Sputnik មាន​គេ​ហ​ទំព័រ​ជា​ភាសាបារាំង​ ហើយ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​រួមគ្នា​​ជា​មួយ​នឹង​សមភាគី​រុស្ស៊ី​របស់​គាត់​ Vladimir Putin លោក Macron បាន​ចោទ​ប្រ​កាន់​សារ​ព័ត៌​មាន​ទាំង​ពីរ​នេះ​ថា បាន​បោះ​ពុម្ភ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ដែល​បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ការ​ឃោស​នា​ដែល​មិន​ស្មោះ​ត្រង់។

សារ​ព័ត៌​មាន​ RT ត្រូវ​បាន​ប្រ​កាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រ​ទេស​បារាំង

ចាប់​តាំង​ពី​ពេល​នោះ​មក សារ​ព័ត៌​មាន​ RT  ដែល​ពី​មុន​មក​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​​ថាជា Russia Today នោះ​ បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ប៉ុ​ស្តិ៍​ទូ​រ​ទស្សន៍​ជាភា​សាបារាំង​ ដោយ​ដាក់​និយ័តករ​ក្រោម​​ការ​ឃ្លាំ​មើល​របស់​ពួក​គេ។

លោក Macro បាន​ឃើញ​ឯក​សារ​ផ្ទៃ​ក្នុង​រាប់​ពាន់​ច្បាប់​ដែល​លេចធ្លាយ​​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត​ ខណៈ​ដែល​មាន​ការ​ប្រ​កួត​ប្រ​ជែង​តំណែង​ប្រ​ធា​នា​ធិប​តី​ ​ដែល​គាត់​បាន​រិះ​គន់​ថា ជា​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​អស្ថិ​រ​ភាព​​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​​ដូច​ដែល​គេ​បាន​មើល​ឃើញ​រួចជា​​ស្រេច​មក​ហើយ​​នៅ​ក្នុង​ប្រ​ទេស​អា​មេ​រិក អំឡុង​ពេល​ធ្វើ​យុទ្ធ​នា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធា​នា​ធិប​តី​នា​ពេល​កន្លង​មក។

នេះមិន​មែន​ជា​លើក​ទី​១ ទេ​ ដែល​រដ្ឋា​ភិបាល​បារាំងប៉ុន​ប៉ងដើម្បី​​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ព័ត៌​មាន​ក្លែង​ក្លាយ​តាមរយៈ​ច្បាប់​នេះ៕

​ប្រភព៖ FRANCE24 ចុះថ្ងៃទី០៥ ខែ​​​​​​​កុម្ភៈ ឆ្នាំ២០១៨


អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង ប្រតិភូខេត្តសៀមរាប ចុះត្រួតពិនិត្យសំណង់អគារសិក្សាមួយខ្នង ក្នុងស្រុកសូទ្រនិគម

សៀមរាប៖ នៅថ្ងៃច័ន្ទ ទី៥ ខែ កុម្ភៈ ឆ្នាំ២០១៨ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្ត បានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យសំណង់អគារសិក្សាមួយខ្នង មាន៥បន្ទប់ ធ្វើ អំពីថ្ម ប្រក ក្បឿង ដែលជាអំណោយរបស់សមាគមន៍ពាណិជ្ជកម្មចិន ផ្តល់តាមរយៈលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិ បាលខេត្ត និង លោកស្រី ជូនដល់សាលាបឋមសិក្សា សំរោងខ្នារពោធិ៍ ក្នុងភូមិសំរោង ឃុំ ខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប អមដំណើរដោយលោកអភិបាលស្រុកផងដែរ ។

តាមសេចក្តីរាយការណ៍ របស់លោកស្រីនាយិការសាលាបឋមសិក្សា សំរោងខ្នារពោធិ៍ បានឲ្យដឹងអំពីផល លំបាក ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ដោយកង្វះនូវអគារសិក្សា និងគ្រូបង្រៀន ។ ដោយបច្ចុប្បន្ននេះ មានអគារសិក្សា ៣ខ្នង ធ្វើអំពីថ្មដែលជាអំណោយរបស់ សមាគមពាណិជ្ជកម្មចិន មាន៥បន្ទប់ និង អគារឈើ២ខ្នង មាន៣បន្ទប់ បន្ទប់ជាថ្នាក់មត្តេយ្យ១ ដែលមានសភាពចាស់ទ្រោម និងទីចាត់ការមួយខ្នងផងដែរ ។ លោកស្រីនាយិការបានបន្តទៀតថា ក្នុងការបង្រៀនសិស្ស ក្នុងមួយថ្នាក់ត្រូវ បូកចូលគ្នា ដែលមានថ្នាក់ទី៤ផង និង ថ្នាក់ទី៥ផង ដែលបង្រៀនគ្រូតែម្នាក់ ហើយជាគ្រូ ជាប់កិច្ចសន្យា ទៀតផង ។ ក្នុងនោះលោកស្រីនាយិការក៏បាន សំណូមពរ ដល់លោកស្រីប្រតិភូ និង អាជ្ញាធរស្រុក ជួយពាំនាំ នូវទុក្ខកង្វល់ក្នុងការកង្វះគ្រូបង្រៀននៅតាមសាលា ជនបទ បើមិនបានគ្រូក្របខណ្ឌ សូមឲ្យមានគ្រូកិច្ចសន្យា បន្ថែម ក្នុងការ ងាយស្រួលបង្រៀនសិស្ស ហើយសាលា នេះមានសិស្សចូលមកសិក្សារៀនសូត្រ ប្រមាណ ជិត២០០នាក់។

មានប្រសាសន៍នោះដែរលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ដំណើរមកកាន់ សាលារៀន នេះ គឺដើមី្បពិនិត្យមើលពីគុណភាពនៃសំណង់ ដែលបានសាងសង់រួចរាល់ ក្នុងការរកនូវពេលវេលាធ្វើ ពិធីសម្ពោធ ដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនៅពេលខាងមុខ ។ ក្នុងនោះលោកស្រីក៏បានធ្វើការណែនាំដល់អាជ្ញាធរ ស្រុក ត្រូវធ្វើការត្រួតពិនិត្យឡើងវិញ នូវដំបូលអគារ ទៅតាមដែលលោកស្រីនាយិការបានបង្ហាញ គឺមានការបែក ប្រះក្បឿងមួយចំនួន ធ្វើឲ្យទឹកស្រក់នៅរដូវវស្សា ធ្វើឲ្យប៉ះពាល់ដល់សិស្សកំពុងសិក្សារៀនសូត្រ ។ លោកស្រីក៏ បានបន្តទៀតថា ចំពោះការកង្វះគ្រូបង្រៀន គឺជាកាតព្វកិច្ច របស់អាជ្ញាធរស្រុក និង ខេត្ត ហើយចំពោះការខ្វះខាត់ អគារសិក្សា លោកស្រីនឹងខិតខំស្វែង រកដៃគូ និងសប្បុរសជន ដើមី្បបានធ្វើការសាងសង់បន្ថែមជូនដល់កូនៗ ចៅៗ បានសិក្សារៀនសូត្រសមរម្យ ជាថ្នាលបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃធនធាន មនុស្ស ។ ក្នុងនោះដែរលោកស្រី ក៏បានយល់ច្បាស់អំពី ទុក្ខលំបាក របស់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបណ្តុះបណ្តាល ក្នុងការផ្ទេរនូវ ចំណេះដឹងជូន ដល់កូនចៅ ជំនាន់ក្រោយ ។ ម៉្យាងទៀតកត្តាលំបាកបំផុតនោះ បន្ទប់ថ្នាក់មួយ បង្រៀនសិស្សកម្រិតខុសគ្នា ដែលធ្វើ ឲ្យមានផលពិបាកក្នុងការបង្រៀនទៀតផង ។

លោកស្រីក៏បានធ្វើការផ្តាំផ្ញើ ដល់កូនៗ ចៅៗសិស្សានុសិស្ស ទាំង អស់ ត្រូវចេះថែរក្សាសុខភាព អនាម័យប្រចាំថ្ងៃរបស់ខ្លួន គឺ ហូបស្អាត ផឹកស្អាត មានអនាម័យល្អ ព្រមទាំងត្រូវខិតខំ សិក្សា ឲ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និង ចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះគោរពច្បាប់ ចរាចរណ៍ផងដែរ ៕




បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ សភាពការណ៍សន្ដិសុខនៃកម្ពុជានៅឆ្នាំ២០១៧ មានលក្ខណៈល្អប្រសើរ

សភាពការណ៍សន្ដិសុខនៃកម្ពុជានៅឆ្នាំ២០១៧ មានលក្ខណៈល្អប្រសើរ រក្សាបាននូវតួនាទីជាបុព្វបទស្មួល បម្រើឲ្យការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ និងរួមចំណែកសម្រេចកម្មវិធីនយោបាយយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដោយបញ្ចៀសបាននូវអំពើភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន រក្សារឹងមាំខឿនឯករាជ្យជាតិ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស។

នេះបើយោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបាន​បង្ហាញនូវក្នុង សន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំកន្លងទៅសភាពការណ៍សន្ដិសុខនៅកម្ពុជា លេចធ្លោរគួរកត់​សម្គាល់ គឺឧបាយកលប៉ុនប៉ងផ្ដួលរំលំ រដ្ឋអំណាចស្របច្បាប់ របស់គណបក្សប្រឆាំង ដែលមានការ​ឃុបឃិត​ជាមួយបរទេស ការរីកសាយនៃការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បម្រើសកម្មភាពល្មើសប៉ះ​ពាល់​ដល់សន្ដិសុខ និងការប្រើប្រព័ន្ធទូរគមនាគមន៍ ដើម្បីធ្វើសកម្មភាពជម្រិតទារប្រាក់ និងសកម្មភាពភ្នាល់​ល្បែង​អនឡាញខុសច្បាប់»។

របាយការណ៍ដដែលបង្ហាញថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ឧបាយកលនេះត្រូវបានទប់ស្កាត់ និងបំផ្លាញតាមរយៈការអនុវត្តវិធាន​ការច្បាប់យ៉ាងហ្មឹងម៉ាត់ ដែលនាំដល់ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ, គណបក្សសង្គ្រោះជាតិត្រូវបានតុលាការចេញដីការំលាយ ហើយថ្នាក់ដឹកនាំគណបក្សនេះ១១៨នាក់ ត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល០៥ឆ្នាំ»។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងក្នុងរបាយការណ៍នេះថា ប្រធានគណបក្ស​អំណាចខ្មែរ (សួន សេរីរដ្ឋា) និងប្រធានគណបក្សរួបរួមជាតិ (ញឹក ប៊ុនឆៃ) ព្រមទាំងជនល្មើស៣រូប ត្រូវបាន​ចាប់ខ្លួនពីបទញុះញុងបំបែកបំបាក់កងយោធពលខេមរភូមិន្ទ បទជួញដូរគ្រឿងញៀន និងផ្ដល់ព័ត៌មានឲ្យវិទ្យុ​បរទេសខុសច្បាប់ ជាមួយនោះល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិត ចំនួន៣ករណី ត្រូវបានបង្ក្រាប ចាប់ខ្លួន​ជនជាតិចិន៣០៧នាក់ បញ្ជូនទៅតុលាការ៕






កិច្ចប្រជុំសម្របសម្រួលលើបញ្ហាប្រជាពលរដ្ឋ និងក្រុមហ៊ុន GAEA

នារសៀលថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែកុម្ភ: ឆ្នាំ២០១៨ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ឃឹម ប៊ុនសុង អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានដឹកនាំ​កិច្ចប្រជុំសម្របសម្រួលលើបញ្ហាប្រជាពលរដ្ឋ និងក្រុមហ៊ុន GAEA ពាក់ព័ន្ធនឹងការតវ៉ារបស់ប្រជាពលរដ្ឋ​ក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ ។

កិច្ចប្រជុំនេះដោយមានការចូលរួមពី លោក សុខ ថុល នាយករដ្ឋបាលស្តីទីសាលាខេត្ត លោក សូរ បា្លតុង អភិបាលក្រុងសៀមរាម លោក នួន មុនី ប្រធានមន្ទីរបរិស្ថានខេត្ត លោក ធិននី វិធូរ អភិបាលរងស្រុក​ប្រាសាទបាគង តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត តំណាងទីចាត់ការផែន និងវិនិយោគសាលាខេត្ត លោក មេឃុំត្រពាំងធំ តំណាងប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន GAEA ។

ជាលទ្ធផលកិច្ចប្រជុំនាពេលនេះបានឯកភាពជាគោលការណ៍ដូចតទៅ ៖
១-ឯកភាពគ្នាយកទីតាំងរណ្តៅថ្មីនៅក្បែរទីលានចាក់សំរាមចាស់ ឈ្មោះ តាន់ សុគង់
២-រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ នឹងសិក្សាស្វែងរកទីលានចាក់សំរាមថ្មី ក្នុង​អន្តរកាល​​រយៈពេល ៦ខែ
៣-ណែនាំឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ និងតំណាងប្រជាពលរដ្ឋត្រូវបន្តជួយ​ណែនាំដល់បងប្អូនប្រជាពលរដ្ឋ​ដែល​រើសអេតចាយចូលរួមសហការជាមួយអាជ្ញាធរ។
៤-ក្រុមហ៊ុនជួយសំរួលបើកផ្លូវចេញ របស់ប្រជាពលរដ្ឋ ដែលក្រុមហ៊ុនបានបិទ ដើម្បីចេញចូលទៅចាក់សំរាមនៅទីតាំងដែល ប្រជាពលរដ្ឋកំពុងតវ៉ា៕



សីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំង នៅតាមបណ្តាលខេត្តមួយចំនួននៃប្រទេសកម្ពុជា នៅថ្ងៃ៦កុម្ភៈនេះ

នៅថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញពីស្ថានភាពសីតុណ្ហភាពអប្បបរមា ដែលបានពិនិត្យឃើញសម្រាប់ទូទាំង២៥រាជធានី-ខេត្ត នៃប្រទេសកម្ពុជា។ នៅតំបន់មួយចំនួនសីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំងរហូតដល់១០អង្សាសេនៅព្រឹកនេះ។

សូមអានសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមទាំងស្រុង៖


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ភ្នំពេញពីមុនជាទីក្រុងខ្មោច តែសព្វថ្ងៃបានក្លាយជាទីក្រុងវប្បធម៌ និងទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី

នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដីបានលើកឡើងថា រាជធានីភ្នំពេញកាលពីទើប​រំដោះបានពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី ៧ មករា ១៩៧៩ គឺខ្ញុំបានជួបប្រជាពលរដ្ឋប្រមាណ​តែ៧០នាក់ប៉ុណ្ណោះ។ សព្វថ្ងៃទីក្រុងភ្នំពេញមានជាង១លាននាក់ ហើយសូម្បីតែផ្ទៃដីក្រុងក៏ត្រូវបាន​ពង្រីក​ដោយសារកំណើនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះលំនៅដ្ឋាន ផ្លូវ ស្ពានអាកាស ក៏ត្រូវបានសាងសង់បន្ថែម និងពង្រីកដើម្បីសម្រួលដល់ចរាចរណ៍គ្រប់ប្រភេទ។ រីឯចំនួនរថយន្ត និងម៉ូតូវិញក៏បានកើនឡើងយ៉ាងខ្លាំង។

តាមរយៈបណ្តាញសង្គម Facebook របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា៖ « ភ្នំពេញពីមុន​ជាទីក្រុងខ្មោច តែសព្វថ្ងៃបានក្លាយជាទីក្រុងវប្បធម៌ និងទេសចរណ៍ដ៏ទាក់ទាញ​បំផុត​មួយ​នៅអាស៊ី។ ខ្ញុំផ្ទាល់មិននឹកស្មានថា ទីក្រុងភ្នំពេញយើងរីកចម្រើនលឿន បែបនេះឡើយ។ អ្វីដែលយើង​សម្រេច​បានមកទល់ថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងធ្វើដោយខ្លួនយើងផ្ទាល់ គ្មាននរណាមកធ្វើអោយយើងទេ បើយើងមិនប្រឹងដោយខ្លួនយើង។ ច្បាស់ណាស់គ្មានទេសចរ ឬមកវិនិយោគគិន​ណាចង់មកប្រទេសដែលមាន​សង្រ្គាមទេ។ អរគុណជនរួមជាតិ ដែលបានចូលរួមថែរក្សាការពារសន្តិភាព ហើយតែងតែគាំទ្រនឹងបោះឆ្នោត​ឲ្យគណបក្សប្រជាជន ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ» ៕





លិខិតចំអក៖ បុណ្យផ្កាបែបចុះនរករបស់ទណ្ឌិត សម រង្ស៊ី និងគូកន

(ភ្នំស្រង់សក្ត័សិទ្ធ)៖ ក្រុមសកម្មជនប្រឆាំងងុបងុលនៅប្រទេសអូស្ត្រាលី បានបង្ហោះសេចក្តី ជូនដំណឹងមួយថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ពួកគេរួមទាំង ទណ្ឌិត សម រង្ស៊ី និងលោកស្រី ជូឡុង សូមូរ៉ា នឹងរៀបចំធ្វើ «បុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលប្រាក់ ឧបត្ថម្ភគណបក្សសង្គ្រោះជាតិ»។

ឱខ្មែរខ្លះនៅក្រៅប្រទេសរួមទាំង សម រង្ស៊ី និងប្រពន្ធផងអើយ! ម្តេចក៏ដល់ថ្នាក់ហ្នឹង? ទង្វើ បែបនេះ មិនត្រឹមជារឿងគួរឲ្យអស់សំណើចប៉ុណ្ណោះទេ តែការយកសាសនា ជាមធ្យោបាយ ប្រមូលលុយឲ្យ «ខ្មោចបក្សសង្គ្រោះជាតិ» បែបនេះ បើទោះបីចង់គេចវេសដោះសារថា មិនមែនជា «អំពើបោក» ប៉ុន្តែនេះគឺជា«អំពើបាប» ក្នុងផ្លូវសាសនា។

តើអ្នកណាជាតំណាងឲ្យ «ខ្មោចបក្សសង្គ្រោះជាតិ» ពិតប្រាកដ? សុំឆ្លើយឲ្យត្រង់ មុនយកសាសនាធ្វើជាមធ្យោបាយរៃអង្គាសលុយ៖ តើជា សម រង្ស៊ី ឬជាលោកស្រី ជូឡុង សូមួរ៉ា ឬជានរណា? ឬ សម រង្ស៊ី ក្លាយជា «អាបស៊ីគំរង់នៃខ្មោចបក្សសង្គ្រោះជាតិ»ទៅហើយ?

គេគួរប្រមូលលុយកសាងវត្តអារ៉ាម ភូមិឃុំ ជួយប្រជាជន ក៏ប៉ុន្តែនេះ ក្រុមដែលហៅថា «អំបូរអភិជនតែមានចរិតធូរថ្លៃ» បែរជាយក សាសនា ធ្វើជាមូលដ្ឋានរៃអង្គាស លុយដើម្បី ចិញ្ចឹមនយោបាយបោកប្រាស់ទៅវិញ។

និយាយឲ្យពិតចំពោះមុខព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ៖ លុយបែបនេះ ទោះតិចក្តីច្រើនក្តី គឺមិនបានដល់ដៃអ្វីដែលហៅថា «ខ្មោចបក្សសង្គ្រោះជាតិ»នោះទេ។ បើចង់ឲ្យលុយនេះបាន ដល់ព្រលឹងខ្មោចបក្សសង្គ្រោះជាតិ គឺមានតែដុតឧទ្ទិសលុយដែលបាននេះ។ ប៉ុន្តែ ច្បាស់ណាស់ សម រង្ស៊ី នឹងមិនធ្វើបែបនេះទេ សូម្បីលុយជាង៧០ម៉ឺនដុល្លារអាមេរិក ដែល ប្រមូលរៃអង្គាសបានពីប្រជាជន ក្រោមលេសយកទៅធ្វើទូរទស្សន៍ព្រះអាទិត្យ គឺស៊ីដាច់បាត់ ស្រមោលឈឹងរហូតមកដល់សព្វថ្ងៃ។ នេះជាអំពើឆបោកយ៉ាងជាក់ស្តែង និងដ៏ថោកទាប បំផុត។

ឱ! ទណ្ឌិត សេដ្ឋកិច្ច ផេះ! មួយជីវិតចេះត្រឹមរៃអង្គាសលុយចិញ្ចឹមក្រពះ រួមទាំងហ៊ានបន្លំយក «សាសនា» ធ្វើជាមធ្យោបាយដើម្បី «ស្មូមលុយ» ដោយគ្មានការខ្មាស់អៀន យកមកចិញ្ចឹម ជីវិតបន្តមុខរបរនយោបាយនៅនាទីចុងក្រោយប៉ុណ្ណោះ។  បើលោក កឹម សុខា ដែលកំពុង នៅក្នុងគុកដឹងរឿងនេះ នឹងសើចចំអកចំពោះទង្វើសុំទាន ដោយការបោកប្រាស់ នេះជាក់ជា មិនខាន ពីព្រោះនេះជាទង្វើខ្វះសតិ ជាទង្វើថោកទាបដែលគ្មានភាពខ្មាស់អៀន៕

ដោយ៖ សេនាជាតិ


(សូមទស្សនាវីដេអូ)៖ អ្នកណាជាភេរវករ​ពិតប្រាកដ?

(សូមទស្សនាវីដេអូ)៖ លោក សុខ ឥសាន ថ្លែងថា មេដឹកនាំបក្សប្រឆាំងប្រព្រឹត្តបទល្មើសដោយចេតនាដើម្បីមហិច្ឆតាអំណាចមិនខ្លាចនឹងបំផ្លាញជាតិឯង!

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះជួយព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជិត៨ពាន់នាក់ រស់នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

កំពង់ចាម៖ ប្រជាពលរដ្ឋជិត៨ពាន់នាក់ នៅស្រុកស្រុកជើងព្រៃ ខេត្តកំពង់ចាម បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ៣១៥នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវត្តជយមង្គលារាម ភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយឥតគិតថ្លៃ ចំនួន៧,៨៩៣នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

ក្នុងនោះបានពិនិត្យព្យាលបាលជំងឺកុមារ២៧៦នាក់, ជំងឺស្រ្តី១៩៧នាក់, ជំងឺផ្លូវចិត្ត១៣៤នាក់, ជំងឺឫស​ដូងបាត២៦៧នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៩២នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៧៨នាក់, ជំងឺភ្នែក៦៣នាក់, ជំងឺសើរស្បែក១៣២នាក់, ជំងឺទឹកនោមផ្អែ២៧៩នាក់, ជំងឺមាត់ធ្មេញ១០១នាក់, អេកូសាស្ត្រ១៥៨នាក់ ព្យាបាលរបួស និងវះកាត់ខ្នាតតូច៤១នាក់ និងជំងឺទូទៅ៥,៩៧០នាក់។

សូមបញ្ជាក់ថារយៈពេល៦២ខែ (២០១២-២០១៨) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,៣២២នាក់ ចុះពិនិត្យនិងព្យាលបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣៦លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន ២៧៣,៤៩២នាក់។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពី​សេចក្តី​ស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ​ដើម្បី​ឆ្ពោះ​ទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ ៕







(សូមទស្សនាវីដេអូ)៖ លិខិតផ្ញើជូនលោកប្រធាន សម រង្ស៊ី និងថ្នាក់ដឹកនាំ

(សូមទស្សនាវីដេអូ)កម្ពុជា-វៀតណាម នឹងចូលរួមអភិវឌ្ឍន៍ កសាងថែរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព ប្រទេសទំាងពីរ

ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់អណ្តូងទឹកស្អាតចំនួន ៥១អណ្តូង សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តចំនួន៥

ដើម្បីបន្តដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់នៅតាម​ទី​ជនបទដាច់ស្រយាល នៅដើមឆ្នាំ ២០១៨ គិតត្រឹមថ្ងៃទី ៥ ខែកុម្ភៈ នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៥១អណ្តូង គិតជាទឹកប្រាក់ចំនួន ១១៨.៧៩២ដុល្លារ ជូនប្រជាពលរដ្ឋខ្វះខាត ទឹកប្រើប្រាស់ចំនួន ៩០០គ្រួសារ ស្មើមនុស្ស ៣.៨៤៤នាក់ រស់ក្នុងខេត្តចំនួនប្រាំ ក្នុងនោះ អណ្តូងចំនួន ៥ សម្រាប់​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ​ ៣១៧​ តេជោភ្នំឆ័ត្រ​ ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ, ១២អណ្តូង សម្រាប់ខេត្តព្រះវិហារ, ១០អណ្តូង សម្រាប់ខេត្តក្រចេះ, ១២អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង និង ១២អណ្តូងទៀត សម្រាប់ខេត្តរតនគិរី។

សូមបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហា ទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-អណ្ដូងលូ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹក។ល។ ដោយឡែក សម្រាប់ឆ្នាំ ២០១៧ កន្លងទៅនេះ បានផ្តល់អណ្តូងសរុបចំនួន ៣២១ និងជីក-ស្តារស្រះទឹកចំនួន ៩ នៅក្នុងខេត្តចំនួន ២៣ ផងដែរ ៕



ក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាល និងកសាងសមត្ថភាព ភាពជាអ្នកដឹកនាំដល់មន្ត្រីវ័យក្មេង

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្មវិធីអភីវឌ្ឍន៍ភាពជាអ្នកដឹកនាំ។ ថ្លែងក្នុងឱកាសនោះ លោក សាយ សំអាល់ បានលើកឡើងថា កម្មវិធីនេះ មានបំណងធានាឱ្យសកម្មជនយុវជន ដែលត្រូវបានជ្រើសរើសឱ្យយល់ដឹងអំពីទិដ្ឋភាពសង្គម មានសមត្ថភាពវិភាគ វាយតម្លៃព្រឹត្តិការណ៍សង្គម និងយល់ដឹងច្បាស់លាស់ អំពីស្ថាប័ន ដើម្បីកសាងសង្គមពិតប្រាកដ និងក្លាយជាថ្នាក់ដឹកនាំនាពេលអនាគត។

នាឱកាសនោះ លោក សាយ សំអាល់ បានលើកឡើងពីសមិទ្ធផល ដែលរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិ មានកំណើន៧%ក្នុងរយៈពេល២០ឆ្នាំ ដែលបានប្រែក្លាយកសិករ មកជាកម្មករជាច្រើននាក់ហើយកំណើននេះ បានបង្កើតឱ្យមានប្រជាជនវណ្ណៈកណ្តាលដែលជាភាពរីកចម្រើន និងជាចំណុចជាយុទ្ធសាស្ត្រដើម្បីរក្សាស្ថេរភាព និងសន្តិភាពនៅកម្ពុជា។

លោកបន្តថា សេរីភាពនៃព័ត៌មាននៅកម្ពុជា ដែលមានលក្ខណៈសេរីនេះ បានធ្វើឱ្យប្រជាពលរដ្ឋអាចសិក្សាស្វែងយល់ បានទូលំទូលាយតាមរយៈប្រព័ន្ធអ៊ីនធឺណែត និងប្រព័ន្ធសង្គមផ្សេងៗទៀតជាដើម។ បន្ថែមពីនេះលោក សាយ សំអាល់ បានស្នើឱ្យមន្ត្រីវ័យក្មេងដែលជាយុវជនទាំងអស់ប្រឹងប្រែងសិក្សា និងក្រេបជញ្ជប់ចំណេះដឹងពីវាគ្មិន ដែលបានមកបណ្តុះបណ្តាលដើម្បីមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បន្តវេន។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលនឹងបណ្តុះបណ្តាល១២៩នាក់នេះ ផ្តោតលើវិធីសិក្សា វិធីវិភាគ និងវិធីបកស្រាយបំភ្លឺ ពិភពគំនិតនយោបាយ ស្ថាប័ននយោបាយ ស្ថាប័នសង្គម ទំនាក់ទំនងសង្គម និងប្រព័ន្ធនយោបាយកម្ពុជាបច្ចុប្បន្នជាដើម៕