Thursday, August 06, 2015

ក្រសួងកិច្ចការនារីសុំឲ្យអង្គការ មិនមែនរដ្ឋាភិបាលរក្សាជំហរអព្យាក្រឹត

យោងតាមសេចក្តី​ថ្លែងការណ៍​ ចុះថ្ងៃទី ​០៦ ខែសីហា ​ឆ្នាំ២០១៥នេះ​ ក្រសួងកិច្ចការនារី បាន​បង្ហាញការសោក​ស្តាយយ៉ាងខ្លាំង​ ចំពោះការចេញនូវសេចក្តីថ្លែង​ការណ៍រួមរបស់អង្គការ​មិនមែន​រដ្ឋាភិបាលមួយចំនួន​ ដែលមានចំណងជើងថា ​«រួមគ្នាលើកកម្ពស់​សេចក្តីថ្លៃថ្នូររបស់​ស្រ្តី​ដោយពិតប្រាកដ» ​កាលពីថ្ងៃទី ០៥ ខែសីហា ​ឆ្នាំ២០១៥​កន្លងទៅ ​ទាក់ទងនឹងប្រសាសន៍​របស់​ សម្តេចតេជោ​ ដែលបានថ្លែងក្នុងឱកាស​បើកឲ្យប្រើប្រាស់ជា​ផ្លូវការស្ពានមិត្តភាព​កម្ពុជា-ចិន​ តាខ្មៅ​ កាលពីថ្ងៃទី ០៣​ ខែសីហា​ ឆ្នាំ២០១៥​ ពាក់ព័ន្ធនិងស្រ្តី​ជាបាតុករមួយរូប ​ដែលបានយក​ជើងធាក់ថែម​ ទៅលើសន្តិសុខ​មួយរូបដែលកំពុង​មានរបួសធ្ងន់ធ្ងរ។ ​ក្រសួង ​កិច្ចការនារី​ សង្ឃឹមថា​ អង្គការមិនមែន​រដ្ឋាភិបាល ​នឹងរក្សាគោល​ជំហរអព្យាក្រឹតចៀស​វាងផ្សព្វផ្សាយព័ត៌មាន​ដែលមានលក្ខណៈបំប៉ោង ​និងពង្រឹងកិច្ចសហការ​ជាមួយរាជរដ្ឋាភិបាលក្នុងភាពជា​ដៃគូរក្នុងការកសាង​ និងអភិវឌ្ឍ​ប្រទេសកម្ពុជា​ឲ្យរីកចំរើន។
ក្រសួងកិច្ចការនារី ​សូមធ្វើការកត់​សម្គាល់ថា ​សេចក្តីថ្លែង​ការណ៍​របស់អង្គការ​មួយចំនួន​ គឺ ​មានគោលបំណង​បំភ្លៃព័ត៌មាន​ និងវាយប្រហារ​រាជរដ្ឋាភិបាល​ ព្រោះសម្តេចតេជោ ​បាន​មានប្រសាសន៍​ផ្តោត​ទៅលើស្រ្តី​មួយរូបតែប៉ុណ្ណោះ ​ដែលបានទាត់ធាក់​លើកសន្តិសុខមួយ​រូប កំពុងរងរបួសធ្ងន់ ​និងគ្មានបំណង​រើសអើងលើស្ត្រី​ទូទៅនោះទេ។ ​សម្តេចតេជោ​ ក៏បានបញ្ជាក់ផងដែរថា ​«មិនមែនជា​ការរំលោភ​លើសិទ្ធិស្ត្រីទេ ​ប៉ុន្តែវាអាក្រក់ហួស...»។​ ការលើក​ឡើងរបស់ ​សម្តេចតេជោ​ ក៏ជាសារមួយបង្ហាញថា​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​មិនគាំទ្រដាច់ខាតចំពោះរាល់ការ​ប្រព្រឹត្តអំពើហិង្សា​ ទោះជនប្រព្រឹត្តនោះ​ជាស្ត្រីឬបុរសក៏ដោយ​ធ្វើ​យ៉ាងណា​សំដៅលើក​កម្ពស់នូវវប្បធម៌​អហិង្សាដើម្បីភាព​សុខដុមរមនា​ក្នុងសង្គម។
ក្រសួងកិច្ចការនារី​បានបញ្ជាក់ថា ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹង​ប្រែង​លើក​កម្ពស់​សិទ្ធិ និង​ស្ថានភាព​របស់​ស្ត្រី​ តាម​រយៈ​ការ​អនុវត្ត​គោល​នយោបាយ​ជាតិ​ ស្តីពីសមភាពយេនឌ័រ ការអនុវត្តអនុសញ្ញា ស្តីពីការលុប​បំបាត់​នូវ​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារីភេទ (CEDAW) គាំទ្រ និង​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​បាន​ចូលរួម​ក្នុង​គ្រប់វិស័យ​ការងារ មាន​តួនាទី​ធ្វើ​សេចក្តី​សម្រេច​នៅ​គ្រប់​លំដាប់​ថ្នាក់​ទាំង​ក្នុង​ស្ថាប័ននីតិបញ្ញត្តិ ​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ។





ពលរដ្ឋខ្មែររងគ្រោះ៦នាក់ទៀតហើយ ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី

យោងតាម​សេចក្តីជូន​ដំណឹងរបស់ក្រ​សួងការបរទេស ​និងសហ​ប្រតិបត្តិការ​អន្តរជាតិ​ ចុះថ្ងៃទី ​០៦ ខែសីហា ​ឆ្នាំ២០១៥នេះ ​បានឲ្យដឹងថា ​ពលរដ្ឋ​ខ្មែររងគ្រោះចំ​នូន ៦រូប​ ដែលបាន​ជាប់ឃុំឃាំងនៅ ​Alor Setar ប្រទេសម៉ា​ឡេស៊ី ​ត្រូវបានជួយស​ង្គ្រោះ ​នឹងរៀបចំ​ឲ្យវិលត្រឡប់​មកមាតុ​ប្រទេសវិញនៅ​ថ្ងៃនេះ។
នៅវេលាម៉ោង ​15:55​ នាទី ​រសៀល ​ថ្ងៃទី ​០៦ ខែ ​សីហា ឆ្នាំ​២០១៥ ​នេះ ពលរដ្ឋខ្មែរ​ ទាំង៦នាក់​ដែលរងគ្រោះមក​ដល់កម្ពុជា ​តាមជើងយន្តហោះ ​AK 534 ​នៅអាកាសយាន​ដ្ឋានអន្តរជាតិ​ភ្នំពេញ។
ក្រសួងការបទេស ​ក៏បានធ្វើការ​អំពាវនាវ​ដោយទទូច​ដល់ពលរដ្ឋ​ខ្មែរ ដែលមាន​បំណងស្វែងរកការ​ងារនៅក្រៅប្រទេស ​គួរតែស្វែងរ​កការងារ​ដែលមានស្រាប់នៅ​ក្នុងស្រុក ​ចៀសវាង​ការឃ្លាតឆ្ងាយពី​ក្រុមគ្រួសារ ​បងប្អូន ​និងអាចជួបគ្រោះចាញ់​ការបោកប្រាស់ ​ពីជនដែល​មានគំនិតទុ​ច្ចរិតបំរើផល​ប្រយោជន៍​ផ្ទាល់ខ្លួន។​

កន្លងមកនេះ ​ឯកឧត្តម​ឧបនាយករដ្ឋ​មន្រ្តី ​រដ្ឋមន្រ្តី​ការបរទេស ​និងសហប្រតិបតិ្ត​ការអន្តរជាតិ ​តែងតែបាន​ណែនាំជាប្រចាំ ​ដល់ស្ថានឯក​អគ្គរាជទូត​ និងស្ថានអគ្គ​កុងស៊ុលកម្ពុជា​ប្រចាំនៅបរទេស ​ឲ្យខិតខំជួយ​សង្រ្គោះពលរដ្ឋ​ខ្មែររងគ្រោះ ​ដែលបាន​ទៅធ្វើការ​ ឬចាញ់បោកមេ ​ខ្យល់នាំយក​ទៅបំរើការ​ងារនៅក្រៅ​ប្រទេស ​និងរៀបការ​ជាមួយជនបរទេស ​ដើម្បីឲ្យបាន​វិលត្រឡប់​មកកាន់មាតុ​ប្រទេសវិញ៕





មជ្ឈមណ្ឌល ថែទាំមនុស្សចាស់ នៅមន្ទីរពេទ្យ ខ្មែរ-សូវៀត ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ

នៅព្រឹក​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ និង ព្រះ​ករុណាព្រះបាទ​ សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា​ ទ្រង់បាន​យាងជា​ព្រះរាជា​អធិបតី ​ដ៏ខ្ពង់ខ្ពស់​បំផុត ​សម្ពោធដាក់​ឱ្យប្រើប្រាស់​មជ្ឈមណ្ឌល ​ថែទាំមនុស្សចាស់​ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាពខ្មែរ​-សូវៀត​ (ពេទ្យរស្ស៊ី)។​

សម្តេចព្រះ​មហាក្សត្រី ​នរោត្តម​ មុនីនាថ ​សីហនុ ​ព្រះវររាជ​មាតាជាតិខ្មែរ​ បានមាន​ព្រះរាជបន្ទូលថា​ ការកសាង ​អគារមណ្ឌល​ព្យាបាល​មនុស្សចាស់​ ព្រះសីហ​នុរាជ​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ គឺជាការរំលឹក​នូវព្រះរាជ​គុណូបការៈ ​ដ៏ធំធេង​របស់ព្រះករុណា​ ព្រះនរោត្តម ​សីហនុ ​ព្រះបរមរ​តនកោដ្ឋ។
ព្រះមហាក្សត្រី ​ព្រះវររាជ​មាតាជាតិខ្មែរ​ បានមាន​ព្រះរាជ​បន្ទូលថា ​អតីតព្រះមហាក្សត្រ ​ព្រះករុណា ​ព្រះនរោត្តម​ សីហនុ ​កាលដែលព្រះ​អង្គនៅ​គង់ព្រះជន្ម ​ព្រះអង្គ បាន​កសាង​សមិទ្ធផល ​ផ្នែកសុខាភិបាល​ ដើម្បីថែទាំ​ និងព្យាបាលសុ​ខភាពរបស់​ប្រជារាស្រ្តជា​កូនចៅ ចៅទួត​ របស់ព្រះអង្គ។​

ព្រះវររាជ​មាតាជាតិខ្មែរ​ មានព្រះរាជ​បន្ទូលបញ្ជាក់ថា ​ថវិកាដែល​បានចំណាយ ​លើការសាង​សង់អគារ​ ព្យាបាលមនុ​ស្សចាស់ ​ដែលមានទឹក​ប្រាក់ប្រមាណ​ ៣លាន​ដុល្លារអាមេរិក​ នេះ បានមក​ពីព្រះមហាក្សត្រ ​និងតង្វាយ​របស់សប្បុរសជន​ជាតិ-អន្តរជាតិ ​ដែលបាន​ចូលជាវិភាគទាន​ ក្នុងឱកាស​ប្រារព្ធព្រះរាជ​ពិធីបុណ្យថ្វាយ​ព្រះបរមសព ​ព្រះករុណា ​ព្រះនរោត្តម​ សីហនុ។

គួរបញ្ជាក់ថា ​មជ្ឈមណ្ឌលថែទាំ​មនុស្សចាស់ ​ព្រះសីហនុរាជ​ ដែលស្ថិត​នៅក្នុងបរិវេណ ​មន្ទីរពេទ្យ​មិត្តភាពកម្ពុជា-​សូវៀត​ បានកសាងឡើង​ កាលពីដើម​ឆ្នាំ២០១៤ ​សម្រាប់ជួយ​សម្រាលទុក្ខ​លំបាករបស់​ប្រជាពលរដ្ឋ​កម្ពុជា​ និងជាការ​អភិវឌ្ឍផ្នែក​វិស័យសុខាភិបាលផ​ងដែរ៕