Friday, October 27, 2023

ខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតានិងធម្មនន្ទនឹងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល



អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ។ 


លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ លើកឡើងថា ខ្សែទស្សនាថ្មីនេះអាជ្ញាធរជាតិអប្សរាបានរៀបចំជាពីរខ្សែ ដោយសារខ្សែទី១ គឺមានចម្ងាយខ្លី ដែលភ្ញៀវអាចឈប់យានជំនិះនៅផ្នែកខាងជើង និងដើរចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា ហើយចេញតាមច្រកខាងជើងដដែល។ ចំណែកខ្សែទី២ ជាខ្សែទស្សនាវែង ដែលភ្ញៀវចាប់ផ្តើមចូលទស្សនានៅប្រាសាទធម្មនន្ទ ដើរចូលតាមសួនបណ្ដុះកូនឈើប្រាសាទតាកែវ និងចូលតាមច្រកខាងកើតប្រាសាទចៅសាយទេវតា។


តាមការបញ្ជាក់ពីភ្នាក់ងារទេសចរណ៍ ការរៀបចំនេះគឺដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ ឱ្យកាន់តែងាយស្រួល ពិសេសធ្វើឱ្យការទស្សនាមានភាពលម្អិត និងគ្រប់ជ្រុងជ្រោយ ខណៈដែលកន្លងមក ភ្ញៀវចូលទស្សនារបៀបសេរី មិនមានគោលដៅចាប់ផ្តើម និងបញ្ចប់ត្រឹមត្រូវនោះទេ។ បច្ចុប្បន្នវង់ទស្សនានេះបានដាក់ឱ្យដំណើរការហើយ ចំណែកភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទនេះ កំពុងរៀបចំ និងកែលម្អ ចាក់ដីបំពេញជង្ហុគខ្លះ ដើម្បីឱ្យការដើររបស់ភ្ញៀវមានភាពងាយស្រួល។


ប្រាសាទចៅសាយទេវតា កសាងឡើងនៅចុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ ដ្បិតជាប្រាសាទតូច តែចៅសាយទេវតាមានក្បួនក្បាច់ចម្លាក់ជាច្រើនមិនចាញ់ប្រាសាទធំប៉ុន្មានទេ និងមានស្ពានហាលដ៏ទាក់ទាញនៅច្រកចូលខាងកើត ដែលទេសចរអាចផ្ដិតរូបភាពនៅទីនោះបាន៕















អត្ថបទ៖ នាង សំណាង

រូបភាព៖ យី សុថា

សិក្ខាកាមចំនួន២២រូប បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញនិងគួរឱ្យចង់ទស្សនា


អាជ្ញាធរជាតិអប្សរា បានបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយទៅជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា នៅឯសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។


អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៉ែន ចំរុង មានប្រសាសន៍ថា សិក្ខាកាមចំនួន២២រូប ដែលបានទទួលវគ្គបណ្ដុះបណ្ដាលជំនាញនេះ មួយចំនួនគឺជាមន្ត្រី និងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា និងមួយចំនួនទៀត មកពីសារមន្ទីរទួលស្លែង អាជ្ញាធរជាតិសំបូរព្រៃគុក និងអាជ្ញាធរជាតិព្រះវិហារ។

សិក្ខាកាម បានទទួលការបណ្ដុះបណ្ដាលលើជំនាញជាច្រើន ដូចជា ឱ្យស្គាល់ពីអ្វីជាសារមន្ទីរ? តួនាទីរបស់អ្នករៀបចំតាំងពិព័រណ៍(Curator) គោលការណ៍នៃការគ្រប់គ្រងវត្ថុសិល្បៈ តើសិល្បៈប្រភេទណាខ្លះដែលគួរលើកយកទៅដាក់តាំងពិព័រណ៍? ការបង្ហាញអំពីការរៀបចំពិព័រណ៍ បរិយាកាសជុំវិញការរៀបចំតាំងពិព័រណ៍និងសុវត្ថិភាពនៃការតាំងពិព័រណ៍ជាដើម។


អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានចាត់ទុកវគ្គបណ្ដុះបណ្ដាលជំនាញរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញនិងគួរឱ្យចង់ទស្សនានេះថា គឺជាកិច្ចការមួយដែលប្រព្រឹត្តឡើងក្នុងក្របខណ្ឌជាតិ ក្នុងគោលបំណងជំរុញធ្វើយ៉ាងណាដើម្បីឱ្យសារមន្ទីរមានភាពប្រសើរឡើង ក្នុងការទាក់ទាញភ្ញៀវទស្សនា ហើយក៏ធ្វើឱ្យសារមន្ទីរក្លាយទៅជាកន្លែងប្រវត្តិសាស្ត្រ និងកន្លែងអប់រំចំណេះដឹងផងដែរ៕














អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ ហ៊ុំ រិទ្ធី

ព្រឹកស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅរោងចក្រសហគ្រាសចំនួន៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ


(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន​​១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រោងចក្រសហគ្រាសទាំង៣២នេះ ជាប្រភេទរោងចក្រកាត់ដេរ សម្លៀកបំពាក់ ចំនួន២៩, រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន១, រោងចក្រខារអំបោះ ចំនួន១ និងរោងចក្របោះពុម្ព លើក្រណាត់ចំនួន១។ ដោយឡែក សម្រាប់នៅរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស សរុបចំនួន៩ ៥៩០ និងមាន កម្មករនិយោជិតសរុបប្រមាណ ៦៦ ម៉ឺន៥ពាន់នាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណជាង ២ ០១០លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមួយមុខ មានចំនួន ៧៣៥ និងប្រើកម្លាំងកម្មករនិយោជិតសរុបប្រមាណ ៣៤ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលសរុបជាង ១ ០៥៨ លានដុល្លារក្នុងមួយឆ្នាំ។

នេះគឺជាលើកទី៧ ហើយ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេល រាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិត ៦លើករួចមកហើយ ដោយ លើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិតចូលរួមចំនួន ១៨,០១៣នាក់, លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់, លើកទី៣ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់, លើកទី៤ ធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងស្រុកបាទី ខេត្តតាកែវ មានកម្មករ និយោជិតចូលរួម ១៨,១០៤នាក់, លើកទី៥ ធ្វើឡើង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ ដោយមានកម្មករនិយោជិតចូលរួមចំនួន ១៨,០៩៩នាក់ និងលើកទី៦ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយជួបសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១២ ០៦០នាក់ នៅបណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងជំនួបកន្លងទៅ សម្តេចធិបតី បានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកំណើនការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាពិសេស ការងារអាទិភាព ៦ សម្រាប់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តឱ្យមានប្រសិទ្ធភាពក្នុងឆ្នាំ២០២៣នេះរួមមាន៖

១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ ការងារនេះ បានចេញលទ្ធផលរួចហើយ ដោយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបោះឆ្នោតសម្រេចយកតួលេខ២០២ដុល្លារ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមទឹកប្រាក់ ២ដុល្លារអាមេរិកទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតឆ្នាំ២០២៤ ឡើងដល់ ២០៤ដុល្លារក្នុងមួយខែ។ តាមរយៈការកើនឡើងប្រាក់ឈ្នួលនេះ នឹងធ្វើជួយធ្វើឱ្យជីវភាពរបស់កម្មករ និយោជិត ក្រុមគ្រួសារកាន់តែល្អប្រសើរ។

២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យបានលឿន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដលកម្មករនិយោជិត ព្រមទាំងបង្កើតយន្តការងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។

៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។

៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របតាមច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ចក្នុងការបណ្តុះបណ្តាលកម្មករ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។

៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពបានចេញធ្វើការមុន ១៥នាទី។

៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំផែនការសកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់អនុវត្តលើការងារអាទិភាពចំនួន៤ទៀតផងដែរ ដែលក្នុងនោះរួមមាន៖

១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។

២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។

៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧។

៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួនផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រឹងនូវប្រព័ន្ធយុត្តិធម៌ គឺជាការងារអាទិភាពសំខាន់ដែលរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឱ្យចេញជាលទ្ធផលជាក់ស្តែងជូនប្រជាជន


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពសំខាន់សម្រាប់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ដែលរាជរដ្ឋាភិបាល ត្រូវដោះស្រាយ និងរៀបចំពង្រឹងប្រព័ន្ធយុត្តិធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន ដោយត្រូវធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលជាក់ស្តែងសម្រាប់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រារព្ធធ្វើនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការពង្រឹងនិងរៀបចំយន្តការនេះមិនសំខាន់នៅលើក្រដាសនោះទេ ប៉ុន្តែសំខាន់ធ្វើយ៉ាងណាចេញជាផ្លែផ្កានៅលើដី។ ដូច្នេះការរៀបចំជាអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចូលរួមចំណែកក្នុងការផ្តល់យុត្តិធម៌ និងសុខដុមរមនា និងជាយន្តការសម្រាប់ជួយសម្របសម្រួលក្រៅប្រព័ន្ធដើម្បីជាជំនួយដល់យន្តការដែលមានស្រាប់៕




សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងផ្តល់អត្ថប្រយោជន៍ច្រើនជូនដល់ប្រជាពលរដ្ឋ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺជាយន្តការថ្មី ធ្វើឡើងមិនមែនបង្ខិតបង្ខំប្រជាពលរដ្ឋ ឱ្យទៅប្រើសេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទាំងអស់នោះទេ តែគឺជាជម្រើសបន្ថែមសម្រាប់ប្រជាពលរដ្ឋ ។ យន្តការនេះមិនមែនបង្កើតឡើង មានគោលដៅចាប់បង្ខំប្រជាពលរដ្ឋឱ្យជ្រើសជំរើសតែ១នោះទេ គឺជាការស្ម័គ្ររបស់ប្រជាពលរដ្ឋ ដោយផ្តល់ភាពស្របច្បាប់ជូនតែប៉ុណ្ណោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាជម្រើស និងជួយដោះស្រាយជូន ដោយគ្រាន់តែធ្វើយ៉ាងណាឱ្យមានប្រថាប់ត្រាបន្ថែម នូវការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះ ឱ្យមានទំងន់ខាងផ្លូវច្បាប់ កុំឱ្យយន្តការសម្របសម្រួលក្រៅផ្លូវការហើយ គ្មានអ្វីបញ្ជាក់ អាចធ្វើឱ្យភាគី ទាំងអស់មិនអាចគោរពគ្នា ពីព្រោះនៅតុលាការមានស្រាលក្រម ប៉ុន្តែការដោះស្រាយក្រៅប្រព័ន្ធតុលាការ ប្រៀបដូចជាអាជ្ញាកណ្តាលដូចនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ដោយមិនចាច់ទៅតុលាការ តែមានជម្រើសផ្សេងទៀត។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា គ្រប់រឿងវិវាទខ្លះ អត់ចាំបាច់ត្រូវឡើងទៅតុលាការទេ  បើតុលាការមានសំណុំរឿងច្រើនកាន់តែត្រូវប្រើពេលវេលាយូររង់ចាំដោះស្រាយ និងបង្កើតការចំណាយច្រើនដល់ប្រជាពលរដ្ឋ។ ដូច្នេះសង្ឃឹមថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលានេះ អាចជួយប្រជាពលរដ្ឋបានកាន់តែច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ដើម្បីការអនុវត្តមានប្រសិទ្ធភាពត្រូវជំរុញឱ្យមានការផ្សព្វផ្សាយពីយន្តការថ្មីនេះឱ្យបានទូលំទូលាយ ដើម្បីពន្យល់ដល់មហាជនឱ្យបានយល់ពីច្បាប់ យល់ពីជម្រើសនីតិវិធីនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕






សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ នឹងបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយចំណាយថវិកា និងពេលវេលា សម្រួលដល់ប្រជាពលរដ្ឋ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា គណៈរដ្ឋមន្ត្រីបានពិនិត្យលើសេចក្តីព្រាងស្តីពីការបង្កើត ការរៀបចំនៃកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរួចហើយ នេះជាកិច្ចការងារដ៏សំខាន់មួយក្នុងកំណែទម្រង់វិស័យយុត្តិធម៌ ដូចនេះក្រសួងយុត្តិធម៌ ត្រូវពន្លឿននីតិវិធីសេសសល់ ដើម្បីជំរុញឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ឱ្យដាក់អនុវត្តបានឆាប់រហ័ស នៅពេលខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី  ដែលមានរបៀបវារៈសំខាន់ៗចំនួន៤ រួមមាន៖ 

១- សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។
២- សេចក្តីព្រាងច្បាប់ស្តីពី "ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤" ។
៣- សេចក្តីព្រាងច្បាប់ស្តីពី "ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២" ។
៤- បញ្ហាផ្សេងៗ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំរុញបង្ខិតសេវាយុត្តិធម៌ ឱ្យកាន់តែជិតជាមូយប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាយថវិការ និងពេលវេលា សម្រួលបន្ទុក និងកាត់បន្ថយកក់ស្ទះសំណុំរឿងនៅតុលាការ ជាពិសេសការពង្រឹងសុខដុមណីយកម្មនៅក្នុងសហគមន៍។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យ ក្រសួងយុត្តិធម៌ត្រូវជំរុញការធ្វើសន្ទាកម្ម យន្តការនេះ ជាមួយយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ និងយន្តការដទៃទៀត ដូចជាយន្តការ របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមជ្ឍការផ្នែកពាណិជ្ជកម្មជាដើម។ ដើម្បីធានាថា យន្តការទាំងនេះ មានសង្គតិភាព និងភាពជួយបំពេញឱ្យគ្នាទៅវិញ ទៅមកតាមផ្លូវច្បាប់ជាធរមាន៕








វិភាគអន្តរជាតិ៖ អ្វីទៅជាមីស៊ីលចម្ងាយឆ្ងាយ ATACMS ដែលសហរដ្ឋអាមេរិក បញ្ជូនទៅឱ្យអ៊ុយក្រែន?


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្ដាហ៍មុនបានទទួលស្គាល់ថាកងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ ATACMS ផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើកងទ័ពរុស្ស៉ីជាលើកដំបូង។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម តែមិនបានបញ្ជាក់ថាតើមីស៊ីលនេះត្រូវបានប្រើនៅទីណា ឬក៏ត្រូវ បានប្រើតាំងពីណាមកនោះទេ? សេតវិមានវិញ ក៏បានទទួលស្គាល់ដែរពីការប្រគល់មីស៊ីល ATACMS ទៅឱ្យអ៊ុយក្រែន បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមីស៊ីលនេះ ត្រូវបានផ្ដល់ឱ្យអ៊ុយក្រែនជាសម្ងាត់។ មីស៊ីលចម្ងាយឆ្ងាយ ATACMS អាចបាញ់បានចម្ងាយអតិបរមា ៣០៥គីឡូម៉ែត្រ ហើយកន្លងមក ទីក្រុងវ៉ាស៊ីនតោន មានការស្ទាក់ស្ទើរក្នុងការបញ្ជូនមីស៊ីល ATACMS សម្រាប់អ៊ុយក្រែន ដោយសារបារម្ភពីរយៈចម្ងាយនៃមីស៊ីលនេះដែលអាចបាញ់ដល់ទឹកដីរុស្ស៉ី។

ប៉ុន្តែ មីស៊ីល ATACMS ដែលត្រូវបានផ្ដល់ឱ្យអ៊ុយក្រែននៅពេលនេះ ជាប្រភេទបាញ់បានត្រឹមចម្ងាយអតិបរាមា ១៦៥គីឡូម៉ែត្រ និងអាចបំពាក់ជាមួយគ្រាប់បែក ចង្កោម។

* ដូច្នេះថាតើអ្វីទៅជាមីស៊ីលចម្ងាយឆ្ងាយ ATACMS?
មីស៊ីលចម្ងាយឆ្ងាយ ATACMS ឬមានឈ្មោះពេញថា Army Tactical Missile Systems អាចបាញ់បានរយៈចម្ងាយអតិបរមា ១៩០ miles ឬស្មើនឹងជាង៣០៥ គីឡូម៉ែត្រ។ ពោលគឺបាញ់បានឆ្ងាយជាងមីស៊ីលសម័យសូវៀត Tochka-U របស់អ៊ុយក្រែនដល់ទៅ ២ដង។

ATACMS ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ហើយក្រុមហ៊ុនមួយនេះអាចផលិតមីស៊ីលនេះបាន៥០០គ្រាប់ក្នុងមួយឆ្នាំ។ ប៉ុន្តែ មីស៊ីលនេះត្រូវបាន ផលិតឡើងសម្រាប់លក់ឱ្យប្រទេសមួយចំនួន ក្រៅពីអ៊ុយក្រែន។ ចក្រភពអង់គ្លេស និងបារាំង បានផ្ដល់មីស៊ីលគ្រូសអាចបាញ់ចេញពីយន្ដហោះចម្បាំង ជាមួយ រយៈចម្ងាយ ១៤០ miles។ ATACMS ជាប្រភេទមីស៊ីលបាញ់ចេញពីដីគោក។

* ហេតុអ្វីសហរដ្ឋអាមេរិក កែប្រែចិត្ត?
មន្ទីរបញ្ចកោណ បានប្រឆាំងជំទាស់នឹងការបញ្ជូនឱ្យអ៊ុយក្រែន​នូវមីស៊ីល ATACMS ដោយសារបារម្ភខ្លាចថាមីស៊ីលនេះអាចធ្លាក់ចូលទឹកដីរុស្ស៉ី ដោយប្រការណាមួយ។ ប៉ុន្តែ ក្រុមមន្ត្រីអ៊ុយក្រែន បានចាត់ទុកការព្រួយបារម្ភបែបនេះរបស់សហរដ្ឋអាមេរិក ថាជាការខ្លាចរុស្ស៉ីជ្រុលហួសហេតុ។ ការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោន គឺមានមូលហេតុ នោះគឺខ្លាចថាអាវុធប្រភេទនេះដែលមូស្គូនិយាយថាអាចនឹងក្លាយជា «ការឆ្លងបន្ទាត់ក្រហម» អាចនឹងបង្កឱ្យជម្លោះកាន់តែឡើងកម្ដៅ ឬអាចឱ្យ សហរដ្ឋអាមេរិក និងរុស្ស៉ីត្រូវប្រឈមមុខដាក់គ្នាដោយផ្ទាល់។

សហរដ្ឋអាមេរិកមានមីស៊ីល ATACMS គ្រប់គ្រាន់ ដែលនេះមានន័យថាការផ្ដល់មីស៊ីលនេះឱ្យអ៊ុយក្រែន មិនចាំបាច់តម្រូវឱ្យមានការបំពេញស្ដុកឡើងវិញភ្លាមៗនោះទេ។ ម្យ៉ាងវិញទៀត មីស៊ីលនេះបើប្រើជាមួយក្បាលបំពាក់ដោយគ្រាប់បែកចង្កោម គឺកាន់តែជាជម្រើសទាក់ទាញមួយក្នុងការបញ្ជូនឱ្យអ៊ុយក្រែន ព្រោះវាមិនចាំចាច់អស់ក្បាល គ្រាប់មីស៊ីល។

កាលពីខែឧសភា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានថាទីក្រុងវ៉ាស៊ីនតោន នឹងមិនផ្ដល់ឱ្យអ៊ុយក្រែននូវមីស៊ីលដែលអាចបាញ់ ដល់ទឹកដីរុស្ស៉ីនោះទេ។ ប៉ុន្តែ មួយឆ្នាំក្រោយ នៅចុងខែឧសភា ឆ្នាំ២០២៣ លោក បៃដិន ហាក់លេបសម្ដីនេះទៅវិញ ដោយនិយាយជាលើកដំបូងថាការផ្គត់ផ្គង់ ATACMS នៅតែស្ថិតនៅក្នុងការពិចារណា។ ព័ត៌មានស្ដីពីការពិចារណាផ្ដល់មីស៊ីលនេះទៀតសោត កើតមានឡើងចំពេលប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលបានចាប់ផ្ដើម កាលពីខែមិថុនាមក មានភាពរីកចម្រើនក្នុងល្បឿនយឺតយ៉ាវជាងការរំពឹងទុក ខណៈរដូវរងារកាន់តែខិតជិតមកដល់។

* ATACMS អាចបាញ់ចេញពីប្រព័ន្ធមីស៊ីល HIMARS
មីស៊ីល ATACMS អាចបាញ់ចេញពីប្រព័ន្ធមីស៊ីល HIMARS ដែលសហរដ្ឋអាមេរិកបានបញ្ជូនទៅឱ្យអ៊ុយក្រែនកាលពីឆ្នាំមុន។ បច្ចុប្បន្ន សហរដ្ឋអាមេរិកបានផ្ដល់មីស៊ីល រយៈចម្ងាយ ៥០ mile សម្រាប់ប្រព័ន្ធមីស៊ីល HIMARS។ អ៊ុយក្រែនបានលើកសរសើរយ៉ាងខ្លាំងពីសមត្ថភាព និងប្រសិទ្ធភាពរបស់ HIMARS ក្នុងការវាយប្រហារលើ គោលដៅទាហានរុស្ស៉ី រហូតថា្នក់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu ចេញបញ្ជាឱ្យទាហានរុស្ស៉ីកំណត់គោលដៅកម្ទេចប្រព័ន្ធមីស៊ីលនេះជាអាទិភាពមួយ។

គួរបញ្ជាក់ថា គិតត្រឹមចុងខែសីហាកន្លងទៅនេះ យោធាអាមេរិកមានមីស៊ីល ATACMS ចំនួន ១,៤៨៦គ្រាប់ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ក្នុងនោះមាន ១,១២២គ្រាប់ បំពាក់ក្បាលគ្រាប់ធម្មតា និង៣៦៤បំពាក់គ្រាប់បែកចង្កោម៕ ប្រភព៖ Fresh News