Thursday, March 19, 2020

រាជរដ្ឋាភិបាលកម្ពុជាថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលបានចំណាយថវិកាចូលរួមដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ជីបម៉ុង គ្រុប
ដែលបានផ្តល់ជាថវិកាចំនួន ៥០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងរាលដាលនាពេលបច្ចុប្បន្ន៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសប្រទានព្រះរាជទ្រព្យ ៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រទានព្រះរាជទ្រព្យចំនួន ៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងរាលដាលនាពេលបច្ចុប្បន្ន៕

ខាងក្រោមនេះជាសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖




សន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងផែនការ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២០

ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសប្រទានព្រះរាជទ្រព្យ ៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធនឹងមេរោគកូវីដ១៩

ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យចំនួន ៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ (COVID-19)។


ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេត្រូវបានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកទៅប្រគល់ជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា​ភិបាលភិបាលនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ។
ឯកឧត្តម ម៉ម ប៊ុនហេង តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល បានទូលសូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយបង្គំ​អរ​ព្រះគុណជាអនេក ថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជទាន​ នូវព្រះរាជទ្រព្យ ដើម្បីចូលរួមរំលែក​ការលំបាក របស់រាជរដ្ឋាភិបាល និងជួយដល់ប្រជាពលរដ្ឋខ្មែរ កំពុង​ជួបការលំបាកដោយសារ មេរោគកូវីដ១៩នេះ។




សេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យដំណើរការច្រកអេឡិចត្រូនិច ដើម្បីទទួលការស្នើសុំទិដ្ឋាការ ឬការសម្រេចក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមុខងារសាធារណៈ

ក្រសួងមុខងារសាធារណៈ យោងតាមសារាចរណែនាំលេខ០១សរណន ចុះនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងមុខងារសាធារណៈ មានកិត្តិយសសូមគោរពជូនជម្រាបជូន លោក លោកស្រី ឧបនាយករដ្ឋមន្រ្ដី ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីនៃគ្រប់ក្រសួង ស្ថាប័ន មេត្តាជ្រាបថា ឬការសម្រេចក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមុខងារសាធារណៈ។

ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈស្នើសុំកិច្ចចូលរួមសហការតាមជំហ៊ានៗ ដូចបានជម្រាបជូនក្នុងសេចក្តីជូនដំណឹងខាងក្រោម៖

ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី ខេត្តចាត់វិធានការបិទអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ចាត់វិធានការបិទអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក ដែលមានស្តង់ដាចំណាត់ថ្នាក់ផ្កាយ៤ ផ្កាយ៥ ឬស្ថិតនៅក្នុងសណ្ឋាគារផ្កាយ៤ឡើង ដែលស្ថិតក្រោមគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ ១៩។

សូមអានខ្លឹមសារនៃលិខិតដូចខាងក្រោម៖

អនុក្រឹត្យថ្មី ចាប់ពីពេលនេះតទៅ អត់ពាក់មួកសុវត្ថិភាព ពិន័យទាបបំផុត៦ម៉ឺនរៀល រថយន្តអត់បណ្ណបើកបរត្រូវពិន័យពី ១លាន២សែន ដល់ ២លាន៤សែនរៀល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ដោយធ្វើការកែសម្រួលនូវអនុក្រឹត្យ ស្តីពីការពិន័យអន្តរកាលណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។
អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រមួយចំនួន ដូចជាមាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ និងឲមាត្រា១៥ នៃក្នុងជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យ នៃអនុក្រឹត្យលេខ៤៤ អនក្រ បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧៕
​អនុក្រឹត្យ ថ្មីនេះ​សម្រេច​បង្កើន​ប្រាក់​ពិន័យ​លើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ ក្នុងនោះ អ្នកធ្វើដំណើរ​តាម​ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព ឬ​ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ ត្រូវ​ពិន័យ​ទាប​បំផុត ៦​ម៉ឺន​រៀល រីឯ​ឡានពិន័យ​ទាប​បំផុត ៧៥០០០ រៀល​។ បើ​បើកបរ​យានយន្ត ក្នុង​ភាពស្រវឹង ត្រូវ​ពិន័យ ចាប់ពី ១​លាន​រៀល ដល់ ៤​លាន​រៀល​។​
អ្នក​បើកបរ​យានយន្ត​ដោយគ្មានបណ្ណបើកបរ ឬ​ក្នុងរយៈពេល​ដែលបណ្ណ​បើកបរ​ត្រូវបាន​ដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យ​ដូចតទៅ៖ ទឹក​ប្រាក់​ចំនួន ១ ២០០ ០០០ រៀល សម្រាប់​យានយន្តធុនស្រាល ទឹកប្រាក់​ចំនួន ២ ៤០០ ០០០ រៀល សម្រាប់​យានយន្ត​ធុនធ្ងន់។
​សូម​រម្លឹកថា ច្បាប់​ចាស់ បាន​ពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ ដោយ​ម៉ូតូ​ត្រឹមតែ ១៥០០០​រៀល ដូចជា មិន​ពាក់មួក​សុវត្ថិភាព ឬ​ម៉ូតូ មិនមាន​កញ្ចក់​មើល​ក្រោយ ជាដើម​។ រីឯ​រថយន្ត​វិញ គឺ​ពិន័យ​ចាប់ពី ២៥០០០ រៀល​ឡើងទៅ ចំពោះ​អ្នកបើកបរ ឬ​អ្នក​អង្គុយ​កៅអី​ខាងមុខ មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​។​
ព័ត៌មានលម្អិតសូមអានអនុក្រឹត្រខាងក្រោម៖









ពិធីបើក​វគ្គបណ្តុះបណ្តាល​គ្រូបង្គោល​ពីការបង្ការ​ ថែទាំ​ និងគាំទ្រច្បាប់​ប្រយុទ្ធនឹង​ជំងឺអេដស៍​

ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “បរិយាកាសគាំទ្រច្បាប់គោលនយោបាយ និងភារកិច្ចក្នុងការគាំទ្រការឆ្លើយតបចំពោះមេរោគអេដស៍ និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ” នៅសាលប្រជុំទន្លេវ៉ៃគោ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត វ៉ឹង យ៉ាណាត ប្រធាននាយកដ្ឋានបង្ការ ថែទាំ និងគាំទ្រ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកអភិបាលរងស្រុករមាសហែក លោក លោកស្រី ជាគ្រូបង្គោលមកពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាយប៉ុស្ដិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ លោក លោកស្រីប្រធានមណ្ឌលសុខភាព សរុបអ្នកចូលរួម ចំនួន១៧នាក់៕


កំណត់ទូត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ញើជូន ស្ថានទូត នៃសាធារណរដ្ឋសង្គម និយមវៀតណាមប្រចាំនៅទីក្រុងភ្នំពេញ

កំណត់ទូត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ញើជូន ស្ថានទូត នៃសាធារណរដ្ឋសង្គម និយមវៀតណាមប្រចាំនៅទីក្រុងភ្នំពេញ

Ministry of Foreign Affairs letter’s to Embassy of Viet Nam in Phnom Penh, In the spirit of friendship and mutual understanding with regard to the prevention of the spread of COVID-19

ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យទទួលសារតាំងពីឯកអគ្គរដ្ឋទូត សាធារណរដ្ឋកាហ្សាក់ស្តង់

លោក ចាន់ មករា បង្ហើសំនៀងថ្មីជាមួយបទ «Covid-19 អង្រួនពិភពលោក»


(ភ្នំពេញ)៖ លោក ចាន់ មករា ដែលបានល្បីល្បាញតាមរយៈបទ «ចាប់យំល្វើយៗ» និងបទ «ព្រះឥន្ទទាត់សី» នោះ ពេលនេះបានបង្ហាញសំឡេងជាថ្មីជាមួយបទ «Covid-19 អង្រួនពិភពលោក»។

«Covid-19 អង្រួនពិភពលោក» ត្រូវបានរៀបចំផលិតដោយអគ្គនាយកដ្ឋានវិទ្យុជាតិ។ បទនេះ បង្ហាញការអប់រំពីវិធីការពារការឆ្លងជំងឺ COVID-19 ដោយប្រើម៉ាស់ ឬក្រមា។

បទនេះ ក៏បានអប់រំដល់ប្រជាពលរដ្ឋឱ្យចេះថ្លឹងថ្លែងក្នុងការតាមដានព័ត៌មាន ធ្វើយ៉ាងកុំស្តាប់ កុំជឿតាមព័ត៌មានក្លែងក្លាយទាំងឡាយ ត្រូវរកប្រភពព័ត៌មានច្បាស់លាស់។

បទ «Covid-19 អង្រួនពិភពលោក» ក៏បានអំពាវនាវទៅដល់អ្នកលក់ម៉ាស់ កុំឱ្យឆ្លៀតកេងចំណេញលក់ថ្លៃហួសហេតុក្នុងពេលដែលប្រទេសជួបការលំបាក។
#ចាន់_ មករា
#COVID_19

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពល រដ្ឋខ្មែរផ្អាកការធ្វើដំណើរទៅប្រទេសវៀតណាមជាប ណ្តោះ អាសន្នមួយរយៈ

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ស្របពេលដែលពិភពលោក និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានកំពុងយកចិត្តទុក ដាក់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ គឺមានប្រទេសមួយចំនួនបានសម្រេចបិទច្រកព្រំដែនចេញចូលដើម្បីងាយស្រួលត្រួតពិនិត្យតាមដានស្ថានភាពនៃការរីករាលដាលជំងឺឆ្លងនេះ។ ទន្ទឹមនឹងនោះដែរ ប្រទេសវៀតណាមបានសម្រេចបិទច្រកព្រំដែនមិនអោយមានការឆ្លងកាត់រវាងកម្ពុជានិងវៀតណាមកាលពីម្សិលមិញរួចហើយ។

កាលពីយប់មិញថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហ៊ុន សែន   បាន សម្រេចបិទព្រំដែនកម្ពុជាវៀតណាមជាបណ្តោះអាសន្នមួយរយៈរហូតដល់ប្រទេសវៀតណាមលើកបម្រាម និងពេលវេលានៃកាលកំណត់បិទព្រុំដែនរវាងប្រទេសយើងទាំងពីរសារជាថ្មីឡើងវិញហើយក្រសួងការបរទេសកម្ពុជានឹងជូនដំណឹងទៅប្រទេសវៀតណាមជាផ្លូវការនៅថ្ងៃ នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា
កម្ពុជាផ្តល់ការជូនដំណឹងរយៈពេល៤៨ម៉ោង ដល់ប្រជា ពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋវៀតណាមអោយបានជ្រាប ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:៥៩នាទីយប់ថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០២០ ទើបចាប់អនុវត្តការបិទច្រកព្រុំដែនដើម្បីឲ្យប្រជាជនវៀតណាមអាចធ្វើដំណើរទៅ កាន់ប្រទេសខ្លួនវិញបានចៀសវាងការដាក់អោយនៅដាច់ ដោយឡែក១៤ថ្ងៃ ដែលនឹងបង្កការលំបាកផ្សេងៗជាច្រើនថែមទៀត។ ទន្ទឹមនឹងនោះដែរ សូមបងប្អូនប្រជាពលរដ្ឋខ្មែរផ្អាកការធ្វើដំណើរទៅប្រទេសវៀតណាមមួយរយៈទម្រាំស្ថានការនៃជំងឺកូវីឌ-១៩បានធូរស្រាលមកវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា
សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ពិនិត្យមើលតើមានប្រជាពលរដ្ឋខ្មែរដែលជាប់នៅតាមព្រំដែន សូមជួយសម្របសម្រួលអោយបងប្អូនបានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព។ រីឯចំពោះដំណោះស្រាយគ្រោះមហន្តរាយវិញ ប្រសិនបើមានកើតឡើងនៅតាមខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ សូមអាជ្ញាធរខេត្តនិងខេត្តសហការគ្នាធ្វើការដោះស្រាយជាមួយគ្នា។ ចំពោះការទូទាត់ដោះដូរទំនិញរវាងប្រទេសទាំងពីរវិញ ប្រសិនបើអាចធ្វើទៅបាន គឺយើងអាចនៅរក្សាដដែល បើសិនជាខាងវៀតណាមមានទំនិញអាចទម្លាក់មកកម្ពុជា ហើយបើសិនជាកម្ពុជាមានទំនិញអាចទម្លាក់ទៅវៀតណាម គឺសូមធ្វើការដោះដូរគ្នាទៅវិញ ទៅមកជាធម្មតា គឺពាណិជ្ជកម្មនៅដំណើរការធម្មតា៕



កម្ពុជាចេញសេចក្តីជូនដំណឹង សម្រេចបិទព្រំដែនបណ្តោះអាសន្នជាមួយប្រទេសវៀតណាម ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទាំងពីរចេញចូលឡើយ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតមួយផ្ញើជូនស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ដោយបញ្ជាក់អំពីការបិទព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ ឆ្លងកាត់ឡើង។

ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣៖៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ នេះបើតាមលិខិត ដែលទទួលបាននៅមុននេះ។

ខាងក្រោមនេះជាលិខិតក្រសួងការបរទេសកម្ពុជា៖




ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំស្តីពី វិធានការបង្ការការចំលងជំងឺកូវីដ១៩ សម្រាប់អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកង់បី

(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ នៅក្នុងប្រទេសកម្ពុជា ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំស្តីពី វិធានការបង្ការការចំលងជំងឺកូវីដ១៩ សម្រាប់អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកង់បី នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា សេចក្តីណែនាំទៅដល់អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកង់បី រថយន្តវែងជួល រថយន្តទេសចរណ៍ជួល និងរថយន្តក្រុង នៅអាកាសយានដ្ឋានមានដូចខាងក្រោម៖
ទី១៖ ការគ្រប់គ្រងអនាម័យរថយន្តទេសចរណ៍

* ត្រូវរក្សាកន្លែងផ្តល់សេវាឱ្យស្អាតជានិច្ច ជាពិសេសកន្លែងលក់សំបុត្រ បង្គន់ និងបន្ទប់ទទួលអាហារ (ប្រសិនបើមាន)។
* រក្សាយានយន្តឱ្យស្អាតជានិច្ច ជាពិសេសកន្លែងដែលអ្នកដំណើរឧស្សាហ៍ប៉ះពាល់ ឬប្រើញឹកញាប់មានដូចជា៖ បង្កាន់ដៃ ទ្រនាប់ពូកកៅអី ភ្នាក់ដៃកៅអី និងកញ្ចក់ឆ្លុះមុខ ដោយស្នើការសម្អាតជាមួយនឹងសាប៊ូ និងទឹកអាល់កុល។
* ផ្តល់ទឹកអាកុល និងម៉ាស់បិទមុខដល់អ្នកបើកបរ និងអ្នកធ្វើដំណើរជាមួយ។

ទី២៖ ការគ្រប់គ្រងបុគ្គលិក  និងអ្នកបើកបរ

* អ្នកគ្រប់គ្រងអាជីវកម្មគួរចាត់វិធានការគ្រប់គ្រង ចែករំលែក ផ្សព្វផ្សាយព័ត៌មាន និងផ្តល់ សេចក្តីណែនាំស្តីពី ការទប់ស្កាត់ និងប្រឆាំងនឹងវីរុសថ្មីនេះដល់បុគ្គលិក។
* គួរតែធ្វើការពិនិត្យសុខភាពសម្រាប់បុគ្គលិក ដែលធ្វើការនៅកន្លែងសាធារណៈជាប្រចាំ។
* អ្នកបើកបរយានយន្តគួរពាក់ម៉ាស់ និងលាងដៃជាមួយទឹកអាល់កុល ឬសាប៊ូ ដើម្បីការពារខ្លួនពីការឆ្លងវីរុសថ្មីនេះ។ ក្នុងករណីបើអ្នកបើកបរតាក់ស៊ី មិនមានអ្នកដំណើរ គួរតែមិនចាំបាច់ពាក់ម៉ាស់ទេ។
* ផ្តល់ព័ត៌មាននានា អំពីអ្វីដែលត្រូវធ្វើនៅពេលបុគ្គលិក ឬអ្នកបើកបរតាក់ស៊ីមានអាការៈសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក សណ្តាស់ រលាកបំពង់ក ហៀរសំបោរ ឬមានអាការៈពិបាកដកដង្ហើម។
* សង្កេតមើលរោគសញ្ញាលើបុគ្គលិក ឬអ្នកបើកបរតាក់ស៊ីណាដែលឈឺ ប្រសិនបើសង្ស័យថាពួកគេឆ្លងវីរុស Covid-19 សូមជូនដំណឹងទៅផ្នែកធនធានមនុស្ស ដើម្បីពិចារណាលើការអនុញ្ញាតផ្តល់ថ្ងៃឈប់សម្រាកដល់ពួកគេ ដើម្បីសម្រាកព្យាបាលជំងឺរហូត ដល់ជាសះស្បើយ។

ទី៣៖ ការគ្រប់គ្រងការផ្តល់សេវាកម្មធ្វើដំណើរ, ប្រសិនបើមានអ្នកដំណើរមានរោគសញ្ញាដូចជា៖ ក្អក កណ្តាស់ គ្រុនក្តៅ រលាកបំពង់ករ ហៀរសំបោរ ឬមានការៈពិបាកដកដង្ហើម អ្នកបើកបរត្រូវប្រាប់អ្នកដំណើរឱ្យពាក់ម៉ាស់ ដែលបានផ្តល់ជូនស្រាប។

ទី៤៖ សម្រាប់អ្នកដំណើរ ឬអតិថិជនត្រូវ ត្រៀមខ្លួនរួចជាស្រេចដូចជា៖ ម៉ាស់ និងទឹកអាល់កុល ដើម្បីលាងដៃផ្ទាល់ខ្លួននៅពេលធ្វើដំណើរ៕

ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំស្តីពី វិធានការបង្ការការចម្លងជំងឺកូវីដ១៩ សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំ៦ចំណុច ស្តីពីវិធានការបង្ការការចម្លងជំងឺរលាកសួតវីរ៉ុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (Covid-19) សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។ បើយោងតាមសេចក្តីណែនាំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា វិធានការទាំង៦នោះ រួមមាន៖ ១៖ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទេចរណ៍ទាំងឡាយ ត្រូវផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹង និងការណែនាំផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងនេះទៅដល់ភ្ញៀវ និងបុគ្គលិកដូចជា ធ្វើផ្ទាំងផ្សព្វផ្សាយព័ត៌មាន ដែលពន្យល់អំពីការលាងដៃ និងការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ ២៖ ផ្តល់សាប៊ូ ទឹកអនាម័យសម្រាប់សម្អាតដៃ និងទឹកអាល់កុលលាងដៃ។ កន្លែងលាងដៃ និងកន្លែងផ្តល់ម៉ាស់ គួរតែរៀបចំនៅបរិវេណភោជនីយដ្ឋាន ជាពិសេស នៅតាមកន្លែងនានាដូចជា ទ្វារចូល បង្គន់ បញ្ជារគិតលុយជាដើម។ល។ ដើម្បីផ្តល់សេវាអនាម័យដល់អតិថិជន និងបុគ្គលិក នៅក្នុងភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍របស់ខ្លួន។ ៣៖ បង្កើនការយល់ដឹងទៅដល់ចុងភៅ និងបុគ្គលិកអនាម័យអំពីហានិយភ័យ នៃការចម្លងរោគពីភ្នាក់ងារចម្លងមេរោគ ដោយលើកឡើងពីសារៈសំខាន់ នៃការការពារខ្លួន ដូចជា ការពាក់ម៉ាស់ និងស្រោមដៃ ក្នុងអំឡុងពេលកំពុងធ្វើការ។ ការសម្អាតសម្ភារប្រើប្រាស់ឲ្យបានញឹកញាប់ដូចជា តុបាយ ប្រដាប់ប្រដាប្រើប្រាស់ សម្ភារផ្ទះបាយ និងឧបករណ៍សម្អាត។ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ គួរតែគាំទ្រយុទ្ធនាការអនាម័យដល់បុគ្គលិក ដោយការលាងសម្អាតដៃឲ្យបានញឹកញាប់ និងលាងដៃគ្រប់ពេល បន្ទាប់ពីកាន់ឧបករណ៍ ឬប្រដាប់ប្រដាប្រើប្រាស់ ដែលត្រូវបានប៉ះដោយញឹកញាប់។ ៤៖ កំណត់កាលវិភាគទៀតទាត់សម្រាប់លាងសម្អាតសម្ភារៈប្រើប្រាស់ ឬទីកន្លែងដែលមានការកាន់ប៉ះពាល់ជាប្រចាំ ដូចជា តុបាយ ដៃទ្វារបង្គន់ ការសម្លាប់មេរោគ និងអាល់កុលបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃ។ ៥៖ សូមប្រុងប្រយ័ត្ននៅពេលដែលប្រមូលកាកសំណល់ ដូចជា ក្រដាសអនាម័យ ដែលប្រើរួចនៅក្នុងបន្ទប់ទឹក ឬក្រដាសអនាម័យ ដែលកខ្វក់ដោយសារប្រឡាក់សំបោរ ឬទឹកមាត់។ ការពាក់ស្រោមដៃ ឬប្រើប្រាស់ប្រដាប់ចាប់ប្រមូលសំរាម ដែលកខ្វក់គឺជាការសំខាន់ ក្នុងការទប់ស្កាត់ការឆ្លងមេរោគ។ ពេលបោះចោលសំរាម ដែលកខ្វក់ ត្រូវតែចង់មាត់ថង់ឲ្យបានជិត និងត្រូវលាងសម្អាតដៃដើម្បីទប់ស្កាត់សំណល់នៃមេរោគ។ ៦៖ សម្រាប់ភោជនីយដ្ឋានធំៗ ដែលមានបុគ្គលិកច្រើន គួរអនុវត្តន៍តាមវិធីណែនាំនេះ មុនពេលចាប់ផ្តើមធ្វើការ។ ប្រសិនបើបុគ្គលិកមានជំងឺ ត្រូវអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ប្រសិនបើនរណាម្នាក់មានអាការៈជំងឺធ្ងន់ធ្ងរ ពួកគេគួរតែស្វែងរកការព្យាបាលជាបន្ទាន់៕