Thursday, August 06, 2015

ក្រសួងកិច្ចការនារីសុំឲ្យអង្គការ មិនមែនរដ្ឋាភិបាលរក្សាជំហរអព្យាក្រឹត

យោងតាមសេចក្តី​ថ្លែងការណ៍​ ចុះថ្ងៃទី ​០៦ ខែសីហា ​ឆ្នាំ២០១៥នេះ​ ក្រសួងកិច្ចការនារី បាន​បង្ហាញការសោក​ស្តាយយ៉ាងខ្លាំង​ ចំពោះការចេញនូវសេចក្តីថ្លែង​ការណ៍រួមរបស់អង្គការ​មិនមែន​រដ្ឋាភិបាលមួយចំនួន​ ដែលមានចំណងជើងថា ​«រួមគ្នាលើកកម្ពស់​សេចក្តីថ្លៃថ្នូររបស់​ស្រ្តី​ដោយពិតប្រាកដ» ​កាលពីថ្ងៃទី ០៥ ខែសីហា ​ឆ្នាំ២០១៥​កន្លងទៅ ​ទាក់ទងនឹងប្រសាសន៍​របស់​ សម្តេចតេជោ​ ដែលបានថ្លែងក្នុងឱកាស​បើកឲ្យប្រើប្រាស់ជា​ផ្លូវការស្ពានមិត្តភាព​កម្ពុជា-ចិន​ តាខ្មៅ​ កាលពីថ្ងៃទី ០៣​ ខែសីហា​ ឆ្នាំ២០១៥​ ពាក់ព័ន្ធនិងស្រ្តី​ជាបាតុករមួយរូប ​ដែលបានយក​ជើងធាក់ថែម​ ទៅលើសន្តិសុខ​មួយរូបដែលកំពុង​មានរបួសធ្ងន់ធ្ងរ។ ​ក្រសួង ​កិច្ចការនារី​ សង្ឃឹមថា​ អង្គការមិនមែន​រដ្ឋាភិបាល ​នឹងរក្សាគោល​ជំហរអព្យាក្រឹតចៀស​វាងផ្សព្វផ្សាយព័ត៌មាន​ដែលមានលក្ខណៈបំប៉ោង ​និងពង្រឹងកិច្ចសហការ​ជាមួយរាជរដ្ឋាភិបាលក្នុងភាពជា​ដៃគូរក្នុងការកសាង​ និងអភិវឌ្ឍ​ប្រទេសកម្ពុជា​ឲ្យរីកចំរើន។
ក្រសួងកិច្ចការនារី ​សូមធ្វើការកត់​សម្គាល់ថា ​សេចក្តីថ្លែង​ការណ៍​របស់អង្គការ​មួយចំនួន​ គឺ ​មានគោលបំណង​បំភ្លៃព័ត៌មាន​ និងវាយប្រហារ​រាជរដ្ឋាភិបាល​ ព្រោះសម្តេចតេជោ ​បាន​មានប្រសាសន៍​ផ្តោត​ទៅលើស្រ្តី​មួយរូបតែប៉ុណ្ណោះ ​ដែលបានទាត់ធាក់​លើកសន្តិសុខមួយ​រូប កំពុងរងរបួសធ្ងន់ ​និងគ្មានបំណង​រើសអើងលើស្ត្រី​ទូទៅនោះទេ។ ​សម្តេចតេជោ​ ក៏បានបញ្ជាក់ផងដែរថា ​«មិនមែនជា​ការរំលោភ​លើសិទ្ធិស្ត្រីទេ ​ប៉ុន្តែវាអាក្រក់ហួស...»។​ ការលើក​ឡើងរបស់ ​សម្តេចតេជោ​ ក៏ជាសារមួយបង្ហាញថា​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​មិនគាំទ្រដាច់ខាតចំពោះរាល់ការ​ប្រព្រឹត្តអំពើហិង្សា​ ទោះជនប្រព្រឹត្តនោះ​ជាស្ត្រីឬបុរសក៏ដោយ​ធ្វើ​យ៉ាងណា​សំដៅលើក​កម្ពស់នូវវប្បធម៌​អហិង្សាដើម្បីភាព​សុខដុមរមនា​ក្នុងសង្គម។
ក្រសួងកិច្ចការនារី​បានបញ្ជាក់ថា ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹង​ប្រែង​លើក​កម្ពស់​សិទ្ធិ និង​ស្ថានភាព​របស់​ស្ត្រី​ តាម​រយៈ​ការ​អនុវត្ត​គោល​នយោបាយ​ជាតិ​ ស្តីពីសមភាពយេនឌ័រ ការអនុវត្តអនុសញ្ញា ស្តីពីការលុប​បំបាត់​នូវ​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារីភេទ (CEDAW) គាំទ្រ និង​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​បាន​ចូលរួម​ក្នុង​គ្រប់វិស័យ​ការងារ មាន​តួនាទី​ធ្វើ​សេចក្តី​សម្រេច​នៅ​គ្រប់​លំដាប់​ថ្នាក់​ទាំង​ក្នុង​ស្ថាប័ននីតិបញ្ញត្តិ ​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ។





No comments:

Post a Comment