Wednesday, October 08, 2014

លោក សោម អូន៖ បាតុកម្ម​មិនមែន​ជាជម្រើស​ល្អ នៅក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករទេ

ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ​លោក សោម អូន នៅ​ថ្ងៃទី៧​ ខែតុលា ឆ្នាំ២០១៤​  បាន​លើក​ឡើងថា ​ការ​ធ្វើ​យុទ្ធនារបស់ក្រុម​មេដឹកនាំ​សហជីព​មួយ​ចំនួន ដែលមានចរិតដូចជា​បាតុកម្ម នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៤ ​ខាង​មុខ​ ដើម្បី​ទាម​ទារតំ​ឡើង​ប្រាក់ឈ្នួល​កម្មករសំរាប់ ឆ្នាំ ២០១៥​​នោះ គឺធ្វើ​ឡើង​ដើម្បីស្វែងរកប្រជាប្រិយភាពប៉ុណ្ណោះ ហើយការ​តវ៉ា​កន្លងមក​ ដែល​ក្រៅ​អំពី​យន្ដការ​នៃ​ការដោះ​ស្រាយ​​ផ្លូវច្បាប់​ គឺ​មិនដែល​ទទួល​បាន​ជោគជ័យម្តងណាឡើយ   

លោក សោម អូន​ បាន​បញ្ជាក់​ថា   ផ្ទុយទៅវិញ ការ​ធ្វើ​បាតុកម្ម​ ​មានតែ​ធ្វើ​ឲ្យ​បាត់បង់​ផល​ប្រយោ​ជន៍​​របស់​កម្ម​ករ​ ដូចជា​ការខាតបង់ពេលវេលាធ្វើការ បាត់បង់​ប្រាក់​ឈ្នួល បាត់បង់​ការងារ ឬ​គ្រោះថ្នាក់​ដល់​ជីវិត និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃសង្វាក់ ផលិតកម្ម ព្រោះការបញ្ជាទិញតាមរោងចក្រនីមួយៗ អ្នកបញ្ជាទិញបានកំណត់យ៉ាងច្បាស់ អំពី ពេលវេលាផលិត ដូច្នេះបើកម្មករឈប់សំរាកមិនធ្វើការនោះ និងធ្វើឲ្យការផលិតទំនិញស្ទះ ហើយ​អ្នក​បញ្ជា​ទិញអាចលុបចោលការបញ្ជាទិញ នឹងអស់ជំនឿលើករោងចក្រមួយនោះ ហើយគាត់ អាចបង្វែរការបញ្ជាទិញទៅប្រទេសផ្សេង នៅពេលនោះកម្មករយើង និងបាត់បង់ការងារ ហើយ​មួយ​វិញទៀតវាអាចប៉ះពាល់ដល់សន្តិសុខជាតិ ព្រោះរាល់ពេលធ្វើយុទ្ធនាការ រឺបាតុកម្មម្តងៗ តែងតែមានក្រុមអ្នកនយោបាយ ឆ្លៀតឱកាសចូលរួមដែលច្រើនតែបង្កឲ្យមានអំពើហិង្សា ជាក់ស្តែងកន្លងមក គឺមានកម្មករមួយចំនួនបានរងរបួស និងខ្លះបានស្លាប់បាត់បង់ជីវិតជាដើម

លោក​ សោម អូន ក៏បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ គឺមានក្រុមសហជីពចំនួនប្រហែលជា ៥-៦ប៉ុណ្ណោះ ដែល​ដឹកនាំ​កម្មករ​ធ្វើយុទ្ធនាការ នៅទីលានប្រជាធិបតេយ្យ គោលបំណង គឺដើម្បីទាមទារដំឡើងប្រាក់ខែកម្មករសំរាប់ ឆ្នាំ២០១៥។

ចំពោះបញ្ហាប្រាក់ឈ្នួលកម្មករនេះ លោក សោម អូន បានលើកឡើងថា គឺមានយន្តការមួយដែលជាយន្តការផ្លូវច្បាប់ ដែលបង្កើតឡើង ដោយ​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈជាត្រីភាគី គឺមានតំណាងសហជីព តំណាងនិយោជក និងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាល ដែល​យើង​ហៅ​ថាគណៈកម្មការប្រឹក្សាការងារ។ តាមរយៈយន្តការនេះកន្លងមក យើងបានធ្វើការងារជោគជ័យជាច្រើន នៅក្នុងការពិភាក្សាដើម្បីរកច្រកចេញនៃការដំឡើងប្រាក់ឈ្នួលជូនកម្មករ។

លោក ​សោម អូន បាន​បញ្ជាក់​ដែរ​ថា តាមរយៈសិក្ខាសាលា​ធំ​ មួយរបស់​អង្គការ​ពលកម្ម​អន្តរជាតិ​អាយ​ឡូ កាលពី​ថ្ងៃ​ទី​២៤-២៥ ខែ​មេសា​កន្លង​ទៅ​ បាន​សម្រេច​យក​គោល​ការណ៍​មួយ​ចំនួន​សម្រាប់​ការដំឡើង​ប្រាក់​ឈ្នួល​គឺ​ទី​១- ​ដំឡើង​ទៅ​តាម​កំណើន​សេដ្ឋកិច្ច ទី​២-​យោង​ទៅតាម​គោលការណ៍​ឈ្នះ​ឈ្នះ គឺឈ្នះទាំងខាងនិយោជក និងឈ្នះទាំងខាងកម្មករ និង​ទី​៣-​យើង​ប្រើ​ប្រព័ន្ធ​២​គឺ​ប្រសិន​បើ​​ពិភាក្សា​​ដំឡើង​ប្រាក់​ឈ្នួល​ គឺ​យក​ការសម្រេច​ជា​ឯកច្ឆន្ទ ហើយ​ប្រសិនបើ​មិន​ឯកភាពគ្នា​ទេ​ គឺ​ប្រើការ​បោះឆ្នោត​ជា​សម្ងាត់ ហើយ​លក្ខណៈ​នៃ​ការពិភាក្សា​ប្រាក់​ឈ្នួល​នេះ យើងពឹង​ផ្អែកទៅលើ​ទិន្នន័យ​នៃ​ក្រសួងផែនការ​ និង​លទ្ធភាព​នៃ​ការប្រកួតប្រជែង​អំពី​ទីផ្សារការងារ និងកម្រិត​ជំនាញ​នៃ​កម្មករ​នៅក្នុង​វិស័យ​នោះ ជាពិសេស​គិតគូរ​ទៅលើ​គ្រួសារ​ និង​អតិផរណា​នៅក្នុងប្រទេស​កម្ពុជា​។ លោក​បញ្ជាក់ថា ការចរចា​មកដល់ពេលនេះ​រវាង​សហជីព​ នឹង​និយោជក​គឺ​ខាង​និយោជក​បាន​ដំឡើង​១០​ដុល្លារ​បន្ថែម​ ហើយ​សហជីព​បាន​ចុះ​ពី​១៧៧​មក​ត្រឹម​១៥០​ ដូច្នេះ​នេះ​ជា​តួលេខ​នៃ​ការ​ចរចា​គ្នា​ចុងក្រោយ ប៉ុន្ដែ​តួលេខ​នេះ​នៅ​មិនទាន់​ឯកភាពគ្នា​នៅឡើយ​ទេ ការ​​ចរចា​និងបន្តរហូតដល់ ខែវិច្ឆិកា ​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ភាគី​ទាំងសងខាង​ជជែក​គ្នា​ឲ្យ​បាន​ច្រើន​ក្នុង​ការដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរមា​ដល់កម្មក​រ​នេះ។ លោក​ សោម អូន​ បាន​បន្ថែម​ថា ជាផែនការតាមរយៈការចរចានេះ បានឯកភាពគ្នា ឲ្យអនុវត្តប្រាក់ឈ្នួលជូនកម្មករ ចាប់ពីថ្ងៃ ទី១ ខែ មករា ឆ្នាំ២០១៥ខាងមុខនេះ។

ជារួម លោក សោម អូន បានចាត់ទុកថា យុទ្ធនាការ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ គឺធ្វើឡើងដើម្បីប្រជាប្រិយភាព ដែលនេះជាទម្លាប់សំរាប់សហជីពនៅស្រុកខ្មែរយើងទៅហើយ នៅពេលណាមានការជជែកពីបញ្ហាប្រាក់ឈ្នួល តែងតែមានក្រុមផ្សេងៗ ធ្វើសកម្មភាពដើម្បីដណ្តើមនូវប្រជាប្រិយភាព ប៉ុន្តែបើយើងគិតទៅ គឺមានចំនួនតិចតួចប៉ុណ្ណោះ ព្រោះថាសហជីពបច្ចុប្បន្នគឺមានប្រហែលជាជិត៩០ ហើយសហព័ន្ធដែលចូលរួមធ្វើយុទ្ធនាការនោះ មានប្រហែលជា ៥-៦ទេ ក្រៅពីនេះ គឺពួកគេបានចូលរួមគាំទ្រការចរចាយន្តការត្រីភាគី និងកំពុងរង់ចាំស្តាប់លទ្ធផល។
ទោះជាយ៉ាងណា លោក សោម អូន បានសង្គត់ធ្ងន់ថា ជាបទពិសោធន៍កន្លងមក ការចូលរួមពីបងប្អូនកម្មករយើង គឺមិនមានច្រើនទេ ជាឧទាហរណ៍ បើគម្រោង២០០០, ៣០០០នាក់ ប៉ុន្តែពេលមក គឺបានតែ ២០០-៣០០នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ កម្មករគាត់យល់ដឹងច្រើន ព្រោះកន្លងមកក្រុមសហជីពមួយចំនួន តែងតែនាំគាត់ទៅធ្វើបាតុកម្ម រឺយុទ្ធនាការផ្សេងៗ ប៉ុន្តែចុងបញ្ចប់អត់បានលទ្ធផលអ្វីទាំងអស់។

លោក សោម អូន បាន​វាយ​តម្លៃថា ការធ្វើយុទ្ធនាការនៅថ្ងៃទី ១២ ខាងមុខនេះ គឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ ប៉ុន្តែកម្មករយើងមានសិទ្ធិពិចារណាថា គាត់គួរចូលរួម ឬមិនចូលរួម ហើយជាគោលការណ៍​លោកគិតថា កម្មករយើងគាត់អត់ចង់ចូលរួមទេ ព្រោះគាត់យល់ថា ម្នាក់ៗកំពុងតែចាំស្តាប់លទ្ធផលរបស់ គណៈកម្មការប្រឹក្សាការងារ។

អត្ថបទៈ ច័ន្ទ ទេវី

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណ​ក្ខន្ធ និងបំពាក់​មេដាយ​ជាតូប​ការ ជាកិច្ច​​បច្ឆា​មរ​ណៈ ជូន​​លោក​ព្រឹទ្ធាចារ្យ ជុំ ហ៊ល​


អតីត ប្រធានគណៈកម្មាធិការប្រជាជន ក្រុងព្រះសីហនុ​លោកព្រឹទ្ធាចារ្យ ជុំ ហ៊ល ដែល​មាន​ស្នាដៃកសាងជាតិ និងបំរើជាតិមាតុភូមិបាន​ទទួល​មរណភាព​ហើយកាលពី​ថ្ងៃ​អាទិត្យ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៤ ក្នុង​ជន្មាយុ៨៤ឆ្នាំ​។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ​មាន​អមដំណើរពីមន្ត្រី អ្នកមុខអ្នកការក្នុងជួររាជរដ្ឋាភិបាល និងសមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា នាព្រឹកថ្ងៃទី ០៨ តុលា​នេះ បានអញ្ជើញចូលរួមផ្តល់​ជា​កិត្តិយសគោរពវិញ្ញាណក្ខន្ធ ជាការ​គោរព​លាជាលើកចុង​ក្រោយ និងបាន​បំពាក់មេដាយជាតូបការ ជាកិច្ចបច្ឆាមរណៈ ជូនសព​លោក ព្រឹទ្ធា​ចារ្យ ជុំ ហ៊ល អតីត​ប្រធានគណកម្មាធិការប្រជាជនក្រុងព្រះសីហនុ ដោយ​​​​សមាន​​​ចិត្ត​ដ៍ក្រៀមក្រំ អាឡោះ​អាល័យ និងសោកស្តាយជាទីបំផុត បន្ទាប់ពី​ព្រឹទ្ធាចារ្យ ជុំ ហ៊ល បាន​ទទួល មរណៈ​ភាព កាលពីថ្ងៃអាទិត្យទី ០៥ តុលា ២០១៤ វេលាម៉ោង ០៤ និង​៣០​នាទី​ព្រឹក ក្នុង​ជន្មាយុ ៨៤ឆ្នាំ ដោយ​ជរាពាធ នៅគេហដ្ឋានសព ស្ថិតនៅផ្ទះ លេខ​៣០០ ផ្លូវឯករាជ្យ ក្នុង​សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហនុ។



ការផ្តល់ជាកិត្តិយស អញ្ជើញចូលរួមដោយផ្ទាល់របស់សម្តេចតេជោ  ក្នុងការ​គោរព​វិញ្ញាណក្ខន្ធ សំដែងមរណទុក្ខជាមួយគ្រួសារ សពព្រឹទ្ធាចារ្យ​របស់​ព្រឹទ្ធាចារ្យ​ ជុំ ហ៊ល។

ដោយ៖ ខេមារា


សេច​ក្តីជូន​ព័ត៌មាន MFAIC សម្តេច​​តេជោ ហ៊ុន សែន ដឹកនាំ​គណៈ​ប្រតិ​ភូ​​ចូល​រួម​ប្រជុំ​​កំពូល​​អាស៊ី​-អឺរ៉ុប​លើក​ទី១០ ថ្ងៃទី១៦ ដល់១៧ តុលា២០១៤ នៅអីតាលី