Tuesday, November 08, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា


នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ចំពោះឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ។ 

វិធីបដិសណ្ឋារកិច្ចផ្លូវការ ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ត្រូវបានធ្វើឡើងនូវវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីប្រតិភូនៃប្រទេសវៀតណាម និងមន្ត្រីអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ផាម មិញជិញ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ នាយករដ្ឋមន្រ្តីវៀតណាម នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ផាម មិញជិញ នឹងមានជំនួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។ នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តម ផាម មិញជិញ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, នៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ និងនៅវិមានមិត្តភាពកម្ពុជា-វៀតណាម។

ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីវៀតណាម ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា – វៀតណាម»៕






សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ ដំណើរទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម មិនត្រឹមតែបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងប្រទេសទំាងពីរនោះទេ ថែមទាំងធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យទៀតផង


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្ដម ផាម ម៉ិញជិញ (Pham Minch Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកកាន់កម្ពុជានាពេលនេះ មិនត្រឹមតែបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញច្បាស់ពីឆន្ទៈគាំទ្រដល់កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ហើយជាការរួមវិភាគទានមួយដ៏សំខាន់ដល់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលនេះ។ 

សម្តេចបានបញ្ជាក់ថា វត្តមានឯកឧត្តមនាយករដ្ឋមន្រ្តី នាពេលនេះក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពថ្មីៗ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ ជាពិសេសក្នុងក្របខណ្ឌនីតិប្រតិបត្តិ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរតែងបានសហការគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។ 

ឯកឧត្ដម ផាម ម៉ិញជិញ បានវាយតម្លៃខ្ពស់ចំពោះតួនាទីប្រធានអាស៊ានរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីប្រធាន AIPA របស់សភាកម្ពុជា។ ឯកឧត្តមជឿជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមនឹងមហាសន្និបាតអាយប៉ា(AIPA) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកានេះ នឹងទទួលបានជោគជ័យ។ 

ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានអបអរសាទផងដែរចំពោះការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា កាលពីថ្មីៗនេះ។ ជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ ជាផ្នែកសំខាន់ដែលនឹងនាំឱ្យកម្ពុជាជោគជ័យនៅក្នុងការរៀបចំបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខ។ 

ជាមួយគ្នានេះ ឯកឧត្តម ផាម ម៉ិញជិញ បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ពិសេសនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ ឯកឧត្តម និងសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន១១ ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរបន្តទៀតនៅច្រើនវិស័យ ដែលបង្ហាញពីភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជានិងវៀតណាមនឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាលើវិស័យពាណិជ្ជកម្ម ឱ្យមានការរីកចម្រើនដូចវិស័យនយោបាយដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ មានវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើមនោះ។ សម្តេចបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ជានិច្ចជាកាល តែងបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយរដ្ឋសភាវៀតណាម និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តាមរយៈវេទិកាអន្តរសភានានា ជាអាទិ៍  AIPA, IPU, APPF, APF និងវេទិកាភាពជាដៃគូសភាអាស៊ីអឺរ៉ុប (ASEP )ជាដើម៕

ប្រធានព្រឹទ្ធសភាកម្ពុជា-នាយករដ្ឋមន្រ្តី៖ ពុំមានកម្លាំងណាអាចបំបែកបំបាក់សាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរបានឡើយ


ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២--ក្នុងជំនួបពិភាក្សា នៅរសៀលថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាម មិញជីញ (Pham Minh Chin) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងពីចំណងមិត្តភាពដ៏រឹងមាំ និងបន្តយូរអង្វែងក្នងនាមប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។

សម្តេចប្រធានព្រឹទ្ធសភា និងបានអះអាងជាថ្មីថា «ទោះបីស្ថានភាពតំបន់ និងអន្តរជាតិមានការវិវត្ត ប្រែ-ប្រួលឆាប់រហ័សស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ក៏ដោយ ក៏ពុំមានកម្លាំងណាអាចបំ​បែ​ក​បំបាក់សាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរបានឡើយ ទាំងពេលបច្ចុប្បន្ន និងពេលអនាគតយូ​រអង្វែង។ កម្ពុជាប្រកាន់ខ្ជាប់ខ្ជួនឥតងាករេចាត់ទុកវៀតណាមជា “អ្នកជិតខាងល្អ មិត្តភក្តិល្អ បងប្អូនល្អ និងដៃគូល្អ”»។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាម មានទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការដ៏ល្អ ដែលស្តែងចេញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតទៅ​វិញទៅមកជាញឹកញាប់ និងការបន្តគាំទ្រគ្នាទៅវិញទៅមកជាបន្តបន្ទាប់នៅក្នុងកិច្ចសហប្រតិ​បត្តិការលើឆាកអន្តរជាតិនៃអន្តរសភា ដូចជា៖ IPU, AIPA, CLV-DTA, APPF, APF, ASEPជាដើម​។

ក្រៅពីមុខងារស្នូលរបស់សភា និងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ សភានៃប្រទេសទាំងពី​រ​មានភារកិច្ចរួមចំណែកការពារ ថែរក្សា ពូនជ្រំចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឱ្យ​រឹងមាំស្ថិតស្ថេរ និងជំរុញការផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយឱ្យបានយល់ដឹងច្បាស់អំពីសារៈសំ​ខាន់ នៃប្រវត្តិសាស្រ្តដ៏មានតម្លៃរវាងកម្ពុជា-វៀតណាម សម្រាប់បន្តវេននាពេលអនាគត។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះសមិទ្ធផ​ល​ដ៏ធំធេងដែលបក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបានក្នុងកា​រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខ្លួន។ សម្តេចមានជំនឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប​ក្ស​កុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងសភាវៀតណាម វៀតណាមនឹងបន្តសម្រេចបាននូវស​មិ​ទ្ធ​ផលសង្គម-សេដ្ឋកិច្ចធំៗបន្ថែមទៀត និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅ “ក្លាយទៅជាប្រទេសអភិវឌ្ឍន៍មានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥”។

ឯកឧត្តម ផាម មិញជីញ បានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តមប្រធានរដ្ឋវៀតណាម និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភាកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា«ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺជាទំនាក់ទំនងមួយដែលគ្មានកម្លាំងអមិត្តណាមួយមកបំបែកបំបាក់បានឡើយ»។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំ​ពោះ​សមិទ្ធផលនានា ដែល ប្រទេសកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និ​ងរាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យប្រជាជ​នកម្ពុជាមានជីវភាពរស់នៅយ៉ាងល្អប្រសើរ។

ឯកឧត្តម ផាម មិញជីញ បានគូសបញ្ជាក់ថា ប្រទេសវៀតណាមគាំទ្រជានិច្ចដល់តួនាទីកម្ពុជាជាប្រ​ធា​នប្តូរវេនអាស៊ាន និងសង្ឃឹមថាប្រទេសកម្ពុជានឹងទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រ​ជុំ​កំពូល អាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំAIPAលើកទី៤៣។

ដោយមើលឃើញអំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការបរទេស វិនិយោគ និងពាណិជ្ជកម្ម ឯកឧត្តម ផាម មិញជីញ បានស្នើសុំឱ្យជំរុញសកម្មភាពលើ​​គ្រប់វិស័យ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ដើម្បីស្វែងយល់អំពីគ្នាបន្ថែមទៀ​ត ក្នុងបរិបទដែលសភាពការណ៍ក្នុងតំបន់ និងពិភពលោកមានការប្រែប្រួលដូចពេលបច្ចុប្បន្ននេះ​។

ឯកឧត្តម ផាម មិញជីញ សង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាំងពីរ នឹងមានទំនាក់ទំនងនិងកិ​ច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមទៀត និងគាំទ្រដល់ទំនាក់ទំនងរដ្ឋាភិបាលនៃប្រ​ទេ​ស​ទាំងពីរ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ ជាមួយគ្នានេះ​ សភានៃប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកលើរាល់បញ្ហាពហុភាគី ទាំងក្នុងតំបន់ និង​ពិភពលោក។ ឯកឧត្តមមានជំនឿជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបា​ល និងរដ្ឋសភាវៀតណាម ជាមួយសភាកម្ពុជា នឹងកាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ៕


ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ និង ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀតណាម

តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏ដូចជាអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី ៤០ និង ៤១ ផងដែរ។

ព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ សឿង រ័ត្នចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ក្នុងនោះក៏មានការអមដំណើរ និងទទួលបដិសណ្ឋារកិច្ចពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស និង ឯឧ ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ   ។

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ស្របនិងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជាវៀតណាម”។

 តមក ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញទៅមណ្ឌបវិមានព្រះបរមរូប ព្រះបរមរតនកោដ្ឋ ដើម្បីគោរពនិងថ្វាយកម្រងផ្កា ព្រះករុណា ព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការរៀបចំទទួលបដិសណ្ឋារកិច្ច និងអមដំណើរពី ឯកឧត្តម ឈា ហនរដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

បន្ទាប់ពីបានថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម បានបន្តដំណើរអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀតណាម ដែលមានការរៀបចំទទួលបដិសណ្ឋារកិច្ច និងអមដំណើរដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្ស ឯឧ ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ  ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថាដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាក់ច្បាស់អំពីការប្ដេជ្ញាចិត្តយ៉ាងមុះមុតរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់និងពង្រឹងនៅទំនាក់ទំនងល្អប្រពៃណីដែលមានស្រាប់និងភាពជាដៃគូយុទ្ធសាស្ត្រព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ទាំងក្នុងក្របខណ្ឌទ្វារភាគី និងពហុភាគីសម្រាប់ប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។

សូមជម្រាបជូនថាក្រោយដំណើរទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី ៤០ និង ៤១ ដែលកម្ពុជាជាប្រធានសម្រាប់ឆ្នាំ ២០២២ នេះ។