Saturday, April 11, 2015

សហគមន៍​កសិកម្ម​សុ្រក​គីរីវង់​​បាន​និង​កំពុង​ជម្រុញ​ឲ្យ​មាន​​ដំណើរ​ការល្អ​ដើម្បី​លើក​ម្ពស់​ជីវ​ភាព​របស់​​ប្រជា​​ពល​រដ្ឋ​

ឯកឧត្តម​បណ្ឌិតសភាចារ្យ​សុខ អាន​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុកទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​​បាន​​ជម្រុញ​ឲ្យ​តំណាង​សហគមន៍គ្រប់ស្រុកក្នុងខេត្តតាកែវ​ត្រូវខិតខំ​ដកពិសោធន៍​ការ​ងារ​លើ​ដំណើរ​ការ​សហគមន៍កសិកម្ម​ ធ្វើយ៉ាងណា​ឲ្យ​កិច្ចការងារ​នេះទទួលបាន​ជោគជ័យ​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​កាន់តែ​មានភាពល្អប្រសើរ​ឡើង​។
ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​សុខ​ អាន​ ក្នុង​នាម​ជាប្រ​ធាន​ក្រុម​ការងារថ្នាក់​ជាតិ​​ចុះ​ជួយមូលដ្ឋាន​ខេត្ត​តាកែវ​ថ្លែង​ដូច្នេះ​ទៅកាន់បង​ប្អូន​ប្រជាសហគមន៍ប្រមាណ​ជាង​៣០០​នាក់​ក្នុងជំនួប​អំពី​ការ​ផ្លាស់​ប្តូ​យោបល់​ ដក​បទពិសោធន៍​គ្នា​ទៅវិញ​ទៅមក​​ នៅ​ព្រឹកថ្ងៃទី​១១ ខែ​មេសា ឆ្នាំ ២០១៥ នៅស្រុក​គីរីវង់​ ខេត្តតាកែវ​។
ឯកឧត្តម​បាន​ឲ្យដឹងថា ដើម្បី​ដំណើរការ​សហគមន៍កសិកម្ម​បាន​ទទួល​ជោគ​ជ័យ​ គប្បី​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​ការងារ​អាទិភាព​ចំនួន​៣​រួមមាន៖ ទី១- ខិតខំធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជី​ដាក់​ស្រែ​ ទី២- ត្រូវ​ស្វែង​រកអ្នកជំនាញ​មកជួយ​ធ្វើការងារនេះ​​ដើម្បីកាត់​បន្ថយ​​ចំណាយ​ និង​ជំ​នួសមកវិញ​បានទិន្នផល​ខ្ពស់​ លក់​ចេញ​បានថ្លៃ និង​ទី ៣-​ត្រូវ​ស្វែងរក​ទីផ្សា​រដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការខិត​ខំរបស់​ប្រជាពលរដ្ឋ​។
ឯកឧត្តម​ច័ន្ទ តុងអ៊ីវ អ្នកជំនាញ​ដែលធ្លាប់​មានដក​បទពិសោធន៍​លើ​ការងារ​កសិកម្ម​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​​ថ្លែងថា បច្ចុប្បន្ន​នៅលើ​ពិភព​លោក​មាន​ប្រ​ជាពល​រដ្ឋ​ប្រ​មាណ​ជាង​១​ពាន់​លាន​នាក់​ដែល​បាន​ចំណូលខ្ពស់​ក្នុង​ការ​បង្កើត​សហគមន៍​កសិកម្ម​ គឺ​ជា​សហ​ករ​។ ឯកឧត្តម​បន្ត​ថា ដើម្បី​ការងារ​សហគមន៍​កសិកម្ម​បាន​ទទួលជោគ​ជ័យ ប្រជា​សហគមន៍​គប្បី​ត្រូវ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​កិច្ច​សហការគ្នា​ជាមួយ​ក្រុម​ការងារ​ចុះជួយ​មូល​ដ្ឋាន​ ដោយ​ជម្រុញ​ឲ្យ​មាន​ការ​រក​ទីតាំង​បង្កើត​សហគម​ន៍​ឲ្យ​ច្បាស់​លាស់​ ជម្រុញ​ឲ្យ​មានការ​ចូល​រួម​ដោយ​ស្ម័គ្រចិត្ត​ ការ​ផ្សព្វផ្សាយ​គោល​ការណ៍​សហគមន៍​ ផ្សព្វ​ផ្សាយ​ច្បាប់​ ការ​បណ្តុះបណ្តាល​ពី​មន្រ្តី​ជំនាញ​របស់​ក្រសួង​ និង​មន្ទី​រ​កសិកម្ម​ ទំនាក់​ទំនង​ជាមួយ​ធនាគារ​លើ​ការងា​រ​ខ្ចី​ប្រាក់​ក្នុង​អត្រា​ទាប​ រៀបចំ​លក្ខន្តិកៈ ធ្វើ​មហា​សន្និបាត​ជ្រើស​រើស​ ក្រុមប្រឹក្សា​ភិបាល​ និង​សមាជិក​ក្រុម​ការ​ងារ​ ការដំណើរការ​ចុះបញ្ជី​ ការ​បង្រៀន​បច្ចេកទេស​កសិកម្ម​ ជាពិសេស​គឺការ​រៀបចំ​គម្រោង​ផែន​ការ​អាជីវកម្ម​។
ឯកឧត្តម​ សុខ ពុទ្ធិវុឌ្ឍ ប្រធាន​សហព័ន្ធ​ ផលិត​ស្រូវ​អង្ករ​កម្ពុជា  និង​ការនាំ​ចេញ​អង្ករ​ទៅក្រៅ​ប្រទេស បាន​លើក​ទឹកចិត្ត​ដល់​ប្រជា​សហគមន៍​ឲ្យ​ខិត​ខំប្រឹង​ប្រែ​ង អនុវត្ត​គម្រោង​ការ​នេះឲ្យ​បាន​ល្អ​ និង​ជម្រាប​អំពី​ពូជ​ស្រូវ​ដែល​ត្រូវ​ស្តង់​​ដារ​ និងលក់​ចេញ​បាន​តម្លៃ​ខ្ពស់ និង​ចាត់​ទុក​ថា​ការ​បង្កើត​សហគមន៍​កសិកម្ម​ចាំបាច់​ត្រូវ​តែ​មាន​ផែន​ការ​ច្បាស់​លាស់​ និងមន្រ្តី​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ផ្សារភ្ជាប់​គ្នា​ជាមួយកសិករ​។ ឯក​ឧត្តម​បាន​បញ្ជាក់​ថា គោល​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​បាន​ និងកំពុង​លើក​កម្ពស់​ការ​បង្កើត​សហគមន៍កសិកម្ម​ និង​ជម្រុញ​ការ​ប្រមូល​ទិញ​ស្រូវ​ឲ្យ​ត្រូវ​តាម​ស្តង់​ដារ ហើយ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ចូល​រួម​លប់​បំបាត់​ការ​នាំ​អង្ករ​ចូល​ប្រភេទ​ខូច​គុណ​ភាព​ពី​ប្រទេស​ជិត​ខាង។
ជាមួយគ្នា​នេះ​ឯកឧត្តម​ សន្យាថា នឹង​ខិត​ខំ​ជួយបង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​កសិករ​ក្នុង​ការ​ទិញ​ស្រូវ​អង្ករ​ពី​ប្រជា​ពលរដ្ឋ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​តម្លៃ តាម​ទីផ្សារ​ប៉ុន្តែ​តម្លៃ​នោះ​គឺ​ត្រូវ​តែ​ខ្ពស់​ជាង​តម្លៃ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​លក់​ចេញ​។ នេះ​ក៍​ជា​ការ​ផ្តល់​នូវ​សេច​ក្តី​ទុក​ចិត្ត​បន្ថែម​ទៀត​ផង​ដែរ ដល់​ប្រជា​សហគមន៍ដែល​តែង​តែ​សម្តែង​នូវ​កង្វល់​របស់​ខ្លួន​អំពីការ​ប្រែ​ប្រួល​មិនច្បាស់​លាស់​នៃ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ នៅពេល​ពួក​គាត់​ប្រមូល​ផល​ និង​ត្រូវ​លក់​ចេញ​ ខណៈ​ដែលពួកគាត់​ត្រូវ​ចំណាយ​ច្រើន​លើ​ជី​ និងពូជ​ស្រូវ​សំរាប់​ការផលិត​នាំ​ចេញ​មិន​ត្រូវ​បាន​ផ្តល់​ជូន​ឲ្យ​បាន​ត្រឹម​ត្រូវ​ពី​អ្នក​ជំនាញ​ ទើប​បណ្តាល​ឲ្យ​ពួកគាត់​ទទួល​បាន​តម្លៃ​ថោក​​ ។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​សុខ អាន បាន​មាន​ប្រសាសន៍​ថា ក្នុង​ដំណើរ​ការ​សហ​គមន៍​កសិ​កម្ម​ ប្រជា​សហគមន៍​អាចធ្វើឡើងតាម​របៀប «ការ​អនុវ​ត្ត​ផលិត​កម្ម-​កសិកម្ម តាម​កិច្ច​សន្យា​»​ក្នុង​ន័យថា សហករ​ដែល​ទៅខ្ចី​ប្រាក់​ និង​ការសន្យា​លក់​ស្រូវ​ជាមួយ​ក្រុមហ៊ុនទទួលទិញ ​ភាគី​ទាំង​ពីរត្រូវ​គោរព​និង​អនុវត្ត​ឲ្យ​តម្លា​ភាព​។ ឯកឧត្តម​បាន​បន្ថែម​ថា ដើម្បីការ​ងារ​នេះ​ទទួល​បាន​ជោគ​ជ័យ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សហគមន៍នីមួយៗ​ ត្រូវ​មានការ​ដឹក​នាំ​ច្បាស់​លាស់​រឹង​មាំ​រួម​ទាំង​អ្នក​កាន់​ការងា​រ​គណនេយ្យ​ ការ​ធ្វើ​ផែនការ​ រួម​ទាំងការ​គ្រប់​គ្រង​ប្រាក់​កម្ចី​ពី​ធនាគារ​ និង​ពី​ក្រុម​ហ៊ុន ប្រមូល​ទិញ​ ត្រូវ​តែ​ប្រឹង​ប្រែង​សហ​ការ​ឲ្យ​បាន​ល្អ​ជាមួយ​សមាជិក និង​ប្រជាពល​រដ្ឋ​ក្នុង​សហគមន៍​ ហើយ​ត្រូវ​ខិត​ខំ​ផលិត​ស្រូវ​អង្ករ ឲ្យ​ធា​នាបាន​នូវ​គុណ​ភាព​ខ្ពស់។
ទោះយ៉ាងណា​ឯកឧត្តម​ ឧបនាយករដ្ឋ​មន្រ្តី​សុខ អាន បាន​រំលឹក​ដក់​បង​ប្អូន​ប្រជាពលរដ្ឋ​សូម​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​បន្តចាញ់​បោក​ការ​ឃោសនា​​ ភូត​កុហក់​ បំភ្លៃ​ បំភាន់​​ប្រជាពលរដ្ឋ​ ដែល​ថា មីក្រូ​ហិញ្ញ​វត្ថុ​ ទាំង​អស់​នៅ​មូលដ្ឋាន​ គឺ​ជា​របស់​រដ្ឋ និង​បាន​ឲ្យ​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ខ្ចី​លុយ នោះ​ដោយ​ពុំបាន​ពិចារណា​ ដោយ​ក្រុម​ប្រឆាំង​សន្យាថា នៅពេល​បក្ស​គេឈ្នះ​ឆ្នោត​គេ​នឹង​លុប​ប្រាក់​បំណុល​ទាំង​អស់​នោះ​ចោល​ ដែល​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ការលំបាក​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ នឹងឈាន​ដល់​ការ​រឹប​អូស​ដីធ្លី​ផ្ទះ​សម្បែង៕​​









លិខិត​​របស់​​មេធាវី ជូន ជូងី ជូន​​ឯកឧត្តម​​ប្រធាន​សាលា​​ដំបូង​​រាជធានី​​ភ្នំពេញ ពាក់ព័ន្ធ​និង​​ការ​​សុំឲ្យ​មាន​ការ​​ដោះ​លែង និងការពារកូនក្តី