Thursday, August 25, 2022

មន្ត្រីជាន់ខ្ពស់បក្សកុម្មនិស្តចិន៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស ហើយចំណងមិត្តភាព សាមគ្គីភាពនៃកិច្ចសហប្រតិការជាមួយចិន កាន់តែទទួលបានផ្លែផ្កា


(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់បក្សកុម្មនិស្តចិន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាព នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការកសាងជោគវាសនារួមរវាកម្ពុជា-ចិន កាន់តែទទួលបានផ្លែផ្កា។



ការកោតសសើរបែបនេះ ពីសំណាក់គណបក្សបក្សកុម្មនិស្តចិន បានធ្វើឡើងក្នុងឱកាសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឲ្យលោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។


បើតាមលោក កែម សម្បត្តិ អនុប្រធានគណៈកម្មការទំនាក់ទំនងការបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងទំនួបនោះ លោក លីវ ជានចាវ បានជម្រាបសម្តេចវិបុលសេនាភក្តី សាយ ឈុំ ពីស្ថានភាពខុសប្លែកគ្នារបស់កម្ពុជា កាលពីឆ្នាំ២០០៤ ក្នុងពេលដែលលោកមកដល់ប្រទេសកម្ពុជាជាលើកដំបូង និងពេលបច្ចុប្បន្ន ដោយបានឃើញពីការរីកចម្រើនរបស់កម្ពុជាឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែត្រូវលើកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសការកិត្យានុភាពរបស់កម្ពុជា ត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិ។


លោក កែម សម្បត្តិ បានបន្ថែមថា «ប្រធានគណៈប្រតិភូអបអសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ រយៈពេលកន្លងទៅ ហើយក៏បានប្ដេជ្ញាគាំទ្រការដឹកនាំយ៉ាងត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន តទៅមុខអង្វែងទៀត ដើម្បីចំណងមិត្តភាព សាមគ្គីភាព នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការកសាងជោគវាសនារួមរវាកម្ពុជា-ចិន កាន់តែទទួលផលបានផ្លែផ្កាទៅថ្ងៃអនាគត»។


លោក លីវ ជានចាវ បានបញ្ជាក់ថា «ទោះបីជាស្ថិតនៅក្នុងបរិបទនៃសភាពការណ៍ពិភពលោកប្រែប្រួលស្មុគស្មាញ មានការវិវត្តន៍ ទៅប្រកដដោយគ្រោះថ្នាក់យ៉ាងណាក្តី ក៏ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ជាលំដាប់ ហើយទំនាក់ទំនងនេះ និងក្លាយទៅជាមរតកដល់ល្អ សម្រាប់អ្នកបន្តវេនទៅថ្ងៃអនាគត»។


ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមអបអរសាទរចំពោះលោក លីវ ជានចាវ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីឧសភាកន្លងទៅ សម្តេចនឹងសហការយ៉ាងជិតស្និទ្ធជាមួយលោក ដើម្បីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលគណបក្សទាំងពីរបានប្រគល់ជូន។


សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឱ្យដឹងថា នៅឆ្នាំ២០២៣ គឺជាឆ្នាំគម្រប់ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ធ្វើការជិតស្និទ្ធជាមួយមិត្តចិន ក្នុងការរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។


សម្តេចក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន ដែលបានផ្ញើសារអរបអរសាទរ ជូនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧១ឆ្នាំ ថ្ងៃបង្កើតគណបក្ស និងជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២កន្លងមកនេះ។ ជោគជ័យនៃការបោះឆ្នោតនេះ បានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជានៅតែ

ត្រូវការតួនាទីដឹកនាំសង្គមរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។


បន្ថែមពីនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានបង្ហាញការសប្បាយរីករាយ ដែលបានឃើញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ឈានដល់កម្រិតមិត្តភាពដែកថែប ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមជោគវាសនារួមកម្ពុជា-ចិន។ ទោះបីក្នុងបរិបទកូវីដ១៩ និងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកក៏ដោយកម្ពុជា-ចិននៅតែឈររឹងមាំជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក។ ប្រការនេះបានស្ដែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាផ្លូវការ ជាបន្តបន្ទាប់រវាងសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងព្រឹត្តិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រសិទ្ធនាមថា «ជាវីរបុរសសង្ហាដើរបញ្ច្រាសទិស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីគណបក្ស រដ្ឋាភិបាល និងប្រជាជនចិនបានឡើយ។ ជំនួយគាំទ្ររបស់ចិន មិនគ្រាន់តែនាំមកនូវការអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ គឺបានជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់កម្ពុជាទៀតផង៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញាតិឱ្យលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។



លោកជំទាវ Ulku Kocaefe បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីតួកគី ជូនសម្ដេចតេជោ ហើយគោរពប្ដេជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង ។ ក្នុងន័យនេះ ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។


លោកជំទាវ Ulku Kocaefe បានបន្តថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខាហើយ ដូចនេះ លោកជំទាវនឹងទាញយកសក្ដានុពលទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរជូនចំពោះលោកជំទាវ Ulku Kocaefe ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីរបស់សាធារណរដ្ឋតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ 


សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះលោកជំទាវផងដែរ ដែលបាននាំនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ជូនចំពោះសម្ដេច ហើយសម្ដេច បានយល់ស្របជាមួយលោកជំទាវដែលថាប្រទេសយើងទាំងពីរ នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្វាគមន៍ការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ហើយសង្ឃឹមថា ការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត៕


វិភាគអន្តរជាតិ៖ ហេតុអ្វី ចិនមិនធ្វើជា «អាជ្ញាកណ្ដាល» បញ្ចប់សង្រ្គាមអ៊ុយក្រែន?



(កង់បេរ៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីដើមខែសីហាកន្លងទៅនេះ បាននិយាយថាលោកផ្ទាល់កំពុងព្យាយាមស្វែងរកឱកាសនិយាយ ដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីស្នើសុំឱ្យលោកធ្វើជា «អាជ្ញាកណ្ដាល» ជួយសម្រុះសម្រួលរកផ្លូវបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ ការកត់សម្គាល់ បែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន South China Morning Post កាលពីថ្ងៃទី៤ ខែសីហានេះ ជាមួយការជំរុញឱ្យចិនប្រើ ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនលើរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាមសព្វថ្ងៃ។


ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ចិនជាប្រទេសមានអំណាចខ្លាំងទាំងនយោបាយ និងសេដ្ឋកិច្ចដែលអាចបង្ខំ ឬដាក់សម្ពាធលើ រុស្ស៉ី ហើយមិនតែប៉ុណ្ណោះ ចិនក៏ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយដែរ»។ តែទោះជាបែបនេះក្ដី ខាងទីក្រុងប៉េកាំងមិនទាន់បានផ្ដល់ ចម្លើយជាវិជ្ជមានណាមួយនៅឡើយទេ ខណៈអ្នកជំនាញភាគច្រើនដូចជាលោក ចូសែប នី (Joseph S. Nye) ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Harvard យល់ថាចិននឹងមិនធ្វើជាអាជ្ញាកណ្ដាលបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយងាយៗឡើយ។ តើមកពីហេតុអ្វី?


សម្រាប់លោក ចូសែប នី លោក ស៊ី ជិនពីង មានឱកាសលើកកម្ពស់មុខមាត់ចិននៅលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសនាំ​មកនូវសន្តិភាពជូនពិភព​លោកដូចដែល​អតីត ប្រធានាធិបតីអាមេរិក លោក ធេដឌី រូសស្វែល (Teddy Roosevelt) បានធ្វើតាមរយៈការធ្វើជាអាជ្ញាកណ្ដាលបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមរវាងរុស្ស៉ី និងជប៉ុន កាលពីឆ្នាំ ១៩០៥ ដែលនេះបានបង្កើនឥទ្ធិពលរបស់អាមេរិកនៅលើឆាកអន្តរជាតិ រីឯលោក រូសស្វែលខ្លួនឯងក៏បានទទួលជ័យលាភីពានរង្វាន់​ណូបែល​សន្តិភាព​ផងដែរ។


តួកគី អ៉ីស្រាអែល និងបារាំង រួមទាំងបណ្ដាប្រទេសមួយចំនួនទៀត ក៏បាន និងកំពុងព្យាយាមធ្វើជាអ្នកសម្របសម្រួលបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនដែរ តែពួកគេ មិនមានឥទ្ធិពល ឬទឹកមាត់ប្រៃលើលោក ពូទីន ដូចជាលោក ស៊ី ជិនពីងឡើយ ហើយរឿងសំខាន់គឺស្ថិតនៅត្រង់ថាតើលោក ស៊ី ជិនពីង ចង់ធ្វើជាអាជ្ញា​កណ្ដាលដែរ ឬក៏យ៉ាងណា។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក ចិនបានប្រកាន់ជំហរអព្យាក្រឹតផង និងម្ដងម្កាលចេញមុខគាំទ្ររុស្ស៉ីផងតាមរយៈ​ការរិះគន់ទណ្ឌ​កម្មរបស់ លោកខាងលិច ព្រមទាំងបរិហារដែរថាសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងក៏ជាការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមិនព្រមបញ្ឈប់​ផែនការពង្រីក ឥទ្ធិពលឆ្ពោះទៅកាន់ទិសខាងកើត។


ជាការពិតណាស់ អ្នកជំនាញមួយចំនួននៅក្នុងប្រទេសចិន ដូចជា លោក វ៉ាង ហ៊ុយយ៉ាវ (Wang Huiyao) ដែលជាប្រធានមជ្ឈមណ្ឌលសម្រាប់ចិន និងការធ្វើសកល ភាវូបនីយកម្ម (Center for China and Globalization) មានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង បានផ្ដល់យោបល់ថាចិនគួរតែធ្វើជាអ្នកសម្រុះ​សម្រួលដើម្បី​បញ្ចប់សង្រ្គាម សព្វថ្ងៃ ព្រោះវាមានប្រយោជន៍ចំពោះចិនដូចជាលើកមុខមាត់ចិននៅលើឆាកអន្តរជាតិ និងនៅក្នុងតំបន់ ពង្រឹងអំណាចស្រទន់ នៅក្នុងតំបន់អឺរ៉ុប​ដែលរ៉ាប់រង​ការធ្វើ ពាណិជ្ជកម្មធំជាង៥ដងជាមួយចិន បើធៀបទៅនឹងពាណិជ្ជកម្មរវាងរុស្ស៉ី និងចិន។ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំចិននៅមើលឃើញប្រយោជន៍​ធំជាងនេះឆ្ងាយណាស់ នោះគឺពួកគេ មើលឃើញថាសង្រ្គាមនៅអ៊ុយក្រែនជាវិបត្តិដែលអឺរ៉ុបខ្លួនឯងជាអ្នកបង្កើតឡើង ហើយចិនក៏រំពឹងដែរថាអាចអង្គុយពីចម្ងាយ​សម្លឹងមើលពួកមហាអំណាចស្បែកសដូចជា សហរដ្ឋអាមេរិក អឺរ៉ុប និងរុស្ស៉ី រងរបួស និងទន់ដៃទន់ជើងរៀងៗខ្លួន។


បានន័យថាបើរុស្ស៉ីទន់ដៃទន់ជើង នោះច្បាស់ណាស់ទីក្រុងមូស្គូនឹងកាន់តែងាកមករកការពឹងផ្អែកលើចិនរឹតតែខ្លាំង ឬអាចនិយាយបានថាសម្ព័ន្ធភាពរវាងចិន និងរុស្ស៉ីអាច នឹងក្លាយជាសម្ព័ន្ធភាពប្រៀបដូចជារវាងមនុស្សចាស់ និងកូនក្មេង ដែលជាធម្មតាកូនក្មេងតែងតែស្ដាប់បង្គាប់មនុស្សចាស់។ ម្យ៉ាងវិញទៀត បើទោះជាសង្រ្គាមនៅអ៊ុយក្រែន មិនអាចធ្វើឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុបរង្គោះរង្គើរក៏ដោយ តែយ៉ាងហោចណាស់សង្រ្គាមនេះ អាចទាញសហរដ្ឋអាមេរិក និងអឺរ៉ុប ឱ្យចេញពីការផ្ដោតលើសកម្មភាពរបស់ ចិននៅអាស៊ី ទោះបីជាមិនទាំងស្រុង ក៏បានមួយផ្នែកធំដែរ។ ជាឧទាហរណ៍ ក្នុងបរិបទសហរដ្ឋអាមេរិក និងអឺរ៉ុបជាប់ដៃជួយអ៊ុយក្រែន គេសង្កេតឃើញថាប្រតិកម្មរបស់ ពួកគេចំពោះសមយុទ្ធយោធាចិនជុំវិញកោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ មានលក្ខណៈមិនធ្ងន់ធ្ងរដូចសព្វដងនោះទេ ពោលគឺទោះជាអឺរ៉ុបចង់គាំទ្រតៃវ៉ាន់ ក៏ពួកគេពិបាកនឹង ធ្វើដែរ ដ្បិតជាប់ដៃក្នុងសង្រ្គាមអ៊ុយក្រែនទៅហើយ។


នៅក្រោយវិបត្តិសេដ្ឋកិច្ច ឆ្នាំ២០០៨ ថ្នាក់ដឹកនាំចិនបានសន្មត់រួចទៅហើយថាឥទ្ធិពលរបស់សហរដ្ឋអាមេរិកកំពុងថយចុះ ដែលជាហេតុធ្វើឱ្យទីក្រុងប៉េកាំងបោះ​បង់ចោល គោលនយោបាយការទូតប្រយ័ត្នប្រយែង និងអត់ធ្មត់ច្រើនរបស់អតីតមេដឹកនាំចិន លោក តេង ស៊ាវពីង នៅចំពោះមុខគំនិតជាតិនិយមកាន់តែមានឥទ្ធិពល​ធំឡើងៗនៅក្នុង ប្រទេសចិន។ តួយ៉ាង លោក ស៊ី ជិនពីងផ្ទាល់ធ្លាប់បានបង្ហាញក្ដីស្រមៃថាចិនអាចនឹងឡើងអង្គុយលើកៅអីជាមេដឹកនាំ​ពិភពលោកជំនួស​សហរដ្ឋ​អាមេរិក​នៅឆ្នាំ២០៤៩ ដែលត្រូវនឹងខួប១០០ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនិស្ដចិន។


ក្ដីស្រមៃរបស់លោក ស៊ី ជិនពីង នៅតែជួបឧបសគ្គច្រើននៅឡើយ នៅត្រង់ថាចិនមិនមានសម្ព័ន្ធមិត្តច្រើនដូចជាសហរដ្ឋអាមេរិក ហើយបើទោះជាលោក ស៊ី និងលោក ពូទីន បានពង្រឹងទំនាក់ទំនងទ្វេភាគីទាំងបុគ្គលផ្ទាល់ខ្លួន និងប្រទេសក៏ដោយ ក៏វានៅមិនទាន់ដល់កម្រិតសម្ព័ន្ធមិត្ត ដូចជាប្រព័ន្ធសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក​នោះដែរ។ ដូច្នេះ ហើយទើបចិនសុខចិត្តប្រកាន់ជំហរអព្យាក្រឹតជាជាងចេញមុខជួយរុស្ស៉ីក្នុងនាមជាសម្ព័ន្ធមិត្ត។


ក្នុងពេលបច្ចុប្បន្ន អ្វីដែលសំខាន់បំផុតសម្រាប់លោក ស៊ី ជិនពីង នោះគឺស្វះស្វែងរក្សាតំណែងជាតំណែងជាមេដឹកនាំគណបក្សកុម្មុយនិស្ដចិន និងជាប្រធានាធិបតីចិនសម្រាប់ អាណត្តិទី៣ នៅក្នុងឆ្នាំ២០២២នេះ ហើយដោយសារតែកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចមានកំណើនយឺតយ៉ាវ គណបក្សកម្មុយនិស្ដចិន និងលោក ស៊ី ជិងពីង ដឹងយ៉ាង ច្បាស់ថាដើម្បីអាចគ្រប់គ្រងអំណាចបន្ត ពួកគេមានតែពឹងផ្អែកលើគំនិតជាតិនិយម។


នេះហើយជាហេតុផលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសារព័ត៌មានជាតិនិយមចិន លើកឡើងម្ដងហើយម្ដងទៀតនូវពាក្យសម្ដីរបស់លោក ពូទីន ដែលចោទថាអ៊ុយក្រែន គឺជា «អាយ៉ង» របស់លោកខាងលិច ហើយថារុស្ស៉ីកំពុងប្រយុទ្ធប្រឆាំងនឹងការធ្វើបាប របស់សហរដ្ឋអាមេរិក មកលើចិន និងរុស្ស៉ី។ ការគំាទ្រគំនិតបែបនេះគឺស្របទៅនឹង «នយោបាយការទូតចចកចម្បាំង» ដែលជានយោបាយជាតិនិយមមួយរបស់ចិន៕ ដោយ: Fresh News