Friday, June 04, 2021

លោក វ៉ា ថន កោតសរសើរដល់សប្បុរជននានា និងដៃគូអភិវឌ្ឍបានខិតខំប្រឹងប្រែងលើកកម្ពស់វិស័យ តាមរយៈការកសាងអគារសិក្សាថ្មី

 ក្រចេះ ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេតត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារបឋមសិក្សា១ខ្នង ៣បន្ទប់ ដែលជាជំនួយរបស់អង្គការសប្បុរសជនជប៉ុន ស្ថិតនៅក្នុងភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក វ៉ា ថន បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះកិច្ចខំប្រឹងប្រែង និងសហការដ៏ល្អរបស់អាជ្ញាធរខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត ជាមួយដៃគូអភិវឌ្ឍ ជាពិសេសអង្គការសប្បុរសជនជប៉ុន ដែលបានចូលរួមគាំទ្រអភិវឌ្ឍន៍ និងលើកកំពស់គុណភាពអប់រំ តាមរយៈការផ្តល់នូវអគារសិក្សាជាច្រើន ជាពិសេសតាមតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយនូវមធ្យោបាយមកសិក្សា និងជាការបង្ខិតសេវាអប់រំឲ្យកាន់តែកៀកនឹងមូលដ្ឋានប្រជាពលរដ្ឋ ដែលស្របទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ លោកបាន អំពាវនាវដល់ដៃគូអភិវឌ្ឍ សហគមន៍មូលដ្ឋាន និងសប្បុរសជននានា ឲ្យជួយចូលរួមគាំទ្របន្ថែមនៅតំបន់ផ្សេងៗទៀត នៅក្នុងខេត្តក្រចេះ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខបានកំណត់នូវគោលនយោបាយអាទិភាព និងការអភិវឌ្ឍប្រទេសជាតិ ហើយនយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាលសម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន ។ ដោយឡែកការអប់រំជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពធំៗទាំងបួនរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណធម៌ ដើម្បីបម្រើឲ្យតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

នៅក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមជាងសំណង់ទាំងអស់ ត្រូវធ្វើយ៉ាងណាសាងសង់អគារសាលារៀននេះបានរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង មិនតែប៉ុណ្ណោះសាលារៀន១ខ្នងនេះ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដ៏សំខាន់សម្រាប់ក្មួយៗនៅជនបទ បានសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិប្រកបដោយចំណេះជំនាញពិតប្រាកដ និងបានជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ៕






អាជ្ញាធរជាតិអប្សរា បន្តផ្តល់ដើមកូនឈើប្រណិតៗ ជូនដល់សាធារណជន ជាង៨ពាន់ដើមបន្ថែមទៀត

 សៀមរាប៖ ព្រះសង្ឃ ព្រមទាំងសាធារណជនបានដាក់ពាក្យស្នើសុំកូនឈើជាបន្តបន្ទាប់ មកកាន់អាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅលើដីលំនៅឋាន ដីចម្ការ សាលារៀន វត្តអារាម និងដីតំបន់ជុំវិញ ទៅតាមតម្រូវការជាក់ស្ដែង។ នៅចុងខែ ឧសភា កន្លងទៅនេះ កូនឈើសរុប ៨,៧០០ ដើម បានចែកជូនទៅសាធារណជន។

ដើមឈើដែលផ្តល់ជូនទាំងនោះរួមមាន៖
– ផ្តល់កូនឈើជូនតំណាង លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ចំនួន៦០០ដើម ដើម្បីយកទៅដាំតាមបណ្តោយផ្លូវសំខាន់ៗក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម និងធ្នង់២០០ដើម។

– ផ្តល់កូនថ្កូវជូនលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។

– ផ្តល់កូនឈើជូនតំណាងក្រុមហ៊ុន គូឡារ៉ា វ៉ធើរ(KULARA Water Co.,Ltd.) ចំនួន១,១៥០ដើម ដើម្បីយកទៅដាំស្តារព្រៃឈើរិចរិលឡើងវិញតាមជើងភ្នំគូលែនខាងក្រោមព្រះអង្គជប់ ស្ថិតក្នុងភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង១០០ដើម ច្រេស២០០ដើម ឈើទាល១០០ដើម ផ្តៀក១០០ដើម គគីរ១៥០ដើម ត្រយឹង៥០ដើម និងកកោះ៥០ដើម។

– ផ្តល់កូនឈើជូនតំណាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ចំនួន៥,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ថិតក្នុងភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ កូនឈើទាំងនោះរួមមាន គ្រញូង១,០០០ដើម ធ្នង់៣០០ដើម បេង២០០ដើម ច្រេស៥០០ដើម ឈើទាល១,០០០ដើម គគីរ១,០០០ដើម រំដួល៥០០ដើម និងលឿងរាជ៥០០ដើម។

– ផ្តល់កូនឈើជូនលោក គឹម រស្មី ចំនួន១២០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន។ កូនឈើទាំងនោះរួមមាន គ្រញូង៣០ដើម ធ្នង់៣០ដើម កកោះ៣០ដើម និងគគីរ៣០ដើម។

– ប្រគេនកូនឈើជូនព្រះអង្គ តាត មហាទី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសា ចំនួន១,១៣០ដើម ដើម្បីយកទៅដាំ និងចែកចាយនៅតាមសាលារៀន និងវត្តអារាមក្នុងខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម បេង២០០ដើម សិរមាន់២២០ដើម គុយ២០ដើម ផ្ញៀវ២២០ដើម និងរំដួល២៧០ដើម៕








លោក ជា សុផារ៉ា៖ គណបក្សប្រជាជនកម្ពុជា នៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត

 ត្បូងឃ្មុំ៖ លោក ជា សុផារ៉ា ថ្លែងលើកឡើងថា ជំហគណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសម្លេងគណបក្សមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត។

លោក ជា សុផារ៉ា បន្ថែមថា ជាមួយនឹងការយកចិត្តទុកដាក់ទៅលើយុវជនក្តី តែយើងនៅតែបន្តមើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិកបក្សទាំងអស់ មិនថាថ្មីឫចាស់ ដើម្បីរួមគ្នាស្រលាញ់គាំទ្រ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ឈ្នះឆ្នោតដ៍ច្រើនលើសលប់នាពេលខាងមុខ។

អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រូបនេះ គូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំជាក្បាលម៉ាស៊ីនគណបក្ស ត្រូវបន្តយុទ្ធនាការដណ្តើមយកសន្លឹកឆ្នោត ពោលគឺចិញ្ចឹមចលនាឲ្យដូចភ្លៀងរលឹម ធ្វើការជិតស្និទ្ធ និងគាំពារសមាជិក និងអ្នកគាំទ្រ។ ពិសេសផ្តោតសំខាន់លើអ្នកគាំទ្រតែម្តង គឺថាបើទោះមិនទាន់ក្លាយជាសមាជិកបក្សក្តី ខណៈដែលពួកគាត់មើលឃើញទង្វើដ៍ល្អ និងការកសាងជាបន្តបន្ទាប់របស់គណបក្ស ជាហេតុធ្វើឲ្យគាត់គាំទ្រនឹងបោះឆ្នោតជូនគណបក្ស នេះជាចំណុចសំខាន់។

លោក ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ថ្លែងជំរុញណែនាំលើកឡើងបែបនេះ ក្នុងឱកាសតំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ លោក ជា សុផារ៉ា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហេង សំរិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនដល់សមាជិកគណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំទាំងអស់។

លោក ជា សុផារ៉ា បញ្ជាក់ថាការជួបជុំនាពេលនេះ គឺប្រព្រឹត្តិទៅដោយរក្សាគម្លាតត្រឹមត្រូវ និងអនុវត្តន៍តាមវិធានសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ លោក ជា សុផារ៉ា បានថ្លែងកោតសរសើរ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំសម្រេចបាន ទាំងការដោះស្រាយបញ្ហា បំពេញតម្រូវការ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរៀងៗខ្លួន ដែលជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តធ្វើឲ្យកាន់តែល្អបន្ថែមទៀតដើម្បីប្រមូលយកសមាណចិត្តប្រជាពលរដ្ឋ បោះឆ្នោតដោយក្តីស្រលាញ់ពេញចិត្តពេញថ្លើមជូនគណបក្សប្រជាជន៕







អគ្គលេខាធិការដ្ឋានរដ្ឋសភា​ជូនដំណឹងពីការជ្រើសរើសប្រធាន គ.ជ.ប ថ្មីក្រោយពេលលោក ស៊ិក ប៊ុនហុក លាលែងដោយបញ្ហាសុខភាព

 ជាមួយនឹងការយល់ព្រមឱ្យលោក ស៊ិក ប៊ុនហុក លាឈប់ពីតំណែងជាប្រធាន គ.ជ.ប គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏បានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួស លោក ស៊ិក ប៊ុនហុក ផងដែរ។

លោកបានបញ្ជាក់បន្ថែមថា តាមនីតិវិធីការប្រកាសជ្រើសរើសបេក្ខជនប្រធាន គ.ជ.ប ត្រូវធ្វើឡើងរយៈពេល ៥ថ្ងៃ ហើយតាមច្បាប់ គឺគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត ជាអ្នកស្នើដាក់បេក្ខជន។ លោកអះអាងថា បេក្ខជនដែលត្រូវជ្រើសរើស គឺត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមសេចក្តីប្រកាស។

សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕








លោក ជាវ តាយ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំខ្លឹមសារ ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ

 កំពត៖ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំខ្លឹមសារ ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត ដែលមានសមាសភាពចូលរួមសរុបចំនួន ១៩រូប ស្រី ៤រូប ដែលមាន អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ស្នងការរងនគរបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត អភិបាលស្រុកទឹកឈូ នាយក នាយករងទីចាត់ការសាលាខេត្ត មេឃុំកោះតូច មេឃុំបឹងទូក។

កិច្ចប្រជុំបានលើកឡើងពីចំណុចពាក់ព័ន្ធជាច្រើន ដូចជាលក្ខណៈភូមិសាស្រ្តរបស់ក្រុងបូកគោ ការរៀបចំតំបន់គោលប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលក្រុង ទីតាំងជាក់លាក់នៃការរៀបចំអាគាររដ្ឋបាលក្រុង ការផ្ទេរកិច្ចការមួយចំនួនពីរដ្ឋបាលស្រុកទឹកឈូទៅឲ្យរដ្ឋបាលក្រុងបូកគោ និងការគិតគូពីការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ការរៀបចំទីកន្លែងបំពេញការងារបណ្តោះអាសន្នរបស់រដ្ឋបាលក្រុង និងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ល។

អង្គប្រជុំក៏បានឯកភាពក្នុងការបង្កើតអនុគណៈកម្មការថ្នាក់ខេត្តដើម្បីជួយដល់គណៈកម្មការអន្តរក្រសួងក្នុងការរៀបចំក្រុងបូកគោ។





លោក ម៉ម ឈឿម ចាត់ឱ្យលោកស្រី កែវ សេងសុចិន្តា សួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភដល់មន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្ត ដែលបាត់បង់កូនប្រុសបន្ទាប់ពីសម្រាលមិនគ្រប់ខែ

 កំពង់ឆ្នាំង៖ លោក ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានចាត់ឱ្យលោកស្រី កែវ សេងសុចិន្តា អនុប្រធានការិយាល័យវិទ្យុ ចុះសួសុខទុក្ខ និងនាំយកថវិកា ជូនដល់លោកស្រី ស៊ែម ពិសី មន្ត្រីជាប់កិច្ចសន្យា ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់បន្ទាប់ពីសម្រាលមិនគ្រប់ខែ ព្រោះតែបញ្ហាសុខភាព នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះលោកស្រី កែវ សេងសុចិន្តា បានពាំនាំការផ្តាំផ្ញើនូវការរំលែកទុក្ខពីសំណាក់ លោកប្រធានមន្ទីរ និងថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែគិតគូរពីសុខទុក្ខរបស់មន្ត្រីក្រោមឧវាទ ជាក់ស្តែងដូចពេលនេះ ដែលមន្ត្រីមន្ទីរម្នាក់បានសម្រាលបុត្រមិនគ្រប់ខែ ហើយត្រូវបាត់បង់កូនប្រុសរបស់ខ្លួនគួរអោយសោកស្តាយពន់ពេក។

ទោះបីបែបនេះក៏ដោយលោកស្រីបានផ្តល់ជាកម្លាំងចិត្តដល់ប្អូនស្រី ស៊ែម ពិសី ដែលជួបបញ្ហានេះ សូមឱ្យគិតគូរថែទាំសុខភាព និងជូនពរឱ្យបានជាសះស្បើយឆាប់ៗ និងបន្តការពារខ្លួន ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល ៕