Wednesday, April 27, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាត របស់ក្រសួងអប់រំ យុវជន និងកីឡា


នៅរសៀល ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។



ពិធីបិទសន្និបាតអប់រំយុវជននិងកីឡានេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ សន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ សន្និបាតអប់រំនេះ បានលើកមកពិនិត្យ និងពិភាក្សាលើការងារជាច្រើន ពាក់ព័ន្ធការអប់រំនៅកម្ពុជា ព្រមទាំងបានលើកនូវទិសដៅជាច្រើន ដើម្បីកែលំអរការអប់រំ និងបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរក្នុងឆ្នាំសិក្សា២០២១-២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាត ដែលទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន ការអប់រំកាយ និងកីឡាជាមួយនឹងកម្មវិធីកែទម្រង់អប់រំស៊ីជម្រៅ ៨ ចំណុច ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតី-ភាពជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងបច្ចុប្បន្ម និងអនាគត ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញមោទនភាពចំពោះក្រសួងអប់រំយុវជន និងកីឡាដែលបានធ្វើកិច្ចសហការជិតស្អិតជាមួយថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងឤជ្ញាធរ- ដែនដី ក្នុងការស្តារ និងអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើនស្របតាមតួនាទី ភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។ សម្តេចតេជោមានមានប្រសាសន៍ថា ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា។

ក្នុងពិធីបិទសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន០៦ចំនុចដូចខាងក្រោម: 

១- បន្តពង្រឹងប្រព័ន្ធអប់រំឲ្យមានភាពធន់បុរេសកម្ម ឆ្លើយតបទៅ នឹងបរិការណ៏ជាតិអន្តរជាតិ ដែលកំពុងមានការប្រែប្រួល។ បន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្នព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សនិស្សិត និងយុវជនដែលរងផលប៉ះពាល់ដោយកូវីដ-១៩។

២- ណែនាំឱ្យកសាងប្រព័ន្ធ និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធអប់រំ តាមរយៈធានាភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមមានការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែនការអប់រំ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និងគ្រូបង្រៀន។

៣- បន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់ពិសោធន៍ឌីជីថលនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិត  វីដេអូបង្រៀន និងមាតិកាឌីជីថលលើមុខវិជ្ជាគោលសម្រាប់ថ្នាក់ប្រឡង ព្រមទាំងផ្សព្វផ្សាយការងារទាំងនេះឱ្យកាន់តែទូលំទូលាយ។

៤- បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និង យុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម តាមរយៈការបំផុសចលនា  «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» កម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយមូលដ្ឋាននៅតាមសហគមន៍ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងឱកាសការងារនៅក្នុងសង្គម ។

៥- បន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសមាគមកីឡាមហាជន សហព័ន្ធ-កីឡា បំប៉ន និងហ្វឹកហាក់កីឡាករជម្រើសជាតិ និងកីឡាករថ្នាលឱ្យបានដិតដល់ ជំរុញសកម្មភាពអប់រំកាយនិងកីឡានៅតាមគ្រឹះស្ថានសិក្សាឱ្យបានផុសផុល។

៦- បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម «៣កុំ និង ៣ការពារ» ហើយចូលរួមទប់ស្កាត់ការឆ្លងចូលគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាព ចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ។ បន្តយកចិត្តទុកដាក់គាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវកាយសិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោល ដោយសារជំងឺ កូវីដ-១៩។ ត្រង់ចំនុចនេះ សម្តេចតេជោបានមានបានប្រសាសន៍ថា បើទោះបីកាតព្វកិច្ចពាក់ម៉ាស ត្រូវបានលើកលែង តែសម្តេចនៅតែលើកទឹកចិត្តឱ្យមានការពាក់ម៉ាស។

សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះប្រជាពលរដ្ឋ បើទោះបីសម្តេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ តែសម្តេចសង្កេតឃើញពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅតែបន្តពាក់ម៉ាស នេះបញ្ជាក់ពីការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាការពារសុខភាពរបស់ខ្លួន។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា ការសម្រេចចិត្ត និងបញ្ជាលើការងារចាក់វ៉ាក់សាំងមិនងាយស្រួល និងមិនធម្មតានោះឡើយ។ សម្តេចតេជោ បានថ្លែងថា បើពេលនោះសម្តេចធ្វើតាមការទាមទារពីតាមបណ្តាខេត្ត ដែលទាមទារយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្ដាខេត្តនានា​មុនពេលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ​ និងខេត្តកណ្តាល​ នោះ គឺមិនអាចបង្កើតភាពសាំសហគមន៍បាននោះឡើយ។ ដូច្នេះសម្ដេចតេជោនៅតែជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ ការពារការចម្លងជំងឺកូវីដ-១៩នេះ ជាបន្តទៀត៕

















សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។



នៅក្នុងជំនួបនេះ ឯកឧត្តម ចនសេន ដឺសុន បានគោរពជម្រាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានសេចក្ដីរំភើប ដែលបានវិលត្រឡប់មកកម្ពុជាវិញ និងជាប្រទេសដែលឯកឧត្តម មានអនុស្សាវរីយ៍យ៉ាងច្រើន និងមិត្តភ័ក្រ្តយ៉ាងច្រើន ស្របពេលជាមួយខួប ៣០ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។

ឯកឧត្តម ចនសេន ដឺសុន បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រង ស្របគ្នានឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជានៅទូទាំងប្រទេស។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ជាមួយការចូលរួមចំណែកក្នុងកិច្ចការពិភពលោក កិច្ចការតំបន់ និងជាពិសេស ប្រធានអាស៊ាន ទាំងនេះជាវឌ្ឍនភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្តមរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ការទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុនគេ ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលី ជាប្រទេសបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យ ជាប្រទេសដែលជួយកម្ពុជាឲ្យទទួលបានឯករាជ្យ។

ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តម ចនសេន ដឺសុន អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រដែលនាំឲ្យកម្ពុជា ទទួលបានសន្តិភាពពេញលេញ រួមជាមួយយុទ្ធសាស្ត្រគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន រដ្ឋាភិបាលអូស្ត្រាលី ដែលដរាបរៀងមក តែងបានផ្ដល់ជំនួយដល់កម្ពុជា រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ ៕












សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតមួយជូនជនរួមជាតិ ដោយសម្តែងការអបអរសាទរដល់ខួប អនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២នេះ ដែលនឹងប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាព សុខភាព និង សន្តិសុខការងារ»។


តាមរយៈសារលិខិតដែលទទួលបាននៅថ្ងៃទី២៧ ខែមេសានេះ សម្តេចតេជោ បានចាត់ទុកថា ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្តជាសកល ជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំ រាប់សតវត្សរ៍មកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ ការបង្កើតការងារ ស្ថិរភាព ការងារ និងសន្តិសុខការងារក្នុងបរិបទជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំង ពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ទោះបីឆ្នាំនេះ ប្រទេសជាតិយើង និងប្រទេសនានានៅក្នុងសកលលោក កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង ក៏កម្ពុជានៅតែអាចបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីនេះ ព្រមទាំងនៅត បន្តឱ្យមានការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាព ជាក់ស្តែង៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖








បន្តផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១

នៅរសៀល ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។

   

 ពិធីបិទសន្និបាតអប់រំយុវជននិងកីឡានេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ សន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២២។ សន្និបាតអប់រំនេះ បានលើកមកពិនិត្យ និងពិភាក្សាលើការងារជាច្រើន ពាក់ព័ន្ធការអប់រំនៅកម្ពុជា ព្រមទាំងបានលើកនូវទិសដៅជាច្រើន ដើម្បីកែលំអរការអប់រំ និងបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរក្នុងឆ្នាំសិក្សា២០២១-២០២២។

ក្រសួងសុខាភិបាល ប្រាប់អភិបាលរាជធានីខេត្ត អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់តាមទីសាធារណៈ នៅទូទាំងប្រទេស

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានចេញលិខិតមួយ ប្រាប់ដល់អភិបាលរាជធានីខេត្ត អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈទូទាំងប្រទេស និងការចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដើម្បីប្រយុទ្ធនិង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅបន្តធានានូវនិរន្តរភាពនៃភាពរឹងមាំនៃភាពស៊ាំសហគមន៍។


លិខិតរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ញើទៅកាន់អភិបាលរាជធានីខេត្ត បានឱ្យដឹងថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល សូមស្នើដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់សាធារណជន ទាំងអស់នៅក្នុងភូមិសាស្ត្រស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងការបន្តអនុវត្ត វិធានការចាំបាច់នានា ដូចខាងក្រោម៖

១៖ ប្រជាជនទាំងអស់នៅទូទាំងប្រទេស ពុំតម្រូវឱ្យពាក់ម៉ាស់ទៀតឡើយនៅទីសាធារណៈដែលជា ទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ (ដូចជា នៅផ្លូវ ឬសួនច្បារសាធារណៈ អគារ ឬបន្ទប់បើកបង្អួច ឬផ្សារទំនើបធំៗដែលមានប្រព័ន្ធរំហូរខ្យល់ចេញចូលល្អ ជាដើម) ដោយប្រជាជនទាំងអស់អាចជ្រើសរើសដោយខ្លួនឯង ពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។ ប៉ុន្តែការពាក់ម៉ាស់នេះ ត្រូវបានលើកទឹកចិត្តឱ្យបន្តអនុវត្តនៅពេលមានការ ចូលរួមក្នុងព្រឹត្តិការណ៍ជួបជុំ ទីតាំងសកម្មភាពសង្គម-សេដ្ឋកិច្ចនានាដែលមានការប្រមូលផ្តុំមនុស្សច្រើនកុះករកកកុញ (ជាអាទិ៍ ការរៀបចំសន្និសីទ កិច្ចប្រជុំ សិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗ) និងទីតាំងបិទជិតនានាដែលពុំមាន ប្រព័ន្ធរំហូរខ្យល់ចេញចូលល្អ ឬទីកន្លែងដែលមានការសង្ស័យថាមានបុគ្គលដែលពា នឹងជំងឺកូវីដ-១ ចំពោះ ទីតាំងបិទជិត ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ឬការពាក់ម៉ាស់ជាជម្រើស ដោយផ្អែកទៅតាមការកំណត់នៅ

គោលការណ៍ប្រតិបត្តិស្តង់ដារនានា (SOPs) ដែលក្រសួង-ស្ថាប័នមានសមត្ថកិច្ចបានដាក់ចេញនាពេលកន្លងមក។ ប៉ុន្តែ កាតព្វកិច្ចពាក់ម៉ាសនេះ ត្រូវបន្តអនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩។

២៖ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវបន្តអប់រំនិងជំរុញលើកទឹក ចិត្តប្រជាជនទាំងអស់ដែលគ្រប់អាយុចាក់វ៉ាក់សាំងកូវីដ-១៩ ហើយបានចាក់ដូសមូលដ្ឋានពេញលេញរួច ឱ្យចូលរួមចាក់ វ៉ាក់សាំងដូសទី៣ ដែលត្រូវបានកំណត់ជាដូសអប្បបរមាសម្រាប់ប្រជាជនទូទៅនៅក្នុងប្រទេសកម្ពុជា។ ការចូលរួមនេះ ត្រូវបានចាត់ទុកជាកាតព្វកិច្ចផ្នែកស្មារតីរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការរក្សាសុខុមាលភាពផ្ទាល់ខ្លួន ការពារអាយុជីវិត ខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូរីដ-១៩ ក្នុងគោលដៅបន្តធានានូវនិរន្តរភាពនៃភាពរឹងមាំនៃភាពស៊ាំសហគមន៍ និងការលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់។

៣៖ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវចូលរួមអនុវត្តសេចក្តីសម្រេច ស្ដីពីការធ្វើសមាហរណកម្មការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រព័ន្ធថែទាំព្យាបាលតែមួយ (ការរៀបចំបន្ទប់ដាច់ ដោយឡែក និងការរៀបចំរំហូរអ្នកជំងឺត្រឹមត្រូវ) នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន និងបន្តយកចិត្តទុកដាក់ ត្រៀមលក្ខណៈពង្រឹងសមត្ថភាពឆ្លើយតបរបស់ប្រព័ន្ធសុខាភិបាល តាមរយៈការបន្តត្រៀមក្រុមការងារឆ្លើយតបបន្ទាន់ ក្រុមគ្រូពេទ្យព្យាបាល គ្រែសង្គ្រោះបន្ទាន់ សម្ភារៈបរិក្ខារពេទ្យ និងឱសថព្យាបាលជំងឺកូវីដ-១៩ រួមទាំងឧបករណ៍តេស្ត រហ័សរកអង់ទីហ្សែនកូវីដ-១៩ ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសភាពការណ៍ហានិភ័យណាមួយដែល អាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានេះ អ្នកផ្តល់សេវាក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងប្រជាជន ទាំងអស់ ត្រូវចូលរួមគោរពនិងអនុវត្តនូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាធរមាន ហើយក៏ត្រូវប្រញាប់ធ្វើ តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណីមានការសង្ស័យ ដូចជាមានរោគសញ្ញាក្តៅខ្លួន ក្អក ឬ រោគសញ្ញាផ្លូវដង្ហើមផ្នែកខាងលើ (តឹងច្រមុះ ហៀរសំបោរ រមាស់ក ស្អកក ឈឺក ជាដើម) និងដាក់ខ្លួននៅដាច់ដោយឡែក ព្យាបាលនៅតាមផ្ទះក្នុងករណីមានជំងឺកូវីដ-១៩ កម្រិតស្រាល ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារដែលមាន ជាធរមាន ព្រមទាំងត្រូវចូលរួមសហការ និងរាយការណ៍ពីករណីសង្ស័យដែលអាចនាំឱ្យមានការផ្ទុះឡើងវិញនៃការឆ្លង វីរុសកូវីដ-១៩ ជូនដល់មន្ទីរសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។


៤៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត នីមួយៗ ត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃពីករណីវិជ្ជមាន កូវីដ-១៩ ដែលរកឃើញចាប់ពីចាប់ផ្តើមអនុវត្តការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ រហូតដល់មានការណែនាំជាថ្មី ទៀត ជូនដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត រៀងៗខ្លួន និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃ ក្រសួងសុខាភិបាល ដែលនាយកដ្ឋាននេះ នឹងត្រូវផ្តល់ទិន្នន័យពាក់ព័ន្ធជូនទៅអនុគណៈកម្មការវាយតម្លៃ ផែនការ និងយុទ្ធសាស្ត្រ ដើម្បីធ្វើការតាមដាន វាយតម្លៃស្ថានភាពនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងភាពសុំសហគមន៍៕




សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម

នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ បានជួបសំដែងការគួរសម និងពិភាក្សាការងារ។ 


នៅក្នុងជំនួបនេះ ឯកឧត្តម ឌិញ ទៀនហ្ស៊ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន  ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យឯកឧត្តមបានចូលជួបសំដែងការគួរសមនាពេលនេះ។ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជូនពរសម្តេចឲ្យទទួលបាននូវភាពជោគជ័យរាល់ភារកិច្ចទាំងឡាយ។ ឯកឧត្តមក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ជំងឺកូវី-១៩ របស់ប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ ។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្តេចតេជោអំពីស្ថានភាព ក៏ដូចជាការទប់ស្កាត់ជំងឺ Covid-19 នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ភាពស្ថានភាពសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍របស់រដ្ឋធានីហាណូយ និងការប្ដេជ្ញាចិត្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវារដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ដូចជាការពង្រីក ពង្រឹងមិត្តភាព និងការអនុវត្តឲ្យទទួលបាននូវភាពជោគជ័យ នូវរាល់សេចក្តីថ្លែងការក៏ដូចជាកិច្ចព្រមព្រៀងទាំងឡាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែបានព្រមព្រៀងគ្នាកន្លងមក។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្តម ឌិញ ទៀនហ្ស៊ុង ចំពោះការពាំនាំនូវការផ្ដាំសួរសុខទុក្ខ ពីថ្នាក់ដឹកនាំរបស់ប្រទេសវៀតណាមជូនចំពោះសម្ដេចនៅពេលនេះ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏មានសេក្តីរីករាយជាមួយនឹងការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ជាការពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងលើសផែនការ៥ពាន់លានដុល្លារ តែទោះជាយ៉ាងនេះក្តី យើងត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច  ពាណិជ្ជកម្ម ការកែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នា ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងការពិនិត្យមើលអ្វី ដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើការរួមគ្នាបន្តទៀត បាននៅពេលខាងមុខ៕