Thursday, January 02, 2020

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អរគុណជនរួមជាតិគាំទ្រសារនយោបាយ «អរគុណសន្តិភាព»

នៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង អំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រសារនយោបាយ «អរគុណសន្តិភាព» ដោយលោកបានលើកឡើងថា សន្តិភាពនេះ មានតម្លៃមិនសាបសូន្យមិនថានាពេលកន្លង ថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយមនុស្សទាំងអស់ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅទំព័រ Facebook យ៉ាងដូច្នេះថា «សូមអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់សារនយោបាយរបស់ខ្ញុំគឺ (អរគុណសន្តិភាព) ដែលខ្ញុំយល់ថា វាមានតម្លៃមិនសាបសូន្យមិនថា កន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ។ មនុស្សទាំងអស់គ្នាត្រូវការសន្តិភាពលើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។ អរគុណសន្តិភាពបានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព។ អរគុណសន្តិភាព!»។

សូមបញ្ជាក់ថា គ្រាន់តែឆ្នាំថ្មីឆ្នាំ២០២០ ចូលមកដល់ភ្លាមគ្រាដែលប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់នាំគ្នាធ្វើពិធីជួបជុំសប្បាយផ្សេងៗ ដើម្បីស្វាគមន៍ការឆ្លងឆ្នាំ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញនូវសារនយោ បាយរំលេចឡើងនូវពាក្យ «អរគុណសន្តិភាព»។ ការរំលេចនូវពាក្យនេះ គឺលោក បានផ្តល់តម្លៃខ្ពស់បំផុតសម្រាប់ «សន្តិភាព» ពោលលោកបានមើលឃើញថា គ្មានសន្តិភាព គ្មានការជួបជុំ គ្មានការសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។

ពាក្យ «អរគុណសន្តិភាព!» ត្រូវបានប្រជាពលរដ្ឋខ្មែរយកមកផ្សព្វផ្សាយបន្តយ៉ាងព្រោងព្រាតលើបណ្តាញសង្គម។ ពាក្យ «អរគុណសន្តិភាព!» នេះ ក៏ត្រូវបានយកទៅចងនៅតាមក្រសួង ស្ថាប័នរបស់រដ្ឋផងដែរ៕