Monday, August 16, 2021

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ណែនាំអភិបាលរាជធានី-ខេត្ដ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសបើកផ្លូវការ យុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់កាត់ការចម្លងវីរុស កូវីដ១៩»។ ពិធីប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ថ្លែងក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង បានធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដូចជា៖

* ចាត់ចែងរៀបចំពិធីយុទ្ធនាការ ដោយធ្វើការផ្សព្វផ្សាយតាមរយៈឧឃោស្សនស័ព្ទ ទូងស្គ ការបិទតាំងរូបភាពផ្ទាំងធំ ចែកចាយខិតបណ្ណ ការផ្សព្វផ្សាយតាម ទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គមដល់ប្រជាជនឲ្យបានឆាប់រហ័សទៅដល់គ្រប់ភូមិគោលដៅ និងបន្ដសហការជាមួយដៃគូពាក់ព័ន្ធ សង្គមស៉ីវិល ក្នុងរាជធានី-ខេត្ត ទាំងអស់ ដើម្បីបោះពុម្ពចែកចាយសម្ភារអប់រំសុខភាពឲ្យបានទូលំទូលាយទាំងរាជធានី-ខេត្ត ជាពិសេសដល់សហគមន៍ងាយរងគ្រោះ និងសហគមន៍ក្រីក្រជាដើម

* ណែនាំ និងចាត់វិធានការដល់អាជីវកម្មដែលមានហានិភ័យខ្ពស់ ក្លឹបកម្សាន្ដ អាជីវកម្មម៉ាស្សា ហាងលក់គ្រឿងស្រវឹង ព្រមទាំងភោជនីយដ្ឋាន ទីកន្លែង លក់អាហារ ទីផ្សារ ផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមនូវការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ១៩ នៅពេលជួបជាមួយអតិថិជនទូទៅនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។ ចាត់វិធានការបិទជាបណ្ដោះអាសន្ន នូវទីតាំងអាជីវកម្មណា ដែលមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល

* ណែនាំ និងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល នៅសហគមន៍ ដូចជា ចាត់តាំងអាជ្ញាធរភូមិ ឃុំ ស្រុក និងតំណាងសហគមន៍ ត្រួតពិនិត្យ និងណែនាំការអនុវត្តគម្លាតសុវត្ថិភាពបុគ្គលពីម្នាក់ទៅម្នាក់ឲ្យបាន ១.៥ម៉ែត្រឡើងទៅ នៅតាមទីសាធារណៈនានា។ អនុវត្តគម្លាតសុវត្ថិភាពសង្គមឲ្យបានម៉ត់ចត់ ដោយហាមឃាត់ ឬកាត់បន្ថយឲ្យបានជាអតិប្បរិមានូវការជួបជុំគ្នាក្នុងសង្គម ដូចជា ការរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យនានា មានដូចជាការជួបជុំគ្នា ក្នុងពិធីបុណ្យជាតិ ពិធីបុណ្យសាសនា ពិធីបុណ្យប្រពៃណី ឬពិធីបុណ្យផ្សេងៗ ការប្រគុំតន្ដ្រី ការដើរលេងជួបជុំ បរិភោគអាហារជាមួយមិត្តភ័ក្រខាងក្រៅផ្ទះ ការជួបជុំក្នុងពិធីខួបកំណើត ឬការធ្វើពិធីឡើងផ្ទះក្នុងទ្រង់ទ្រាយធំ ការធ្វើដំណើរកម្សាន្ដប្រមូលផ្ដុំគ្នាច្រើនជាដើម

* ណែនាំ និងចាត់វិធានការជំរុញប្រជាជនក្នុងសហគមន៍ឲ្យបានយកចិត្តទុកដាក់រក្សាអនាម័យឲ្យបានស្អាតជានិច្ច ដោយលាងដៃដោយប្រើទឹកស្អាត ជាមួយសាប៊ូ ឬអាល់កុល ឬទឹកជែលលាងដៃឲ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ឲ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងករណីចាំបាច់ ឬប្រើកន្សែង ឬក្រម៉ា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់

* ណែនាំដល់អ្នកដែលមានហានិភ័យខ្ពស់ នៃការចម្លង់ជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ដ្រីមានផ្ទៃពោះ និងកុមារតូចៗជាដើម ជៀសវាងចេញពីផ្ទះបើមិនចាំបាច់។

ជាមួយគ្នានេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង សូមអំពាវនាវដល់ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរថ្នាក់ក្រោមជាតិ រដ្ឋអំណាចមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល សេវាឯកជន មេត្តាចូលរួមជួយគាំទ្រនូវសកម្មភាពរបស់យុទ្ធនាការ ដោយធ្វើការផ្សព្វផ្សាយសារយុទ្ធនាការតាមគ្រប់មធ្យោបាយដែលមាន និងធ្វើការតាមដានជាប្រចាំនូវឥរិយាបថរបស់ប្រជាជន ព្រមទាំងរួមគ្នា រកដំណោះស្រាយក្នុងតំបន់ ដើម្បីបន្ដជំរុញការអនុវត្តនូវការអនុវត្តវិធានការសុខាភិបាល និងអន្ដរាគមន៍នានាប្រកបដោយប្រសិទ្ធភាព៕ ប្រភពFreshnews






កម្មវិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣ អាស្ត្រាហ្សេនីកា) ក្នុងគោលការណ៍ស្ម័គ្រចិត្តជូនដល់ សមាជិកសមាគមអតីតយុទ្ធជន និងកងកម្លាំង

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៦  ខែសីហា ឆ្នាំ២០២១នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣  អាស្ត្រាហ្សេនីកា) ក្នុងគោលការណ៍ស្ម័គ្រចិត្តជូនដល់សមាជិកសមាគមអតីតយុទ្ធជន និងកងកម្លាំងនៃស្នងការនគរបាលខេត្ត្តស្វាយរៀង ស្ថិតនៅសាលប្រជុំធំអគារ ឃ សាលាខេត្ត។  

មានវត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះមានលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត ព្រមទាំងសមាជិកអតីយុទ្ធជន និងលោកគ្រូ អ្នកគ្រូពេទ្យជួរមុខមួយចំនួនទៀត។

លោកអភិបាលខេត្តមានប្រសាសន៍ថា  ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកៀរគរវ៉ាក់សាំង  ដើម្បីជំរុញដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៣  ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មី ដែលកំពុងមានវត្តមានមួយចំនួននៅខេត្តស្វាយរៀងរៀងយេីង។

លោកបន្តថា  បើតាមការបញ្ជាក់របស់លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលេីកឡេីងអំពីសារប្រយោជន៍ នៃវ៉ាក់សាំងដូស  ទី៣រួមមាន៖

១. ធ្វើឱ្យអង់ទីគ័រ ប្រឆាំងជាមួយមេរោគឡើងខ្ពស់។ 

២. ជម្រុញឱ្យសរីរាង្គកាន់តែមាំទាំថែមទៀត។ 

៣.អាចការពារនិងវាយបកនៅវីរុសកូវីដ១៩។                                                                                  

៤. ជួយជម្រុញឱ្យខ្លួនរបស់យើងមានភាពសាំ នឹងមេរោគដែលចូល ខ្លួនយើងកុំឱ្យធ្លាក់ខ្លួនឮឈឺធ្ងន់ឬដល់ស្លាប់។                                                                                                                                                    ៥. ធ្វើឱ្យក្នុងខ្លួនយើង មានប្រព័ន្ធការពារ អាចការពារ មេរោគផ្សេងៗនៅពេលដែលអ្នកឆ្លងមេរោគ                                                                                                                                                                            លោក ក៏បានអំពាវដល់សមាជិកសមាគមអតីតយុទ្ធជនទូទាំងអស់ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ"៣ការ ពារ  ៣កុំ"របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕






លោក ស៊ុន សុវណ្ណារិទ្ធិ ផ្តល់អំណោយជូនដល់គណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយព្រាល សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានកំពុងធ្វើចត្តាឡីស័ក

កំពង់ឆ្នាំង៖ នៅទី១៥ ខែសីហា ឆ្នាំ២០២១ លោក អ៊ុន សំអុល ប្រធានក្រុមការងារថ្នាក់ខេត្ត លោក ហ៊ិន សុវ៉ាន់នី, លោក ខឹម ចាន់នឿន, លោក ឈួរ ណូរី ក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំបន្ទាយព្រាល បាននាំយកអំណោយ របស់លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងលោកស្រីជូនដល់គណបក្សឃុំបន្ទាយព្រាល សម្រាប់ចែកជូន ប្រជាពលរដ្ឋដែលបានកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាកខ្លាំងក្នុងបរិបទកូវីដ-១៩ នៅក្នុងឃុំ។

សម្ភារៈដែលបាននាំយកទៅប្រគល់ជូនរួមមាន៖ អង្ករ ៥០០ គីឡូក្រាម, មី ២០ កេស, ទឹកបរិសុទ្ធ ២០ កេស, ទឹកស៊ីអ៊ីវ ២០ យួរ, ទឹកត្រី ២០ យួរ, ទឹកអាកុល ១ កាន និងទឹកអាកុលដប ចំនួន ៥០ ដប។ រួមជាមួយនេះផងដែរ លោក ស៊្រិន ពុទ្ធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំបន្ទាយព្រាលបានឧបត្ថម្ភបន្ថែមជូនប្រជាពលរដ្ឋចំនួន ១៥ ខ្នងផ្ទះដែលកំពុងធ្វើចត្តាឡីស័ក ដោយទទួលបាន ថវិកា ៥០ ០០០ រៀល ក្នុងមួយខ្នងផ្ទះ សរុប ៧៥០ ០០០ រៀល ៕





អភិបាលខេត្តកោះកុង ផ្តល់អំណោយមនុស្សធម៌ដល់ប្រជានេសាទចំនួន ២ឃុំ ក្នុងស្រុកបូទុមសាគរ ដែលកំពុងជួបបញ្ហាជីវភាព

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជានេសាទចំនួន ២ឃុំ គឺឃុំកណ្តោល និងឃុំអណ្តូងទឹក  ស្រុកបូទុមសាគរ ចំនួន ៣២៧គ្រួសារ ដែលកំពុងជួបបញ្ហាជីវភាព ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

នាឱកាសនោះលោកស្រីអភិបាលខេត្ត បានលើកឡើងថា ដោយសារ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមិនបានប្រកបរបរចិញ្ចឹមជីវិត ដោយសារជាប់ចត្តាឡីស័ក ជាប់ការបិទខ្ទប់ផងថ្ងៃបានពាំនាំជាអំណោយរួមមានគ្រឿងឧបភោគបរិភោគ ចែកជូនទាំង ៣២៧គ្រួសារ ជាការចូលរួមចំណែកកាត់បន្ថយការខ្វះខាត ជាទឹកចិត្តចែករំលែកគ្នាក្នុងគ្រាលំបាក ទោះក្នុងស្ថានភាពលំបាកបងប្អូនទាំងអស់ត្រូរក្សាអនាម័យសុខភាពឱ្យបានល្អបហរសើរបន្ថែមទៀត ដោយសារជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍។

លោកស្រី មិថុនា ភូថង បានធ្វើការណែនាំឱ្យប្រជាពរដ្ឋ យើងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍ ៣កុំ ៣ការពារ និង ២ចូលរួម ដើម្បីមូលដ្ឋានមានជៀសវាងផុតពីជំងឺ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីសហគមន៍មានជីវភាពធូរធារ៕






លោក កែវ សុវណ្ណារ៉ា និងភរិយា រួមជាមួយក្រុមការងារនាំយកសម្ភារ និងថវិកា ផ្តល់ដល់រដ្ឋបាលឃុំក្ដុលសែនជ័យ

កំពង់ឆ្នាំង៖  រដ្ឋបាលឃុំក្ដុលសែនជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានទទួលអំណោយមនុស្សធម៌ពីលោក កែវ សុវណ្ណារ៉ា សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង  រួមជាមួយនិងក្រុមការងារ ជាឃីតសង្គ្រោះបឋម និងសម្ភារ មួយចំនួន ជាតម្រូវការចាំបាច់របស់មណ្ឌលច័ត្តាឡីស័កកម្រិតស្រាលរបស់រដ្ឋបាលឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ 

សម្ភារដែលបាននាំយកទៅប្រគល់ជូនរដ្ឋបាលឃុំក្ដុលសែនជ័យរួមមាន៖ ១.ឃីត៥០  (ក្នុង១ឃីតមាន  មុង១  ភួយ១  ខ្នើយ១  កន្ទេល១) ២.មី ជាតិ ២៥កេស ៣.ទឹកសុទ្ធ វីតាល់ ១៥កេស ៤.ទឹកត្រី  ១៥យួរ ៥.ទឹកស៊ីអុីវ  ១៥យួរ ៦.ថវិកា ចំនួន ១ ០០០ ០០០រៀល។

លោក ម៉ឹង វិសាលសុខ មេឃុំក្ដុលសែនជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក កែវ  សុវណ្ណារ៉ា និងលោកស្រី  រួមជាមួយក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់  និងទំនុកបម្រុងដល់ដល់រដ្ឋបាលឃុំក្ដុលសែនជ័យ។ សូមគោរពជូនពរ លោក និងលោកស្រី  រួមជាមួយក្រុមការងារ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ ទទួលបានជ័យជំនះគ្រប់ភារកិច្ច និងសូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ  វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕




រដ្ឋលេខាធិការក្រសួងឣភិវឌ្ឍន៍ជនបទ នាំយកនូវអង្ករចំនួន ២តោន ផ្តល់ជូនដល់រដ្ឋបាលឃុំស្វាយសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡ័ក

កំពង់ឆ្នាំង៖ លោក នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងឣភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសាមគ្គីមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយ និងក្រុមការងារថ្នាក់កណ្តាល កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បាននាំយកនូវអង្ករចំនួន ២តោន ផ្តល់ជូនដល់រដ្ឋបាលឃុំស្វាយ សម្រាប់ត្រៀមបម្រុងទុកចែកជូនដល់ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្តពាក់ពន្ធ័នឹងជម្ងឺកូវីដ-១៩ នៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សប្បុរសជនដែលបានផ្តល់អំណោយក្នុងនោះរួមមាន៖

១. លោក នួន ដាញ៉ិល អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសាមគ្គីមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយ ចំនួន ១ ៥០០គីឡូក្រាម។

២. លោក អ៊ុក ប្រជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសាមគ្គីមានជ័យ ទទួលបន្ទុកឃុំស្វាយ ចំនួន ២០០គីឡូក្រាម។ 

៣. លោក ស្រី សុទ្ធា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយ ចំនួន ២០០គីឡូក្រាម។

៤. លោក ស៊ឺ ម៉ូរ៉ាណាល់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយ ចំនួន ១០០គីឡូក្រាម។

ឆ្លៀតក្នុងឱកាសកាសនោះដែរ លោក នួន ដាញ៉ិល បានធ្វើការណែនាំដល់រដ្ឋបាលឃុំស្វាយ សូមបន្តធ្វើការផ្សព្វផ្សាយនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ៣ការពារ ៣កុំ និង ២ ចូលរួម  ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕




លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក ម៉ៅ ធនិន ចុះពិនិត្យមើលទីតាំងប្រារព្ធពិធីប្រគល់-ទទួលផ្ទះ (ជំហាន២) ចំនួន២៥០ខ្នង ជូនអតីតយុទ្ធក្រីក្រ និងមានពិការភាព

ពោធិ៍សាត់៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យមើលទីតាំងប្រារព្ធពិធីប្រគល់-ទទួលផ្ទះ (ជំហាន២) ចំនួន២៥០ខ្នង ជូនអតីតយុទ្ធក្រីក្រ និងមានពិការភាព ដែលចូលមករស់នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីនេះនឹងត្រូវធ្វើឡើងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាង លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។

គួរបញ្ជាក់ថា ដោយពិនិត្យឃើញពីពលីកម្មដ៏ធំធេង ចំពោះជាតិមាតុភូមិ និងការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើសំណើគោរពជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីដោះស្រាយការលំបាករបស់ពួកគាត់ ហើយលោកនាយករដ្ឋមន្រ្ដីក៏បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចនៅទីតាំងខាងលើ។

ទន្ទឹមនឹងនោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះខាត ធ្វើយ៉ាងណាឱ្យបានគ្រប់ចំនួន ៦២៨ គ្រួសារ/ខ្នងផ្ទះ ដោយមិនឱ្យខ្វះមួយគ្រួសារណាឡើយ ៕







ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញហើយឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពចំនួនពីរដងក្នុងមួយឆ្នាំ តាមរយៈការយាងរបស់ក្រុមគ្រូពេទ្យនៅប្រទេសចិន។  នៅឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេបានយាងទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយកាលពីខែមីនា។

រាល់ព្រះរាជដំណើរយាងចេញក្រៅប្រទេសរបស់ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ គឺតែងតែមានការអញ្ជើញថ្វាយព្រះរាជដំណើរពីសំណាក់ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ  លោក ហេង សំរិន ប្រធានរដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាមេទ័ពកំពូលៗរបស់ជាតិផងដែរ។

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកំលុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រ រាល់ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងប្រគល់ទៅប្រមុខរដ្ឋស្តីទី ដែលជាប្រធានព្រឹទ្ធសភា៕













ផ្សាយបន្តផ្ទាល់ពិសេស៖ ពិធីបើកយុទ្ធនាការ ជាតិ ក្រោមប្រធានបទ “ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩” ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល

 


នៅថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាប់ផ្តើមធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ « រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ » ក្នុងគោលបំណងដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងការបង្កើនជម្រុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។