Friday, February 11, 2022

បទវិភាគអន្តរជាតិ៖ ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម បង្កើនការទិញសព្វាវុធ?

 (ឌូបៃ)៖ ការវាយប្រហារជាច្រើនដោយគ្រាប់មីស៊ីល និងយន្ដហោះដ្រូនរបស់ក្រុមឧទ្ទាមហ៊ូទី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក លើប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីពេលថ្មីៗនេះ បានបង្ហាញថាទីក្រុងជាច្រើននៃរដ្ឋក្នុងតំបន់ឈូងសមុទ្រពែក្សមួយនេះកំពុងស្ថិតនៅក្រោមហានិភ័យ។ អេមីរ៉ាត់អារ៉ាប់រួម ដែលស្ថិតនៅ ក្នុងក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត កំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមហ៊ូទី នៅយេមែនផងនោះ ពឹងផ្អែកយ៉ាងខ្លាំងលើអាវុធទិញពីសហរដ្ឋអាមេរិក ដូចជា ប្រព័ន្ធមីស៊ីលស៊េរីចាស់ HAWK, Patriot PAC-3 និងប្រព័ន្ធមីស៊ីល THAAD ដែលត្រូវបានប្រើប្រាស់ជាលើកដំបូង ដើម្បីកម្ទេចមីស៊ីលរបស់ក្រុមហ៊ូទី នៅក្នុងឆ្នាំ២០២២នេះ។

ប្រព័ន្ធមីស៊ីលទាំងនេះត្រូវបានដំឡើងនៅតាមតំបន់យុទ្ធសាស្ត្រសំខាន់ៗ និងកំពុងការពារអាកាសយានដ្ឋាន, រោងចក្រប្រេង ឧស័្មន និងមូលដ្ឋានយោធា នៅអេមីរ៉ាតអារ៉ាប់រួម។ ប៉ុន្តែ ទោះប្រព័ន្ធមីស៊ីលទាំងនេះមានសមត្ថភាពខ្ពស់ក៏ដោយ ប៉ុន្តែ វាមិនអាចទប់ស្កាត់ការវាយប្រហារពីក្រុមឧទ្ទាមហ៊ូទីបានទាំងស្រុង នោះទេ។ ជាក់ស្ដែង ការវាយប្រហារកាលពីខែមករាកន្លងទៅ បានផ្ដាច់ជីវិតមនុស្ស៣នាក់ និងបង្កការខូចខាតដល់អាកាសយានដ្ឋាន និងឃ្លាំងស្ដុកប្រេងមួយ ក្នុងទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi)។ នេះបង្ហាញថាអេមីរ៉ាត់អារ៉ាប់រួម មិនអាចពឹងផ្អែកតែទៅលើប្រព័ន្ធមីស៊ីលអាមេរិកនោះទេ ដូច្នេះតើប្រទេសអារ៉ាប់ មួយនេះបានទិញប្រព័ន្ធមីស៊ីលអ្វីខ្លះ និងមានមូលហេតុអ្វី?

* មីស៊ីលកូរ៉េខាងត្បូង

អេមីរ៉ា់តអារ៉ាប់រួមបានជ្រើសរើសកូរ៉េខាងត្បូង និងអ៉ីស្រាអែលសម្រាប់ការផ្គត់ផ្គត់ប្រព័ន្ធមីស៊ីល ដើម្បីបំពេញភាពខ្វះខាត និងបង្កើនសមត្ថភាពបន្ថែមលើ ប្រព័ន្ធមីស៊ីលដែលមានស្រាប់ដូចជា Patriot ជាដើម។ កូរ៉េខាងត្បូង បានព្រមព្រៀងលក់ប្រព័ន្ធមីស៊ីល Cheongung 2 និងប្រព័ន្ធរ៉ាដា មានតម្លៃ ៣.៥ពាន់លានដុល្លារ ឱ្យអេមីរ៉ាតអារ៉ាប់រួម ហើយកិច្ចព្រមព្រៀងនេះក៏មានរាប់បញ្ចូលផងដែរនូវកិច្ចសន្យាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
រ វាងប្រទេសទាំង២ ក្នុងការអភិវឌ្ឍមីស៊ីល។

Cheongung 2 មានសមត្ថភាពប្រហាក់ប្រហែលនឹងមីស៊ីល S-400 របស់រុស្ស៊ី និងអាចកម្ទេចគោលដៅច្រើនក្នុងពេលតែមួយ នៅរយៈចម្ងាយ៤០គីឡូម៉ែត្រ។

* អាវុធពីអ៉ីស្រាអែល

អេមីរ៉ាតអារ៉ាប់រួមបានឈានដល់កិច្ចពិភាក្សាជាមួយអ៉ីស្រាអែល ដើម្បីទិញប្រព័ន្ធមីស៊ីលប៉ារ៉ាក់ ៨ (Barak 😎 ឬស្ប៉ៃដ័រ (Spyder)។ ឥណ្ឌា និងអាហ្សែរបៃហ្សង់ ក៏បានទិញប្រព័ន្ធមីស៊ីល Barak 8 នេះដែរ ហើយអាហ្សែរបៃហ្សង់ត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់ប្រព័ន្ធមីស៊ីលនេះ ដើម្បីបាញ់ ទម្លាក់មីស៊ីល Iskander របស់អាមេនី នៅក្នុងសង្រ្គាមកាលពីឆ្នាំ២០២០ រវាងប្រទេសទាំង២។

* អាវុធក្នុងស្រុក

ក្រៅតែពីបញ្ជាទិញអាវុធពីក្រៅស្រុក, អេមីរ៉ាតអារ៉ា់ប់រួម ក៏កំពុងអភិវឌ្ឍឧស្សាហកម្មអាវុធនៅក្នុងស្រុកផងដែរ តាមរយៈការចំណាយប្រាក់រាប់ពាន់លានដុល្លារ ក្នុងការសិក្សាស្រាវជ្រាវ។ កាលពីឆ្នាំ២០២១, ហាល់ខុន (Halcon) ជាក្រុមហ៊ុនផ្គត់ផ្គង់អាវុធមានមូលដ្ឋានក្នុងទីក្រុងអាប៊ូ ដាប៊ី (Abu Dhabi) បានបញ្ចេញ អាវុធស៊េរីថ្មី SkyKnight ដែលជាប្រព័ន្ធមីស៊ីលការពារដែនអាកាសត្រូវបានរចនាឡើង ដើម្បីកម្ទេចឧទ្ធម្ភាគចក្រ, យន្ដហោះដ្រូន និងគ្រាប់រ៉ុក្កែត។

លើសពីនេះទៅទៀត អេមីរ៉ាតអារ៉ាប់រួមមិនមែនកំពុងបង្កើនសមត្ថភាពប្រព័ន្ធមីស៊ីលការពារដែនអាកាសតែមួយមុខនោះទេ ពោលគឺរដ្ឋអារ៉ាប់មួយនេះក៏បាន បញ្ជាទិញយន្ដហោះចម្បាំងពីបារាំងដែរ។ កាលពីខែធ្នូ ឆ្នាំ២០២១ អេមីរ៉ាតអារ៉ាប់រួមបានប្រកាសពីការបញ្ជាទិញយន្ដហោះចម្បាំង Rafale ចំនួន ៨០គ្រឿង ពីប្រទេសបារាំង ក្នុងតម្លៃ ១៨ពាន់លានដុល្លារ។

បើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ IISS, សព្វថ្ងៃ អេមីរ៉ាត់អារ៉ាប់រួម មានយន្ដហោះចម្បាំង ១៥៦គ្រឿង ហើយការទិញយន្ដហោះ Rafale ៨០គ្រឿងពីបារាំង ត្រូវបានគេរំពឹងថានឹងកាន់តែពង្រឹងសមត្ថភាពយោធាអេមីរ៉ាតអារ៉ាប់រួម ក្នុងការទប់ស្កាត់ការវាយប្រហារពីសត្រូវ និងធ្វើអន្តរាគមន៍យោធា នៅក្នុងតំបន់៕

ប្រភព៖ Al Jazeera (ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២)
ដោយៈ Fresh News


 

No comments:

Post a Comment