Friday, December 06, 2019

កិច្ចសម្ភាសន៍៖ ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលអះអាងថា ពាក្យបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវី កឹម សុខា ធ្វើឡើងដោយមានកំហុសឆ្គងផ្នែកនីតិវិធី

(ភ្នំពេញ)៖ ថ្មីៗនេះក្រុមមេធាវី​លោក កឹម សុខា បានសម្រេចដាក់​ពាក្យ​ប្ដឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​ដីការបស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បានសម្រេច​បញ្ជូនករណីសំណុំរឿងលោក កឹម សុខា ទៅ​ជំនុំជម្រះដោយក្រុម​មេធាវីលោក កឹម សុខា ចាត់ទុក​ដីកា​សម្រេចរ​បស់​សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់មាន​ហេតុផល​ច្បាស់លាស់។​
ការដាក់ពាក្យបណ្តឹងរបស់ក្រុមមេធាវីលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចបញ្ជូនសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ទៅជំនុំជម្រះ បន្ទាប់ពីបានបិទការស៊ើបសួរ កាលពីពាក់កណ្តាលខែវិច្ឆិកា។
ឆ្លើយតបនឹងពាក្យបណ្តឹងឧទ្ទរណ៍រ​បស់ក្រុមមេធាវីលោក កឹម សុខា, នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍សំណួរ-ចម្លើយ ជាមួយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ដែលជាតំណាងដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា។ ខាងក្រោមកិច្ចសម្ភាសន៍សំណួរ-ចម្លើយរវាងលោក គី តិច ជាមួយលោក លឹម ជាវុត្ថា៖
លឹម ជាវុត្ថា៖ ចំពោះពាក្យបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីលោក កឹម សុខា ប្រឆាំងទៅនឹងដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះ របស់សាលាដំបូងរាជធានីភ្នំពេញ តើក្រុមមេធាវីរាជរដ្ឋាភិបាល ដែលជាតំណាងដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿងនេះមានយោបល់ដូចម្តេចដែរ?
គី តិច៖ យោងតាមបញ្ញត្តិមាត្រា ២៦៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ភាគីជនជាប់ចោទមិនអាចប្តឹងឧទ្ធរណ៍ទៅនឹងដីកាសម្រេចបញ្ជូនទៅជម្រះ បានទ្បើយ ប៉ុន្តែអាចប្តឹងបានតែទៅលើវិធានការនៃការរក្សាជនត្រូវចោទក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន និងវិធានការនៃការរក្សាជនត្រូវចោទក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ដែលមាននៅក្នុងដីកាដំណោះស្រាយ (ដីកាបញ្ជូនទៅជំនុំជម្រះ) តែប៉ុណ្ណោះ។ ដូចនេះក្រុមមេធាវីការពារ និងតំណាងដើមបណ្តឹងរដ្ឋប្បវេណីយល់ឃើញថា ពាក្យបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទ កឹម សុខា ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ដែលបានប្តឹងប្រឆាំងនឹងដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះ លេខ៦៤០០ “គ” ដ.ដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញនេះ គឺបានធ្វើឡើងដោយមានកំហុសឆ្គងផ្នែកនីតិវិធី។ ការដាក់ពាក្យបណ្តឹង ឧទ្ធរណ៍នេះ គឺអាចគ្រាន់តែជារបៀបនៃការពន្យានីតិវិធីតុលាការ និងអាចមានចេតនាគេចវេសពីការទទួលខុសត្រូវតែប៉ុណ្ណោះ។ (សូមអាន ក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា២៦៧ នៅខាងក្រោម)
លឹម ជាវុត្ថា៖ តើបណ្តឹងឧទ្ទរណ៍នេះ នាំឲ្យផ្អាកនីតិវិធីរបស់តុលាការពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ដែរឬទេ?
គី តិច៖ បណ្តឹងឧទ្ធរណ៍នេះមិនអាចនាំឲ្យផ្អាកនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញនោះទេ។ តាមបញ្ញត្តិមាត្រា២៥០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្រោយពីចៅក្រមស៊ើបសួរ សម្រេចចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះ ចៅក្រមស៊ើបសួរត្រូវបញ្ជូនសំណុំរឿងជាបន្ទាន់ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ហើយប្រធានសាលាដំបូងរាជធានីភ្នំពេញ នឹងចាត់តាំងក្រុមប្រឹក្សាជំនុំជម្រះ និងបន្តកំណត់ពេលធ្វើសវនាការ។ ក្នុងន័យនេះបញ្ជាក់ថា បណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទ កឹម សុខា មិនមានអានុភាពតាមផ្លូវច្បាប់ណាមួយ មកបង្អង់ចំណាត់ការរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញនោះទេ។ (សូមអាន ក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា២៥០ នៅខាងក្រោម)
ក្រុមមេធាវីការពារនិងតំណាងដើមបណ្តឹងរដ្ឋប្បវេណីយល់ថា ក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទ កឹម សុខា គួរទុកពេលវេលានេះ ដើម្បីសិក្សាសំណុំរឿង និងខិតខំស្វែងរកភស្តុតាងដោះបន្ទុកលើបទចោទប្រកាន់ ដែលតំណាងអយ្យការ និងចៅក្រមស៊ើបសួរបានប្រើប្រាស់ពេលវេលា២ឆ្នាំ លើការស្រាវជ្រាវ និងប្រមូលភស្តុតាងដាក់បន្ទុកដ៏ធ្ងន់ធ្ងរនេះ និងវាជាការប្រសើរជាងមកធ្វើបណ្តឹងឧទ្ធរណ៍ដោយមិនត្រឹមត្រូវតាមច្បាប់បែបនេះ។
ក្រុមមេធាវីការពារនិងតំណាងដើមបណ្តឹងរដ្ឋប្បវេណី ពិនិត្យឃើញថា ចៅក្រមស៊ើបសួរមានភស្តុតាងដ៏រឹងមាំ ដែលបង្ហាញថា ជនជាប់ចោទ កឹម សុខា បានប្រព្រឹត្តបទល្មើស សន្ទិដ្ឋិភាព ជាមួយរដ្ឋបរទេស តាមបញ្ញត្តមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំគាំទ្រការសម្រេចរបស់ចៅក្រមស៊ើបសួរក្នុងការបញ្ជូន សំណុំរឿងនេះទៅជំនុំជម្រះ និងបានត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីតតាំងក្តីនេះ នៅចំពោះមុខតុលាការនាពេលសវនាការខាងមុខ។
សូមជំរាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចដាក់ លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការ។
ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ, ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទ ដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។ ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានសម្រេចបញ្ជូនសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ទៅជំនុំជម្រះហើយ បន្ទាប់ពីបានបិទការស៊ើបសួរ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រ នៅខេត្តកំពត នាចុងឆ្នាំ២០១៩នេះ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ក្រោមប្រធានបទ៖ ទីក្រុស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ។
យោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចាត់ទុកការរៀបចំបុណ្យសមុទ្រ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ លើកការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋានផងដែរ ៕

សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទាំងស្រុង៖


ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

កំពង់ឆ្នាំង៖ លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបទី៤១ ថ្ងៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩) នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរស្រុក ឃុំ ភូមិ មកពីឃុំខ្នាឆ្មារ និងឃុំធ្លកវៀន សមាជិក សមាជិកា ក្រុមការងារចូលរួមសរុបចំនួន១០២ រូប។ ក្នុងឱកាសនោះដែរ លោក បានឧបត្ថម្ភថវិកាសម្រាប់អ្នកចូលរួមក្នុងម្នាក់ ១ម៉ឺនរៀល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ចាន់ ដារ៉ុង បានសំដែងនូវការដឹងគុណចំពោះយុវជនជំនាន់មុន ក៏ដូចជាថ្នាក់ដឹកនាំយើងដែលបានខិតខំលះបង់គ្រប់បែបយ៉ាងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិដើម្បីយើងទាំងអស់គ្នាដែលជាយុវជនជំនាន់ក្រោយ ហើយប្តេជ្ញាចងចាំ និងការពារគំរូវីរភាព និងស្នាដៃទាំងនេះមិនឱ្យសាបសូន្យឡើយ៕



រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសមជាមួយប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមដោយលោកសាស្ត្រាចារ្យ ហ៊ីឌីតូស៊ី នីឈីមូរ៉ា (Hidetoshi Nishimura) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA) និងសហការីនៃវិទ្យាស្ថាន ERIA ក្នុងគោលបំណងពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA។
ជាកិច្ចចាប់ផ្ដើម លោកសាស្ត្រាចារ្យ នីឈីមូរ៉ា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មចូលក្នុងតំបន់ និងពិភពលោក។ លោកសាស្ត្រាចារ្យបានជម្រាបជូនដែរថា ក្នុងពេលបច្ចុប្បន្នវិសាលភាពការងាររបស់វិទ្យាស្ថាន ERIA ត្រូវបានពង្រីកដោយគ្របដណ្ដប់ទាំងការស្រាវជ្រាវលើវិស័យបរិស្ថាន ថាមពល អប់រំ សុខាភិបាល និងគ្រប់គ្រងគ្រោះមហន្តរាយ បូកបន្ថែមពីលើការងារពាក់ព័ន្ធនឹងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកសាស្ត្រាចារ្យបានឲ្យដឹងថា ការពង្រីកវិសាលភាពការងាររបស់វិទ្យាស្ថាន ERIA គឺជាគំនិតផ្ដួចផ្ដើមរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញនៅឆ្នាំ២០១២ ដោយលោកនាយករដ្ឋមន្ត្រី បានយល់ច្បាស់ពីសក្ដានុពលរបស់វិទ្យាស្ថានក្នុងពេលអនាគត។ ជាមួយនឹងការងារថ្មីទាំងនេះ លោកសាស្ត្រាចារ្យបានជម្រាបជូនថា វិទ្យាស្ថាន ERIA ត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រដល់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ ខាងមុខ។
ឆ្លើយតបទៅនឹងមតិរបស់លោកសាស្ត្រាចារ្យ នីឈីមូរ៉ា លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ផងដែរពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន ERIA និងក្រសួងពាណិជ្ជកម្ម ជាពិសេសការសិក្សានានាដែលវិទ្យាស្ថានបានគាំទ្រ និងរៀបចំ ដើម្បីជាព័ត៌មាន និងឯកសារយោងដល់ការចរចាកិច្ចព្រមព្រៀងថ្នាក់តំបន់ និងទ្វេភាគី ក៏ដូចជាអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជាផងដែរ។
នៅក្នុងខណៈនេះ កម្ពុជាកំពុងតែធ្វើការសិក្សាអំពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជាជាមួយនឹងប្រទេសចិន និងកូរ៉េ ហើយសង្ឃឹមថាវិទ្យាស្ថាន ERIA នឹងបន្តគាំទ្រកម្ពុជាបន្ថែមលើការងារនេះ។ ទាក់ទងនឹងការគាំទ្រដល់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះសំណើនេះ ហើយនឹងត្រៀមខ្លួនសហការជាមួយ ERIA ឲ្យមានប្រសិទ្ធភាព៕




វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅស្រុករំដួល

ស្វាយរៀង៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោក ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅស្រុករំដួល ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធនានាជុំវិញខេត្ត លោក លោកស្រីគណៈអភិបាលស្រុករំដួល លោក លោកស្រីក្រុមប្រឹក្សាស្រុករំដួល លោក លោកស្រីមន្រ្តីសាលាខេត្ត សាលាស្រុករំដួល តំណាងកងកម្លាំងទាំង៣ លោក លោកស្រីក្រុមប្រឹក្សាឃុំទាំង១០ លោក លោកស្រីមេភូមិ ទាំង៧៨ ក្នុងស្រុករំដួល បងប្អូនប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៣៦៩នាក់ ស្រី ៦៧នាក់។
ក្នុងវេទិការនោះដែល លោកអភិបាលរងខេត្ត បានលើកឡើងពីសមិទ្ធិផលនានារបស់ខេត្ត និងបញ្ហាប្រឈមមួយចំនួនដូចជា៖
– បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់នៅតែបន្តកើតមាន
– ការផ្ទេរមុខងារមួយចំនួនមកឱ្យរដ្ឋបាលក្រោមជាតិនៅមិនទាន់បានពេញលេញគឺមានការខ្វះខាតថវិកា ខ្វះធនធានមនុស្ស និងខ្វះលិខិតដ្ឋានបទដ្ឋានគតិយុត្តិគាំទ្រ
– កើតមានគ្រោះមហន្តរាយធម្មជាតិដូចជា ការរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ ដែលធ្វើប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ
– ទំនាស់ដីធ្លី ការរំលោភកាន់កាប់ដីព្រែក បឹង អូរ និងដីចំណីថ្នល់នៅតែបន្តកើតមាន។
– ការគ្រប់គ្រងកាកសំណល់នៅតាមទីប្រជុំជន និងនៅតាមរោងចក្រ សហគ្រាសមិនបានអនុវត្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការចូលរួមនៅមានកម្រិត
– នៅតាមស្រុក-ក្រុង មួយចំនួនមិនទាន់មានទីលានចាក់សំរាម ទៅតាមលក្ខណៈបច្ចេកទេស និងគ្មានក្រុមហ៊ុនប្រមូលសំរាម
ចំណុចដែលគួរអោយកត់សម្គាល់នោះគឺគណៈអធិបតី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អធិការដ្ឋាននគរបាលស្រុកបានទទួលយកសំណូមពរ និងបញ្ហាប្រឈម ហើយបានដោះស្រាយនៅចំងល់ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន៖
– កង្វះខាតអគ្គិសនីប្រើប្រាស់តាមភូមិ នៅឃុំសង្កែ ពងទឹក បុសមន ជ្រុងពពេល ថ្នាធ្នុង
– បញ្ហាការបោះចោលសម្រាម គ្មានសណ្ដាប់ធ្នាប់ ពាសវាលពាសកាល និងស្នើអោយមន្ទីរបរិស្ថានជួយរកទីលានសមរម្យដើម្បីចាក់សម្រាម
– ជួយពន្លឿនការជីកប្រឡាយរងចេញពីប្រឡាយមេ កីចក
– ស្នើសុំផ្លូវចូលក្នុងភូមិ និងដាក់លូ
– ការធ្វើអត្តសញ្ញាណបណ្ណមិនទាន់បាន និងនីតិវិធីធ្វើអត្តសញ្ញាណបណ្ណដែលបាត់ ត្រូវរាយការណ៍ ឬដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ
– របៀបរបបសុំដាក់ពាក្យកែតម្រូវសំបុត្រកំណើតដែលមានការខុស៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតជូន «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតជូន «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ដែលធ្វើឡើងក្រោមប្រធានបទ (សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០ )។
នៅក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី បានអបអរសាទរ «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្លិបកាសែតកម្ពុជា ក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាព ខាងសារព័ត៌មាន ដែលធានាដោយរដ្ឋធម្មនុញនៃព្រះរាជាណាបក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មានស្របតាមគោលនយោបាយ លទ្ធិប្រជាធិតេយ្យ សេរីភាព ពហុបក្ស ដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពយល់ដឹង និងការទទួលខុសត្រូវ ផ្នែកវិជ្ជាជីវៈ គុណភាព ប្រសិទ្ធភាព និងតម្លៃនៃសារព័ត៌មាន ព្រមទាំងចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឃយូរអង្វែងនៅក្នុងព្រះរាជាណាបក្រកម្ពុជា។
សូមអានខ្លឹមសារ នៃសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោមនេះ៖



អាល្លឺម៉ង់ចុះកិច្ចព្រមព្រៀងផ្តល់ឥណទា នសម្បទាន និងកិច្ចព្រមព្រៀងហិរញ្ញប្ប ទាន ៤១លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយលោក Julian Schutz តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន៣ ដែលមានទឹកប្រាក់សរុបចំនួន៣៧លានអឺរ៉ូ (ប្រមាណជា៤១លានដុល្លារអាមេរិក)។
កិច្ចព្រមព្រៀងទាំង ៣ នេះ មានដូចខាងក្រោម៖
១៖ កិច្ចព្រមព្រៀងឥណទានសម្បទាន មានទឹកប្រាក់ចំនួន៣០លានអឺរ៉ូ និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន មានទឹកប្រាក់ចំនួន២លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ៖
តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានទាំងពីរនេះ រដ្ឋាភិ បាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នឹងផ្តល់ឥណ ទានសម្បទានចំនួន៣០លានអឺរ៉ូ ត្រូវជាប្រមាណ៣៣ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួន ២លានអឺរ៉ូ ត្រូវជាប្រមាណ ២.២ លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ ដែលមាន អគ្គិសនីកម្ពុជា (EDC) ជាភ្នាក់ងារអនុវត្តគម្រោង។
គម្រោងនេះ មានទិសដៅសាងសង់អនុស្ថានីយ 115/22 kV, 50 MVA ចំនួន០២កន្លែង (ស្រុកក្រឡា ញ់ និងភាគខាងត្បូងនៃក្រុងសៀមរាប) និងសាងសង់បណ្តាញតង់ស្យុងមធ្យម (បណ្តាញកាបិ៍លក្នុងដី និងបណ្តាញអាកាស) សរុបប្រវែង៣២០គីឡូម៉ែត្រនៅក្នុងខេត្តសៀមរាប, ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
២៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានមានទឹកប្រាក់ចំនួន ៥ លានអឺរ៉ូ សម្រាប់កម្មវិធីផែនការអនុវត្តគណនេយ្យភាព សង្គម ដំណាក់កាលទី ២៖
តាមរយៈកិច្ចព្រមព្រៀង នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៥លានអឺរ៉ូ ត្រូវជាប្រមាណ៥.៥លានដុល្លារអាមេរិក ទៅក្នុងមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលសម្របសម្រួល ដោយធនាគារពិភពលោកដើម្បីបែង ចែកជូនលេខាធិការដ្ឋានគណៈកម្មការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងអង្គការសង្គមស៊ីវិល។ កម្មវិធីផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី ២ នេះ នឹងអនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការសង្គមស៊ីវិល ។
កម្មវិធីនេះ នឹងជួយពង្រឹងអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ ក្រោមជាតិ ដូចជា រដ្ឋបាលឃុំ/សង្កាត់, សាលាបឋមសិ ក្សា, មណ្ឌលសុខភាព ជាដើម ដែលជាការរួមចំណែក និងគាំទ្រដល់ផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេ យ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យ នៅថ្នាក់ក្រោមជាតិ។
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការទាំងបីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីការបោះជំហានទៅមុខ នៃកិច្ចសហប្រតិបត្តិការជាមិត្តភាព រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ហិរញ្ញប្បទានសហប្រតិបត្តិការនេះ នឹងរួមវិភាគទានដល់ការអនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ហិរញ្ញប្បទានសហប្រតិបត្តិការ ពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តោតអាទិភាពទៅលើវិស័យសំខាន់ៗមាន អភិវឌ្ឍន៍ជនបទ, សុខាភិបាល និងវិស័យអភិបាលកិច្ច (យេនឌ័រ, កំណែទម្រង់សាធារណៈ និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ) ដែលគិតចាប់ពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ន ទឹកប្រាក់ ហិរញ្ញប្បទានសហប្រតិបត្តិការ ពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានប្រមាណជា ៦៤០ លានដុល្លារអាមេរិក។ការផ្តល់ឥណទានពីដៃគូទ្វេភាគីថ្មីៗបន្ថែមទៀត ជាពិ សេស ពីបណ្តាប្រទេសមានការអភិវឌ្ឍខ្ពស់នៃទ្វីបអឺរ៉ុប ដូចជាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នេះ បានឆ្លុះបញ្ចាំ ងយ៉ាងជាក់ច្បាស់ថា ដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជាមានជំនឿយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា ដែលកំ ពុងដើរនៅលើផ្លូវត្រូវ តាមយុទ្ធសាស្រ្ត និងគោលនយោ បាយអភិវឌ្ឍន៍ រួមទាំងយុទ្ធសាស្រ្តគ្រប់គ្រងបំណុលសាធារណៈផងដែរ៕






លោកឧបនាយករដ្ឋមន្រ្ដី ស ខេង៖ ឆ្នាំ២០២០ ឃុំ/សង្កាត់នីមួយៗ នឹងទទួលបានថវិកាជាង ១២ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍក្នុងមូលដ្ឋាន

លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានឲ្យដឹងថា នៅឆ្នាំ២០២០ខាងមុខនេះ ឃុំសង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២,០០០ដុល្លារ ដើម្បីបង្កលក្ខណៈឲ្យក្រុមប្រឹក្សាឃុំសង្កាត់ កាន់តែមានលទ្ធភាពអាចចូលរួមដោះស្រាយនូវតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ។
ក្នុងពិធីបិទសិក្ខាសាលាជាតិស្ដីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង បានគូសបញ្ជាក់ថា ថវិកាប្រមាណ១២ម៉ឺនដុល្លារនេះ រួមមានថវិកាសម្រាប់ចំណាយលើផ្នែកអភិវឌ្ឍន៍មូលដ្ឋានចំនួនប្រមាណជាង៧០,០០០ដុល្លារ ដែលចំនួននេះកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៩។
បើតាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ថវិកានេះ នឹងកើនឡើងជារៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យម ចំនួនជាង១៣២.០០០ដុល្លារ។ ជាមួយនឹងការកើនឡើងដ៏គំហុកនេះ នឹងធ្វើឲ្យឃុំសង្កាត់ដែលនឹងទទួលបានថវិកាសរុបច្រើនជាងគេ មានរហូតដល់ចំនួនប្រមាណ៤៥០,០០០ដុល្លារ នៅឆ្នាំ២០២៣ ឧទាហរណ៍ដូចជា សង្កាត់ប៉ោយប៉ែត នៃក្រុងប៉ោយប៉ែត និងឃុំក្រែកនៃស្រុកពញាក្រែកជាដើម។ នេះជាអ្វីដែលសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់។
លោកឧបនាយករដ្ឋមន្រ្ដី ស ខេង បានអះអាងទៀតថា អ្វីដែលជាសមិទ្ធផលដ៏សំខាន់ និងចាត់ទុកថា មានលក្ខណៈជាប្រវត្តិសាស្ត្រនៃកិច្ចដំណើរការកំណែទម្រង់ដែលសម្រេចបានក្នុងឆ្នាំ២០១៨នេះ គឺការកែសម្រួលរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការប្រគល់មុខងារពាក់ព័ន្ធ នឹងវិស័យជាច្រើនទៅឲ្យរដ្ឋបាលទាំងនេះ និងការផ្ទេរមុខងារសុខាភិបាល ដែលធ្លាប់បានអនុវត្តដោយមន្ទីរសុខាភិបាល ទៅឲ្យស្ថិតក្រោមការគ្រប់គ្រងចាត់ចែងរដ្ឋបាលរាជធានី -ខេត្ត។
ជារួមភាគីពាក់ព័ន្ធ បានសហការគ្នារៀបចំកិច្ចការនេះ តាំងពីឆ្នាំ២០១៦កន្លងមក ដោយមានការពិគ្រោះយោបល់គ្នាជាបន្តបន្ទាប់ ដោយផ្អែកលើក្របខ័ណ្ឌ លិខិតបទដ្ឋានគតិយុត្តិ និងស្ថានភាព នៃការអនុវត្តជាក់ស្តែង។ ក្នុងគោលបំណងជំរុញឲ្យរចនាសម្ព័ន្ធថ្មីទាំងនេះ អាចចាប់ផ្តើមបំពេញការងាររបស់ខ្លួន ចាប់ពីដើមឆ្នាំ២០២០តទៅ នាពេលថ្មីកន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យចំនួន៣ ស្តីពីការកែសម្រួលរចនាសម្ព័ន្ធ និងមុខងាររបស់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យមួយទៀតស្តីពីការផ្ទេរមុខងារសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ក៏បានអះអាងជាថ្មី អំពីការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តឲ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកំណែទម្រង់សំខាន់ៗដទៃទៀត ដើម្បីរួមចំណែកជំរុញល្បឿន នៃការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពចម្រើនរុងរឿង។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលនានា ដែលបានផ្តល់ការគាំទ្រដល់កំណែទម្រង់នេះ ហើយសង្ឃឹមថា ដៃគូទាំងអស់នឹងបន្តគាំទ្រដល់កិច្ចការដ៏សំខាន់នេះតទៅមុខទៀត ៕

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បញ្ចេញថវិកាបន្ថែម ៥០លានដុល្លារ និងប្រែក្លាយ «ធនាគារអភិវឌ្ឍន៍ជនបទ» ទៅជា «ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» ដើម្បីប្រមូលទិញស្រូវពីកសិករ

ធនាគារអភិវឌ្ឍន៍ជនបទ បានប្រកាសជូនដំណឹងដល់សាធារណជន ប្រជាកសិករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវទាំងអស់ជ្រាបថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញថវិកាបន្ថែមចំនួន ៥០លានដុល្លារ និងបានប្រែក្លាយ «ធនាគារអភិវឌ្ឍន៍ជនបទ» ទៅជា «ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រើប្រាស់សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ «ធនាគារអភិវឌ្ឍន៍ជនបទ» ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ធនាគារអភិវឌ្ឍន៍ជនបទនឹងមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ ហើយទុននេះនឹងចាប់ផ្តើមប្រើប្រាស់បាន ចាប់ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះតទៅ។ ជាមួយគ្នានេះ ក្រុមការងារក្នុងក្របខណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីតាមដាន និងត្រួតពិនិត្យ ការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យ ស្រូវអង្ករ នឹងធ្វើការប្រជុំជាលក្ខណៈអន្តរក្រសួង ដើម្បីដោះស្រាយលើបញ្ហានានាពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ។
«ធនាគារអភិវឌ្ឍន៍ជនបទ» សូមប្រកាសជូន ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវ បន្តប្រមូលទិញស្រូវក្នុងតម្លៃសមស្រប សម្រាប់ស្តុកទុកធ្វើជាវត្ថុធានាបំណុល ដើម្បីទទួលបានឥណទានស្របតាមលក្ខខណ្ឌរបស់ធនាគារអភិវឌ្ឍន៍ជនបទ៕
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖