Wednesday, July 19, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ តាំងពីបោះឆ្នោតឃុំសង្កាត់ មកទល់ពេលនេះ ប្រជាពលរដ្ឋដែលចូលជាសមាជិក CPP មានសន្ទុះកើនឡើងខ្លាំង

នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤មក ចំនួនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុង និងក្រៅប្រទេស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីពេលបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះ ចំនួនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជាជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស។ នេះគឺបង្ហាញឱ្យឃើញកាន់តែច្បាស់ថា គណបក្សប្រជាជននឹងទទួលជ័យជំនះនៅក្នុងការបោឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តពន្យល់ថា កត្តាដែលធ្វើឱ្យចំនួនសមាជិកគណបក្សប្រជាជនកម្ពុជា កើនឡើងខ្លាំងនេះ ដោយសារតែប្រជាពលរដ្ឋ បានដឹងអំពីតម្លៃនៃសន្តិភាព ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ លោក ហ៊ុន សែន។ លោក ក៏បានលើកឡើងថា «មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង» ហើយបន្តថ្លែងថា សន្តិភាព បានផ្តល់ឱកាសឱ្យយើងកសាងប្រទេសជាតិបានលឿនឆ្ពោះទៅមុខ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ទៀតថា «សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ មានជំនឿទុកចិត្តយ៉ាងខ្លាំងលើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថិរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុល និងបំផ្លើសព័ត៌មានអាក្រក់ពីក្រុមខិលខូចមួយចំនួនឡើយ។ ទន្ទឹមនឹងនេះដែរ កំណើនទេសចរ ក៏កំពុងកើនឡើងយ៉ាងខ្ពស់ ដែលយើងរំពឹងទុកថា នឹងកើនដល់៥ លាន នាក់ក្នុង១ឆ្នាំ។ ប្រជាពលរដ្ឋរីករាយសាទរដោយទទួ លបាននូវការងារសមស្រប និងមុខរបរតូចធំជាមួយប្រាក់ចំណូលសមរម្យ ដែលធ្វើឲ្យជីវភាពរស់នៅកាន់តែល្អប្រសើរឡើង»៕






ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន លើកឡើងថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនដោយសារប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ

លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន បានលើកឡើងថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៧៩រហូតដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយបានធ្វើឱ្យប្រទេសជាតិយើង ទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ព្រមទាំងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។
លោកបានបន្ថែមទៀតថា សុខសន្តិភាពនេះហើយ ដែលបានផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋយើង មានឱកាសជួបជុំគ្នាធ្វើបុណ្យទៀនតាមទំលាប់ពីដូនតាមក ជាពិសេសបានចូលរួមលើកស្ទួយវិស័យព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យបានគង់វង្សសំរាប់ពុទ្ធបរិស័ទគោរពបូជា។ ទន្ទឹមនេះព្រះពុទ្ធសាសនាបានអប់រំប្រៀនប្រដៅអោយមនុស្សគ្រប់រូប ប្រព្រឹត្តិតែអំពើល្អ ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងមានចិត្តមេត្តាករុណា យោគយល់អធ្យាស្រ័យគ្នា ស្រលាញ់គ្នា។
លោកបានបញ្ជាក់ទៀតថា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលបានមកដោយលំបាកនេះ ឱ្យបានយូអង្វែង ដើម្បីអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា និងប្រទេសជាតិយើងឱ្យមានការរីកចម្រើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា លោក អ៊ី ឈាន បានលើកឡើងដូចនេះ ក្នុងឱកាសដែលលោក និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ បាននាំយកទៀនព្រះវស្សា និងទេយ្យទៀន ទេយ្យវត្ថុ ទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំយ៉ាត វត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងវត្តបរហ៊ុយ ស្ថិតក្នុងភូមិបរហ៊ុយ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះដែរ លោក អ៊ី ឈាន បានថ្លែងថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សាមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១ រោច ខែអាសាធ ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ រោច ខែកក្តិក។ លោកបន្តថា តាមព្រះវិន័យព្រះពុទ្ធសាសនា បានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទី អារាមរហូត រយៈពេល៣ខែពេញតែម្តង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំប្រជាពលរដ្ឋ ពុទ្ធបរិស័ទតែងតែនាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃមុនចូលព្រះវស្សាបែបនេះ។
គួរបញ្ជាក់ថា ទេយ្យទាន និងទេយ្យវត្ថុ ដែលលោក អ៊ី ឈាន និង លោកស្រី បាន ស្រីមុំ បាននាំយកទៅវេប្រគេនដល់ព្រះសង្ឃចំនួន៣វត្តនោះ រួមមាន៖ ទី១- វត្តភ្នំយ៉ាត រួមមានទៀនព្រះវស្សាមួយគូ អង្ករ ០២ការ៉ុង មី០៦កេស ទឹកសុទ្ធ៣០យួរ ទឹកក្រូច០៣កេស ត្រីខកំប៉ុង០១កេស ប្រេងឆា០២ដបធំ អូវ៉ាន់ទីន០៦កែវ កាហ្វេកញ្ចប់ធំ០១កញ្ចប់ ស្កស០៥គីឡូ ស្កសសម្រាប់ឆុងកាហ្វេ ០១កញ្ចប់ធំ តែលីបតាន់ ០២ប្រអប់ តែខ្ញី ០១ប្រអប់ ទឹកត្រី ០១កេស ទឹកដោះគោកំប៉ុង កន្លះកេស អំបិល ០១កញ្ចប់ធំ ប៊ីចេង ០២កញ្ចប់ធំ ទឹកស៊ីអ៊ីវ ០២ឡូ និងបច្ច័យចំនួន ២លានរៀល។
ទី២- វត្តកោងកាង រួមមាន អង្ករ ១០ការ៉ុង មីកញ្ចប់ ១៥កេស ទឹកសុទ្ធ ៥០យួរ ទឹកក្រូច ០៦កេស ត្រីខកំប៉ុង ០១កេស ប្រេងឆា ០២ដបធំ អូវ៉ាន់ទី ០៦កែវ កាហ្វេកញ្ចប់ធំ ០១កញ្ចប់ ស្កស ០៥គីឡូ ស្កសសម្រាប់ឆុងកាហ្វេ ០១ កញ្ចប់ធំ តែលីបតាន់ ០២ប្រអប់ តែខ្ញី០២ប្រអប់ ទឹកត្រី ០១កេស ទឹកដោះគោកំប៉ុង ០១កេស អំបិល០១កញ្ចប់ធំ ប៊ីចេង ០២កញ្ចប់ធំ ទឹកស៊ីអ៊ីវ ០២ឡូ និងបច្ច័យ ចំនួន៤៣០០ ០០០រៀល។

និងទី៣- វត្តបរហ៊ុយ រួមមាន អង្ករ ០២ការ៉ុង មីកញ្ចប់ ០៦កេស ទឹកសុទ្ធ ៣០យួរ ទឹកក្រូច ០៣កេស ត្រីខកំប៉ុង ០១កេស ប្រេងឆា ០២ដបធំ អូវ៉ាន់ទីន ០៦កែវ កាហ្វេកញ្ចប់ធំ ០១កញ្ចប់ ស្កស០៥គីឡូ ស្កសសម្រាប់ឆុងកាហ្វេ ០១កញ្ចប់ធំ តែលីបតាន់ ០២ប្រអប់ តែខ្ញី ០១ប្រអប់ ទឹកត្រី ០១កេស ទឹកដោះគោកំប៉ុង កន្លះកេស អំបិល ០១កញ្ចប់ធំ ប៊ីចេង ០២កញ្ចប់ធំ ទឹកស៊ីអ៊ីវ០២ឡូ និងបច្ច័យចំនួន ៣៣០០០០០រៀល ព្រមទាំងបានឧបត្ថម្ភបច្ច័យមួយចំនួនដល់យាយជី តាជី អាចា្យគណៈកម្មការវត្ត ដែលបានចូលរួមផងដែរ៕








ផ្លូវយុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់ព្រំដែនប្រវែង១៧ គីឡូម៉ែត្រ ត្រូវបានជួសជុលនិងស្ដារឡើងវិញ ក្រោយពីរងការខូចខាត

ដោយមានការចង្អុលបង្ហាញពីលោកអភិបាលខេត្តព្រះវិហារ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ បានធ្វើការជួសជុល និងការស្ដារឡើងវិញ ដោយចាប់ពីចំនុចជើងភ្នំទ្រព្យ គិតចាប់ពីគីឡូម៉ែត្រលេខ០០+000 ទៅដល់ភូមិអង្រ្គង គីឡូម៉ែត្រ១៧+00 មានប្រវែង១៧គីឡូម៉ែត្រ និងបានកៀរឡើងវិញ ដើម្បីសម្រួលក្នុងការធ្វើដំណើរដល់ប្រជាពលរដ្ឋ និងកងកម្លាំងឈរជើងផងដែរ ដែលស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ផ្លូវនេះជាផ្លូវបម្រើដល់វិស័យការពារជាតិផង និងបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង ព្រោះផ្លូវនេះ ជាផ្លូវយុទ្ធសាស្រ្តជាប់ព្រំដែនកម្ពុជា-ថៃ និងបានតភ្ជាប់ពីតំបន់វាលឥន្រ្តី ច្រកចាក់ច្រែង ច្រកតាស៊ឹមផងដែរ៕




លោក សួស យ៉ារ៉ា៖ ទណ្ឌិត សម រង្ស៊ី ជីកកប់ខ្លួនឯងដោយនយោបាយប្រជាកលនិយម!

លោក សួស យ៉ារ៉ា៖ ទណ្ឌិត សម រង្ស៊ី ជីកកប់ខ្លួនឯងដោយនយោបាយប្រជាកលនិយម!
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សួស យ៉ារ៉ា តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី គឺជាមនុស្សដ៏កំសាកម្នាក់ដែលគ្មានសមត្ថភាពដឹកនាំ និងបានប្រើប្រាស់ការឃោសនាបែបប្រជាកលនិយម ដើម្បីមហិច្ឆិតានយោបាយរបស់ខ្លួនដោយពុំគិតពីការរួបរួមជាតិ សុខសន្តិភាព សុភមង្គល និងអាយុជីវិតរបស់ប្រជាជន។ នេះបើយោងតាមខ្លឹមសារនៅក្នុងអត្ថបទវិភាគពិសេសរបស់អ្នកតំណាងរាស្រ្ត សួស យ៉ារ៉ា ក្រោមចំណងជើងថា «ទណ្ឌិត សម រង្ស៊ី បានជីកកប់ខ្លួនឯងដោយនយោបាយប្រជាកលនិយម»។
លោក សួស យ៉ារ៉ា ក៏បានលើកឡើងថា ក្នុងពេលដែលប្រទេសមានភាពចលាចល យុទ្ធសាស្រ្តប្រជាកលនិយមរបស់ទណ្ឌិត សម រង្ស៊ី បែបនេះនឹងមានប្រសិទ្ធភាពបំផុត ក្នុងការអុចអាលបញ្ឆេះកំហឹងឱ្យពុះកញ្ជ្រោលបង្កទៅជាសង្រ្គាមចេញពីអណ្តាត ពេលនោះហើយ ដែលទណ្ឌិត សម រង្ស៊ី នឹងចាប់យកឱកាសចេញពីការភ័យខ្លាចរបស់ប្រជាជន ដើម្បីសងសឹកនឹងពាក្យក្បត់ជាតិដែលឪពុករបស់ខ្លួន បានទទួលក្នុងប្រវត្តិសាស្រ្ត។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង នៃអត្ថបទវិភាគពិសេសរបស់ អ្នកតំណាងរាស្រ្ត សួស យ៉ារ៉ា៖








សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះអប់រំផ្សព្វផ្សាយស្តីពីសុខភាពមនុស្សចាស់ ដល់ប្រជាពលរដ្ឋចំនួន ៤៣ នាក់

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ការិយាល័យការពារជម្ងឺឆ្លង និងមិនឆ្លង នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោក វ៉ា សុភក្រ័ សហការជាមួយ គម្រោងអប់រំសុខភាពមនុស្សចាស់ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង មណ្ឌលសុខភាពមេសរថ្ងក បានចាប់ផ្តើមដំណើរការវគ្គទី ១ ចុះអប់រំផ្សព្វផ្សាយស្តីពីសុខភាពមនុស្សចាស់ ដល់ប្រជាពលរដ្ឋចំនួន ៤៣ នាក់ (ស្ត្រី ៣៥ នាក់) ដែលមានអាយុចាប់ពី ៤៥-៦៥ ឆ្នាំ នៅភូមិបារាយណ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ការប៉ាន់ប្រមាណអំពីសុខភាពប្រជាជន ការពិនិត្យសម្ពាធឈាម ការវាស់(IBM) ការពិនិត្យទឹកនោមមើលជាតិស្ករ ការបង្ការជំងឺមិនឆ្លង ការហាត់ប្រាណ ការសមាធិ និងការកំណត់រកអ្នកត្រូវបញ្ជូនទៅទទួលសេវ៉ានៅមណ្ឌលសុខភាព ក្នុងគោលបំណង ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺមិនឆ្លងរួមមាន៖ ជម្ងឺមហារីក ទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ឈឺសន្លាក់ដៃជើង និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ៕




ក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្វាងស៊ី ប្រទេសចិន

នៅទីស្តីការក្រសួងពាណិជ្ជកម្ម ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋបាលពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្វាងស៊ី ដឹកនាំដោយលោកស្រី Hong Zhang ប្រធានរដ្ឋបាលពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះ បានពិភាក្សាអំពីការផ្លាស់ប្តូរមតិយោបល់គ្នាលើគោលនយោបាយ ស្ថានភាពបច្ចុប្បន្ន និងចំណុចប្រឈម ស្តីពីយុទ្ធសាស្ត្រម៉ាកសញ្ញា នៅក្នុងប្រទេសកម្ពុជា និងចិន។ ជាមួយគ្នានោះ ក៏មានកិច្ចពិភាក្សាលើសេចក្តីព្រាង Nanning Consensuses, ការប្រឹក្សាយោបល់អំពីវិធីសាស្ត្ររៀបចំវេទិកាពាណិជ្ជកម្ម និងឧស្សាហកម្មចិន-អាស៊ានលើកទី៣, និងការប្រឹក្សាយោបល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព៕











ឧបនាយករដ្ឋមន្រ្តី ស ខេង កោតសរសើរការរីកចម្រើនផ្នែកសមត្ថភាព អាកប្បកិរិយាល្អ និងក្រមសីលធម៌ល្អ របស់និស្សិត សិក្ខាកាម និងសិស្សនគរបាល

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរការរីកចម្រើន ផ្នែកសមត្ថភាព អាកប្បកិរិយាល្អ និងក្រមសីលធម៌ល្អ របស់និស្សិត សិក្ខាកាម និងសិស្សនគរបាលទាំងអស់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលលើកទី២ និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា សម្រាប់ឆ្នាំ២០១៦នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានថ្លែងកោតសរសើរនូវការអភិវឌ្ឍគ្រប់បែបយ៉ាងទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈសិក្សាសម្រាប់បម្រើដល់ការបណ្ដុះបណ្ដាល និងការរីកចម្រើនផ្នែកសមត្ថភាព អាកប្បកិរិយាល្អ និងក្រមសីលធម៌ល្អ របស់និស្សិត សិក្ខាកាម និងសិស្សនគរបាលទាំងអស់ ដែលកើតចេញពីការខិតខំប្រឹងប្រែងបំពេញការងារក្នុងការផលិតធនធានមនុស្សក្នុងជួរកងកម្លាំងមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានសម្តែងនូវការគាំទ្រគ្រប់បែបយ៉ាងនូវវិធានការរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការពង្រឹងការអនុវត្ដវិន័យ និងការលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្ដាលគ្រប់កម្រិត ពីព្រោះក្រសួងត្រូវការមន្ត្រីនគរបាលដែលមានសមត្ថភាព ដើម្បីប្រសិទ្ធភាពការងារ និងបានបញ្ជាឱ្យបណ្ឌិត្យសភា បន្ដកិច្ចសហការជាមួយនាយកដ្ឋានបុគ្គលិក ផ្នែកកិច្ចការនគរបាល ក្នុងការជ្រើសរើសក្របខណ្ឌមន្ដ្រីនគរបាលថ្មី និងការងារបណ្ដុះបណ្ដាលសម្រាប់ឆ្នាំបន្ដបន្ទាប់ទៀត ស្របតាមអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្ដិទៅរបស់ក្រសួងមហាផ្ទៃ ដូចដែលធ្លាប់បានធ្វើកិច្ចសហការល្អជាមួយគ្នាក្នុងឆ្នាំ២០១៦កន្លងទៅ។

នៅចុងបញ្ចប់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានបន្ដគាំទ្រនិងលើកទឹកចិត្ដខ្ពស់ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយបានឧបត្ថម្ភតុសម្រាប់ដាក់កុំព្យូទ័រ ចំនួន១៥០ ឧបករណ៍សម្រាប់ហ្វឹកហាត់កាយសម្បទា១ឈុត អាងហែលទឹក១កន្លែង ជំរុញការកសាងផ្លូវបេតុងក្នុងបរិវេណបណ្ឌិត្យសភា និងធ្វើប្រព័ន្ធលូសម្រាប់រំដោះទឹកផងដែរ៕









កូនសត្វទោចម្កុដទី៣ បានចាប់កំណើតហើយក្នុងឧទ្យានអង្គរ

គិតត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សត្វទោចម្កុដចំនួន២គូ ដែលបានព្រលែងក្នុងតំបន់អង្គរ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Angkor Zip line) បានបង្កើតកូន៣ក្បាលហើយ។
អាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដគូដំបូងនៅតំបន់ប្រាសាទតានៃ នាខែមិថុនា ឆ្នាំ២០១៣ និងមួយគូទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅខ្លោងទ្វារខ្មោចខាងកើតប្រាសាទបាយ័នដែលបង្កើតបានកូនមួយកាលពីថ្ងៃទី២៩ ខែមិថុនា២០១៦។ ចំណែកទោចម្កុដមួយគូនៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើក គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនទី២លើកនេះ កើតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧។
តាមលោក Todd Anthony អគ្គនាយកក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍នៅក្បែរប្រាសាទតានៃបានឱ្យដឹងថា កូនទោចម្កុដដែលទើបកើតថ្មីនេះមានសម្បុរស តែគេមិនទាន់ដឹងថាជាញី ឬឈ្មោលនៅឡើយទេ។ លោកបញ្ជាក់ថា គេអាចនឹងដឹងភេទរបស់វាបាននៅពេលដែលវាមានអាយុប្រហែល១ឆ្នាំ។
ផ្អែកតាមរបាយការណណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវដីព្រៃ និងសត្វព្រៃ ក្នុងឆ្នាំ២០១៦ បានឱ្យដឹងថា ទោចម្កុដត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្សសត្វព្រៃពិភពលោក (IUCN) ជាប្រភេទសត្វជិតផុតពូជ។ សត្វដ៏កម្រមួយនេះ មានវត្តមាននៅលើទឹកដីកម្ពុជាមិនដល់ ១ម៉ឺនក្បាលទេ។
តាមការសិក្សាជំរឿនសត្វព្រៃកន្លងមក រមណីយដ្ឋានអង្គរធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ដោយឡែក សត្វព្រៃប្រភេទទោចម្កុដនេះក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរផងដែរ។ ប៉ុន្តែក្នុងចន្លោះនៃសង្រ្គាមស៊ីវិលមកដល់ពេលបច្ចុប្បន្ននេះ ពួកទោចបានស្លាប់ផុតពូជពីព្រៃនេះទៅហើយ។ ដូចច្នេះហើយទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការសិក្សាស្រាវជា្រវលម្អិតអំពីលក្ខណៈព្រៃ ដែលមានអំណោយផលដល់ការរស់នៅរបស់ពួកសត្វទោច និងបាននាំមកព្រលែងនៅក្នុងតំបន់អង្គរនេះឡើងវិញ ដើម្បីលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិ ក្នុងតំបន់អង្គរ ឲ្យកាន់តែវិសេសវិសាលថែមទៀត៕





កម្ពុជា-វៀតណាម សម្ពោធបើកដំណើរការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ(ខេត្តរតនគិរី) ឡេថាញ់(ខេត្តយ៉ាឡាយ)

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរប្រទេសកម្ពុជា និងប្រទេសវៀតណាម បានរៀបចំពិធីសម្ពោធបើកដំណើរការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ(ខេត្តរតនគិរី)-ឡេថាញ់(ខេត្តយ៉ាឡាយ)។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្របពេលដែលប្រជាជន និងប្រទេសទាំងពីរ ប្រារព្ធពិធីអបអរសាទរខួបលើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា អនុវត្តតាមកិច្ចព្រមព្រៀងកាលពីឆ្នាំ១៩៩៨ និងពិធីសារដឹកជញ្ជូនផ្លូវគោករវាងប្រទេសកម្ពុជា និងវៀតណាម ឆ្នាំ២០០៥ ភាគីប្រទេសទាំងពីរ បានអនុញ្ញាតឲ្យយានយន្តផ្លូវគោកចំនួន៥០០ គ្រឿង មកពីប្រទេសនីមួយៗ ធ្វើប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលក្នុងពិធីសារនេះ មានច្រកទ្វារអន្តរជាតិចំនួន ០៧ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ ហើយនេះជាច្រកទ្វារអន្តរជាតិទី០៦ ហើយ ដែលសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យសេដ្ឋកិច្ច តម្រូវការនៃការដឹកជញ្ជូនទំនិញ និងអ្នកទេសចរណ៍ឆ្លងកាត់ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕








អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមគ្រូទេព្យស្ម័គ្រចិត្តជប៉ុន បើកវគ្គបណ្តុះបណ្តាល បច្ចេកទេសង្គ្រោះបឋមដល់មន្ត្រីភ្នាក់ងារទេសចរណ៍ចំនួន៤០នាក់

អាជ្ញាធរជាតិអប្សរា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជប៉ុននៃអង្គការស្រឡាញ់ ដើម្បីបើកវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមរយៈពេលមួយថ្ងៃ ដល់មន្ត្រីភ្នាក់ងារទេសចនៃនាយក ដ្ឋានអភិវឌ្ឍន៍ទេសចររចំនួន ៤០ នាក់ ដែលមកពីប្រាសាទនានានៅក្នុងតំបន់អង្គរ នៅសាល សន្និសីទអង្គរ ព្រឹកថ្ងៃ ទី១៩ខែកក្កដា ឆ្នាំ២០១៧ នេះ។
វគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនេះ ក្រុមពេទ្យស្ម័គ្រចិត្តបានបង្រៀនផ្តោតសំខាន់ទៅ លើវិធីសាស្ត្រនៃការសង្គ្រោះបឋមមនុស្សគាំងបេះដូង របៀបនៃការរុំរបួស លាងរបួស វិធីសាស្ត្រ នៃការជួយមនុស្សលង់ទឹក រលាកទឹកក្តៅ និងវិធីជួយមនុស្សស្លាក់អាហារដល់មន្ត្រីភ្នាក់ងារទេសចរ ព្រោះពួកគាត់ជាអ្នកធ្វើការងារផ្ទាល់ជាមួយភ្ញៀវទេសជាតិ និងអន្តរជាតិ។
ការងារសង្គ្រោះបឋមនេះ ជាការងារបន្ថែមលើការងារស្នូលរបស់ភ្នាក់ងារទេសចរណ៍។ ការងារនេះ មានសារៈសំខាន់សម្រាប់មន្ត្រីភ្នាក់ងារទេសចរណ៍ក្នុងការជួយសង្គ្រោះដល់ភ្ញៀវដែល ជួបឧបទ្ទវហេតុណាមួយក្នុងកំឡុងពេលដែលពួកគាត់កំពុងដើរទស្សនា នៅក្នុងតំបន់រមណីយដ្ឋាន អង្គរផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយនៃវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិក ដែលធ្វើការពាក់ព័ន្ធក្នុងឧទ្យានអង្គរ ដោយវគ្គទី១ត្រូវបានរៀបចំឡើងដោយក្រុម The CPR HERO Training Center កាលពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា និងលើកទី២ ពីថ្ងៃទី១៣ ខែធ្នូដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦៕






លោក Vivian Balakrishnan: សូមធ្វើជាមិត្តជាមួយអ្នកគ្រប់គ្នា និងគ្មាននរណាម្នាក់ ជាសត្រូវទេ ប៉ុន្តែកុំសម្របសម្រួលផលប្រយោជន៍ជាតិ

រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បាននិយាយកាលពីថ្ងៃចន្ទ (១៧ កក្កដា) ថា ក្នុងនាមជាប្រទេសតូចមួយ សិង្ហបុរីត្រូវតែ «ក្រោកឈរ និងតាំងចិត្តធ្វើការឱ្យបានមុតមាំ» នៅពេលចាំបាច់ និងមិនទទួលរងនូវអ្វីដែលយើងមាននោះទេ។
ថ្លែងនៅព្រឹត្តិការណ៍សាលាក្រុងនៅឯក្រសួងរបស់គាត់ លោក Balakrishnan បានរំលឹកដល់មន្រ្តីការទូតអំពីគោលការណ៍នៃគោលនយោបាយការបរទេសរបស់ប្រទេសសិង្ហបុរី ដើម្បី «ការពារ អធិបតេយ្យ និងឯករាជ្យរបស់សិង្ហបុរី» និងដើម្បីពង្រីកឱកាសសម្រាប់សិង្ហបុរី។
គាត់បានបន្ថែមថា ការធ្វើឱ្យរឿងនេះសម្រេចបាននោះតែងតែមានភាព «ប្រឈមកើតឡើង» ខណៈដែលសិង្ហបុរីជាប្រទេសតូចមួយ។
លោក Balakrishnan បាននិយាយថា «មិនមានភាពផ្ទុយគ្នារវាងការយល់ដឹងជាក់ស្តែងនៃ នយោបាយ និងការធ្វើអ្វីដែលខ្លួនត្រូវការដើម្បីការពារអធិបតេយ្យផ្ទាល់របស់យើង រក្សា និងពង្រីក ភាពពាក់ព័ន្ធរបស់យើង ហើយនិងបង្កើតកន្លែងសេដ្ឋកិច្ច និងនយោបាយសម្រាប់ខ្លួនយើង»។
គាត់បានបន្ថែមទៀតថា នេះគឺជាអ្វីដែលមេដឹកនាំស្ថាបនិករបស់ប្រទេសនេះបានយល់ដឹង ដោយសំដៅទៅនាយករដ្ឋមន្រ្តីដំបូងរបស់សិង្ហបុរី លោក Lee Kuan Yew អតីតឧបនាយករដ្ឋមន្ត្រី លោក Goh Keng Swee និងលោក S Rajaratnam ។
គោលការណ៍សំខាន់ៗមួយចំនួនដែលពួកគេបានបង្កើតនោះគឺថា ដើម្បីរក្សានូវទំនាក់ទំនងដែលសេដ្ឋកិច្ចរបស់សិង្ហបុរីត្រូវតែរីកចម្រើន និងស្ថានភាពនយោបាយរបស់ខ្លួនមានស្ថិរភាព។ ប្រទេសនេះមិនត្រូវបានគេទិញ ឬធ្វើឫកកោងឡើយ ឬអ្វីដែលលោកបណ្ឌិត Balakrishnan បានហៅថា «រដ្ឋដែលចំណុះរដ្ឋមួយទៀត»។ ជំនួសទៅវិញ សិង្ហបុរីមានបំណងធ្វើជា «មិត្តជាមួយអ្នកគ្រប់គ្នា ប៉ុន្តែគ្មាននរណាម្នាក់ជាសត្រូវទេ។
លោកបណ្ឌិត Balakrishnan បាននិយាយថា «ទោះក្នុងតម្លៃណាក៏ដោយអ្នកការទូតគឺមិនគ្រាន់តែមានទំនាក់ទំនងមិត្តភាពប៉ុណ្ណោះទេ។ វាគឺសំដៅលើកកម្ពស់ដល់ទំនាក់ទំនងមិត្តភាព ជាមធ្យោបាយមួយដើម្បីការពារ និងជំរុញផលប្រយោជន៍សំខាន់ៗផ្ទាល់របស់យើង»។
គាត់បានបន្ថែមទៀតថា «នៅពេលដែលអ្នកដទៃធ្វើការទាមទារមិនសមហេតុផលដែលធ្វើ ឱ្យប៉ះពាល់ ឬសម្រុះសម្រួលដល់ផលប្រយោជន៍ជាតិរបស់យើងនោះ យើងត្រូវតែបញ្ជាក់ពីជំហររបស់យើង និងប្រកាន់គោលការណ៍រ៉ឹងមាំ។
លោកបណ្ឌិត Balakrishnan ក៏បានរំលឹកឡើងវិញ ពីសារៈសំខាន់នៃការប្រកាន់ភ្ជាប់តាមលំដាប់សកលដែលមានមូលដ្ឋានច្បាប់ បទបញ្ញត្តិច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយ សន្តិវិធី។
គាត់បានបន្ថែមថា «យើងត្រូវតែប្រឆាំងយ៉ាងសកម្មនូវកលល្បិចនៃមហាអំណាចដទៃទៀត ដែលអាចព្យាយាមក្នុងការជះឥទ្ធិពលលើមណ្ឌលបោះឆ្នោតក្នុងស្រុករបស់យើង ដើម្បីធ្វើឱ្យគោល នយោបាយបរទេសរបស់យើងល្អប្រសើរសមស្របទៅតាមផលប្រយោជន៍របស់ពួកគេ »។
លោកសាស្ត្រាចារ្យ Mahbubani បានសរសេរថា គ្រប់ប្រទេសតូចៗទាំងអស់ជានិច្ចជាកាលត្រូវតែធ្វើឥរិយាបថខ្លួនដូចប្រទេសតូចៗអញ្ចឹង ជាទស្សនៈមួយដែលរដ្ឋមន្រ្តីច្បាប់ និងកិច្ចការក្នុងប្រទេសលោក K Shanmugam ក៏ដូចជាអ្នកការទូតមួយចំនួនទៀតប្រកាន់យកនូវទស្សនៈរបៀបនេះ។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong ក៏បាននិយាយផងដែរកាលពីសប្តាហ៍មុនអំពីជំហរគោលនយោបាយការបរទេសសឹង្ហបុរីថា ប្រទេសនេះត្រូវតែ «ក្រោកឈរ និងតាំងចិត្តធ្វើការឱ្យមានមុតមាំ»។
លោកបណ្ឌិត Balakrishnan បាននិយាយកាលពីថ្ងៃចន្ទថា «មនុស្សមួយចំនួនបានផ្តល់យោបល់ថា សឹង្ហបូរីឱ្យចេះដាក់ខ្លួន ហើយទទួលយកការឈឺចាប់អ្វីដែលខ្លួនត្រូវតែបានទទួល។ ផ្ទុយទៅវិញ វាជាការជាក់ច្បាស់ណាស់គឺអញ្ចឹង ដោយសារតែយើងជារដ្ឋតូចមួយ ហើយយើងត្រូវតែក្រោកឈរឡើង និងតាំងចិត្តធ្វើការឱ្យមានមុតមាំនោះ នៅពេលដែលយើងត្រូវធ្វើដូច្នេះ»។
សិង្ហបុរីក៏ក្លាយជាអ្វីដែលលោកបណ្ឌិត Balakrishnan បានហៅថា «ឈ្មួញកណ្តាលស្មោះត្រង់» ហើយវាត្រូវតែបន្តធ្វើឱ្យស៊ីសង្វាក់គ្នា និងទុកចិត្តគ្នា។
លោកបណ្ឌិត Balakrishnan បាននិយាយថា «ដោយសារយើងអាចជឿទុកចិត្តបាន សិង្ហបុរីអាចដើរតួនាទីស្ថាបនាក្នុងកិច្ចការអន្តរជាតិនៅអាស៊ាន និងនៅអង្គការសហប្រជាជាតិ»។
គាត់បាននិយាយថា «កិច្ចការទូតរបស់យើងគឺអាចជឿទុកចិត្តបាន ប្រសិនបើយើងអាចរក្សាការយល់ស្របក្នុងស្រុកលើអាទិភាពគោលនយោបាយរបស់យើង និងផលប្រយោជន៍ស្នូលរបស់សឹង្ហបូរី ហើយប្រសិនបើនយោបាយរបស់យើងមិនបែកបាក់ ហើយសង្គមរបស់យើងក៏មិនបែកបាក់» ផងដែរ។
ប្រទេសសឹង្ហបូរីបានបោះជំហានលើទីលានអន្តរជាតិ ដោយសារតែសង្គម និងសេដ្ឋកិច្ចរុងរឿងរបស់ខ្លួន ដែលធ្វើឱ្យច្បាស់ថា ប្រទេសនេះត្រូវតែធ្វើសកម្មភាពនៅក្នុងផលប្រយោជន៍របស់ខ្លួន និងមិនមែនធ្វើតាមការណែនាំរបស់ប្រទេសដទៃទៀតនោះទេ។
គាត់បានបន្ថែមទៀតថា «យើងបានពង្រីកទំនាក់ទំនងជាមួយប្រទេសជាច្រើនតាមដែលអាចធ្វើទៅបាន ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកនៅគ្រប់ប្រទេសទាំងអស់ដោយមិនគិតពីទំហំ និងភាព ឈ្នះ-ឈ្នះ ចេញពីការពឹងពាក់គ្នាទៅវិញទៅមក»៕
ប្រភព : Channel News Asia ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧



អនិច្ចាគ្រួសារសពលោកបណ្ឌិត កែម ឡី!

នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុក Boulam San បានបង្ហោះផ្សាយខ្លឹមសារអត្ថបទមួយក្រោមចំណងជើងថា «អនិច្ចាគ្រួសារសពលោកបណ្ឌិត កែម ឡី!»
ហ្វេសប៊ុក Boulam San បានសរសេរថា៖ ពេលលោកស្លាប់ទៅសម្បូរណាស់អ្នកចេញមុខកាងសពដើម្បីធ្វើអាជីវកម្មនយោបាយ សម្បូរណាស់អ្នកអួតថាជាកែម ឡី និយម សម្បូរណាស់អ្នកដើរលាបពណ៌ឱ្យគេថានៅពីក្រោយឃាតកម្មលើរូបលោកបណ្ឌិត សម្បូរណាស់អ្នកបង្កើតមូលនិធិដើររៃអង្គាសលុយដោយអួតថាធ្វើចេតិយ ធ្វើបណ្ណាល័យ មហាសាល តែទីបំផុតមានតែអ្នកយកមុខ មានតែអ្នកកេងចំណេញ និងមានតែអ្នកតាមស៊ីបុណ្យប៉ុណ្ណោះ។ សូម្បីថ្លៃបបរក៏មិនរួចខ្លួនផង ជំពាក់គេជិត 8000$ គ្រួសារសពខំអំពាវនាវ រកលុយមកសងថ្លៃបបរយ៉ាងណាក៏គ្មានអ្នកណាអើពើ។ ទីបំផុត អ្នកដែលត្រូវគេលាបពណ៌ថា នៅពីក្រោយការសម្លាប់លោក កែម ឡី គឺជាអ្នកដែលមានចិត្តបុណ្យជួយដល់គ្រួសារសពទៅវិញ។ តើពួកកែម ឡី និយម ពួកកេងចំណេញនយោបាយ ពួកអ្នកបង្កើតមូលនិធិកែម ឡី បាត់មុខទៅណាអស់? លោកបណ្ឌិតអើយ តើព្រលឹង លោកបណ្ឌិតខ្លោចផ្សារយ៉ាងណាបើបានឃើញសភាពបែបនេះ? ក្រុមគ្រួសារលោកបណ្ឌិត និងព្រលឹងលោកបណ្ឌិត ពិតជាបានឃើញច្បាស់ហើយពេលនេះថា អ្នកណាជាទេវទត្ត ហើយអ្នកណាជាទេវតាពិតប្រាកដនោះ។
សូមវិញ្ញាណក្ខន្ធលោកបណ្ឌិតទៅកាន់សុគតិភពចុះ!
គ្រួសារលោកបណ្ឌិតរួចផុតទុក្ខលំបាកដោយសារម្ចាស់បបរ និងម្ចាស់រោងបុណ្យ តាមទារបំណុលហើយ!!!

គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ យោងតាមព័ត៌មាន Fresh News បានផ្សព្វផ្សាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលបុណ្យជាថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់បុណ្យគម្រប់ខួប១ឆ្នាំ នៃមរណភាពរបស់លោកបណ្ឌិត កែម ឡី បន្ទាប់ពីលោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់ លោក កែម ឡី ប្រកាសខ្វះខាតថវិកាចំណាយថ្លៃបបរ និងចំណាយផ្សេងៗ ៧,៨០០ដុល្លារ៕


កុមារឆ្លាត ហ៊ឺ ទៀង គីមហុង និងក្រុមគ្រួសារ បានមកជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចបំណងហើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យកុមារឆ្លាត ហ៊ឺ ទៀង គីមហុង អាយុ ៧ឆ្នាំ ឪពុកម្ដាយ ក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ កុមារ ហ៊ឺ ទៀង គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក ជួបសំណេះសំណាលនៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។
សូមជម្រាបផងដែរថា កុមារា ហ៊ឺ ទៀង គីមហុង កំពុងរៀននៅសាលាបឋមសិក្សាហ៊ុនសែនអនុវត្ត ដែលមានទីតាំងនៅភូមិ ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ឪពុកម្តាយរបស់កុមារា ទៀង គីមហុង សព្វថ្ងៃគឺកំពុងរស់នៅទីតាំងខាងលើនេះផងដែរ។
កុមារា ហ៊ឺ ទៀង គីមហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ កុមារា ហ៊ឺ ទៀង គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ និងអក្សរឡាតាំងកាលពីអាយុជាង ២ឆ្នាំ។ អាយុបានពីរឆ្នាំកន្លះ កុមារា ទៀង គីម ហុង ចេះអានសារជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយ៉ាងល្អ។
នៅក្នុងពេលជួបសំណេះសំណាលជាមួយកុមារា ហ៊ឺ ទៀង គីមហុង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យកុមារា គីមហុង ប្រើប្រាស់កុំព្យូទ័រស្រាវជ្រាវក្នុង Internet និងបានអោយចៅស្រីលោកនាយករដ្ឋមន្ត្រី និយាយសន្ទនាជាភាសាអង់គ្លេសជាមួយគ្នាផងដែរ។ លោកនាយករដ្ឋមន្ត្រី ក៏បានប្រាប់អោយកុមារា ហ៊ឺ ទៀង គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និងទីតាំងមួយចំនួន ហើយវាស់ចំងាយរកចំនួនប្រវែងគីឡូម៉ែត្រ។ កុមារា ហ៊ឺ ទៀង គីមហុង ធ្វើបានយ៉ាងល្អគួរអោយកោតសរសើរ។ ដោយសារកុមារនេះមានសមត្ថភាពពិសេស លោកនាយករដ្ឋមន្ត្រី បានស្នើអាហារូបករណ៍ពិសេសពីសាលា Belti ដល់គីមហុងបានសិក្សាចំណេះដឹងទូទៅ។ កុមារា ហ៊ឺ ទៀង គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី ៨ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាពរួចហើយនោះ។ ទន្ទឹមនឹងនេះ គឺលោកនាយករដ្ឋមន្ត្រី ក៏បានស្នើអោយ លោក ដួង តារា ជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងក្រុមគ្រួសារពិភាក្សាគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់កុមារា ទៀង គីម ហុង ។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា លោកនឹងទទួលបន្ទុករាល់នូវការចំណាយ ក្នុងការសិក្សាសម្រាប់កុមារា គីម ហុង ទាំងស្រុង។ បន្ទាប់ពីបានសំណេះសំណាលជាមួយកុមារា ហ៊ឺ ទៀង គីមហុង ក្រុមគ្រួសារ និងលោកគ្រូរួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧបត្ថម្ភនូវ កុំព្យូទ័រយួរដៃ ០១គ្រឿង iPad ០១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់ ០១គ្រឿង សម្រាប់ចៅប្រុសធ្វើដំណើរទៅសាលា រួមនឹងថវិកាមួយចំនួនផងដែរ។
ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានកោតសរសើរ ដល់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ ៧ឆ្នាំ មានសមត្ថភាពធ្វើគណិតវិទ្យាថ្នាក់ទី ១២ បានយ៉ាងល្អ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឧបត្ថម្ភគ្រប់បែបយ៉ាង ដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត៕