Wednesday, May 27, 2015

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអញ្ជើញមន្ត្រីរាជការ ចួលរួមក្នុងព្រះរាជពីធី ដង្ហែសញ្ញាបត្រ ព្រះរាជគោរមងារ កិត្តិយស “ព្រះស្រីលោកធម្មិករាជ” ថ្វាយព្រះមហាក្សត្រខ្មែរ

យោងតាម​លិខិតមួយ ​របស់គណៈ​កម្មាធិការជាតិ​ រៀបចំបុណ្យជាតិ​-អន្តរជាតិ ចុះថ្ងៃទី ២៦ ​ខែឧសភា​ ឆ្នាំ២០១៥ ​ដែលចុះហត្ថលេខា​ដោយ ​ឯកឧត្តម ឈិន កេតនា​ អនុប្រធានគណៈ​កម្មាធិការជាតិ ​រៀបចំបុណ្យជាតិ​-អន្តរជាតិ ​អនុប្រធានអចិន្ត្រៃយ៍​ និងជាអគ្គលេខា​ធិការនៃ ​គណៈកម្មាធិការជាតិ ​រៀបចំបុណ្យជាតិ-អន្តរជាតិ​ ដែលបានផ្ញើរជូនទៅ​ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​ បានឲ្យដឹងថា ​យោងតាមស្មារតី​អង្គប្រជុំអន្តរក្រសួង ​ថ្ងៃទី ២៦ ​ខែឧសភា ​ឆ្នាំ២០១៥ ​នៅអគ្គលេខាធិការដ្ឋាន​នៃគណៈកម្មាធិការជាតិ​រៀបចំ​បុណ្យជាតិ-​អន្តរជាតិ​ គណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ​-អន្តរជាតិ ​សូមអញ្ជើញមន្រ្តី​រាជការ ​ចូលរួមក្នុងព្រះរាជ​ពិធីដង្ហែសញ្ញាបត្រ​ ព្រះរាជគោរមងារកិត្តិយល​ ព្រះស្រីលោក​ធម្មិករាជ ថ្វាយព្រះករុណជាអម្ចាស់​ជីវិតលើត្បូង ​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធី​ដង្ហែសញ្ញាបត្រ ​ព្រះរាជគោរមអារកិត្តិយស ​ព្រះស្រីលោកធម្មិករាជ ថ្វាយព្រះ​ករុណាព្រះបាទ​សម្តេចព្រះបរមនាថ ​នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ​នឹងត្រូវប្រារព្ធព្រះរាជពិធី​ នៅថ្ងៃពុធ ទី៣ ខែមិថុនា ​ឆ្នាំ២០១៥ ​វេលាម៉ោង ​៦:០០នាទីព្រឹក។​ អាស្រ័យដូចបាន​គោរពជម្រាប​ជូនខាងលើ ​សូម ​ឯកឧត្តមរដ្ឋមន្រ្តី ​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​ មេត្តាអនុញ្ញាតចាត់​ឲ្យមន្រ្តីរាជការ​ក្រោមឱវាទចំនួន ​៥០នាក់ ​ចូលរួមក្នុងព្រះរាជ​ពិធីខាងលើ​ ដោយឈរអមសង​ខាងមហាវិថី​សម្តេចសុធារស ​ចាប់ពីនាគបាញ់ទឹក​ដល់មុខតុលាការកំពូល​ (រដ្ឋសភាចាស់)។
​លិខិតដដែល​ ក៏បានស្នើសុំឲ្យក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ ចាត់តំណាងឲ្យមក​ទទួលយកស្លាក​សញ្ញាផ្សេងៗ ​នៅអគ្គលេខាធិការ​ដ្ឋានគណៈកម្មាធិការជាតិ​ រៀបចំបុណ្យ​ជាតិ-អន្តរជាតិ ​ឲ្យបានមុនថ្ងៃទី០២​ ខែមិថុនា ​ឆ្នាំ២០១៥៕
អត្ថបទ៖ ច័ន្ទ ទេវី

អាជ្ញាធរជាតិអប្សរា បង្ហាញថាការបាក់រលំដើមឈើ នៅតំបន់អង្គរកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ គឺមិនមានការខូចខាត ទ្រព្យសម្បត្តិណាមួយឡើយ


យោងតាមសេច​ក្តីប្រកាសព័ត៌​មាន​របស់អាជ្ញាធរជាតិ​អប្សរា ស្តីពីការ​ដួលរ​លំដើម​ឈើ និងបាក់មែក​ឈើនៅតំបន់​អង្គរ ចុះថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥នេះ បានឲ្យ​ដឹង​ថា កាល​ពីរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥កន្លង​ទៅនេះ មាន​ភ្លៀង និង​ខ្យល់​យ៉ាង​ខ្លាំង​បក់​បោកលើតំបន់​អង្គរ ហើយ​បង្កឲ្យ​មាន​ការដួល​រលំដើម​ឈើចំនួន​០៣​ដើម និង​មែក​ឈើចំនួន​០២មែក នៅតាម​ទីតាំង​មួយ​ចំនួន​ដូច​ជាង ១-នៅចំណត​រថយន្ត​មុខអង្គរខាង​លិច ដួល​រលំដើមត្នោត០១ដើម, ២-នៅ​តាម​ផ្លូវ​មុខ​អង្គរខាង​លិច​ហួស​វហាង Angkor Cafee បន្តិច បាក់​មែក​សង្កែ ០២មែក និង៣-នៅក្នុងវត្តព្រះ​អង្គកងជុំ ដួលរ​លំដើម​ឈើទាល​ ០១ដើម និង​ដើម​ម្កាត់​ព្រៃ០១ដើម។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ការបាក់រលំដើម​ឈើ និង​មែក​ឈើខាង​លើនេះ ពុំមាន​ប៉ះពាល់​បង្កការខូច​ខាតដល់​ទ្រព្យសម្បត្តិសាធារណៈ និង​ទ្រព្យសម្បត្តិ​របស់វត្ត​ឡើយ។ ឥឡូវ​នេះក្រុម​ការងារ​អង្កេត និង​ស្រាវជ្រាវ​ដើម​ឈើមាន​ហានិភ័យ​នៃនាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេស​ភាព​វប្បធម៌ និងបរិស្ថាន​របស់អាជ្ញាធរជាតិ​អប្សរា​កំពុង​រៀបចំកាត់​សម្អាត និង​ដឹកជញ្ជូន​ដើម​ឈើដែលអាច​ប្រើប្រាស់​បាន យក​ទៅតម្កត់​ទុកនៅឃ្លាំងឈើ​ប្រាសាទ​តានៃ សម្រាប់បម្រើការ​ផ្សេងៗតាមតម្រូវ​ការចាំ​បាច់របស់​អាជ្ញាធរជាតិអប្សរា៕

អត្ថបទ៖ ច័ន្ទ ទេវី

អាជ្ញាធរជាតិអប្សរា នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៤ របស់ខ្លួននៅថ្ងៃទី ៤-៥ខែមិថុនា ឆ្នាំ២០១៥ខាងមុខ


យោង​តាមសេចក្តីប្រកាស​ព័ត៌មាន ​របស់​អាជ្ញាធរជាតិ​អប្សរា ចុះថ្ងៃទី ២៦ ខែ​ឧសភា ​ឆ្នាំ២០១៥ ស្តីពីកិច្ច​ប្រជុំបច្ចេកទេស​លើកទី ២៤ របស់គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និងអភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសា​ស្ត្រអង្គរហៅកាត់​ថា អាយ​ស៊ី​ស៊ី-អង្គរ បាន​ឲ្យដឹង​ថា គណៈ​កម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីដ្ឋាន​ប្រវត្តិសា​ស្ត្រអង្គរហៅ​កាត់​ថា អាយស៊ីស៊ី-​អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹង​បើកកិច្ចប្រជុំបច្ចេកទេស​លើក​ទី ២៤ របស់​ខ្លួន នៅថ្ងៃទី ៤-៥ខែមិថុនា ឆ្នាំ២០១៥ នាសាលសន្និសីទ​អង្គរ នៅមជ្ឈមណ្ឌល​អាជ្ញាធរជាតិ​អប្សរា។

កិច្ចប្រជុំអាយ​ស៊ីស៊ី-អង្គរ នឹងប្រារព្ធ​ឡើង​ក្រោម​អធិបតី​ភាព ឯក​ឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីទទួល​បន្ទុក​ទីស្តី​ការគណៈរដ្ឋមន្ត្រី និង​ជាប្រធានអាជ្ញាធរ​ជាតិអប្សរា រួម​នឹង​សហប្រធានគណៈកម្មាធិ​ការអន្តរ​ជាតិ អាយ​ស៊ីស៊ី-អង្គរ លោក តាកាហ៊ីសា ហ្សូហ្គាវា (Takahisa TSUGAWA) អនុប្រធាន​បេសកម្ម​នៃស្ថានទូត​ជប៉ុន និង​លោក រ៉ូម៉ាំង​លូវ៉េ (Romain LOUVET) ទីប្រឹក្សាផ្នែក​សហប្រតិ​បត្តិការ និងកិច្ចការវប្បធម៌​នៃស្ថានទូត​បារាំង។

របៀបវារៈ​នៃកិច្ចប្រជុំបច្ចេក​ទេស​លើក​ទី ២៤នេះ នឹង​ផ្តោត​ទៅលើ ចំណុច​៣សំខាន់​ៗ រួម​មាន ១-ការតាម​ដាន​អនុវត្តអនុសាសន៍កិច្ច​ប្រជុំប​ច្ចេកទេសលើក​ទី ២៣ និង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើកទី២១ គណៈកម្មាធិការអន្តរ​ជាតិអាយ​ស៊ីស៊ី-អង្គរ អំពីកិច្ចការ​អភិរក្ស ជួស​ជុល និង​ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព, ២-ការងារ​អភិរក្ស ស្រាវ​ជ្រាវ​បុរាណវិទ្យា និងបណ្តុះបណ្តាល​ និងទី ៣- គម្រោង​ថ្មីៗ​នៅរមណីយ​ដ្ឋាន​អង្គរ៕

អត្ថបទ៖ ច័ន្ទ ទេវី


អាជ្ញាធរជាតិអប្សរា រកឃើញរូបចម្លាក់ដ៏កម្រមួយចំនួន ក្នុងសកម្មភាពធ្វើកំណាយបុរាណវិទ្យានៅប្រាសាទនាគព័ន្ធ


យោងតាម​កំណត់​ហេតុរបស់​ក្រុម​ធ្វើកំណាយ​ របស់​អាជ្ញាធរ​ជាតិអប្សរា បាន​ឲ្យដឹង​ថា នៅ​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង​ប្រមាណ ៣រសៀល ក្រុម​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះមកទទួលយក​ព្រះកេស​បដិមាមួយ នៅការដ្ឋាន​កំណាយ​បុរាណ​វិទ្យា នៃ​នាយ​កដ្ឋានទឹក ក្នុងប្រាសាទ​នាគព័ន្ធ ស្ថិតក្នុង​រមណីដ្ឋាន​ ឧទ្យាន​អង្គរ ខេត្ត​សៀម​រាប។ ព្រះកេសបដិមានោះ​មានទំហំកំពស់ ២៤សង់ទីម៉ែត្រ និងកំរាស់ ១៦សង់ទីម៉ែត្រ។ សម្មកភាព​នោះមាន​ការចូល​រួម​ពី ប៉ូលីស នគរបាល​ការពារ​បេតិកភ័ណ្ឌ នាយក​ដ្ឋានទឹក នាយ​កដ្ឋានក្នុង​ឧទ្យាន និង​មជ្ឈមណ្ឌលក្នុង​ឯកសារ។
កំណាយ​ស្រាវជ្រាវ​បុរាណ​វិទ្យា របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​ព្រះកេស បំណែកព្រះពុទ្ធ​រូប រូម​នឹង​បំណែក​បាក់​បែក​មួយ​ចំនួន​ទៀត នៅប្រាសាទ​នាគ​ព័ន្ធ ខណៈ​ដែល​ក្រុមកំណាយ​ស្រាវ​ជ្រាវ​បុរាណ​វិទ្យារបស់អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើកំណាយ ក្នុង​គោល​បំណងពិនិត្យ​មើល ភាព​ទំនាក់​ទំនង​រវាងរ​ចនាសម្ព័ន្ធ នៃការកសាង​ស្រះ​ទឹក ក៏ដូច​ជា​ប្រាសាទ​តូចៗទាំងបួន​នៅប្រាសាទ​នាគ​ព័ន្ធ។
លោក ឡុង កុសល ប្រធាន​នាយក​ដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា ការធ្វើកំណាយ​បូរាណ​វិទ្យា​នៅប្រាសាទ​នាគព័ន្ធ​នេះ បាន​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។ តែ​ដោយ​ការកំណាយ​នេះ បាន​ប្រទះ​ឃើញ​រួប​ចម្លាក់ ដ៏​កម្រមាន ឬ ស្ទើរ​តែ​មិន​ដែល​មាន និងជួប​ប្រទះនោះ ក្រុម​កំណាយ​ស្រាវ​ជ្រាវ​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា នឹង​គ្រោង​ដាក់​ពាក្យ​ស្នើសុំធ្វើ​កំណាយ​ស្រាវជ្រាវ​បន្ដ​ទៀត ។
ព្រះកេសបដិមា​ទ្រង់​ម្កុដ ដែល​បានប្រះទះ​ឃើញ​នោះ មាន​ទទឹង ១៦សង់​ទីម៉ែត្រ និង កំពស់ ២៤សង់ទីម៉ែត្រ  និង ព្រះពុទ្ធបដិមាស្ថិត​ក្នុង​ឥរិយាបថ ព្រះហស្ថទ្រ​បាត្រ មាន​កំពស់ ៦០សង់​ទីម៉ែត្រ ទទឹង ២២សង់​ទី​ម៉ែត្រ ( បែកបាក់ ឥតមានព្រះ​កេស និងព្រះបាត​នោះទេ ) រួម​ជា​មួយនឹង​បំណែក​បូរាណ​វត្ថុ​ផ្សេងៗ មួយ​ចំនួន​ទៀត​ផង​ដែរ។ បូរាណ​វត្ថុ​ទាំង​អស់​នេះ ​កសាង​អំពី​ថ្មភក់។ ហើយ​ព្រះកេស​ព្រះពុទ្ធរូប​ ទំហំ​១៦សង់​ទីម៉ែត្រ​ កំពស់​២៤សង់​ទីម៉ែត្រ​ធ្វើ​ពី​ថ្ម​ភក់ ស្ថិតក្នុងរចនាបថ​បាយ័ន ។
លោក ឡុង កុសល បាន​បន្ថែម​ថា ព្រះ​កេសបដិមា​ទ្រង់ម្កុដ ដែល​បាន​ប្រទះ​ឃើញ​នោះ ត្រូវបានយក​ទៅរក្សា​ទុក ជា​បណ្តោះអាសន្ន នៅ​ទីស្នាក់​ការ​អាជ្ញាធរជាតិ​អប្សរាហើយ ដើម្បី​ធ្វើ​ការស្រាវ​ជ្រាវ​បន្ត និងចុះ​បញ្ជីបេតិកភណ្ឌ​ស្រប​តាម​គោលការណ៍​អភិរក្ស មុន​នឹង​យក​ទៅ​រក្សា​ទុកនៅសារ​មន្ទីរ៕

អត្ថបទ៖ ច័ន្ទ ទេវី






សម្តេច​តេជោ ហ៊ុន សែន ជួប​ជ័យ​លាភីជន​ពិការ​ចំនួន៦​រូបផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាន បង្ហាញ ពី មោទនភាព ដែលជនពិការកម្ពុជា​៦នាក់ បានទទួលមេដាយ​មាសសរុប​ទាំង​អស់​១៦គ្រឿង ក្នុងនោះ មានមេដាយមាសជើងឯកផងដែរ​ ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តបង្ហាញពីមោទនភាពបែបនេះ ក្នុង​ឱ្យកាស​ដែលសម្តេចបាន​ជួបសំណេះសំណាល​ជាមួយជ័យ​លាភីជន​ពិការចំនួន៦រូប ​ដែលទទួល​បានជ័យ​លាភី​ពី កម្មវិធី ប្រកួតជាសកលផ្នែកបច្ចេកវិទ្យាព័ត៌មានពិការភាព នៅសាធារណរដ្ឋកូរ៉េ កាល​ពីពេល​កន្លង​ទៅ។
ក្រោយជំនួបបញ្ចប់នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៦ឧសភានេះ​ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់​អ្នក​យក​ព័ត៌​មានថា៖ ជនពិការកម្ពុជា ៦រូប បានទៅចូលរួម​ប្រកួត​ប្រជែងដណ្តើមពានរង្វាន់ IT សម្រាប់ជនពិការ នៅក្នុងប្រទេស​កូរ៉េខាង​ត្បូងនោះ  មានជនពិការ ទៅចូល ពីបណ្តាប្រទេស ជាសមាជិកអាស៊ាន និងកូរ៉េ សរុប ២៧០នាក់ ដោយ​ប្រកួត​ទៅលើ​វិញ្ញាសារ eDesign, e Creative, eLifeMap និង eTool
ជាលទ្ធផលយុវជនពិការកម្ពុជា ៦រូប ដែលបញ្ជូនទៅនោះ ដណ្តើមបានមេដាយមាស ប្រាក់ និង សំរឹទ្ធ សរុប ១៦ គ្រឿង។ យុវជនពិការដែលកម្ពុជា បញ្ជូនទៅនោះរួមមាន៖
១. ឈ្មោះ កែវ ចាន់ឧត្តម ដណ្តើមបានមេដាយមាសជើងឯក ចំនួន១គ្រឿង មេដាយមាស ១គ្រឿង មេដាយ ប្រាក់ ២គ្រឿង,
២. ឈ្មោះ ហែម វិច្ឆិកាណុន ទទួលបានមេដាយ មាស១គ្រឿង ប្រាក់១គ្រឿង សំរឹទ្ធ ១គ្រឿង,
៣. ឈ្មោះ ធី ថូណា ទទួលបានមេដាយ មាស១គ្រឿង ប្រាក់១គ្រឿង,
៤. ឈ្មោះ ញ៉ុត សុភឿន ទទួលបាន មេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង,
៥. ឈ្មោះ ញ៉ាញ់ ផានិត ទទួលបានមេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង
ទី៦. ឈ្មោះ ងិន សុធា ទទួលបានមេដាយមាស ១គ្រឿង និងប្រាក់ ១គ្រឿង។​
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះគឺជាមោទនភាពណាស់សម្រាប់កម្ពុជា ដែល ជន ពិការកម្ពុជាទាំង៦នាក់ បានទទួលមេដាយមាសសរុបទាំងអស់១៦គ្រឿង ក្នុងនោះមា​នមេដាយ មាស ជើងឯក ដូច្នេះជនពិការមិនពិការចិត្តទេ  គឺមានភាពឈ្លាសវៃ​ ហើយកម្ពុជា ជា​ប្រទេស ដែលមានស្នាដៃ ហើយចំពោះជនពិការទាំង៦រូបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​ផ្តល់នូវការងារជាក្របខណ្ឌ ក្រសួង សង្គមកិច្ច។ បន្ថែមពីនេះ សម្តេចតេជោក៏បានផ្តល់នូវថវិកាផ្ទាល់របស់សម្តេច ជូនដល់ជនពិការទាំង៦រូប ដែលក្នុងម្នាក់ៗទទួលបាន៣ពាន់ដុល្លារ និងគ្រូម្នាក់​ទទួលបាន១ពាន់ដុល្លារអាមេរិក៕