Saturday, September 18, 2021

រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ (ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១)

 
 រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥
(ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១)




អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា៖ « វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជាជោគជ័យជំហានទី២របស់កម្ពុជា»

នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ  អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលប្រមាណ១៦នាទី ក្រោមចំណងជើងថា«វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ គឺជាជោគជ័យជំហានទី២របស់កម្ពុជា»។ វីដេអូនេះ បានរំលេចឱ្យសាធារណជន ជាតិ និងអន្តរជាតិមើលឃើញអំពីលទ្ធផលជាក់ស្តែងជាផ្លែផ្កានិងជោគជ័យ ដែលកើតចេញមកពី «នយោបាយវ៉ាក់សាំង និងទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញ»។


ខ្លឹមសារវីដេអូបានបញ្ជាក់ថា បន្ទាប់ពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនមនុស្សពេញវ័យ ចាប់ពីអាយុ១៨ឆ្នាំឡើងឈានទៅសម្រេចតាមផែនការមុនកាលកំណត់ ឥឡូវនេះ ការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យអាយុពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ក៏ឈានទៅសម្រេចបានតាមផែនការយ៉ាងឆាប់រហ័សដែរ។ កុមារនិងយុវវ័យក្នុង ចំនួន ជិត២លាននាក់ក៏បានទទួលការចាក់វ៉ាក់សាំងដូសទី១និងដូសទី២រួចជាស្រេចហើយដែរ។ ជាសរុប រហូតមកទល់នឹងពាក់កណ្តាលខែកញ្ញាឆ្នាំ ២០២១ នេះ នៅទូទាំងប្រទេស ប្រជាពលរដ្ឋខ្មែរ ចាប់ពីអាយុ ១២ឆ្នាំឡើងចំនួនជិត១២លាននាក់ដែលបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ស្ទើររួចរាល់អស់ហើយ។ 

 ការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ និងយ៉ាងសកម្មលឿនរហ័ស ទាំងសម្រាប់មនុស្សពេញវ័យ ទាំងសម្រាប់កុមារនិងយុវវ័យ ទាំព្រមទាំងងការចាក់ដូសទី៣ផងនេះ ពិតជាមិនអាចសម្រេចបានឡើយ ប្រសិនបើមេដឹកនាំគ្មានទស្សនវិស័យវែងឆ្ងាយនិងបើគ្មានការសម្រេចចិត្តត្រូវនិងទាន់ពេលវេលាទេនោះ។ ហើយទាំងវ៉ាក់សាំងដូសទី៣ និងទាំងវ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ ក៏មិនអាចធ្វើបាននោះដែរ ប្រសិនបើកម្ពុជាគ្មានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងដៃទេនោះ។ 

កម្ពុជាជាប្រទេសឈានមុខគេក្នុងចំណោម៣៧ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ជូនប្រជាពលរដ្ឋបានច្រើនជាងគេ ហើយរាជធានីភ្នំពេញ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនបំផុតក្នុងពិភពលោក។ ដូច្នេះ ក្រៅពីចាក់ជូនពលរដ្ឋពេញវ័យនិងមនុស្សវ័យចំណាស់ វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ ការចាក់វ៉ាក់សាំងដូសទី៣ ដែលកំពុងប្រព្រឹត្តទៅ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ទល់ ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩។ 

សូមអញ្ជើញទស្សនាវីដេអូ៖















ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ស្វាយរៀង ៖ នៅថ្ងៃទី១៨ ខែកញ្ញា  ឆ្នាំ២០២១នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង ដែលប្រព្រឹត្តិទៅនៅក្នុងបរិវេណមន្ទីរពេទ្យខេត្ត។  

នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត  លោកប្រធាន  អនុប្រធាន  មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពេទ្យខេត្ត  លោកប្រធានមន្ទីរសាធារណការ  និងដឹកជញ្ជូនខេត្ត  លោកស្នងការនគរបាលខេត្ត  លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត  លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង  លោកអភិបាល អភិបាលរងក្រុង លោកមេភូមិ ចៅសង្កាត់ យុវជនស.ស.យ.ក ក្រុមគ្រូពេទ្យប្រជាពលរដ្ឋ ប្អូនៗក្មួយៗ  និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់លោមនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ  ស្របពេលដែលរាជរដ្ឋាភិបាលគ្រោងនឹងបេីកសាលាអោយក្មួយៗចូលរៀនឡេីងវិញនៅពេលខាងមុខនេះ ផងដែរ។  

លោកអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង  សម្រាប់កុមារ  ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តដែលរដ្ឋបាលខេត្តបានរៀបចំនិងចាប់ផ្តើមចាក់ជូន  ចាប់ពីថ្ងៃទី១៨  ខែកញ្ញា  ឆ្នាំ២០២១នេះ  មានតាមពេលវេលា  និងទីតាំងដូចខាងក្រោម (ពេលព្រឹកពីម៉ោង  ៧:៣០  ដល់ម៉ោង១១:៣០ នាទី  ពេលរសៀលពីម៉ោង  ១រសៀល  ដល់ម៉ោង៤រសៀល)  រៀងរាល់ថ្ងៃរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការចាក់ជាស្ថាពររួមមាន៖

១-  ក្រុងស្វាយរៀង :មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ 

២-ក្រុងបាវិត :  មន្ទីរពេទ្យបង្អែកជីភូ

៣-ស្រុកកំពង់រោទិ៍ : មណ្ឌលសុខភាពញរ

៤-  ស្រុកស្វាយទាប : មន្ទីរ ពេទ្យ បង្អែកស្វាយទាប

៥-  ស្រុករំដួល : មណ្ឌលសុខភាពថ្នាធ្នង់ 

៦-  ស្រុកចន្ទ្រា : មណ្ឌលសុខភាព  មេសថ្ងក  

៧-  ស្រុកស្វាយជ្រំ : មណ្ឌលសុខភាពតាសួស  -  មណ្ឌលសុខភាពអង្គតាសូ  - មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ  ឈេីទាល។  

៨-ស្រុករមាសហែក :ទីតាំងអតីតសាលាស្រុករមាសហែក  -  មណ្ឌលសុខភាពអំពិល  -  មណ្ឌលសុខភាពអង្គប្រស្រែ។  

លោកអភិបាលខេត្ត ក៏បានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអយុចាប់ពី១៨ឡេីង  មិនទាន់ទទួលបានការចាក់វ៉ាក់សាំងសូមអញ្ជេីញទៅទទួលចាក់អោយបានគ្រប់ៗគ្នានៅទីតាំងដែល រដ្ឋាបាលក្រុង-ស្រុកបានរៀបចំ កន្លងមក និងកំពុងដំណេីរការចាក់ជារៀងរាល់ថ្ងៃ។ 

ទន្ទឹមនេះលោកក៏សូមអំពាវនាវដល់ឪពុកម្តាយដែលនាំកូនមកទទួលការចាក់វ៉ាក់សាំងត្រូវមកតាមការកំណត់របស់អាជ្ញាធរ  និងសូមជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់  បាត់ការរក្សាគម្លាតសុវត្ថិភាពជាដើម  ហេីយក្រោយទទួលបានវ៉ាក់នេះរួចសូមបន្តប្រកាន់ភ្ជាប់នូវវិធានការ"៣ការពារ ៣កុំ"របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕






អភិបាលខេត្តប៉ៃលិន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ

ប៉ៃលិន៖ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ-១៩ និងការបើកអោយដំណើរ ការសាលារៀនឡើងវិញ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ ប្រជាពលរដ្ឋ រួមទាំងកុមារផងដែរ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀន ដោយគ្មានការភ័យខ្លាច ព្រោះ កន្លង មករាជ រដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់យុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ក្រោម ១៨ឆ្នាំ ហើយ ពេល នេះ បន្តចាក់វ៉ាក់សាំងដល់កុមារ ចន្លោះក្នុងរង្វង់ពី៦ឆ្នាំ ទៅ ១២ឆ្នាំ ដែលតម្រូវសម្រាប់សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ហើយកំពុងត្រៀមសម្រាប់កុមារនៅមត្តេយ្យសិក្សាក្នុងរង្វង់អាយុ៣ឆ្នាំ ទៅ ៦ឆ្នាំវិញ ដែលនេះចាត់ទុកជាជំហានបន្ទាប់មួយទៀត។

លោកស្រីអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៍បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៍កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣.ការពារ ៣.កុំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

ឳពុកម្តាយ និងអាណាព្យាបាល ដែលនាំកូនចៅមកទទួលវ៉ាក់សាំង បានសម្តែងអារម្មណ៍ សប្បាយ រីក រាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាបាល កម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតម្កល់ខ្ពស់ នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ដោយស្វះ ស្វែងរកវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ មកចាក់អោយពលរដ្ឋបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃ។ (ឃ្លីប)

សូមបញ្ជាក់ថា៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ តទៅ ដោយពេលព្រឹកចាប់ពីម៉ោង ៨៖០០ នាទីព្រឹក ដល់ម៉ោង ១១៖០០ នាទី ហើយពេលរសៀលចាប់ពីម៉ោង ២៖០០ នាទីរសៀល ដល់ម៉ោង ៥៖០០ នាទីល្ងាច នៅគោលដៅចំនួន ០៤ (១-មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ២-មណ្ឌលសុខភាពផ្សារព្រំ ៣-មណ្ឌលសុខភាពភ្នំស្ពង់ និង៤-មណ្ឌលសុខភាពភ្នំព្រាល)៕