Tuesday, July 27, 2021

ក្រសួងសុខាភិបាល អនុញ្ញាតឱ្យវិស័យឯកជននាំចូលវ៉ាក់សាំងជំងឺកូវីដ១៩ ចែកចាយនៅកម្ពុជា (Video inside)

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបើកផ្លូវឱ្យក្រុមហ៊ុនរកស៊ីផ្នែកឱសថអាចនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក មកចែកចាយនៅកម្ពុជា។


ក្នុងលិខិតជម្រាបទៅម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខាភិបាល ពិភពលោក ដើម្បីចែកចាយចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្នុងលិខិតនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងជំងឺកូវីដ១៩ នៅក្នុងឃ្លាំងដើម្បីធានាឱ្យបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕



ក្រសួងសុខាភិបាល ហាមមិនឱ្យលក់តេស្តរហ័សតាមអនឡាញ ដើម្បីធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានចេញលិខិតមួយហាមឃាត់ការលក់ និងទិញតេស្តរហ័សរកមេរោគកូវីដ១៩ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ដើម្បីធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់។ នេះបើតាមសារាចរណែនាំស្ដីពី «ការចែកចាយនិងលក់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩» របស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដើម្បីធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់ និងជំរុញឲ្យមានការចែកចាយ និងលក់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ឲ្យបានទូលំទូលាយ ក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រសួងសុខាភិបាល បានហាមឃាត់ការលក់និងទិញតេស្តរហ័ស អង់ទីហ្សែនកូវីដ១៩នេះ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ និងមានការណែនាំផ្សេងទៀតដូចតទៅ៖

១៖ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ត្រូវធ្វើការចែកចាយតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ញិកាពីក្រសួងសុខាភិបាល ជូនដល់ឱសថស្ថាន ឱសថស្ថានរង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាលមន្ទីរសម្រាកព្យាបាល និងគ្លីនិក។

២៖ ចំពោះឱសថស្ថាន ឱសថស្ថានរង ត្រូវទិញតែតែស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ជិកាពីក្រសួងសុខាភិបាល ហើយលក់ជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាជនទូទៅដើម្បីប្រើប្រាស់ និងហាមឃាត់ការលក់និងទិញតេស្តរហ័សនេះតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។

៣៖ ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាពលរដ្ឋ ត្រូវទិញតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ឆកាត្រឹមត្រូវពីឱសថស្ថាន ឱសថស្ថានរងស្របច្បាប់ ហើយត្រូវជៀសវាងការទិញឧបករណ៍តេស្តរហ័សនេះពីតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ព្រោះឧបករណ៍តេស្តនេះតម្រូវឱ្យមានការទុកដាក់ត្រឹមត្រូវ និងត្រូវមានប្រភពច្បាស់លាស់ បើមិនដូច្នោះទេអាចនឹងប្រឈមជាមួយតេស្តរហ័សដែលមានគុណភាពមិនត្រឹមត្រូវ ឬអាចជាផលិតផលក្លែងបន្លំទៀតផង៕



ក្រុមថែរក្សាបរិក្ខារទេសចរណ៍ដំឡើងជណ្តើរឈើថ្មីនៅប្រាសាទបន្ទាយសំរ៉ែ

ក្រុមថែរក្សាបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានដំឡើងជណ្តើរឈើថ្មីចំនួនពីរទីតាំង គឺទី១នៅទិសខាងត្បូង និងទី២ទិសខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ ដែលការងារនេះត្រូវបានបញ្ចប់រួចរាល់ហើយ។  

ការដំឡើងជណ្តើរឈើនេះ ក្នុងគោលបំណង ដើម្បីរក្សាបាននូវសុវត្ថិភាពអ្នកទស្សនា ការពារមិនឱ្យភ្ញៀវទេសចរជាន់លើថ្មនាំឱ្យរអិល ឬធ្លាក់ដោយយថាហេតុណាមួយបង្កគ្រោះថ្នាក់ផ្សេងៗ និងរួមចំណែកការពារផលប៉ះពាល់ដល់ថ្មប្រាសាទជាដើម។ 

សូមបញ្ជាក់ដែរថា ទោះបីស្ថានភាពជំងឺកូវីដ១៩រីករាលក៏ពិតមែន កិច្ចការអភិរក្ស ការថែទាំ ជួសជុលក្នុងតំបន់រមណីយដ្ឋានអង្គរនៅតែដំណើររហូតក្នុងន័យដើម្បីកិច្ចការលើកតម្កើងបេតិកភណ្ឌជាតិ៕








ក្រសួងសុខាភិបាលបានបញ្ជាក់ថា សាច់ក្របីបង្កកចំនួន២កុងតឺន័រ ដែលរកឃើញមានកូវីដ១៩ នេះស្ថិតចំណោមសាច់ក្របី ៥កុងតឺន័រ បាននាំចូលមកកម្ពុជា

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានធ្វើតេស្តរកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌចំនួន ២កុងតឺន័រ មានជំងឺកូវីដ១៩។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា សាច់ក្របីបង្កកចំនួន២កុងតឺន័រ ដែលរកឃើញមានកូវីដ១៩ នេះស្ថិតចំណោមសាច់ក្របី ៥កុងតឺន័រ បាននាំចូលមកកម្ពុជា។

យោងតាមលិខិតរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ សាច់ក្របីទាំង២ កុងតឺន័រ ដែលរកឃើញមានកូវីដ១៩នោះ ត្រូវកម្ទេចចោល។ ការដុតកម្ទេចចោលសាច់ក្របីនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕




រដ្ឋបាលខេត្តស្វាយរៀង ចូលរួមរំលែកទុក្ខសមាជិកក្រុមគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩

រដ្ឋបាលខេត្តស្វាយរៀង បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសព ដោយសារជំងឺកូវីដ-១៩ ចំនួន ១នាក់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។ 

រដ្ឋបាលខេត្តស្វាយរៀង  ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចជាប្រជាជនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និង តាមដានសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ។ និងត្រូវចូលរួមទាំងអស់គ្នា អោយបានខ្ជាប់ខ្ជួននៅវិធានការណ៍ ៣ការពារ ៣កុំ និង ២អនុវត្តន៍ អោយបានត្រឹមត្រូវ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា៕



លោកស្រី ឱ វណ្ណឌីន បន្ដនាំយកថវិការបស់លោកនាយករដ្ឋមន្រ្ដី ប្រគល់ជូនលោកតា លោកយាយអាយុជាង១០០ឆ្នាំ ចំនួន៦នាក់បន្ថែមទៀត ដែលបានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

 លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ អាយុជាង១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀត ដែលក្នុងម្នាក់ទទួលបានថវិកាចំនួន៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

លោកតា លោកយាយ ចំនួន៦នាក់ ដែលទទួលបានថវិកាលើកទឹកចិត្ដ ម្នាក់ចំនួន៣លានរៀលពី សម្ដេចតេជោ នៅព្រឹកនេះរួមមាន៖
១៖ លោកយាយ តឹក ឆែ រស់នៅភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
២៖ លោក យាយ ផេង យ៉ាន់ ភូមិត្រើយអូ ឃុំសូសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៣៖ លោកយាយ ប៊ុនសឿន ភូមិ ច្រេះ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៤៖ លោក តា ឯក ប៊ុន ភូមិពោធ៍ ឃុំពោធ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៥៖ លោកយាយ ឡាយ អុន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៦៖ លោកយាយ ញ៊ែម អ៊ាង ភូមិតាមាឃចាស់ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

បើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា លោកតា លោកតាយាយ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់វគ្គនេះ គឺមានចំនួន១៣នាក់ ដោយកាលពីម្សិលមិញលោកស្រី បានអញ្ជើញនាំយកថវិកាជូនលោកតា លោកយាយ ចំនួន៣នាក់រួចមកហើយ សម្រាប់ថ្ងៃនេះចំនួន៦នាក់បន្ថែមទៀត ដោយនៅសល់ លោកស្រីនឹងប្រគល់ជូនពួកគាត់ជាបន្ដបន្ទាប់រហូតគ្រប់ចំនួន។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៨៣៩,១០៩នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៨.៣៩% ៕




ក្រសួងសុខាភិបាល ប្រកាសរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី (Delta) ៣៩ករណីទៀត ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី B.1.617.2 ឬហៅថា ដែលតា (Delta) ចំនួន ៣៩ករណីបន្ថែមទៀត ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។


យោងតាមសេចក្តីជូនព័ត៌មាន ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ករណីមេរោគកូវីដ១៩ បំប្លែងថ្មី ដែលរកឃើញនេះ មាន ២១ករណី ជាអ្នកដំណើរមកពីប្រទេសថៃ, ៤នាក់ ជាបុគ្គលិកសុខាភិបាល, ប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន ៦នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់ចំនួន ៨នាក់។

ក្រសួងបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា កម្ពុជា រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១១៤នាក់ហើយ ក្នុងនោះមានស្ត្រី ៥៩នាក់។

មេរោគកូវីដ១៩ Delta ជាមេរោគមួយដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅលើពិភពលោក ហើយក៏កំពុងបង្កការព្រួយបារម្ភខ្លាំងផងដែរ ដោយសារមេរោគនេះឆ្លងលឿន ហើយបង្កបញ្ហាដល់សុខភាពធ្ងន់ធ្ងរផងដែរ។

ជាមួយការរកឃើញចំនួនអ្នកវិជ្ជមានមេរោគបំប្លែងថ្មីកាន់តែច្រើននេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកហើយរំលឹកទៀត និងអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុង ព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ ។

លោករដ្ឋមន្ត្រី អំពាវនាវបន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដូចសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការពង្រឹងការអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ-១៩ រួមទាំងពពួកបំប្លែងថ្មី។ ជាពិសេសេបុគ្គលត្រូវចូលរួមជាចាំបាច់ឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្លួន និងម៉ត់ចត់ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការ ណែនាំរបស់ គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។

បន្ថែមពីលើនេះ កុំទៅកាន់ទីតាំង ៣ «ជួ» រួមមាន៖ កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត ដែលជាទីតាំងមានហានិភ័យឆ្លងខ្ពស់បំផុត ដូចជាជួបជុំគ្នា ដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានជួបជុំ ពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។

ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងសុខាភិបាលបានបង្ហាញការសង្កេតរបស់ខ្លួនថា ការចម្លងនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ដិ្រ។ ហេតុនេះយុវវ័យគ្រប់រូប ត្រូវចូលរួមអនុវត្ត នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងត្រឹមត្រូវលើ «៣ការពារ ៣កុំ» និងកុំទៅកាន់ ទីតាំង ៣ «ជ» ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩នេះ៕






ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសតំបន់សមុទ្រ

 ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី ២៨ ខែកក្កដា- ៣ ខែសីហា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា កម្ពុជានិងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីមានល្បឿនមធ្យម។ ដោយឡែកព្យុះទី៦ ឈ្មោះ IN-FA បានឡើងចូលដល់ភាគខាងកើតប្រទេសចិន។ ព្យុះនឹងថមថយឥទ្ធិពល ជាវិសម្ពាធទាបនៅថ្ងៃទី២៨ ខែកក្កដា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ត្រាក់។ លើកលែងតែបណ្តាខេត្ត៖ កំពង់ស្ពឺ , តាកែវ, កំពត , កណ្តាល និងរាជធានីភ្នំពេញ ដែលំអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយសារឥទ្ធិពលខ្យល់ក្នុងកម្រិតបង្ហូរ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ត្រាក់ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រខ្យល់ខ្លាំង, ភ្លៀងក៏ខ្លាំងធ្វើឲ្យរលកមានកម្ពស់ខ្ពស់។

ក្រសួងបន្តថា អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ពិសេសនៅតំបន់មាត់សមុទ្រនិងក្នុងលំហសមុទ្រ៕