Monday, January 02, 2023

វិភាគអន្តរជាតិ៖ តើទំនាក់ទំនងចិន និងរុស្ស៊ី គ្មានព្រំដែន មែនឬ?


(វ៉ាស៊ីនតោន)៖ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ចិន និងរុស្ស៉ី (អតីតសហភាពសូវៀត) ធ្លាប់បានខកខានឱកាសម្ដងរួចមកហើយ ដើម្បីរួមដៃគ្នាបំបាក់ប្លុកលោកខាងលិច នៅពេលដែល ប្រទេសទាំង២ ក្លាយជាគូសត្រូវដណ្ដើមគ្នាធ្វើជាមេដឹកនាំប្លុកកុម្មុយនិស្ដពិភពលោក អំឡុងសម័យសង្រ្គាមត្រជាក់។ សព្វថ្ងៃ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាន និងកំពុងព្យាយាមទប់ស្កាត់កុំឱ្យកំហុសអតីតកាលបែបនេះកើតឡើងសាជាថ្មី។

នៅក្នុងប្រវត្តិសាស្រ្ត តាមពិតទៅ​ ទំនាក់ទំនងរវាងចិន និងរុស្ស៉ី គឺពោរពេញដោយការមិនទុកចិត្តគ្នា និងការប្រឈមមុខដាក់គ្នា ក្នុងនោះរួមមានទាំងការផ្ទុះជម្លោះប្រដាប់អាវុធ នៅតាម តំបន់ព្រំដែនដែលបានធ្វើឱ្យពិភពលោកមានការភ័យខ្លាចយ៉ាងខ្លាំងពីហានិភ័យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ កាលពីអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០។ តែប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានរកឃើញផលប្រយោជន៍ និងបុព្វហេតុរួម។ នៅក្នុងវិស័យសេដ្ឋកិច្ច ប្រទេសទាំង២ ជាដៃគូពាណិជ្ជកម្មផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយចិនបង្កើន ការនាំចូលឧស្ម័ន ប្រេង ធ្យូថ្ម និងរ៉ែកម្រ ដើម្បីបំប៉នសេដ្ឋកិច្ចរបស់ខ្លួន រីឯរុស្ស៉ីទទួលបានផលិតផលបច្ចេកវិទ្យាខ្ពស់ពីចិន។​

លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាន និងកំពុងពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនកាន់តែជិតស្និទ្ធ។ កាលពីឆ្នាំ២០១៩ លោក ស៊ី ជិនពីង បានហៅ លោក ពូទីនថា «best friend» ហើយទំនាក់ទំនងមិត្តភាពនេះមានមូលដ្ឋានគ្រឹះចម្បងបន្សាបឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ ដ្បិត មេដឹកនាំទាំង២ មើលឃើញដូចគ្នាថាសហរដ្ឋអាមេរិក «ជាថ្មដ៏ធំមួយ» ពាំងចំកណ្ដាលផ្លូវមិនអាចឱ្យពួកគេសម្រេចមហិច្ឆតាពិភពលោករបស់ខ្លួន។ សម្រាប់បណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ការបង្កើតសម្ព័ន្ធភាពណាមួយ រវាងចិន និងរុស្ស៉ី អាចកែប្រែសណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃដឹកនាំដោយលោកខាងលិច។ ការព្រួយបារម្ភបែបនេះបានកើនឡើងទាំងក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច នៅពេលលោក ពូទីន បំពេញទស្សនកិច្ចទៅសួរសុខទុក្ខលោក ស៊ី ជិនពីង ដល់ទីក្រុងប៉េកាំងកាលពីខែកុម្ភៈ ឆ្នាំ២០២២ និងបានចេញផ្សាយសេចក្ដីថ្លែងការណ៍រួមដោយប្រកាសថា «ទំនាក់ទំនងចិន និងរុស្ស៉ីជាទំនាក់ទំនងគ្មានព្រំដែន និងគ្មានអ្វីអាចមករារាំងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២បានឡើយ»។

ការណ៍នេះឯង បានធ្វើឱ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បារម្ភថាចិន និងរុស្ស៉ីអាចនឹងរួមដៃគ្នាប្រឆាំងនឹងឥទ្ធិពលលោកខាងលិចនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី។ ការបារម្ភនេះហាក់ដូចជា បានក្លាយជាការពិត នៅបន្ទាប់ពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមស្លាកប្រតិបត្តិការយោធាពិសេស។ បើតាម ក្រុមអ្នកវិភាគ សង្រ្គាមអ៊ុយក្រែនបានផ្ដល់ផលចំណេញភ្លាមៗដល់ទំនាក់ទំនងមិត្តភាពរវាងចិន និងរុស្ស៉ី។ ពោលគឺ នៅក្រោមទស្សនវិស័យរបស់លោក ស៊ី ជិនពីង ការឈ្លានពានរបស់លោក ពូទីន អាចនឹងធ្វើឱ្យឥទ្ធិពលលោកខាងលិចចុះខ្សោយ និងយ៉ាងហោចណាស់ធ្វើឱ្យអាមេរិករវល់ជាប់ដៃនៅអឺរ៉ុប ជាជាងផ្ដោតលើចិនក្នុងតំបន់អាស៊ី។ សម្រាប់ទីក្រុងមូស្គូវិញ ការទទួលបាន ការគាំទ្រខាងនយោបាយពីចិន មានសារៈសំខាន់បំផុត ក្នុងពេលដែលសហរដ្ឋអាមេរិកមានបំណងធ្វើ «ចត្តាឡីស័ក» រុស្ស៉ីឱ្យឯកោនៅលើឆាកអន្តរជាតិ។ ចិនបានបន្ទោស NATO​ ថាជា អ្នកបង្កឱ្យសង្រ្គាមផ្ទុះឡើង ហើយគាំទ្រឱ្យមានការធានាសន្តិសុខដល់រុស្ស៉ីនៅក្នុងតំបន់អឺរ៉ុប ដែលប្រមុខការទូតចិនចាត់ទុកថា «ស្របច្បាប់»។

មិនតែប៉ុណ្ណោះ លោក ស៊ី ជិងពីង ថែមទាំងបានច្រានចោលទៀតផង នូវការអំពាវនាវឱ្យលោកប្រើឥទ្ធិពលលើលោក ពូទីន ដើម្បីជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឬធ្វើជាអ្នកសម្របសម្រួល កិច្ចចរចារវាងលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ក្រៅតែពីសង្រ្គាមនៅអ៊ុយក្រែន ទំនាក់ទំនងរវាងចិន និងរុស្ស៉ី ក៏កាន់តែស៊ីជម្រៅឡើងផងដែរ ដោយ ទំហំពាណិជ្ជកម្មជាមួយចិនបាន និងកំពុងប៉ះប៉ូវការខាតបង់មួយចំនួនរបស់រុស្ស៉ីដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិច ហើយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនដល់ ១៧២ពាន់លានដុល្លារ។ នៅក្នុងអត្ថបទមួយមានចំណងជើង Naval War College Review អ្នកវិភាគ២រូប គឺលោក Andrew Erickson និងលោក Gabriel Collins បានលើកឡើងពីអនាគតនៃកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៉ី។ នៅក្រោមកិច្ចសហប្រតិបត្តិការយោធានេះ រុស្ស៉ីអាចនឹងជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹកចិន ដោយអនុញ្ញាត ឱ្យពួកគេប្រើកំពង់ផែរុស្ស៉ីនៅក្នុងតំបន់ចុងបូព៌ាបំផុត និងចែករំលែកបច្ចេកវិទ្យា ជាពិសេសសមត្ថភាពធ្វើសង្រ្គាមនៅក្រោមបាតសមុទ្រ។ អ្នកជំនាញទាំង២រូបនេះ បានបន្ថែមថាបច្ចេកវិទ្យា យោធារុស្ស៉ីអាចនឹងត្រូវបានគួបផ្សំចូលគ្នាជាមួយប្រភពធនធានហិរញ្ញវត្ថុរបស់ចិន ដើម្បីបង្កើនតុល្យភាពអំណាចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កុំឱ្យសហរដ្ឋអាមេរិកមានអំណាចលើសលុបពេក។

បើពិនិត្យមើលការរៀបរាប់ខាងលើ ទំនាក់ទំនងរវាងចិន និងរុស្ស៉ីពិតជាផ្អែមល្ហែមនឹងគ្នា តែសង្រ្គាមនៅអ៊ុយក្រែន ក៏បានបង្ហាញដែរថាទំនាក់ទំនងនេះ «មិនមែនគ្មានព្រំដែន» នោះដែរ។ មកទល់នឹងពេលនេះ ចិនមិនបានផ្ដល់ការគាំទ្រដល់សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនឡើយ ហើយក៏មិនបានជួយឱ្យរដ្ឋាភិបាលលោក ពូទីន និងធនាគាររុស្ស៉ីជាច្រើន ឱ្យរួចផុតពី ទណ្ឌកម្មលោកខាងលិចនោះដែរ។ នេះគឺដោយសារតែ «កត្តាតម្កល់ផលប្រយោជន៍ជាតិជាធំ»។ កាន់តែច្បាស់ជាងនេះទៅទៀត នៅក្នុងជំនួបមួយនៅកោះបាលី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ី ជិនពីង បានចូលរួមជាមួយលោក ចូ បៃដិន ក្នុងការរិះគន់ការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែររបស់លោក ពូទីន នៅក្នុងសង្រ្គាមអ៊ុយក្រែន។

ក្រុមអ្នកវិភាគខ្លះបានបកស្រាយថា ការវិវត្តចុងក្រោយបំផុតនេះគឺដោយសារតែលោក ស៊ី ជិនពីង នៅតែទុកផ្លូវក្រោយដើម្បីការពារផលប្រយោជន៍ចិន ហើយវាមិនមែនមានន័យថាចិនកំពុង លែងដៃរុស្ស៉ីនោះទេ។ តួយ៉ាង ក្នុងថ្ងៃតែមួយដែលលោក ហ្សេលេនស្គី បំពេញទស្សនកិច្ចទៅកាន់ទីក្រងវ៉ាស៊ីនតោន លោក ស៊ី ជិនពីង ឯណេះវិញបានទទួលស្វាគមន៍ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ ក្នុងទីក្រុងប៉េកាំង ដែលនេះបង្ហាញថាចិនកំពុងព្យាយាមទាញប្រយោជន៍ពីគ្រប់ភាគីទាំងអស់។ នេះក៏មិនមែនជារឿងថ្មីអ្វីនោះដែរ ព្រោះវា ជាគោលនយោបាយការទូតរបស់ចិនទៅហើយ។ ចិនមិនចង់ធ្វើការសន្យា ឬបង្ហាញការប្ដេជ្ញាចិត្តដូចដែលសហរដ្ឋអាមេរិកធ្វើចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនោះទេ។ ធ្វើបែបនេះចិនចង់រក្សាឱ្យបាន នូវសេរីភាពនៃការធ្វើសកម្មភាព និងសម្រេចចិត្តទាំងកិច្ចការនៅក្នុងស្រុក និងក្រៅស្រុក ក្រោមគោលនយោបាយ «Global Security Initiative» ដែលដាក់ចេញដោយលោក ស៊ី ជិនពីង។

ផ្អែកលើគោលនយោបាយ «Global Security Initiative» លោក ស៊ី ជិនពីង បានប្រកាសថា «បណ្ដាប្រទេសទាំងឡាយគួរតែនិយាយថាទេចំពោះប្លុកនយោបាយ និងការប្រឈមមុខដាក់គ្នា»។ ក្នុងន័យនេះចិនចង់បញ្ចៀសនូវការបង្កើតប្លុកថ្មីមួយជាមួយរុស្ស៉ី ឬបណ្ដាប្រទេសដទៃ ឬក៏ដូចគ្នាទៅនឹងប្លុកកុម្មុយនិស្ដដែលសូវៀត ធ្លាប់បានបង្កើតឡើងនោះទេ ហើយនេះអាចបញ្ជាក់បានដែរថា ទីក្រុងប៉េកាំងទំនងជានឹងមិនបង្កើតសម្ព័ន្ធភាពពិតប្រាកដជាមួយរុស្ស៉ី ដែលតម្រូវ ឬដាក់កាតព្វកិច្ចឱ្យចិនត្រូវតែជួយរុស្ស៉ីដាច់ខាតឡើយ។ ចំណែកឯ រុស្ស៉ីវិញ ទោះបីជាកំពុងជួបវិបត្តិស្ទើរគ្រប់ទិស ក៏ពិតមែន ក៏ទីក្រុងមូស្គូនៅតែពេញចិត្តនឹងគំនិតនេះដែរ ខណៈរុស្ស៉ីបារម្ភផងដែរខ្លាចថាខ្លួនត្រូវពឹងផ្អែកហួសហេតុពេកលើចិន ដែលក្រុមអ្នកជំនាញភាគច្រើនយល់ថានឹងផ្ដល់ប្រយោជន៍ដល់ចិន ច្រើនជាងរុស្ស៉ី។

ដោយសារតែរុស្ស៉ីជាប់ទណ្ឌកម្មសេដ្ឋកិច្ច ចិនអាចឆ្លៀតទិញប្រេងក្រោមការបញ្ចុះតម្លៃពី រុស្ស៉ី ហើយខណៈមិនអាចប្រើប្រព័ន្ធប្រាក់ដុល្លារ ក្រុមហ៊ុនរុស្ស៉ីជាច្រើនបានចាយប្រាក់យ័ន ជំនួសនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយចិនដែលនេះនឹងជួយពង្រឹងគោលដៅរយៈពេលវែងរបស់ទីក្រុងប៉េកាំង ក្នុងការលើកម្ពស់ប្រាក់យ័ន ប្រជែងជាមួយប្រាក់ដុល្លារ។ យ៉ាងណាក៏ដោយ ដរាបណា ចិន និងរុស្ស៉ី នៅតែមើលឃើញសហរដ្ឋអាមេរិកជា «សត្រូវរួម» នោះពួកគេនឹងនៅតែត្រូវការគ្នាទៅវិញទៅមកជាចាំបាច់៕

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ 

 សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ 

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ស្វាមន៍ភ្ញៀវទេសចរណ៍ចិនមកទស្សនកិច្ចនៅកម្ពុជា

ក្នុងពីធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃចន្ទទី០២ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្របពេលដែលមានប្រទេសមួយចំនួនឃោសនាអកុសលពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសចិន ប្រទេសកម្ពុជាយើង ស្វាមន៍ភ្ញៀវទេសចរណ៍ចិនមកទស្សនកិច្ចនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងពេលដែលជំងឺកូវីដ-១៩ បានផ្ទុះនៅក្នុងប្រទេសចិន សម្តេច បានទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសចិន ស្របពេលដែលប្រទេសដទៃកំពុងតែជម្លៀសពលរដ្ឋរបស់ខ្លួនចេញ ហើយមិនហ៊ានទៅទស្សនកិច្ចនៅប្រទេសចិនទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅពេលសម្តេចទៅទស្សនកិច្ចនៅប្រទេសចិននោះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្រ្តីប្រទេសចិន និងឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិននៅពេលនោះផងដែរ៕





សម្តេចតេជោ ហ៊ុន សែន អបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៣

ក្នុងពីធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃចន្ទទី០២ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលបានបើកបវេសនកាលនៅថ្ងៃនេះសម្រាប់ការសិក្សានៅក្នុងឆ្នាំថ្មី ឆ្នាំ២០២២-២០២៣។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងរីករាយជាមួយកុមារា កុមារី ដែលចាប់ផ្តើមនៅថ្នាក់ដំបូងរបស់ខ្លួន ជាមួយនឹងការចូលសិក្សា ហើយសម្តេច សង្ឃឹមថា ទាំងកូនសិស្ស និងលោកគ្រូ អ្នកគ្រូ នឹងមានសុវត្ថិភាព នៅក្នុងពេលដែលជំងឺកូវីដ-១៩ វាយលុក តាមរយៈការផ្តល់អាទិភាព សម្រាប់ការចាក់វ៉ាក់សាំងជូនលោកគ្រូ អ្នកគ្រូ និងកូនសិស្ស។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យអាជ្ញាធរ គ្រប់ទីកន្លែងទាំងអស់ តាមដានយកចិត្តទុកដាក់អំពីបញ្ហានេះ ពិសេសគឺការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕







សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់អាចគ្រប់គ្រងសន្តិភាពនិងស្ថិរភាពនយោបាយ

ក្នុងពីធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន នៅព្រឹកថ្ងៃចន្ទទី០២ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាទេដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រទេសឱ្យមានសន្តិភាព និងស្ថិរភាពនយោបាយ អ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ គឺអ្នកដែលកំពុងបង្ហាញមុខ រួមសុខរួមទុក្ខជាមួយប្រជាជន អស់រយៈពេល៤៤ឆ្នាំ រួចមកហើយ មិនទាន់មានគណបក្សណាដែលអាចជំនួសគណបក្សប្រជាជនបានទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងអាចកសាងប្រទេសបាន គឺផ្តើមចេញពីសន្តិភាព ហើយក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមរាជរដ្ឋាភិបាល អរគុណចំពោះប្រជាជននៅក្នុងខេត្តក្រចេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតបានឈ្នះភ្លូកទឹកភ្លូកដីកាលពីខែមិថុនា កន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ប្រជាជននៅក្នុងខេត្តក្រចេះនេះ នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ព្រោះថា សន្តិភាពនិងការអភិវឌ្ឍន៍ ផ្តល់លទ្ធភាពឱ្យយើងទាំងអស់គ្នា មិនមែនជាសមិទ្ធផលដាច់ដោយឡែករបស់គណបក្សប្រជាជនកម្ពុជាទេ៕






សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានសុខសន្តិភាពពិតប្រាកដ ហើយ ប្រសិន បើ ជន ណា ឬ ក្រុម ណា ចង់ មក បំផ្លិច បំផ្លាញ នូវ សុខសន្តិភាពនេះ គឺ មិនអាចទៅរួចនោះទេ

ព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តក្រចេះ ដែល បាន បោះឆ្នោត គាំទ្រ គណបក្ស ប្រជាជន កម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដីនាពេលកន្លងមក ហើយ សម្តេច រំពឹងថា បងប្អូន នឹង បន្ត គាំទ្រ គណបក្សនេះជារៀង រហូតទៅផងដែរ។  ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានចំអកដល់គណបក្សខ្លះ និង ក្រុម ខ្លះដែលចង់ប្រកួតប្រជែងជាមួយ គណបក្សប្រជាជនកម្ពុជា គឺមិនអាចទៅរួចនោះឡើយ  បើ ទោះ បី ជា រង់ចាំទៅជាតិក្រោយទៀតក៏ប្រហែលមិនឈ្នះដែរ ខណៈ គណបក្ស ប្រជាជន កម្ពុជា បាន ដឹកនាំ ប្រទេស ជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ហើយ ទៅ អនាគត ក៏ នឹង បន្តអភិវឌ្ឍឱ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីភាពរីកចំរើននៅប្រទេស កម្ពុជា នា ពេលបច្ចុប្បន្ន និងភាពសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ ជាក់ ស្តែង ក្នុងឱកាសឆ្លងឆ្នាំសកល គឺបងប្អូនប្រជាពលរដ្ឋគ្រប់រាជធានី-ខេត្តទាំងអស់ បាន ដើរ លេង សប្បាយ ដោយពុំមាន ភាពភ័យ ខ្លាច អ្វី នោះឡើយ ខណៈ ទិដ្ឋភាព ទាំងនេះ ហើយ គឺ ស បញ្ជាក់ ឲ្យ ឃើញ ថា កម្ពុជាមានសុខសន្តិភាពពិតប្រាកដ ហើយ ប្រសិន បើ ជន ណា ឬ ក្រុម ណា ចង់ មក បំផ្លិចបំផ្លាញ នូវ សុខសន្តិភាពនេះ គឺ មិនអាចទៅរួចនោះទេ  មិនថាកាលៈទេសៈណានោះឡើយ៕






សម្តេចតេជោ ហ៊ុន សែន ៖ មានផ្លូវ មានស្ពាន ជាការតភ្ជាប់រវាងសេចក្តីប្រាថ្នាត្រូវការ និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រួមជាមួយនឹងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់ តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋ រស់នៅត្រើយខាងលិច ទាំងតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ។

សូមជម្រាបជូនថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់មួយខ្សែរមានប្រវែង ១ ៧៦១ ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅ ត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដែលមានតម្លៃប្រមាណជាង១១៤លានដុល្លារអាមេរិក ដែលជាថវិការក្រោមក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន៕







ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន


នៅព្រឹកថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន។ 

តាមការឲ្យដឹងពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋានសាងសង់នេះ គឺ មានប្រវែង ១.៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង ១,៧៥ម៉ែត្រ ផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ប្រវែង០,៥ម៉ែត្រ។ 

ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះ នឹងត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា ដោយក្នុងនោះ កំណាត់ផ្លូវ ៤ខ្សែ ប្រវែង ២៦,៦៧គីឡូម៉ែត្រ នឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ ១៩,៥ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែង ៥,០២៥គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ចំនួន ៤គន្លង(២ទៅ ២មក) គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង(១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាល ប្រវែង ៤ម៉ែត្រ ផងដែរ។ គម្រោងនេះនឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ 

គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។