Friday, December 06, 2019

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសមជាមួយប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមដោយលោកសាស្ត្រាចារ្យ ហ៊ីឌីតូស៊ី នីឈីមូរ៉ា (Hidetoshi Nishimura) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA) និងសហការីនៃវិទ្យាស្ថាន ERIA ក្នុងគោលបំណងពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA។
ជាកិច្ចចាប់ផ្ដើម លោកសាស្ត្រាចារ្យ នីឈីមូរ៉ា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មចូលក្នុងតំបន់ និងពិភពលោក។ លោកសាស្ត្រាចារ្យបានជម្រាបជូនដែរថា ក្នុងពេលបច្ចុប្បន្នវិសាលភាពការងាររបស់វិទ្យាស្ថាន ERIA ត្រូវបានពង្រីកដោយគ្របដណ្ដប់ទាំងការស្រាវជ្រាវលើវិស័យបរិស្ថាន ថាមពល អប់រំ សុខាភិបាល និងគ្រប់គ្រងគ្រោះមហន្តរាយ បូកបន្ថែមពីលើការងារពាក់ព័ន្ធនឹងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកសាស្ត្រាចារ្យបានឲ្យដឹងថា ការពង្រីកវិសាលភាពការងាររបស់វិទ្យាស្ថាន ERIA គឺជាគំនិតផ្ដួចផ្ដើមរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញនៅឆ្នាំ២០១២ ដោយលោកនាយករដ្ឋមន្ត្រី បានយល់ច្បាស់ពីសក្ដានុពលរបស់វិទ្យាស្ថានក្នុងពេលអនាគត។ ជាមួយនឹងការងារថ្មីទាំងនេះ លោកសាស្ត្រាចារ្យបានជម្រាបជូនថា វិទ្យាស្ថាន ERIA ត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រដល់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ ខាងមុខ។
ឆ្លើយតបទៅនឹងមតិរបស់លោកសាស្ត្រាចារ្យ នីឈីមូរ៉ា លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ផងដែរពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន ERIA និងក្រសួងពាណិជ្ជកម្ម ជាពិសេសការសិក្សានានាដែលវិទ្យាស្ថានបានគាំទ្រ និងរៀបចំ ដើម្បីជាព័ត៌មាន និងឯកសារយោងដល់ការចរចាកិច្ចព្រមព្រៀងថ្នាក់តំបន់ និងទ្វេភាគី ក៏ដូចជាអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជាផងដែរ។
នៅក្នុងខណៈនេះ កម្ពុជាកំពុងតែធ្វើការសិក្សាអំពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជាជាមួយនឹងប្រទេសចិន និងកូរ៉េ ហើយសង្ឃឹមថាវិទ្យាស្ថាន ERIA នឹងបន្តគាំទ្រកម្ពុជាបន្ថែមលើការងារនេះ។ ទាក់ទងនឹងការគាំទ្រដល់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះសំណើនេះ ហើយនឹងត្រៀមខ្លួនសហការជាមួយ ERIA ឲ្យមានប្រសិទ្ធភាព៕




No comments:

Post a Comment