Tuesday, February 06, 2018

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អនុញ្ញាតឱ្យគណៈប្រតិភូនៃប្រទេសឡាវចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យ គណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយលោក ស៊ីណាយ មៀងឡាវ៉ាញ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនៈកិច្ចរបស់លោក ស៊ីណាយមៀងឡាវ៉ាញ និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជានាពេលនេះ។ លោកស្រី ក៏បានធ្វើការរាយការណ៍ជូនគណៈប្រតិភូអំពីសកម្មភាព និងតួនាទីភារកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងបានរាយការណ៍អំពីស្ថានភាពនយោបាយនៅកម្ពុជាផងដែរ។

លោកស្រី ម៉ែន សំអន ក៏បានស្នើឱ្យភាគីឡាវបន្តកិច្ចសហប្រតិបត្តិការវាងអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយនៃប្រទេស កម្ពុជា ដែលបានចុះអនុស្សារណៈជាមួយគ្នា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ដូចជាបន្តកិច្ចសហការបន្ថែមទៀតលើវិស័យអធិការកិច្ច ដើម្បីធ្វើឱ្យវិស័យអធិការកិច្ចនៃប្រទេសកម្ពុជាអនុវត្តកាន់តែមានប្រសិទ្ធិភាព។

លោកស្រី ម៉ែន សំអន ក៏បានជូនពរលោក ស៊ីណាយមៀងឡាវ៉ាញ និងសហការីមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងដំណើបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា៕







No comments:

Post a Comment