Tuesday, February 06, 2018

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលលទ្ធផលវិជ្ជមានជាច្រើន ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី

តបតាមការអញ្ជើញរបស់លោកស្រី រេដណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទៅបំពេញ​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ទស្សនកិច្ចនេះមានបំណងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបតិ្តការបន្ថែមទៀត រវាងប្រទេសទាំងពីរ។

ក្នុងជំនួបពិភាក្សាការងារជាផ្លូវការ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការវិវត្តនៃ​សភាព​ការណ៍ចុងក្រោយលើផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម របស់ប្រទេសនីមួយៗ និងបានឯកភាពគ្នា​បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត រួមមាន ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ ការតភ្ជាប់ និងរិះរកវិស័យសហប្រតិបត្តិការថ្មីៗ ដែលមានសក្តានុពល ថែមទៀត។

ក្នុងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញសក្តានុពលទេសចរណ៍តាមរយៈ៖
១-ការអនុវត្តរួមគ្នាយ៉ាងសកម្មលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការខេត្ត មានប្រាសាទ​ជាបងប្អូន រវាងខេត្តសៀមរាបនិងខេត្តចាវ៉ាកណ្ដាល ២-ការពិនិត្យលទ្ធភាពបង្កើត​ទីក្រុងសម្ព័ន្ធ​មេត្រីភាព​រវាង​ទីក្រុងភ្នំពេញ និងទីក្រុងបូហ្គរ និង ៣-ការជំរុញឲ្យមានការហោះហើរ​ត្រង់រវាងប្រទេសទាំងពីរ។ ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាពរៀបចំសកម្មភាពរួមគ្នាដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០១៩ ខាងមុខ។

ដោយឡែក រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានឯកភាពបង្កើនកិច្ចសន្ទនា រវាងក្រសួងការបរទេសទាំងពីរ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលបន្ថែមទៀត នៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ភាគីឥណ្ឌូនេស៊ី បានឯកភាពផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ រវាងមជ្ឈមណ្ឌល​សម្រាប់​ការអប់រំ និងការបណ្តុះបណ្តាល (CET) នៃក្រសួងការបរទេសឥណ្ឌូនេស៊ី ជាមួយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែល​ទើប​បង្កើតថ្មី ជាមួយ ។

ក្នុងន័យនេះ តាមសំណើររបស់រដ្ឋមន្ត្រីកម្ពុជា ក្រសួងការបរទេសឥណ្ឌូនេស៊ី មានគម្រោងអញ្ជើញប្រធាន​វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌល​សម្រាប់​ការអប់រំ និងការបណ្តុះបណ្តាល តាមពេលវេលាសមស្រប។ ជាងនេះទៅទៀត ភាគីទាំងពីរ បានឯកភាព​គ្នារៀប​ចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហ-ប្រតិបត្តិការទ្វេភាគីឱ្យបានទៀងទាត់ឡើងវិញ។ តាមការផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីកម្ពុជា ក្រសួងការបរទេសឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំ​គណៈកម្មការចម្រុះលើកទី៤ ក្នុងអំឡុងឆមាសទី២ ឆ្នាំ២០១៨ នេះ ដើម្បីតាមដានត្រួតពិនិត្យការ​អនុវត្ត​លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ និងរិះរកវិធីជំរុញបន្ថែមទៀតនូវកិច្ច​សហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ឲ្យកាន់តែមានប្រសិទ្ធភាព។

លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កសិកម្ម ការដឹកជញ្ជូន សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មាន ការផ្សព្វផ្សាយ បច្ចេកវិទ្យា វិស័យការពារជាតិ ការជួញ​ដូរមនុស្ស និងការអភិវឌ្ឍធនធានមនុស្សជាដើម។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការប្រែប្រួលនៃសភាពការណ៍តំបន់ និងអន្តរជាតិ ដោយផ្តោត​លើការយកចិត្តទុកដាក់រួម ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីនេះ ភាគីឥណ្ឌូនេស៊ី ក៏បានឯកភាពតាមការអញ្ជើញរបស់ភាគីកម្ពុជា បញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតឥណ្ឌូនេស៊ី ដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតសកល នាខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា នាពេលខាងមុខនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបសម្តែងការគួរសមជាមួយលោក មូហាម៉ាត់ ជូសូហ្វ កាឡា អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយបានពំានាំនូវគារវកិច្ចដ៏កក់ក្តៅរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លោកអនុប្រធានាធិបតី និងតាមរយៈលោកអនុប្រធានាធិបតី ជូនលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងថ្លែងអំណរគុណលោកអនុប្រធានាធិបតី ដែលបានអញ្ជើញចូលរួមពិធីគោរពវិញាណក្ខ័ន្ធរបស់លោកឧបនាយករដ្ឋមន្រ្ដី សុខ អាន កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅ។ កម្ពុជាតែងតែចងចាំនូវការគាំទ្រដ៏មានតម្លៃ និងជំនួយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានរាយការណ៍ជូលោកមអនុប្រធានាធិបតីនូវលទ្ធផល​ប្រកបដោយផ្លែផ្កា​នៃជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្រ្តី នឹងលោកស្រីរដ្ឋមន្ត្រី រេដណូ ម៉ារស៊ូឌី ផងដែរ ក្នុងការជំរុញ​បន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែខ្លាំងក្លាថែមទៀត រវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ទំនាក់ទំនងរវាងប្រជាជន និងប្រជាចន វប្បធម៌ ការពារជាតិ និងការអធិវឌ្ឍ​ធនធាន​មនុស្ស។ លោកអនុប្រធានាធិបតី បានសម្ដែងនូវការអបអរសាទរ​ចំពោះភាបល្អប្រសើរទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ និងលើកទឹកចិត្តឱ្យបន្តជំរុញថែមទៀតនូវ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ដើម្បីជា​ប្រយោជន៍រូមរបស់ប្រទេសទាំងពីរ។ លោកអនុប្រធានាធិបតី បានផ្ដាំផ្ញើនូវសេចក្ដីនឹករឭកជូនចំពោះ លោកនាយករដ្ឋមន្រ្ដី ពីសំណាក់លោកផ្ទាល់ផងដែរ។

គ្រប់ការពិភាក្សាបានប្រព្រឹត្តក្នុងការបរិយាកាសប្រកបដោយភាពស្និទ្ធិស្នាល រីករាយ និងយោគយល់គ្នា​ទៅ​វិញទៅមក ដោយឆ្លុះបញ្ចាំងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ៕









No comments:

Post a Comment