Friday, October 27, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ នឹងបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយចំណាយថវិកា និងពេលវេលា សម្រួលដល់ប្រជាពលរដ្ឋ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា គណៈរដ្ឋមន្ត្រីបានពិនិត្យលើសេចក្តីព្រាងស្តីពីការបង្កើត ការរៀបចំនៃកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរួចហើយ នេះជាកិច្ចការងារដ៏សំខាន់មួយក្នុងកំណែទម្រង់វិស័យយុត្តិធម៌ ដូចនេះក្រសួងយុត្តិធម៌ ត្រូវពន្លឿននីតិវិធីសេសសល់ ដើម្បីជំរុញឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ឱ្យដាក់អនុវត្តបានឆាប់រហ័ស នៅពេលខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី  ដែលមានរបៀបវារៈសំខាន់ៗចំនួន៤ រួមមាន៖ 

១- សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។
២- សេចក្តីព្រាងច្បាប់ស្តីពី "ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤" ។
៣- សេចក្តីព្រាងច្បាប់ស្តីពី "ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២" ។
៤- បញ្ហាផ្សេងៗ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំរុញបង្ខិតសេវាយុត្តិធម៌ ឱ្យកាន់តែជិតជាមូយប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាយថវិការ និងពេលវេលា សម្រួលបន្ទុក និងកាត់បន្ថយកក់ស្ទះសំណុំរឿងនៅតុលាការ ជាពិសេសការពង្រឹងសុខដុមណីយកម្មនៅក្នុងសហគមន៍។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យ ក្រសួងយុត្តិធម៌ត្រូវជំរុញការធ្វើសន្ទាកម្ម យន្តការនេះ ជាមួយយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ និងយន្តការដទៃទៀត ដូចជាយន្តការ របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមជ្ឍការផ្នែកពាណិជ្ជកម្មជាដើម។ ដើម្បីធានាថា យន្តការទាំងនេះ មានសង្គតិភាព និងភាពជួយបំពេញឱ្យគ្នាទៅវិញ ទៅមកតាមផ្លូវច្បាប់ជាធរមាន៕








No comments:

Post a Comment