នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ ក្នុងឱកាសវត្តមានបំពេញទស្សនកិច្ច នៅក្នុងទីក្រុងដាកា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរបានអញ្ជើញទស្សនា និងដាក់កម្រងផ្កានៅវិមានយុទ្ធជនពលីបង់ក្លាដែស ដែលបានបូជាអាយុជីវិតសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ រហូតរំដោះប្រទេសជាតិទទួលបាននូវឯករាជ្យយ៉ាងពេញលេញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៧១។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាល ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសង្រ្គាម ដើម្បីរំដោះជាតិ និងឯកឧត្តមរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការលំនៅដ្ឋាន និងសាធារណការ។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដើម្បីទុកជាអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្តនៅក្នុងវិមានយុទ្ធជនពលីដូចគ្នានិងបណ្តាថ្នាក់ដឹកនាំពិភពលោកនានា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានយុទ្ធជនពលីក្នុងទីក្រុងដាកានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអញ្ជើញដាំកូនឈើ ទុកជាអនុស្សាវរីយ៍នៅក្នុងវិមានយុទ្ធជនពលីក្នុងទីក្រុងដាកានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសផងដែរ។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងទីក្រុងដាកា។ វត្តមាននៃការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូត្រូវបានការគារវកិច្ចពីសំណាក់ថ្នាក់ដឹកនាំនិយោជក់កម្មករនៃតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មក្រុងដាកាជាច្រើនរូប។ នៅក្នុងបទឧទ្ទសនាមរបស់ខ្លួនតំណាងថ្នាក់ដឹកនាំតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មកាដាបានឲ្យដឹងថា តំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មនេះត្រូវបានឡើងដោយរដ្ឋាភិបាលបង់ក្លាដែរ រហូតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនបរទេសជាច្រើនកំពុងបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់ដ៏មានសក្តានុពលនេះ។
សូមបញ្ជាក់ដែរថា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែសស្ថិតនៅក្នុងឧបទ្វីបឥណ្ឌាមានព្រំប្រទល់ខាងលិចខាងជើង និងខាងកើតជាប់ និងប្រទេសឥណ្ឌាខាងអាគ្នេយ៍ជាប់ និងប្រទេសមីយ៉ាន់ម៉ារ និងខាងត្បូងជាប់ និងឈូងសមុទ្របឹងហ្គាល់មានផ្ទៃដីទំហំ ១៤៧ ពាន់ ៥៧០គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅសរុបប្រមាណជាង ១៥០លាននាក់ក្នុងឆ្នាំ២០១១ ជាប់លំដាប់លេខរៀងទី៨ នៃប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានទទួលឯករាជ្យពីសាធារណឥណ្ឌានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៧១ និងជាប្រទេសប្រកាន់របបនយោបាយប្រជាធិបតេយ្យអាស្រ័យសភា។
កំណើនផលិតផលក្នុងស្រុកសរុប (GDP)ឆ្នាំ២០១២មានកំណើន៦,៣២% ក្នុងនោះ GDP សំរាប់មនុស្សម្នាក់មានចំនួន ៧៧២ដុល្លាអាមេរិក។ GDP តាមវិស័យគិតជាភាគរយក្នុងឆ្នាំ២០១៣ វិស័យកសិកម្មមាន១៧,២% វិស័យឧស្សាហកម្មស្មើនិង២៨,៩% និងវិស័យសេវាកម្មស្មើ និង៥៣,៩%។ ការនាំចេញសំខាន់ៗរបស់បង់ក្លាដែសរួមមានសំលៀកបំពាក់ក្រណាត់បង្គស្បែកតែសេរ៉ាមិច។ លើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-បង់ក្លាដែសក្នុងឆ្នាំ២០១១ មានទឹកប្រាក់ទំហំ ៦លាន១សែន ៤ម៉ឺន ដុល្លាអាមេរិកឆ្នាំ២០១២ មានទឹកប្រាក់ ៨លាន ៨សែនដុល្លា និងឆ្នាំ២០១៣ មានទឹកប្រាក់ទំហំ ៥លាន ៣សែន ៣ម៉ឺន ៤ពាន់ ២៤០ដុល្លាអាមេរិក។
នៅក្នុងកិច្ចសហប្រតិបត្តិការលើកការអភិវឌ្ឍជនបទ និងវិស័យយោធាកម្ពុជាបានបញ្ជូនកងយោធពលខេមរៈភូមិន្ទទៅចូលរួមហ្វឹកហ្វឺនទីលានលំហាត់យោធាសំរាប់គាំទ្រប្រតិបត្តិការសន្តិភាព ពហុជាតិសាសន៍នៅសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសពីថ្ងៃទី៦ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៨។ ជាមួយគ្នានេះកាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១០ បង់ក្លាដែសបានបញ្ជូនគណៈប្រតិភូទីស្តីការនាយករដ្ឋមន្រ្តីបង់ក្លាដែស មកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជាដើម្បីស្វែងយល់ពីទស្សនវិស័យនៃការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ និងជាមួយគ្នានេះពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣ បង់ក្លាដែសក៏បានបញ្ជូនគណៈប្រតិភូមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជាដើម្បីចែករំលែកបទពិសោធន៍ ស្តីពីការកាត់បន្ថយភាពក្រីក្រលើគំរោងសាងសង់លំនៅដ្ឋានសំរាប់គ្រួសារក្រីក្រ និងគំរោងគ្រប់គ្រងដីធ្លីនៅកម្ពុជា។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់អញ្ជើញថ្វាយបង្គុំព្រះសង្ឃ និងទស្សនាវត្តបុរាណមានឈ្មោះ Dharmajika ដែលជាវត្តមានវ័យចំណាស់ ជាងគេបង្អស់ក្នុងទីក្រុងដាកា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។
ព្រះចៅអធិការវត្តមានសង្ឃដិកាថា ទីអារាមនេះមានអាយុកាលដ៏យូរយង់ណាស់មកហើយ ពោលគឺក្រោយពីទទួលបានឯករាជ្យមកថ្នាក់ដឹកនាំបង់ក្លាដែស ក្នុងនោះរួមទាំងលោកជំទាវនាយករដ្ឋមន្រ្តីហ្សេក ហាស៊ីណា ផងនោះបានរួមចំណែកផ្តល់នូវថវិកាជាច្រើនក្នុងការកសាងទីអារាមនេះឡើងវិញ។
ទីអារាមនេះ ទទួលបាននូវការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈពីសំណាក់រដ្ឋាភិបាលឥណ្ឌាក្នុងការជួយកសាងឡើងវិញ។ ព្រះគ្រួចៅអធិការមានសង្ឃដិកាដែរថា មកដល់បច្ចុប្បន្នទីអារាមនេះ មានព្រះសង្ឃគង់ប្រថាប់សិក្សារៀនសូត្រចំនួនជាង ៦៧០អង្គ ដែលជាព្រះសង្ឃក្រីក្ររួមទាំងកុមារកំព្រាក្រីក្រ ជាច្រើននាក់ផងដែរ។ ព្រះគ្រួចៅអធិការមានសង្ឃដិកាសំដែងនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតំលៃ អញ្ជើញមកទស្សនាទីអារាមដ៏មានវ័យចំណាស់នេះ។
ព្រះគ្រួចៅអធិការមានសង្ឃដិការបន្តថា វត្តមានដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោនៅពេលនេះ គឺមិនគ្រាន់តែដើម្បីរិតចំណងក្នុងផ្នែករដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងធំធេងក្នុងការជំរុញទំនាក់ទំនងខាងផ្នែកសាសនាជាមួយ និងព្រះសង្ឃគង់នៅទីក្រុងដាកាផងដែរ។ ព្រះគ្រូចៅអធិការមានសង្ឃដិការជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរថា កាលពីពេលកន្លងទៅព្រះអង្គបាន និមន្តទៅកាន់ប្រទេសវៀតណាម ប៉ុន្តែនៅពេលខាងមុខព្រះអង្គ និងនិមន្តទៅកាន់ប្រទេសកម្ពុជា ដែលជាប្រទេសមួយមានការគោរពប្រតិបត្តិយ៉ាងខ្លាំងចំពោះព្រពុទ្ធសាសនា ដែលជាព្រះបរមគ្រូនៃយើង។
សូមបញ្ជាក់ដែរថា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រជាពលរដ្ឋមានជំនឿសាសនាគោរពប្រតិបត្តិទៅលើសាសនាចំនួន៤ផ្សេងគ្នា គឺសាសនាអ៊ីស្លាមហិនឌូព្រះពុទ្ធ និងសាសនាគ្រឹៈ។ នៅក្នុងឱកាសនៃការអញ្ជើញទស្សនាទីអារាមជាទីគោរពសក្ការៈនោះសម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រគេននូវបច្ច័យចំនួន១ម៉ឺន ដុល្លាអាមេរិកដល់ព្រះគ្រូចៅអធិការដើម្បីទុកកសាងសមិទ្ធផលនានា ក្នុងទីអារាមជាទីគោរពសក្ការៈនោះ។ ព្រះគ្រូចៅអធិការមានសង្ឃដិកាសំដែងនូវហឬទ័យរីករាយបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា និងប្រជាជនបង់ក្លាដែសដែលបានឧបត្ថម្ភនូវថវិកាដ៏មានតំលៃបំផុត ក្នុងការជួយកសាងសមិទ្ធផលក្នុងទីអារាមនេះបន្តទៀត។ ក្នុងនាមព្រះសង្ឃក្នុងទីអារាមជាទីសក្ការៈនេះព្រះអង្គបានបូងសួងដល់វត្ថុសិក្តិសិទ្ធក្នុងទីអារាមវត្ត Dharmajika តាមជួយបីបាច់ថែរក្សាការពារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជួបប្រទះតែពុទ្ធពរបួនប្រការ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំដ៏ឆ្នើមសំរាប់ប្រជាជនកម្ពុជា និងនិយាយដោយឡែកសំរាប់ចំណង់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងសំរាប់ថ្នាក់ដឹកនាំ និងប្រជាជនបង់ក្លាដែសក៏ដូចជាការគោរពស្រឡាញ់ដោយស្មោះស្ម័គ្របំផុតសំរាប់ព្រះសង្ឃទាំងអស់ដែលគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស៕