Wednesday, July 10, 2013

អត្ថបទដោយលោក៖ Allen Myers (តើរឿងសិទ្ធិមនុស្ស ឬជាការបំពងសម្លេងឃោសនា? )



ក្នុង​អំឡុង​ពេល​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត ប្រាកដហើយមិនមែនត្រឹមតែបណ្តា គណបក្ស​នយោ​បាយ​​ ជា​មនុស្ស ឬ​អង្គការទេ ​ដែល​ចូល​រួម​ពាក់​ព័ន្ធ​នៅ​ក្នុង​អ្វី​​ដែល​អាច​គេ​ហៅ​ថា ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ ពល​រដ្ឋ​មួយ​រូប​ៗ​ពិភាក្សា​គ្នាជា​មួយ​អ្នក​ជិត​ខាង និង​ក្រុម​គ្រួសារ ​​អំពី​បញ្ហា​ផ្សេងៗ និង​អ្នក​ដែល​នឹង​ត្រូវ​បោះ​ឆ្នោត​​ឲ្យ​។ បណ្តា​អង្គការ​ដែល​​តស៊ូ​មតិ​អំពីបញ្ហាពិសេស មួយ​ចំនួន​មាន​សិទ្ធិ​និយាយ​ថា បេក្ខជននេះ ឬ​គណបក្ស​នោះ​មាន​ជំហ​រ​ប្រសើ​ជាង ឬ​អន់ជាង​​ទៅ​លើ​បញ្ហា​របស់​ពួក​គេ។ បណ្តាកាសែត​អាច​ជំរុញ​ឲ្យ​អ្នក​អាន​របស់​ពួក​គេ​បោះ​ឆ្នោត​ជូន​​គណបក្សណា​មួយ។ ទាំង​អស់​នេះ​ គឺ​ជា​ផ្នែក​ទូ​ទៅ​មួយ​នៃ​​សេរី​ភាព​និយាយ​ស្តី​ និង​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជា​ធិប​តេយ្យ។

ប្រជា​ជន​ក៏​មាន​សិទ្ធិ​តាម​បែប​ប្រជា​ធិបតេយ្យ​ដើម្បី​សម្តែង​អាកប្បកិរិយា​អាក្រក់​ដែរ។ និយាយ ដូច្នេះ​មិន​មាន​ន័យ​ថា គេអាច​រំលោភ​ច្បាប់​នោះ​ទេ។ ខ្ញុំ​ចង់និយាយ​​ថា ជា​ការ​ប្រើ​ប្រាស់​សេរី​ភាព​បញ្ចេញមតិទៅ​តាម​របៀប​មួយ ​ដែល​ប្រឆាំង​ទៅ​នឹង​គោល​បំណង​របស់​ម្ចាស់​ឆ្នោត​ពេញ​សិទ្ធិ​​ដើម្បី​ធ្វើ​ការ​ជ្រើស​រើស​​តាម​បែប​ប្រជា​ធិបតេយ្យ។ ឧទាហរណ៍​មួយ ​​គឺ​ជា​អ្នក​នយោ​បាយ​ដែល​សន្យា​ធ្វើ​នេះ​ ឬ​នោះ ដែល​ពួក​គេ​មិន​មាន​ចេតនា​ធ្វើ ឬ​មិន​អាច​ធ្វើ​បាន។ ប្រភេទ​​នៃការ​សន្យា​នេះ​​មិន​អាច​​ត្រូវបានដាក់ឱ្យនៅក្រៅ​ច្បាប់​បាន​ទេ ប៉ុន្តែ​ម្ចាស់​ឆ្នោត​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ភាគ​ច្រើន​​មាន​ការ​មន្ទិល​ទៅ​នឹង​​ការ​សន្យា​ ដែល​មិន​ជាក់​ស្តែង​ដោយ​បណ្តាបេក្ខ​ជន​ទាំង​នោះ។ ពួក​គេ​បាន​ដឹង​តាមរយៈបទ​ពិសោធន៍​ប្រចាំ​ថ្ងៃផ្ទាល់ខ្លួន​​របស់​ពួក​គេអំពី​អ្វី​ដែល​​ទំនង​ជា​ធ្វើ​ទៅ​រួច​ និង​អ្វី ដែល​មិន​ទំនង​ជា​ធ្វើ​ទៅ​កើត។

របៀប​មួយ​ទៀត​នៃ​ការ​សម្តែង​អាកប្បកិរិយាអាក្រក់នោះ​គឺ​ការ​ធ្វើ​ពុត​​​ថា អ្នក​កំពុង​និយាយ​អ្វី​ផ្សេង នៅ​ពេល​អ្នក​ពិតជា​កំពុង​ព្យាយាម​​គាំទ្រ​គណបក្ស​ណាមួយ​នោះ។ ​របៀបមួយ​ទៀត​នោះ​គឺ​តម្រង់សេរី​ភាពបញ្ចេញមតិរបស់​អ្នក​​ទៅ​កាន់​មនុស្ស​ ដែល​មិន​មាន​ចំណេះ​ដឹង ឬ​បទ​ពិសោធ​ន៍​ក្នុង​ការ​វិនិច្ឆ័យ​​ថា​តើ​អ្វី​ដែល​អ្នក​និយាយ​នោះ​ត្រឹម​ត្រូវ​ ឬ​អត់។ ឧទាហរណ៍​ចំនួនពីរ​នៃ​បណ្តុំ​ចូលគ្នា នៃ​ការ​សម្តែង​អកប្បកិរិយាអាក្រក់ទាំងពីរ​នេះ​ បាន​លេច​ឡើង​នាពេល​ថ្មី​ៗ​នេះ​នៅ​ក្នុង​បណ្តាញ​ផ្សព្វ​ផ្សាយ​របស់​អាមេរិក។ នៅ​ក្នុង​ករណីទាំងពីរ​នេះ ការ​បំពង​សម្លេង​សម្រាប់​ការ​បោះ​ឆ្នោត​​ដើម្បី​គាំទ្រ​គណបក្ស​ប្រឆាំង​​នោះ​ត្រូវ​គេ​​ចាត់​ទុក​ថា ជា​ការ​គាំទ្រ​​ខាង​សិទ្ធិ​មនុស្ស​ និង​ភាព​យុត្តិធម៌​នៅ​ក្នុង​ការ​បោះ​ឆ្នោតទៅវិញ

          នៅថ្ងៃទី ៤ ខែ កក្កដា សារព័ត៌មាន Associated Press បានចេញអត្ថបទមួយ ដែលបាន រាយការណ៍ថា សមាជិកសភា និង “សកម្មជនសិទ្ធិមនុស្ស” ជាច្រើននាក់ កំពុងជំរុញឲ្យកាត់ជំនួយ អាមេរិកមកឱ្យកម្ពុជា ប្រសិនបើពួកគេមិនទទួលយកលទ្ធផលនៃការបោះឆ្នោត​របស់​កម្ពុជានា ពេលខាងមុខ។ ខណៈដែលអត្ថបទនិយាយថា សមាជិកនៃសភាតំណាងរាស្រ្ត និងព្រឹទ្ធ​សភា កំពុង “ជំរុញ” លើបញ្ហានេះ អត្ថបទបានផ្តល់ឈ្មោះនៃសមាជិកព្រឹទ្ធសភាតែ​ពីរ​រូបតែប៉ុណ្ណោះគឺ​លោក Marco Rubio និង លោក Lindsey Graham។​

លោក Rubio សមាជិកគណបក្សសាធារណៈរដ្ឋមកពីរដ្ឋ Florida សហរដ្ឋអាមរិក ដែល ត្រូវបាន​គេស្គាល់ថា ជា “បុត្រាស្នងរាជ្យនៃចលនា Tea Party” ដែល​ជាក្រុមអភិរក្ស​ហួស​ហេតុ និងមិនចុះសម្រុងនឹងអ្នកដទៃដែលជឿងថា អ្នកនឹងមានទំនាក់ទំនងល្អជាមួយ​អ្នកជិត​ខាង​របស់​អ្នក ប្រសិនបើអ្នកអាចគំរាមពួកគេឱ្យខ្លាចដោយការបាញ់អាវុធពាក់កណ្តាល​ស្វ័យ​ប្រវត្តិ​។ លោក Graham សមាជិកគណបក្សសាធារណៈរដ្ឋមកពីរដ្ឋ Carolina ខាងត្បូងដែល​គាំទ្រ “រដ្ឋាភិបាល​ធំ” នៅក្នុងរឿងខ្លះ។ ប្រភព Wikipedia ដែលរៀបរាប់អំពី​រូបគាត់​ដោយ​សង្ខេប​ថា “បញ្ហាដែលសំខាន់​បំផុតរបស់លោក Graham គឺមានរដ្ឋាភិបាលមួយ ដែលមាន​អំណាច​ខ្លាំង​ក្លា​ជុំវិញវិស័យសេដ្ឋកិច្ច និងអាចចំណាយធនធានរបស់ប្រទេសជាច្រើន ចំពោះការលូកដៃ ​យោធាអាមេរិកនៅក្នុងបញ្ហា ផ្សេងៗជុំវិញពិភពលោក ដែលគាត់មានជំនឿថា គួរតែមាន​ភាព​ខុស​ប្លែកគ្នាជាងពេលបច្ចុប្បន្ន”។​

សម្រាប់ “សកម្មជនសិទ្ធិមនុស្ស” សារព័ត៌មាន AP មិនបានបញ្ចេញឈ្មោះអ្នកណា​មួយ​នោះ​ទេ។ អ្វីដែលសារព័ត៌នេះបានលើកឡើង គឺមន្រ្តីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch HRW) និង​អង្គការ​​លើកលែងទោសអន្តរជាតិ (International Amnesty) HRW មានទំនាក់ទំនងតិចតួច ជាមួយនឹង​សិទ្ធិមនុស្ស​ពិត​ប្រាក​ដ។ វា គឺជាលទ្ធផលនៃការច្របាច់ចូល គ្នា នៃរណសិរ្ស​សង្រ្គាមត្រជាក់អាមេរិកពីររបស់​ក្រសួង​ការ​បរទេសអាមេរិក មួយគឺសំដៅលើការ បង្ខូចឈ្មោះប្លុកសូវៀត ហើយមួយទៀត គឺ​ក្រុម​ដែល​និយាយ​ម្តងម្កាលថា “Tut,tut” ដល់អ្នកកាន់ អំណាចផ្តាច់ការអាមេរិក​ឡាទីនរបស់ទីក្រុង Washington ក្នុង​គោលបំណងបង្កើតការភាន់ច្រឡំ ថា រដ្ឋាភិបាលអាមេរិកពិតជាមានការ យកចិត្តទុក​ដាក់អំពី​សិទ្ធិ​មនុស្សមែន។​

ការដឹកនាំរបស់អង្គការលើកលែងទោសអន្តរជាតិ បានផ្លាស់ប្តូរនៅក្នុងគោលដៅអភិរក្ស និយម​មួយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅខែ មករា ឆ្នាំ២០១២ អង្គការនេះ​ បានតែង​តាំង​នាយក​ប្រតិបត្តិរបស់ខ្លួន ដែលជាអតីតមន្រ្តីក្រសួងការបរទេស​ជំនាញ ខាងផ្នែក​ឃោសនា​​ដើម្បី ឲ្យមាន “អន្តរាគមន៍ផ្នែកមនុស្សធម៌” ដែលជាការរំលោភបំពានដោយសហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្តរបស់ខ្លួនតាមការធ្វើយុត្តិកម្មសំអាងលើបញ្ហា ស្តីអំពីការរំលោភបំពានសិទ្ធិមនុស្ស​នៅក្នុង​ប្រទេសដែល​ពួកគេបានរំលោភបំពាននោះ។ លទ្ធផលដំបូងមួយ គឺជាការការពារជាសាធារណៈ របស់​អង្គការលើកលែងទោសអន្តរជាតិនៃសង្រ្គាម​សហ​រដ្ឋ​អា​មេ​រិក-ណា​តូ​ នៅ​​ប្រ​ទេស​អាហ្គានីស្ថាន ដោយ​ប្រើប្រាស់​ទឡ្ហីករណ៍​ថា​ សង្រ្គាម​នេះ ​គឺ​មាន​​ភាព​ចាំ​បាច់​ណាស់​ដើម្បី​ការ​ពារ​សិទ្ធិ​ស្រ្តី​អាហ្គា​​នី​ស្ថាន។ ទាំងអង្គ​ការ HRW និង​ International Amnesty គឺ​ជា​អ្នក​ប្រ​ឆាំង​យ៉ាងកងរំពង ទៅ​នឹង​ការ​បង្កើត​សាលា​ក្តី​ ដែល​ព្យាយាម​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រ​ហម។

សម្រាប់​ក្រុមជើងអ្នកលេង «​សេរី​ភាពនិយម» និង​ «អភិ​រក្សនិយម»​ «​សិទ្ធិ​មនុស្ស​»​ មាន​ន័យ ​ថា​ ជា​សិទ្ធិ​របស់​​​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ដើម្បី​ប្រាប់​ប្រ​ទេស​ផ្សេងៗ​ទៀតនូវ​អ្វី​ ដែល​ត្រូវ​ធ្វើ ជា​ពិ​សេស ប្រ​ទេស​​តូច​តាច​ ឬ​ក៏​ក្រី​ក្រ។

ដើម្បី​អនុ​វត្តន៍​នូវ «សិទ្ធិ​នេះ»​ ពួក​គេ​មិន​គ្រាន់​តែ​តវ៉ា​ឲ្យ​សហ​រដ្ឋ​អា​មេ​រិក​កាត់​ជំនួយ​ប៉ុ​ណ្ណោះ​ទេ​ (ដែល​ជំនួយទាំងនោះ ភាគច្រើនបានផ្តល់ឲ្យ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​មួយ​ចំនួន​ដើម្បី​វាយ​ប្រ​ហាររដ្ឋា​ភិ​បាល​កម្ពុជា​)។ ពួក​គេក៏​បាន​លើក​ជា​សំណើ​ផង​ដែរ​ឲ្យសហរដ្ឋ​អា​មេ​រិកដាក់សម្ពាធលើអង្គការ ជាច្រើន​ ដូចជាធនា​គារ​អភិ​វឌ្ឍន៍​អាស៊ីឲ្យកាត់​ប្រាក់​កម្ចី​ ដែល​ផ្តល់​ឲ្យ​ប្រ​ទេស​កម្ពុជា៖ និយាយ​​ឲ្យ​ខ្លី​ គឺពួក​គេ​ចង់​ធ្វើ​ការ​ហ៊ុមព័ទ្ធ​សេដ្ឋ​កិច្ចជាថ្មីលើកម្ពុជាដូចទសវត្សឆ្នាំ ១៩៨០​ នៅ​ពេល​ដែល​រដ្ឋា​ភិ​បាល​ប្រ​ទេស​លោក​ខាង​លិចទាំងអស់​បានយក ​«​ជំនួយ»​ ​នៃ​អង្គការសហប្រជា​ជាតិ​ផ្តល់ឱ្យប្រ​ទេស​ កម្ពុជាស្ទើរតែទាំងអស់​ដើម្បីផ្តល់ទៅដល់កម្លាំង​ខ្មែរ​ក្រ​ហម​ដែលសេសសល់។

ជា​ការ​ពិត​ អ្នក​អាន​របស់​សហ​រដ្ឋ​អា​មេ​រិក​ចំនួន​៩៩​ភាគ​រយ​ពុំ​បាន​ដឹង​​អំ​ពី​ការ​ពិត​ដែល​ស្ថិត​នៅ​ពី​ក្រោយ​សម្រែក​តវ៉ា​ដែលថា ការ​បោះ​ឆ្នោត​«​មិន​យុត្តិ​ធម៌»នោះទេ។ ពួក​គេ​មិន​បាន​ដឹង​ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទំនង​ជា​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ​២៨ ខែ ​កក្ក​ដា​ ដោយ​ហេតុ​ផល​សាមញ្ញ​មួយ​ដោយសារ​ចំនួន​អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​គិត​ថា ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​កំពុង​តែ​ធ្វើ​កិច្ច​ការ​កាន់​តែ​ប្រ​សើរ​ជា​ជាង​គណ​បក្ស​ប្រ​ឆាំង​ក្នុង​ការ​គ្រប់​គ្រង​ប្រ​ទេសនេះ​ ​ នេះ​គឺ​ជា​ការពិត​ដែល​បាន​អះ​អាង​ដោយ​ការ​ស្ទង់​មតិ​ដោយ​វិទ្យា​ស្ថាន International Republican Institute (IRI) (ដែល Rubio ហើយនិង Gramham គប្បីកត់សម្គាល់ទុក)

ក្នុង​ការការ​​ពារ​ខ្លួន​របស់​ពួកគេ​ អ្នក​និពន្ធ​អត្ថ​បទ​របស់​សារ​ព័ត៌​មាន​ AP មួយ​ចំនួន​អាចនឹង​ អះ​អាង​ថា ពួក​គេ​គ្រាន់​តែប្រ​មូល​យក​ការ​និយាយព័ត៌មានផ្តេសផ្តាស​តៗ​គ្នា​របស់​អង្គ​ការ​ក្រៅ​ រដ្ឋា​ភិ​បាលដែល​នៅ​ចម្ងាយ​​រាប់​ពាន់​គីឡូ​ម៉ែត្រ ហើយ​​ពួក​គេ​គឺមិន​មែន​ជា​អ្នក​សារ​ព័ត៌​មាន​ពិត​ប្រា​កដដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ស្រាវ​ជ្រាវ​យ៉ាង​ហោច​ណាស់​ម្តង ឬ​ពីរ​ដង​មុន​ពេល​បញ្ជូនអត្ថបទ នៃការ​បរា​ជ័យ​នៅ​ក្នុង​ស្រុក​ដើម្បី​បំពេញ​មាត្រ​ដ្ឋា​ន​របស់​សហ​រដ្ឋ​អា​មេ​រិកឱ្យផ្សព្វផ្សាយ។​
(ប្រជាជនកម្ពុជាថែមទាំងមិនមានតុលាការមួយដែលអាចរារាំងមិនឱ្យមានការរាប់សន្លឹក
ឆ្នោត ដូចដែលសហរដ្ឋអាមេរិកបានរំពឹងទៅលើ កាលពីឆ្នាំ២០០០នោះ)។

អ្នកសរសេរអត្ថបទផ្សេងទៀត ដែលបានចេញផ្សាយនៅក្នុងសារព័ត៌មាន Wall Street Journal នៅថ្ងៃជាមួយគ្នានោះដែរ​ យ៉ាងហោចណាស់គឺមានការស្គាល់ដឹងអំពី​ប្រទេស​កម្ពុជា ហើយក៏បានរស់នៅកម្ពុជាយ៉ាងហោចជាង ២ ទសវត្ស។ លោកស្រី Naly Pilorge ដែល​ជា​នាយក អង្គការ LICADHO នាពេល​បច្ចុប្បន្ន គឺជា​ជនជាតិបារាំងម្នាក់ដែលផ្តួចផ្តើម «សម្ព័ន្ធកម្ពុជា​ដើម្បី ជំរុញ និងការពារសិទ្ធិមនុស្ស» នេះ​ឡើង

ដូចដែលបានទទួលស្គាល់នៅលើគេហទំព័ររបស់ខ្លួន ស្ថាបនិកនៃអង្គការ LICADHO នាទសវត្សឆ្នាំ១៩៨០ បានរស់នៅក្នុងបណ្តាប្រទេសលោក​ខាងលិច​ ប្រទេសដែលនៅពីក្រោយ ការបង្កកសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។

បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ពេលដែលបណ្តាប្រទេសហ៊ុមព័ទ្ធ​សេដ្ឋកិច្ចកម្ពុជា​សម្រេចបន្ធូរបន្ថយការហ៊ុមព័ទ្ធសេដ្ឋកិច្ចលើកម្ពុជា ស្ថាបនិករបស់អង្គការ LICADHO មានអារម្មណ៍ថា វាគឺជាពេលវេលាក្នុងការត្រឡប់មកវិញ។ បន្ទាប់ពី «ពិចារណាពីរបៀបដែលពួកគេអាចជួយកាត់បន្ថយទុក្ខវេទនានៃប្រជាជន​កម្ពុជាដែលប្រឈមទៅនឹងសង្គ្រាម និងភាពក្រីក្រ​ជា​ច្រើន​ឆ្នាំ» នោះ  អង្គការ LICADHO មិនបានលើកឡើងពីការហ៊ុមព័ទ្ធសេដ្ឋកិច្ចថា ជាមូលហេតុ​មួយ​នៃ​​ទុក្ខវេទនារបស់កម្ពុជានោះទេ។ ស្ថាបនិករូបនេះ បានសម្រេចចិត្តបង្កើតអង្គការមួយដែល​​នឹងប្រាប់ប្រជាជនកម្ពុជា ដែលបានចំណាយពេលកសាងប្រទេសនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នូវអ្វី ដែល​ប្រជាជនកម្ពុជាបានធ្វើខុស។

ដូច្នេះអង្គការ LICADHO ត្រូវបានបង្កើត ដោយមាន «អាណត្តិ» មួយ ដើម្បីធ្វើយុទ្ធនាការ សម្រាប់អ្វីហៅថា «សិទ្ធិមនុស្ស» នៅក្នុងរដ្ឋធានីទាំងឡាយនៃប្រទេសលោកខាងលិច។ នេះស្មាន មើលទៅប្រហែលជា ហេតុផលដែលអង្គការ LICADHO ព្យាយាមស្តារឡើងវិញនូវការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ចដោយការស្នើឲ្យ មានការកាត់ជំនួយបរទេស ដែលជាសំណើម្តងហើយម្តងទៀតនៅក្នុងអត្ថបទចុងក្រោយបំផុតរបស់លោកស្រី Naly Pilorge

ត្ថបទបានចាប់ផ្តើមដោយនិយាយថា ការបោះឆ្នោតរបស់កម្ពុជាកាលពេលមុន គឺជា «ពេល​​វេលាមួយដែលមានក្តីសង្ឃឹម​ និងការសន្យា» ប៉ុន្តែ «ពេលនេះ បរិយាកាសនយោបាយគឺជាផ្នែកមួយនៃការភ័យក្លាច និងការធុញទ្រាន់»។ នេះគឺជាឧទាហរណ៍តែមួយគត់ ដែល​ខ្ញុំបានរក ឃើញពីចរិកលក្ខណៈរបស់អង្គការ LICADHO ចំពោះភាពវិជ្ជមាននៃការបោះឆ្នោត​របស់កម្ពុជា កាលពីមុន ដែលអាចនឹងលើកលែងតែចំពោះការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយ បរទេស។ ខាងក្រោមនេះ​ គឺជាឧទាហរណ៍នៃការវិភាគមួយចំនួនដែល (យកចេញពីគេហទំព័ររបស់ អង្គការ LICADHO) នូវអ្វីដែលអង្គការនេះ បាននិយាយ និងនៅតែនិយាយអំពីការបោះឆ្នោតពីមុន៖

នៅឆ្នាំ១៩៩៨: «ការរំខានដោយប្រើអំពើហិង្សាមុនការបោះឆ្នោត និងការបំភិតបំភ័យ ការ ផ្លាស់ប្តូរនៅនាទីចុងក្រោយអំពីរូបមន្តដែលត្រូវបានគេប្រើប្រាស់ដើម្បីបែងចែកអសនៈសភាជាតិ និងច្រានចោលពាក្យបណ្តឹងមួយចំនួននៃភាពមិនប្រក្រតីក្នុងការបោះឆ្នោត»។

ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០០២៖ «ស្ថានភាពមុនពេលបោះឆ្នោតនេះ គឺត្រូវបានញុំាញី ដោយ​អំពើហិង្សា ការបំភិតបំភ័យ និងការផ្សព្វផ្សាយមិនស្មើភាពគ្នា បានរារាំងគណបក្សទាំង​នោះ​​ពីការ​​ប្រកួត​​ប្រជែង​​គ្នាដោយភាពយុត្តិធម៌​​»។

នៅឆ្នាំ២០០៣៖ «ការបោះឆ្នោតសកលនៅតែបំពុលដោយភាពមិនប្រក្រតី ការបំភិតបំភ័យ និង​អំពើ​​ហិង្សា»។

បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០០៨ នៅពេលគណបក្សប្រឆាំងបាន និងកំពុងគំរាមកំហែង​ធ្វើពហិការ​សភាជាតិ ដោយសារតែមានការចោទប្រកាន់ថា មាន «ភាពមិនប្រក្រតី» នៅក្នុងការ បោះ​ឆ្នោត​នោះ​ ប្រធានអង្គការ LICADHO Kek Galabru បានប្រាប់វិទ្យុសំឡេងអាមេរិកថា អង្គការ LICADHO នឹងលើក​ឡើងអំពី​​បញ្ហា «មិនប្រក្រតីនៃការបោះឆ្នោត» ជាមួយនឹងលោក John Negroponte មន្ត្រីក្រសួងការ​បរទេស​សហរដ្ឋអាមេរិក។

តើលោកស្រី Naly Pilorage មានការចងចាំរយៈពេលខ្លីឬទេ? ឬមួយតើលោកស្រីកំពុងសង្ឃឹម ថា អ្នកអាន​ទាំងឡាយមានការចងចាំរយៈពេលខ្លីដែរឬអី្វ?​ មនុស្សមួយចំនួនបានរំលឹកថា អង្គការ LICADHO បាន​ប្រកាស​មិនយល់ព្រមចំពោះការបោះឆ្នោតលើកមុន នៅពេលដែលអ្នកសង្កេតការ ជាតិ និងអន្តរ​ជាតិ បានទទួលស្គាល់ការបោះឆ្នោតដែលបានធ្វើឡើងរួចមកហើយនោះ។ ដូចនេះ ហើយ វាមិនមានការភ្ញាក់​ផ្អើល​​អ្វីទេ ដែលលោក សម រង្ស៊ី កំពុងបានព្យាយាមលួងលោមអតីត អ្នកសង្កេតការមិនឲ្យ​មកសង្កេតក្នុងការបោះឆ្នោតក្នុងឆ្នាំនេះ។ ខ្ញុំមិនបានដឹងថា តើអង្គការ LICADHO បានគាំទ្រ​ចំពោះ​​យុទ្ធនាការ​របស់​​​លោក សម រង្ស៊ី នៅឡើយឬទេ។ នេះប្រហែលជា អ្នកកាសែតជំនាញខាងស៊ើបអង្កេតស្វែងរកព័ត៌មានមួយចំនួនរបស់ The Wall Street Journal និងកាសែត Cambodia Daily អាច​សួរទៅ​ លោកស្រី Naly Pilorgeអំពីរឿងនេះបាន។

ដូចដែលគេអាចស្មានបានទុកជាមុនថា លោកស្រី Naly Pilorge បានថ្កោលទោសចំៗទៅលើ កិច្ចខិតខំប្រឹងប្រែង ដែលមិនទទួលបាន​ជោគជ័យ​របស់រដ្ឋាភិបាលក្នុងការបញ្ឈប់ប្រព័ន្ធផ្សព្វផ្សាយ បរទេស ដែល​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ប៉ុន្តែ ខ្ញុំពិតជាកោតសរសើរចំពោះសមត្ថភាព របស់​លោក​ស្រីក្នុងការ​សរសេរ​អត្ថបទជាច្រើនស្តីពីជម្លោះកម្មសិទ្ធដីធ្លី ដោយគា្មនការរំឮកអំពី​កម្មវិធី​​ផ្តល់​​កម្ម​សិទ្ធ​ដីធ្លីរបស់រដ្ឋាភិបាល ហើយក្រោយមកក្នុងស្ថានភាពដដែលនេះ បានវាយ​ប្រហារទៅលើ​រដ្ឋាភិ​បាល​ចំពោះ​ការផ្តល់ដីទៅឲ្យប្រជាជនក្រីក្ររបស់កម្ពុជាទៀត។

និយាយបែបនេះប្រហែលជាត្រូវស្តាប់បានយ៉ាងល្អនៅក្នុងទីក្រុង New York យ៉ាងហោច ណាស់ជាមួយនឹង​បណ្ណា​​ធិការបស់កាសែត The Wall Street Journal ដែលជាល្បែងលេងរបស់ លោក Rupert Mordoch សកម្ម​ជនសិទ្ធិមនុស្សល្បីល្បាញម្នាក់។ ក៏ប៉ុន្តែខ្ញុំមិនគិតថា ប្រជាជន កម្ពុជា​ជា​​ច្រើនដែលមិនអាច​មើល​មិនឆ្លុះក្នុងរឿងនេះទេ