Tuesday, February 06, 2018

អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង ប្រតិភូខេត្តសៀមរាប ចុះត្រួតពិនិត្យសំណង់អគារសិក្សាមួយខ្នង ក្នុងស្រុកសូទ្រនិគម

សៀមរាប៖ នៅថ្ងៃច័ន្ទ ទី៥ ខែ កុម្ភៈ ឆ្នាំ២០១៨ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្ត បានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យសំណង់អគារសិក្សាមួយខ្នង មាន៥បន្ទប់ ធ្វើ អំពីថ្ម ប្រក ក្បឿង ដែលជាអំណោយរបស់សមាគមន៍ពាណិជ្ជកម្មចិន ផ្តល់តាមរយៈលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិ បាលខេត្ត និង លោកស្រី ជូនដល់សាលាបឋមសិក្សា សំរោងខ្នារពោធិ៍ ក្នុងភូមិសំរោង ឃុំ ខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប អមដំណើរដោយលោកអភិបាលស្រុកផងដែរ ។

តាមសេចក្តីរាយការណ៍ របស់លោកស្រីនាយិការសាលាបឋមសិក្សា សំរោងខ្នារពោធិ៍ បានឲ្យដឹងអំពីផល លំបាក ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ដោយកង្វះនូវអគារសិក្សា និងគ្រូបង្រៀន ។ ដោយបច្ចុប្បន្ននេះ មានអគារសិក្សា ៣ខ្នង ធ្វើអំពីថ្មដែលជាអំណោយរបស់ សមាគមពាណិជ្ជកម្មចិន មាន៥បន្ទប់ និង អគារឈើ២ខ្នង មាន៣បន្ទប់ បន្ទប់ជាថ្នាក់មត្តេយ្យ១ ដែលមានសភាពចាស់ទ្រោម និងទីចាត់ការមួយខ្នងផងដែរ ។ លោកស្រីនាយិការបានបន្តទៀតថា ក្នុងការបង្រៀនសិស្ស ក្នុងមួយថ្នាក់ត្រូវ បូកចូលគ្នា ដែលមានថ្នាក់ទី៤ផង និង ថ្នាក់ទី៥ផង ដែលបង្រៀនគ្រូតែម្នាក់ ហើយជាគ្រូ ជាប់កិច្ចសន្យា ទៀតផង ។ ក្នុងនោះលោកស្រីនាយិការក៏បាន សំណូមពរ ដល់លោកស្រីប្រតិភូ និង អាជ្ញាធរស្រុក ជួយពាំនាំ នូវទុក្ខកង្វល់ក្នុងការកង្វះគ្រូបង្រៀននៅតាមសាលា ជនបទ បើមិនបានគ្រូក្របខណ្ឌ សូមឲ្យមានគ្រូកិច្ចសន្យា បន្ថែម ក្នុងការ ងាយស្រួលបង្រៀនសិស្ស ហើយសាលា នេះមានសិស្សចូលមកសិក្សារៀនសូត្រ ប្រមាណ ជិត២០០នាក់។

មានប្រសាសន៍នោះដែរលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ដំណើរមកកាន់ សាលារៀន នេះ គឺដើមី្បពិនិត្យមើលពីគុណភាពនៃសំណង់ ដែលបានសាងសង់រួចរាល់ ក្នុងការរកនូវពេលវេលាធ្វើ ពិធីសម្ពោធ ដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនៅពេលខាងមុខ ។ ក្នុងនោះលោកស្រីក៏បានធ្វើការណែនាំដល់អាជ្ញាធរ ស្រុក ត្រូវធ្វើការត្រួតពិនិត្យឡើងវិញ នូវដំបូលអគារ ទៅតាមដែលលោកស្រីនាយិការបានបង្ហាញ គឺមានការបែក ប្រះក្បឿងមួយចំនួន ធ្វើឲ្យទឹកស្រក់នៅរដូវវស្សា ធ្វើឲ្យប៉ះពាល់ដល់សិស្សកំពុងសិក្សារៀនសូត្រ ។ លោកស្រីក៏ បានបន្តទៀតថា ចំពោះការកង្វះគ្រូបង្រៀន គឺជាកាតព្វកិច្ច របស់អាជ្ញាធរស្រុក និង ខេត្ត ហើយចំពោះការខ្វះខាត់ អគារសិក្សា លោកស្រីនឹងខិតខំស្វែង រកដៃគូ និងសប្បុរសជន ដើមី្បបានធ្វើការសាងសង់បន្ថែមជូនដល់កូនៗ ចៅៗ បានសិក្សារៀនសូត្រសមរម្យ ជាថ្នាលបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃធនធាន មនុស្ស ។ ក្នុងនោះដែរលោកស្រី ក៏បានយល់ច្បាស់អំពី ទុក្ខលំបាក របស់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបណ្តុះបណ្តាល ក្នុងការផ្ទេរនូវ ចំណេះដឹងជូន ដល់កូនចៅ ជំនាន់ក្រោយ ។ ម៉្យាងទៀតកត្តាលំបាកបំផុតនោះ បន្ទប់ថ្នាក់មួយ បង្រៀនសិស្សកម្រិតខុសគ្នា ដែលធ្វើ ឲ្យមានផលពិបាកក្នុងការបង្រៀនទៀតផង ។

លោកស្រីក៏បានធ្វើការផ្តាំផ្ញើ ដល់កូនៗ ចៅៗសិស្សានុសិស្ស ទាំង អស់ ត្រូវចេះថែរក្សាសុខភាព អនាម័យប្រចាំថ្ងៃរបស់ខ្លួន គឺ ហូបស្អាត ផឹកស្អាត មានអនាម័យល្អ ព្រមទាំងត្រូវខិតខំ សិក្សា ឲ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និង ចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះគោរពច្បាប់ ចរាចរណ៍ផងដែរ ៕




No comments:

Post a Comment