Friday, February 11, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ

នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ដដែលនេះ បន្ទាប់ពីអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារបន្តទៀតជាមួយនឹងឯកឧត្តម Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ ។ 


ក្នុងជំនួបនោះ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានស្វាគមន៍ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញមកទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ នៅពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថាឆ្នាំនេះគឺជាខួប២៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងនេះ សម្ដេចតេជោពិតជារួមចំណែកយ៉ាងសំខាន់ ដោយសម្ដេចមានឆន្ទៈខ្ពស់ និងមានការប្ដេជ្ញាចិត្តខ្លាំង ដែលធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរមានភាពល្អប្រសើរនឹងគ្នា។ សម្រាប់ទំនាក់ទំនងទ្វេភាគីនេះ គឺយើងមានកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនេះ ពិតជា មានការរីកចម្រើន។ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េបានបន្តទៀតថាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោមកកាន់ប្រទេសកូរ៉េលើកនេះ នឹងធ្វើឱ្យទំនាក់ទំនងនៃប្រទេសយើងទាំងពីរកាន់តែមានភាពល្អប្រសើរជាងមុនទៀត។ 

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ ដែលបានទទួលជួបសម្ដេច នាពេលនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ទោះបីជាសម្ដេចធ្លាប់អញ្ជើញមកប្រទេសកូរ៉េច្រើនដងរួចមកហើយក្តី តែសម្ដេចមិនដែលអញ្ជើញមកទស្សនកិច្ចនៅរដ្ឋសភាជាតិកូរ៉េនោះទេ។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភាជាតិកូរ៉េដែលគាំទ្រប្រទេសកម្ពុជាជាពិសេសគាំទ្រកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ និងគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ នេះផងដែរ។ សម្តេចតេជោក៏បានអរគុណដល់ប្រទេសកូរ៉េដែលតែងតែផ្សាភ្ជាប់នូវទំនាក់ទំនងដ៏ល្អ ទោះបីជាមានការប្រឈមនឹងបញ្ហាជំងឺ Covid 19 ក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ នៅតែបន្តហោះមកកម្ពុជា។ ដូច្នេះ នេះ គឺជាការតភ្ជាប់នូវទំនាក់ទំនង រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ។ 

ចំពោះទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរវិញ សម្ដេចតេជោក៏បានមានប្រសាសន៍ថា ទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសយើងក៏មានភាពល្អប្រសើរផងដែរ ។ សម្ដេចតេជោបញ្ជាក់ថា តាមរយៈការហោះហើរពីកូរ៉េ មកកម្ពុជានេះ ក៏បានក៏បានផ្ដល់ឱកាសឲ្យពលរដ្ឋដែលរស់នៅសហរដ្ឋអាមេរិក និងនៅប៉ែកអឺរ៉ុប ក៏អាចធ្វើដំណើរតាមប្រទេសកូរ៉េ មកកម្ពុជាបានដែរ ដែលជាច្រកចេញចូលដ៏សំខាន់នៃប្រទេសទាំងពីរ។ ក្នុងខួបលើកទី២៥ ឆ្នាំនៃទំនាក់ទំនងការទូតនេះ សម្ដេចតេជោក៏បានស្នើឲ្យមានការរៀបចំ សកម្មភាពប្រារព្ធខួបនៃទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរ។ សម្ដេចតេជោបានមានប្រសាសន៍ថា តាមរយៈទំនាក់ទំនងការទូតដ៏ល្អនេះ រហូតមកដល់ពេលនេះប្រទេសយើងទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ រួចហើយ។ ហើយសភាជាតិនៃកម្ពុជាក៏បាន ផ្ដល់សច្ចាប័នរួចហើយដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ ហើយសម្ដេចតេជោសង្ឃឹមថា ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ នឹងជួយជំរុញការផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនេះ សម្តេចតេជោ ចង់ឃើញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរតំណាងរាស្ត្រជាទូទៅនិងតំណាងរាស្ត្រជាស្ត្រី  និងតំណាងរាស្រ្តវ័យក្មេង ក្នុងការទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។ 

នៅក្នុងជំនួបនេះផងដែរ សម្តេចតេជោក៏បាននាំនូវកាតផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរ ពីសំណាក់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេច សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដល់ឯកឧត្តមផងដែរ។ សម្ដេចតេជោក៏បានពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសសម្ដេចពិតជាចង់ឃើញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េចូលជាធរមាន និងភាពជាដៃគូតំបន់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលបានចូលជាធរមាននៅខែមករាកន្លងទៅនេះ ដែលទាំងអស់នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំហំពាណិជ្ជកម្ម ទំហំវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ នៅក្នុងឱកាសនេះ សម្ដេចតេជោសង្ឃឹមថា ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ នឹងជំរុញលើកទឹកចិត្តឲ្យអ្នកវិនិយោគិនកូរ៉េ មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀតវាពេលខាងមុខ។ លើសពីនេះទៅទៀត សម្តេចតេជោក៏បានស្នើសុំឲ្យកូរ៉េផ្ដល់នូវជំនួយឥតសំណង និងកម្ចីសម្បទាន ជាពិសេសក្នុងការធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គនេះ ដែលសម្ដេចគិតថាស្ពាននេះ គឺជាស្ពានមួយដ៏ល្អ សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ ទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោក៏បានលើកឡើងអំពីរូបមន្ត១+ នេះ  ស្របពេលដែលកម្ពុជាកំពុងមានការកំណែទម្រង់ច្បាប់វិនិយោគថ្មីនោះ។

ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនវិញ សម្ដេចតេជោក៏បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលកន្លងមកបានទទួលពលករកម្ពុជាជាច្រើនមកធ្វើការនៅកូរ៉េ និងបានយកចិត្តទុកដាក់អំពីសុខមាលភាព ជាពិសេសការផ្ដល់វ៉ាក់សាំងកូវីដ19 កន្លងទៅថ្មីៗនេះ។ នៅក្នុងឱកាសនោះផងដែរសម្ដេចតេជោក្នុងនាមប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា ក៏បានអញ្ជើញឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ មកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខផងដែរ។ 

ជាការឆ្លើយតប ឯកឧត្តមប្រធានសភាជាតិកូរ៉េ បានមានប្រសាសន៍ថា ទាក់ទងទៅនឹងការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ថា កូរ៉េនឹងផ្ដល់ក្នុងពេលឆាប់ៗនេះ ជាពិសេសអំឡុងពាក់កណ្ដាលឆ្នាំ២០២២ នេះ ហើយឯកឧត្តមនឹងធ្វើការងារដោយផ្ទាល់ជាមួយការងារនេះ។ ពាក់ព័ន្ធទៅនឹងការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅប្រទេសកម្ពុជានោះ ឯកឧត្តមនឹងខិតខំជំរុញការងារនេះ ហើយនឹងអាចធ្វើយ៉ាងណាឲ្យមានការចុះកុងត្រា ឆាប់ៗនាពេលខាងមុខនេះ ។ ទាក់ទងទៅនឹងការវិនិយោគវិញឯកឧត្តមបានមានប្រសាសន៍ថាកម្ពុជា និងកូរ៉េ គឺជាដៃគូដ៏ល្អជាពិសេសស្របពេលដែលកម្ពុជាមានការកែសម្រួលច្បាប់វិនិយោគថ្មីនេះ ដូចជាច្បាប់មិនយកពន្ធត្រួតគ្នា បូកនឹងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ វាពិតជាអាចជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តមប្រធានសភាជាតិកូរ៉េបានមានប្រសាសន៍ថា នៅឆ្នាំ២០២១កន្លងទៅនេះ ទំហំសេដ្ឋកិច្ចរវាងប្រទេសយើងទាំងពីរ មានប្រមាណជា១ពាន់លានដុល្លារ ហើយឯកឧត្តមសង្ឃឹមថានាពេលខាងមុខនឹងមានការកើនឡើងបន្ថែមទៀត។ 

 ចំពោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរនោះ ឯកឧត្តមបានមានប្រសាសន៍ថា ពលករដែលបានមកធ្វើការនៅប្រទេសកូរ៉េនេះ គឺបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកូរ៉េ ហើយទាក់ទងទៅនឹងស្ត្រីខ្មែរដែលបានរៀបការជាមួយស្វាមីកូរ៉េនោះ គឺជាការផ្ដល់តម្លៃជាគ្រួសារ ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េកាន់តែជិតស្និទ្ធ ឯកឧត្តមក៏បានគាំទ្រចំពោះគ្រួសារបែបចំរុះនេះផងដែរ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចប្រធានរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា ដែលបានអញ្ជើញឯកឧត្តមទៅបំពេញកិច្ចនៅកម្ពុជា ហើយឯកឧត្តមនឹងរកពេលវេលាសមស្របណាមួយទៅទស្សនកិច្ចនាពេលខាងមុខ។ ឯកឧត្តមប្រធានសភាជាតិកូរ៉េក៏បានអរគុណសម្ដេចតេជោដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព នៅឧបទ្វីបកូរ៉េ តាមរយៈសម្ដេចបានធ្វើជាសហប្រធាននៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ដែលរៀបចំឡើងដោយអង្គការ UPF នាពេលនេះ។ 

ទាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅថ្មីៗនេះ ឯកឧត្តមបានមានប្រសាសន៍ គាំទ្រចំពោះតួនាទីអាស៊ាន ជាពិសេសគាំទ្រប្រេសិតពិសេសនៃប្រធានអាស៊ានក្នុងការស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា និងគាំទ្រចំណុចឯកច្ឆន្ទទាំង៥ ដែលថ្នាក់ដឹកនាំអាស៊ានបានដាក់ចេញកន្លងមកនោះផងដែរ៕







សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ

 

នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Moon Jae-In ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ។



នៅក្នុងជំនួបនេះ ឯកឧត្តម Moon Jae-In បានស្វាគមន៍ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២៣ នៅសាធារណរដ្ឋកូរ៉េនាពេលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាគឺជាអតិភាពសម្រាប់កូរ៉េ ជាពិសេសពាក់ព័ន្ធទៅនឹងការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយកម្ពុជាគឺជាប្រទេសទី១ហើយ ដែលកូរ៉េបានចុះហត្ថលេខាជាមួយនេះ ។ ឯកឧត្តមបានមានប្រសាសន៍ថាប្រទេសយើងទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ហើយក៏មានកិច្ចសហប្រតិបត្តិការយ៉ាងល្អហើយយើងសង្ឃឹមថា នឹងបន្តធ្វើការជាមួយគ្នាបន្តទៀត ។ 

ឯកឧត្តម Moon Jae-In ក៏បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ហើយប្រទេសកូរ៉េ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជា ក្នុងក្របខណ្ឌកូរ៉េ-អាស៊ានផងដែរ មិនត្រឹមប៉ុណ្ណោះ ឯកឧត្តមប្រធានាធិបតីក៏បាន ជូនពរឱ្យសម្ដេចតេជោនាយករដ្ឋមន្ត្រី ឲ្យទទួលបាននូវភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាននេះ។ 

ជាការឆ្លើយតប  សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តម Moon Jae-In ដែលបានជួបជាទទួលជួបមួយសម្ដេចសារជាថ្មីម្ដងទៀត ក្រោយពីសម្ដេចបានជួប ឯកឧត្តម កាលពីអំឡុងឆ្នាំ២០២០កន្លងទៅ ។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣កន្លងទៅ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។ សម្ដេចតេជោបានគូសបញ្ជាក់ថា ដោយសារតែសម្ដេចជាសហស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ ហើយឆ្នាំនេះគឺជាខួប២៥ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរនោះ  សម្ដេចបានមានប្រសាសន៍ថាប្រទេសយើងទាំងពីរគួររៀបចំ ឲ្យមានសកម្មភាពដើម្បីអបអរសាទរខួបទំនាក់ទំនងការទូតនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក៏ដូចជាទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើងថែមទៀត។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា កន្លងទៅនេះ កម្ពុជាក៏បានបញ្ចប់នីតិវិធីផ្ទៃក្នុង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា និងកូរ៉េ ផងដែរ។ សម្ដេចតេជោក៏ស្នើសុំឲ្យភាគីកូរ៉េជួយពន្លឿនការផ្ដល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន។ 

សម្ដេចតេជោក៏បានស្នើឲ្យឯកឧត្តមប្រធានាធិបតី គាំទ្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទងទៅនឹងរោងចក្រកែច្នៃមួយចំនួន។ សម្ដេចតេជោក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីកូរ៉េគាំទ្រដល់រូបមន្ត១បូក មានន័យថាបើសិនជាក្រុមហ៊ុនកូរ៉េមានការវិនិយោគនៅថៃ និងវៀតណាមក៏អាចបន្ថែមការវិនិយោគនៅកម្ពុជាផងដែរ។ សម្ដេចតេជោក៏បានស្នើឲ្យកូរ៉េមានការគាំទ្រ ក៏ដូចជាមានកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកកសិឧស្សាហកម្ម និងការកែច្នៃផលិតផល ដូចជាផលិតផលកសិកម្មជាដើម ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសកូរ៉េ ។ ជាមួយគ្នានោះផងដែរសម្តេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីឱកាសល្អសម្រាប់អ្នកវិនិយោគ ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ ក្នុងន័យនេះសម្តេចតេជោក៏បានស្នើឲ្យឯកឧត្តមប្រធានាធិបតីកូរ៉េ ជួយជំរុញអ្នកវិនិយោគទុនពីប្រទេសកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។ 

សម្ដេចតេជោក៏បានស្នើបន្ថែមទៀតផងដែរទាក់ទងទៅនឹង ការអភិវឌ្ឍន៍ធនធានមនុស្សនៅប្រទេសកម្ពុជាតាមរយៈការផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលផ្សេងៗ ក្នុងន័យនេះសម្ដេចបានស្នើឲ្យកូរ៉េបន្តជួយកម្ពុជាលើវិស័យនេះជាបន្តទៀត  ដូចជាការបង្កើនការផ្ដល់អាហារូបករណ៍ ជូនដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ដូចជាការបណ្ដុះបណ្ដាលលើជំនាញផ្នែកបច្ចេកទេស និងអាកាសចរស៊ីវិល ជាដើម។ 

សម្ដេចតេជោ ក៏បានមានប្រសាសន៍ទាក់ទងទៅនិងពលករដែលមកបម្រើការងារនៅប្រទេសកូរ៉េ។ សម្ដេចតេជោបានស្នើសុំឲ្យកូរ៉េបន្តបង្កើនកូតានាំពលករកម្ពុជាមកធ្វើការនៅប្រទេសកូរ៉េបន្ថែមទៀត នឹងបន្តយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ពលករកម្ពុជា ហើយសម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះកូរ៉េ លើការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍អរគុណដល់កូរ៉េ ទាក់ទងទៅនឹងការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េនៅកម្ពុជា ដែលឆ្លងកាត់ទន្លេមេគង្គតាមរយៈជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្ដេចតេជោក៏បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសដែលបានផ្ដល់ឥណទានសម្បទាន ជាពិសេសជំនួយសម្ភារៈវេជ្ជសាស្រ្តផងដែរសម្រាប់កម្ពុជា ។ 

នៅក្នុងជំនួបនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម Moon Jae-In ក៏បានផ្លាស់ប្ដូរមតិយោបល់គ្នា ជុំវិញកិច្ចសហប្រតិបត្តិការលើតំបន់ និងអន្តរជាតិ ជាពិសេសឆ្នាំនេះ ជាឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយសាធារណរដ្ឋកូរ៉េជាប្រទេសដៃគូសន្ទនាមួយដ៏សំខាន់របស់អាស៊ានផងដែរ ។ ក្នុងន័យនេះសម្តេចតេជោក៏បាន ជម្រាបជូនអំពីអ្វីដែលកម្ពុជាជ្រើសរើសជាមូលបទ គឺផ្តោតសំខាន់ អាស៊ានរួមគ្នាធ្វើ  រួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា និងអ្វីដែលជាបញ្ហាកំពុងប្រឈមក្នុងតំបន់ និងការងារអាទិភាពសម្រាប់ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ ។ ក្រៅពីនោះសម្តេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីបញ្ហានៅឧបទ្វីបកូរ៉េ ហើយសម្ដេចអញ្ជើញមកលើកនេះក្នុងតួនាទីជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដើម្បីចូលរួមចំណែកក្នុងការស្វែងរកសន្តិភាព សម្រាប់ឧបទ្វីបកូរ៉េផងដែរ។ 

ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីកូរ៉េ បានមានប្រសាសន៍ថា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កូរ៉េបានបញ្ចប់នីតិវិធីហើយ ហើយកំពុងតែបញ្ជូនទៅសភារបស់សាធារណរដ្ឋកូរ៉េ ដើម្បីផ្ដល់សច្ចាប័ន ដូច្នេះនីតិវិធីនេះបាននិងកំពុងបន្តនៅឡើយ ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា សម្រាប់ឆ្នាំ២០២២ នេះ ឯកឧត្តមបានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាប្រធានអាស៊ាន និងជូនពរឱ្យទទួលបាននូវភាពជោគជ័យ ។ ចំពោះច្បាប់វិនិយោគថ្មីរបស់កម្ពុជានេះ ឯកឧត្តម បានមានប្រសាសន៍ថា កូរ៉េនឹងបន្តធ្វើការជាមួយនឹងកម្ពុជាជាបន្តទៀត  ហើយបច្ចុប្បន្ននេះ ឯកឧត្តមបានមានប្រសាសន៍ថា មានក្រុមហ៊ុនកូរ៉េប្រមាណជា៣០០ក្រុមហ៊ុន កំពុងតែវិនិយោគនៅកម្ពុជា ។ ឯកឧត្តមប្រធានាធិបតី ក៏បានកោតសរសើរចំពោះកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋ ដែលធ្វើឲ្យកម្ពុជាអាចបើកដំណើរការប្រទេសជាតិឡើងវិញបាន ។ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីនេះ ឯកឧត្តម សង្ឃឹមថា នឹងបន្តជំរុញ ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន ក្នុងការជំរុញវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរឡើង៕






សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ


នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២។ 

នៅក្នុងកិច្ចពិភាក្សាលក្ខណៈទ្វេភាគីនេះ សម្ដេចតេជោបានសម្តែងនូវក្តីរីករាយដែលបានជួប ឯកឧត្តម បាន គីមូន សារជាថ្មីម្ដងទៀត ក្រោយពីឯកឧត្តមបានចប់តួនាទីជាអគ្គលេខាធិកាអង្គការសហប្រជាជាតិ។ 



ក្នុងជំនួបនេះ ឯកឧត្តម Ban Ki-moon បានមានប្រសាសន៍ថា  ឯកឧត្តមសង្ឃឹមថា សម្ដេចនឹងមានជំនួបល្អប្រសើរជាមួយនឹងឯកឧត្តមប្រធានាធិបតី Moon Jae-In នៅថ្ងៃរសៀលនេះ ជាពិសេស ឯកឧត្តមសង្ឃឹមថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ នឹងមានភាពល្អប្រសើរ និងរីកចម្រើន និងទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ និងអាស៊ាន។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម បាន គីមូន និងពិតជារីករាយដែលបានធ្វើជាសហប្រធាន ជាមួយ ឯកឧត្តម នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថាអង្គការ UPF ពិតជាបានធ្វើការងារនេះដ៏ល្អ និងសំខាន់ ដែលជាយន្តការមួយសម្រាប់ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ សម្ដេចតេជោក៏បានមានប្រសាសន៍ទៀតថា អង្គការ UPF បានយកចិត្តទុកដាក់ ក្នុងការប្រមូលយកថ្នាក់ដឹកនាំពិភពលោក បច្ចុប្បន្ន និងអតីតមេដឹកនាំ មកជួបជុំនាពេលនេះគឺជារឿងដែលប្រសើរបំផុត ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា យើងគួរតែបន្តធ្វើការរួមគ្នាដើម្បីគាំទ្រ ក្នុងការពង្រឹងសកម្មភាពរបស់អង្គការ UPF នេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនេះ។ 

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម បាន គីមូន ក៏មានការផ្លាស់ប្ដូរមតិយោបល់ ក៏ដូចជាការរួមចំណែកក្នុងការស្វែងរកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានការគាំទ្រ នូវតួនាទីដ៏សំខាន់សម្រាប់អាស៊ាន ជាពិសេសការឯកភាពរបស់អាស៊ាន ហើយឯកឧត្តមក៏បានគាំទ្រចំពោះសម្តេចតេជោជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ ។ ឯកឧត្តមបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅនេះ គឺជារឿងដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា  ជាពិសេស ឯកឧត្តមគាំទ្រចំពោះការបង្កើតឲ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការរកដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ៕






សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

(កូរ៉េខាងត្បូង)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ។



ខាងក្រោមជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការរៀបចំឱ្យមានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំកំពូលសន្តិភាពឆ្នាំ២០២២ គឺជាវត្តមានដ៏សំខាន់ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភាពចាំបាច់ណាស់សម្រាប់មេដឹកនាំពិភពលោកក្នុងការចែករំលែកទស្សនៈសម្រាប់ស្វែងរកសន្តិភាពឧបទ្វីបកូរ៉េ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហព័ន្ធសន្តិភាពពិភពលោក និងក្រុមប្រឹក្សាវប្បធម៌អាស៊ី កំពុងរៀបចំសួនសន្តិភាពមេគង្គ នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានលើកពីបទពិសោធន៍ពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជាថា គេមិនអាចយកសង្គ្រាមទៅពន្លត់សង្គ្រាមបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាមេដឹកនាំរបស់កម្ពុជា សម្តេចមិនដែលគិតថា យកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គការសហប្រជាជាតិ ប្រើថវិកាជាង ២ពាន់លានដុល្លារ តែមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជា បាននោះឡើយ ជាហេតុនាំឱ្យសម្តេចដាក់ចេញនយោបាយឈ្នះឈ្នះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពដែលកម្ពុជារកបាននៅចុងឆ្នាំ១៩៩៨ ជាសន្តិភាព ជាការឯកភាពមួយរបស់កម្ពុជា ដែលមិនដែលមានឡើយក្នុងប្រវត្តិសាស្ត្រកម្ពុជាយ៉ាងហោចណាស់ ៥០០ឆ្នាំចុងក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះឧបទ្វីបកូរ៉េ គឺជារឿងដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការដាក់ចេញនូវទស្សនៈវិស័យ គំនិតនានា ដើម្បីបញ្ចប់ជម្លោះនេះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងនៅវេលាម៉ោង៨៖២៧នាទី៕







Opening Remark by Samdech Techo Hun Sen Prime Minister of the Kingdom of Cambodia At the World Summit 2022 “Peace on Korean Peninsula” Seoul, 11 February 2022






















សម្តេចតេជោ តាមបទពិសោធន៍រកសន្តិភាពជូនកម្ពុជា «គឺយើងមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ!»

 (សេអ៊ូល) ថ្លែងនៅចំពោះមុខសមាជិកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ មកពី១៥៧ប្រទេស ក្នុងនាមជាសហប្រធាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ជាងពាក់កណ្តាលជីវិតរបស់ខ្ញុំនេះ ដំណើរការចរចារគឺជាជម្រើសដ៏ល្អបំផុត ខ្ញុំមិនដែលជឿទេថា ប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាម»។ ការថ្លែងនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

សម្តេចតេជោបានបន្តថា «ប្រទេសរបស់ខ្ញុំហែកហួរដោយសារសង្គ្រាម យើងបានប្រើប្រាស់ការចរចារ ៤ឆ្នាំដើម្បីបញ្ចប់សង្គ្រាមនេះ ប៉ុន្តែប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់ (UNTAC) មិនអាចសម្រេចបាន គឺការដែលអ៊ុនតាក់ដកត្រឡប់ទៅវិញបន្សល់ទុកឱ្យកម្ពុជាមានតំបន់២ និងរដ្ឋាភិបាល២នៅកម្ពុជា យើងខ្ញុំគ្មានជម្រើសអ្វីក្រៅពីការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីនាំមកនូវសន្តិភាព កម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុងក្នុងរយៈពេលជាង ២០ឆ្នាំរួចស្រេចទៅហើយ ហើយដែលមុននេះប្រវត្តិសាស្ត្ររបស់យើងបានបញ្ជាក់ថា ប្រមាណ៥០០ឆ្នាំ ដែលកម្ពុជាមានការហែកហួរ និងបែងចែកទឹកដី នេះជាបទពិសោធន៍មួយដែលកម្ពុជាបានរកដោយខ្លួនឯងដោយមានជំនួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ»។

សម្តេចតេជោក៏បានចែករំលែកនូវ នយោបាយឈ្នះ-ឈ្នះនៅកម្ពុជា ដែលសម្តេចចាត់ទុកថាវាអាចជាការលើកទឹកចិត្ត និងប្រភពនៃការស្រាវជ្រាវសម្រាប់ប្រទេសនានា ដោយមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ តែចាំបាច់បំផុតត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការចរចារឈ្នះ-ឈ្នះដើម្បីបញ្ចប់សង្គ្រាម។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកកិច្ចប្រជុំបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ នាវេលាម៉ោង ៨:៣០នាទី៕











បទវិភាគអន្តរជាតិ៖ ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម បង្កើនការទិញសព្វាវុធ?

 (ឌូបៃ)៖ ការវាយប្រហារជាច្រើនដោយគ្រាប់មីស៊ីល និងយន្ដហោះដ្រូនរបស់ក្រុមឧទ្ទាមហ៊ូទី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក លើប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីពេលថ្មីៗនេះ បានបង្ហាញថាទីក្រុងជាច្រើននៃរដ្ឋក្នុងតំបន់ឈូងសមុទ្រពែក្សមួយនេះកំពុងស្ថិតនៅក្រោមហានិភ័យ។ អេមីរ៉ាត់អារ៉ាប់រួម ដែលស្ថិតនៅ ក្នុងក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត កំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមហ៊ូទី នៅយេមែនផងនោះ ពឹងផ្អែកយ៉ាងខ្លាំងលើអាវុធទិញពីសហរដ្ឋអាមេរិក ដូចជា ប្រព័ន្ធមីស៊ីលស៊េរីចាស់ HAWK, Patriot PAC-3 និងប្រព័ន្ធមីស៊ីល THAAD ដែលត្រូវបានប្រើប្រាស់ជាលើកដំបូង ដើម្បីកម្ទេចមីស៊ីលរបស់ក្រុមហ៊ូទី នៅក្នុងឆ្នាំ២០២២នេះ។

ប្រព័ន្ធមីស៊ីលទាំងនេះត្រូវបានដំឡើងនៅតាមតំបន់យុទ្ធសាស្ត្រសំខាន់ៗ និងកំពុងការពារអាកាសយានដ្ឋាន, រោងចក្រប្រេង ឧស័្មន និងមូលដ្ឋានយោធា នៅអេមីរ៉ាតអារ៉ាប់រួម។ ប៉ុន្តែ ទោះប្រព័ន្ធមីស៊ីលទាំងនេះមានសមត្ថភាពខ្ពស់ក៏ដោយ ប៉ុន្តែ វាមិនអាចទប់ស្កាត់ការវាយប្រហារពីក្រុមឧទ្ទាមហ៊ូទីបានទាំងស្រុង នោះទេ។ ជាក់ស្ដែង ការវាយប្រហារកាលពីខែមករាកន្លងទៅ បានផ្ដាច់ជីវិតមនុស្ស៣នាក់ និងបង្កការខូចខាតដល់អាកាសយានដ្ឋាន និងឃ្លាំងស្ដុកប្រេងមួយ ក្នុងទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi)។ នេះបង្ហាញថាអេមីរ៉ាត់អារ៉ាប់រួម មិនអាចពឹងផ្អែកតែទៅលើប្រព័ន្ធមីស៊ីលអាមេរិកនោះទេ ដូច្នេះតើប្រទេសអារ៉ាប់ មួយនេះបានទិញប្រព័ន្ធមីស៊ីលអ្វីខ្លះ និងមានមូលហេតុអ្វី?

* មីស៊ីលកូរ៉េខាងត្បូង

អេមីរ៉ា់តអារ៉ាប់រួមបានជ្រើសរើសកូរ៉េខាងត្បូង និងអ៉ីស្រាអែលសម្រាប់ការផ្គត់ផ្គត់ប្រព័ន្ធមីស៊ីល ដើម្បីបំពេញភាពខ្វះខាត និងបង្កើនសមត្ថភាពបន្ថែមលើ ប្រព័ន្ធមីស៊ីលដែលមានស្រាប់ដូចជា Patriot ជាដើម។ កូរ៉េខាងត្បូង បានព្រមព្រៀងលក់ប្រព័ន្ធមីស៊ីល Cheongung 2 និងប្រព័ន្ធរ៉ាដា មានតម្លៃ ៣.៥ពាន់លានដុល្លារ ឱ្យអេមីរ៉ាតអារ៉ាប់រួម ហើយកិច្ចព្រមព្រៀងនេះក៏មានរាប់បញ្ចូលផងដែរនូវកិច្ចសន្យាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
រ វាងប្រទេសទាំង២ ក្នុងការអភិវឌ្ឍមីស៊ីល។

Cheongung 2 មានសមត្ថភាពប្រហាក់ប្រហែលនឹងមីស៊ីល S-400 របស់រុស្ស៊ី និងអាចកម្ទេចគោលដៅច្រើនក្នុងពេលតែមួយ នៅរយៈចម្ងាយ៤០គីឡូម៉ែត្រ។

* អាវុធពីអ៉ីស្រាអែល

អេមីរ៉ាតអារ៉ាប់រួមបានឈានដល់កិច្ចពិភាក្សាជាមួយអ៉ីស្រាអែល ដើម្បីទិញប្រព័ន្ធមីស៊ីលប៉ារ៉ាក់ ៨ (Barak 😎 ឬស្ប៉ៃដ័រ (Spyder)។ ឥណ្ឌា និងអាហ្សែរបៃហ្សង់ ក៏បានទិញប្រព័ន្ធមីស៊ីល Barak 8 នេះដែរ ហើយអាហ្សែរបៃហ្សង់ត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់ប្រព័ន្ធមីស៊ីលនេះ ដើម្បីបាញ់ ទម្លាក់មីស៊ីល Iskander របស់អាមេនី នៅក្នុងសង្រ្គាមកាលពីឆ្នាំ២០២០ រវាងប្រទេសទាំង២។

* អាវុធក្នុងស្រុក

ក្រៅតែពីបញ្ជាទិញអាវុធពីក្រៅស្រុក, អេមីរ៉ាតអារ៉ា់ប់រួម ក៏កំពុងអភិវឌ្ឍឧស្សាហកម្មអាវុធនៅក្នុងស្រុកផងដែរ តាមរយៈការចំណាយប្រាក់រាប់ពាន់លានដុល្លារ ក្នុងការសិក្សាស្រាវជ្រាវ។ កាលពីឆ្នាំ២០២១, ហាល់ខុន (Halcon) ជាក្រុមហ៊ុនផ្គត់ផ្គង់អាវុធមានមូលដ្ឋានក្នុងទីក្រុងអាប៊ូ ដាប៊ី (Abu Dhabi) បានបញ្ចេញ អាវុធស៊េរីថ្មី SkyKnight ដែលជាប្រព័ន្ធមីស៊ីលការពារដែនអាកាសត្រូវបានរចនាឡើង ដើម្បីកម្ទេចឧទ្ធម្ភាគចក្រ, យន្ដហោះដ្រូន និងគ្រាប់រ៉ុក្កែត។

លើសពីនេះទៅទៀត អេមីរ៉ាតអារ៉ាប់រួមមិនមែនកំពុងបង្កើនសមត្ថភាពប្រព័ន្ធមីស៊ីលការពារដែនអាកាសតែមួយមុខនោះទេ ពោលគឺរដ្ឋអារ៉ាប់មួយនេះក៏បាន បញ្ជាទិញយន្ដហោះចម្បាំងពីបារាំងដែរ។ កាលពីខែធ្នូ ឆ្នាំ២០២១ អេមីរ៉ាតអារ៉ាប់រួមបានប្រកាសពីការបញ្ជាទិញយន្ដហោះចម្បាំង Rafale ចំនួន ៨០គ្រឿង ពីប្រទេសបារាំង ក្នុងតម្លៃ ១៨ពាន់លានដុល្លារ។

បើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ IISS, សព្វថ្ងៃ អេមីរ៉ាត់អារ៉ាប់រួម មានយន្ដហោះចម្បាំង ១៥៦គ្រឿង ហើយការទិញយន្ដហោះ Rafale ៨០គ្រឿងពីបារាំង ត្រូវបានគេរំពឹងថានឹងកាន់តែពង្រឹងសមត្ថភាពយោធាអេមីរ៉ាតអារ៉ាប់រួម ក្នុងការទប់ស្កាត់ការវាយប្រហារពីសត្រូវ និងធ្វើអន្តរាគមន៍យោធា នៅក្នុងតំបន់៕

ប្រភព៖ Al Jazeera (ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២)
ដោយៈ Fresh News