Monday, November 25, 2019

ព្រះរាជពិធីបូជាព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ឆាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ព្រះរាជពិធីបូជាព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ឆាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អភិបាលខេត្តស្វាយរៀង ផ្ដាំផ្ញើដល់មន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធខិតខំបន្តយកចិត្តទុកដាក់នូវកិច្ចការ៦ចំណុចសំខាន់ៗ

ស្វាយរៀង៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទី អគារខ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។
នៅក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់លោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង ស្នងការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អនុប្រធានពន្ធធនាគារខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈការដាក់វេនប្រចាំការ និងការចូលរួមសហការទប់ស្កាត់បដិវត្តពណ៌ ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ដែលធានាបាននូវសន្ដិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ឲ្យបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២.ត្រូវផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដើម្បីត្រៀមលក្ខណៈក្នុងការថែរក្សាទឹកទុកក្នុងកំឡុងពេលដែលភាពរាំងស្ងួតនិងចូលមកដល់នារដូវប្រាំងនេះ។
៣- អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវជម្រុញការដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន អោយបានទាន់ពេលវេលាស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។
៤.រដ្ឋបាលក្រុង-ស្រុក អង្គភាពពាក់ព័ន្ធត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋឱ្យបានល្អ។
៥.អាជ្ញាធរពាក់ព័ន្ធ និងនៅតាមបណ្តាក្រុង-ស្រុក ត្រូវពិនិត្យទប់ស្កាត់អោយបាននូវការសាងសង់សំណង់ ឫតូបលក់ដូរនានាដែលរំលោភមកលើដីចំណីផ្លូវសាធារណៈអោយមានប្រសិទ្ធភាព។
៦.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យតាមដានការងារបង្ករបង្កើនផល និងការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា៕


រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងកូរ៉េ ចុះហត្ថលេខាងលើសេចក្តីថ្លែងការណ៍រួម ស្តីពីការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើម សិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានពិគ្រោះយោបល់ ជាបន្តបន្ទាប់រវាង មន្រ្តីបច្ចេកទេសនៃប្រទេសទាំងពីរ លើនីតិវិធីក្នុងការចរចាបង្កើតកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងលោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។
ការចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃនេះ។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា «តាមការរំពឹងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ នឹងជួយពង្រឹងទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញសេវា និងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ»។
សូមជម្រាបថា ក្នុងឱកាសនៃកិច្ចប្រជុំទ្វេភាគីរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ម៊ូន ចេអ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតីកូរ៉េមកកាន់កម្ពុជា ប្រមុខដឹកនាំកំពូលនៃប្រទេសទាំងពីរ បានឯកភាពលើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងបានណែនាំឲ្យ មានការសិក្សាលទ្ធភាពបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។
នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងជាលំដាប់ គឺមានទំហំប្រមាណ៧៥៦លានដុល្លាសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ១៤.៦៩% បើធៀបនឹងឆ្នាំ២០១៧។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកូរ៉េរួមមាន អាវយឺត សម្លៀកបំពាក់បុរស គ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលី កម្ទេចអាលុមមីញ៉ូម ភេសជ្ជៈ សម្ភារៈពេទ្យ (ចេសវះកាត់) តង់ និងកៅស៊ូធម្មជាតិ។ ទំនិញនាំចូលសំខាន់របស់កម្ពុជាពីកូរ៉េរួមមាន រថយន្តដឹកទំនិញ ក្រណាត់ចាក់ ទឹករ៉ែធម្មជាតិ ភួយ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ (ប៊ុលដូហ្សែ) បន្ទះឬសន្លឹកនីកែល ស្បែកពីសត្វចៀមកែច្នៃរួច ក្រណាត់ជ្រលក់ពណ៌ និងផលិតផលថែរក្សាសម្រស់៕



កម្ពុជា-កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀង ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេស

បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរ នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ កម្ពុជា និងសាធាណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក។
ឯកសារសំខាន់ទាំង៥ ដែលបានចុះហត្ថលេខានោះរួមមាន៖
១- កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។ ចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េ Kang Kyung-wha។
២-សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រី Kang Kyung-wha។
៣-អនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។
៤-អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។
៥- សេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សារួមគ្នាលើលទ្ធភាពបង្កើតកិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ៕


Video ៖ មនុស្សជំនិត អេង ឆៃអ៊ាង ចូលសារភាពទោសកំហុស និងទម្លាយផែនការអាក្រក់របស់ទណ្ឌិត សម រង្ស៉ី ដែលកៀរគរពលករខ្មែរនៅប្រទេសថៃ ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់

លោក កឹម សុខា ៖ មិនធ្វើអ្វីបង្កឲ្យមានចលាចល និងភាពវឹកវរដល់ជាតិ ខណៈជំហរនេះផ្ទុយទាំងស្រុងពីគំនិតរបស់ សម រង្ស៉ី ដែលចូលចិត្តបង្កភាពវឹកវរដល់សង្គមខ្មែរ

លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា លោកនឹងមិនធ្វើអ្វីបង្កឲ្យមានចលាចល និងភាពវឹកវរដល់ជាតិ ហើយមិនដែលនឹកចង់ ឬពុំដែលមានបំណងចាកចេញពីប្រទេសកំណើតរបស់ខ្ញុំម្តងណាឡើយ។ នេះបើតាមលោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា បង្ហោះនៅលើ Facebook នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោក មុត ចន្ថា បានសរសេរថា លោកប្រធាន កឹម សុខា «ខ្ញុំនឹងមិនធ្វើអ្វីបង្កឲ្យមានចលាចល និងភាពវឹកវរដល់ជាតិរបស់ខ្ញុំ ដែលខ្លួនខ្ញុំរស់នៅក្រោមដំបូល ដែរនោះទេ។ ខ្ញុំមិនដែលនឹកចង់ ឬពុំដែលមានបំណងចាកចេញពីប្រទេសកំណើតរបស់ខ្ញុំម្តងណាឡើយ ព្រោះខ្ញុំបានជ្រើសរើសយកប្រទេសរបស់ខ្ញុំជាដំបូលតែមួយ ដែលខ្ញុំត្រូវរស់នៅ និងជាមូលដ្ឋាននៃជីវភាពនយោបាយរបស់ខ្ញុំ»។
ជំហររបស់លោក កឹម សុខា ហាក់ផ្ទុយទាំងស្រុងនឹងសកម្មភាព និងផែនការរបស់លោក សម រង្ស៉ី ដែលតែបង្កភាពវឹកវរនៅក្នុងសង្គមខ្មែរ ដូចជាការប្រកាសធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាដើម។ កន្លងទៅទោះបីជាការបង្ហាញជំហររបស់ លោក កឹម សុខា ផ្ទុយពីខ្លួនយ៉ាងណាក្តី ប៉ុន្តែលោក សម រង្ស៉ី និងបក្ខពួក នៅតែនិយាយនិងខិតខំផ្សព្វផ្សាយថា លោក និងលោក កឹម សុខា ជាមនុស្សតែម្តង។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានកែសម្រួលលក្ខខណ្ឌដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជាថ្មីឡើងវិញ ដោយបន្ធូរបន្ថយនៅត្រឹមបីចំណុច ក្នុងនោះមានដូចជា៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដី នៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ៕


លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្នើអភិបាលក្រុងប៊ូសាន យកចិត្តទុកដាក់បន្ថែមលើសុខមាលភាពពលករដ្ឋកម្ពុជា

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើទៅអភិបាលក្រុងប៊ូសាន លោក អូ ខដុន (Oh Keo-don) ឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងទីក្រុងប៊ូសាន។
សូមជម្រាបផងដែរថា សំណើរបស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុង​ជំនួប​ពិភាក្សាការងារជាមួយអភិបាលក្រុងប៊ូសាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ បើតាមលោកស្រី អ៊ាត សោភា បានគូសបញ្ជាក់ថា នៅក្នុងទីក្រុងប៊ូសាន បច្ចុប្បន្នមានពលរដ្ឋកម្ពុជាប្រមាណ ៩ពាន់នាក់កំពុងស្នាក់នៅ និងធ្វើការ។
នៅក្នុងជំនួបនេះការងារពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៊ូសាន ជាមួយប្រទេសកម្ពុជា និងរវាងទីក្រុងប៊ូសាន និងរាជធានីភ្នំពេញ ដែលមានសម្ព័ន្ធមេត្រីភាពជាមួយគ្នា​រួចមក​ហើយនោះ ក៏ត្រូវបានលើកមកជជែកផងដែរ។
បើតាមលោកស្រី អ៊ាត សោភា ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានស្នើទៅកាន់អភិបាលក្រុងប៊ូសាន ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជា​មួយរាជធានី​ភ្នំពេញ​លើការងារសំខាន់ៗចំនួន៣ រួមមាន៖ ការបង្កើតទីក្រុងឆ្លាតវៃ (Smart City), ការរៀបចំទីក្រុង និងការគ្រប់គ្រងទឹកកខ្វក់។
សំណើទាំង៣នេះ ត្រូវបានអភិបាលក្រុងស្វាគមន៍ និងទទួលយក។ លោកអភិបាល​ក្រុងប៊ូសាន ក៏បានបង្ហាញពីបំណងចង់បង្កើត​កិច្ចសហប្រតិបត្តិការចំនួនពីរជា​មួយកម្ពុជាផងដែរ គឺកិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែ (ទីក្រុងប៊ូសានជាទីក្រុងមានកំពង់ផែដ៏ធំមួយនៅលើពិភពលោក) និងការអភិវឌ្ឍ​វិស័យភាពយន្ត។
ក្រៅពីការពិភាក្សាលើការងារទ្វេភាគីរវាងក្រុងប៊ូសាន និងកម្ពុជាទៅលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងអភិបាលក្រុងប៊ូសាន បានពិភាក្សារលើការងាររៀបចំកិច្ចប្រជុំកំពូល​អនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េផងដែរ។
អភិបាលក្រុងប៊ូសាន បានលើកឡើងថា មានកម្មវិធីសំខាន់ៗចំនួន៥ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរនូវទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ ជាមួយអាស៊ាន។ កម្មវិធីអមកិច្ចប្រជុំកំពូលចំនួន៥រួមមាន៖ ១- កម្មវិធីមហោស្រពអាហារអាស៊ាន។ មហោស្រពអាហារអាស៊ាននេះ អភិបាលក្រុងប៊ូសាន បានអះអាងថា ស្តង់អាហាររបស់កម្ពុជាទទួលបានការចាប់អារម្មណ៍ ហើយប្រជាពលរដ្ឋកូរ៉េជាច្រើនបានចូលភ្លក្សអាហារ, ទី២- កម្មវិធីរៀបចំដាក់ឈ្មោះវិថីមួយប្រវែងប្រមាណ ២គីឡូម៉ែត្រស្ថិតជាប់មជ្ឈមណ្ឌលវប្បធម៌អាស៊ាន ដែលវិថីមានឈ្មោះថា «វិថីអាស៊ាន», ទី៣-កម្មវិធីអបអរសាទរទីក្រុងឆ្លាតវៃរបស់អាស៊ាន (Smart ASEAN CITY) ដែលក្នុងឱកាសនោះទីក្រុងប៊ូសាន បានបង្កើតទីក្រុងបច្ចេកវិទ្យាប៊ូសាន, ទី៤-កម្មវិធីបង្កើតមជ្ឈមណ្ឌលប្រជាជនបរទេសសម្រាប់ជនបរទេសមករស់នៅ និងធ្វើការនៅទីក្រុងប៊ូសាន ដែលមជ្ឈមណ្ឌលនេះជាកន្លែងបង្ហាញវប្បធម៌ និងផ្តល់ព័ត៌មានផ្សេងៗ និងទី៥- កម្មវិធីបង្កើតអង្គការភាពយន្តអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដែលគម្រោងបង្កើតអង្គការភាពយន្តអាស៊ាន-សាធារណរដ្ឋកូរ៉េនេះ នឹងត្រូវលើកឡើងសុំការអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងស្វាគមន៍ និងគាំទ្រចំពោះគម្រោងបង្កើតអង្គការ ភាពយន្តអាស៊ាន-សាធារណរដ្ឋកូរ៉េនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសន្ទនា និងទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ បន្ថែមពីលើនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ជាអ្នកជំរុញឱ្យមានកិច្ចពិភាក្សាកំពូលរវាងមេគង្គ និងសាធារណរដ្ឋកូរ៉េជាលើកដំបូង ដែលនឹងធ្វើឡើងនាពេលនេះផងដែរ៕



លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់៣០លានដុល្លារ សម្រាប់សាងសង់អគារព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្រេចបញ្ចេញថវិការដ្ឋចំនួន ៣០លានដុល្លារអាមេរិក ដើម្បីបន្តកសាងអគារកំពស់ ១២ជាន់ ដែលមន្ទីរពេទ្យបានសាងសង់ ១៧ភាគរយរួចមកហើយ ក្នុងតម្លៃ៣៩លាន៧សែនដុល្លារអាមេរិក។
នៅតាម Facebook របស់លោកនាយករដ្ឋមន្រ្ដីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍ថា ការសម្រេចផ្តល់ថវិកាបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីលោកពិនិត្យឃើញថា មន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យ និងព្យាបាលជូនប្រជាជន ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាល ខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អគារថ្មី និងទិញសម្ភារសម្រាប់បំពាក់ទាំងអគារថ្មី និងអគារដែលមានរួចមកហើយ។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «បីថ្ងៃរួចមកហើយដែលខ្ញុំមក កំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាលម៉ែត ដែលខ្ញុំពិនិត្យឃើញថាមន្ទីរពេទ្យនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យ និងព្យាបាលជូនប្រជាជនប៉ុន្តែមន្ទីរពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល ខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អគារថ្មី និងទិញសម្ភារសម្រាប់បំពាក់ទាំងអាគារថ្មី និងអគារដែលមានរួចមកហើយ។ ថ្ងៃនេះខ្ញុំសម្រេចបញ្ចេញថវិការដ្ឋចំនួន ៣០លានដុល្លារ ដើម្បីបន្តកសាងអគារកំពស់១២ជាន់ ដែលមន្ទីរពេទ្យបានសាងសង់បាន ១៧ភាគរយរួចមកហើយក្នុងតម្លៃ៣៩លាន៧សែនដុល្លារ»។
បើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី សម្រាប់ការបំពាក់សម្ភារបរិក្ខារទាំងនៅអាគារថ្មី និងអគារចាស់សម្តេចបានបង្កើតចលនាសប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន ៥៣លានដុល្លារគិតត្រឹមម៉ោង៤ល្ងាច ថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលសង្ឃឹមថានឹងមានសប្បុរសជន ចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជាយើង។ លោកសូមអរគុណចំពោះសប្បុរសជន ដែលបានចូលតាមការអំពាវនាវ របស់លោកតាមពាក្យស្លោក «បរិច្ចាគដើម្បីជួយដល់ជិវិតមនុស្ស»។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានថ្លែងអរគុណ និងកោតសរសើរចំពោះវេជ្ជបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញ និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ ដែលបានបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។
លោកបន្ថែមថា «បើទោះជាជីវិតម្តាយក្មេកខ្ញុំ ដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយ ក៏ពួកយើងខ្ញុំជាកូនជាចៅ ចៅទួត អស់ចិត្តដែរ ព្រោះបើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេម្លេះសមម្តាយក្មេកខ្ញុំបានលាចាកលោកនេះតាំងពីថ្ងៃម្សិលមិញមកម្លេះ ព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំ បានរៀបចំរួចរាល់ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំ តែដោយសារភាពជំនាញរបស់គ្រូពេទ្យនោះហើយ ដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្តរស់នៅជាមួយកូនចៅមួយរយៈទៀត» ៕

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រតិកម្មនឹងក្រុមប្រឆាំង៖ «បើអស់លោកមិនគិតដល់ម្តាយរបស់ខ្លួនទៅហើយ តើអស់លោកអាចស្រឡាញ់ និងយកចិត្តទុកដាក់ដល់ប្រជាជនយ៉ាងណាទៅ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ខណៈកំពុងមានទុក្ខលើបញ្ហាសុខភាពម្តាយក្មេក, នៅមុននេះបន្តិចបានប្រតិកម្មតាមរយៈ Comment នៅលើហ្វេកប៊ុកទៅក្រុមប្រឆាំងថា ពួកអស់លោកមិនអាចដឹកនាំប្រទេស ឬកូនបក្សមួយបានទេ ព្រោះតែអស់លោកគ្មានគុណធម៌និងសីលធម៌។ បើសូម្បីតែម្តាយខ្លួនឯង អស់លោកមិនស្រឡាញ់ និងយកចិត្តទុកដាក់ផងនោះ, តើអស់លោកអាចស្រឡាញ់ និងយកចិត្តទុកដាក់ដល់ប្រជាជនយ៉ាងណាទៅ។
ការប្រតិកម្មរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងដែលមានឈ្មោះ Sovannara Som បានបង្ហោះសារវាយប្រហារ និងប្រមាថដល់លោកនាយករដ្ឋមន្រ្ដី តាមរយៈ Comment នៅក្នុងរឿងដែលសម្តេចបានបង្ហោះ និងបង្ហាញរូបភាពអំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេចនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រតិកម្មនឹងក្រុមប្រឆាំងយ៉ាងជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិមើលចរិត្តពួកជ្រុលនិយមដែលបានលើកឡើងខាងលើ។ ខ្ញុំចង់ប្រាប់លោកថា ពួកអស់លោកមិនអាចដឹកនាំកុំថាឡើយដឹកនាំប្រទេសសូម្បីតែដឹកនាំកូនបក្សមួយ ឬភូមិមួយក៏មិនបានផង ព្រោះតែអស់លោកគ្មានគុណធម៌ និងសីលធម៌។
សូមដាក់ចេញជាសំនួរថា៖ «បើអស់លោកមិនគិតដល់ម្តាយរបស់ខ្លួនទៅហើយ តើអស់លោកអាចស្រឡាញ់ និងយកចិត្តទុកដាក់ដល់ប្រជាជនយ៉ាងណាទៅ បើសូម្បីតែម្តាយខ្លួនឯង អស់លោកមិនស្រឡាញ់និងយកចិត្តទុកដាក់ផងនោះ។ ម្យ៉ាងទៀតពេលនេះខ្ញុំកំពុងមានទុក្ខ ពួកលោកចូលមករករឿងខ្ញុំ ដូចនេះអ្វីដែលខ្ញុំបានចាប់ពួកលោកញាត់គុក ពេលដែលពួកលោកប្រព្រឹត្តខុសច្បាប់គឺសមហេតុផលណាស់។ ដោយសារតែចរិតទាំងមេទាំងកូនបែបនេះហើយ ទើបនាំដល់ការរលាយបក្ស និងជាប់គុក ព្រោះគ្មានស្មារតីបង្រួមជាតិនិងគិតតែរឿងបំផ្លាញជាតិ»។
សូមជំរាបថា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហោះសារ និងបង្ហាញរូបភាពដើម្បីបង្ហាញជូនជនរួមជាតិ អំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់នៅឡើយ តម្រូវឱ្យកូនចៅនៅក្បែរជានិច្ច។
ការចេញមកបញ្ជាក់របស់លោកនាយករដ្ឋមន្រ្ដី នៅព្រឹកនេះបន្ទាប់ពីមាន Facebook មួយបានយករូបថតម្តាយក្មេកលោក និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន កាលពី១១ឆ្នាំមុនមកបង្ហោះ នៅមន្ទីរពេទ្យសិង្ហបុរី បង្កើតឲ្យមានការភ័ន្តច្រឡំថា សុខភាពម្តាយក្មេករបស់លោកបានជាសះស្បើយ ដែលធ្វើឲ្យលោកពិបាកក្នុងការបកស្រាយ ពាក់ព័ន្ធការលុបចោលការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងកិច្ចប្រជុំមេគង្គ-កូរ៉េ ៕


ព្រះមហាក្សត្រ និងសម្តេចម៉ែ សព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
សូមជម្រាបថា ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែពីវត្ដបទុមវតីរាជវរារាម ឆ្ពោះទៅកាន់ព្រះមេរុ នៅឯមុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំពិធីបូជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ។ ព្រះពិធីដង្ហែនោះ គឺឃើញព្រះវត្តមានរាជវង្សានវង្ស និងថ្នាក់ដឹកនាំ មន្ត្រីជានខ្ពស់កម្ពុជាជាច្រើនរូប។
សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។
សពសម្តេចព្រះរៀម បុប្ផាទេវី ត្រូវបានដឹកតាមយន្តហោះពីប្រទេសថៃ មកដល់រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧៖៣០នាទីយប់ ដោយត្រូវបានទទួលតាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្តេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតី នៅព្រលានយន្តហោះ និងបានបញ្ជូនដោយស្ងៀមស្ងាត់ តាមព្រះទីនាំងរបស់ក្រសួងព្រះបរមរាជវាំង (Mercedes) មកតម្កល់រៀបចំធ្វើបុណ្យ នៅវត្ដបទុមវតីរាជវរារាម រហូតដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ទើបរៀបចំពិធីដង្ហែទៅកាន់ ព្រះមេរុ នៅឯមុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំពិធីបូជា ៕