Wednesday, November 13, 2019

រាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ប្រកាសថា ផែនការផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា ដែលរៀបចំដោយមេឧទ្ទាម សម រង្ស៉ី បានទទួលបរាជ័យទាំងស្រុង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយបង្ហាញប្រាប់ប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ អំពីភាពបរាជ័យដ៏អាម៉ាស់នៃផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំឡើងដោយមេឧទ្ទាម សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ នាពេលកន្លងទៅថ្មីៗនេះក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី បានកំណត់យកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំថ្ងៃនៃការប្រារព្ធខួបអនុស្សារីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា។ រាជរដ្ឋាភិបាលមានកិត្តិយសសូមប្រកាសជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមដឹកនាំ ដោយទណ្ឌិត សម រង្ស៉ី នេះបានទទួលបរាជ័យទាំងស្រុង ហើយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចូលរួមអបអរសាទរការ ប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាលសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជីវករចំពោះភាពរអាក់រអួលខ្លះៗក្នុងការចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា កន្លងមកនេះដោយសារការរឹតបន្ដឹងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការទប់ស្កាត់សកម្មភាពរបស់ក្រុមឧទ្ទាម និងដើម្បីធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាល ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានារក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសការសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំផ្លាញចោលទាំងស្រុង នូវផែនការរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលប៉ុនប៉ងយកថ្ងៃទី០៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រមូលកម្លាំងធ្វើរដ្ឋប្រហារផ្ដលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈរបស់ប្រជាជន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាពិសេស ឧបាយកលដ៏ខ្មៅងងឹតក្នុងការប៉ុនប៉ងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា។
សូមអានសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩៖


ទស្សនៈវិភាគ៖ តើ សម រង្ស៊ី នៅតែជាប្រធានស្តីទីខ្មោចគណបក្សសង្រ្គោះជាតិដែរឬទេ?

ការសម្រេចរបស់តុលាការឱ្យ កឹម សុខា មានសេរីភាពក្នុងការធ្វើដំណើរនៅទូទាំងប្រទេសកា​លពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានក្លាយជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ និងមានការយ​កចិត្តទុកដាក់ច្រើនរហូតដល់អ្នកខ្លះ ស្ទើរភ្លេចលែងចាប់អារម្មណ៍អំពីវត្តមាន សម រង្ស៉ី នៅលើដីប្រទេសម៉ាឡេស៊ី។ ការសម្រេចរបស់តុលាការនេះបានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសក្រុមអ្នកគាំទ្ររបស់ខ្មោចគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមចោទសួរថា តើនរ​ណាជាប្រធានពិតប្រាកដនៃខ្មោចគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ តាមច្បាប់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីបានរកឃើញថា មានការឃុបឃិតជា​មួយបរទេសធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់? តើជា កឹម សុខា ឬក៏សម រង្ស៊ី? សាធារណមតិជាតិ និងអន្តរជាតិ ពិតជាចង់ដឹងចម្លើយច្បាស់លាស់ចំពោះសំណួរនេះ ជាពិសេសសកម្មជន កឹម សុខា និយម និងក្រុម សម រង្ស៊ី និយមដែលហាក់ដូចជាមិនច្បាស់ក្នុងចិត្ត។
ចៅចាក់ស្មុក មិនមែនអ្នកសម្រេចជំនួសក្រុមនយោបាយបែកបាក់ទាំង២ទេ ប៉ុន្តែសូមចូលរួមប​ង្ហាញទិដ្ឋភាពមួយចំនួនជុំវិញការដណ្តើមគ្នាគ្រប់គ្រងកម្លាំងប្រឆាំងនេះគឺ៖
ទី១៖ កឹម សុខា ត្រូវបានអង្គសមាជបោះឆ្នោតឱ្យធ្វើជាប្រធានគណបក្សសង្គ្រោះជាតិនៅអំ​ឡុងខែមីនា ឆ្នាំ២០១៧ ក្រោយពី សម រង្ស៊ី បានលាលែងចេញពីតំណែង ជាប្រធានគណបក្សនិ​ងចេញពីសមាជិកភាពនៃគណបក្សសង្គ្រោះជាតិ។ កឹម សុខា បន្តដឹកនាំគណបក្សសង្គ្រោះជា​តិរហូតដល់គណបក្សនេះត្រូវបានរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងន័យច្បាប់ កឹម សុខា គឺជាប្រធានស្របច្បាប់នៃខ្មោចគណបក្សសង្គ្រោះជាតិ។ ចំណែក សម រង្ស៊ី ជាមនុស្សក្រៅបក្ស ហើយបានព្យាយាមក្នុងការឡើងមកគ្រប់គ្រងកម្លាំងប្រឆាំងឡើងវិញក្រោយពេល កឹម សុខា ត្រូវបានចាប់ខ្លួនពីបទសន្ទិដ្ឋភាពជាមួយបរទេសដោយ បានបង្កើតចលនាឧទ្ទាមសង្គ្រោះជាតិខុសច្បាប់ដែលរំពឹងថានឹងមានការគាំទ្រ ប៉ុន្តែខុសពីការរំពឹងទុកទាំងពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិមិនទទួលស្គាល់ ថែមទាំងថ្កោលទោសថែមទៀតផង។
ចុងក្រោយនៅពេលដែលដឹងថា ខ្លួនគ្មានទីតាំងនយោបាយឈរជើង សម រង្ស៊ី ដោយមានការឃុបឃិតពីអេង ឆៃអ៊ាង និង មូរ សុខហួរ និងបក្ខពួកមួយចំនួនទៀតបានរៀបចំកិច្ចប្រជុំមួយនៅសហរដ្ឋអាមេរិកនៅខែធ្នូ ឆ្នាំ ២០១៨ ដណ្តើមខ្មោចគណបក្សសង្គ្រោះជាតិពី កឹម សុខា ដោ​​យតែងតាំងខ្លួនឯងថា ជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ។ ការប្រកាសខ្លួនឯងដោយខុសលក្ខន្តិកៈខ្មោចបក្សសង្គ្រោះជាតិថា ជាប្រធានស្តីទីត្រូវបានក្រុមកឹម សុខានិយមក្នុងនោះដឹកនាំដោយកូនស្រី កឹម សុខា បរិហារ​ សម រង្ស៊ី និងគូកនថាបានធ្វើបក្សប្រហារ បំបែកបំ​បាក់កម្លាំងបក្ស និងបំពានលក្ខន្តិកៈ ខណៈគណៈកម្មការចំពោះកិច្ចមួយត្រូវបានបង្កើតឡើងដើ​ម្បីជំនួសគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ។ សម្រាប់ក្រុម កឹម សុខា ដែលមានភាពស្របច្បាប់លើខ្មោចគណបក្សសង្គ្រោះជាតិគឺ កឹម សុខា នៅតែជាប្រធានខ្មោចគណបក្សសង្គ្រោះជាតិ និងមិនទទួលស្គាល់តួនាទីជាប្រធានស្តីទីឡើយ។ សូម្បីតែ កឹម សុខា ក៏បានបញ្ជា​ក់តាមមេធាវីរបស់គាត់ថាមិនគាំទ្រចំពោះកិច្ចប្រជុំនាខែធ្នូ តែងតាំងសម រង្ស៊ី ជាប្រធានស្តីទីឡើយ។ ទាំងការបង្កើតចលនាសង្គ្រោះជាតិ និងការប្រកាសជាប្រធានស្តីទីរបស់ សម រង្ស៊ី ត្រូវ​បានគេមើលឃើញថាជាកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរ។
ទី២៖ សហគមន៍អន្តរជាតិ មន្ត្រីការទូតនានាក្នុងប្រទេសកម្ពុជាមិនរំឭកឈ្មោះ សម រង្ស៊ី ឡើយនៅពេលជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែពួកគេបានរំឭកពីឈ្មោះ កឹម សុខា។ មន្ត្រីទូតខ្លះនៅកម្ពុជាបានលើកឡើងថាពួកគេនឹងសប្បាយចិត្ត ប្រសិនបើមិននិយាយពីឈ្មោះ សម រង្ស៊ី។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត បានជំទាស់ជាចំហរចំពោះផែនការនៃការផ្តួលរំ​លំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តន៍ហិង្សា ខណៈទណ្ឌិតរូបនេះប្រកាសថា ខ្លួនជាអ្នកប្រជាធិបតេយ្យនិងអ្នកប្រយុទ្ធដើម្បីសេរីភាព ប៉ុន្តែទង្វើរបស់ខ្លួនប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស។
អ្នកសារព័ត៌មានជាតិនិងអន្តរជាតិខ្លះក៏បានលើកឡើងថា សម រង្ស៊ី ភូតកុហកច្រើនពេក និងក្លាយជាអ្នកនយោបាយគ្មានតម្លៃដែលត្រូវលើកមកនិយាយឡើយ។ ប្រទេសនានាក៏មិនបាននិយាយពីឈ្មោះ សម រង្ស៊ី ឡើយព្រោះសកម្មភាពទាំងឡាយដែល សម រង្ស៊ី និងក្រុមខ្លួនបានធ្វើ គឺជាសកម្មភាពដែលប្រឆាំងនឹងច្បាប់។ ចុងក្រោយនេះ សម រង្ស៊ី បានប្រកាសធ្វើរដ្ឋប្រហា​រទម្លាក់រដ្ឋាភិបាលស្របច្បាប់ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ព​ង់ខ្ពស់បំផុតរបស់ពលរដ្ឋខ្មែរ។ គេមិនអាចគាំទ្របានឡើយចំពោះជនចង្រៃជាតិរូបនេះ។ ចុងក្រោយនេះការមិនគោរពតាមការសន្យាថា វិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា បានធ្វើឱ្យតម្លៃរបស់ សម រង្ស៊ី ធ្លាក់ដល់សូន្យគ្មាននរណាជឿទៀតឡើយ។ សម រង្ស៊ី មិនមែនមិនបានជួយ កឹម សុខា ឡើយ ប៉ុន្តែបានធ្វើសកម្មភាពទាំងឡាយដើម្បីបំផ្លាញ កឹម សុខា រុញកឹម សុខា ឱ្យវណ្ឌកកាន់តែខ្លាំងនឹងច្បាប់ដូចជាថា ខ្លួនក៏ជាមេបដិវត្តន៍ពណ៌ម្នាក់ដូច កឹម សុខា ដែរ និងបំបែកព្រលឹងខ្មោចគណបក្សសង្គ្រោះជាតិជាចំរៀកៗ តាមរយៈការបង្កើតសាខាខ្មោចគ ណ​បក្សសង្គ្រោះជាតិនៅនាយសមុទ្រ បំបែកកម្លាំងយុវជននៅក្រៅប្រទេស និងបំបែកកម្លាំងក្នុងស្រុក។
ទី៣៖ សម រង្ស៊ី ខ្លួនឯងក៏បានដឹងដែរថា ខ្លួនត្រូវបានគេចាប់ផ្តើមបំភ្លេចចោល មិនចាប់អារម្ម​ណ៍និង មិនផ្តល់តម្លៃ បើប្រៀបធៀបនឹង កឹម សុខា។ កឹម សុខា ដែលក្រោយពីទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ត្រូវបានឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតនានានៃបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកស្នើសុំជួបដើម្បីសាកសួរសុខទុក្ខ។ នេះបង្ហា​ញ​ថាសហគមន៍អន្តរជាតិទទួលស្គាល់ កឹម សុខា ជាប្រធានខ្មោចគណបក្សសង្គ្រោះជាតិស្របច្បាប់ មិនមែន សម រង្ស៊ី ឡើយ។ សម រង្ស៊ី ដែលបានសម្លាប់ទឹកចិត្តអ្នកគាំទ្ររបស់ខ្លួនទាំងក្នុ​ង និងក្រៅប្រទេសដែលបានដាក់សេចក្តីរំពឹងយ៉ាងខ្ពស់ថា ទណ្ឌិតក្បត់ជាតិ រូបនេះ នឹងមានភាពក្លាហានហ៊ានវិលត្រឡប់មកកម្ពុជាវិញ។ ការវិលត្រឡប់វិញមកកម្ពុជា ដែលត្រូវបាន សម រង្ស៊ី ប្រើជាលេសដើម្បីចូលមកដឹកនាំផ្តួលរំលំរាជរដ្ឋាភិបាល។ សហគមន៍អន្តរជាតិ និងសង្គមស៊ីវិលមិនគាំទ្រ សម រង្ស៊ី ឡើយ ព្រោះវាជាទង្វើខុសច្បាប់។ ដូច្នេះគេមិនអាចមកប្រឡូកប្រ​ឡា​ក់ជាមួយទណ្ឌិតក្បត់ជាតិ និងជាមេគំនិតរដ្ឋប្រហារនោះឡើយ។
ដូច្នេះតើ សម រង្ស៊ី ពេលនេះជាអ្វីទៅបើ កឹម សុខា មានសិទ្ធិដើរពេញផ្ទៃប្រទេសហើយនោះ? អ្នកវិភាគមួយចំនួនដែលប្រកាន់ក្រុមប្រឆាំងបានលើកឡើងថា តំណែងដែល សម រង្ស៊ី ប្រកា​សខ្លួនឯងថា ជាប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិបានបញ្ចប់តាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង១០ នៅពេលដែលតុលាការ បានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌក្នុងការត្រួតពិនិត្យតាមផ្លូវតុលាការដល់ កឹម សុខា មកម៉្លេះ។ កឹម សុខា ដែលទទួលជួបមន្ត្រីទូតនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាប្រធានខ្មោចគណបក្សសង្គ្រោះជាតិ ចុះហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី នៅតែបន្តប្រើប្រាស់តួនាទីជាប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិបោកប្រាស់គេឯងទៀត? សម្រាប់ក្រុម កឹម សុខានិយម គឺគ្មានឡើយតំណែងប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិ ព្រោះតំណែងដែលកើតឡើងនេះ មិនស្របតាមលក្ខខណ្ឌខ្មោចបក្សសង្គ្រោះជាតិ ហើយ កឹម សុខា នៅតែទទួលស្គាល់ពីសហគមន៍អន្តរជាតិ និងសកម្មជនខ្លួនថាជាប្រធានខ្មោ​ចគណបក្សសង្គ្រោះជាតិដដែល។ ជាមួយគ្នានេះចរន្តផ្ទៃក្នុងក្រុមប្រឆាំងក៏បាននិងកំពុងទាម​ទារឱ្យ សម រង្ស៊ី ដកខ្លួនចេញពីខ្មោចគណបក្សសង្គ្រោះជាតិ និងបញ្ឈប់ជាបន្ទាន់ការយកឈ្មោះខ្មោចគណបក្សសង្គ្រោះជាតិនិងឈ្មោះ កឹម សុខា ទៅប្រើប្រាស់បោកប្រាស់សកម្មជនតាមខ្សែញាក់របស់អាមាត្រមួយចំនួនដូចជា អេង ឆៃអ៊ាង និង មូរ សុខហួរ ជាដើមដែលនាំឱ្យសកម្មជនប្រឈមមុខនឹងច្បាប់ និងរត់ចោលស្រុក ព្រោះសម រង្ស៊ី មិនមែនជាសមាជិកខ្មោ​ចគណបក្សសង្គ្រោះជាតិទៀតទេ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩

អ្នកវិភាគ៖ តើអ្វីនៅពីក្រោយការបន្ធូរបន្ថយលក្ខខណ្ឌតាមផ្លូវតុលាការលើ កឹម សុខា?

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនទាក់ទងនឹងកាតព្វកិច្ចដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទឈ្មោះ កឹម សុខា ពោលគឺលោក កឹម សុខា អាចធ្វើ ដំណើរដោយសេរីនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅតែមិនអាចធ្វើសកម្មភាពនយោបាយ។
ការសម្រេចបន្ធូរបន្ថយនេះ ត្រូវបានមហាជនមើលឃើញថា ជាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នក្នុង រង្វង់នៃការអនុវត្តសិទ្ធិសេរីភាពបានទូលាយជាងមុន ហើយអនុញ្ញាតឲ្យ កឹម សុខា អាចទៅរកសេវាព្យាបាលជំងឺនៅទូទាំងប្រទេសបាន។ សម្រាប់អ្នកតាមដានសភាព ការណ៍នយោបាយកម្ពុជា ការសម្រេចរបស់តុលាការនាពេលនេះ គឺធ្វើឡើងស្របពេលដែល សម រង្ស៉ី បានទទួ លបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី ០៩វិច្ឆិកា។
បរាជ័យរបស់ សម រង្ស៉ី ក្នុងការអនុវត្តផែនការបង្កចលា ចលកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ជាពិសេសការប្រើឧបាយ កលនយោបាយបោកបញ្ឆោតរុញអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនឲ្យមានគ្រោះថ្នាក់ដើម្បីធ្វើជាឈ្នាន់នយោបាយនេះ មិនត្រឹមធ្វើឲ្យ សម រង្ស៉ី បាត់បង់ជំនឿទុកចិត្តពីខាង ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានធ្វើឲ្យ សម រង្ស៉ី មិនអាចធ្វើសំពាធណាមួយលើគណបក្សប្រជាជនកម្ពុជា ដើម្បី រកដំណោះស្រាយនយោបាយសម្រាប់ខ្លួនគាត់ និងក្រុមជ្រុលនិយមគាត់ឡើយ។
ប៉ុន្តែផ្ទុយទៅវិញ កឹម សុខា ដែលបានសំងំនៅស្ងៀម ហើយអំពាវនាវកម្លាំងរបស់គាត់ កុំឲ្យគាំទ្រនិងចូលរួមក្នុងផែនការជ្រុលនិយម និងហិង្សានិយមរបស់ សម រង្ស៉ី កន្លងមក បែរជាអាចរកបានជំហានជាវិជ្ជមានសម្រាប់ខ្លួនគាត់ ដែលអ្នកវិភាគនយោបាយមើលឃើញថា ជាច្រកនៃដំណោះស្រាយនយោបាយសម្រាប់ក្រុមគាត់ និងសម្រាប់ធ្វើការរួមគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាសេណារីយ៉ូនយោបាយអនាគតដ៏ប្រាកដប្រជាមួយទៅថ្ងៃ ក្រោយ។
អ្នកវិភាគបានមើលឃើញថា ការចេញនៅក្រៅឃុំបណ្តោះ អាសន្នរបស់ប្រធានអតីតគណបក្សសង្រ្គោះជាតិរូបនេះ ក៏ជាការទន្ទឹងរង់ចាំ និងជាក្តីសង្ឃឹមនយោបាយផងដែរ របស់សកម្មជនក្រុមប្រឆាំងក្នុងស្រុក ក៏ដូចជាមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដូចជា លោក អ៊ូ ច័ន្ទរ័ត្ន, លោក មាជ សុវណ្ណារ៉ា ជាដើម។ ដូចនេះតើមានអ្វីដែលជាការស៊ុគ្រលំនយោបាយរវាង កឹម សុខា និងគណបក្ស ប្រជាជនកម្ពុជា នៅពីក្រោយជំហានជាវិជ្ជមានឈានទៅរកដំណោះស្រាយនយោបាយនាពេលអនាគត?
ដោយ៖ អត្តាធីន
អ្នកស្រុកកំចាយមារ ខេត្តព្រៃវែង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាព និងកេរ្តិ៍ដំណែលនៃទំ នៀមទម្លាប់ប្រពៃណីដ៏ល្អឯករបស់កម្ពុជាយើង

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃបានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន និងភ្ញៀវទេសចរអន្តរជាតិ បានយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាព ក៏ដូចជាកេរ្តិ៍ដំណែលនៃទំនៀមទម្លាប់ប្រពៃណីដ៏ល្អឯករបស់កម្ពុជាយើង។ គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សាការពារសន្តិសុខសុវត្ថិភាពសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរអោយមានឱកាសបានសប្បាយរីករាយនៅទូទាំងប្រទេស។ លោកក៏បានអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ធនានារួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូ ពេទ្យ សិល្បៈករ សិល្បៈការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ដែលបានចូលរួមចំណែកនៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយប្រកបដោយភាពអធិកអធម្មបំផុត។ ការចូលរួមរបស់បងប្អូនគឺកំពុងជំរុញអោយសង្គមកម្ពុជាយើងកាន់តែរីកចម្រើនទៅមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជូនពរអោយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយយុវជន និងកូនក្មួយកម្មករកម្មការិនីមានសុខសុវត្ថិភាពតាមផ្លូវពេលវិលត្រឡប់មកកាន់លំនៅដ្ឋាន និងកន្លែងធ្វើការរៀងៗខ្លួនរបស់កូនក្មួយទាំងអស់គ្នា៕