Monday, August 31, 2020

កិច្ចប្រជុំសាមញ្ញលើកទី១៥ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

 ស្វាយរៀង៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៥ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត សរុបវត្តមានចំនួន៤៨នាក់។

របៀបវារៈសំខាន់ៗនៅក្នុងកិច្ចប្រជុំនេះរួមមាន៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៤។
២-ពិនិត្យនិងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហានិងទិសដៅការងារខែកញ្ញាឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ និងអនុម័តកម្មវិធីចំណូល ចំណាយថវិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។
-ពិនិត្យ និងអនុម័តកម្មវិធីចំណូល ចំណាយថវិកា ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។
៤-ស្តាប់របាយការណ៍ប្រចាំខែសីហានិងទិសដៅការងារខែកញ្ញាឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៥-ស្តាប់របាយការណ៍ប្រចាំខែសីហានិងទិសដៅការងារខែកញ្ញាឆ្នាំ២០២០ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។
៦-សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី១៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០)៕





កិច្ចប្រជុំស្ដីពីការរៀបចំ​ពិធីបុណ្យភ្ជុំបិណ្ឌ និងការពង្រឹងវិធានការ​ការពារសុវត្ថិភាពសង្គម​

 ស្វាយរៀង៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលស្រុកកំពង់រោទិ៍ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការពង្រឹងវិធានការការពារសុវត្ថិភាពសង្គមដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមទីវត្តអារ៉ាមទាំងអស់នៅក្នុងស្រុកកំពង់រោទិ៍ក្រោមអធិបតីភាពលោក សុច ពិសី អភិបាល នៃគណៈអភិបាល ស្រុកកំពង់រោទិ៍ និងព្រះតេជគុណ ឈុន ឌីណា ព្រះគ្រូអនុគណស្តីទីស្រុក។

កិច្ចប្រជុំនេះមានការនិមន្ត និងចូលរួមពី លោក លោកស្រី អភិបាល រងស្រុក លោក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក ព្រះតេជ គុណគ្រូ ចៅ អធិការ វត្ត ព្រះមន្រ្តីសង្ឃ គ្រូអាចារ្យ គណៈ កម្ម ការ វត្ត ក្នុងស្រុក ប្រធានការិយាល័យធម្មការ និង សាសនាស្រុក ផងដែរ៕





លោក ចម ប្រសិទ្ធិ អញ្ជើញសម្ពោធ រោងចក្រផលិតទឹកស្អាតភ្នំវាលចាបនៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែន ភ្នំវាលចាប ខេត្តបាត់ដំបង

 បាត់ដំបង៖ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ ២០២០ លោក ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី ទេព បុប្ផា ចម ប្រសិទ្ធិ បានអញ្ជើញជាអធិបតី ភាពក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោ សែន ភ្នំវាលចាប ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមអមដំណើរ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងភរិយាឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើង គោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹនាំមន្ទីរ មន្ត្រីរាជការ កងទ័ព គ្រួសារកងទ័ព និងកំម្លាំងទីលានហ្វឹកហ្វឹន សរុបប្រមាណជាង ៤៦១ នាក់ផងដែរ។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងនៅក្នុងពិធីនោះឱ្យថា ទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោ សែន កន្លងមកនៅក្នុងសម័យខ្មែរឥស្សរៈគឺជាតំបន់លាក់ខ្លួនរបស់កម្លាំងចលនាតស៊ូគ្រប់ជំនាន់ប្រឆាំងជាមួយកម្លាំងរាជរដ្ឋាភិបាល ហើយក៏ជាតំបន់អនុវត្តគោលនយោបាយឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រែក្លាយតំបន់នេះទៅជាទីលានសម្រាប់ហ្វឹកហ្វឺនបណ្តុះ បណ្តាលធនធានមនុស្សខាងវិស័យយោធា គួបផ្សំនឹងការបាញ់គ្រាប់ពិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបងផងដែរ។

លោក ចម ប្រសិទ្ធិ បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យដំណើររោងចក្រផលិតទឹកស្អាតភ្នំវាលចាប នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតតេជោសែន ភ្នំវាលចាបនាពេលនេះថា ដោយមានការយកចិត្តទុកដាក់អំពីសុខភាពរបស់យុទ្ធជន និងពលទាហានដែលកំពុងឈរជើងការពារព្រំដែន និងជួយស្វែងរកសុខសន្តិភាពជូនប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះមន្ត្រីរាជការ និងកម្លាំងជួរក្រោយ សូមធ្វើការកោតសរសើរចំពោះភក្តីភាព ភាពដ៏អង់អាចក្លាហ៊ានរបស់ពលទាហាន នាយក ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិផងដែរ។

នៅក្នុងពិធីសម្ពោធនោះ លោក បានឧបត្ថម្ភបន្ថែមតាមសំណូមពរនូវ ម៉ាស៊ីនភ្លើងកម្លាំង ៤៥ គីឡូវ៉ាត់ចំនួន ១គ្រឿង សម្រាប់ប្រើប្រាស់ឱ្យប្រព្រឹត្តទឹកស្អាត និងឧបត្ថម្ភផ្ទះចំនួន ១ខ្នង ទំហំ ៥×៨ ម៉ែត្រសម្រាប់កង ការពារស្នាក់នៅ និងគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់មួយចំនួនធំចែកជូនដល់គ្រួសារកងទ័ព និងពលទាហាននាឱកាសផងដែរ។

សូមជម្រាបជូនដែរថា រោងចក្រផលិតទឹកស្អាត ភ្នំវាលចាបនេះជាអំណោយដ៏ថ្លៃថ្លារបស់លោក ចម ប្រសិទ្ធិ និងភរិយាតាមរយៈក្រុមហ៊ុន ម៉ៃក្រូ ភូរីហ្វីខេសិន សៀងហៃ ដែលមានទឹកប្រាក់ប្រមាណជិត ២ ម៉ឺនដុល្លាសហរដ្ឋអាមេរិច សម្រាប់ពលទាហាន នាយទាហាន ប្រើប្រាស់នៅក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោ សែននេះផងដែរ៕








លោកស្រី ម៉ែន សំអន អញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងប្រគេនស្គរជ័យ និងគងជ័យ ដល់វត្តភ្នំសំបុក

 ក្រចេះ៖ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០២០ លោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្ត និងភរិយា បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខ និងប្រគេនស្គរជ័យ និងគងជ័យ ដល់វត្តភ្នំសំបុក ស្ថិតនៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច។ ដោយមានការអញ្ជើ ញចូលរួមពីថ្នាក់ដឹកនាំក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្តក្រចេះ និងព្រមទាំងប្រជាពុទ្ធបរិស័ទ នៅក្នុងចំណុះជើងវត្តភ្នំសំបុកច្រើនកុះករផងដែរ។

គោលបំណងដែលប្រារព្ធពិធីនេះឡើង គឺទី១ដើម្បីរំលឹកប្រវត្តិសាស្ត្រ និងដឹងគុណណូបការៈរបស់អតីតព្រះ មហាក្សត្រខ្មែរជាច្រើនជំនាន់ ទី២ ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព ពីទេវតាបារមីសាកសិទ្ធលើលោកយើងនេះ ទី៣ ដើម្បីឧទ្ឋិសបុណ្យកុសលថ្វាយដល់ព្រះមហាក្សត្រព្រះមហាក្សត្រីយ៉ានីគ្រប់ជំនាន់ ទី៤ ប្រគេនថ្វាយគងជ័យ និងស្គជ័យដល់ព្រះសង្ឃទុកជាមរត៏ ក្នុងព្រះពុទ្ធសាសនា នៅក្នុងវត្តភ្នំសំបុក នេះផ្ទាល់។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ការធ្វើពិធីបួងសួងនេះគឺដើម្បីដឹងគុណអារុកអារក្ស អ្នកតាព្រៃព្រឹក្សា ដែលធ្វើអោយយើងមានជីវិត មានក្តីសង្ឃឹមនេះគឺជាការតប ស្នងសងគុណជូនវិញ ហើយយើងត្រូវដឹងគុណសន្តិភាព ដែលបានផ្តល់ឪកាសឲ្យយើងបានប្រកបកិច្ចប្រតិបត្តិ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រដោយមានការរីកចំរើនគួឲ្យកត់សម្គាល់។

លោកស្រី បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាព លរដ្ឋគ្រប់រូប សូមបន្តយកចិត្តទុកដាក់ ការពារថែទាំថែរក្សាសុខភាព ធ្វើយ៉ាងណាដើម្បីបញ្ចៀសផុតពីការឆ្លងជំងឺរលាកផ្លូវដង្ហើមដ៏កាចសាហាវ គឺជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតលើសកលលោកយើងនេះ ដោយឡែកប្រទេសកម្ពុជាយើងក៏មានការឆ្លងនូវជំងឺកូវីដ១៩ផងដែរ តែដោយក្រោមការគ្រប់គ្រងពីប្រមុខថ្នាក់ដឹកនាំ បានគ្រប់គ្រងការពារទប់ស្កាត់មិនឲ្យមានការឆ្លងចូលទៅសហគមន៍នៅឡើយទេ។

លោកស្រី បានបន្តថា ដោយឡែកការងារបង្កបង្កើនផលវិញ សូមឱ្យបងប្អូនយើងខិតខំយកចិត្តទុកដាក់ប្រឹងប្រែង ហើយក្នុងដំណាក់កាលកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយកចិត្តទុកដាក់ខ្ពស់ គឺបានជួយ ឧបត្ថម្ភជាសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋក្រីក្រជារៀងរាល់ខែ ហើយជាពិសេសបានយកចិត្តទុកដាក់ទៅស្ត្រីដែលមានផ្ទៃពោះ គឺបានផ្តល់ប្រាក់ឧបត្ថម្ភរហូតទៅដល់ចំនួន៤លើក ក្រោយសម្រាលកូនហើយ ដើម្បីធ្វើយ៉ាងណាឲ្យកូនដែលសម្រាលហើយមានសុខភាពល្អ។ ចំនុចដែលសំខាន់គឺសូមអោយបងប្អូនបន្តថែទាំសុខភាពដោយឧស្សាហ៍លាងដៃនឹងសាប៊ូ អាកុល ឬជែលជាដើម ពាក់ម៉ាសជាប្រចាំ។

ចុងក្រោយលោកស្រី ម៉ែន សំអន រួមនិងក្រុមការងារ បានចែកអំណោយដល់ លោកយាយ លោកតា ពូ មីង ក្មួយៗ ចំនួនជាង២០០នាក់ ដែលមកចូលរួម ដោយទទួលបាន សារ៉ុង១ ក្រម៉ា១ នំប័ង មី រួមនិងលុយ ២មុឺនរៀល៕







តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងក្រុមការងារ នាំយកទេយ្យទាន និងទៀនវស្សា បច្ច័យ ប្រគេនដល់វត្តទាំង ៤៧ ស្ថិតក្នុងស្រុកមោងឬស្សី

 បាត់ដំបង៖ នៅព្រឹកទី២៩ ខែសីហា ឆ្នាំ២០២០ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកស្រី គ្រី សារ៉ន ប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ព្រៈគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ព្រៈចៅអធិការវត្តគីរីធម្មរាជ រួមជាមួយសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករលាប្អៀរ និងក្រុមការងារ បាននាំយកទយ្យទាន គ្រឿងឧបភោគបរិភោគ ទានចំណាំព្រះវស្សា និងបច្ច័យ ប្រគេនដល់វត្តទាំង ៤៧ ស្ថិតក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាល នៃគណៈអភិបាលស្រុកមោងឬស្សី និងមន្ត្រីរាជការកងកម្លាំងទាំងបីស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមោងឬស្សី ផងដែរ។

លោកស្រី កែ ច័ន្ទមុនី បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះលោកស្រី បានធ្វើផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ពីវិធានការការពារខ្លួនពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ ត្រូវអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ៕






កម្មវិធីដាំកូនឈើប្រណិតចំនួន ៣៧០ដើមនៅតំបន់ឃុំឈូកស ជាដែនជម្រកសត្វព្រៃ និងធម្មជាតិល្អ

 កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ លោក សាន់ យូ ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំយុវជននៃសមាគមសម្ព័ន្ធយុវជមុស្លិមកម្ពុជាខេត្តកំពង់ឆ្នាំង ចំនួន ៩៧នាក់ ដាំកូនឈើប្រណិតចំនួន ៣៧០ដើម នៅជុំបឹង និងខ្នងទំនប់ព្រៃពារ និងអូរតាសោម ស្ថិតក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច។

លោកបានបញ្ជាក់ថា ការចូលរួមដាំដើមឈើនេះគឺដើម្បីថែរក្សា ការពារធនធានធម្មជាតិឱ្យបានល្អ ក្នុងគោលដៅពង្រឹងសហគមន៍ឱ្យមានភាពប្រសើរឡើង យល់ដឹងកាន់តែស៊ីជម្រៅស្តីពីអត្ថប្រយោជន៍នៃការអភិរក្សធនធានធម្មជាតិ និងចូលរួមគ្រប់គ្រងអេកូឡូស៊ីប្រកបដោយនិរន្តរ៍ភាព៕