Tuesday, February 06, 2018

ក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាល និងកសាងសមត្ថភាព ភាពជាអ្នកដឹកនាំដល់មន្ត្រីវ័យក្មេង

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្មវិធីអភីវឌ្ឍន៍ភាពជាអ្នកដឹកនាំ។ ថ្លែងក្នុងឱកាសនោះ លោក សាយ សំអាល់ បានលើកឡើងថា កម្មវិធីនេះ មានបំណងធានាឱ្យសកម្មជនយុវជន ដែលត្រូវបានជ្រើសរើសឱ្យយល់ដឹងអំពីទិដ្ឋភាពសង្គម មានសមត្ថភាពវិភាគ វាយតម្លៃព្រឹត្តិការណ៍សង្គម និងយល់ដឹងច្បាស់លាស់ អំពីស្ថាប័ន ដើម្បីកសាងសង្គមពិតប្រាកដ និងក្លាយជាថ្នាក់ដឹកនាំនាពេលអនាគត។

នាឱកាសនោះ លោក សាយ សំអាល់ បានលើកឡើងពីសមិទ្ធផល ដែលរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិ មានកំណើន៧%ក្នុងរយៈពេល២០ឆ្នាំ ដែលបានប្រែក្លាយកសិករ មកជាកម្មករជាច្រើននាក់ហើយកំណើននេះ បានបង្កើតឱ្យមានប្រជាជនវណ្ណៈកណ្តាលដែលជាភាពរីកចម្រើន និងជាចំណុចជាយុទ្ធសាស្ត្រដើម្បីរក្សាស្ថេរភាព និងសន្តិភាពនៅកម្ពុជា។

លោកបន្តថា សេរីភាពនៃព័ត៌មាននៅកម្ពុជា ដែលមានលក្ខណៈសេរីនេះ បានធ្វើឱ្យប្រជាពលរដ្ឋអាចសិក្សាស្វែងយល់ បានទូលំទូលាយតាមរយៈប្រព័ន្ធអ៊ីនធឺណែត និងប្រព័ន្ធសង្គមផ្សេងៗទៀតជាដើម។ បន្ថែមពីនេះលោក សាយ សំអាល់ បានស្នើឱ្យមន្ត្រីវ័យក្មេងដែលជាយុវជនទាំងអស់ប្រឹងប្រែងសិក្សា និងក្រេបជញ្ជប់ចំណេះដឹងពីវាគ្មិន ដែលបានមកបណ្តុះបណ្តាលដើម្បីមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បន្តវេន។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលនឹងបណ្តុះបណ្តាល១២៩នាក់នេះ ផ្តោតលើវិធីសិក្សា វិធីវិភាគ និងវិធីបកស្រាយបំភ្លឺ ពិភពគំនិតនយោបាយ ស្ថាប័ននយោបាយ ស្ថាប័នសង្គម ទំនាក់ទំនងសង្គម និងប្រព័ន្ធនយោបាយកម្ពុជាបច្ចុប្បន្នជាដើម៕




No comments:

Post a Comment